គន្ថីទី៤៖ កាតព្វកិច្ច

ជំពូកទី ១៖ បទប្បញ្ញត្តិទូទៅ

ផ្នែកទី ១៖ ប្រភពនៃកាតព្វកិច្ច និងនិយមន័យនៃទស្សនៈផ្សេងៗ

មាត្រា ៣០៨. និយមន័យនៃកាតព្វកិច្ច

១-កាតព្វកិច្ចគឺជាទំនាក់ទំនងគតិយុត្តដែលចងបុគ្គលពីរនាក់ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់មានករណីយកិច្ចមួយចំនួន ចំពោះបុគ្គលដែលបានកំណត់ម្នាក់ទៀត ។

២-បុគ្គលដែលមានករណីយកិច្ចហៅថា  កូនបំណុល  រីឯបុគ្គលដែលទទួលផលប្រយោជន៍ពីករណីយកិច្ចនោះហៅថា ម្ចាស់បំណុល ។

៣-ម្ចាស់បំណុលមានសិទ្ធិត្រូវគ្នាទៅនឹងករណីយកិច្ចរបស់កូនបំណុល ។

មាត្រា ៣០៩. ប្រភពនៃកាតព្វកិច្ច

១-កាតព្វកិច្ចកើតមានឡើងដោយកិច្ចសន្យា ដោយសកម្មភាពឯកតោភាគី ដោយការគ្រប់គ្រងដោយឈឺឆ្អាល ដោយសេចក្តីចម្រើនដោយឥតហេតុដោយអំពើអនីត្យានុកូល និង ដោយបញ្ញត្តិនៃច្បាប់ ។

២-កាតព្វកិច្ចដែលកើតឡើងដោយកិច្ចសន្យា និងដោយសកម្មភាពឯកតោភាគី គឺជាកាតព្វកិច្ចដែលកើតឡើងដោយឆន្ទៈរបស់ភាគី ។

៣-កាតព្វកិច្ចដែលកើតឡើងដោយការគ្រប់គ្រងដោយឈឺឆ្អាល ដោយសេចក្តីចម្រើនដោយឥតហេតុដោយអំពើអនីត្យានុកូល និងដោយបញ្ញត្តិនៃច្បាប់ គឺជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ។    បញ្ញត្តិពីជំពូកទី ៣ (ការអនុវត្តកិច្ចសន្យា) ដល់ជំពូកទី ៧ (ការរលត់កាតព្វកិច្ច) ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ។

មាត្រា ៣១0. និយមន័យនៃការបង្ហាញឆន្ទៈ

១-ការបង្ហាញឆន្ទៈរបស់ភាគីដែលមានបំណងបង្កើតអានុភាពគតិយុត្តហៅថា ការបង្ហាញឆន្ទៈ ។

២-ការបង្ហាញឆន្ទៈ ត្រូវមានអានុភាពចាប់ពីពេលដែលការជូនដំណឹងអំពីការបង្ហាញឆន្ទៈនោះបានទៅដល់ភាគីម្ខាងទៀត ។

មាត្រា ៣១១. និយមន័យនៃកិច្ចសន្យា

កិច្ចសន្យាគឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើតកែប្រែ ឬ រំលត់នូវកាតព្វកិច្ច ។

មាត្រា ៣១២. និយមន័យនៃសកម្មភាពឯកតោភាគី

១-សកម្មភាពឯកតោភាគី គឺជាសកម្មភាពដែលបង្កើតកែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីម្ខាង ឬដោយអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬតាមបញ្ញត្តិនៃច្បាប់ ។

២-បញ្ញត្តិនៃផ្នែកទី ២ (វិការៈក្នុងការបង្ហាញឆន្ទៈ និងសុពលភាពនៃកិច្ចសន្យា) និងផ្នែកទី ៤ (ការតំណាង) នៃជំពូកទី ២ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ   ចំពោះសកម្មភាពឯកតោភាគី ។

ផ្នែកទី ២៖ ប្រភេទ និង បែបយ៉ាងនៃកាតព្វកិច្ច

មាត្រា ៣១៣. ប្រភេទនៃកាតព្វកិច្ច

ក្រៅពីគោលបំណងផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លើវត្ថុ ឬបាក់កាតព្វកិច្ចអាចមានគោលបំណងធ្វើ ឬមិនធ្វើសកម្មភាពណាមួយ ។

មាត្រា ៣១៤. កាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់

ចំពោះកាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់អ្វីមួយកូនបំណុលមានករណីយកិច្ចថែរក្សាវត្ថុនោះ ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដ៏ល្អរហូតដល់ពេលប្រគល់វត្ថុនោះ ។

មាត្រា ៣១៥. កាតព្វកិច្ចដែលបានកំណត់ប្រភេទនៃវត្ថុ

១-ក្នុងករណីដែលកម្មវត្ថុនៃកាតព្វកិច្ច ត្រូវបានកំណត់ដោយប្រភេទនៃវត្ថុប្រសិនបើកម្មវត្ថុដែលត្រូវផ្តល់មានគុណភាពច្រើនយ៉ាងកូនបំណុលមានករណីយកិច្ចផ្តល់នូវវត្ថុ ដែលមានគុណភាពដូចដែលគូភាគីបានកំណត់ ។   ក្នុងករណីដែលគូភាគីមិនកំណត់គុណភាពទេកូនបំណុលមានករណីយកិច្ចផ្តល់នូវវត្ថុដែលមានគុណភាពមធ្យម ។

២-ចំពោះកាតព្វកិច្ចដែលបានកំណត់ប្រភេទក្រោយពេល ដែលកូនបំណុលបាន កំណត់កម្មវត្ថុដែលត្រូវផ្តល់ច្បាស់លាស់ និងដែលបានបញ្ចប់សកម្មភាពចាំបាច់ដើម្បីផ្តល់នូវកម្មវត្ថុដែលបានកំណត់ហើយនោះកូនបំណុលមានករណីយកិច្ចផ្តល់នូវវត្ថុនោះតែប៉ុណ្ណោះ ។

មាត្រា ៣១៦. កាតព្វកិច្ចជាប្រាក់

១-ក្នុងករណីដែលកម្មវត្ថុនៃកាតព្វកិច្ចជាប្រាក់កូនបំណុលអាចសងជារូបិយវត្ថុ ផ្សេងៗ តាមការជ្រើសរើសរបស់ខ្លួនបាន ។ ប៉ុន្តែ ម្ចាស់បំណុល និងកូនបំណុលអាចកំណត់ការសងជារូបិយវត្ថុពិសេសបានដែរ ។

២-ក្នុងករណីដែលរូបិយវត្ថុពិសេស ដែលបានកំណត់ជាកម្មវត្ថុនៃកាតព្វកិច្ចលែងជារូបិយវត្ថុស្របច្បាប់នៅពេលអនុវត្តកាតព្វកិច្ចកូនបំណុល អាចសងជារូបិយវត្ថុណាមួយផ្សេងទៀតបាន ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលការផ្តល់នូវរូបិយវត្ថុបរទេសត្រូវបានកំណត់ជាកម្មវត្ថុនៃកាតព្វកិច្ច ។

មាត្រា ៣១៧. កាតព្វកិច្ចជារូបិយវត្ថុបរទេស

១-ក្នុងករណីដែលបានកំណត់ចំនួននៃកាតព្វកិច្ច ជារូបិយវត្ថុបរទេសកូនបំណុលអាចសងជារូបិយវត្ថុនៃព្រះរាជាណាចក្រកម្ពុជាដោយគិតទៅតាមអត្រាប្តូររូបិយប័ណ្ណ បរទេសនៅកន្លែងដែលត្រូវអនុវត្តកាតព្វកិច្ចនោះនៅពេលកំណត់អនុវត្ត ។   ប៉ុន្តែ ប្រសិនបើមានការសន្យាពិសេសផ្សេងពីបញ្ញត្តិនេះរវាងម្ចាស់បំណុល និងកូនបំណុលត្រូវអនុវត្តទៅតាមការសន្យាពិសេសនោះ ។

២-ក្នុងករណីដែលកូនបំណុល ដែលមានការយឺតយ៉ាវក្នុងការអនុវត្តសងជារូបិយវត្ថុនៃព្រះរាជាណាចក្រកម្ពុជាម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលសងដោយគិតទៅតាមអត្រាប្តូររូបិយប័ណ្ណបរទេសនៅពេលកំណត់អនុវត្ត ឬនៅពេលដែលកូនបំណុលសងបាន ។  ប៉ុន្តែ ប្រសិនបើមានការសន្យាពិសេសផ្សេងពីបញ្ញត្តិនេះ រវាងម្ចាស់បំណុល និងកូនបំណុលត្រូវអនុវត្តទៅតាមការសន្យាពិសេសនោះ ។

មាត្រា ៣១៨. អត្រាការប្រាក់ដែលកំណត់ដោយច្បាប់

ចំពោះកាតព្វកិច្ចដែលត្រូវបង្កើតការប្រាក់ ក្នុងករណីដែលគ្មានការកំណត់ផ្សេងទេត្រូវគិតអត្រាការប្រាក់ ចំនួន ៥ ភាគរយ (ភាគរយ) ក្នុងមួយឆ្នាំ ។

មាត្រា ៣១៩. ការប្រាក់សមាស

ក្នុងករណី ដែលមានការយឺតយ៉ាវមិនបានសងការប្រាក់សម្រាប់រយៈពេលចាប់ពី១ (មួយ) ឆ្នាំ ឡើងទៅហើយទោះបីជាម្ចាស់បំណុលបានដាស់តឿនឱ្យសងយ៉ាងណាក៏ដោយ ក៏កូនបំណុលមិនព្រមសងការប្រាក់នោះ ម្ចាស់បំណុលអាចបូកការប្រាក់បញ្ចូលទៅក្នុងប្រាក់ដើមបាន ។

មាត្រា ៣២០. កាតព្វកិច្ចអនិយ័ត

ក្នុងករណីដែលកម្មវត្ថុនៃកាតព្វកិច្ច ត្រូវបានកំណត់ដោយការជ្រើសរើសក្នុងចំណោម ការផ្តល់ច្រើនប្រភេទកូនបំណុលត្រូវមានសិទ្ធិជ្រើសរើស ។   ប៉ុន្តែ ភាគីនៃកិច្ចសន្យាអាចឱ្យ សិទ្ធិជ្រើសរើសនោះទៅម្ចាស់បំណុល ឬតតិយជនតាមការកំណត់ផ្សេងបាន ។

មាត្រា ៣២១. ការអនុវត្តសិទ្ធិជ្រើសរើស

១-សិទ្ធិជ្រើសរើសត្រូវបានអនុវត្តដោយការជូនដំណឹងទៅភាគីម្ខាងទៀត ។   ក្នុងករណីដែលកូនបំណុលមានសិទ្ធិជ្រើសរើសការផ្តល់នូវកម្មវត្ថុ ដែលកូនបំណុលបានជ្រើសរើសត្រូវចាត់ទុកថាបានអនុវត្តនូវសិទ្ធិជ្រើសរើសនោះ ។   ក្នុងករណីដែលតតិយជនមានសិទ្ធិជ្រើសរើសសិទ្ធិនេះត្រូវបានអនុវត្តដោយការជូនដំណឹងទៅឱ្យកូនបំណុល និងម្ចាស់បំណុល ។

២-ការជ្រើសរើស ត្រូវមានអានុភាពប្រតិសកម្មចាប់តាំងពីពេលដែលកាតព្វកិច្ចបានកើតឡើង ។

មាត្រា ៣២២. ការផ្ទេរសិទ្ធិជ្រើសរើស

១-ក្នុងករណីដែលកាតព្វកិច្ចដល់ពេលកំណត់សងទោះបីជាកូនបំណុល ឬម្ចាស់ បំណុល ដែលមានសិទ្ធិជ្រើសរើសបានទទួលការដាស់តឿនឱ្យអនុវត្តសិទ្ធិនេះក្នុងអំឡុងពេលសមរម្យដែលភាគីម្ខាងទៀត បានកំណត់ក៏ដោយតែមិនបានជ្រើសរើសក្នុងអំឡុងពេលនោះ សិទ្ធិជ្រើសរើសត្រូវផ្ទេរទៅភាគីម្ខាងទៀត ។

២-ក្នុងករណីដែលតតិយជនមានសិទ្ធិជ្រើសរើស ទោះបីជាតតិយជននោះបានទទួលការដាស់តឿនឱ្យអនុវត្តសិទ្ធិនេះក្នុងអំឡុងពេលសមរម្យដែលកូនបំណុល ឬម្ចាស់បំណុលបានកំណត់ក៏ដោយតែមិនបានជ្រើសរើសក្នុងអំឡុងពេលនោះ សិទ្ធិជ្រើសរើសនោះត្រូវផ្ទេរទៅកូនបំណុលវិញ ។

មាត្រា ៣២៣. ការកំណត់កាតព្វកិច្ចអនិយ័តដោយអលទ្ធភាព

១-ប្រសិនបើការផ្តល់តាវកាលិកណាមួយក្នុងចំណោមតាវកាលិកច្រើនដែលអាចជាកម្មវត្ថុនៃកាតព្វកិច្ចអនិយ័ត មិនអាចប្រព្រឹត្តទៅបានចាប់តាំងពីពេលបង្កើត ឬក្រោយពេលបង្កើតកិច្ចសន្យា ដោយគ្មានកំហុសរបស់ភាគី កម្មវត្ថុនៃកាតព្វកិច្ចត្រូវតែជាតាវកាលិកដែលនៅសល់ ។   បញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ៣២១ (ការអនុវត្តសិទ្ធិជ្រើសរើស) ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីនេះ ។

២-ប្រសិនបើភាគី ដែលមានសិទ្ធិជ្រើសរើសមានកំហុសចំពោះអលទ្ធភាពនៃការផ្តល់តាវកាលិក សិទ្ធិជ្រើសរើសត្រូវផ្ទេរទៅភាគីម្ខាងទៀត ។

៣-ប្រសិនបើកូនបំណុលដែលគ្មានសិទ្ធិជ្រើសរើសមានកំហុសចំពោះអលទ្ធភាពនៃការផ្តល់តាវកាលិកអ្នក ដែលមានសិទ្ធិជ្រើសរើសអាចជ្រើសរើសតាវកាលិកដែលមិនអាចប្រព្រឹត្តទៅបាននោះ និងអាចទាមទារសំណងនៃការខូចខាត ចំពោះកូនបំណុលនោះបាន ។

៤-ប្រសិនបើម្ចាស់បំណុលដែលគ្មានសិទ្ធិជ្រើសរើស មានកំហុសចំពោះអលទ្ធភាពនៃការផ្តល់តាវកាលិក កូនបំណុលដែលមានសិទ្ធិជ្រើសរើសអាចជ្រើសរើសតាវកាលិកដែលមិនអាចប្រព្រឹត្តទៅបាននោះ និងអាចរួចផុតពីកាតព្វកិច្ចបាន ។

មាត្រា ៣២៤. សិទ្ធិលើបំណុល និងកាតព្វកិច្ចដែលមានភាគីច្រើននាក់

១-ក្នុងករណីដែលមានម្ចាស់បំណុលច្រើននាក់ ចំពោះកាតព្វកិច្ចមួយប្រសិនបើគ្មានការបង្ហាញឆន្ទៈផ្សេង ម្ចាស់បំណុលម្នាក់ៗមានសិទ្ធិដោយមានភាគស្មើគ្នា ។

២-ក្នុងករណីដែលការអនុវត្តកាតព្វកិច្ច     មិនអាចបែងចែកបានតាមលក្ខណៈនៃកាតព្វកិច្ចនេះ ឬដោយការបង្ហាញឆន្ទៈរបស់ភាគី ប្រសិនបើមានម្ចាស់បំណុលច្រើននាក់ម្ចាស់បំណុលម្នាក់ៗអាចទាមទារឱ្យអនុវត្តសម្រាប់ម្ចាស់បំណុលទាំងអស់ ហើយកូនបំណុលអាចអនុវត្តចំពោះម្ចាស់បំណុលម្នាក់ៗសម្រាប់ម្ចាស់បំណុលទាំងអស់បាន ។

៣-ចំពោះកាតព្វកិច្ចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ សកម្មភាព របស់ម្ចាស់បំណុលអវិភាគីយ៍ណាម្នាក់ ឬហេតុដែលបានកើតឡើងចំពោះម្ចាស់បំណុលអវិភាគីយ៍ណាម្នាក់មិនត្រូវមានអានុភាពចំពោះម្ចាស់បំណុលអវិភាគីយ៍ផ្សេងទៀតឡើយ ។   ក្នុងករណីដែលកូនបំណុលធ្វើនវកម្មជាមួយម្ចាស់បំណុលអវិភាគីយ៍ណាម្នាក់     ឬទទួលការលើកលែងពីម្ចាស់បំណុលអវិភាគីយ៍ណាម្នាក់ ប្រសិនបើកូនបំណុលនោះអនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគដោយផ្អែកលើការទាមទាររបស់ម្ចាស់បំណុលអវិភាគីយ៍ផ្សេងទៀត កូនបំណុលអាចទាមទារឱ្យសងមកវិញនូវផលប្រយោជន៍ ដែលម្ចាស់បំណុលអវិភាគីយ៍ម្នាក់នោះត្រូវទទួលប្រសិនបើម្ចាស់បំណុលអវិភាគីយ៍នោះមិនបានបាត់បង់សិទ្ធិរបស់ខ្លួន ។

៤-ចំពោះកាតព្វកិច្ចដោយសាមគ្គីភាព និងករណីផ្សេងទៀតដែលមានកូនបំណុល ច្រើននាក់ត្រូវអនុលោមតាមបញ្ញត្តិចាប់ពីមាត្រា ៩២១ (អត្ថន័យនៃកាតព្វកិច្ចដោយសាមគ្គីភាព) ដល់មាត្រា ៩៣៧ (កាតព្វកិច្ចអវិភាគីយ៍ និងកាតព្វកិច្ចដែលមានលក្ខណៈប្រហាក់ប្រហែលនឹងកាតព្វកិច្ចដោយសាមគ្គីភាព និងកាតព្វកិច្ចវិភាគីយ៍) ។

ផ្នែកទី៣៖ ល័ក្ខខ័ណ្ឌកំណត់ពេល និងអំឡុងពេល

កថាភាគទី ១៖ ល័ក្ខខ័ណ្ឌ

មាត្រា ៣២៥. អត្ថន័យនៃល័ក្ខខ័ណ្ឌ

១-ភាគីនៃកិច្ចសន្យាអាចដាក់ល័ក្ខខ័ណ្ឌលើការបង្កើត ឬការរលត់អានុភាពនៃកិច្ច សន្យានោះ ។   ចំពោះសកម្មភាពឯកតោភាគី ភាគីនោះអាចដាក់ល័ក្ខខ័ណ្ឌបានលុះត្រាតែ មិននាំឱ្យមានការខូចខាតដោយមិនត្រឹមត្រូវដល់ភាគីម្ខាងទៀត ។

២-ល័ក្ខខ័ណ្ណគឺជាព្រឹត្តិការណ៍ដែលកើតឡើងនាពេលអនាគតហើយដែលមិនទៀង ទាត់ ។

៣-ក្នុងករណីដែលដាក់ល័ក្ខខ័ណ្បង្អង់លើកាតព្វកិច្ច ឬសិទ្ធិដែលកើតឡើងដោយកិច្ចសន្យា ឬសកម្មភាពឯកតោភាគី អានុភាពនៃកាតព្វកិច្ច ឬសិទ្ធិនោះត្រូវកើតឡើងចាប់តាំងពីពេលដែលល័ក្ខខ័ណ្បង្អង់នោះត្រូវបានបំពេញ ។  ក្នុងករណីដែលដាក់ល័ក្ខខ័ណ្ឌរំលាយកាតព្វកិច្ច ឬសិទ្ធិដែលកើតឡើងដោយកិច្ចសន្យា ឬសកម្មភាពឯកតោភាគី អានុភាពនៃកាតព្វកិច្ច ឬសិទ្ធិនោះត្រូវរលត់នៅពេលដែលល័ក្ខខ័ណ្ឌរំលាយនោះត្រូវបានបំពេញ ។

មាត្រា ៣២៦. ការចាត់ចែងសិទ្ធិដែលភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌ

សិទ្ធិដែលភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌ អាចក្លាយជាកម្មវត្ថុនៃសន្តតិកម្ម  ឬការចាត់ចែង ឬ បាតិភោគបាន ។ វីឯកាតព្វកិច្ចដែលភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ណត្រូវបានបន្តដោយយោងទៅតាមបញ្ញត្តិនៃសន្តតិកម្ម និងបញ្ញត្តិផ្សេងទៀត ។

មាត្រា ៣២៧. ការបំពានសិទ្ធិដែលភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌ

១-ក្នុងករណីដែលមិនទាន់ច្បាស់ថា ល័ក្ខខ័ណ្ឌត្រូវបានបំពេញឬមិនទាន់បានបំពេញ ភាគីនីមួយៗនៃកាតព្វកិច្ចដែលភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌនោះ មិនអាចបំពានផលប្រយោជន៍របស់ភាគីម្ខាងទៀតដែលនឹងកើតឡើងដោយសារល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញឡើយ ។

២-ក្នុងករណីដែលតតិយជនបានបំពានផលប្រយោជន៍ដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើអំពើនេះជាអំពើអនីត្យានុកូល តតិយជននោះត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ។

មាត្រា ៣២៨. ការចាត់ទុកថាល័ក្ខខ័ណ្ណត្រូវបានបំពេញ

ប្រសិនបើភាគី ដែលនឹងទទួលការខូចផលប្រយោជន៍ដោយសារល័ក្ខខ័ណ្ណត្រូវបាន បំពេញ ហើយភាគីនោះបានរារាំងមិនឱ្យល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញដោយចេតនាភាគី ម្ខាងទៀតអាចចាត់ទុកថា ល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញរួចហើយ ។

កថាភាគទី២៖ ការកំណត់ពេល

មាត្រា ៣២៩. អត្ថន័យនៃការកំណត់ពេល

១-ក្នុងករណីដែលមានកំណត់ពេលចាប់ផ្តើម ចំពោះអានុភាពនៃកិច្ចសន្យាអានុភាព នោះមិនត្រូវកើតឡើង រហូតដល់ពេលកំណត់នោះមកដល់ ។  ក្នុងករណីដែលមានកំណត់ ពេលចាប់ផ្តើមចំពោះការអនុវត្តកិច្ចសន្យាម្ចាស់បំណុល មិនអាចទាមទារឱ្យកូនបំណុលអនុវត្តកាតព្វកិច្ចមុនពេលកំណត់នោះបានឡើយ ។

២-ក្នុងករណីដែលមានកំណត់ពេលចប់ចំពោះអានុភាពនៃកិច្ចសន្យាអានុភាព នោះត្រូវរលត់នៅពេលកំណត់នោះមកដល់ ។

៣- ចំពោះសកម្មភាពឯកតោភាគី ភាគីអាចកំណត់ពេលចាប់ផ្តើមក្នុងន័យនៃកថាខណ្ឌទី ១ ឬពេលចប់ក្នុងន័យនៃកថាខណ្ឌទី ២ ខាងលើនេះ បានលុះត្រាតែមិននាំឱ្យមានការខូចខាតដោយមិនត្រឹមត្រូវដល់ភាគីម្ខាងទៀត ។

មាត្រា ៣៣០. ប្រយោជន៍នៃការកំណត់ពេល

១-ការកំណត់ពេលត្រូវបានសន្មតថាបានជាប្រយោជន៍របស់កូនបំណុល ។

២-ប្រយោជន៍នៃការកំណត់ពេលនេះអាចបោះបង់ចោលបាន លុះត្រាតែមិននាំឱ្យមានការខូចខាតដោយមិនត្រឹមត្រូវដល់ភាគីម្ខាងទៀត ។   ប៉ុន្តែ ប្រសិនបើការបោះបង់ចោលនោះធ្វើឱ្យមានការខូចខាតផលប្រយោជន៍របស់ភាគីម្ខាងទៀត ភាគីដែលធ្វើឱ្យមានការខូចខាតនោះត្រូវសងការខូចខាតដល់ភាគីម្ខាងទៀត ។

មាត្រា ៣៣១. ការបាត់បង់ផលប្រយោជន៍នៃការកំណត់ពេល

កូនបំណុលត្រូវបាត់បង់ផលប្រយោជន៍នៃការកំណត់ពេល ក្នុងករណីដូចតទៅ :

ក-កូនបំណុលត្រូវបានប្រកាសក្ស័យធន ។

ខ-កូនបំណុល បានធ្វើឱ្យខូចខាតប្រាតិភោគ ។

គ-កូនបំណុលមានករណីយកិច្ចត្រូវដាក់ប្រាតិភោគប៉ុន្តែមិនបានបំពេញករណីយកិច្ចនេះ ។

ឃ- មានហេតុដែលគូភាគី បានព្រមព្រៀងគ្នាបានកើតឡើង ។

កថាភាគទី៣៖ អំឡុងពេល

មាត្រា ៣៣២. របៀបកំណត់អំឡុងពេល

អំឡុងពេលអាចកំណត់ជា ម៉ោង នាទី វិនាទី ថ្ងៃ សប្ដាហ៍ ខែ ឬ ឆ្នាំបាន ។

មាត្រា ៣៣៣. ការគណនាអំឡុងពេលជាម៉ោង នាទី ឬវិនាទី

ប្រសិនបើបានកំណត់អំឡុងពេលជាម៉ោង នាទី ឬវិនាទី ត្រូវធ្វើការគណនាពីពេលចាប់ផ្ដើមរហូតដល់ពេលចប់នៃអំឡុងពេលនោះ ។

មាត្រា ៣៣៤. ការគណនាអំឡុងពេលជាថ្ងៃ សប្ដាហ៍ ខែ ឬឆ្នាំ

១-ប្រសិនបើ  បានកំណត់អំឡុងពេលជាថ្ងៃសប្តាហ៍  ខែ  ឬឆ្នាំវិញមិនត្រូវគិតបញ្ចូលថ្ងៃដែលចាប់ផ្តើមនៃអំឡុងពេលនេះទេលើកលែងតែអំឡុងពេលនេះបានចាប់ផ្តើមពីម៉ោងសូន្យទៅ ។

២-ក្នុងករណីដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ អំឡុងពេលត្រូវចប់ពេញលេញនៅពេលផុតថ្ងៃចុងក្រោយនៃអំឡុងពេលនោះ ។

៣-ប្រសិនបើថ្ងៃចុងក្រោយនៃអំឡុងពេលត្រូវជាថ្ងៃបុណ្យ ថ្ងៃអាទិត្យ   ឬថ្ងៃឈប់សម្រាកផ្សេងទៀតដែលច្បាប់ ឬបទដ្ឋានគតិយុត្តបានកំណត់អំឡុងពេលត្រូវចប់ពេញលេញនៅពេលផុតថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃឈប់នោះ ។

មាត្រា ៣៣៥. ការគណនាអំឡុងពេលតាមប្រតិទិនសុរិយគតិ

១-ក្នុងករណីដែលធ្វើការគណនាអំឡុងពេលជាសប្តាហ៍ ខែ ឬ ឆ្នាំ ត្រូវធ្វើការគណនាតាមប្រតិទិនសុរិយគតិ ។

២-ក្នុងករណីដែលមិនធ្វើការគណនាអំឡុងពេលដោយគិតពីដើមសប្តាហ៍ ដើមខែ ឬ ដើមឆ្នាំទេ   អំឡុងពេលនេះត្រូវចប់ពេញលេញនៅមួយថ្ងៃមុនថ្ងៃដែលត្រូវនឹងថ្ងៃចាប់ផ្តើមរាប់នៃសប្តាហ៍ចុងក្រោយ ខែចុងក្រោយ ឬឆ្នាំចុងក្រោយនៃអំឡុងពេល  ។    ប៉ុន្តែ ក្នុងករណីដែលត្រូវគណនាអំឡុងពេលជាខែ ឬជាឆ្នាំវិញប្រសិនបើខែ ឬឆ្នាំចុងក្រោយនៃអំឡុងពេលនោះ គ្មានថ្ងៃដែលត្រូវនឹងថ្ងៃដែលអំឡុងពេលបានចាប់ផ្តើមទេ ថ្ងៃចុងក្រោយនៃខែនោះត្រូវជាថ្ងៃដែលអំឡុងពេលត្រូវចប់ពេញលេញ ។

ជំពួកទី ២៖ ការបង្ហាញឆន្ទៈ និង កិច្ចសន្យា

ផ្នែកទី ១៖ ការបង្កើតកិច្ចសន្យា

មាត្រា ៣៣៦. ការបង្កើតកិច្ចសន្យាដោយសំណើ និង ស្វីការ

១-កិច្ចសន្យាមានអានុភាពដោយសារសំណើ និង ស្វីការត្រូវគ្នា ។

២-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ ក៏កិច្ចសន្យាដែលភាគីម្ខាងទទួលករណីយកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិលើអចលនវត្ថុ ឬករណីយកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុ នឹងមានអានុភាពលុះត្រាតែបានធ្វើលិខិតយថាភូត ។

មាត្រា ៣៣៧. និយមន័យនៃសំណើ និង ស្វីការ

១-សំណើគឺជាការសុំបង្កើតកិច្ចសន្យាដែលធ្វើឡើង ដោយមានឆន្ទៈភ្ជាប់ខ្លួនជាមួយ នឹងចំណងគតិយុត្តក្នុងករណីដែលមានស្វីការរបស់ភាគីម្ខាងទៀតចំពោះសំណើនេះ ។

២-សំណើត្រូវមានអានុភាពនៅពេលដែលសំណើនោះបានដល់ភាគីម្ខាងទៀត ។ ប៉ុន្តែ ប្រសិនបើដំណឹងអំពីការដកសំណើវិញដល់ភាគីម្ខាងទៀត នៅពេលព្រមគ្នានឹងពេលសំណើដល់ ឬមុនពេលសំណើដល់នោះអានុភាពសំណើមិនត្រូវកើតឡើយ ។

៣-ស្វីការគឺជាការបង្ហាញឆន្ទៈដែលអ្នកទទួលសំណើយល់ព្រមចំពោះសំណើនោះ ។

៤-ស្វីការត្រូវមានអានុភាពនៅពេលដែលស្វីការនោះបានដល់អ្នកស្នើ។ ប៉ុន្តែ ប្រសិនបើ

ដំណឹងអំពីការដកស្វីការវិញដល់អ្នកស្នើនៅពេលព្រមគ្នានឹងពេលស្វីការដល់     ឬមុនពេលស្វីការដល់នោះអានុភាពនៃស្វីការ មិនត្រូវកើតឡើយ ។

មាត្រា ៣៣៨. សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្វីការ និងការដកសំណើនោះ

១-សំណើអាចធ្វើឡើង បានដោយកំណត់អំឡុងពេលសម្រាប់ស្វីការ ។      អំឡុងពេលសម្រាប់ស្វីការ ត្រូវគិតចាប់ពីថ្ងៃដែលជូនដំណឹងអំពីសំណើបើមិនច្បាស់ថា អ្នកស្នើកំណត់ ពេលផ្សេង ។

២-សំណើដែលត្រូវបានធ្វើឡើង ដោយមានកំណត់អំឡុងពេលសម្រាប់ស្វីការមិនអាចដកវិញបានទេ ។

៣-ប្រសិនបើអ្នកស្នើមិនបានទទួលដំណឹងអំពីស្វីការក្នុងអំឡុងពេល ដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះទេ សំណើនោះត្រូវបាត់បង់អានុភាពដោយស្វ័យប្រវត្តិនៅពេលផុតអំឡុងពេលសម្រាប់ស្វីការ ។   ក្នុងករណីដែលដំណឹងអំពីការបដិសេធសំណើបានដល់អ្នកស្នើក្នុងអំឡុងពេលសម្រាប់ស្វីការនោះសំណើនោះក៏ត្រូវបាត់បង់អានុភាពដែរ ។

មាត្រា ៣៣៩. សំណើដែលគ្មានកំណត់អំឡុងពេលសម្រាប់ស្វីការ និងការដកសំណើនៅ

១-ចំពោះសំណើដែលត្រូវបានធ្វើឡើង ដោយគ្មានកំណត់អំឡុងពេលសម្រាប់ស្វីការ រវាងគូភាគីដែលកំពុងនិយាយគ្នានៅក្នុងស្ថានភាពដែលអាចឆ្លើយភ្លាមៗបានប្រសិន បើភាគីដែលទទួលសំណើមិនបានយល់ព្រមភ្លាមៗទេសំណើនោះត្រូវបាត់បង់អានុភាព ។

២-ចំពោះសំណើដែលធ្វើរវាងគូភាគីដែលមិននិយាយគ្នាដោយគ្មានកំណត់អំឡុងពេលសម្រាប់ស្វីការទេអ្នកស្នើមិនអាចដកសំណើនោះវិញក្នុងអំឡុងពេលសមរម្យបានឡើយ ។

៣-ការដកសំណើត្រូវមានអានុភាពលុះត្រាតែការជូនដំណឹងអំពីការ ដកសំណើនោះ បានមកដល់ភាគីម្ខាងទៀត មុនពេលភាគីម្ខាងទៀតជូនដំណឹងអំពីស្វីការ ។

មាត្រា ៣៤០. ពេលនៃការបង្កើតកិច្ចសន្យា គោលការណ៍នៃការមកដល់នៃស្វីការ

កិច្ចសន្យាត្រូវកើតឡើងនៅពេលដែលដំណឹងអំពីស្វីការបានមកដល់អ្នកស្នើ ។

មាត្រា ៣៤១. ការមកដល់យឺតយ៉ាវនៃស្វីការ

១-ក្នុងករណីដែលការជូនដំណឹងអំពីស្លឹការចំពោះសំណើដែលមានអំឡុងពេលសម្រាប់ស្វីការមកដល់ភាគីម្ខាងទៀត ក្រោយពេលអំឡុងពេលសម្រាប់ស្វីការនោះកន្លងផុត ប្រសិនបើអ្នកស្នើស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងថា ភាគីម្ខាងទៀតជូនដំណឹងអំពីស្វីការនោះនៅពេលដែលអាចមកដល់ក្នុងអំឡុងពេលសម្រាប់ស្វីការក្នុងករណីធម្មតា នោះអ្នកផ្តើត្រូវជូនដំណឹងអំពីការមកដល់ស្វីការដោយមានការយឺតយ៉ាវនោះទៅអ្នកធ្វើស្វីការ ដោយគ្មានការយឺតយ៉ាវ ។   ក្នុងករណីដែលអ្នកស្នើធ្វេសប្រហែសក្នុងការជូនដំណឹង អំពីការមកដល់ស្ទីការដោយមានការយឺតយ៉ាវនោះ ស្វីការដែលមកដល់ដោយមានការយឺតយ៉ាវនោះមានសុពលភាព ។

២-អ្នកស្នើអាចចាត់ទុកថាស្វីការដែលបានមកដល់អ្នកស្នើក្រោយពេលផុតអំឡុងពេលសម្រាប់ស្វីការ ជាសំណើថ្មី ។

មាត្រា ៣៤២. ស្វីការដោយមានបន្ថែមការកែប្រែ

១-ស្លឹការដែលអ្នកធ្វើស្វីការបានដាក់ល័ក្ខខ័ណ្ឌលើសំណើ ឬកែប្រែសារធាតុផ្សេងនៃសំណើមិនត្រូវក្លាយជាស្វីការសុពល តែស្វីការនោះមានអានុភាពជាសំណើថ្មី ។  កិច្ចសន្យាត្រូវកើតឡើងនៅពេលដែលអ្នកធ្វើសំណើដើមធ្វើស្វីការចំពោះសំណើថ្មីនោះ ។

២-ប្រសិនបើល័ក្ខខ័ណ្ឌ ឬការកែប្រែដែលភ្ជាប់ជាមួយនឹងការមិនធ្វើឱ្យមានការកែប្រែសារធាតុនៃសំណើទេ ស្វីការនោះមានសុពលភាពលុះត្រាតែអ្នកស្នើមិនតវ៉ាភ្លាម ។  អត្ថន័យនៃកិច្ចសន្យាដែលត្រូវកើតឡើង ដោយស្វីការនោះត្រូវទៅតាមអត្ថន័យនៃស្វីការលុះត្រាតែអ្នកស្នើដែលបានទទួលស្វីការ មិនតវ៉ាភ្លាមៗទេ ។

មាត្រា ៣៤៣. ការបង្កើតកិច្ចសន្យាដោយសកម្មភាពដែលត្រូវបានចាត់ទុកថាជាស្វីការ

ក្នុងករណីដែលមិនចាំបាច់ឱ្យមានដំណឹងអំពីស្វីការដោយសារឆន្ទៈរបស់អ្នកស្នើ  ឬដោយសារទំនៀមទម្លាប់នៃកិច្ចការជំនួញកិច្ចសន្យាត្រូវកើតឡើង នៅពេលដែលមានសកម្មភាពអាចទទួលស្គាល់ថាជាស្វីការ ។

មាត្រា ៣៤៤. ការដកសំណើចំពោះបុគ្គលដែលមិនបានកំណត់ជាក់លាក់

សំណើចំពោះបុគ្គលដែលមិនបានកំណត់ជាក់លាក់តាមការផ្សាយជាសាធារណៈ ឬ តាមវិធីផ្សេងទៀតអាចដកបានតែតាមវិធីដូចគ្នានឹងសំណើនោះ ។

ផ្នែកទី ២៖ វិការៈក្នុងការបង្ហាញឆន្ទៈ និង សុពលភាពនៃកិច្ចសន្យា

មាត្រា ៣៤៥. ការបង្ហាញឆន្ទៈដែលមានវិការៈ

អ្នកដែលបង្ហាញឆន្ទះអាចលុបចោលកិច្ចសន្យាបានដោយហេតុថា ការបង្ហាញឆន្ទះនោះមានវិការៈតាមបញ្ញត្តិនៃផ្នែកទី ២ (វិការៈក្នុងការបង្ហាញឆន្ទៈ និងសុពលភាពនៃកិច្ចសន្យា) នេះ និងផ្នែកទី ៣ (មោឃភាព និងការលុបចោល) ក្នុងករណីដូចខាងក្រោមនេះ :

ក-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភាន់ច្រឡំ ។

ខ-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក ឬការគម្រាមកំហែង ឬការបង្ហាញការមិនពិតរបស់ភាគីម្ខាងទៀត ។

គ-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើង ដោយអំពើឆ្លៀតឱកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ ។

មាត្រា ៣៤៦. ការភាន់ច្រឡំ

១-ក្នុងករណីដែលភាគីមានការភាន់ច្រឡំអំពីចំណុចសំខាន់ៗ នៃកិច្ចសន្យាបើភាគីម្ខាងទៀតបានស្ថិតនៅក្នុងស្ថានភាព ដែលអាចដឹងអំពីការភាន់ច្រឡំនេះភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបានដោយហេតុថា ការបង្ហាញឆន្ទះនោះមានវិការៈ ។

២-ក្នុងករណីដែលភាគីម្ខាងនៃកិច្ចសន្យា មានការភាន់ច្រឡំអំពីចំណុចនៃកិច្ចសន្យា ដែលខ្លួនយល់ឃើញថាសំខាន់ ឬចំណុចដែលខ្លួនយល់ឃើញថាសំខាន់ក្នុងការបង្កើតកិច្ចសន្យាបើភាគីម្ខាងទៀត បានស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងអំពីភាពសំខាន់នៃចំណុចនេះ និងការភាន់ច្រឡំរបស់អ្នកបង្ហាញឆន្ទៈនោះភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបានដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

៣-ក្នុងករណីដែលភាគីទាំងសងខាងមានការភាន់ច្រឡំអំ ពីចំណុចសំខាន់ៗនៃកិច្ច សន្យា ឬចំណុចនៃកិច្ចសន្យាដែលភាគីទាំងសងខាងយល់ឃើញថាសំខាន់ ឬចំណុចដែលភាគីទាំងសងខាងយល់ឃើញថាសំខាន់ក្នុងការបង្កើតកិច្ចសន្យា ទោះបីជាភាគីម្ខាងមិន មានលទ្ធភាពអាច ដឹងអំពីការភាន់ច្រឡំរបស់ភាគីម្ខាងទៀតក៏ដោយក៏ភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបានដែរដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

៤-ការលុបចោលនូវកិច្ចសន្យាដោយការភាន់ច្រឡំក្រៅពីភាគីម្ខាងទៀត អាចអះអាង ចំពោះតតិយជនបាន ។ ប៉ុន្តែ ប្រសិនបើតតិយជនជាជនសុចរិត ហើយគ្មានកំហុសអំពីការភាន់ច្រឡំ មិនអាចអះអាងនូវការលុបចោលចំពោះតតិយជននោះ បានឡើយ ។

មាត្រា ៣៤៧. ការឆបោក

១-បុគ្គលដែលបានធ្វើការបង្ហាញឆន្ទៈ ដោយសារការឆបោករបស់ភាគីម្ខាងទៀតអាចលុបចោលនូវកិច្ចសន្យាដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

២-ក្នុងករណីដែលការបង្ហាញឆន្ទៈបានធ្វើឡើង ដោយសារការឆបោករបស់តតិយជន អ្នកបង្ហាញឆន្ទះអាចលុបចោលនូវកិច្ចសន្យា ដោយហេតុថាការបង្ហាញឆន្ទៈនោះមានវិការៈ លុះត្រាតែក្នុងករណីដែលភាគីម្ខាងទៀតនៃការបង្ហាញឆន្ទៈនោះបានដឹង ឬអាចដឹងអំពីការឆបោកនោះ ។

៣-ការលុបចោលនូវកិច្ចសន្យាដោយការឆបោកក្រៅពីភាគីម្ខាងទៀត អាចអះអាង ចំពោះតតិយជនបាន ។ ប៉ុន្តែ ប្រសិនបើតតិយជនជាជនសុចរិត ហើយគ្មានកំហុសអំពីការឆបោក មិនអាចអះអាងនូវអានុភាពនៃការលុបចោលចំពោះតតិយជននោះបានឡើយ ។

មាត្រា ៣៤៨. ព័ត៌មានមិនពិត

១-នៅពេលធ្វើកិច្ចសន្យា បើហេតុដែលបានបង្ហាញដោយភាគីម្ខាងនោះខុសពីការពិតហើយភាគីម្ខាងទៀត បានបង្ហាញឆន្ទៈដោយជឿជាក់ថា ហេតុទាំងនោះជាការពិតប៉ុន្តែ ប្រសិនបើភាគីនោះដឹងថា ហេតុនោះមិនមែនជាការពិតខ្លួននឹងមិនបង្ហាញឆន្ទះទេភាគីនោះអាចលុបចោលនូវកិច្ចសន្យាបានដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនរារាំងភាគីដែលបានបង្ហាញឆន្ទៈក្នុងការទាមទារសំណងនៃការខូចខាតពីបុគ្គល ដែលបានបង្ហាញការណ៍មិនពិតនោះទេក្នុងករណីដែលបុគ្គលនេះមានកំហុស ។

៣-ការលុបចោលនូវកិច្ចសន្យាដោយព័ត៌មានមិនពិតក្រៅពីភាគីម្ខាងទៀត អាច អះអាងចំពោះតតិយជនបាន ។     ប៉ុន្តែ ប្រសិនបើតតិយជនជាជនសុចរិត ហើយគ្មានកំហុស អំពីព័ត៌មានមិនពិតមិនអាចអះអាងនូវអានុភាពនៃការលុបចោល ចំពោះតតិយជននោះបានឡើយ ។

មាត្រា ៣៤៩. ការរំលោភបំពានលើស្ថានភាព

១-នៅពេលធ្វើកិច្ចសន្យាបើភាគីម្ខាងនៃកិច្ចសន្យា បានប្រើឋានៈខ្លួនដែលមានអាទិភាពជាងភាគីម្ខាងទៀត ខាងផ្នែកសេដ្ឋកិច្ច ឬផ្នែកសង្គម ឬបានប្រើស្ថានភាពផ្សេង ទៀតដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតប បានទេភាគីម្ខាងទៀតនោះអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះ មានវិការៈ ។

២-ការលុបចោលនូវកិច្ចសន្យាដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនអាចអះអាងចំពោះតតិយជនដែលជាជនសុចរិត ហើយគ្មានកំហុសអំពីការរំលោភបំពានលើស្ថានភាពបានឡើយ ។

មាត្រា ៣៥០. ការគម្រាមកំហែង

បុគ្គលដែលបានបង្ហាញឆន្ទៈ ដោយសារមានការគម្រាមកំហែងពីសំណាក់ភាគីម្ខាង ទៀត ឬពីសំណាក់តតិយជន អាចលុបចោលនូវកិច្ចសន្យាបានដោយហេតុថា ការបង្ហាញឆន្ទះនោះមានវិការៈ ។

មាត្រា ៣៥១. អំពើកេងយកចំណេញហួសហេតុ

ក្នុងករណីដែលភាគីម្ខាងបានធ្វើកិច្ចសន្យា ដោយឆ្លៀតឱកាសដែលភាគីម្ខាងទៀត កំពុងជួបប្រទះការលំបាកខាងផ្នែកសេដ្ឋកិច្ច ឬភាពល្ងង់ ឬការខ្វះការពិសោធន៍ ហើយបានកេងយកចំណេញយ៉ាងសន្ធឹកសន្ធាប់ពីកិច្ចសន្យានោះ ភាគីម្ខាងទៀតនោះអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

មាត្រា ៣៥២. ឋបនីយផ្លូវចិត្ត

ប្រសិនបើកិច្ចសន្យាត្រូវបានបង្កើតឡើងដោយការបង្ហាញឆន្ទៈដែលភាគីដឹងខ្លួនថាខុសឆន្ទៈពិតរបស់ខ្លួន កិច្ចសន្យានោះមិនត្រូវរារាំងនូវអានុភាពឡើយ ។    ប៉ុន្តែ ក្នុងករណីដែលភាគីម្ខាងទៀតក៏ដឹងថាការបង្ហាញឆន្ទៈនោះខុសនឹងឆន្ទៈពិតរបស់អ្នកបង្ហាញឆន្ទៈដែរអ្នកបង្ហាញឆន្ទៈនោះអាចបដិសេធការអនុវត្តកិច្ចសន្យាបាន ។

មាត្រា ៣៥៣. ការបង្ហាញឆន្ទៈមិនពិត

១-កិច្ចសន្យា ដោយផ្អែកលើការបង្ហាញឆន្ទៈមិនពិតដែលត្រូវបានធ្វើឡើងដោយមានការឃុបឃិតជាមួយនឹងភាគីម្ខាងទៀត ត្រូវចាត់ទុកជាមោឃៈ ។

២-មោឃភាពនៃកិច្ចសន្យាដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះមិនអាចអះអាងចំពោះតតិយជនដែលមានទំនាក់ទំនងផលប្រយោជន៍ដោយយកកិច្ចសន្យាដែលផ្អែកលើការបង្ហាញឆន្ទៈមិនពិតជាមូលដ្ឋានបានឡើយ ។     ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលតតិយជននោះជាជនទុច្ចរិត ឬមិនបានដឹងអំពីការបង្ហាញនូវឆន្ទៈមិនពិតដោយមានកំហុសធ្ងន់ធ្ងរ ។

មាត្រា ៣៥៤. ភាពខុសច្បាប់  ឬភាពផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ

ក្នុងអត្ថន័យនៃកិច្ចសន្យា

១-ទោះបីជាភាគីនៃកិច្ចសន្យាបានធ្វើការបង្ហាញឆន្ទៈដោយគ្មានវិការៈក៏ដោយ ក៏កិច្ចសន្យាត្រូវបានចាត់ទុកជាមោឃៈក្នុងករណីខាងក្រោមនេះ :

ក-អត្ថន័យនៃកិច្ចសន្យានោះផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ ។

ខ-អត្ថន័យនៃកិច្ចសន្យានោះផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀម ទម្លាប់ល្អ ។

២-ប្រសិនបើអត្ថន័យនៃកិច្ចសន្យាមានផ្នែកណាមួយ   ដែលផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ហើយទោះបីជាទុកផ្នែកផ្សេងទៀត ក៏មិនធ្វើឱ្យខូចសេចក្តីសង្ឃឹមសមហេតុសមផលរបស់គូភាគីទេនោះមានតែចំណុចដែលផ្ទុយ នឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈនិង ទំនៀមទម្លាប់ល្អតែប៉ុណ្ណោះទេដែលត្រូវទុកជាមោឃៈ ។

មាត្រា ៣៥៥. អលទ្ធភាពតាំងពីដំបូង

១-ទោះបីជាអត្ថន័យនៃកិច្ចសន្យាមិនអាចសម្រេច បានតាំងពីពេលដែលបង្កើតកិច្ច សន្យានោះក៏ដោយ ក៏កិច្ចសន្យានោះមិនត្រូវបានចាត់ទុកជាមោឃៈដោយយកមូលហេតុនៃអលទ្ធភាពនោះដែរ ។    ប៉ុន្តែ បញ្ញត្តិនេះមិនរារាំងភាគីក្នុងការលុបចោលនូវកិច្ចសន្យាដោយយកមូលហេតុនៃការភាន់ច្រឡំឡើយ ក្នុងករណីដែលល័ក្ខខ័ណ្ណនៃការភាន់ច្រឡំត្រូវបានបំពេញ ។

២-ក្នុងករណីដែលភាគីដែលគួរតែអាចដឹងថា អត្ថន័យនៃកិច្ចសន្យាមិនអាចសម្រេច តាំងពីដំបូងបាននាំឱ្យមានការខូចខាតដល់ភាគីម្ខាងទៀតដោយសារការបង្កើតកិច្ចសន្យាភាគីនោះត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដល់ភាគីម្ខាងទៀត ដោយផ្អែកលើបញ្ញត្តិនៃមាត្រា ៣៩៨ ( ល័ក្ខខ័ណ្ណនៃការទទួលខុសត្រូវក្នុងការសងសំណងនៃការខូចខាត ) នៃក្រមនេះ ។

ផ្នែកទី ៣៖ មោឃភាព និងការលុបចោល

មាត្រា ៣៥៦ . និយមន័យនៃសកម្មភាព

ពាក្យ “សកម្មភាព” ក្នុងផ្នែកទី ៣ (មោឃភាព និងការលុបចោល) នេះសំដៅទៅលើកិច្ចសន្យា ឬសកម្មភាពឯកតោភាគី ។

មាត្រា ៣៥៧. អត្ថន័យនៃមោឃភាព

ប្រសិនបើអត្ថន័យនៃសកម្មភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្ឋាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អជនណាក៏អាចអះអាងនូវមោឃភាពនៃកិច្ចសន្យានោះ បាន ។   ក្នុងករណីដែលសកម្មភាពត្រូវចាត់ទុកជាមោឃៈដោយសារសកម្មភាពនោះផ្ទុយនឹងទម្រង់ដែលត្រូវបានទាមទារឱ្យមានដោយក្រមនេះ ឬច្បាប់ផ្សេងជនណាក៏អាចអះអាងនូវមោឃភាពនៃកិច្ចសន្យានោះបាន ។

មាត្រា ៣៥៨. សកម្មភាពដែលអាចលុបចោលបាន

១-សកម្មភាពដែលអាចលុបចោល បានមានសុពលភាពរហូតដល់ពេលដែលអ្នកមានសិទ្ធិលុបចោល លុបចោលសកម្មភាពនោះ ។

២-ក្នុងករណីដែលអ្នកមានសិទ្ធិលុបចោល បានលុបចោលសកម្មភាពដែលអាចលុប ចោលបានសកម្មភាពនេះត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង ។

៣-ក្នុងករណីដែលអ្នកមានសិទ្ធិលុបចោល បានផ្តល់សច្ចានុមតិលើសកម្មភាពដែល អាចលុបចោលបានសកម្មភាពនេះត្រូវមានសុពលភាពជាស្ថាពរ ។

មាត្រា ៣៥៩. អ្នកដែលមានសិទ្ធិលុបចោល

១-ចំពោះសកម្មភាពដែលអាចលុបចោលបានដោយមូលហេតុថា មានវិការៈក្នុងការបង្ហាញឆន្ទៈដែលបានកំណត់ចាប់ពីមាត្រា ៣៤៦ (ការភាន់ច្រឡំ) ដល់មាត្រា ៣៥១ (អំពើកេងយកចំណេញហួសហេតុ) នៃក្រមនេះ អ្នកដែលបង្ហាញឆន្ទៈដោយមានវិការៈ ឬអ្នកតំណាងដែលច្បាប់បានកំណត់របស់អ្នកនោះ អាចលុបចោលនូវសកម្មភាពនោះបាន ។  សន្តតិជនរបស់អ្នកដែលបង្ហាញឆន្ទៈ ឬអ្នកដែលទទួលបន្តឋានៈក្នុងកិច្ចសន្យាពីអ្នកដែលបង្ហាញឆន្ទៈក៏អាចអនុវត្តសិទ្ធិលុបចោលបានដែរ ។

២-ចំពោះការលុបចោលដោយមូលហេតុគ្មានសមត្ថភាព ក្នុងការបង្ហាញឆន្ទៈអនីតិភាព ឬការកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាពផ្សេងទៀតសាមីខ្លួនអ្នកតំណាង ដែលច្បាប់បានកំណត់ ឬហិតូបត្ថម្ភកៈនៃជននោះអាចលុបចោលនូវសកម្មភាពបាន ។   សន្តតិជន ឬអច្ច័យលាភីសកលរបស់សាមីខ្លួនក៏អាចអនុវត្តសិទ្ធិលុបចោលបានដែរ ។

មាត្រា ៣៦០. វិធីនៃការលុបចោល ឬសច្ចានុមតិ

ក្នុងករណីដែលភាគីម្ខាងទៀតនៃសកម្មភាព ដែលអាចលុបចោលបានត្រូវបានកំណត់ច្បាស់លាស់ការលុបចោល ឬសច្ចានុមតិត្រូវធ្វើឡើងដោយការជូនដំណឹងទៅភាគី ម្ខាងទៀតនោះ ។   អានុភាពនៃការលុបចោល ឬសច្ចានុមតិត្រូវកើតឡើងនៅពេលដែលដំណឹងនោះ បានដល់ភាគីម្ខាងទៀតនោះ ។

មាត្រា ៣៦១. អ្នកមានសិទ្ធិផ្តល់សច្ចានុមតិ និងល័ក្ខខ័ណ្ណនៃការផ្តល់សច្ចានុមតិ

១-អ្នកមានសិទ្ធិលុបចោលអាចផ្តល់សច្ចានុមតិចំពោះសកម្មភាព ដែលអាចលុបចោល បាន ។    ប៉ុន្តែ ក្នុងករណីដែលលុបចោលសកម្មភាពដោយយកការបង្ហាញឆន្ទៈដោយមានវិការៈជាមូលហេតុ អ្នកមានសិទ្ធិលុបចោលអាចផ្តល់សច្ចានុមតិបានចាប់តាំងពីពេល ដែលអ្នកមានសិទ្ធិលុបចោលនោះបានដឹងអំពីមូលហេតុនៃការលុបចោល ។  វីឯសកម្មភាពរបស់ជនដែលត្រូវបានកម្រិតសមត្ថភាពវិញអ្នកមានសិទ្ធិលុបចោលអាចផ្តល់សច្ចានុមតិបាននៅក្រោយពេលដែលស្ថានភាពដែលជាមូលហេតុនៃការលុបចោលត្រូវរលត់ ។

២-បញ្ញត្តិនៃវាក្យខណ្ឌទី ៣ កថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអ្នកតំណាងដែលច្បាប់បានកំណត់ ឬហិតូបត្ថម្ភកៈរបស់ជនដែលត្រូវបានកម្រិតសមត្ថភាពផ្តល់សច្ចានុមតិ ។

មាត្រា ៣៦២. សច្ចានុមតិដែលច្បាប់បានកំណត់

នៅក្រោយពេលដែលអាចផ្តល់សច្ចានុមតិតាមបញ្ញត្តិនៃមាត្រា ៣៦១( អ្នកមានសិទ្ធិផ្តល់សច្ចានុមតិ និងល័ក្ខខ័ណ្ណនៃការផ្តល់សច្ចានុមតិ ) ខាងលើសកម្មភាពដែលអាចលុបចោលបានត្រូវចាត់ទុកថា បានផ្តល់សច្ចានុមតិរួចហើយក្នុងករណីមានហេតុដូចខាងក្រោមនេះ :

ក-ការអនុវត្តកាតព្វកិច្ចទាំងមូល ឬមួយផ្នែកចំពោះកាតព្វកិច្ចដែលកើតឡើងដោយសកម្មភាពដែលអាចលុបចោល បានឬការដាក់ប្រាតិភោគដើម្បីធានាកាតព្វកិច្ចនោះ។

ខ-ការអនុវត្តសិទ្ធិដែលបានទទួលពីសកម្មភាពដែលអាចលុបចោលបាន ឬការទាមទារឱ្យភាគីម្ខាងទៀតអនុវត្ត ។

គ-អនុប្បទាន ឬការចាត់ចែងផ្សេងទៀតនូវសិទ្ធិទាំងមូល ឬមួយផ្នែកចំពោះសិទ្ធិដែលបានទទួលពីសកម្មភាពដែលអាចលុបចោលបាន ។

ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយបើមានឋបនីយថា ខ្លួនមិនបានផ្តល់សច្ចានុមតិនៅពេលដែលហេតុដែលបានកំណត់នៅក្នុងករណីទាំងបីខាងលើនោះកើតឡើង ។

មាត្រា ៣៦៣. អាជ្ញាយុកាលនៃការរំលត់សិទ្ធិលុបចោល

១-ប្រសិនបើអ្នកមានសិទ្ធិលុបចោលមិនអនុវត្តសិទ្ធិនោះក្នុងរយៈពេល ៣ (បី) ឆ្នាំ ចាប់តាំងពីពេលដែលខ្លួនក្លាយទៅជាអ្នកដែលអាចផ្តល់សច្ចានុមតិនោះសិទ្ធិលុបចោល និងសិទ្ធិទាមទារឱ្យសងសេចក្តីចម្រើនដោយឥតហេតុដែលកើតឡើង ដោយសារការលុបចោលនោះ ត្រូវរលត់ ។   បញ្ញត្តិស្តីពីការផ្អាកអាជ្ញាយុកាលមិនត្រូវយកមកអនុវត្តឡើយចំពោះអំឡុងពេលនេះ ។

២-ទោះបីជាមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយប្រសិនបើហួសអំឡុងពេល១០ (ដប់) ឆ្នាំចាប់តាំងពីកាលបរិច្ឆេទនៃសកម្មភាពនោះសិទ្ធិលុបចោលក៏ត្រូវរលត់ដែរ ។

៣-ក្នុងករណីដែលបុគ្គលច្រើននាក់មានសិទ្ធិលុបចោលនូវសកម្មភាពតែមួយ បញ្ញត្តិនៃកថាខណ្ឌទី ១ និង កថាខណ្ឌទី ២ ខាងលើនេះត្រូវយកមកអនុវត្តចំពោះសិទ្ធិលុបចោលនៃបុគ្គលនីមួយៗនោះ ។

ផ្នែកទី ៤៖ ការតំណាង

មាត្រា ៣៦៤. និយមន័យនៃការតំណាង

ការតំណាងសំដៅទៅលើទំនាក់ទំនងគតិយុត្ត    ដែលអានុភាពនៃកិច្ចសន្យាត្រូវមានចំពោះម្ចាស់សិទ្ធិផ្ទាល់ក្នុងករណី ដែលអ្នកតំណាងធ្វើកិច្ចសន្យាជាមួយភាគីម្ខាងទៀតដោយបង្ហាញថា ការធ្វើកិច្ចសន្យានោះ គឺធ្វើសម្រាប់ម្ចាស់សិទ្ធិក្នុងទំហំនៃសិទ្ធិតំណាង ។

មាត្រា ៣៦៥. កំណើតនៃសិទ្ធិតំណាង

សិទ្ធិតំណាងកើតមានឡើងដោយកិច្ចសន្យារវាងម្ចាស់សិទ្ធិ និងអ្នកតំណាង ឬដោយបញ្ញត្តិនៃច្បាប់ ។

មាត្រា ៣៦៦. ទំហំនៃសិទ្ធិតំណាង

១-ទំហំនៃសិទ្ធិតំណាងត្រូវកំណត់ដោយកិច្ចសន្យា ដែលប្រគល់សិទ្ធិតំណាងទៅឱ្យអ្នកតំណាង ។  ក្នុងករណីដែលសិទ្ធិតំណាងត្រូវកើតឡើងដោយបញ្ញត្តិនៃច្បាប់ទំហំនៃសិទ្ធិ តំណាងក៏ត្រូវកំណត់ដោយច្បាប់នោះដែរ ។

២-ក្នុងករណីដែលទំហំនៃសិទ្ធិតំណាងមិនបានកំណត់ទេ អ្នកតំណាងត្រូវមានសិទ្ធិ ចំពោះអំពើថែរក្សា និងអំពើកែលំអ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះអំពើកែលំអដែលផ្លាស់ប្តូរលក្ខណៈនៃវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការតំណាង ។

មាត្រា ៣៦៧. ការកម្រិតសិទ្ធិតំណាង

១-ទោះបីក្នុងទំហំនៃសិទ្ធិតំណាងក៏ដោយចំពោះអំពើ ដែលផលប្រយោជន៍របស់អ្នកតំណាង និងរបស់ម្ចាស់សិទ្ធិ មានភាពផ្ទុយគ្នាអ្នកតំណាងគ្មានសិទ្ធិទេ ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានការយល់ព្រមពីម្ចាស់សិទ្ធិ ។

២-ចំពោះកិច្ចការជំនួញរវាងម្ចាស់សិទ្ធិ និងអ្នកតំណាងត្រូវសន្មតថា ផលប្រយោជន៍ម្ចាស់សិទ្ធិ និងផលប្រយោជន៍អ្នកតំណាងមានភាពផ្ទុយគ្នា ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលអ្នកតំណាងធ្វើជាតំណាងឱ្យម្ចាស់សិទ្ធិផង ធ្វើជាតំណាងឱ្យតតិយជនផង ហើយផលប្រយោជន៍ម្ចាស់សិទ្ធិ និងផលប្រយោជន៍តតិយជន មានភាពផ្ទុយគ្នា ។

មាត្រា ៣៦៨. មូលហេតុនៃការរលត់សិទ្ធិតំណាង

១-សិទ្ធិតំណាងដែលបានទទួលពីម្ចាស់សិទ្ធិ ដោយកិច្ចសន្យាត្រូវរលត់ដោយសារមូលហេតុខាងក្រោមនេះ :

ក-មរណភាព ធនញ្ជ័យ ឬការរំលាយរបស់ម្ចាស់សិទ្ធិ ។

ខ-មរណភាព ធនញ្ជ័យ ឬការកម្រិតនូវសមត្ថភាពក្នុងការធ្វើសកម្មភាពរបស់ អ្នកតំណាង ។

គ-ការបញ្ចប់អាណត្តិ កិច្ចសន្យាការងារ ឬទំនាក់ទំនងគតិយុត្តផ្សេងទៀតដែលបានប្រគល់សិទ្ធិតំណាង ។

២-ការតំណាងដែលច្បាប់បានកំណត់ ត្រូវរលត់ដោយសារមូលហេតុដែលបាន កំណត់ក្នុងច្បាប់ ។

មាត្រា ៣៦៩. ការតំណាងដោយគ្មានសិទ្ធិ

១-អំពើដែលអ្នកគ្មានសិទ្ធិតំណាងធ្វើក្នុងនាមជាអ្នកតំណាងរបស់អ្នកដទៃមិនត្រូវបង្កើត

អានុភាពចំពោះម្ចាស់សិទ្ធិទេ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះ ករណីដែលម្ចាស់សិទ្ធិបានផ្តល់សច្ចានុមតិចំពោះអំពើនោះ ។

២-ភាគីម្ខាងទៀតនៃសកម្មភាពនៃការតំណាងដោយគ្មានសិទ្ធិមិនអាចអះអាងថា   អានុ

ភាពនៃសកម្មភាពត្រូវមាន ចំពោះអ្នកតំណាងដោយគ្មានសិទ្ធិឡើយ  ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវរារាំងភាគីម្ខាងទៀត ក្នុងការទាមទារឱ្យអ្នកតំណាងដោយគ្មានសិទ្ធិទទួលខុសត្រូវដោយផ្អែកលើបញ្ញត្តិនៃមាត្រា៣៧១ (ការទទួលខុសត្រូវរបស់អ្នកតំណាងដោយគ្មានសិទ្ធិ) នៃក្រមនេះ ។

មាត្រា ៣៧០. សច្ចានុមតិចំពោះអំពើតំណាងដោយគ្មានសិទ្ធិ និងសិទ្ធិលុបចោលរបស់ភាគីម្ខាងទៀត

១-ប្រសិនបើមិនបានផ្តល់សច្ចានុមតិចំពោះភាគីម្ខាងទៀតទេម្ចាស់សិទ្ធិមិនអាចអះអាង

អានុភាពនៃសច្ចានុមតិនោះចំពោះភាគីម្ខាងទៀតបានឡើយ ។

២-អំពីតំណាងដោយគ្មានសិទ្ធិ ត្រូវមានសុពលភាពប្រតិសកម្មដោយសច្ចានុមតិតាំងពីពេលដែលអំពើនោះត្រូវបានធ្វើឡើង ។  ប៉ុន្តែ សច្ចានុមតិនោះមិនអាចធ្វើឱ្យខូចផលប្រយោជន៍តតិយជន  ដែលបានកើតឡើងក្នុងអំឡុងពេលចាប់តាំងពីពេលដែលអំពើតំណាងដោយគ្មានសិទ្ធិនោះត្រូវបានធ្វើឡើង រហូតដល់ពេលផ្តល់សច្ចានុមតិ ។

៣-ភាគីម្ខាងទៀតនៃអំពើតំណាងដោយគ្មានសិទ្ធិ អាចដាស់តឿនឱ្យម្ចាស់សិទ្ធិឆ្លើយ អំពីការផ្តល់ ឬមិនផ្តល់សច្ចានុមតិដោយកំណត់អំឡុងពេលមួយសមរម្យដើម្បីឆ្លើយ ។ ប្រសិនបើម្ចាស់សិទ្ធិមិនឆ្លើយក្នុងអំឡុងពេល    ដែលបានកំណត់នោះទេត្រូវចាត់ទុកថាម្ចាស់សិទ្ធិបដិសេធការផ្តល់សច្ចានុមតិ ។

៤-ភាគីម្ខាងទៀតអាចលុបចោលកិច្ចសន្យាដែលត្រូវបានធ្វើដោយអ្នកគ្មានសិទ្ធិតំណាងមុនពេលម្ចាស់សិទ្ធិផ្តល់សច្ចានុមតិបាន ។   នៅក្រោយពេលភាគីម្ខាងទៀតបានលុបចោលកិច្ចសន្យា ម្ចាស់សិទ្ធិមិនអាចផ្តល់សច្ចានុមតិចំពោះអំពើតំណាងដោយគ្មានសិទ្ធិបានឡើយ ។

មាត្រា ៣៧១. ការទទួលខុសត្រូវរបស់អ្នកតំណាងដោយគ្មានសិទ្ធិ

ប្រសិនបើជនដែលធ្វើកិច្ចសន្យាក្នុងនាមជាអ្នកតំណាងសម្រាប់ជនដទៃមិនអាចបញ្ជាក់នូវសិទ្ធិតំណាង ឬមិនអាចទទួលសច្ចានុមតិពីសាមីខ្លួនបានទេជននោះត្រូវទទួលខុសត្រូវក្នុងការអនុវត្ត ឬទទួលខុសត្រូវក្នុងការសងការខូចខាតតាមការជ្រើសរើសរបស់ភាគីម្ខាងទៀត ។ ប៉ុន្តែ ប្រសិនបើភាគីម្ខាងទៀតបានដឹងអំពីនត្ថិភាពនៃសិទ្ធិតំណាងអ្នកតំណាងដោយគ្មានសិទ្ធិអាចរួចផុតពីការទទួលខុសត្រូវនោះបាន ។ អ្នកតំណាងដោយគ្មានសិទ្ធិដែលគ្មានកំហុសក្នុងការធ្វើអំពីតំណាងដោយគ្មានសិទ្ធិក៏អាចរួចផុតពីការ ទទួលខុសត្រូវដែលបានកំណត់ក្នុងមាត្រានេះបានដែរទោះបីជាភាគីម្ខាងទៀត មិនបានដឹងអំពីនត្ថិភាពនៃសិទ្ធិតំណាងដោយកំហុសក៏ដោយ ។

មាត្រា ៣៧២. ការតំណាងដែលមានលក្ខណៈជារូបភាព

១-ក្នុងករណីដែលអ្នកតំណាងធ្វើកិច្ចសន្យា ដោយហួសពីទំហំនៃសិទ្ធិតំណាងប្រសិន បើភាគីម្ខាងទៀតជឿជាក់ថា អ្នកតំណាងមានសិទ្ធិតំណាងចំពោះកិច្ចសន្យានោះ ហើយគ្មាន កំហុសក្នុងការជឿនោះទេម្ចាស់សិទ្ធិ ត្រូវទទួលខុសត្រូវក្នុងការអនុវត្តកិច្ចសន្យានោះចំពោះភាគីម្ខាងទៀត ។

២-ក្រោយពីពេលដែលសិទ្ធិតំណាងបានរលត់ប្រសិនបើភាគីម្ខាងទៀត បានធ្វើកិច្ចសន្យាជាមួយនឹងអ្នកដែលបង្ហាញខ្លួនថា ជាអ្នកតំណាងម្ចាស់សិទ្ធិត្រូវទទួលខុសត្រូវក្នុងការអនុវត្តកិច្ចសន្យានោះចំពោះភាគីម្ខាងទៀត។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលភាគីម្ខាងទៀតដឹងអំពីការរលត់នៃសិទ្ធិតំណាងនោះ ឬមិនដឹងអំពីការរលត់នោះដោយមានកំហុស ។

៣-ក្នុងករណីដែលម្ចាស់សិទ្ធិមិន បានប្រគល់សិទ្ធិតំណាងទៅអ្នកផ្សេង ប៉ុន្តែម្ចាស់សិទ្ធិ បានបង្ហាញដូចជាខ្លួន បានប្រគល់សិទ្ធិតំណាងនោះទៅឱ្យអ្នកផ្សេង ឬអនុញ្ញាតឱ្យអ្នកផ្សេងនោះបង្ហាញថា អ្នកនោះមានសិទ្ធិតំណាងម្ចាស់សិទ្ធិត្រូវទទួលខុសត្រូវក្នុងការអនុវត្តកិច្ចសន្យាចំពោះភាគីម្ខាងទៀត ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលភាគីម្ខាងទៀតដឹងអំពីនត្ថិភាពនៃសិទ្ធិតំណាងនោះ  ឬមិនដឹងអំពីនត្ថិភាពនោះដោយមានកំហុស ។

មាត្រា ៣៧៣. អំពើតំណាងដែលមិនបង្ហាញច្បាស់លាស់

១-ក្នុងករណីដែលអ្នកតំណាងមានឆន្ទៈក្នុងការធ្វើកិច្ចការសម្រាប់ម្ចាស់សិទ្ធិ តែបានធ្វើកិច្ចការនោះដោយមិនបង្ហាញថា ធ្វើសម្រាប់ម្ចាស់សិទ្ធិទេភាគីម្ខាងទៀតអាចអះអាងថា កិច្ចសន្យាត្រូវបានបង្កើតឡើងជាមួយនឹងអ្នកតំណាងនោះបាន ។    ប៉ុន្តែ ប្រសិនបើភាគីម្ខាង ទៀតបានដឹងនៅពេលបង្កើតកិច្ចសន្យាថា អ្នកតំណាងធ្វើកិច្ចសន្យានោះសម្រាប់ម្ចាស់សិទ្ធិភាគីម្ខាងទៀតនោះអាចអះអាងអំពីការបង្កើតកិច្ចសន្យាតែជាមួយម្ចាស់សិទ្ធិប៉ុណ្ណោះ ។

២-ប្រសិនបើភាគីម្ខាងទៀតបែរជាដឹងអំពីអត្ថិភាពនៃម្ចាស់សិទ្ធិ ក្រោយពេលបង្កើតកិច្ចសន្យាជាមួយនឹងអ្នកតំណាងដែលបានធ្វើកិច្ចការដោយមិនបង្ហាញថា ធ្វើសម្រាប់ម្ចាស់សិទ្ធិទេ ភាគីម្ខាងទៀតនោះអាចអះអាងការបង្កើតកិច្ចសន្យាជាមួយម្ចាស់សិទ្ធិបាន ។

មាត្រា ៣៧៤. វិការៈនៃអំពើតំណាង

១-ក្នុងករណីដែលអានុភាពនៃកិច្ចសន្យាដែលអ្នកបង្ហាញឆន្ទៈបង្កើត ត្រូវទទួលនូវឥទ្ធិពលដោយសារមានការភាន់ច្រឡំ ការឆបោក ការគម្រាមកំហែង ឬដោយសារមានកំហុសក្នុងការដឹង ឬមិនដឹងហេតុណាមួយ អត្ថិភាព ឬ នត្ថិភាពនៃហេតុនោះត្រូវវិនិច្ឆ័យចំពោះអ្នកតំណាង ។

២-ក្នុងការអនុវត្តបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះបើម្ចាស់សិទ្ធិបានប្រគល់ឱ្យអ្នកតំណាងធ្វើកិច្ចសន្យាដែលត្រូវបានកំណត់ពិសេសម្ចាស់សិទ្ធិមិនអាចអះអាងថា អ្នកតំណាងមិនបានដឹងនូវហេតុណាដែលម្ចាស់សិទ្ធដឹងនោះបានឡើយ ។   បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាដែរចំពោះហេតុដែលម្ចាស់សិទ្ធិមិនបានដឹងដោយមានកំហុស ។

មាត្រា ៣៧៥. សមត្ថភាពនៃអ្នកតំណាង

ម្ចាស់សិទ្ធិក៏អាចប្រគល់សិទ្ធិតំណាងដល់ជនដែលត្រូវបានកម្រិតសមត្ថភាពបានដែរ ។ ក្នុងករណីនេះ ម្ចាស់សិទ្ធិមិនអាចលុបចោលនូវកិច្ចសន្យាដែលត្រូវបានធ្វើឡើង ដោយអ្នកតំណាងដែលជាជនដែលត្រូវបានកម្រិតសមត្ថភាពជាមួយ នឹងភាគីម្ខាងទៀតដោយយកមូលហេតុនៃការកម្រិតសមត្ថភាពរបស់អ្នកតំណាងនោះបានឡើយ ។

មាត្រា ៣៧៦. អនុតំណាង

អ្នកតំណាងដោយកិច្ចសន្យាជាមួយ នឹងម្ចាស់សិទ្ធិមិនអាចជ្រើសតាំងអនុតំណាងបានឡើយ ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបានទទួលការយល់ព្រមពីម្ចាស់សិទ្ធិ ឬមានហេតុដែលជៀសវាងមិនបាន។

មាត្រា៣៧៧. ការទទួលខុសត្រូវរបស់អ្នកតំណាង ក្នុងករណីដែលបានជ្រើសតាំងអនុតំណាង

១-នៅពេលដែលអ្នកតំណាងបានជ្រើសតាំងអនុតំណាង តាមបញ្ញត្តិនៃវាក្យខណ្ឌ ទី ២ មាត្រា ៣៧៦ (អនុតំណាង) ខាងលើអ្នកតំណាងត្រូវទទួលខុសត្រូវក្នុងការជ្រើសតាំង និង ត្រួតពិនិត្យអនុតំណាងនោះចំពោះម្ចាស់សិទ្ធិ ។

២-ក្នុងករណីដែលអ្នកតំណាងបានជ្រើសតាំងអនុតំណាងតាមការកំណត់របស់ ម្ចាស់សិទ្ធិអ្នកតំណាងមិនត្រូវទទួលខុសត្រូវនូវអំពើរបស់អនុតំណាងនោះ លើកលែងតែក្នុងករណីដែលអ្នកតំណាង បានដឹងអំពីភាពមិនសមស្រប ឬភាពមិនស្មោះត្រង់របស់អនុតំណាងតែមិន បានជូនដំណឹងអំពីភាពនោះទៅម្ចាស់សិទ្ធិ ឬមិនបានដកអនុតំណាងចេញ ។

៣-ប្រសិនបើអ្នកតំណាង បានជ្រើសតាំងអនុតំណាងដោយមិនធ្វើតាមបញ្ញត្តិនៃវាក្យខណ្ឌទី២ មាត្រា ៣៧៦ (អនុតំណាង) ខាងលើទេអំពើរបស់អនុតំណាងគ្មានអានុភាពទៅលើម្ចាស់សិទ្ធិឡើយ ។    ប៉ុន្តែ ភាគីម្ខាងទៀតដែលមិនបានដឹងថា អនុតំណាងនោះគ្មានសិទ្ធិទេ អាចអះអាងនូវការទទួលខុសត្រូវក្នុងការអនុវត្ត ឬក្នុងការសងការខូចខាតចំពោះអ្នកតំណាង បាន បើខ្លួនគ្មានកំហុសក្នុងការមិនបានដឹងនោះ ។

មាត្រា ៣៧៨. ឋានៈនៃអនុតំណាង

១-អំពើដែលអនុតំណាង បានធ្វើក្នុងទំហំនៃសិទ្ធិរបស់ខ្លួនដោយបញ្ជាក់ថាធ្វើសម្រាប់ ម្ចាស់សិទ្ធិត្រូវជាចំណងចងម្ចាស់សិទ្ធិ ។

២-អនុតំណាងត្រូវមានសិទ្ធិ និងករណីយកិច្ចចំពោះម្ចាស់សិទ្ធិដូចអ្នកតំណាង ។

៣-បញ្ញត្តិនៃផ្នែកទី ៤ នេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះទំនាក់ទំនង រវាងម្ចាស់សិទ្ធិ និងអនុតំណាងដោយចាត់ទុកថា អនុតំណាងជាអ្នកតំណាង ។

ផ្នែកទី ៥៖ កិច្ចសន្យាដែលធ្វើឡើងសម្រាប់តតិយជន

មាត្រា ៣៧៩. និយមន័យ

១-ភាគីនៃកិច្ចសន្យា អាចឱ្យ តតិយជនទទួលសិទ្ធិដែលកើតឡើងដោយកិច្ចសន្យា នោះបាន ។    ក្នុងករណីនេះអ្នកដែលត្រូវផ្តល់តាវកាលិកទៅតតិយជននោះហៅថា “ អ្នកព្រមផ្តល់ ” ។    រីឯភាគីម្ខាងទៀតរបស់អ្នកព្រមផ្ដល់នោះហៅថា “ អ្នកទាមទារការផ្តល់ ” ។   ម្យ៉ាងទៀត  តតិយជនដែលនឹងទទួលតាវកាលិកហៅថា “ អ្នកទទួលផលប្រយោជន៍ ” ។

២-អ្នកទទួលផលប្រយោជន៍ អាចទាមទារអ្នកព្រមផ្តល់ឱ្យផ្តល់តាវកាលិកដោយចំពោះ បាន ។

មាត្រា ៣៨០. អ្នកទទួលផលប្រយោជន៍

នៅពេលធ្វើការសន្យាមិនចាំបាច់មានអត្ថិភាពអ្នកទទួលផលប្រយោជន៍ឡើ ប្រសិនបើល័ក្ខខ័ណ្ឌដើម្បីកំណត់អ្នកទទួលផលប្រយោជន៍នោះមានភាពច្បាស់លាស់ ។   ប៉ុន្តែក្នុងករណីដែលគ្មានអ្នកទទួលផលប្រយោជន៍ នៅពេលដែលអ្នកព្រមផ្ដល់ត្រូវផ្តល់តាវកាលិក នោះការសន្យាដែលត្រូវផ្តល់តាវកាលិកឱ្យតតិយជនត្រូវបាត់បង់អានុភាព ហើយអ្នកព្រមផ្តល់ អាចរួចផុតពីការទទួលខុសត្រូវបានដោយអនុវត្តចំពោះអ្នកទាមទារការផ្តល់ ។

មាត្រា ៣៨១. ការបង្ហាញឆន្ទៈក្នុងការទទួលផលប្រយោជន៍

១-ក្នុងអំឡុងពេលដែលអ្នកទទួលផលប្រយោជន៍     មិនទាន់បង្ហាញឆន្ទៈទទួលផលប្រយោជន៍ចំពោះអ្នកព្រមផ្ដល់ ឬអ្នកទាមទារការផ្ដល់អ្នកទាមទារការផ្តល់អាចដកការសន្យាផ្តល់សិទ្ធិឱ្យទៅអ្នកទទួលផលប្រយោជន៍នោះ នៅពេលណាក៏បានដែរដោយជូនដំណឹងទៅអ្នកព្រមផ្ដល់ និងអ្នកទទួលផលប្រយោជន៍នោះ ។

២-ក្រោយពីអ្នកទទួលផលប្រយោជន៍ បានបង្ហាញឆន្ទៈទទួលផលប្រយោជន៍ភាគីនៃកិច្ចសន្យាមិនអាចប្តូរ ឬរំលត់នូវសិទ្ធិរបស់អ្នកទទួលផលប្រយោជន៍នេះបានឡើយ ។

មាត្រា ៣៨២. ការតវ៉ារបស់អ្នកព្រមផ្តល់

អ្នកព្រមផ្តល់អាចអះអាងការតវ៉ាដែលកើតមកពីកិច្ចសន្យាចំពោះអ្នកទទួលផលប្រយោជន៍បាន ។

មាត្រា ៣៨៣. មោឃភាពការលុបចោល និងការរំលាយកិច្ចសន្យា

១-ក្នុងករណីដែលកិច្ចសន្យាមានមូលហេតុនៃមោឃភាព ឬការលុបចោលរវាងអ្នកទាមទារការផ្តល់ និងអ្នកព្រមផ្ដល់ភាគីនៃកិច្ចសន្យាអាចអះអាងនូវមោឃភាពនៃកិច្ចសន្យា ឬ ការលុបចោលកិច្ចសន្យានោះ បានតាមបញ្ញត្តិស្តីពីមោឃភាព និងការលុបចោលក្នុងផ្នែកទី ៣ (មោឃភាព និងការលុបចោល) នៃជំពូកទី ២ ទោះបីជាមានការសន្យាផ្តល់សិទ្ធិដល់តតិយជនក៏ដោយ ។

២-អ្នកព្រមផ្តល់អាចរំលាយកិច្ចសន្យា ដោយយកមូលហេតុនៃការបំពានកិច្ចសន្យា របស់អ្នកទាមទារការផ្ដល់បាន ។    ក្នុងករណីដែលយកការបំពានកិច្ចសន្យារបស់អ្នកព្រមផ្តល់មកជាមូលហេតុនៃការរំលាយបើមានអ្នកទទួលប្រយោជន៍ ដែលបានបង្ហាញឆន្ទៈទទួលផលប្រយោជន៍អ្នកទាមទារការផ្តល់អាចរំលាយកិច្ចសន្យា ដោយទទួលការយល់ព្រមពីតតិយជននោះ ។

ជំពូកទី ៣៖ ការអនុវត្តកិច្ចសន្យា

មាត្រា ៣៨៤. ករណីយកិច្ចរបស់កូនបំណុលក្នុងការអនុវត្តកាតព្វកិច្ច

១-កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា និង គោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ។

២-ការអនុវត្តតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះត្រូវចាត់ទុកជាការសងដែលនាំឱ្យកាតព្វកិច្ចរលត់ ។

មាត្រា ៣៨៥. សិទ្ធិរបស់ម្ចាស់បំណុលក្នុងការទាមទារឱ្យអនុវត្តកាតព្វកិច្ច

១-ម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលអនុវត្តកាតព្វកិច្ចតាមផ្លូវតុលាការ ។

២-ទោះបីជាមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយម្ចាស់បំណុលមិនអាចទាមទារឱ្យអនុវត្តកាតព្វកិច្ចតាមផ្លូវតុលាការបានឡើយ ក្នុងករណីដែលមានការព្រមព្រៀងគ្នារវាងភាគីនៃកិច្ចសន្យាថា មិនទាមទារឱ្យអនុវត្តតាមផ្លូវតុលាការ ។

៣-ទោះបីជាមានការកម្រិតនូវសិទ្ធិទាមទារ   ឱ្យអនុវត្តកាតព្វកិច្ចតាមផ្លូវតុលាការដោយសារមានករណីត្រូវនឹងកថាខណ្ឌទី ២ ខាងលើនេះក៏ដោយប្រសិនបើកូនបំណុលបានអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តហើយម្ចាស់បំណុលអាចទទួល និងរក្សាទុកនូវតាវកាលិកនេះដោយចាត់ទុកថាជាការសងបាន ។

មាត្រា ៣៨៦. ការតវ៉ាឱ្យអនុវត្តព្រមគ្នា

ភាគីនីមួយៗនៃកិច្ចសន្យាអញ្ញមញ្ញអាចប្រកែកមិនព្រមអនុវត្តកាតព្វកិច្ចរបស់ខ្លួនរហូតដល់ពេលដែលភាគីម្ខាងទៀតផ្តល់នូវការអនុវត្តកាតព្វកិច្ច ។     ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលកាតព្វកិច្ចរបស់ភាគីម្ខាងទៀត មិនទាន់ដល់ពេលកំណត់ដើម្បីអនុវត្ត ។

មាត្រា ៣៨៧. ការតវ៉ាដោយមានការ បារម្ភ

ភាគីដែលត្រូវអនុវត្តកាតព្វកិច្ចជាមុននៅក្នុងកិច្ចសន្យាអញ្ញមញ្ញ អាចប្រកែកមិនព្រមអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានក្នុងករណីដែលមានការបារម្ភដែលគួរឱ្យកត់សម្គាល់ថាភាគីម្ខាងទៀតនឹងមិនអនុវត្តតាមខ្លឹមសារនៃកាតព្វកិច្ច ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលភាគីម្ខាងទៀតដាក់ប្រាតិភោគ ឬចាត់ចែងវិធានការផ្សេងទៀត ដើម្បីរំលត់ការបារម្ភនោះ ។

មាត្រា ៣៨៨. ការអនុវត្តតាមបញ្ញត្តិស្តីពីការសង

ក្រៅពីបញ្ញត្តិនៃជំពូកទី ៣ (ការអនុវត្តកិច្ចសន្យា) នេះបញ្ញត្តិស្តីពីការសងដែលបានកំណត់នៅក្នុងផ្នែកទី ១ (ការសង) នៃជំពូកទី ៧ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះការអនុវត្តកិច្ចសន្យា ។

ជំពូកទី ៤៖ ការសង្គ្រោះចំពោះការបំពានលើកិច្ចសន្យា

ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅស្តីពីការមិនអនុវត្តកាតព្វកិច្ច

មាត្រា ៣៨៩. និយមន័យ និងទម្រង់នៃការមិនអនុវត្តកាតព្វកិច្ច

ការមិនអនុវត្តកាតព្វកិច្ច សំដៅទៅលើករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ច ដែលកើតឡើងពីកិច្ចសន្យា ។    ទម្រង់នៃការមិនអនុវត្តកាតព្វកិច្ចមានដូចខាងក្រោមនេះ :

ក-កូនបំណុលមិនអាចអនុវត្តកាតព្វកិច្ចឱ្យទាន់ពេលកំណត់ ត្រូវអនុវត្តដោយ សារការយឺតយ៉ាវក្នុងការអនុវត្ត ។

ខ-អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ច ។

គ-កូនបំណុលមិនបានអនុវត្តឱ្យបានពេញលេញតាមខ្លឹមសារនៃកាតព្វកិច្ច ។

ឃ-ករណីផ្សេងទៀតដែលគ្មានការអនុវត្តតាមខ្លឹមសារនៃកាតព្វកិច្ច ។

មាត្រា ៣៩០. វិធីសង្គ្រោះចំពោះការមិនអនុវត្តកាតព្វកិច្ច

ក្នុងករណីដែលមានការមិនអនុវត្តកាតព្វកិច្ច    របស់កូនបំណុលម្ចាស់បំណុលអាចទាម

ទារឱ្យអនុវត្តដោយបង្ខំសងសំណងនៃការខូចខាត ឬរំលាយកិច្ចសន្យាដោយយោងតាមបញ្ញត្តិចាប់ពីផ្នែកទី ២ ដល់ផ្នែកទី ៤ នៃជំពូកទី ៤ នេះ បាន ។

មាត្រា ៣៩១. ការយឺតយ៉ាវក្នុងការអនុវត្ត

កូនបំណុលត្រូវបានចាត់ទុកថា មានការយឺតយ៉ាវក្នុងការអនុវត្តក្នុងករណីដែលខ្លួនមិន បានអនុវត្តកាតព្វកិច្ចនៅពេលដែលបានកំណត់ដូចខាងក្រោមនេះ

ក-ប្រសិនបើមានកំណត់ពេលពិតប្រាកដសម្រាប់អនុវត្តកាតព្វកិច្ច នៅពេល ដល់កាលកំណត់នោះ ។

ខ-ប្រសិនបើមានកំណត់ពេលមិនពិតប្រាកដសម្រាប់អនុវត្តកាតព្វកិច្ច នៅពេល ដែលកូនបំណុលនោះដឹងថា ដល់ពេលកំណត់ហើយ ។

គ-ប្រសិនបើមិនបានកំណត់ពេលសម្រាប់អនុវត្តកាតព្វកិច្ចទេ នៅពេលដែល កូនបំណុលនោះទទួលការទាមទារឱ្យអនុវត្ត ។

មាត្រា ៣៩២. អលទ្ធភាពក្នុងការអនុវត្ត

១-ប្រសិនបើគ្មានលទ្ធភាពក្នុងការអនុវត្តទេការអនុវត្តកាតព្វកិច្ចត្រូវក្លាយជាអលទ្ធភាព ។   អលទ្ធភាពនេះត្រូវរាប់បញ្ចូលទាំងករណីដែលការអនុវត្តកាតព្វកិច្ចនោះ ត្រូវបានវាយតម្លៃថា មិនអាចធ្វើកើតតាមស្ថានភាពសង្គម ឬសេដ្ឋកិច្ច ។

២-ប្រសិនបើការណ៍ដែលមិនអាចអនុវត្តកាតព្វកិច្ចនៅពេលកំណត់ដែលត្រូវអនុវត្តមាន

ពិតប្រាកដមុនពេលកំណត់ដែលត្រូវអនុវត្ត ការអនុវត្តកាតព្វកិច្ចត្រូវក្លាយជាអលទ្ធភាពនៅពេលនោះ ។

មាត្រា ៣៩៣. ការអនុវត្តកាតព្វកិច្ចមិនបានពេញលេញ

ការមិនអនុវត្តកាតព្វកិច្ចសំដៅទៅលើករណី ដែលកូនបំណុលបានអនុវត្តកាតព្វកិច្ចតែការផ្តល់តាវកាលិកមិនពេញលេញ ឬករណីដែលបានអនុវត្តតែមួយផ្នែកនៃកាតព្វកិច្ច ឬករណីផ្សេងទៀតដែលគ្មានការអនុវត្តឱ្យបានពេញលេញតាមខ្លឹមសារនៃកាតព្វកិច្ច ។

មាត្រា ៣៩៤. ករណីផ្សេងនៃការមិនអនុវត្តកាតព្វកិច្ច

ក្រៅពីបញ្ញត្តិនៃមាត្រា ៣៩១ (ការយឺតយ៉ាវក្នុងការអនុវត្ត) មាត្រា ៣៩២ (អលទ្ធភាពក្នុងការអនុវត្ត) និង មាត្រា ៣៩៣ (ការអនុវត្តកាតព្វកិច្ចមិនបានពេញលេញ) នៃក្រមនេះ ករណីដែលមានការបំពានករណីយកិច្ចផ្សេងដែលកើតឡើង ពីកិច្ចសន្យាក៏ត្រូវចាត់ជាការមិនអនុវត្តកាតព្វកិច្ចដែរ ។

មាត្រា ៣៩៥. ពហុមធ្យោបាយសង្គ្រោះ

ក្នុងករណីដែលមធ្យោបាយសង្គ្រោះមានច្រើនយ៉ាង អនុញ្ញាតចំពោះម្ចាស់បំណុលនោះម្ចាស់បំណុលអាចជ្រើសរើសមធ្យោបាយណាមួយ ឬច្រើនកុំឱ្យតែមធ្យោបាយទាំងនោះមានភាពផ្ទុយគ្នា ។

ផ្នែកទី ២៖ ការឱ្យអនុវត្តកាតព្វកិច្ចដោយបង្ខំ

មាត្រា ៣៩៦. ដីកាបង្គាប់ឱ្យ អនុវត្តកាតព្វកិច្ចដោយតុលាការ

ក្នុងករណីដែលកូនបំណុល មិនអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តទេម្ចាស់បំណុលអាចទាមទារឱ្យអនុវត្តកាតព្វកិច្ចដោយបង្ខំ បានលើកលែងតែករណីដែលកាតព្វកិច្ចមានលក្ខណៈមិនអាចអនុវត្តដោយបង្ខំបាន ។    នីតិវិធីនៃការអនុវត្តដោយបង្ខំត្រូវអនុលោមតាមក្រមនីតិវិធីរដ្ឋប្បវេណី ។

មាត្រា ៣៩៧. ទំនាក់ទំនងរវាងការទាមទារឱ្យ អនុវត្តកាតព្វកិច្ច និងមធ្យោបាយផ្សេងៗ

ក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ច ម្ចាស់បំណុលអាចទាមទារឱ្យសងការខូចខាតជំនួសការទាមទារឱ្យ អនុវត្តកាតព្វកិច្ច ឬជាមួយការទាមទារឱ្យអនុវត្តកាតព្វកិច្ចក្នុងទំហំដែលមិនមានភាពផ្ទុយគ្នា ។

ផ្នែកទី ៣៖ សំណងនៃការខូចខាត

មាត្រា ៣៩៨. ល័ក្ខខ័ណ្ណនៃការទទួលខុសត្រូវក្នុងការសងសំណងនៃការខូចខាត

១-ក្នុងករណីដែលកូនបំណុលមិនបានអនុវត្តកាតព្វកិច្ចទេ ម្ចាស់បំណុលអាចទាមទារសំណងនៃការខូចខាតដែលកើតឡើង ដោយសារការមិនអនុវត្តកាតព្វកិច្ចនោះបាន ។   ប៉ុន្តែក្នុងករណីដែលកូនបំណុលមានសំអាងបញ្ជាក់ថាខ្លួនគ្មានកំហុសចំពោះការមិនអនុវត្តកាតព្វកិច្ចនោះទេកូនបំណុលនោះត្រូវរួចផុតពីការទទួលខុសត្រូវក្នុងការសងសំណងខូចខាត ។

២-ក្នុងករណីដែលកូនបំណុលឱ្យអ្នកដទៃទៀតធ្វើជាអ្នកជំនួយដើម្បីឱ្យ ជួយអនុវត្តកាតព្វកិច្ចកូនបំណុលនោះមិនអាចរួចផុតពីការទទួលខុសត្រូវក្នុងការ សងសំណងខូចខាត បានទេលើកលែងតែកូនបំណុលនោះមានសំអាងបញ្ជាក់ថា ខ្លួនគ្មានកំហុសក្នុងការជ្រើស តាំង និងការត្រួតពិនិត្យអ្នកជំនួយទេ ហើយអ្នកជំនួយនោះក៏គ្មានកំហុសដែរ ។

មាត្រា ៣៩៩. បញ្ញត្តិពិសេសអំពីកាតព្វកិច្ចជាប្រាក់

១-ចំពោះកាតព្វកិច្ចដែលមានគោលបំណងសងជាប្រាក់ ទោះបីជាកូនបំណុលមានសំអាងបញ្ជាក់ថា ការយឺតយ៉ាវក្នុងការសងបានកើតឡើងដោយប្រធានសក្តិក៏ដោយក៏កូនបំណុលនោះមិនអាចរួចផុតពីការសងការប្រាក់ក្នុងអំឡុងពេលនៃការយឺតយ៉ាវនោះបានដែរ ។ ការប្រាក់ក្នុងអំឡុងពេលនៃការយឺតយ៉ាវនោះ ត្រូវគណនាតាមអត្រាការប្រាក់ដែលច្បាប់បានកំណត់ ។   បើអត្រាការប្រាក់ក្នុងកិច្ចសន្យាខ្ពស់ជាងអត្រាការប្រាក់ដែលច្បាប់បានកំណត់ នោះត្រូវគណនាតាមអត្រាការប្រាក់ក្នុងកិច្ចសន្យា ។

២-ចំពោះការខូចខាតដែលមានចំនួនលើសពីការប្រាក់  ក្នុងអំឡុងពេលនៃការយឺតយ៉ាវ

ប្រសិនបើកូនបំណុលមានសំអាងបញ្ជាក់ថា      ខ្លួនគ្មានកំហុសចំពោះការមិនអនុវត្តកាតព្វកិច្ច

នោះទេនោះកូនបំណុលត្រូវរួចផុតពីការទទួលខុសត្រូវក្នុងការសងការខូចខាតនោះ ។

មាត្រា ៤00. ទស្សនៈអំពីការខូចខាត

១-ម្ចាស់បំណុលអាចទាមទារនូវសំណងនៃការខូចខាត គឺអាចទាមទារនូវសំណងនៃផលប្រយោជន៍ពីការអនុវត្តដែលខ្លួនត្រូវទទួលបានដោយកិច្ចសន្យានោះ ហើយក្រៅពីនេះ អាចទាមទារផងដែរនូវចំណាយដែលគ្មានប្រយោជន៍ដោយសារការមិនអនុវត្ត និងចំណាយ ឬ បន្ទុកដែលបង្កើតឡើងដោយសារការមិនអនុវត្តកាតព្វកិច្ចក្នុងទំហំដែលមិនជាន់គ្នាជាមួយនឹងសំណងនៃផលប្រយោជន៍ពីការអនុវត្ត ។

២-តុលាការក៏អាចបង្គាប់ឱ្យកូនបំណុលសងសំណងនៃការខូចខាតខាងផ្លូវចិត្តវ ដោយផ្អែកលើការទាមទាររបស់ម្ចាស់បំណុលបានដែរ។ ចំពោះចំនួនសំណងនៃការខូចខាតខាងផ្លូវចិត្តតុលាការត្រូវសម្រេចដោយគិតពិចារណាអំពីកាលៈទេសៈជុំវិញផ្សេងៗ ។

មាត្រា ៤០១. ទំហំនៃសំណងការខូចខាត

កូនបំណុលត្រូវសងការខូចខាត ដូចខាងក្រោមនេះ :

ក-ការខូចខាតដែលកើតមានឡើងជាធម្មតាចំពោះម្ចាស់បំណុលដោយសារការ មិនបានអនុវត្តកាតព្វកិច្ច ។

ខ-ការខូចខាតដែលកើតឡើងចំពោះ ម្ចាស់បំណុលដោយសារកាលៈទេសពិសេសបើគូភាគីនៃកិច្ចសន្យាអាចព្យាករបាននូវការខូចខាតនោះ ដែលនឹងអាចកើតឡើងនៅពេលធ្វើកិច្ចសន្យានោះ ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលភាគីនៃកិច្ចសន្យាមិនបានគិតពិចារណាអំពីការខូចខាតពិសេសនោះនៅពេលធ្វើកិច្ចសន្យា ។

គ-ក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចដោយមានឆន្ទៈព្យាបាទ ឬ ដោយអំពើមិនស្មោះត្រង់ហួសហេតុ តុលាការអាចបង្គាប់ឱ្យកូនបំណុលសងផលប្រយោជន៍ដែលកូនបំណុលបានទទួលពីអំពើ    ដែលជាការមិនអនុវត្តកាតព្វកិច្ចដោយផ្អែកលើការទាមទាររបស់ម្ចាស់បំណុល បានទោះបីមានបញ្ញត្តិក្នុងចំណុច ក និង ចំណុច ខ ខាងលើនេះក៏ដោយ ។

មាត្រា ៤០២. ហេតុដែលនាំឱ្យបន្ថយសំណងនៃការខូចខាត

១-កាលបើការមិនបានអនុវត្តកាតព្វកិច្ច ឬការខូចខាតកើតឡើង     ផ្នែកខ្លះត្រូវបានបង្កឡើងដោយកំហុសរបស់ម្ចាស់បំណុល តុលាការអាចបន្ថយនូវចំនួននៃសំណងការខូចខាតដែលកូនបំណុលត្រូវសងបានតាមកម្រិតនៃការបង្កនោះ ។

២-ក្នុងករណីដែលការខូចខាតបានកើនឡើង ដោយសារម្ចាស់បំណុលធ្វេសប្រហែស ក្នុងការសម្រាលការខូចខាតនោះ តុលាការអាចបន្ថយចំនួននៃសំណងការខូចខាតដែលកូនបំណុលត្រូវសងបានតាមចំនួននៃការខូចខាតដែលម្ចាស់បំណុលអាចសម្រាលបាននោះ ។

មាត្រា ៤០៣. ការកំណត់ជាមុននូវចំនួននៃសំណង ជាអាទិ៍

១-ម្ចាស់បំណុល និងកូនបំណុលអាចកំណត់ជាមុននូវការសន្យាពិសេសអំពីល័ក្ខខ័ណ្ណ និងចំនួនសំណងការខូចខាតបាន ។

២-ការសន្យាពិសេស ដែលឱ្យកូនបំណុលរួចផុតជាមុនពីការទទួលខុសត្រូវក្នុងការមិនអនុវត្តកាតព្វកិច្ចដោយចេតនា ឬដោយកំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួនមិនមានអានុភាពឡើយ ។

៣-ក្នុងករណីដែលភាគីទាំងសងខាងបានធ្វើការសន្យាពិសេសអំពីចំនួននៃសំណងការខូចខាតតុលាការមិនអាចបន្ថែម ឬបន្ថយចំនួននោះបានទេ ។   ប៉ុន្តែ ក្នុងករណីដែលចំនួនទឹកប្រាក់ដែលភាគីទាំងសងខាងបានកំណត់ជាមុននោះ ច្រើនហួសហេតុពេក ឬតិចហួសហេតុពេកបើប្រៀបធៀបទៅនឹងការខូចខាតដែលត្រូវបានកំណត់តាមបញ្ញត្តិនៃ មាត្រា ៤០១ (ទំហំនៃសំណងការខូចខាត) ខាងលើនេះ ទើបតុលាការអាចបន្ថែម ឬបន្ថយនូវប្រាក់សំណងដែលបានកំណត់ជាមុនបាន ។

៤-ការកំណត់ជាមុននូវចំនួននៃសំណងមិនរារាំងការទាមទារឱ្យអនុវត្តកាតព្វកិច្ចឬឱ្យរំលាយកិច្ចសន្យាទេ ។ ក្នុងករណីដែលម្ចាស់បំណុលរំលាយកិច្ចសន្យា ហើយទាម ទារសំណងនៃការខូចខាតដែលជាការជំនួសកម្មវត្ថុនៃកិច្ចសន្យា ចំនួនទឹកប្រាក់នៃសំណង ដែលភាគីទាំងសងខាង បានព្រមព្រៀងគ្នាដោយគិតជាមុនអំពីការខូចខាតដែលកើតឡើង ដោយការយឺតយ៉ាវក្នុងការអនុវត្តកាតព្វកិច្ចនោះមិនត្រូវចងគូភាគីទេ ។

៥-ប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា ត្រូវសន្មតថាជាការកំណត់ជាមុននូវចំនួននៃសំណង ។

មាត្រា ៤០៤. គោលការណ៍នៃការសងការខូចខាតជាបាក់

ចំពោះសំណងនៃការខូចខាតដែលកើតឡើង ដោយការមិនអនុវត្តកាតព្វកិច្ចកូនបំណុលត្រូវសងជាប្រាក់ ។       ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលភាគីទាំងសងខាងបានកំណត់ផ្សេងពីនេះដោយការសន្យាពិសេស ។

មាត្រា ៤០៥. ឧបាទេសកម្មនៃអ្នកសង

ប្រសិនបើម្ចាស់បំណុល បានទទួលនូវសំណងនៃការខូចខាតដោយការសងតម្លៃនៃវត្ថុ ឬសិទ្ធិដែលជាអត្ថន័យនៃសិទ្ធិលើបំណុលកូនបំណុលត្រូវទទួលឋានៈ ដែលម្ចាស់បំណុលធ្លាប់មានចំពោះវត្ថុ ឬសិទ្ធិនោះដោយស្វ័យប្រវត្តិ ។

មាត្រា ៤០៦. អាជ្ញាយុកាលនៃការរំលត់សិទ្ធិទាមទារសំណង

អាជ្ញាយុកាលនៃការរំលត់សិទ្ធិទាមទារឱ្យសងការខូចខាតដោយសារការមិនអនុវត្តកាតព្វកិច្ចមានអំឡុងពេល ៥ (ប្រាំ) ឆ្នាំ ក្រោយពីពេលដែលការខូចខាតនោះកើតឡើង ។

ផ្នែកទី ៤៖ ការរំលាយកិច្ចសន្យា

មាត្រា ៤០៧. ការរំលាយដោយមូលហេតុមិនអនុវត្តកាតព្វកិច្ច

ភាគីម្ខាងនៃកិច្ចសន្យាអញ្ញមញ្ញអាចរំលាយកិច្ចសន្យាបានភ្លាមៗក្នុងករណី ដែលភាគីម្ខាងទៀតបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ ។

មាត្រា ៤០៨. ការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ

១-ការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរសំដៅទៅលើករណី ដែលភាគីម្ខាងមិនអាចសម្រេចនូវគោលបំណងនៃកិច្ចសន្យា បានដោយសារការបំពានរបស់ភាគីម្ខាងទៀត ។   ត្រូវចាត់ទុកថាមានការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរក្នុងករណីដូចខាងក្រោមនេះ :

ក-ភាគីម្ខាងបានដាស់តឿនភាគីម្ខាងទៀត ដែលមិនបានអនុវត្តកាតព្វកិច្ចតាម ពេលកំណត់ដោយកំណត់អំឡុងពេលសមរម្យដើម្បីឱ្យ អនុវត្តកាតព្វកិច្ចហើយកាតព្វកិច្ចមិនត្រូវបានអនុវត្តក្នុងអំឡុងពេលនោះ ។

ខ-ភាគីមិនបានអនុវត្តកាតព្វកិច្ចតាមពេលកំណត់ក្នុងកិច្ចសន្យាក្នុងករណីដែល គោលបំណងនៃកិច្ចសន្យាមិនបានសម្រេចសោះ បើភាគីមិនអនុវត្តកាតព្វកិច្ចតាមពេលកំណត់នោះ ។

គ-ភាគីមិនអាចអនុវត្តករណីយកិច្ចផ្តល់តាវកាលិកចម្បងរបស់ខ្លួន បានទេ ។

ឃ-ការបំពានកិច្ចសន្យាមានភាពហួសហេតុ ដែលធ្វើឱ្យបាត់បង់នូវទំនុកចិត្ត រវាងគូភាគី ហើយមិនអាចជឿជាក់ថា នឹងអនុវត្តកាតព្វកិច្ចនាអនាគតបាន ។

២-ភាគីដែលបំពានកិច្ចសន្យាមិនអាចរារាំងការរំលាយកិច្ចសន្យា ដោយផ្អែកលើបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះដោយយកមូលហេតុថាខ្លួនគ្មានកំហុសចំពោះការមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានឡើយ ។

មាត្រា ៤០៩. វិធីអនុវត្តសិទ្ធិរំលាយកិច្ចសន្យា

១-ភាគីម្ខាងដែលមានសិទិ្ធរំលាយអាចរំលាយកិច្ចសន្យាដោយបង្ហាញឆន្ទៈ រំលាយចំពោះភាគីម្ខាងទៀតបាន ។   ការបង្ហាញឆន្ទះរំលាយនេះអាចធ្វើឡើងក្រៅតុលាការបាន ។

២-ការបង្ហាញឆន្ទះរំលាយនេះ មិនអាចដកវិញបានទេ ។

៣-ការបង្ហាញឆន្ទៈរំលាយនេះអាចដាក់ល័ក្ខខ័ណ្ឌបង្អង់បាន ។

មាត្រា ៤១0. ការរំលាយកិច្ចសន្យាដែលភាគីម្ខាងមានច្រើននាក់

១-ក្នុងករណីដែលភាគីម្ខាងមានច្រើននាក់ការរំលាយកិច្ចសន្យាត្រូវធ្វើឡើង  ដោយបុគ្គលទាំងអស់នោះចំពោះភាគីម្ខាងទៀត ឬដោយភាគីម្ខាងទៀតចំពោះបុគ្គលទាំងអស់នោះ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះប្រសិនបើសិទ្ធិរំលាយកិច្ចសន្យាបានរលត់ចំពោះបុគ្គលណាម្នាក់ ក្នុងចំណោមបុគ្គលនៃភាគីដែលមានច្រើននាក់សិទ្ធិរំលាយនោះក៏ត្រូវរលត់ចំពោះបុគ្គលផ្សេងទៀតនៃភាគីនោះដែរ ។

មាត្រា ៤១១. អានុភាពនៃការរំលាយកិច្ចសន្យា

១-ការរំលាយកិច្ចសន្យានាំឱ្យគូភាគីរួចផុតពីករណីយកិច្ចក្នុងកិច្ចសន្យា លើកលែងតែករណីយកិច្ចសងការខូចខាត ។

២-ភាគីដែលបានទទួលតាវកាលិកនៃកិច្ចសន្យាតែមួយភាគ ឬទាំងអស់ត្រូវមាន ករណីយកិច្ចសងតាវកាលិកនោះទៅភាគីម្ខាងទៀត ដើម្បីឱ្យភាគីនោះទទួលបដិទានឡើង វិញដោយសារការរំលាយ ។   ក្នុងករណីដែលភាគីទាំងសងខាងមានករណីយកិច្ចធ្វើបដិទានទៅវិញទៅមកករណីយកិច្ចទាំងនោះត្រូវអនុវត្តនៅពេលជាមួយគ្នា ។

៣-ភាគីដែលមានករណីយកិច្ចសងជាប្រាក់ដោយការរំលាយកិច្ចសន្យាត្រូវសងជាមួយនឹងការប្រាក់ដោយគិតចាប់ពីថ្ងៃដែលបានទទួលប្រាក់ដើមនោះ។  ភាគីដែលមានករណីយកិច្ចបង្វិលជាវត្ថុ ឬជាតាវកាលិកផ្សេងដែលខ្លួនបានទទួលទៅភាគីម្ខាងទៀត ដោយសារការរំលាយត្រូវសងទាំងផលដែលបានទទួលពីវត្ថុ ឬតាវកាលិកនោះផងដែរ ។

៤-ការរំលាយកិច្ចសន្យាមិនអាចធ្វើឱ្យខូចផលប្រយោជន៍ ត្រឹមត្រូវរបស់តតិយជនបានឡើយ ។

មាត្រា ៤១២. សិទ្ធិរំលាយក្នុងករណីដែលកម្មវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាត ឬបាត់បង់

១-សិទ្ធិរំលាយត្រូវរលត់ ក្នុងករណីភាគីដែលមានសិទ្ធិរំលាយបានធ្វើឱ្យមានការខូចខាត ឬការបាត់បង់ដល់វត្ថុដែលជាកម្មវត្ថុនៃកិច្ចសន្យា ឬមិនអាចសងវត្ថុនោះវិញបានដោយចេតនា ឬធ្វើឱ្យវត្ថុនោះក្លាយជាវត្ថុប្រភេទផ្សេងដោយការកែច្នៃ  ឬការផ្លាស់ទម្រង់ដោយចេតនា ។

២-ក្នុងករណីដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះបើភាគី បានអនុវត្តសិទ្ធិរំលាយភាគីនោះត្រូវសងជាប្រាក់នូវតម្លៃនៃវត្ថុដែលជាកម្មវត្ថុនោះត្រឹមកម្រិតតម្លៃ ដែលបានកំណត់ក្នុងកិច្ចសន្យា ។

៣-ក្នុងករណីដែលភាគីម្ខាងទៀតមានកំហុស ឬមានមូលហេតុក្នុងការខូចខាត ឬការមិនបានសងវត្ថុដែលជាកម្មវត្ថុនោះ ភាគីដែលមានសិទ្ធិរំលាយ គ្មានករណីយកិច្ចក្នុងការសងជាប្រាក់នូវតម្លៃនៃវត្ថុនោះដូចបានកំណត់នៅក្នុងកថាខណ្ឌទី២ ខាងលើនេះឡើយ ។

មាត្រា ៤១៣. អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យា

អាជ្ញាយុកាលនៃការរំលត់សិទ្ធិ  រំលាយកិច្ចសន្យាដោយមូលហេតុនៃការមិនអនុវត្តកាតព្វកិច្ច និងសិទ្ធិទាមទារបដិទានមានអំឡុងពេល ៥ (ប្រាំ) ឆ្នាំ ក្រោយពីពេលដែលមិនបានអនុវត្តកាតព្វកិច្ច ។

មាត្រា ៤១៤. សិទ្ធិរំលាយដែលបានកំណត់ក្នុងកិច្ចសន្យា និងការរំលាយដោយការព្រមព្រៀងគ្នា

១-គូភាគីនៃកិច្ចសន្យាអាចសន្យាឱ្យភាគីម្ខាង ឬសងខាងមានសិទ្ធិរំលាយនៅក្នុងកិច្ចសន្យានោះបាន ។    បញ្ញត្តិពីមាត្រា ៤០៩ (វិធីអនុវត្តសិទ្ធិរំលាយកិច្ចសន្យា) ដល់មាត្រា ៤១២ (សិទ្ធិរំលាយក្នុងករណីដែលកម្មវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាត ឬបាត់បង់) នៃក្រមនេះ ស្តីពីការរំលាយដែលច្បាប់បានកំណត់ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះវិធីអនុវត្ត និងអានុភាពនៃសិទ្ធិរំលាយ ដែលបានកំណត់ដោយកិច្ចសន្យាលើកលែងតែមានការព្រមព្រៀងគ្នាផ្សេង ។

២-ទោះបីជាគ្មានការកំណត់សិទ្ធិរំលាយក្នុងកិច្ចសន្យាក៏ដោយ ក៏គូភាគីអាចរំលាយកិច្ចសន្យាដោយការព្រមព្រៀងគ្នាបានដែរ ។    ប៉ុន្តែ ការរំលាយនោះមិនអាចធ្វើឱ្យខូចផល ប្រយោជន៍របស់តតិយជនបានទេ។

ជំពូកទី ៥៖ ការទទួលបន្ទុកហានិភ័យ

មាត្រា ៤១៥. ការរលត់កាតព្វកិច្ចដោយអលទ្ធភាព

បើការអនុវត្តកាតព្វកិច្ចក្លាយជាអលទ្ធភាព ហើយកូនបំណុលគ្មានកំហុសចំពោះអលទ្ធភាពនោះ កាតព្វកិច្ចត្រូវរលត់ ហើយម្ចាស់បំណុលមិនអាចទាមទារតាវកាលិកបានទេ ។

មាត្រា ៤១៦. ការទទួលបន្ទុកហានិភ័យក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិលើវត្ថុដែលបានកំណត់ជាក់លាក់

១-ក្នុងកិច្ចសន្យាអញ្ញមញ្ញ  ដែលមានអត្ថន័យផ្ទេរកម្មសិទ្ធិលើវត្ថុដែលបានកំណត់ជាក់លាក់ក្នុងករណីដែលវត្ថុជាកម្មវត្ថុនៃកិច្ចសន្យាត្រូវបានបាត់បង់ ឬខូចខាតដោយគ្មានកំហុសរបស់ភាគីទាំងសងខាងទេ កូនបំណុលត្រូវទទួលបន្ទុកហានិភ័យនោះ ហើយមិនអាចទាមទារតាវកាលិកតបពីម្ចាស់បំណុលបានទេ ។

២-លើកលែងតែមានការកំណត់ផ្សេងនៅក្នុងកិច្ចសន្យា ហានិភ័យដោយសារការ បាត់បង់ ឬខូចខាតវត្ថុជាកម្មវត្ថុនៃកិច្ចសន្យា ត្រូវផ្ទេរទៅម្ចាស់បំណុលនៅពេលណាមួយក្នុងចំណោមពេលដែលបានកំណត់ដូចខាងក្រោមនេះ :

ក-ពេលដែលប្រគល់វត្ថុជាកម្មវត្ថុទៅម្ចាស់បំណុល ឬពេលដែលចុះបញ្ជីផ្ទេរ អចលនវត្ថុ ឬពេលផ្សេងទៀតដែលយល់ឃើញថា ការគ្រប់គ្រងជាក់ស្តែងលើវត្ថជាកម្មវត្ថុត្រូវបានផ្ទេរទៅម្ចាស់បំណុល ។

ខ-ពេលដែលកូនបំណុល បានស្នើផ្តល់ការអនុវត្តកាតព្វកិច្ចត្រឹមត្រូវ ។

គ-ពេលដែលម្ចាស់បំណុលប្រកែកមិនព្រមទទួលការអនុវត្តរបស់កូនបំណុល ដោយគ្មានមូលហេតុត្រឹមត្រូវ ។

មាត្រា ៤១៧. ការទទួលបន្ទុកហានិភ័យចំពោះសិទ្ធិផ្សេងទៀត

បញ្ញត្តិនៃមាត្រា ៤១៦ (ការទទួលបន្ទុកហានិភ័យក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិលើវត្ថុដែលបានកំណត់ជាក់លាក់)  នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះការបង្កើតឬការផ្ទេរសិទ្ធិប្រត្យក្សក្រៅពីកម្មសិទ្ធិ ឬសិទ្ធិលើបំណុល ឬសិទ្ធិផ្សេងទៀត ។

មាត្រា ៤១៨. ករណីដែលកម្មវត្ថុជាវត្ថុដែលមិនបានកំណត់ជាក់លាក់

១-ចំពោះកិច្ចសន្យាអញ្ញមញ្ញ  ដែលមានគោលបំណងផ្ទេរកម្មសិទ្ធិលើវត្ថុដែលមិនបានកំណត់ជាក់លាក់ក្នុងករណីវត្ថុដែលត្រូវផ្តល់មិនទាន់បានកំណត់ទោះបីជាវត្ថុ ដែលខ្លួនបានរៀបចំដើម្បីអនុវត្តបាត់បង់ដោយគ្មានកំហុសរបស់ខ្លួនក៏ដោយ ក៏កាតព្វកិច្ចនោះមិនត្រូវរលត់ដែរ ហើយកូនបំណុលនោះនៅតែមានករណីយកិច្ចអនុវត្ត ។

២-ក្រោយពេលបានកំណត់កម្មវត្ថុដែលត្រូវផ្តល់ ហើយបញ្ញត្តិនៃមាត្រា ៤១៦ (ការ ទទួលបន្ទុកហានិភ័យក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិលើវត្ថុដែលបានកំណត់ជាក់លាក់) នៃក្រម នេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។

មាត្រា ៤១៩. ករណីដែលកិច្ចសន្យាមានល័ក្ខខ័ណ្ឌបង្អង់

ចំពោះកិច្ចសន្យាអញ្ញមញ្ញដែលមានល័ក្ខខ័ណ្បង្អង់ ក្នុងករណីដែលកម្មវត្ថុត្រូវបាន បាត់បង់ ឬខូចខាតមុនពេលល័ក្ខខ័ណ្នោះត្រូវបានបំពេញដោយគ្មានកំហុសរបស់កូនបំណុលទេនោះកូនបំណុលត្រូវទទួលបន្ទុកហានិភ័យ ។   ក្រោយពីល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញហើយបញ្ញត្តិនៃមាត្រា ៤១៦ (ការទទួលបន្ទុកហានិភ័យក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិលើវត្ថុដែលបានកំណត់ជាក់លាក់) នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។

មាត្រា ៤២០. ការទទួលបន្ទុកហានិភ័យចំពោះកិច្ចសន្យាអញ្ញមញ្ញដែលមានអត្ថន័យត្រូវធ្វើ ឬមិនត្រូវធ្វើ

ចំពោះកិច្ចសន្យាអញ្ញមញ្ញដែលមានអត្ថន័យឱ្យភាគីម្ខាងត្រូវធ្វើ ឬមិនត្រូវធ្វើក្នុងករណីដែលការអនុវត្តកាតព្វកិច្ចនោះក្លាយជាអលទ្ធភាពដោយគ្មានកំហុសរបស់ភាគី ទាំងសងខាងទេកាតព្វកិច្ចនោះត្រូវរលត់ ។   ប៉ុន្តែ កូនបំណុលមិនអាចទាមទារតាវកាលិកតបពីម្ចាស់បំណុលបានទេ ។

មាត្រា ៤២១. អលទ្ធភាពក្នុងការអនុវត្តដោយកំហុសរបស់ម្ចាស់បំណុល

ក្នុងករណី ដែលការអនុវត្តកាតព្វកិច្ចក្លាយជាមលទ្ធភាពដោយគ្មានកំហុសរបស់កូនបំណុល ហើយអលទ្ធភាពនោះកើតឡើងដោយមានកំហុសរបស់ម្ចាស់បំណុលវិញកូន បំណុលមិនត្រូវបាត់បង់នូវតាវកាលិកតបពីម្ចាស់បំណុលទេ ។ ប៉ុន្តែ ប្រសិនបើកូនបំណុល បានទទួលផលប្រយោជន៍ ដោយការរួចផុតពីកាតព្វកិច្ចរបស់ខ្លួនកូនបំណុលត្រូវប្រគល់ផលប្រយោជន៍នេះទៅម្ចាស់បំណុលវិញ ។

ជំពូកទី ៦៖ អានុភាពនៃសិទ្ធិលើបំណុលចំពោះតតិយជន

ផ្នែកទី ១៖ ឧបាសកម្មដោយអ្នកមានសិទ្ធិលើបំណុល

មាត្រា ៤២២. សិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល

១-ក្នុងករណីដែលចាំបាច់ដើម្បី រក្សាការពារសិទ្ធិលើបំណុលរបស់ខ្លួនម្ចាស់បំណុល អាចអនុវត្តសិទ្ធិដែលកូនបំណុលមានជំនួសកូនបំណុលបាន ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះសិទ្ធិផ្តាច់មុខរបស់កូនបំណុលផ្ទាល់សិទ្ធិដែលកូនបំណុលអាច សម្រេចដោយឆន្ទៈសេរីរបស់ខ្លួនក្នុងការអនុវត្ត និងសិទ្ធិដែលហាមមិនឱ្យរឹបអូស ។

២-ក្នុងករណីដែលចាំបាច់ដើម្បីទទួលការបំពេញចំពោះសិទ្ធិលើបំណុលរបស់ខ្លួនម្ចាស់បំណុលអាចអនុវត្តសិទ្ធិលើបំណុលរបស់កូនបំណុលដែលមានការទាក់ទងយ៉ាងខ្លាំង នឹងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនោះដោយឧបាទេសកម្មបាន ។

មាត្រា ៤២៣. ល័ក្ខខ័ណ្ឌដើម្បីអនុវត្តសិទ្ធិឧបាទេសកម្ម

១-ដើម្បីអនុវត្តសិទ្ធិដែលបានកំណត់នៅក្នុងមាត្រា ៤២២ (សិទ្ធិឧបាទេសកម្មរបស់ ម្ចាស់បំណុល) ខាងលើកូនបំណុលត្រូវតែមិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួន ។

២-នៅពេលដែលពេលកំណត់នៃសិទ្ធិលើបំណុលរបស់ខ្លួនមិនទាន់ដល់ទេម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិរបស់កូនបំណុលដោយឧបាទេសកម្មបានទេ លើកលែងតែករណីដែលបានទទួលការអនុញ្ញាតពីតុលាការ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះសកម្មភាពរក្សាទុក ។

មាត្រា ៤២៤. ការតតាំងនៃកូនបំណុលទី ៣

កូនបំណុលទី ៣ ដែលទទួលការអនុវត្តសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុលអាចតតាំងចំពោះម្ចាស់បំណុលដែលធ្វើឧបាទេសកម្ម ដោយយកការតវ៉ាដែលកូនបំណុលទី ៣ នោះមានចំពោះម្ចាស់បំណុលរបស់ខ្លួន ។

មាត្រា ៤២៥. ទំនាក់ទំនងរវាងម្ចាស់បំណុលដែលធ្វើឧបាទេសកម្ម និងកូនបំណុល

ក្នុងករណីដែលម្ចាស់បំណុលបានជូនដំណឹងទៅកូនបំណុលថា ខ្លួនបានអនុវត្តសិទ្ធិរបស់កូនបំណុលដោយឧបាទេសកម្មកូនបំណុលមិនអាចអនុវត្តសិទ្ធិចំពោះកូនបំណុលទី ៣ ដោយជាន់គ្នាបានឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនរារាំងកូនបំណុលក្នុងការទទួលការសងពីកូនបំណុលទី ៣ ឡើយ ។

មាត្រា ៤២៦. អានុភាពនៃសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល

១-ក្នុងករណីដែលម្ចាស់បំណុលអនុវត្តសិទ្ធិរបស់កូនបំណុល  ដោយឧបាទេសកម្មអានុភាពត្រូវមានលើកូនបំណុលដោយផ្ទាល់ ។

២-ក្នុងករណីដែលកូនបំណុលមិនអាចទទួលតាវកាលិកពីកូនបំណុលទី ៣ បានទេ ម្ចាស់បំណុលដែលអនុវត្តសិទ្ធិ៖ ឧបាទេសកម្ម អាចទាមទារឱ្យកូនបំណុលទី ៣ នោះផ្តល់ តាវកាលិកចំពោះខ្លួនផ្ទាល់បាន ។

មាត្រា ៤២៧. អានុភាពនៃការអនុវត្តសិទ្ធិ៖ ឧបាទេសកម្ម និងម្ចាស់បំណុលផ្សេង

ម្ចាស់បំណុល     ដែលបានអនុវត្តសិទ្ធិឧបាទេសកម្មមានករណីយកិច្ចរក្សាទុកនូវតាវកាលិកដែលខ្លួនបានទទួលពីកូនបំណុលទី ៣ សម្រាប់ម្ចាស់បំណុលទាំងអស់រហូតដល់ពេលប្រគល់តាវកាលិកនោះទៅកូនបំណុល ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ នៃមាត្រា ៤២២ (សិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល) នៃក្រមនេះ ។

ផ្នែកទី ២៖ សិទ្ធិលុបចោលនូវអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍

មាត្រា ៤២៨. ល័ក្ខខ័ណ្ណនៃការលុបចោលនូវអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍

១-ម្ចាស់បំណុលអាចលុបចោលនូវអំពើដែលកូនបំណុលបានធ្វើដោយដឹងថា អំពើ នោះធ្វើឱ្យខូចខាតផលប្រយោជន៍ដល់សិទ្ធិលើបំណុលនោះ ហើយទាមទារឱ្យអ្នកដែលបាន ទទួលផលប្រយោជន៍ពីអំពើរបស់កូនបំណុលនោះ សងមកវិញនូវវត្ថុដែលអ្នកនោះបាន ទទួលជាតាវកាលិក ឬទឹកប្រាក់ដែលជាតម្លៃនៃវត្ថុនោះ តាមផ្លូវតុលាការបាន ។

២-ប្រសិនបើអ្នកដែលបានទទួលផលប្រយោជន៍ពីអំពើរបស់កូនបំណុល ឬអ្នកដែលបានទទួលបន្តវត្ថុពីអ្នកនោះមិនបានដឹងអំពីហេតុដែលធ្វើឱ្យខូចផលប្រយោជន៍ របស់ម្ចាស់បំណុលនៅពេលដែលកូនបំណុលធ្វើអំពើនោះ ឬពេលដែលខ្លួនបានទទួលបន្តវត្ថុនោះទេការលុបចោលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះមិនអាចត្រូវបានអនុញ្ញាតឡើយ ។    ប៉ុន្តែ ចំពោះអ្នកដែលបានទទួលផលប្រយោជន៍ ឬអ្នកដែលបានទទួលបន្តដោយមិនបង់ថ្លៃទេទោះបីជាអ្នកនោះមិន បានដឹងអំពីហេតុដែលធ្វើឱ្យខូចផលប្រយោជន៍ដល់ម្ចាស់បំណុលក៏ដោយក៏ម្ចាស់បំណុលនោះអាចអះអាងនូវការលុបចោលបានដែរ ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយចំពោះអំពើដែលមានកម្មវត្ថុមិនមែនជាសិទ្ធិលើទ្រព្យសម្បត្តិទេ ។

មាត្រា ៤២៩. សិទ្ធិដែលត្រូវបានរក្សាការពារ

បញ្ញត្តិនៃមាត្រា ៤២៨ (ល័ក្ខខ័ណ្ឌនៃការលុបចោលនូវអំពើដែលនាំឱ្យខូចខាតផល ប្រយោជន៍) ខាងលើនេះត្រូវយកមកអនុវត្តផងដែរចំពោះម្ចាស់បំណុលដែលមានសិទ្ធិលើបំណុលក្រៅពីសិទ្ធិលើបំណុលដែលមានគោលបំណងសងជាប្រាក់ ។   ប៉ុន្តែ នៅពេលដែលការទាញហេតុផលដោយផ្ទាល់មាត់ដែលទាក់ទងនឹងសាលក្រម ឬសាលដីកាដែលលុបចោលអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍ សិទ្ធិលើបំណុលនេះត្រូវប្តូរទៅជាសិទ្ធិលើបំណុលដែលមានគោលបំណងសងជាប្រាក់វិញ ។

មាត្រា ៤៣០. វិធីលុបចោលអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍

ក្នុងករណីដែលគ្មានវិធីសមរម្យផ្សេងដើម្បីឱ្យអ្នកដែលបានទទួលប្រយោជន៍ ឬអ្នក ដែលបានទទួលបន្តវត្ថុធ្វើបដិទានម្ចាស់បំណុល ដែលអនុវត្តសិទ្ធិលុបចោលអាចទាមទារឱ្យ អ្នកដែលបានទទួលប្រយោជន៍   ឬអ្នកដែលបានទទួលបន្តវត្ថុនោះតម្កល់នូវវត្ថុដែលទទួលបាន ។

មាត្រា ៤៣១. អានុភាពនៃសិទ្ធិលុបចោលដែលនាំឱ្យខូចខាតផលប្រយោជន៍

ការលុបចោលដែលត្រូវបានធ្វើឡើងតាមបញ្ញត្តិនៃមាត្រា ៤២៨ ( ល័ក្ខខ័ណ្ណនៃការលុបចោលនូវអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍ ) នៃក្រមនេះត្រូវបង្កើតអានុភាពសម្រាប់ផលប្រយោជន៍របស់ម្ចាស់បំណុលទាំងអស់ ។

មាត្រា៤៣២. អំឡុងពេលដែលអាចអនុវត្តសិទ្ធិលុបចោលនូវអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍

១-សិទ្ធិលុបចោលនូវអំពើ ដែលនាំឱ្យខូចខាតផលប្រយោជន៍ដែលបានកំណត់នៅក្នុងមាត្រា ៤២៨ (ល័ក្ខខ័ណ្ខនៃការលុបចោលនូវអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍) នៃក្រមនេះ នឹងត្រូវរលត់នៅពេលដែលម្ចាស់បំណុលមិនអនុវត្តសិទ្ធិនោះ ក្នុងអំឡុងពេល ១ (មួយ) ឆ្នាំបន្ទាប់ពីពេលដែលម្ចាស់បំណុលនោះបានដឹងអំពីមូលហេតុនៃការលុបចោលនោះ ។  សិទ្ធិនោះនឹងត្រូវរលត់ដែរនៅពេលដែលអំឡុងពេល ៣ (បី) ឆ្នាំ កន្លងផុតបន្ទាប់ពីពេលដែលអំពើត្រូវបានធ្វើឡើង ។

២-បញ្ញត្តិស្តីពីការផ្អាកអាជ្ញាយុកាលមិនត្រូវយកមកអនុវត្តឡើយ ចំពោះអាជ្ញាយុកាលនៃការរំលត់សិទ្ធិលុបចោល ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

ជំពូកទី ៧៖ ការរលត់កាតព្វកិច្ច

មាត្រា ៤៣៣. មូលហេតុនៃការរលត់កាតព្វកិច្ច

កាតព្វកិច្ចត្រូវរលត់ដោយហេតុដូចខាងក្រោមនេះ :

ក-ការសងការទូទាត់ការលើកលែង នវកម្ម ឬព្យាកុលភាពដូចបានកំណត់ពីផ្នែកទី ១ (ការសង) ដល់ផ្នែកទី ៥ (ព្យាកុលភាព) នៃជំពូកទី ៧ នេះ ។

ខ-អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ចដោយគ្មានកំហុសរបស់កូនបំណុលដូច

បានកំណត់ក្នុងជំពូកទី ៥ (ការទទួលបន្ទុកហានិភ័យ) នៃគន្ថីនេះ ។

គ-ការបំពេញល័ក្ខខ័នៃការរំលាយដូចបានកំណត់ក្នុងផ្នែកទី ៣ (ល័ក្ខខ័ណ្ឌកំណត់ពេល និងអំឡុងពេល) នៃជំពូកទី ១ ឬការរំលាយកិច្ចសន្យាដូចបានកំណត់ក្នុងផ្នែកទី ៤ (ការរំលាយកិច្ចសន្យា) នៃជំពូកទី ៤ នៃគន្ថីនេះ ។

ឃ-ការផុតអាជ្ញាយុកាលនៃការរលត់ដូចបានកំណត់ក្នុងជំពូកទី ៨ (អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល) នៃគន្លឹនេះ ។

ង- ការអនុវត្តសិទ្ធិលុបចោលតាមបញ្ញត្តិនៃផ្នែកទី ៣ (មោឃភាព និងការលុបចោល) ជំពូកទី ២ នៃគន្ថីនេះ។

ផ្នែកទី ១៖ ការសង

កថាភាគទី ១៖ គោលការណ៍ទូទៅស្តីពីការសង

មាត្រា ៤៣៤. អ្នកសង

១-ការសងអាចធ្វើឡើងដោយកូនបំណុលក៏បានដោយតតិយជនក៏បាន ។

២-ក្នុងករណី ដែលគោលបំណងនៃកាតព្វកិច្ចមិនអាចសម្រេចដោយការសងរបស់តតិយជនបានទេតតិយជននោះមិនអាចសងបានឡើយ លើកលែងតែមានការយល់ព្រមពីម្ចាស់បំណុល ។

៣-ម្ចាស់បំណុល និងកូនបំណុលអាចព្រមព្រៀងគ្នាមិនទទួលស្គាល់ការសងដោយតតិយជនបាន ។

មាត្រា ៤៣៥. សមត្ថភាពចាត់ចែងរបស់អ្នកសង ជាអាទិ៍

១-ប្រសិនបើអ្នកសងមិនមែនជាម្ចាស់កម្មសិទ្ធិ ឬមិនមានសមត្ថភាពចាត់ចែងចំពោះវត្ថុដែលជាកម្មវត្ថុនៃការសងទេការសងរបស់អ្នកសងនោះមិនមានសុពលភាពឡើយ ។

២-ក្នុងករណីដែលអ្នកសងមិនមែនជាម្ចាស់កម្មសិទ្ធិលើវត្ថុ ដែលជាកម្មវត្ថុនៃការសងទេ អ្នកសងនោះមិនអាចយកវត្ថុនោះមកវិញបានឡើយ លើកលែងតែមានការសងម្តងទៀតដែលមានសុពលភាព ។    ប៉ុន្តែ អ្នកដែលមានកម្មសិទ្ធិលើវត្ថុនោះអាចយកវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនពីអ្នកទទួលការសងមកវិញបាន ។

៣-ក្នុងករណី ដែលអ្នកសងគ្មានសមត្ថភាពចាត់ចែងកម្មវត្ថុនៃការសងទេអ្នកសងនោះអាចលុបចោលនូវអំពើសងដែលខ្លួនបានធ្វើ ។   ក្នុងករណីនេះបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះការប្រគល់កម្មវត្ថុនៃការសងវិញ ។

មាត្រា ៤៣៦. ការប្រើប្រាស់ ឬអនុប្បទានរបស់ម្ចាស់បំណុល និងការទទួលដោយសុចរិត

១-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី២ និងទី៣ នៃមាត្រា ៤៣៥ (សមត្ថភាពចាត់ចែងរបស់អ្នកសង ជាអាទិ៍) ខាងលើនេះ បើកម្មវត្ថុនៃការសងជាចលនវត្ថុ ហើយម្ចាស់បំណុលបានបរិភោគ ឬធ្វើអនុប្បទានដោយសុចរិតនូវវត្ថុដែលបានទទួលពីការសងការសងនោះត្រូវចាត់ទុកថាមានសុពលភាព ហើយអ្នកសងមិនអាចទាមទារឱ្យប្រគល់កម្មវត្ថុនៃការសងនោះមកវិញបានទេ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះអ្នកដែលមានកម្មសិទ្ធិ លើកម្មវត្ថុនៃការសង អាចទាមទារនូវសំណងនៃការខូចខាតចំពោះកម្មវត្ថុនៃការសងនោះពីអ្នកទទួលការសងបាន លើកលែងតែអ្នកទទួលការសងនោះបានទទួលកម្មសិទ្ធិលើវត្ថុនៃការសងដោយស្របទៅតាមបញ្ញត្តិនៃមាត្រា១៩៣ (លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ នៃក្រមនេះ ។   ប៉ុន្តែ ម្ចាស់បំណុលដែលបានសងការខូចខាតទៅម្ចាស់កម្មសិទ្ធិលើវត្ថុដែលជាកម្មវត្ថុនៃការសងនោះ អាចទាមទារឱ្យកូនបំណុលសងជាប្រាក់នូវតម្លៃដែលខ្លួនបានសងនោះវិញបាន ។

មាត្រា ៤៣៧. សិទ្ធិទទួលការសង

១-ការសងនឹងមានសុពលភាពលុះត្រាតែធ្វើចំពោះម្ចាស់បំណុល ឬអ្នកដទៃទៀត ដែលមានសិទ្ធិទទួលការសង ។

២-បើកូនបំណុលបានសងដល់អ្នក ដែលគ្មានសិទ្ធិទទួលការសងកូនបំណុលនោះត្រូវសងទៅម្ចាស់បំណុលជាថ្មីម្តងទៀត តាមការទាមទារពីម្ចាស់បំណុលនោះ ។   ក្នុងករណីនេះ អ្នកសងអាចទាមទារឱ្យអ្នកគ្មានសិទ្ធិដែលបានទទួលការសងនោះ ប្រគល់កម្មវត្ថុនៃការសងមកវិញបាន ។

មាត្រា ៤៣៨. ការកម្រិតនូវសិទ្ធិទទួលការសងដោយការរឹបអូស

១-ក្នុងករណីដែលសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលត្រូវបានរឹបអូសដោយដីកាសម្រេចរឹបអូសរបស់តុលាការម្ចាស់បំណុលនោះ មិនមានសិទ្ធិទទួលការសងពីកូនបំណុលរបស់ខ្លួន ហើយកូនបំណុលនោះមិនអាចសងទៅម្ចាស់បំណុលនោះបានឡើយ ។

២-បញ្ញត្តិនៃកថាខណ្ឌទី២ នៃមាត្រា ៤៣៧ (សិទ្ធិទទួលការសង) ខាងលើនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលកូនបំណុលដែលត្រូវបានហាមការសងបានសងទៅម្ចាស់បំណុលរបស់ខ្លួន ។

មាត្រា ៤៣៩. ការសងដែលបានធ្វើចំពោះឧបភោគីនៃសិទ្ធិលើបំណុល

១-ចំពោះការសង ដែលបានធ្វើទៅអ្នកដែលមិនមែនជាម្ចាស់បំណុលតែមើលទៅហាក់ដូចជាម្ចាស់បំណុលក្នុងករណីដែលអ្នកសងបានជឿជាក់ថា ភាគីដែលខ្លួនបានសងនោះជាម្ចាស់បំណុលពិតប្រាកដការសងនោះត្រូវចាត់ទុកថាជាការសងមានសុពលភាព លើកលែងតែការជឿជាក់នោះកើតឡើងដោយសារកំហុសធ្ងន់ធ្ងរ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះម្ចាស់បំណុលពិតបាកដមិនអាចទាមទារឱ្យកូនបំណុលសងម្តងទៀតបានទេ ។    ប៉ុន្តែ ម្ចាស់បំណុលពិតប្រាកដអាចទាមទារឱ្យអ្នក ដែលបានទទួលការសងពីកូនបំណុលប្រគល់នូវវត្ថុដែលបានសងនោះឱ្យខ្លួនវិញបាន ។

មាត្រា ៤៤០. វិធីសង

កូនបំណុលត្រូវសងតាមខ្លឹមសារនៃកាតព្វកិច្ច និងតាមគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ។

មាត្រា ៤៤១. ការសងមួយភាគ

ម្ចាស់បំណុលមិនមានករណីយកិច្ចទទួលការសងមួយភាគនៃកាតព្វកិច្ចទេ ។   ប៉ុន្តែ ក្នុងករណីដែលម្ចាស់បំណុលបានទទួលដោយដឹងថាជាការសងមួយភាគការសងនោះមានសុពលភាពត្រឹមទំហំដែលបានសង ។

មាត្រា ៤៤២. ការសងដោយយកវត្ថុជំនួស

១-ក្នុងករណី ដែលកូនបំណុលផ្តល់តាវកាលិកផ្សេងពីតាវកាលិកដែលជាបន្ទុកដើមរបស់ខ្លួនជាជំនួសវិញដោយទទួលការយល់ព្រមពីម្ចាស់បំណុលតាវកាលិកនោះមានអានុភាពដូចគ្នានឹងការសងដែរ ។

២-ម្ចាស់បំណុល និងកូនបំណុលអាចធ្វើការព្រមព្រៀងគ្នាលើតាវកាលិកផ្សេងជំនួសតាវកាលិកដើមបាន ។   ក្នុងករណីនេះ កូនបំណុលអាចសងដោយជ្រើសរើសតាវកាលិកដើម ឬតាវកាលិកដោយយកវត្ថុផ្សេងជាជំនួសបាន លើកលែងតែករណីម្ចាស់បំណុលមានសិទ្ធិជ្រើសរើស ។

មាត្រា ៤៤៣. ពេលនៃការសងការសងមុនពេលកំណត់

១-កូនបំណុលត្រូវសងនៅពេលកំណត់ត្រូវអនុវត្តកាតព្វកិច្ច ដែលមានចែងនៅក្នុងចំណុចនីមួយៗនៃមាត្រា ៣៩១ (ការយឺតយ៉ាវក្នុងការអនុវត្ត) នៃក្រមនេះ ។

២-កូនបំណុលអាចសងមុនពេលកំណត់បានដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៣៣០ (ប្រយោជន៍នៃការកំណត់ពេល) នៃក្រមនេះ ។

មាត្រា ៤៤៤. ម៉ោងសង

កូនបំណុលត្រូវសងនៅក្នុងម៉ោងធ្វើការធម្មតា តាមទំនៀមទម្លាប់ និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ។

មាត្រា ៤៤៥. ទីកន្លែងដែលត្រូវសង

ប្រសិនបើគ្មានការព្រមព្រៀងគ្នាផ្សេងអំពីទីកន្លែងដែលត្រូវសងទេការប្រគល់វត្ថុ ដែលបានកំណត់ជាក់លាក់ត្រូវធ្វើឡើង នៅទីកន្លែងដែលវត្ថុនោះបានស្ថិតនៅនាពេលសិទ្ធិលើបំណុលកើតឡើង ។   ចំពោះកាតព្វកិច្ចក្រៅពីនេះការសងត្រូវធ្វើឡើង នៅលំនៅឋាន បច្ចុប្បន្នរបស់ម្ចាស់បំណុល ។

មាត្រា ៤៤៦. សោហ៊ុយនៃការសង

ប្រសិនបើគ្មានការព្រមព្រៀងគ្នាផ្សេងអំពីសោហ៊ុយនៃការសងទេ កូនបំណុលត្រូវ ទទួលបន្ទុកនូវសោហ៊ុយនោះ ។     ប៉ុន្តែ ប្រសិនបើសោហ៊ុយនៃការសងកើនឡើងដោយសារ ការផ្លាស់ប្តូរលំនៅឋាន ឬអំពើផ្សេងរបស់ម្ចាស់បំណុលម្ចាស់បំណុលត្រូវទទួលបន្ទុកនូវចំនួនកំណើននៃសោហ៊ុយនោះ ។

មាត្រា ៤៤៧. ការចេញលិខិតទទួល

អ្នកសងអាចទាមទារឱ្យ អ្នកទទួលការសងចេញលិខិតបញ្ជាក់នូវការទទួលការសងនោះបាន ។

មាត្រា ៤៤៨. ការប្រគល់មកវិញនូវលិខិតបញ្ជាក់សិទ្ធិលើបំណុល

ក្នុងករណីដែលមានលិខិតបញ្ជាក់សិទ្ធិលើបំណុល អ្នកនឹងអាចទាមទារឱ្យប្រគល់ លិខិតនោះមកវិញ បាននៅពេលដែលខ្លួនបានសងចំពោះកាតព្វកិច្ចចប់សព្វគ្រប់ហើយ ។

កថាភាគទី ២៖ការកាត់បំណុល

មាត្រា ៤៤៩. ការកាត់បំណុលដោយការជ្រើសរើស

១-ក្នុងករណីដែលកូនបំណុលត្រូវទទួលបន្ទុកនូវកាតព្វកិច្ចច្រើនដែលមានគោលបំណងប្រភេទដូចគ្នា ចំពោះម្ចាស់បំណុលតែម្នាក់ប្រសិនបើតាវកាលិកដែលត្រូវបានផ្តល់ជាការសងនៅមិនទាន់គ្រប់គ្រាន់ដើម្បីឱ្យកាតព្វកិច្ចទាំងអស់រលត់នៅឡើយទេអ្នកសង អាចជ្រើសរើសយកកាតព្វកិច្ចណាដែលត្រូវកាត់ដោយការសងនោះ នៅពេលដែលខ្លួនផ្តល់តាវកាលិក បាន ។

២-ប្រសិនបើអ្នកសងមិនបានជ្រើសរើសដូចដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះទេអ្នកទទួលការសងអាចជ្រើសរើសយកកាតព្វកិច្ចណា ដែលត្រូវកាត់ដោយការសងនោះនៅពេលដែលខ្លួនទទួលការសងបាន ។    ប៉ុន្តែ ប្រសិនបើអ្នកសងបានតវ៉ា នឹងការកាត់នោះភ្លាមៗការកាត់បំណុលត្រូវធ្វើតាមច្បាប់កំណត់ ។

៣-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ និង ខណ្ឌទី ២ ខាងលើនេះការកាត់បំណុលត្រូវធ្វើឡើងដោយការជូនដំណឹងទៅភាគីម្ខាងទៀត ។

មាត្រា ៤៥០. ការកាត់បំណុលតាមច្បាប់កំណត់

ក្នុងករណីដែលអ្នកសង និងអ្នកទទួលការសងមិនបានធ្វើការជ្រើសរើសដើម្បីកាត់ បំណុលនោះទេការកាត់បំណុលនោះ ត្រូវធ្វើឡើងតាមបញ្ញត្តិដូចខាងក្រោមនេះ :

ក-ក្នុងចំណោមកាតព្វកិច្ចទាំងអស់ប្រសិនបើមានកាតព្វកិច្ចណាដែលពេលកំណត់ត្រូវសងបានមកដល់ និងកាតព្វកិច្ចណាដែលពេលកំណត់ត្រូវសងមិនទាន់មកដល់ត្រូវកាត់កាតព្វកិច្ចដែលដល់ពេលកំណត់ជាមុនសិន ។

ខ-ប្រសិនបើពេលកំណត់ ដែលត្រូវសងចំពោះកាតព្វកិច្ចទាំងអស់បានមកដល់ ហើយ ឬមិនទាន់មកដល់នៅឡើយ ត្រូវកាត់កាតព្វកិច្ចដែលមានប្រយោជន៍ក្នុងការសងច្រើនជាងគេសម្រាប់កូនបំណុល ។

គ-ប្រសិនបើផលប្រយោជន៍ ក្នុងការសងមានភាពស្មើគ្នាចំពោះកូនបំណុលត្រូវ កាត់កាតព្វកិច្ចដែលពេលកំណត់ត្រូវសងបានមកដល់មុនគេ   ឬនឹងមកដល់មុនគេ ។

ឃ-ប្រសិនបើកាតព្វកិច្ចទាំងអស់ មានប្រយោជន៍ក្នុងការសងដូចគ្នាចំពោះកូន បំណុល និងមានពេលកំណត់ដែលត្រូវសងដូចគ្នាត្រូវកាត់ដោយគិតជាសមាមាត្រតាមចំនួនទឹកប្រាក់នៃកាតព្វកិច្ចនីមួយៗ ។

មាត្រា ៤៥១. លំដាប់នៃការកាត់បំណុល:  សោហ៊ុយ ការប្រាក់ និង បា្រក់ដើម

ក្នុងករណីដែលកូនបំណុលមានករណីយកិច្ចបង់សោហ៊ុយការប្រាក់ព្រមទាំងប្រាក់ដើមចំពោះកាតព្វកិច្ចមួយ ឬច្រើនហើយអ្នកសងផ្តល់តាវកាលិកមិនគ្រប់គ្រាន់ដើម្បីរំលត់កាតព្វកិច្ចទាំងអស់ទេត្រូវកាត់តាមលំដាប់ : សោហ៊ុយ ការប្រាក់ និងប្រាក់ដើមជាចុងក្រោយ ។     ប៉ុន្តែ ប្រសិនបើមានកិច្ចសន្យាផ្សេងពីនេះរវាងម្ចាស់បំណុល និងកូនបំណុលត្រូវអនុវត្តតាមកិច្ចសន្យានោះ ។

មាត្រា ៤៥២. ការកាត់បំណុលក្នុងករណីដែលមានម្ចាស់បំណុលច្រើននាក់

បញ្ញត្តិនៃមាត្រា ៤៤៩ (ការកាត់បំណុលដោយការជ្រើសរើស) មាត្រា ៤៥០ (ការកាត់បំណុលតាមច្បាប់កំណត់) និង មាត្រា ៤៥១ (លំដាប់នៃការកាត់បំណុល : សោហ៊ុយ  ការប្រាក់ និងបាក់ដើម) ខាងលើនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលកូនបំណុលទទួលបន្ទុកកាតព្វកិច្ចច្រើនចំពោះម្ចាស់បំណុលច្រើននាក់ ហើយមិនច្បាស់លាស់អំពីកាតព្វកិច្ចណាដែលត្រូវកាត់ដោយការសងទេ ។

កថាភាគទី ៣៖ សំណើផ្ដល់ការសង និងការតម្កល់

មាត្រា ៤៥៣. អត្ថន័យ និងអានុភាពជាមូលដ្ឋាននៃសំណើផ្ដល់ការសង

១-សំណើផ្ដល់ការសងសំដៅទៅលើការ ដែលកូនបំណុលបានរៀបចំចប់សព្វគ្រប់នូវតាវកាលិកសម្រាប់សង និងទាមទារឱ្យម្ចាស់បំណុលទទួលការសងនោះ ។

២-ក្នុងករណី     ដែលកូនបំណុលធ្វើសំណើផ្ដល់ការសងតែម្ចាស់បំណុលមិនធ្វើអំពើចាំបាច់ដើម្បីទទួលការសងទេកូនបំណុល មិនទទួលខុសត្រូវចំពោះការមិនអនុវត្តកាតព្វកិច្ចនេះឡើយ ។

៣-ក្នុងករណីដែលកូនបំណុលមានកាតព្វកិច្ចដែលមានគោលបំណងសងជាប្រាក់ និង ត្រូវបង់ទាំងការបាក់ ហើយបានស្នើផ្ដល់ការសងតែម្ចាស់បំណុលមិនទទួលការសងនោះទេ កូនបំណុលមិនចាំបាច់បង់ការប្រាក់សម្រាប់ពេលក្រោយពីពេលនោះទៀតឡើយ ។

មាត្រា ៤៥៤. វិធីស្នើផ្ដល់ការសង

សំណើផ្ដល់ការសងត្រូវធ្វើឡើង ដោយស្នើផ្តល់តាវកាលិកជាក់ស្តែងតាមខ្លឹមសារនៃកាតព្វកិច្ច ។   ប៉ុន្តែក្នុងករណីដែលម្ចាស់បំណុលបដិសេធជាមុនក្នុងការទទួលយកសំណើផ្ដល់ការសង ឬក្នុងករណីដែលម្ចាស់បំណុលចាំបាច់ត្រូវធ្វើអំពើសម្រាប់ការអនុវត្តកាតព្វកិច្ចរបស់កូនបំណុលនោះកូនបំណុលគ្រាន់តែជូនដំណឹងអំពីការបញ្ចប់នូវការរៀបចំការសង និង ដាស់តឿនឱ្យម្ចាស់បំណុលទទួលការសងនោះតែប៉ុណ្ណោះជាការគ្រប់គ្រាន់ហើយ ។

មាត្រា ៤៥៥. អានុភាពនៃសំណើផ្ដល់ការសង

ក្នុងករណីដែលម្ចាស់បំណុលមិនទទួលនូវសំណើផ្ដល់ការសងទេក្រៅពីអានុភាពដែលបានកំណត់ក្នុងមាត្រា៤៥៣ (អត្ថន័យ និងអានុភាពជាមូលដ្ឋាននៃសំណើផ្តល់ការសង)នៃក្រមនេះត្រូវមានអានុភាពផ្សេងទៀតដូចតទៅ :

ក-ក្នុងករណី ដែលកូនបំណុលទទួលបន្ទុកហានិភ័យនៅក្នុងកិច្ចសន្យាអញ្ញមញ្ញ ហានិភ័យនេះត្រូវផ្ទេរទៅម្ចាស់បំណុល ។

ខ-ក្នុងកិច្ចសន្យាអញ្ញមញ្ញ សិទ្ធិតវ៉ាឱ្យអនុវត្តព្រមគ្នាដែលម្ចាស់បំណុលមានត្រូវបាត់បង់ ។

គ-កូនបំណុលអាចរួចផុតពីកាតព្វកិច្ចបានដោយការតម្កល់ ។

មាត្រា ៤៥៦. ការយឺតយ៉ាវក្នុងការទទួល

១-ក្នុងករណីដែលម្ចាស់បំណុលប្រកែកជាមុននូវការទទួលការសង ឬករណីដែលកូនបំណុលបានស្នើផ្ដល់ការសង តែម្ចាស់បំណុលមិនទទួលការសងនោះដោយមានកំហុសកូនបំណុលអាចទាមទារពីម្ចាស់បំណុលនូវសំណងនៃការខូចខាត ដែលបណ្ណាលមកពីការមិនទទួលនោះបាន ។

២-ក្នុងករណីដែលការមិនទទួលសំណើផ្ដល់ការសងរបស់ម្ចាស់បំណុល គឺជាការបំពានករណីយកិច្ចដ៏ធ្ងន់ធ្ងរពីម្ចាស់បំណុលនោះកូនបំណុលអាចរំលាយកិច្ចសន្យាបាន ។

មាត្រា ៤៥៧. ការតម្កល់

១-កូនបំណុលអាចតម្កល់នូវកម្មវត្ថុនៃកាតព្វកិច្ចនៅកន្លែងតម្កល់ដើម្បីឱ្យរួចពីកាតព្វកិច្ច

បានក្នុងករណីណាមួយដូចខាងក្រោមនេះ :

ក-អ្នកសងបានស្នើផ្ដល់ការសងតែម្ចាស់បំណុលបដិសេធមិនទទួល ឬមិនអាចទទួលការសងនោះបាន ។

ខ-កូនបំណុលមិនអាចដឹងថា អ្នកណាជាម្ចាស់បំណុលដោយមិនមែនជាកំហុសរបស់ខ្លួន ។

២-នៅពេលដែលម្ចាស់បំណុលមិនព្រមទទួលការតម្កល់ ឬសាលក្រម ឬសាលដីកាដែលប្រកាសថាការតម្កល់នោះមានសុពលភាព មិនទាន់ចូលជាស្ថាពរទេអ្នកសងអាចយកវត្ថុតម្កល់មកវិញបាន ។  ក្នុងករណីនេះអ្នកសងត្រូវបានចាត់ទុកថា មិនបានធ្វើការតម្កល់ ។  ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលសិទ្ធិលើការបញ្ច ឬសិទ្ធិលើហ៊ីប៉ូតែកត្រូវបានរលត់ដោយការតម្កល់នោះ ។

៣-សេចក្តីលម្អិតស្តីពីការតម្កល់ត្រូវកំណត់ក្នុងច្បាប់ស្តីពីការតម្កល់ ។

មាត្រា ៤៥៨. សិទ្ធិលក់ដោយខ្លួនឯង

ប្រសិនបើវត្ថុដែលជាកម្មវត្ថុនៃការសងមិនសមស្របនឹងការតម្កល់ ឬមានការបារម្ភខ្លាចមានការបាត់បង់ ឬខូចខាតតាមការអនុញ្ញាតពីតុលាការអ្នកសងអាចលក់វត្ថុនោះដោយដេញថ្លៃហើយតម្កល់នូវបាក់លក់នោះបាន ។   បញ្ញត្តិនេះត្រូវយកមកអនុវត្តដែរចំពោះករណីដែលការរក្សាទុកវត្ថុនោះតម្រូវឱ្យចេញសោហ៊ុយច្រើនហួសហេតុ ។

កថាភាគទី៤៖ ឧបាសកម្មដោយការសង

មាត្រា ៤៥៩. ឧបាទេសកម្មដោយការសង

១-អ្នកដែលបានរួចផុតពីការទទួលខុសត្រូវដោយបានសង ឬបានចេញចំណាយរបស់ខ្លួនផ្សេងទៀត ហើយបានទទួលសិទ្ធិទាមទារសំណងចំពោះកូនបំណុលអាចស្នងម្ចាស់បំណុលដោយឧបាទេសកម្មបាន ចំពោះសិទ្ធិលើបំណុល និងសិទ្ធិផ្សេងទៀតដែលម្ចាស់បំណុលនោះធ្លាប់មាន ។

២-បញ្ញត្តិនៃមាត្រា ៥០៣ (ល័ក្ខខ័ណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុលដែលមានកំណត់ឈ្មោះ) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

៣-ការជូនដំណឹងដែលបានកំណត់នៅក្នុងមាត្រា ៩១៣ (ល័ក្ខខ័ណ្ណនៃការទាមទារ សំណង) និងមាត្រា ៩៣៣ (ការជូនដំណឹងដែលជាល័ក្ខខ័ណ្ឌដើម្បីទាមទារសំណង) នៃក្រមនេះអាចយកជាជំនួសនឹងការជូនដំណឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ បាន ។  ប៉ុន្តែ ក្នុងករណីដែលចាំបាច់មានលិខិតបញ្ជាក់ដែលមានកាលបរិច្ឆេទស្ថាពរតាមបញ្ញត្តិដែលត្រូវយកមកអនុវត្តដូចគ្នាដោយយោងទៅតាមកថាខណ្ឌទី ២ ខាង លើនេះការជូនដំណឹងដែលបានកំណត់នៅក្នុងកថាខណ្ឌនេះ ក៏ត្រូវធ្វើដោយលិខិតបញ្ជាក់ដែលមានកាលបរិច្ឆេទស្ថាពរដែរ ។

មាត្រា ៤៦០. ទំហំនៃឧបាទេសកម្ម   និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងឧបាទេសិក

១-ឧបាទេសិកនៃម្ចាស់បំណុលតាមបញ្ញត្តិនៃមាត្រា៤៥៩(ឧបាទេសកម្មដោយការសង)ខាងលើនេះអាចប្រើសិទ្ធិទាំងឡាយដែលជាអានុភាព និងប្រាតិភោគនៃសិទ្ធិលើ បំណុលដែលម្ចាស់បំណុលធ្លាប់មាន ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះសិទ្ធិរបស់ម្ចាស់បំណុលដែលបានមកពីឋានៈក្នុងកិច្ចសន្យា ។

២-ឧបាទេសិកត្រូវធ្វើតាមបញ្ញត្តិនៃចំណុចដូចតទៅ :

ក-ប្រសិនបើអ្នកធានាដោយបុគ្គល ឬអ្នកធានាដោយវត្ថុមិនបានធ្វើការចុះបន្ថែមជាមុននូវឧបាទេសកម្មក្នុងបញ្ជីចុះឯកសិទ្ធិ សិទ្ធិបញ្ចាំអចលនវត្ថុ ឬហ៊ីប៉ូតែកដែលយកទ្រព្យរបស់កូនបំណុលមកជាកម្មវត្ថុទេអ្នកធានា ឬអ្នកធានាដោយវត្ថុនោះមិនត្រូវស្នងម្ចាស់បំណុលដោយឧបាទេសកម្មចំពោះតតិយជន ដែលបានធ្វើលទ្ធកម្មនូវអចលនវត្ថុ ដែលជាកម្មវត្ថុនៃឯកសិទ្ធិ ឬសិទ្ធិបញ្ចាំអចលនវត្ថុ ឬ ហ៊ីប៉ូតែកនោះទេ ។

ខ-តតិយជនដែលបានធ្វើលទ្ធកម្មនូវវត្ថុ ដែលជាកម្មវត្ថុនៃបាតិភោគពីកូនបំណុលមិនត្រូវស្នងម្ចាស់បំណុលដោយឧបាទេសកម្មចំពោះអ្នកធានាទេ ។

គ-តតិយជនម្នាក់ក្នុងចំណោមតតិយជន ដែលបានធ្វើលទ្ធកម្មនូវវត្ថុដែលជាកម្មវត្ថុនៃប្រាតិភោគពីកូនបំណុល ត្រូវស្នងម្ចាស់បំណុលដោយបាទេសកម្មចំពោះ តតិយជនផ្សេងទៀត ដែលបានធ្វើលទ្ធកម្មនូវវត្ថុដែលជាកម្មវត្ថុនៃប្រាតិភោគពីកូនបំណុលតាមសមាមាត្រនៃតម្លៃវត្ថុដែលជាកម្មវត្ថុនៃបាតិភោគនីមួយៗ ។

ឃ-បញ្ញត្តិនៃចំណុច គ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះ ទំនាក់ទំនងរវាងអ្នកធានាដោយវត្ថុ ដែលបានកំណត់នៅក្នុងមាត្រា ៧៦៦ (និយមន័យនៃ អ្នកធានាដោយវត្ថុ និងតតិយជនដែលបានធ្វើលទ្ធកម្ម) នៃក្រមនេះ ។

ង-រវាងអ្នកធានាដោយបុគ្គល និងអ្នកធានាដោយវត្ថុត្រូវស្នងម្ចាស់បំណុល ដោយឧបាទេសកម្មដោយគិតទៅតាមចំនួនអ្នកទាំងនោះ ។   ប៉ុន្តែ ប្រសិនបើអ្នកធានាដោយវត្ថុមានច្រើននាក់ចំពោះប្រាក់សំណល់ក្រៅពីភាគដែលជាបន្ទុកអ្នកធានាត្រូវស្នងម្ចាស់បំណុលដោយឧបាទេសកម្ម តាមសមាមាត្រនៃតម្លៃវត្ថុដែលជាកម្មវត្ថុនៃបាតិភោគនីមួយៗ ។

មាត្រា៤៦១. ឧបាទេសកម្មមួយភាគ

១-ក្នុងករណីដែលមានការសងតែមួយភាគនៃសិទ្ធិលើបំណុលដោយឧបាទេសិក ឧបាទេសិកនោះអនុវត្តសិទ្ធិព្រមគ្នានឹងម្ចាស់បំណុលទៅតាមចំនួនប្រាក់ដែលខ្លួនបានសង ។  ប៉ុន្តែ ពេលដែលឧបាទេសិកអនុវត្តសិទ្ធិរបស់ខ្លួនអ្នកនោះត្រូវទទួលការយល់ព្រមពីម្ចាស់បំណុល ឬបើម្ចាស់បំណុលទាមទារអ្នកនោះត្រូវធ្វើអនុប្បទាននូវសិទ្ធិ ឬអាទិភាពរបស់ ខ្លួនទៅឱ្យម្ចាស់បំណុលត្រឹមកម្រិតនៃប្រាក់សំណល់នៃសិទ្ធិលើបំណុលនោះ ដោយមិនយកថ្លៃ ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះមានតែម្ចាស់បំណុលទេដែលអាចរំលាយកិច្ចសន្យាបានដោយយកមូលហេតុថាមិនបានអនុវត្តកាតព្វកិច្ច ។ ប៉ុន្តែ ក្នុងករណីនេះម្ចាស់បំណុលត្រូវសងនូវប្រាក់ដែលឧបាទេសិកបានសង ព្រមទាំងការប្រាក់ ទៅឧបាទេសិកនោះវិញ ។

មាត្រា ៤៦២. ការសងជំនួស និងលិខិតបញ្ជាក់សិទ្ធិលើបំណុល ឬវត្ថុបាតិភោគ

១-ម្ចាស់បំណុលដែលបានទទួលការសងទាំងអស់ពីឧបាទេសិក ត្រូវប្រគល់នូវលិខិតដែលទាក់ទងនឹងសិទ្ធិលើបំណុលនោះ និងវត្ថុបាតិភោគដែលខ្លួនកាន់កាប់នោះទៅឱ្យឧបាទេសិក ។

២-ក្នុងករណីដែលមានការសងតែមួយភាគនៃសិទ្ធិលើបំណុលដោយឧបាទេសិកម្ចាស់បំណុលត្រូវធ្វើកំណត់បន្ថែមអំពីឧបាទេសកម្មនេះក្នុងលិខិតបញ្ជាក់សិទ្ធិលើបំណុល ហើយឱ្យឧបាទេសិកធ្វើការត្រួតពិនិត្យនូវការរក្សាវត្តបាតិភោគដែលម្ចាស់បំណុលនោះកាន់កាប់ផងដែរ ។

មាត្រា ៤៦៣. ករណីយកិច្ចរក្សាប្រាតិភោគសម្រាប់ឧបាទេសិក

ក្នុងករណីមានបុគ្គលដែលអាចធ្វើឧបាទេសកម្មតាមបញ្ញត្តិនៃមាត្រា ៤៥៩ (ឧបាទេសកម្មដោយការសង) នៃក្រមនេះប្រសិនបើម្ចាស់បំណុលបានធ្វើឱ្យបាត់បង់ ឬបន្ថយនូវប្រាតិភោគដោយចេតនា ឬដោយមានកំហុសបុគ្គលដែលអាចស្នងម្ចាស់បំណុលដោយឧបាទេសកម្មនោះ អាចរួចផុតពីការទទួលខុសត្រូវ ឬទាមទារសំណងនៃការខូចខាតបានក្នុងកម្រិតដែលខ្លួនមិនអាចទទួលសំណងដោយសារការបាត់បង់ ឬការបន្ថយនោះ ។

ផ្នែកទី ២៖ ការទូទាត់

មាត្រា ៤៦៤. ល័ក្ខខ័ណ្ណនៃការទូទាត់ដែលច្បាប់បានកំណត់ និងកិច្ចសន្យាទូទាត់

១-ក្នុងករណីដែលបុគ្គលពីរនាក់ទទួលបន្ទុកនូវកាតព្វកិច្ច     ដែលមានគោលបំណងប្រភេទដូចគ្នាចំពោះគ្នាទៅវិញទៅមកប្រសិនបើកាតព្វកិច្ចទាំងពីរត្រូវដល់ពេលកំណត់សងហើយភាគីម្ខាងអាចរំលត់កាតព្វកិច្ចទៅវិញទៅមកដោយយកចំនួនប្រាក់ស្មើគ្នាដោយបង្ហាញឆន្ទៈឯកតោភាគី ។

២-គូភាគីអាចធ្វើកិច្ចសន្យាទូទាត់ ដែលរំលត់កាតព្វកិច្ចទៅវិញទៅមកបានទោះបីជាកាតព្វកិច្ចទាំងពីរនោះគ្មានគោលបំណងប្រភេទដូចគ្នាទៅវិញទៅមកក៏ដោយ ។   ប៉ុន្តែ គូភាគីមិនអាចធ្វើឱ្យខូចផលប្រយោជន៍របស់តតិយជនបានឡើយ ។

មាត្រា ៤៦៥. វិធីទូទាត់

១-ការទូទាត់ត្រូវធ្វើឡើងដោយការបង្ហាញឆន្ទៈទូទាត់ពីភាគីម្ខាងទៅភាគីម្ខាងទៀត ។

២-ការបង្ហាញឆន្ទៈទូទាត់អាចដាក់ល័ក្ខខ័ណ្ឌបង្អង់បានតែមិនអាចដាក់ល័ក្ខខ័ណ្ឌរំលាយ ឬកំណត់ពេលបានឡើយ ។

មាត្រា ៤៦៦. ពេលដែលបង្កើតអានុភាពនៃការទូទាត់

ក្នុងករណីដែលល័ក្ខខ័ណ្ណនៃការទូទាត់ត្រូវបានបំពេញ ហើយនៅពេលឆន្ទៈទូទាត់ត្រូវ បានបង្ហាញអានុភាពដែលរំលត់កាតព្វកិច្ចដោយការទូទាត់ ត្រូវកើតឡើងដោយមានប្រតិសកម្មតាំងពីពេលដែលកាតព្វកិច្ចទាំងពីរនោះសមស្របទៅនឹងការទូទាត់ ។

មាត្រា ៤៦៧. ការកម្រិតចំពោះការទូទាត់

១-ក្នុងករណីដែលលក្ខណៈនៃកាតព្វកិច្ចណាមួយ ឬទាំងពីរមិនអនុញ្ញាតឱ្យធ្វើការទូទាត់ទេគូភាគីមិនអាចទូទាត់បានទេ ។

២-ក្នុងករណីដែលភាគីទាំងសងខាង ធ្វើការសន្យាពិសេសមិនធ្វើការទូទាត់កូនបំណុលនីមួយៗមិនអាចទូទាត់បានទេ ។   ប៉ុន្តែ ការសន្យាពិសេសមិនធ្វើការទូទាត់នេះមិនអាចអះអាងចំពោះតតិយជនសុចរិតបានឡើយ ។

មាត្រា ៤៦៨. ការទូទាត់ដោយយកសិទ្ធិលើបំណុលដែលភ្ជាប់នឹងសិទ្ធិតវ៉ា

១-បើសិទ្ធិលើបំណុលរបស់ភាគីដែលបង្ហាញឆន្ទៈទូទាត់ភ្ជាប់នឹងសិទ្ធិតវ៉ារបស់ភាគីម្ខាងទៀតភាគីនោះមិនអាចទូទាត់បានទេ ។

២-ប្រសិនបើសិទ្ធិលើបំណុលដែលផុតអាជ្ញាយុកាល ឬផុតអំឡុងពេលដើម្បីអនុវត្ត សិទ្ធិធ្លាប់នៅសមស្របទៅនឹងការទូទាត់ជាមួយនឹងសិទ្ធិលើបំណុលរបស់ភាគីម្ខាងទៀត នៅមុនពេលផុតអាជ្ញាយុកាល ឬអំឡុងពេលនោះម្ចាស់បំណុលនោះអាចទូទាត់បាន ។

មាត្រា ៤៦៩. ការទូទាត់ជាមួយនឹងសិទ្ធិលើបំណុលរបស់ភាគីម្ខាងទៀតដែលកើតឡើងដោយអំពើអនីត្យានុកូល

កូនបំណុល ដែលទទួលបន្ទុកនូវកាតព្វកិច្ចដែលកើតឡើងដោយអំពើអនីត្យានុកូលចំពោះភាគីម្ខាងទៀត កូនបំណុលនោះមិនអាចអះអាងនូវការរលត់កាតព្វកិច្ចនេះដោយការទូទាត់ឡើយ ។

មាត្រា ៤៧០. សិទ្ធិលើបំណុលដែលហាមឃាត់មិនឱ្យរឹបអូស

ក្នុងករណី ដែលសិទ្ធិលើបំណុលត្រូវបានហាមឃាត់មិនឱ្យវឹបអូសកូនបំណុលមិនអាចអះអាងនូវការរលត់សិទ្ធិលើបំណុលនោះដោយការទូទាត់ឡើយ ។

មាត្រា ៤៧១. សិទ្ធិលើបំណុលដែលត្រូវបានរឹបអូស

១-ក្នុងករណី  ដែលសិទ្ធិលើបំណុលត្រូវតតិយជនរឹបអូសកូនបំណុលអាចទូទាត់កាតព្វកិច្ចរបស់ខ្លួនដោយយកសិទ្ធិលើបំណុលចំពោះភាគីម្ខាងទៀត ដែលខ្លួនបានទទួលមុនពេលតតិយជនរឹបអូស នៅពេលដែលសិទ្ធិលើបំណុលនោះដល់កំណត់សង ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលពេលកំណត់សងនៃសិទ្ធិលើបំណុលរបស់កូនបំណុលដែលអះអាងនូវការទូទាត់ចំពោះភាគីម្ខាងទៀត ត្រូវដល់ក្រោយពេលកំណត់សងនៃសិទ្ធិលើបំណុលរបស់ភាគីម្ខាងទៀតនោះ ។

២-បញ្ញត្តិនៃវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្ត ឡើយចំពោះករណីដែលគូភាគីធ្វើការសន្យាពិសេសថា អាចទូទាត់គ្នានូវកាតព្វកិច្ចរៀងៗខ្លួន បានដោយមិនគិតអំពីពេលកំណត់មុន ឬក្រោយ ។

មាត្រា ៤៧២. ការកាត់បំណុលដោយការទូទាត់

ក្នុងករណីដែលភាគីម្ខាង ឬទាំងសងខាងមានកាតព្វកិច្ចច្រើនដែលអាចទូទាត់បានអ្នកសុំទូទាត់អាចជ្រើសរើសកាតព្វកិច្ចណាមួយរបស់ខ្លួន និងកាតព្វកិច្ចណាមួយរបស់ភាគីម្ខាងទៀតដើម្បីរំលត់ដោយការទូទាត់នោះបាន ។     បញ្ញត្តិស្តីពីការកាត់បំណុលដោយការសងត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះការទូទាត់ដែលគ្មានការជ្រើសរើសដូច កំណត់ក្នុងវាក្យខណ្ឌទី ១ នៃមាត្រានេះ ។

ផ្នែកទី ៣៖ ការលើកលែង

មាត្រា ៤៧៣. ការលើកលែងកាតព្វកិច្ច

ក្នុងករណីដែលម្ចាស់បំណុលបង្ហាញឆន្ទៈលើកលែងកាតព្វកិច្ចចំពោះកូនបំណុល កាតព្វកិច្ចនោះត្រូវរលត់ ។

មាត្រា ៤៧៤. ការលើកលែងតែមួយផ្នែក

ម្ចាស់បំណុលអាចលើកលែងកាតព្វកិច្ចតែមួយផ្នែកបាន ។

មាត្រា ៤៧៥. ករណីដែលកម្រិតការលើកលែង

ក្នុងករណីដែលសិទ្ធិលើបំណុលត្រូវបានរឹបអូសដោយតតិយជន ឬសិទ្ធិចាត់ចែងរបស់ម្ចាស់បំណុលត្រូវបានកម្រិតដោយមូលហេតុផ្សេងម្ចាស់បំណុលមិនអាចលើកលែងកាតព្វកិច្ច បានឡើយ ។

ផ្នែកទី ៤៖ នវកម្ម

មាត្រា ៤៧៦. និយមន័យនៃនូវកម្ម

១-នវកម្មសំដៅទៅលើកិច្ចសន្យារវាងម្ចាស់បំណុល និងកូនបំណុលដែលរំលត់ កាតព្វកិច្ចដើម និងបង្កើតកាតព្វកិច្ចថ្មីជំនួសកាតព្វកិច្ចដើមនោះ ។

២-នៅពេលកិច្ចសន្យានវកម្មដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះបង្កើតអានុភាពនោះកាតព្វកិច្ចដើមត្រូវរលត់ ។

មាត្រា ៤៧៧. ការមិនរលត់កាតព្វកិច្ចដើម

ប្រសិនបើកាតព្វកិច្ចថ្មីដែលត្រូវបានបង្កើតឡើង ដោយនវកម្មមិនបានបង្កើតអានុភាព ដោយសារមូលហេតុដែលកូនបំណុលនៃកាតព្វកិច្ចចាស់មិនអាចព្យាករបាន    ឬប្រសិនបើកាតព្វកិច្ចថ្មីនោះជាអលទ្ធភាពក្នុងការអនុវត្តតាំងពីដើមនោះកាតព្វកិច្ចដើមមិនត្រូវរលត់ឡើយ ។

មាត្រា ៤៧៨. ការផ្ទេរប្រាតិភោគ

១-សិទ្ធិលើការបញ្ចាំហ៊ីប៉ូតែក ឬប្រាតិភោគផ្សេងទៀតដែលបានបង្កើតឡើងដើម្បីធានាកាតព្វកិច្ចដើមអាចផ្ទេរដើម្បីធានាកាតព្វកិច្ចថ្មី ក្នុងទំហំនៃកាតព្វកិច្ចដើមដោយការព្រមព្រៀងគ្នារបស់គូភាគីនៃកិច្ចសន្យានវកម្មបាន ។    ប៉ុន្តែ ប្រាតិភោគដែលត្រូវបានដាក់ដោយតតិយជនមិនត្រូវផ្ទេរឡើយលើកលែងតែមានការយល់ព្រមពីតតិយជននោះ ។

២-ក្នុងឧបសន្យាខ្ចីបរិភោគវត្ថុត្រូវសន្មតថា មានការព្រមព្រៀងដែលបានកំណត់នៅវាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ១ ខាងលើនេះ ។

ផ្នែកទី ៥៖ ព្យាកុលភាព

មាត្រា ៤៧៩. ព្យាកុលភាពរវាងសិទ្ធិលើបំណុល និងកាតព្វកិច្ច

១-ក្នុងករណីដែលសិទ្ធិលើបំណុល និងកាតព្វកិច្ចធ្លាក់ទៅលើបុគ្គលតែម្នាក់សិទ្ធិលើបំណុល និងកាតព្វកិច្ចនោះត្រូវរលត់ដោយព្យាកុលភាព ។

២-សិទ្ធិលើបំណុលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ជាកម្មវត្ថុនៃសិទ្ធិរបស់តតិយជនសិទ្ធិនោះមិនត្រូវរលត់ដោយព្យាកុលភាពឡើយ ។

ជំពូកទី ៨៖ អាជ្ញាយុកាលនៃការរំលត់សិទ្ឋិលើបំណុល

មាត្រា ៤៨០. និយមន័យនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល  សំដៅទៅលើការរលត់សិទ្ធិលើបំណុលដោយផ្អែកលើការណ៍ដែលម្ចាស់បំណុលមិនអនុវត្តសិទ្ធក្នុងអំឡុងពេលដែលត្រូវបានកំណត់ ។

មាត្រា ៤៨១ . ពេលចាប់ផ្តើមគិតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលត្រូវគិតចាប់ពីពេលដែលអាចអនុវត្តសិទ្ធិលើបំណុលនោះបាន ។

មាត្រា ៤៨២. អំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលទូទៅ

អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលមានអំឡុងពេល ៥ (ប្រាំ) ឆ្នាំ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិផ្សេងក្នុងក្រមនេះ ឬច្បាប់ឬបទដ្ឋានគតិយុត្តផ្សេង ។

មាត្រា ៤៨៣. អាជ្ញាយុកាលនៃការរំលត់សិទ្ធិដែលមានអំឡុងពេលខ្លី

ចំពោះសិទ្ធិលើបំណុលអំពីថ្ងៃទំនិញដែលផលិតករ ឬពាណិជ្ជករលក់ទៅឱ្យអ្នកដែលមិនមែនជាពាណិជ្ជករ និងថ្លៃសេវាដែលផលិតករ ឬពាណិជ្ជករផ្ដល់ឱ្យអ្នកដែលមិនមែនជាពាណិជ្ជករអាជ្ញាយុកាលនៃការរំលត់សិទ្ធិនេះមានអំឡុងពេល ២ (ពីរ) ឆ្នាំ ។

មាត្រា ៤៨៤. អំឡុងពេលអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដែលចូលជាស្ថាពរ

១-ចំពោះសិទ្ធិលើបំណុលដែលចូលជាស្ថាពរដោយសាលក្រម ឬសាលដីកាស្ថាពរ ឬ ដោយការផ្សះផ្សាតាមផ្លូវតុលាការ ឬដោយវិធីផ្សេងដែលមានអានុភាពដូចគ្នានឹងសាលក្រមស្ថាពរទោះបីជាមានបញ្ញត្តិដែលកំណត់អំឡុងពេលនៃអាជ្ញាយុកាលតិចជាង ៥ (ប្រាំ) ឆ្នាំក៏ដោយក៏អាជ្ញាយុកាលនៃការរំលត់សិទ្ធិនោះត្រូវមានអំឡុងពេល ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីពេលដែលសិទ្ធិលើបំណុលនោះចូលស្ថាពរដែរ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយចំពោះករណី ដែលពេលកំណត់ត្រូវអនុវត្តមិនទាន់ដល់នៅពេលនៃការចូលជាស្ថាពរ ។

មាត្រា ៤៨៥. អានុភាពប្រតិសកម្មនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល មានអានុភាពប្រតិសកម្មចាប់តាំងពីថ្ងៃចាប់ផ្តើមគិតអាជ្ញាយុកាលនោះ ។

មាត្រា ៤៨៦. ការលើកឡើងនូវអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

១-តុលាការមិនអាចសម្រេចសេចក្តីដោយយកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលបានឡើយ លើកលែងតែភាគីបានលើកឡើងនូវអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនោះ ។

២-ក្រៅពីកូនបំណុលមានតែកូនបំណុលដោយសាមគ្គីភាព អ្នកធានាអ្នកធានាដោយវត្ថុ និងតតិយជនដែលបានធ្វើលទ្ធកម្ម ដែលបានកំណត់នៅក្នុងមាត្រា ៧៦៦ (និយមន័យនៃអ្នកធានាដោយវត្ថុ និងតតិយជនដែលបានធ្វើលទ្ធកម្ម) នៃក្រមនេះ និងបុគ្គលផ្សេងទៀតដែលមានផលប្រយោជន៍ត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងការលើកឡើងនូវអាជ្ញាយុកាលទេ ដែលអាចលើកឡើងនូវអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលបាន ។

៣-ប្រសិនបើកូនបំណុលលើកឡើង នូវអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលតតិយជនក៏នឹងទទួលនូវផលប្រយោជន៍នៃអាជ្ញាយុកាលនេះដែរ ។     ប្រសិនបើអ្នកដែលមិន មែនជាកូនបំណុលតែមានសិទ្ធិលើកឡើងនូវអាជ្ញាយុកាល បានលើកឡើងនូវអាជ្ញាយុកាល នៃការរំលត់សិទ្ធិលើបំណុលនេះអានុភាពនៃការលើកឡើងនេះ កើតឡើងតែរវាងម្ចាស់ បំណុល និង អ្នកដែលលើកឡើងនូវអាជ្ញាយុកាលនៃការរំលត់សិទ្ធិតែប៉ុណ្ណោះ ។

មាត្រា ៤៨៧. ការបោះបង់ចោលនូវផលប្រយោជន៍នៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

ផលប្រយោជន៍នៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលមិនអាចបោះបង់ចោលជាមុនបានទេ ។  មានតែផលប្រយោជន៍នៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដែលបានសម្រេចហើយទេទើបអាចបោះបង់ចោលបាន ។

មាត្រា ៤៨៨.  វិសាលភាពនៃជនដែលទទួលអានុភាពនៃការបោះបង់ចោលនូវផល

ប្រយោជន៍នៃអាជ្ញាយុកាល នៃការរំលត់សិទ្ធិលើបំណុលការបោះបង់ចោលនូវផលប្រយោជន៍នៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល មានអានុភាពតែរវាងម្ចាស់បំណុល និងអ្នកមានសិទ្ធិលើកឡើងដែលបានបោះបង់ចោលនូវផលប្រយោជន៍នោះតែប៉ុណ្ណោះ ។

មាត្រា ៤៨៩. ហេតុនៃការផ្អាកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលត្រូវផ្អាកក្នុងករណីដូចតទៅ :

ក-ការទាមទារតាមផ្លូវតុលាការការចូលរួមក្នុងនីតិវិធីធនញ្ជ័យ ឬការអនុវត្តសិទ្ធិដែលមានលក្ខណៈប្រហាក់ប្រហែល ។

ខ-សកម្មភាពអនុវត្តដោយបង្ខំ ឬសកម្មភាពចាត់ចែងការរក្សាការពារ ។

គ-ការទទួលស្គាល់កាតព្វកិច្ច ដោយការសងមួយផ្នែកការបង់ការប្រាក់ការដាក់បាតិភោគ ឬវិធីផ្សេង ។

មាត្រា ៤៩០. វិសាលភាពនៃជនដែលទទួលអានុភាពនៃការផ្អាកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

ប្រសិនបើហេតុនៃការផ្អាកអាជ្ញាយុកាល នៃការរំលត់សិទ្ធិលើបំណុលកើតឡើងចំពោះ កូនបំណុលអ្នកដទៃទៀតមិនអាចបដិសេធនូវអានុភាពនៃការផ្អាកនេះបានទេ ។   ប្រសិនបើ ហេតុនៃការផ្អាកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលកើតឡើងចំពោះអ្នកមានសិទ្ធិលើក

ឡើងក្រៅពីកូនបំណុលអានុភាពនៃការផ្អាកនេះត្រូវកើតឡើង តែរវាងម្ចាស់បំណុល និងអ្នកមានសិទ្ធិលើកឡើងតែប៉ុណ្ណោះ ។

មាត្រា ៤៩១. ការទាមទារតាមផ្លូវតុលាការ

ការទាមទារតាមផ្លូវតុលាការ មិនត្រូវបង្កើតអានុភាពនៃការផ្អាកអាជ្ញាយុកាលនៃការ រំលត់សិទ្ធិលើបំណុលឡើយ  ក្នុងករណីដែលបណ្តឹងត្រូវបានលើកចោល ឬត្រូវបានដកវិញ ។

មាត្រា ៤៩២. ការលុបចោលនូវការចាត់ចែងអនុវត្តដោយបង្ខំ ឬការចាត់ចែងរក្សាការពារ

ក្នុងករណីដែលការចាត់ចែងអនុវត្តដោយបង្ខំ     ឬការរក្សាការពារត្រូវបានលុបចោលតាមពាក្យសុំរបស់ភាគី ឬដោយការខ្វះល័ក្ខខ័ណ្ខតាមផ្លូវច្បាប់ការផ្អាកអាជ្ញាយុកាលនៃ ការរំលត់សិទ្ធិលើបំណុលដោយសកម្មភាពអនុវត្តដោយបង្ខំ ឬដោយសកម្មភាពចាត់ចែងការរក្សាការពារនេះត្រូវចាត់ទុកថា មិនបានកើតឡើងឡើយ ។

មាត្រា ៤៩៣. សកម្មភាពអនុវត្តដោយបង្ខំ ឬសកម្មភាពចាត់ចែងការរក្សាការពារដែលធ្វើឡើងចំពោះបុគ្គលក្រៅពីកូនបំណុល

សកម្មភាពអនុវត្តដោយបង្ខំ ឬសកម្មភាពចាត់ចែងការរក្សាការពារដែលធ្វើឡើងចំពោះបុគ្គលក្រៅពីកូនបំណុលត្រូវបង្កើតអានុភាពនៃការផ្អាកអាជ្ញាយុកាលនៃការរលត់ សិទ្ធិលើបំណុលលុះត្រាតែសកម្មភាពនោះត្រូវបានជូនដំណឹងទៅកូនបំណុល ។

មាត្រា ៤៩៤. ដំណើរការនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលក្រោយការផ្អាក

១-អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដែលត្រូវបានផ្អាក នឹងចាប់ផ្តើមគិតជាថ្មីម្តងទៀតក្រោយពីហេតុនៃការផ្អាកបានចប់ ។

២-អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដែលត្រូវបានផ្លាកដោយការទាមទារតាមផ្លូវតុលាការ នឹងចាប់ផ្តើមគិតជាថ្មីម្តងទៀតបន្ទាប់ពីសេចក្តីសម្រេចចូលជាស្ថាពរ ។

មាត្រា ៤៩៥. ការបង្អង់ការសម្រេចអាជ្ញាយុកាលដោយការដាស់តឿន និងដោយការដាស់តឿនតាមផ្លូវតុលាការ

១-ប្រសិនបើអ្នកមានសិទ្ធិបានដាស់តឿន នៅពេលណាមួយក្នុងអំឡុង ៦ (ប្រាំមួយ) ខែ មុនពេលផុតអំឡុងពេលនៃអាជ្ញាយុកាលរំលត់ សិទ្ធិលើបំណុលអាជ្ញាយុកាលរំលត់សិទ្ធិលើបំណុលនោះមិនត្រូវបានសម្រេចចំពោះអ្នកនោះក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីការដាស់តឿនឡើយ ។    ប៉ុន្តែទោះបីជាអ្នកមានសិទ្ធិដាស់តឿនម្តងទៀតក៏ដោយក៏មិនអាចពន្យឺតការសម្រេចអាជ្ញាយុកាលរំលត់សិទ្ធិលើបំណុល   ដោយការដាស់តឿនម្តងទៀតនោះដែរ ។

២-ទោះបីជាការទាមទារតាមផ្លូវតុលាការ មិនបង្កើតអានុភាពនៃការផ្អាកអាជ្ញាយុកាល ដោយសារការលើកចោលបណ្តឹង ឬការដកពាក្យបណ្ដឹងក៏ដោយ ក៏ត្រូវចាត់ទុកថាអ្នកប្តឹង បានដាស់តឿនជាបន្តចាប់ពីពេលដែលពាក្យបណ្តឹងត្រូវបានបញ្ជូនទៅភាគីម្ខាងទៀត រហូតដល់ពេលដែលបញ្ជាំងនោះត្រូវបានលើកចោល ឬពេលដែលពាក្យបណ្ដឹងនោះត្រូវបានដកដែរ ។    ក្នុងករណីនេះ អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនោះមិនត្រូវបានសម្រេចចំពោះអ្នកនោះក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីការលើកចោលបណ្តឹង ឬការដកពាក្យបណ្ដឹងឡើយ ។

៣-ប្រសិនបើអ្នកមានសិទ្ធិបានអះអាងសិទ្ធិរបស់ខ្លួន ក្នុងនាមជាចុងចម្លើយក្នុងបណ្ដឹងនោះត្រូវចាត់ទុកថាអ្នកនោះដាស់តឿនជាបន្តក្នុងពេល ដែលបណ្ដឹងនោះកំពុងចាត់ការចាប់ពីពេលដែលអ្នកនោះអះអាងសិទ្ធិរបស់ខ្លួន ។    ក្នុងករណីនេះអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនោះមិនត្រូវសម្រេចចំពោះអ្នកនោះក្នុងអំឡុងពេល ៦ (ប្រាំ មួយ) ខែ បន្ទាប់ពីសាលក្រម ឬសាលដីកានៃបណ្ដឹងនោះចូលជាស្ថាពរ ។

មាត្រា ៤៩៦. ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃការរលត់សិទ្ធិលើបំណុលចំពោះអនីតិជន ឬជននៅក្រោមអាណាព្យាបាលទូទៅ

ប្រសិនបើអនីតិជន ឬជននៅក្រោមអាណាព្យាបាលទូទៅគ្មានអ្នកតំណាងដែលច្បាប់បានកំណត់នៅពេលណាមួយ ក្នុងអំឡុង ៦ (ប្រាំមួយ) ខែ មុនពេលផុតអំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនោះ មិនត្រូវបានសម្រេចចំពោះអ្នកនោះក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីពេលដែលអ្នកនោះក្លាយទៅជាសមត្ថជន ឬពេលដែលអ្នកតំណាងដែលច្បាប់បានកំណត់ត្រូវបានជ្រើសតាំងឡើយ ។

មាត្រា ៤៩៧. ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលរវាងប្ដីប្រពន្ធ

ចំពោះសិទ្ធិដែលសហព័ទ្ធម្ខាងមានលើសហព័ទ្ធម្ខាងទៀតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលមិនត្រូវបានសម្រេចក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ ក្រោយពីការរលាយអាពាហ៍ពិពាហ៍ឡើយ ។

មាត្រា ៤៩៨. ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដោយសារមហន្តរាយធម្មជាតិ

ប្រសិនបើអ្នកមានសិទ្ធិ   មិនអាចផ្អាកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដោយសារការជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ ឬប្រធានសក្តិផ្សេងនៅពេលណាមួយក្នុង ៦ (ប្រាំមួយ) ខែ មុនពេលផុតអំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនេះមិនត្រូវបានសម្រេច ក្នុងអំឡុង ពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីប្រធានសក្តិនោះបានកន្លងផុតឡើយ ។

មាត្រា ៤៩៩. តាវកាលិកដើម្បីបំពេញនូវសិទ្ធិលើបំណុលដែលផុតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

ចំពោះតាវកាលិកដែលត្រូវបានផ្តល់ដើម្បីបំពេញនូវសិទ្ធិលើបំណុល ដែលផុតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលទោះបីជាអ្នកនោះ ផ្តល់តាវកាលិកដោយមិនបានដឹងថាផុតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលក៏ដោយ ក៏អ្នកនោះមិនអាចទាមទារឱ្យសងតាវកាលិកនោះវិញឡើយ ។

មាត្រា ៥00. អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើទ្រព្យសម្បត្តិ ក្រៅពីសិទ្ធិលើបំណុលឬកម្មសិទ្ធិ

អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើទ្រព្យសម្បត្តិ ក្រៅពីសិទ្ធិលើបំណុល ឬកម្មសិទ្ធិមានអំឡុងពេល ១០ (ដប់) ឆ្នាំ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិផ្សេងក្នុងក្រមនេះ ឬច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេង ។   បញ្ញត្តិស្តីពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើទ្រព្យសម្បត្តិ ក្រៅពីសិទ្ធិលើបំណុល ឬកម្មសិទ្ធិ ។

ជំពូកទី ៩៖ អនុប្បទានសិទ្ធិលើបំណុលការទទួលកាតព្វកិច្ច

ផ្នែកទី ១៖ អនុប្បទានសិទ្ធិលើបំណុល

មាត្រា ៥0១. ភាពដែលអាចធ្វើអនុប្បទានសិទ្ធិលើបំណុល និងការសន្យាពិសេសហាមមិនឱ្យធ្វើអនុប្បទាន

១-សិទ្ធិលើបំណុលអាចធ្វើអនុប្បទានទៅឱ្យអ្នកផ្សេង បានលើកលែងតែក្នុងករណី ដែលសិទ្ធិនោះមានលក្ខណៈមិនអាចធ្វើអនុប្បទានបាន ។   ក្នុងករណីនេះអនុប្បទានិកនឹង ក្លាយជាម្ចាស់បំណុលថ្មី ។

២-ទោះបីជាសិទ្ធិលើបំណុលមានលក្ខណៈអាចធ្វើអនុប្បទាន បានក៏ដោយក៏គូភាគី អាចហាមមិនឱ្យធ្វើអនុប្បទានដោយការបង្ហាញឆន្ទះបានដែរ ។

៣-ការបង្ហាញឆន្ទៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះមិនអាចតតាំងចំពោះតតិយជនដែលមិនបានដឹងអំពីការបង្ហាញឆន្ទៈនោះបានឡើយ ។    ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលតតិយជននោះមានកំហុសដ៏ធ្ងន់ធ្ងរ ។

មាត្រា ៥០២. ការបង្កើតអនុប្បទានសិទ្ធិលើបំណុល

អនុប្បទានសិទ្ធិលើបំណុលត្រូវមានអានុភាព តែដោយការព្រមព្រៀងគ្នារវាងម្ចាស់បំណុលដែលមានបំណងធ្វើអនុប្បទានសិទ្ធិលើបំណុល និងអនុប្បទានិកប៉ុណ្ណោះ ។  ប៉ុន្តែ ដើម្បីយកអនុប្បទានសិទ្ធិលើបំណុលនេះទៅតតាំងចំពោះកូនបំណុល និងតតិយជនត្រូវមានល័ក្ខខ័ណ្ឌតតាំងដែលបានកំណត់នៅក្នុងមាត្រា ៥០៣ (ល័ក្ខខ័ណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុលដែលមានកំណត់ឈ្មោះ) ខាងក្រោមនេះ ។

មាត្រា ៥០៣. ល័ក្ខខ័ណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុលដែលមានកំណត់ឈ្មោះ

១-អនុប្បទានសិទ្ធិលើបំណុល   ដែលមានកំណត់ឈ្មោះមិនអាចតតាំងចំពោះកូនបំណុល ឬតតិយជនផ្សេងទៀតបានឡើយ បើអនុប្បទាយីមិនបានជូនដំណឹងទៅកូនបំណុល ឬ កូនបំណុលមិនបានយល់ព្រមចំពោះអនុប្បទាយី ឬអនុប្បទានិក ។

២-ការជូនដំណឹង ឬការយល់ព្រមដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចតតាំងនឹងតតិយជនក្រៅពីកូនបំណុលបានឡើយ បើមិនបានធ្វើឡើងដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរ ។

មាត្រា ៥០៤. អាទិភាពនៃអនុប្បទានសិទ្ធិលើបំណុល ជាច្រើនដង

១-ក្នុងករណីដែលធ្វើអនុប្បទានសិទ្ធិលើបំណុលតែមួយ ត្រូវបានធ្វើឡើងជាច្រើនដង អាទិភាពនៃអនុប្បទាននោះត្រូវកំណត់ទៅតាមលំដាប់នៃពេល ដែលការជូនដំណឹងដែលធ្វើឡើងដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរបានដល់កូនបំណុល ឬពេលដែលកូនបំណុល បានយល់ព្រមដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរ ។    ក្នុងករណីនេះកូនបំណុលត្រូវសងបំណុលទៅអនុប្បទានិកដែលមានអាទិភាព ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះប្រសិនបើមិនអាចកំណត់លំដាប់នៃពេលដែលការជូនដំណឹងបានដល់ឬពេលដែលកូនបំណុលបានយល់ព្រមទេ ត្រូវចាត់ទុកថា ការជូនដំណឹងនីមួយៗបានដល់កូនបំណុលនៅពេលជាមួយគ្នា ឬកូនបំណុល បានយល់ព្រមនៅពេលជាមួយគ្នា ។   ក្នុងករណីនេះ អនុប្បទានិកនីមួយៗអាចទាមទារឱ្យកូនបំណុលសងចំពោះសិទ្ធិលើបំណុលទាំងអស់ដែលខ្លួនបានទទួលដោយ អនុប្បទាន ។    ពេលដែលកូនបំណុលបានសងចំពោះម្ចាស់បំណុលណាម្នាក់កាតព្វកិច្ចត្រូវរលត់ ។

៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះកូនបំណុលអាចរួចផុតពីកាតព្វកិច្ចបានដោយតម្កល់នូវវត្ថុដែលជាកម្មវត្ថុនៃកាតព្វកិច្ចនោះ ។

មាត្រា ៥០៥. អានុភាពនៃការជូនដំណឹង និងការយល់ព្រម

១-ប្រសិនបើកូនបំណុលធ្វើការយល់ព្រមដែលបានកំណត់នៅក្នុងមាត្រា៥០៣ (ល័ក្ខខ័ណ្ខតតាំងនៃអនុប្បទានសិទ្ធិលើបំណុលដែលមានកំណត់ឈ្មោះ) នៃក្រមនេះ ដោយគ្មានការតវ៉ាទោះបីជាខ្លួនមានហេតុដែលអាចតតាំងចំពោះអនុប្បទាយីក៏ដោយ ក៏កូនបំណុលមិនអាចយកហេតុនោះតតាំងចំពោះអនុប្បទាយីបានឡើយ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវរារាំងក្នុងការយកវត្ថុវិញ បើកូនបំណុលប្រគល់វត្ថុណាឱ្យអនុប្បទាយីដើម្បីរំលត់កាតព្វកិច្ចរបស់ខ្លួន ឬ ក្នុងការចាត់ទុកថា កាតព្វកិច្ចមិនកើតឡើងបើកូនបំណុលទទួលបន្ទុកនូវកាតព្វកិច្ចចំពោះអនុប្បទាយី ដើម្បីរំលត់កាតព្វកិច្ចរបស់ខ្លួន ។

២-ប្រសិនបើអនុប្បទាយីបានជូនដំណឹង អំពីអនុប្បទានតែប៉ុណ្ណោះកូនបំណុលអាចយកហេតុដែលកើតឡើងចំពោះអនុប្បទាយី រហូតដល់ពេលខ្លួនទទួលដំណឹងនោះទៅតតាំងចំពោះអនុប្បទានិកបាន ។

មាត្រា ៥០៦. អនុប្បទានសិទ្ធិលើបំណុលដែលត្រូវបានបញ្ជាក់ដោយមូលប័ត្រ

បញ្ញត្តិនៃច្បាប់ពិសេសត្រូវយកមកអនុវត្ត ចំពោះអនុប្បទានសិទ្ធិលើបំណុលដែល កំណត់ការបញ្ច ឬសិទ្ធិលើបំណុលផ្សេងដែលត្រូវបានបញ្ជាក់ដោយមូលប័ត្រ ។

ផ្នែកទី ២៖ ការទទួលកាតព្វកិច្ច

មាត្រា ៥០៧. ភាពដែលអាចទទួលកាតព្វកិច្ចបាន

១-ចំពោះកាតព្វកិច្ច ដែលអាចអនុវត្តបានដោយតតិយជនក្រៅពីកូនបំណុលតតិយជនអាចទទួលកាតព្វកិច្ចនោះបាន ។

២-គូភាគីអាចហាមមិនឱ្យតតិយជនទទួលកាតព្វកិច្ចដោយការបង្ហាញឆន្ទៈបាន ។

មាត្រា ៥០៨. ការបង្កើតនូវការទទួលកាតព្វកិច្ច

ការទទួលកាតព្វកិច្ច ត្រូវមានអានុភាពដោយការព្រមព្រៀងគ្នារវាងកូនបំណុល និងអ្នកទទួល ឬដោយការព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងអ្នកទទួល ។

មាត្រា ៥០៩. សិទ្ធិរបស់ម្ចាស់បំណុល

១-ទោះបីជាមានការទទួលកាតព្វកិច្ចក៏ដោយក៏ម្ចាស់បំណុលមិនបាត់បង់នូវសិទ្ធិចំពោះកូនបំណុលដែរ ។   ក្នុងករណីនេះកូនបំណុល និងអ្នកទទួលកាតព្វកិច្ចត្រូវទទួលបន្ទុកកាតព្វកិច្ចដោយសាមគ្គីភាពចំពោះម្ចាស់បំណុល ។

២-អ្នកទទួលកាតព្វកិច្ចអាចឱ្យកូនបំណុលរួចផុតពីកាតព្វកិច្ច ដោយទទួលការយល់ព្រមពីម្ចាស់បំណុលបាន ។

មាត្រា ៥១០. ការតវ៉ាក្នុងការទទួលកាតព្វកិច្ច

ក្នុងករណីដែលការទទួលកាតព្វកិច្ចត្រូវបានធ្វើឡើងអ្នកទទួលនេះអាចយកហេតុដែលកូនបំណុលធ្លាប់មានរហូតដល់ពេលដែលការទទួលកាតព្វកិច្ចនោះត្រូវបានធ្វើឡើងទៅតតាំងចំពោះម្ចាស់បំណុលបាន ។

មាត្រា ៥១១. ការទទួលការអនុវត្តកាតព្វកិច្ច

ប្រសិនបើអ្នកទទួលមិនទទួលកាតព្វកិច្ច តែបានទទួលគ្រាន់តែការអនុវត្តកាតព្វកិច្ចតែប៉ុណ្ណោះតាមការព្រមព្រៀងគ្នារវាងកូនបំណុល និងអ្នកទទួលនោះម្ចាស់បំណុលមិនអាចទាមទារឱ្យអ្នកទទួលនោះអនុវត្តកាតព្វកិច្ចបានឡើយ ។

ផ្នែកទី ៣៖ អនុប្បទានឋានៈក្នុងកិច្ចសន្យា

មាត្រា ៥១២. អនុប្បទានឋានៈក្នុងកិច្ចសន្យា

១-បុគ្គលដែលបានធ្វើកិច្ចសន្យាជាមួយនឹងបុគ្គលផ្សេង អាចធ្វើអនុប្បទានឋានៈរបស់ខ្លួនដែលមាននៅក្នុងកិច្ចសន្យានោះទៅឱ្យតតិយជនបាន ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវអនុវត្តឡើយ ចំពោះករណីដែលអនុប្បទានឋានៈនោះមិនអាចធ្វើបានតាមលក្ខណៈនៃកិច្ចសន្យា ។ ម្យ៉ាងទៀតគូភាគីនៃកិច្ចសន្យាអាចហាមមិនឱ្យធ្វើអនុប្បទានឋានៈក្នុងកិច្ចសន្យានោះ ដោយការព្រមព្រៀងគ្នាបាន ។   ក្នុងករណីនេះ បញ្ញត្តិនៃកថាខណ្ទី៣ នៃមាត្រា ៥០១ (ភាពដែលអាចធ្វើអនុប្បទានសិទ្ធិលើបំណុល និងការសន្យាពិសេសហាមមិនឱ្យធ្វើអនុប្បទាន) នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។

២-ក្នុងករណីដែលអនុប្បទានឋានៈក្នុងកិច្ចសន្យា នឹងធ្វើឱ្យភាគីម្ខាងទៀតនៃកិច្ចសន្យានោះខូចប្រយោជន៍ធ្ងន់ធ្ងរ បុគ្គលដែលមានបំណងធ្វើអនុប្បទានឋានៈក្នុងកិច្ចសន្យានោះត្រូវទទួលការយល់ព្រមអំពីអនុប្បទាននោះពីភាគីម្ខាងទៀតនៃកិច្ចសន្យានោះ ។

មាត្រា ៥១៣. ការបង្កើតអនុប្បទានឋានៈក្នុងកិច្ចសន្យា

អនុប្បទានឋានៈក្នុងកិច្ចសន្យា ត្រូវមានអានុភាពតែដោយការព្រមព្រៀងគ្នារវាងភាគីម្ខាងនៃកិច្ចសន្យាដែលមានបំណងធ្វើអនុប្បទានឋានះនោះ និងអនុប្បទានិកប៉ុណ្ណោះ ។   ប៉ុន្តែ ដើម្បីតតាំងចំពោះភាគីម្ខាងទៀតនៃកិច្ចសន្យា និងតតិយជនអនុប្បទាននេះត្រូវមានល័ក្ខខ័ណ្ឌតតាំងដែលបានកំណត់ក្នុងមាត្រា ៥០៣ (ល័ក្ខខ័ណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុលដែលមានកំណត់ឈ្មោះ) នៃក្រមនេះ ។

មាត្រា ៥១៤. អានុភាពនៃអនុប្បទានឋានៈក្នុងកិច្ចសន្យា

ក្នុងករណីដែលអនុប្បទានឋានៈក្នុងកិច្ចសន្យាត្រូវបានធ្វើឡើងសិទ្ធិ និងកាតព្វកិច្ចទាំងអស់ដែលអនុប្បទាយីធ្លាប់មានត្រូវផ្ទេរទៅអនុប្បទានិក លើកលែងតែមានការបង្ហាញឆន្ទៈពិសេស ។    ក្នុងករណីនេះ បញ្ញត្តិនៃមាត្រា ៥០៥ (អានុភាពនៃការជូនដំណឹង និងការយល់ព្រម) ស្តីពីអនុប្បទានសិទ្ធិលើបំណុល និងមាត្រា ៥១០ (ការតវ៉ាក្នុងការទទួលកាតព្វកិច្ច) ស្តីពីការទទួលកាតព្វកិច្ច នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។

ត្រឡប់ទៅមាតិកាក្រមរដ្ឋប្បវេណី