គន្ថីទី ៥៖ កិច្ចសន្យសំខាន់ៗ និងអំពើអនីត្យានុកូល

ជំពូកទី ១៖ ការលក់ទិញ

ផ្នែកទី ១៖ លក្ខណៈនៃការលក់ និងការបង្កើតកិច្ចសន្យាលក់ទិញ

មាត្រា ៥១៥. និយមន័យនៃការលក់ទិញ

ការលក់ទិញសំដៅទៅលើកិច្ចសន្យាមួយ  ដែលភាគីម្ខាងហៅថាអ្នកលក់មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិ ឬសិទ្ធិផ្សេងទៀតលើទ្រព្យសម្បត្តិឱ្យទៅភាគីម្ខាងទៀតហៅថា អ្នកទិញ ហើយអ្នកទិញមានករណីយកិច្ចត្រូវចេញថ្ងៃជាបាក់ឱ្យអ្នកលក់ ។

មាត្រា ៥១៦. ការបង្កើតកិច្ចសន្យាលក់ទិញ

កិច្ចសន្យាលក់ទិញអាចត្រូវបានបង្កើតឡើង ដោយមានការព្រមព្រៀងគ្នារវាងភាគី ទាំងសងខាងតែប៉ុណ្ណោះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់ ។   ប៉ុន្តែ ភាគីអាចកំណត់ការធ្វើលិខិតយថាភូត ឬលិខិតឯកជនជាល័ក្ខខ័ណ្ណសម្រាប់ការបង្កើតកិច្ចសន្យាបាន ។

មាត្រា ៥១៧. ការសន្យាលក់ទិញជាមុនដោយឯកតោភាគី

១-ក្នុងករណីដែលភាគីតែម្ខាងសន្យាជាមុនក្នុងការលក់ ឬទិញការលក់ទិញនេះនឹងមានអានុភាពចាប់តាំងពីពេលដែលភាគីម្ខាងទៀតបង្ហាញឆន្ទះបំពេញការទិញ ឬលក់ចំពោះអ្នកសន្យានោះ ។

២-ប្រសិនបើអំឡុងពេលសម្រាប់ការបង្ហាញឆន្ទៈដែលបានចែងក្នុងកថាខណ្ឌទី ១ នេះមិនត្រូវបានកំណត់ទេអ្នកសន្យាជាមុនអាចកំណត់នូវអំឡុងពេលសមរម្យមួយ ហើយអាច ដាស់តឿនឱ្យភាគីម្ខាងទៀតបង្ហាញឆន្ទៈថា ព្រម ឬមិនព្រមបំពេញការទិញ ឬលក់នៅក្នុងអំឡុងពេលនោះ ។   ក្នុងករណីដែលភាគីម្ខាងទៀតមិនបានបង្ហាញឆន្ទៈនៅក្នុងអំឡុងពេលកំណត់ទេការសន្យាជាមុននោះ ត្រូវបាត់បង់អានុភាព ។

មាត្រា ៥១៨. ប្រាក់កក់

បើអ្នកទិញ បានបង់ប្រាក់កក់ទៅឱ្យអ្នកលក់អ្នកទិញអាចរំលាយកិច្ចសន្យាលក់ទិញ ដោយបោះបង់ចោលប្រាក់កក់នោះបាន រីឯអ្នកលក់អាចរំលាយកិច្ចសន្យាលក់ទិញដោយ សងប្រាក់ស្មើនឹងពីរដងនៃប្រាក់កក់នេះមកវិញបានដែរ ។    ប៉ុន្តែ ភាគីមិនអាចរំលាយកិច្ច សន្យាបានឡើយក្រោយពេលភាគីម្ខាងទៀត បានចាប់ផ្តើមអនុវត្តកិច្ចសន្យាហើយ ។

មាត្រា ៥១៩. ការលក់ដោយមានការភ្លក់សាក

១-ការលក់របស់ណា ដែលមានទំនៀមទំលាប់តម្រូវឱ្យមានការភ្លក់សាកមុននឹងទិញ ត្រូវមានអានុភាពនៅពេលអ្នកទិញបានយល់ព្រមក្រោយពេលបានភ្លក់សាករួចហើយ ។

២-ក្នុងករណីដែលមិន បានកំណត់អំឡុងពេលសម្រាប់អ្នកទិញដើម្បីយល់ព្រមអ្នក លក់អាចដាស់តឿនឱ្យ អ្នកទិញឆ្លើយច្បាស់អំពីការយល់ព្រម ឬមិនយល់ព្រមដោយកំណត់អំឡុងពេលសមរម្យបាន ។   ក្នុងករណីដែលអ្នកទិញមិនបានឆ្លើយច្បាស់ក្នុងអំឡុងពេលនោះ ត្រូវចាត់ទុកថា អ្នកទិញបដិសេធក្នុងការធ្វើកិច្ចសន្យា ។

មាត្រា ៥២០. ការលក់ដោយមានការប្រើសាក

១-ចំពោះការលក់ទិញដោយមានការប្រើសាក កិច្ចសន្យាលក់ទិញនោះមានអានុភាព នៅពេលដែលអ្នកទិញបានយល់ព្រមក្នុងអំឡុងពេលប្រើសាក ឬអំឡុងពេលប្រើសាកនោះ កន្លងហួសដោយអ្នកទិញមិនបានបង្ហាញឆន្ទៈទេ ។  ក្នុងករណីដែលអ្នកទិញបដិសេធមិន ទទួលវត្ថុដែលជាកម្មវត្ថុកិច្ចសន្យាលក់ទិញនោះត្រូវចាត់ទុកថា មិនត្រូវបានបង្កើតឡើយ ។

២-ក្នុងករណីដែលមិន បានកំណត់អំឡុងពេលប្រើសាកនៅក្នុងកិច្ចសន្យាអ្នកលក់អាច ដាស់តឿនឱ្យអ្នកទិញឆ្លើយច្បាស់អំពីការយល់ព្រម ឬមិនយល់ព្រមដោយកំណត់អំឡុងពេលសមរម្យបាន ។    ក្នុងករណីដែលអ្នកទិញមិនបានឆ្លើយច្បាស់ ក្នុងអំឡុងពេលនោះ ហើយបន្តប្រើសាកវត្ថុដែលជាកម្មវត្ថុនៃកិច្ចសន្យានោះត្រូវចាត់ទុកថា អ្នកទិញបានយល់ព្រម ។

មាត្រា ៥២១. ថ្ងៃលក់ទិញ

១-ភាគីនៃកិច្ចសន្យាត្រូវកំណត់ចំនួនប្រាក់នៃថ្ងៃលក់ទិញ ឬវិធីកំណត់ចំនួនប្រាក់នោះ នៅក្នុងកិច្ចសន្យា ។

២-ចំនួនប្រាក់នៃថ្ងៃលក់ទិញអាចត្រូវបានកំណត់ ដោយយោលទៅតាមតម្លៃនៃទំនិញណាមួយនៅទីផ្សារក្នុងពេលបច្ចុប្បន្ន ឬអនាគតឬ ដោយផ្អែកលើការវាយតម្លៃដែលធ្វើដោយតតិយជនដែលត្រូវបានជ្រើសរើស តាមរបៀបកំណត់ដោយគូភាគី ។    ក្នុងករណីដែលការវាយតម្លៃរបស់តតិយជនត្រូវបានធ្វើឡើងដោយភាន់ច្រឡំ ឬករណីដែលការវាយតម្លៃនោះ ច្បាស់ជាផ្ទុយនឹងសមភាពភាគីនៃកិច្ចសន្យា  ដែលទទួលការខូចខាតផលប្រយោជន៍របស់ខ្លួនដោយសារការវាយតម្លៃនោះអាចតវ៉ាចំពោះការវាយតម្លៃនោះបាន ។

៣-ភាគីនៃកិច្ចសន្យាអាចកំណត់ចំនួនថ្ងៃលក់ទិញដោយបង្ហាញចំនួនថ្ងៃដើមពិតបាកដ ឬដោយឱ្យអ្នកទិញបង់ធនលាភ ដែលមិនកំណត់ពេល ឬធនលាភមួយជីវិតបាន ។   ប៉ុន្តែក្នុងករណីដែលតតិយជនវាយតម្លៃដោយយោលទៅតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះថ្លៃលក់ទិញត្រូវបានកំណត់ដោយបង្ហាញចំនួនថ្លៃដើមពិតប្រាកដលើកលែងតែករណីដែលគូភាគីប្រគល់សិទ្ធិទៅតតិយជនដោយជាក់លាក់ ។

មាត្រា ៥២២. សោហ៊ុយក្នុងការលក់ទិញ

ចំពោះសោហ៊ុយធ្វើលិខិតឬសោហ៊ុយផ្សេងៗ ដែលត្រូវចំណាយក្នុងការធ្វើកិច្ចសន្យាលក់ទិញភាគីទាំងសងខាងត្រូវចេញស្មើគ្នា លើកលែងតែករណីដែលមានការកំណត់ផ្សេងដោយគូភាគី ។

មាត្រា ៥២៣. ការអនុវត្តដូចគ្នាចំពោះកិច្ចសន្យាទូទៅដែលយកតម្លៃថ្នូរ

បញ្ញត្តិនៃជំពូកទី ១ (ការលក់ទិញ) នេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះកិច្ចសន្យាដែលយកតម្លៃថ្នូរក្រៅពីកិច្ចសន្យាលក់ទិញ ។

ផ្នែកទី ២៖ ភាគីនៃកិច្ចសន្យាលក់ទិញ និងកម្មវត្ថុនៃកិច្ចសន្យាលក់ទិញ

មាត្រា ៥២៤. ភាគីនៃកិច្ចសន្យាលក់ទិញ

រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយអាចលក់ ឬទិញបានលើកលែងតែក្នុងករណីដែលច្បាប់ហាមឃាត់ ។

មាត្រា ៥២៥. បុគ្គលដែលមិនអាចក្លាយជាអ្នកទិញបាន (មួយ)

១-អ្នកគ្រប់គ្រងទ្រព្យសម្បត្តិតាមច្បាប់តាមផ្លូវតុលាការ ឬតាមកិច្ចសន្យាមិនអាចក្លាយជាអ្នកទិញ ឬជាអ្នកទិញដោយការលក់ដោយបង្ខំនូវទ្រព្យសម្បត្តិដែលខ្លួនបានទទួលភារកិច្ចលក់ដោយផ្ទាល់ខ្លួន ឬតាមរយះអន្តរការីបានឡើយ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះមន្ត្រីរាជការដែលទទួលបន្ទុកចាត់ការ ការលក់ដោយបង្ខំ ឬទទួលបន្ទុកគ្រប់គ្រងការលក់ដោយបង្ខំ ។

៣-ចំពោះការលក់ទិញដែលផ្ទុយនឹងកថាខណ្ឌទី ១ ឬ ទី ២ ខាងលើនេះមានតែកម្មសិទ្ធិករនៃវត្ថុមុនពេលលក់ ឬសន្តតិជនឬប្រតិសិទ្ធិរបស់កម្មសិទ្ធិករនោះទេទើបអាចលុបចោលកិច្ចសន្យានេះបាន ។

មាត្រា ៥២៦. បុគ្គលដែលមិនអាចក្លាយជាអ្នកទិញបាន (ពីរ)

១-ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬមន្ត្រីតុលាការផ្សេងទៀត មិនអាចក្លាយជាអ្នកទិញ ឬជាអ្នកទិញដោយការលក់ដោយបង្ខំដោយផ្ទាល់ខ្លួន ឬតាមរយៈអន្តរការីនូវវត្ថុ ឬសិទ្ធិ ដែលជាកម្មវត្ថុនៃវិវាទដែលកំពុងចាត់ការនៅតុលាការដែលខ្លួនបំពេញភារកិច្ចបានទេ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលមេធាវី ឬសារការី ក្លាយជាអ្នកទិញ ឬជាអ្នកទិញដោយការលក់ដោយបង្ខំនូវវត្ថុ ឬសិទ្ធិដែលទាក់ទងនឹងរឿងក្តីដែលខ្លួនទទួលបន្ទុក ។

៣-ចំពោះការលក់ទិញដែលផ្ទុយនឹងកថាខណ្ឌទី ១ ឬ ទី ២ ខាងលើនេះមានតែអ្នកលក់ភាគីម្ខាងទៀតដែលមានវិវាទអំពីសិទ្ធិ ឬសន្តតិជនឬប្រតិសិទ្ធិរបស់អ្នកលក់ ឬភាគីម្ខាងទៀតទេទើបអាចលុបចោលកិច្ចសន្យានេះបាន ។

មាត្រា៥២៧. វត្ថុដែលអាចលក់បាន

វត្ថុ ឬសិទ្ធិទាំងឡាយណាទោះបីជាកើតមានឡើងនាពេលអនាគតក៏ដោយក៏អាចយកទៅធ្វើជាកម្មវត្ថុនៃកិច្ចសន្យាលក់ទិញបានដែរលើកលែងតែវត្ថុ ឬសិទ្ធិនោះមានលក្ខណៈមិនអាចធ្វើអនុប្បទាន ឬច្បាប់ហាមឃាត់មិនឱ្យធ្វើអនុប្បទាន ។

ផ្នែកទី៣៖ អានុភាពនៃកិច្ចសន្យាលក់ទិញ

មាត្រា ៥២៨. ការផ្ទេរកម្មសិទ្ធិ

១-ចំពោះការផ្ទេរកម្មសិទ្ធិលើកម្មវត្ថុក្នុងកិច្ចសន្យាលក់ទិញ ត្រូវអនុវត្តទៅតាមគោលការណ៍ទូទៅដែលបានកំណត់នៅក្នុងមាត្រា ១៣៣ (ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស ដោយការព្រមព្រៀង) មាត្រា ១៣៤ (ល័ក្ខខ័ណ្ឌតតាំងនៃការបង្កើតការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស) មាត្រា ១៣៥ (ល័ក្ខខ័ណ្ឌដើម្បីបង្កើតអានុភាពនៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀង) មាត្រា ១៦០ (លទ្ធកម្មនៃកម្មសិទ្ធិ លើអចលនវត្ថុ និងមាត្រា ១៨៧ (លទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុ) នៃក្រមនេះ ។

២-បើកម្មវត្ថុនៃកិច្ចសន្យាលក់ទិញជាសិទ្ធិលើទ្រព្យសម្បត្តិក្រៅពីកម្មសិទ្ធិ ការផ្ទេរ សិទ្ធិទាំងនោះត្រូវអនុវត្តទៅតាមគោលការណ៍ទូទៅដែលទាក់ទងនឹងការផ្ទេរសិទ្ធិនីមួយៗនោះ។

កថាភាគទី ១៖ ករណីយកិច្ចរបស់អ្នកលក់

មាត្រា ៥២៩.- ករណីយកិច្ចត្រូវពន្យល់របស់អ្នកលក់

អ្នកលក់មានករណីយកិច្ចត្រូវពន្យល់ឱ្យ បានច្បាស់លាស់ នូវខ្លឹមសារនៃករណីយ| កិច្ចដែលអ្នកលក់ទទួលបន្ទុកទំនាក់ទំនងគតិយុត្តដែលទាក់ទងនឹងវត្ថុ ឬសិទ្ធិដែលជា | កម្មវត្ថុនៃការលក់ទិញ ហើយជាពិសេសក្នុងករណីលក់អចលនវត្ថុ ត្រូវពន្យល់ដល់អ្នកទិញ ឱ្យ បានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និង ព្រំដែននៃអចលនវត្ថុ ជាអាទិ៍ ។

មាត្រា ៥៣០. ករណីយកិច្ចទូទៅរបស់អ្នកលក់

អ្នកលក់មានករណីយកិច្ច ត្រូវផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិដែលខ្លួនបានលក់ត្រូវប្រគល់វត្ថុដែលបានលក់ត្រូវថែរក្សាទុកនូវវត្ថុ ដែលបានលក់រហូតដល់ពេលប្រគល់ព្រមទាំងត្រូវប្រគល់លិខិតផ្សេងៗដែលចាំបាច់ដើម្បីបញ្ជាក់នូវសិទ្ធិ ចំពោះអ្នកទិញ តាមកិច្ចសន្យា និងបញ្ញត្តិនៃក្រមនេះ ។

មាត្រា ៥៣១. ករណីយកិច្ចត្រូវផ្ទេរសិទ្ធិ និងការទទួលខុសត្រូវក្នុងការធានារបស់អ្នកលក់

១-អ្នកលក់មានករណីយកិច្ចត្រូវផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការលក់ទិញទៅឱ្យអ្នកទិញ។

២-ប្រសិនបើកម្មវត្ថុនៃការលក់ទិញជាសិទ្ធិរបស់អ្នកដទៃអ្នកលក់មានករណីយកិច្ចត្រូវទទួលសិទ្ធិនោះ ហើយត្រូវផ្ទេរសិទ្ធិនោះទៅឱ្យអ្នកទិញ ។

៣-ប្រសិនបើអ្នកលក់មិនអាចផ្ទេរសិទ្ធិ ដែលជាកម្មវត្ថុនៃការលក់ទិញទៅឱ្យអ្នកទិញ បានទេអ្នកទិញអាចរំលាយកិច្ចសន្យាបាន ។    ក្នុងករណីនេះប្រសិនបើអ្នកទិញមិនបានដឹង នៅពេលធ្វើកិច្ចសន្យាថា សិទ្ធិនោះមិនមែនជាសិទ្ធិរបស់អ្នកលក់ទេអ្នកទិញអាចទាមទារសំណងនៃការខូចខាតបាន ។

មាត្រា ៥៣២. សិទ្ធិរំលាយកិច្ចសន្យារបស់អ្នកលក់សិទ្ធិអ្នកដទៃ

១-ប្រសិនបើអ្នកលក់មិនបានដឹងថា សិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញមិនមែនជា របស់ខ្លួននៅពេលធ្វើកិច្ចសន្យាទេ ហើយមិនអាចទទួលយកសិទ្ធិនោះដើម្បីផ្ទេរទៅឱ្យអ្នកទិញ បានទេអ្នកលក់អាចរំលាយកិច្ចសន្យានោះបានតែត្រូវសងការខូចខាត ។

២-ក្នុងករណីនៃកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើនៅពេលធ្វើកិច្ចសន្យាអ្នកទិញ បានដឹងថាសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញមិនមែនជាសិទ្ធិរបស់អ្នកលក់ទេ អ្នកលក់អាចរំលាយកិច្ចសន្យានោះបានដោយមិនចាំបាច់សងការខូចខាត ។

មាត្រា ៥៣៣. ការទទួលខុសត្រូវក្នុងការ ធានាចំពោះករណីដែលសិទ្ធិមួយភាគជាសិទ្ធិរបស់អ្នកដទៃ

១-ក្នុងករណីសិទ្ធិមួយភាគក្នុងចំណោមសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ គឺជាសិទ្ធិរបស់អ្នកដទៃ ហើយបើអ្នកលក់មិនអាចទទួលសិទ្ធិនៃភាគនោះដើម្បីផ្ទេរទៅឱ្យអ្នកទិញបានទេអ្នកទិញអាចទាមទារឱ្យបន្ថយនូវតម្លៃតាមសមាមាត្រនៃភាគនោះបាន ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះប្រសិនបើនៅពេលធ្វើកិច្ចសន្យាអ្នកទិញមិនបានដឹងថា ភាគខ្វះនោះមិនមែនជារបស់អ្នកលក់ទេ ហើយបើទទួលស្គាល់ថា អ្នកទិញនឹងមិនទិញតែភាគដែលសល់តែប៉ុណ្ណោះទេអ្នកទិញនោះអាចរំលាយកិច្ចសន្យា បាន ។

៣-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ឬ ទី ២ ខាងលើនេះបើនៅពេលធ្វើកិច្ចសន្យា អ្នកទិញមិនបានដឹងថាសិទ្ធិមួយភាគនោះមិនមែនជារបស់អ្នកលក់ទេអ្នកទិញក៏អាចទាមទារសំណងនៃការខូចខាតបានដែរ ។

៤-សិទ្ធិដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ទី ២ និង ទី ៣ ខាងលើនេះត្រូវអនុវត្តក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលអ្នកទិញបានដឹងការពិតក្នុងករណី ដែលនៅពេលធ្វើកិច្ចសន្យាអ្នកទិញមិនបានដឹងថាសិទ្ធិមួយភាគក្នុងចំណោមសិទ្ធិ ដែលជាកម្មវត្ថុនៃការលក់ទិញមិនមែនជារបស់អ្នកលក់ទេ ឬគិតចាប់ពីពេលធ្វើកិច្ចសន្យាក្នុងករណីដែលអ្នកទិញ បានដឹងថាសិទ្ធិមួយភាគក្នុងចំណោមសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញមិនមែនជារបស់អ្នកលក់នៅពេលធ្វើកិច្ចសន្យា ។

មាត្រា ៥៣៤. ការទទួលខុសត្រូវក្នុងការធានាក្នុងករណីដែលមានសិទ្ធិប្រត្យក្សជាផលុបភោគ ជាអាទិ៍

១-ក្នុងករណី ដែលកម្មវត្ថុនៃការលក់ទិញភ្ជាប់ជាមួយសិទ្ធិជួលជាអចិន្ត្រៃយ៍ផលុបភោគ សិទ្ធិប្រើប្រាស់សេវភាពសិទ្ធិជួលសិទ្ធិឃាត់ទុក ឬសិទ្ធិលើការបញ្ចាំសម្រាប់តតិយជនហើយបើអ្នកទិញមិនអាចប្រើប្រាស់ ឬទទួលផលពីកម្មវត្ថុទាំងមូល ឬមួយផ្នែកដោយសារអត្ថិភាពនៃសិទ្ធិនោះអ្នកទិញដែលមិនបានដឹងអំពីអត្ថិភាពនៃសិទ្ធិ នោះនៅពេលធ្វើកិច្ចសន្យាអាចទាមទារសំណងនៃការខូចខាតពីអ្នកលក់បាន ។

២-ក្នុងករណីដែល បានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះប្រសិនបើគោលបំណងនៃកិច្ចសន្យាមិនអាចសម្រេចបានដោយសារអត្ថិភាពនៃសិទ្ធិនោះអ្នកទិញ ដែលមិនបានដឹងអំពីអត្ថិភាពនៃសិទ្ធិនោះនៅពេលធ្វើកិច្ចសន្យា ក៏អាចរំលាយកិច្ចសន្យាបានដែរ ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះត្រូវយកមកអនុវត្តផងដែរចំពោះករណីដែលសេវភាពដែលត្រូវមានសម្រាប់អចលនវត្ថុ ដែលជាកម្មវត្ថុនៃការលក់ទិញបែរជាគ្មានទៅវិញ ។

៤-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ទី ២ ឬ ទី ៣ ខាងលើនេះ ការ រំលាយកិច្ចសន្យា ឬ ការទាមទារសំណងនៃការខូចខាត ត្រូវធ្វើឡើងក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលអ្នកទិញ បានដឹងការពិត ។

មាត្រា ៥៣៥. ការទទួលខុសត្រូវក្នុងការធានា ក្នុងករណីដែលមានសិទ្ធិប្រាតិភោគប្រត្យក្ស

១-ក្នុងករណីដែលមានឯកសិទ្ធិ ឬសិទ្ធិលើការបញ្ចដែលកំណត់ថា ម្ចាស់បំណុលមិនប្រើប្រាស់ និងអាស្រ័យផល ឬមានហ៊ីប៉ូតែកដែលបានដាក់លើអចលនវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញនៅពេលដែលអ្នកទិញបានបាត់បង់កម្មសិទ្ធិលើអចលនវត្ថុនោះ ដោយសារសិទ្ធិប្រាតិភោគប្រត្យក្សនោះត្រូវបានអនុវត្តអ្នកទិញអាចរំលាយកិច្ចសន្យាបាន ។

២-ក្នុងករណីដែលអ្នកទិញបានធ្វើការចំណាយដើម្បីរក្សាកម្មសិទ្ធិអ្នកទិញអាចទាមទារឱ្យអ្នកលក់សងថ្លៃចំណាយនោះមកវិញបាន ។

៣-ក្នុងករណីណាមួយដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ឬទី ២ ខាងលើនេះ ប្រសិនបើអ្នកទិញបានទទួលការខូចខាត អ្នកទិញអាចទាមទារសំណងនៃការខូចខាតនោះបាន ។

៤-ប្រសិនបើអ្នកទិញ បានទិញអចលនវត្ថុដែលភ្ជាប់សិទ្ធិប្រាតិភោគប្រត្យក្សដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ក្នុងតម្លៃដែលបានដកចេញនូវចំនួនទឹក បាក់នៃសិទ្ធិលើបំណុលដែលត្រូវបានធានាដោយសិទ្ធិប្រាតិភោគប្រត្យក្សនោះរួច ហើយអ្នកទិញនោះពុំមានសិទ្ធិដូចបានកំណត់នៅក្នុងកថាខណ្ឌទី ១ ទី ២ និង ទី ៣ ខាងលើនេះឡើយ ។

មាត្រា ៥៣៦. ការទទួលខុសត្រូវក្នុងការធានាក្នុងការលក់ដោយបង្ខំ

១-អ្នកដែលបានទិញតាមរយៈការលក់ដោយបង្ខំ អាចរំលាយកិច្ចសន្យាចំពោះកូន បំណុលឬទាមទារឱ្យបន្ថយតម្លៃបាន    ដោយអនុលោមទៅតាមបញ្ញត្តិពីមាត្រា ៥៣ (ករណីយកិច្ចត្រូវផ្ទេរសិទ្ធិ និងការទទួលខុសត្រូវក្នុងការធានារបស់អ្នកលក់) ដល់មាត្រា ៥៣៥ (ការទទួលខុសត្រូវក្នុងការធានាក្នុងករណីដែលមានសិទ្ធិប្រាតិភោគប្រត្យក្ស) នៃក្រមនេះ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះប្រសិនបើកូនបំណុល ស្ថិតក្នុងភាពអសាធនីយអ្នកទិញអាចទាមទារឱ្យម្ចាស់បំណុល ដែលបានទទួលចំណែកនៃថ្ងៃលក់សងប្រាក់ដែលបានមកពីការលក់នោះទាំងអស់ ឬមួយភាគវិញបាន ។

៣-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ឬទី ២ ខាងលើនេះប្រសិនបើកូនបំណុលបានដឹងអំពីអត្ថិភាពនៃហេតុ ដែលក្លាយជាមូលហេតុនៃការទទួលខុសត្រូវក្នុងការធានា ហើយមិនបានជូនដំណឹងទៅស្ថាប័នដែលអនុវត្តការលក់ដោយបង្ខំទេ ឬម្ចាស់បំណុលបានដឹងហើយ តែនៅតែទាមទារឱ្យលក់ដោយបង្ខំអ្នកទិញអាចទាមទារនូវសំណងនៃការខូចខាតពីអ្នកទាំងនោះបាន ។

មាត្រា ៥៣៧. ការទទួលខុសត្រូវក្នុងការធានារបស់អ្នកលក់សិទ្ធិលើបំណុល

១-អ្នកលក់សិទ្ធិលើបំណុលត្រូវទទួលខុសត្រូវចំពោះអត្ថិភាពនៃសិទ្ធិលើបំណុលនោះ។

២-ក្នុងករណី ដែលអ្នកលក់សិទ្ធិលើបំណុលបានធានាសាធនភាពរបស់កូនបំណុលនោះត្រូវសន្មតថាបានធានាសាធនភាពរបស់កូនបំណុល ដែលមាននៅពេលធ្វើកិច្ចសន្យា នោះ ។

៣-ក្នុងករណី ដែលអ្នកលក់សិទ្ធិលើបំណុលដែលមិនទាន់ដល់ពេលកំណត់ត្រូវសង បានធានាសាធនភាពអនាគតរបស់កូនបំណុលនោះត្រូវសន្មតថាបានធានាសាធនភាព របស់កូនបំណុលនៅពេលកំណត់ត្រូវសង ។

មាត្រា ៥៣៨. ការព្រមព្រៀងគ្នាក្នុងការអនុគ្រោះ ឬកម្រិតនូវការទទួលខុសត្រូវក្នុងការធានា

ទោះបីជាមានការព្រមព្រៀងគ្នាក្នុងការអនុគ្រោះ ឬកម្រិតនូវការទទួលខុសត្រូវក្នុងការ ធានាដែលអ្នកលក់ត្រូវមានតាមបញ្ញត្តិពីមាត្រា ៥៣១ (ករណីយកិច្ចត្រូវផ្ទេរសិទ្ធិ និងការទទួលខុសត្រូវក្នុងការធានារបស់អ្នកលក់) ដល់មាត្រា ៥៣៧ (ការទទួលខុសត្រូវក្នុងការធានារបស់អ្នកលក់សិទ្ធិលើបំណុល) នៃក្រមនេះក៏ដោយក៏អ្នកលក់មិនអាចរួចផុតពីការទទួលខុសត្រូវ បានដែរចំពោះហេតុការណ៍ដែលអ្នកលក់បានដឹងតែមិនបានផ្តល់ដំណឹង ឬសិទ្ធិដែលខ្លួនបានបង្កើតសម្រាប់តតិយជន ឬបានធ្វើអនុប្បទានទៅតតិយជន ។

មាត្រា ៥៣៩. ករណីយកិច្ចផ្តល់វត្ថុដែលគ្មានវិការៈ

១-អ្នកលក់ត្រូវមានករណីយកិច្ចប្រគល់វត្ថុដែលគ្មានវិការៈឱ្យទៅអ្នកទិញ ។

២-លើកលែងតែគូភាគីបានកំណត់ផ្សេងវត្ថុដែលបានប្រគល់ឱ្យទៅអ្នកទិញមានលក្ខណៈណាមួយដូចខាងក្រោមនេះត្រូវបានចាត់ទុកថា មានវិការៈ :

ក-វត្ថុនោះមានភាពមិនស្របនឹងចំនួនគុណភាព និងលក្ខណៈដែលបានកំណត់ក្នុងកិច្ចសន្យា ។

ខ-វត្ថុនោះមានភាពផ្សេងពីគំរូដែលអ្នកលក់បានបង្ហាញឱ្យអ្នកទិញមើលចំពោះចំនួនគុណភាព និងលក្ខណៈ ។

គ-វត្ថុនោះមិនស្របនឹងវិធីប្រើដែលអ្នកទិញត្រូវបានបង្ហាញដោយជាក់លាក់ ឬ ដោយតុណីភាពនៅពេលធ្វើកិច្ចសន្យា ។

ឃ-វត្ថុនោះមិនស្របនឹងវិធីប្រើធម្មតានៃវត្ថុប្រភេទដូចគ្នា ។

ង-វត្ថុនោះមិនត្រូវបានខ្ទប់តាមវិធីធម្មតានៃការខ្ចប់វត្ថុប្រភេទដូចគ្នា ឬតាមវិធី សមរម្យដើម្បីការពារវត្ថុនោះ ។

មាត្រា ៥៤០. ការទទួលខុសត្រូវក្នុងការ ធានាវិការៈ

១-នៅពេលដែលហានិភ័យត្រូវផ្ទេរទៅអ្នកទិញ បើវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញមានវិការៈទោះបីជាវិការៈនេះត្រូវបានដឹងច្បាស់នៅក្រោយពេលដែលហានិភ័យត្រូវបានផ្ទេរក៏ដោយ ក៏អ្នកលក់ត្រូវទទួលខុសត្រូវក្នុងការប្រគល់វត្ថុជំនួសការជួសជុលវិការៈការរំលាយកិច្ចសន្យា ឬការបន្ថយនូវតម្លៃស្របតាមកិច្ចសន្យា និងបញ្ញត្តិនៃក្រមនេះដែរ ។

២-ទោះបីជាវិការៈកើតឡើងនៅក្រោយពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាង លើនេះក៏ដោយប្រសិនបើវិការៈនោះបានកើតឡើងដោយសារអ្នកលក់ធ្វើខុសនឹងករណីយកិច្ច របស់ខ្លួនក៏អ្នកលក់ត្រូវទទួលខុសត្រូវក្នុងការធានាវិការៈដូចបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះដែរ ។

៣-ក្នុងករណីដែលអ្នកលក់ធានាថា វត្ថុដែលជាកម្មវត្ថុនៃការលក់នោះត្រូវស្របនឹងគោលបំណងធម្មតា ឬគោលបំណងពិសេសក្នុងអំឡុងពេលដែលបានកំណត់ក្រោយពីការប្រគល់ ឬធានាថាវត្ថុដែលជាកម្មវត្ថុនោះត្រូវរក្សាទុកនូវគុណភាពពិសេស ឬលក្ខណៈពិសេសដដែលក្នុងអំឡុងពេលដែលបានកំណត់ក្រោយពីការប្រគល់ ហើយបើមានការបំពានលើការធានានោះអ្នកលក់ត្រូវទទួលខុសត្រូវក្នុងការធានាវិការៈដូចគ្នាដែរ ។

៤-ក្នុងករណីដែលអ្នកទិញបានដឹង ឬមិនបានដឹងដោយសារកំហុសធ្ងន់ធ្ងររបស់ខ្លួនអំពីវិការៈនៃវត្ថុ ដែលជាកម្មវត្ថុនោះនៅពេលធ្វើកិច្ចសន្យាលក់ទិញអ្នកលក់មិនត្រូវទទួលខុសត្រូវក្នុងការធានវិការៈនោះទេ ។

មាត្រា ៥៤១. សិទ្ធិជួសជុលរបស់អ្នកលក់

១-ក្នុងករណីដែលអ្នកលក់ប្រគល់វត្ថុ ដែលមានវិការៈមុនពេលកំណត់ត្រូវប្រគល់អ្នកលក់នោះអាចជួសជុលវិការៈរហូតដល់ពេលកំណត់នោះបានលុះត្រាតែមិនបណ្តោល ឱ្យខូចខាតផលប្រយោជន៍ហួសហេតុដល់អ្នកទិញ ។   ប៉ុន្តែ អ្នកទិញមិនត្រូវបានរារាំងក្នុងការអនុវត្តសិទ្ធិទាមទារសំណងនៃការខូចខាតឡើយ ។

២-ទោះបីជាក្រោយពេលកំណត់ត្រូវប្រគល់ក៏ដោយ អ្នកលក់អាចជួសជុលវិការៈទាំងអស់ដោយចេញចំណាយដោយខ្លួនឯង បានលុះត្រាតែមិនបណ្តាលឱ្យមានការខូចខាតផលប្រយោជន៍ហួសហេតុដល់អ្នកទិញ ។   ប៉ុន្តែ អ្នកទិញមិនត្រូវបានរារាំងក្នុងការអនុវត្តសិទ្ធិរំលាយ និងសិទ្ធិទាមទារសំណងនៃការខូចខាតឡើយ ។

មាត្រា ៥៤២. សិទ្ធិទាមទារឱ្យអនុវត្តពេញលេញរបស់អ្នកទិញ

១-អ្នកទិញអាចទាមទារឱ្យអ្នកលក់អនុវត្តករណីយកិច្ចបាន ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអ្នកទិញទាមទារការសង្គ្រោះដែលមិនសមស្របនឹងការទាមទារឱ្យអនុវត្តករណីយកិច្ចនោះ ។

២-ក្នុងករណី ដែលកម្មវត្ថុនៃការលក់ទិញមានវិការៈអ្នកទិញអាចទាមទារឱ្យអ្នកលក់ប្រគល់វត្ថុជំនួសដែលគ្មានវិការៈបាន ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលការរៀបចំវត្ថុដែលមានប្រភេទដូចគ្នាដោយអ្នកលក់នឹងបង្កើតបន្ទុក មិនសមរម្យហួសហេតុដោយគិតពិចារណានូវកាលៈទេសៈជុំវិញទាំងឡាយ ។

៣-ក្នុងករណី ដែលកម្មវត្ថុនៃការលក់ទិញមានវិការៈអ្នកទិញអាចទាមទារឱ្យអ្នកលក់ជួសជុលវត្ថុដែលជាកម្មវត្ថុនោះបាន ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលការជួសជុលវត្ថុដែលជាកម្មវត្ថុដោយអ្នកលក់ នឹងបង្កើតបន្ទុកមិនសមរម្យហួសហេតុ ដោយគិតពិចារណានូវកាលៈទេសៈជុំវិញទាំងឡាយ ។

៤-អ្នកទិញអាចកំណត់អំឡុងពេលសមរម្យបន្ថែមដើម្បី ឱ្យអ្នកលក់អនុវត្តករណីយកិច្ច បាន ។   អ្នកទិញមិនអាចទាមទារការសង្គ្រោះចំពោះការបំពានកិច្ចសន្យាក្នុងអំឡុងពេលនេះទេលើកលែងតែករណីដែលអ្នកទិញទទួលដំណឹងពីអ្នកលក់ថាអ្នកលក់មិនអនុវត្តករណីយកិច្ច

របស់ខ្លួនក្នុងអំឡុងពេលនោះ ។    ប៉ុន្តែ អ្នកទិញមិនត្រូវបាត់បង់សិទ្ធិទាមទារសំណងការខូច ខាតដែលបានកើតឡើងដោយសារការយឺតយ៉ាវក្នុងការអនុវត្តករណីយកិច្ច តាមពេលកំណត់ ដើមទេ ។

មាត្រា ៥៤៣. សិទ្ធិរំលាយកិច្ចសន្យារបស់អ្នកទិញ

ក្នុងករណីដែលអ្នកទិញមិនអាចសម្រេចគោលបំណងនៃកិច្ចសន្យាលក់ទិញបានដោយសារវត្ថុដែលត្រូវបានប្រគល់មានវិការៈអ្នកទិញនោះអាចរំលាយកិច្ចសន្យានោះបាន ។

មាត្រា ៥៤៤. សិទ្ធិទាមទារឱ្យបន្ថយថ្លៃលក់របស់អ្នកទិញ

ក្នុងករណីវត្ថុដែលត្រូវបានប្រគល់មានវិការៈទោះបីជាថ្ងៃលក់ត្រូវបានបង់រួច ហើយក៏ដោយ ឬមិនទាន់បង់ក៏ដោយក៏អ្នកទិញអាចទាមទារបន្ថយថ្ងៃលក់នោះតាមសមាមាត្រនៃភាពខុសគ្នានៅពេលប្រគល់រវាងតម្លៃនៃវត្ថុដែលគ្មានវិការៈ និងតម្លៃនៃវត្ថុដែលត្រូវបានប្រគល់ បានដែរ ។   ប៉ុន្តែ ក្នុងករណីដែលអ្នកលក់ជួសជុលវិការៈនោះដោយស្របទៅតាមមាត្រា ៥៤២ (សិទ្ធិទាមទារឱ្យអនុវត្តពេញលេញរបស់អ្នកទិញ) នៃក្រមនេះ ឬករណីដែលអ្នកទិញមិនព្រមទទួលសេចក្តីស្នើផ្តល់ការជួសជុលរបស់អ្នកលក់ដោយគ្មានមូលហេតុត្រឹមត្រូវ នោះអ្នកទិញមិនអាចទាមទារឱ្យបន្ថយថ្ងៃលក់បានឡើយ ។

មាត្រា ៥៤៥. សិទ្ធិទាមទារសំណងនៃការខូចខាតរបស់អ្នកទិញ

អ្នកទិញមិនត្រូវបានរារាំង ក្នុងការទាមទារសំណងនៃការខូចខាតដោយស្របទៅតាមបញ្ញត្តិនៃផ្នែកទី ៣ (សំណងនៃការខូចខាត) ជំពូកទី ៤ នៃគន្ឌីទី ៤ ដោយមិនអនុវត្ត ឬដោយអនុវត្តព្រមគ្នានូវសិទ្ធិដែលបានកំណត់នៅក្នុងបញ្ញត្តិពីមាត្រា ៥៤២ (សិទ្ធិទាមទារឱ្យអនុវត្តពេញលេញរបស់អ្នកទិញ) ដល់មាត្រា ៥៤៤ (សិទ្ធិទាមទារឱ្យបន្ថយថ្លៃលក់របស់អ្នកទិញ) នៃក្រមនេះទេ ។

មាត្រា ៥៤៦. បញ្ញត្តិពិសេសស្តីពីដីដែលមានទំហំខ្វះ ឬលើស

១-ចំពោះដីដែលបានកំណត់ជាក់លាក់ណាមួយ ក្នុងករណីដែលការលក់ទិញត្រូវបានធ្វើឡើងដោយបញ្ជាក់ទំហំ និងកំណត់នូវតម្លៃតាមខ្នាតដីច្បាស់លាស់តែតាមការពិតទំហំដីដែលមាននោះមិនគ្រប់នឹងទំហំ       ដែលបានបញ្ជាក់អ្នកទិញអាចទាមទារឱ្យអ្នកលក់ផ្តល់តាវ

កាលិកនូវផ្នែកដែលខ្វះ ឬបន្ថយនូវតម្លៃដីនោះទៅតាមទំហំដីដែលខ្វះ ឬរំលាយកិច្ចសន្យា និង ទាមទារសំណងនៃការខូចខាតតាមបញ្ញត្តិពីមាត្រា ៥៤២ (សិទ្ធិទាមទារឱ្យអនុវត្តពេញលេញរបស់អ្នកទិញ) ដល់មាត្រា ៥៤៥ (សិទ្ធិទាមទារសំណងនៃការខូចខាតរបស់អ្នកទិញ) នៃក្រមនេះបានលើកលែងតែមានការព្រមព្រៀងផ្សេងរវាងភាគី ។

២-ចំពោះដីដែលបានកំណត់ជាក់លាក់ណាមួយ ក្នុងករណីដែលការលក់ទិញត្រូវបានធ្វើឡើងដោយបញ្ជាក់ទំហំ និងកំណត់នូវតម្លៃតាមខ្នាតដីច្បាស់លាស់តែតាមការពិតទំហំដីដែលមាននោះលើសពីទំហំដែលបានបញ្ជាក់ អ្នកលក់ដែលមិនបានដឹងអំពីការលើសទំហំនោះ ហើយពុំមានកំហុសក្នុងការមិនបានដឹងនោះអាចទាមទារឱ្យអ្នកទិញបន្ថែមតម្លៃដីដែលលើសនោះបានលើកលែងតែមានការព្រមព្រៀងផ្សេងរវាងភាគី ។

៣-ចំពោះដីដែលបានកំណត់ជាក់លាក់ណាមួយ ក្នុងករណីដែលការលក់ទិញត្រូវបានធ្វើឡើងដោយបញ្ជាក់ទំហំ និងកំណត់តែតម្លៃដីទាំងមូលទោះបីជាទំហំដីនោះមិនគ្រប់នឹងទំហំដែលបានបញ្ជាក់ក៏ដោយក៏អ្នកទិញមិនអាចទាមទារ ឱ្យអ្នកលក់ផ្តល់តាវកាលិកនូវផ្នែកដែលខ្វះ ឬបន្ថយនូវតម្លៃដីនោះទៅតាមទំហំដីដែលខ្វះ ឬរំលាយកិច្ចសន្យា ឬទាមទារសំណងនៃការខូចខាតបានឡើយ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលអ្នកលក់បានដឹងអំពីការខ្វះទំហំដីនោះ ឬករណីដែលអ្នកលក់បានធានានូវទំហំដីនោះ ឬ ករណីដែលទំហំខ្វះនោះច្រើនជាង ១ ភាគ ២០ (មួយភាគម្ភៃ) ។

៤-ចំពោះដីដែលបានកំណត់ជាក់លាក់ណាមួយក្នុងករណី ដែលការលក់ទិញត្រូវបានធ្វើឡើងដោយបញ្ជាក់ទំហំ និងកំណត់តែតម្លៃដីទាំងមូលទោះបីជាតាមការពិតទំហំដីដែលមាននោះលើសពីទំហំ ដែលបានបញ្ជាក់ក៏ដោយក៏អ្នកលក់មិនអាចទាមទារឱ្យអ្នកទិញបន្ថែមតម្លៃដីបានឡើយ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលទំហំលើសនោះច្រើនជាង ១ ភាគ ២០ (មួយភាគម្ភៃ) ហើយអ្នកលក់មិនបានដឹងអំពីការលើសទំហំ និងពុំមានកំហុសក្នុងការមិនបានដឹងនោះ ។

៥-ក្នុងករណីដែលអ្នកលក់ទាមទារបន្ថែមតម្លៃតាមបញ្ញត្តិនៃកថាខណ្ឌទី២ ឬកថាខណ្ឌទី ៤ នៃមាត្រានេះអ្នកទិញអាចរំលាយកិច្ចសន្យាបាន ។

មាត្រា ៥៤៧. អំឡុងពេលដែលអាចអនុវត្តសិទ្ធិ

១-សិទ្ធិដែលបានកំណត់ក្នុងមាត្រា ៥៤២ (សិទ្ធិទាមទារឱ្យអនុវត្តពេញលេញរបស់អ្នកទិញ) ដល់មាត្រា ៥៤៤ (សិទ្ធិទាមទារឱ្យបន្ថយថ្ងៃលក់របស់អ្នកទិញ) និងមាត្រា ៥៤៦ (បញ្ញត្តិពិសេសស្តីពីដីដែលមានទំហំខ្វះ  ឬលើស) នៃក្រមនេះត្រូវអនុវត្តនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ។ ប៉ុន្តែ ចំពោះសិទ្ធិទាមទារសំណងនៃការខូចខាតដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង វាក្យខណ្ឌទី ២ កថាខណ្ឌទី ៣ នៃមាត្រា ៥៤៦ (បញ្ញត្តិពិសេស ស្តីឥដីដែលមានទំហំខ្វះ ឬ លើស) ត្រូវអនុលោមតាមបញ្ញត្តិនៃមាត្រា ៤៨២ (អំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលទូទៅ) នៃក្រមនេះ ។

២-អំឡុងពេលដែលបានកំណត់ក្នុងវាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវគិតចាប់តាំងពីពេលដែលអ្នកទិញបានដឹង ឬគួរបានដឹងអំពីវិការៈ និងការខូចខាត រីឯអ្នកលក់វិញត្រូវគិតចាប់តាំងពីពេលធ្វើកិច្ចសន្យា ។

មាត្រា ៥៤៨. កិច្ចសន្យាពិសេសដែលអនុគ្រោះ ឬកម្រិតនូវការទទួលខុសត្រូវក្នុងការធានាវិការៈ

ទោះបីជាមានការព្រមព្រៀងអនុគ្រោះ ឬកម្រិតនូវការទទួលខុសត្រូវក្នុងការធានាវិការៈដែលអ្នកលក់ត្រូវមានតាមបញ្ញត្តិនៃមាត្រា ៥៤០ (ការទទួលខុសត្រូវក្នុងការធានាវិការៈ) នៃក្រមនេះក៏ដោយចំពោះវិការៈ  ដែលអ្នកលក់បានដឹងតែមិនបានប្រាប់ទេក៏អ្នកលក់នេះមិនអាចយកការព្រមព្រៀងអនុគ្រោះ ឬកម្រិតនូវការទទួលខុសត្រូវនោះមកអះអាងបានឡើយ ។

មាត្រា ៥៤៩. ករណីយកិច្ចប្រគល់វត្ថុដែលជាកម្មវត្ថុ

១-អ្នកលក់ត្រូវមានករណីយកិច្ចប្រគល់វត្ថុ ដែលជាកម្មវត្ថុទៅឱ្យអ្នកទិញតាមកាលបរិច្ឆេទ និងតាមទីកន្លែងដែលបានកំណត់នៅក្នុងកិច្ចសន្យា ។

២-ក្នុងករណី  ដែលកំណត់តែពេលត្រូវបង់ថ្លៃលក់ប៉ុណ្ណោះនោះត្រូវសន្មតថាពេលកំណត់នៃការប្រគល់វត្ថុដែលជាកម្មវត្ថុក៏ដូចពេលកំណត់នៃការបង់ថ្លៃលក់ដែរ ។

៣-ក្នុងករណីដែលមិនបានកំណត់កាលបរិច្ឆេទ ដែលត្រូវប្រគល់ផងមិនបានកំណត់ កាលបរិច្ឆេទដែលត្រូវបង់ថ្លៃលក់ផងអ្នកលក់មានករណីយកិច្ចប្រគល់វត្ថុ ដែលជាកម្មវត្ថុទៅឱ្យ អ្នកទិញនៅពេលដែលអ្នកទិញទាមទារឱ្យប្រគល់ ។

៤-ក្នុងករណីដែលមិនបានកំណត់ទីកន្លែងដែលត្រូវប្រគល់ទេ ចំពោះការលក់វត្ថុដែលបានកំណត់ជាក់លាក់អ្នកលក់ត្រូវប្រគល់វត្ថុ ដែលជាកម្មវត្ថុនៅទីកន្លែងដែលវត្ថុនោះស្ថិតនៅ នៅពេលធ្វើកិច្ចសន្យា និងចំពោះករណីក្រៅពីនេះត្រូវប្រគល់វត្ថុដែលជាកម្មវត្ថុនោះនៅលំនៅឋានរបស់អ្នកទិញ ។

៥-អ្នកលក់ត្រូវចេញសោហ៊ុយ សម្រាប់ប្រគល់លើកលែងតែមានការព្រមព្រៀងគ្នាពិសេស ។    ប៉ុន្តែ ប្រសិនបើសោហ៊ុយប្រគល់នោះកើនឡើងដោយសារអ្នកទិញបានប្តូរ លំនៅឋាន ឬដោយសារអំពើអ្វីមួយរបស់អ្នកទិញអ្នកទិញត្រូវទទួលបន្ទុកបង់នូវចំនួនកំណើននៃសោហ៊ុយនេះ ។

មាត្រា ៥៥០. វិធីប្រគល់

ការប្រគល់វត្ថុត្រូវធ្វើឡើងតាមវិធីប្រគល់កម្មវត្ថុដោយជាក់ស្តែង វិធីប្រគល់ដោយ សង្ខេបវិធីផ្ទេរការកាន់កាប់ដោយបញ្ជា ឬវិធីប្តូរលក្ខណៈនៃការកាន់កាប់តាមបញ្ញត្តិនៃមាត្រា ២២៩ (ការផ្ទេរការកាន់កាប់) នៃក្រមនេះ ។   ការប្រគល់អចលនវត្ថុអាចធ្វើឡើងបានដោយការប្រគល់សោនៃអាគារ ឬប្រគល់ប័ណ្ណបញ្ជាក់សិទ្ធិ ។

មាត្រា ៥៥១. សិទ្ធិតវ៉ាឱ្យអនុវត្តព្រមគ្នា និងសិទ្ធិតវ៉ាដោយមានការបារម្ភ

១-អ្នកលក់អាចប្រកែកមិនព្រមផ្ទេរសិទ្ធិដែលជាកម្មវត្ថុ និងមិនព្រមប្រគល់វត្ថុដែលជាកម្មវត្ថុទៅអ្នកទិញបានរហូតដល់ពេល ដែលអ្នកទិញបានផ្តល់ការសងចំពោះកាតព្វកិច្ចបង់ថ្លៃលក់ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលកាតព្វកិច្ចរបស់អ្នកទិញនោះពុំទាន់ដល់ពេលកំណត់ត្រូវសង ឬករណីដែលមានការព្រមព្រៀងគ្នាអំពីការអនុវត្តករណីយកិច្ចផ្ទេរសិទ្ធិ ឬកាតព្វកិច្ចប្រគល់ជាមុន ។

២-ទោះបីជាអ្នកលក់បានអនុញ្ញាតឱ្យអ្នកទិញមានពេលកំណត់ដើម្បី សងថ្ងៃកម្មវត្ថុក៏ដោយប្រសិនបើអ្នកទិញបានក្ស័យធន    ឬបានក្លាយទៅជាមានកង្វះនូវទ្រព្យធនក្រោយពេល

ធ្វើកិច្ចសន្យាលក់ទិញ ឬបានលាក់នូវកង្វះនៃទ្រព្យធនមុនពេលធ្វើកិច្ចសន្យាក៏អ្នកលក់អាចប្រកែកមិនផ្ទេរសិទ្ធិ និងមិនប្រគល់កម្មវត្ថុនោះបានដែរ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលអ្នកទិញបានដាក់ប្រាតិភោគ ឬចាត់ចែងវិធានការដើម្បីរំលត់ការបារម្ភនោះ ។

មាត្រា ៥៥២. ករណីយកិច្ចរក្សាទុកវត្ថុដែលជាកម្មវត្ថុ

១-អ្នកលក់វត្ថុ ដែលបានកំណត់ជាក់លាក់ត្រូវរក្សាទុកវត្ថុនោះដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដ៏ល្អរហូតដល់ពេលប្រគល់វត្ថុនោះទៅអ្នកទិញ ។   បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះវត្ថុដែលមិនកំណត់ក្រោយពីបានកំណត់វត្ថុនោះជាក់លាក់ហើយ ។

២-ក្នុងករណីដែលអ្នកលក់បានធ្វើឱ្យបាត់បង់    ឬធ្វើឱ្យខូចខាតវត្ថុដែលជាកម្មវត្ថុដោយសារខ្លួនធ្វេសប្រហែសមិនបានគោរពករណីយកិច្ចត្រូវប្រុងប្រយ័ត្ន ដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះអ្នកលក់ត្រូវទទួលខុសត្រូវចំពោះអ្នកទិញតាមកិច្ចសន្យា និងបញ្ញត្តិនៃផ្នែកទី ៣ (សំណងនៃការខូចខាត) ជំពូកទី ៤ គន្ថីទី ៤ នៃក្រមនេះ ។

មាត្រា ៥៥៣. សិទ្ធិទទួលផល

ក្នុងករណី ដែលកម្មវត្ថុនៃការលក់បានបង្កើតផលធម្មជាតិមុនពេលប្រគល់ទៅអ្នកទិញ ផលនេះត្រូវទុកជាកម្មសិទ្ធិរបស់អ្នកលក់លើកលែងតែមានការព្រមព្រៀងគ្នាពិសេស រវាងគូភាគី ។   បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលកម្មវត្ថុនៃការលក់បង្កើតផលស៊ីវិលដូចជាថ្ងៃឈ្នួល ជាអាទិ៍ ។

កថាភាគទី ២៖  ករណីយកិច្ចរបស់អ្នកទិញ

មាត្រា ៥៥៤. ករណីយកិច្ចទូទៅរបស់អ្នកទិញ

អ្នកទិញត្រូវមានករណីយកិច្ចបង់ថ្លៃជាប្រាក់ដែលសន្យា និងករណីយកិច្ចទទួលវត្ថុ ដែលខ្លួនបានទិញ ។

មាត្រា ៥៥៥. ករណីយកិច្ចបង់ថ្លៃទិញ

១-អ្នកទិញមានករណីយកិច្ចបង់ថ្លៃទិញជាប្រាក់ ដែលបានកំណត់ក្នុងកិច្ចសន្យាតាមកាលបរិច្ឆេទ និងនៅទីកន្លែងដែលបានកំណត់ក្នុងកិច្ចសន្យា ។

២-ក្នុងករណីនៃការលក់ចលនវត្ថុដែលមានតែកំណត់ពេលនៃការប្រគល់ចលនវត្ថុដែល

ជាកម្មវត្ថុនៃការលក់ប៉ុណ្ណោះ ឬក្នុងករណីនៃការលក់អចលនវត្ថុដែលមានតែកំណត់ពេលនៃការធ្វើសកម្មភាពចាំបាច់ដើម្បីចុះបញ្ជីអចលនវត្ថុ ដែលជាកម្មវត្ថុនៃការលក់ប៉ុណ្ណោះនោះត្រូវសន្មតថាពេលកំណត់នៃការបង់ថ្លៃទិញក៏ដូចពេលកំណត់នៃការប្រគល់ ឬការធ្វើសកម្មភាពចាំ បាច់ដើម្បីចុះបញ្ជីដែរ ។

៣-ក្នុងករណីដែលមិន បានកំណត់ពេលប្រគល់ចលនវត្ថុដែលជាកម្មវត្ថុ ឬពេលធ្វើសកម្មភាពចាំបាច់ដើម្បីចុះបញ្ជីអចលនវត្ថុ ដែលជាកម្មវត្ថុផងមិនបានកំណត់ពេលបង់ថ្ងៃផង អ្នកទិញមានករណីយកិច្ចបង់ថ្លៃទៅអ្នកលក់នៅពេលដែលអ្នកលក់ទាមទារឱ្យអ្នកទិញបង់ ។

៤-ក្នុងករណីដែលមិនបានកំណត់ទីកន្លែង ដែលត្រូវបង់ថ្លៃទិញនៅក្នុងកិច្ចសន្យាទេ ប្រសិនបើការបង់ថ្លៃត្រូវធ្វើព្រមគ្នានឹងការប្រគល់ចលនវត្ថុដែលជាកម្មវត្ថុ ឬព្រមគ្នានឹងការធ្វើសកម្មភាពចាំបាច់ដើម្បីចុះបញ្ជីអចលនវត្ថុ ដែលជាកម្មវត្ថុនោះអ្នកទិញត្រូវបង់ថ្លៃនៅទីកន្លែងដែលអ្នកលក់ត្រូវប្រគល់ចលនវត្ថុដែលជាកម្មវត្ថុ ឬត្រូវធ្វើសកម្មភាពចាំបាច់ដើម្បីចុះបញ្ជីអចលនវត្ថុដែលជាកម្មវត្ថុ ។

មាត្រា ៥៥៦. ការប្រាក់នៃថ្ងៃទិញ និងប្រាក់សំណងនៃការខូចខាតដោយសារការយឺត

យ៉ាវអ្នកទិញមិនចាំបាច់ត្រូវបង់ការប្រាក់នៃថ្ងៃទិញ ឬបាក់សំណងនៃការខូចខាត ដោយសារការយឺតយ៉ាវរហូតដល់ពេលដែលវត្ថុដែលជាកម្មវត្ថុត្រូវបានប្រគល់ឡើយ ។

មាត្រា ៥៥៧. សិទ្ធិបដិសេធមិនបង់ថ្លៃទិញក្នុងករណីដែលតតិយជនអះអាងសិទ្ធិរបស់ខ្លួនលើវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ

១-ក្នុងករណីដែលមានអ្នកអះអាងសិទ្ធិលើវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ ហើយមានការបារម្ភថា អ្នកទិញនឹងបាត់បង់នូវសិទ្ធិទាំងអស់ ឬមួយភាគដែលខ្លួនបានទិញនោះអ្នកទិញអាចបដិសេធមិនបង់ថ្លៃទិញទាំងអស់ ឬមួយភាគទៅតាមទំហំនៃហានិភ័យនោះបាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអ្នកលក់បានដាក់ប្រាតិភោគសមរម្យ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អ្នកលក់អាចទាមទារឱ្យ អ្នកទិញតម្កល់ថ្ងៃទិញបាន ។

មាត្រា ៥៥៨. សិទ្ធិតវ៉ាឱ្យអនុវត្តព្រមគ្នា និងសិទ្ធិតវ៉ាដោយមានការបារម្ភ

១-អ្នកទិញអាចមិនព្រមបង់ថ្លៃទិញបានរហូតដល់ពេល ដែលអ្នកលក់បានផ្តល់នូវការសងចំពោះកាតព្វកិច្ចរបស់ខ្លួន ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលកាតព្វកិច្ចរបស់អ្នកលក់មិនទាន់ដល់ពេលកំណត់ត្រូវសង ឬករណីដែលមានការព្រមព្រៀងគ្នាអំពីការអនុវត្តកាតព្វកិច្ចបង់ថ្លៃជាមុន ។

២-ទោះបីជាអ្នកទិញបានអនុញ្ញាតឱ្យអ្នកលក់មានពេលកំណត់ដើម្បីអនុវត្តកាតព្វកិច្ចក៏ដោយប្រសិនបើមានការបារម្ភយ៉ាងជាក់ស្តែងថា អ្នកលក់នឹងមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនក៏អ្នកទិញអាចប្រកែកមិនបង់ថ្លៃទិញបានដែរ ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអ្នកលក់បានដាក់ប្រាតិភោគ    ឬចាត់ចែងវិធានការដើម្បីរំលត់ការបារម្ភនោះ ។

មាត្រា ៥៥៩. ការយឺតយ៉ាវក្នុងការបំពេញករណីយកិច្ចទទួល

១-ក្នុងករណី ដែលអ្នកទិញមានការយឺតយ៉ាវក្នុងការបំពេញករណីយកិច្ចទទួលអ្នកលក់អាចទាមទារសំណងនៃការខូចខាត ឬរំលាយកិច្ចសន្យាតាមបញ្ញត្តិនៃផ្នែកទី ៣ (សំណងនៃការខូចខាត) និង ផ្នែកទី ៤ (ការរំលាយកិច្ចសន្យា) ជំពូកទី ៤ នៃគន្ថីទី ៤ បាន ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើវត្ថុដែលជាកម្មវត្ថុត្រូវបានបាត់បង់ ឬខូចខាតដោយគ្មានកំហុសរបស់អ្នកលក់អ្នកទិញត្រូវទទួលបន្ទុកហានិភ័យនោះ ។

៣-ក្នុងករណី ដែលអ្នកលក់បានផ្តល់នូវការសងតែអ្នកទិញនៅតែមិនព្រមទទួលវត្ថុដែលជាកម្មវត្ថុអ្នកលក់អាចតម្កល់ ឬលក់វត្ថុដែលជាកម្មវត្ថុនោះតាមបញ្ញត្តិនៃមាត្រា ៤៥៧ (ការតម្កល់) និងមាត្រា ៤៥៨ (សិទ្ធិលក់ដោយខ្លួនឯង) នៃក្រមនេះបាន ។

ផ្នែកទី ៤៖ ការរំលាយកិច្ចសន្យាលក់ទិញដោយអនុវត្តសិទ្ឋិលោះ

មាត្រា ៥៦០. ការសន្យាពិសេសនៃការលោះ

អ្នកលក់អាចរំលាយកិច្ចសន្យាលក់ទិញដោយសងប្រាក់ដែលអ្នកទិញបានបង់ និងសងសោហ៊ុយដែលបានកំណត់ក្នុងមាត្រា ៥៦៣ (វិធីអនុវត្តសិទ្ធិលោះ) នៃក្រមនេះ បានដោយផ្អែកលើការសន្យាពិសេសនៃសិទ្ធិលោះ ដែលបានកំណត់ច្បាស់លាស់នៅក្នុងលិខិតនៃកិច្ចសន្យា ។

មាត្រា ៥៦១. អំឡុងពេលនៃការសោះ

១-អំឡុងពេលនៃការសោះចំពោះអចលនវត្ថុគឺមិនអាចឱ្យលើសពី ៥ (ប្រាំ) ឆ្នាំ បានទេ ចំណែកឯចលនវត្ថុវិញ គឺមិនអាចឱ្យលើសពី ២ (ពីរ) ឆ្នាំ បានទេ ។   ប្រសិនបើបានកំណត់អំឡុងពេលវែងជាងនេះត្រូវតែបន្ថយកំណត់នោះដោយស្វ័យប្រវត្តិមកត្រឹម ៥ (ប្រាំ) ឆ្នាំ ចំពោះអចលនវត្ថុ ហើយមកត្រឹម ២ (ពីរ) ឆ្នាំ វិញចំពោះចលនវត្ថុ ។

២-ក្នុងករណីដែលគូភាគី បានកំណត់នូវអំឡុងពេលសម្រាប់ការលោះរួចហើយ គូភាគីនោះមិនអាចពន្យារអំឡុងពេលថែមទៀតបានឡើយ ។

៣-ក្នុងករណីដែលមិនបានកំណត់អំឡុងពេលសម្រាប់ការលោះទេ អ្នកលក់ត្រូវអនុវត្តសិទ្ធិលោះនោះនៅក្នុងអំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

មាត្រា ៥៦២. ការតតាំងនៃការសន្យាពិសេសនៃការលោះ ជាអាទិ៍

១-អ្នកទិញអាចអនុវត្តសិទ្ធិទាំងឡាយក្នុងនាមជាកម្មសិទ្ធិករ ។    ប៉ុន្តែ ក្នុងករណីដែលការអនុវត្តសិទ្ធិនោះផ្ទុយ នឹងអត្ថន័យនៃការសន្យាពិសេសនៃការលោះអ្នកទិញត្រូវទទួលខុសត្រូវក្នុងការមិនអនុវត្តកាតព្វកិច្ចចំពោះអ្នកលក់ ។

២-ការសន្យាពិសេសនៃការលោះ នឹងមានអានុភាពចំពោះតតិយជនលុះត្រាតែការសន្យាពិសេសនោះត្រូវបានចុះបញ្ជីព្រមគ្នានឹងកិច្ចសន្យាលក់ទិញ ។

មាត្រា ៥៦៣. វិធីអនុវត្តសិទ្ធិលោះ

១-អ្នកលក់ត្រូវបង់ថ្លៃលក់ និងបង់សោហ៊ុយក្នុងការធ្វើកិច្ចសន្យាក្នុងអំឡុងពេលដែលបានកំណត់ដើម្បីលោះវិញ ។

២-ក្នុងករណីដែលអ្នកទិញ ឬអ្នកទទួលបន្តវត្ថុពីអ្នកទិញបានចេញចំណាយសោហ៊ុយចំពោះវត្ថុដែលជាកម្មវត្ថុអ្នកលក់ត្រូវសងទៅវិញនូវចំណាយជាចាំបាច់សម្រាប់គ្រប់គ្រង និង ថែរក្សាវត្ថុទាំងអស់រីឯការចំណាយបង្កើនតម្លៃវិញអ្នកលក់ត្រូវសងទៅអ្នកទិញវិញនូវសោហ៊ុយដែលអ្នកទិញ ឬអ្នកទទួលបន្តវត្ថុពីអ្នកទិញបានចេញ ឬតម្លៃប្រាក់ដែលកើននោះទៅតាមការជ្រើសរើសរបស់អ្នកលក់ក្នុងកម្រិតដែលកំណើនតម្លៃនោះនៅតែមាន ។

មាត្រា ៥៦៤. ការលក់វត្ថុដែលជាកម្មសិទ្ធិអវិភាគ ដោយមានការសន្យាពិសេសនៃការលោះ

១-ក្នុងករណីដែលម្ចាស់កម្មសិទ្ធិអវិភាគ បានលក់វត្ថុរួមទាំងមូលដោយមានការសន្យាពិសេសនៃការលោះតាមកិច្ចសន្យាតែមួយហើយបុគ្គលម្នាក់ក្នុងចំណោមម្ចាស់កម្មសិទ្ធិអវិភាគទាំងអស់បានទាមទារឱ្យលោះវត្ថុមួយភាគដែលជាកម្មសិទ្ធិរបស់ខ្លួន ឬវត្ថុទាំងមូលនោះអ្នកទិញមិនចាំបាច់យល់ព្រមក៏បានដែរ ។

២-ប្រសិនបើម្ចាស់កម្មសិទ្ធិអវិភាគទាំងអស់ បានលក់ភាគដែលជាកម្មសិទ្ធិរបស់ខ្លួនម្នាក់ៗទៅអ្នកទិញតែម្នាក់តាមកិច្ចសន្យាដោយឡែក ដោយមានការសន្យាពិសេសនៃការលោះវិញម្ចាស់កម្មសិទ្ធិអវិភាគនីមួយៗនោះអាចហោះមកវិញ នូវភាគដែលជាកម្មសិទ្ធិរបស់ខ្លួន បាន ។  

មាត្រា ៥៦៥. អានុភាពនៃការមិនអនុវត្តសិទ្ធិលោះ

ប្រសិនបើអ្នកលក់មិនអនុវត្តសិទ្ធិលោះក្នុងអំឡុងពេល ដែលបានកំណត់នៅក្នុងមាត្រា ៥៦១ (អំឡុងពេលនៃការបោះ) នៃក្រមនេះទេសិទ្ធិលោះត្រូវរលត់ ហើយកម្មសិទ្ធិរបស់អ្នកទិញនឹងក្លាយជាស្ថាពរ ។

ត្រឡប់ទៅមាតិកាក្រមរដ្ឋប្បវេណី