គន្ថីទី ៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល
ជំពូកទី ៤៖ ការខ្ចីបរិភោគ
ផ្នែកទី ១៖ និយមន័យ និងការបង្កើតកិច្ចសន្យាខ្ចីបរិភោគ
មាត្រា ៥៧៨. និយមន័យនៃការខ្ចីបរិភោគ
ការខ្ចីបរិភោគ សំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាងហៅថាអ្នកឱ្យខ្ចីមាន ករណីយកិច្ចប្រគល់ការប្រើប្រាស់ដោយសេរីនូវប្រាក់ស្បៀងអាហារ ឬវត្ថុជំនួសផ្សេងទៀត ក្នុងអំឡុងពេលដែលមានកំណត់ឱ្យទៅភាគីម្ខាងទៀតហៅថាអ្នកខ្ចីហើ យនៅក្រោយពេលដែលអំឡុងពេលនោះបានកន្លងផុតអ្នកខ្ចីមានករណីយកិច្ចសងទៅឱ្យអ្នកឱ្យខ្ជីវិញ នូវវត្ថុដែលមានប្រភេទគុណភាព និងចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលពីអ្នកឱ្យខ្ចីនោះ ។
មាត្រា ៥៧៩. ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ
កិច្ចសន្យាខ្ចីបរិភោគត្រូវបង្កើតឡើង ដោយការព្រមព្រៀងរវាងអ្នកឱ្យខ្ចី និងអ្នកខ្ចីតែប៉ុណ្ណោះ ។
មាត្រា៥៨០. ការដកកិច្ចសន្យាខ្ចីបរិភោគមិនយកការប្រាក់ដែលមិនធ្វើជាលិខិតលាយល័ក្ខណ៍អក្សរ
ចំពោះកិច្ចសន្យាខ្ចីបរិភោគមិនយកការប្រាក់ ដែលមិនធ្វើជាលិខិតលាយល័ក្ខណ៍អក្សរ ភាគីនីមួយៗនៃកិច្ចសន្យា អាចដកកិច្ចសន្យានោះនៅពេលណាក៏បាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះផ្នែកនៃវត្ថុដែលជាកម្មវត្ថុដែលអ្នកឱ្យខ្ចីបានប្រគល់ហើយ ។
មាត្រា ៥៨១. ការរំលាយដោយការធ្លាក់ចុះនូវទំនុកចិត្តចំពោះអ្នកខ្ចី
១-នៅក្នុងចន្លោះពេលដែលកិច្ចសន្យា បានបង្កើតឡើងរហូតទៅដល់ពេលប្រគល់វត្ថុដែលជាកម្មវត្ថុប្រសិនបើស្ថានភាពសេដ្ឋកិច្ចរបស់អ្នកខ្ចីធ្លាក់ចុះយ៉ាងខ្លាំង ដែលនឹងធ្វើឱ្យមានឧបសគ្គដល់ការអនុវត្តកាតព្វកិច្ចសងអ្នកឱ្យខ្ចីអាចរំលាយកិច្ចសន្យាខ្ចីបរិភោគបាន ។
២-បើអ្នកឱ្យខ្ចីបានរំលាយកិច្ចសន្យាដោយផ្អែកតាមបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះនៅក្នុងករណីដែលបានទទួលការប្រាក់កម្រៃជើងសារ ឬតម្លៃថ្នូរផ្សេងទៀតជាមុនអ្នកឱ្យខ្ចីនោះត្រូវសងទៅឱ្យអ្នកខ្ចីវិញ ។
មាត្រា ៥៨២. ឧបសន្យានៃការខ្ចីបរិភោគ
១-បុគ្គលដែលមានករណីយកិច្ចផ្តល់តាវកាលិកជាបាក់ ឬវត្ថុជំនួសផ្សេងទៀតដោយមូលហេតុក្រៅអំពីការខ្ចីបរិភោគប្រសិនបើបានព្រមព្រៀងជាមួយម្ចាស់បំណុលថាយកវត្ថុនោះធ្វើជាកម្មវត្ថុនៃការខ្ចីបរិភោគការខ្ចីបរិភោគត្រូវបានបង្កើតឡើងដោយការព្រមព្រៀងនេះ ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះបាតិភោគសម្រាប់កាតព្វកិច្ចចាស់ត្រូវបានសន្មតថា ត្រូវក្លាយទៅជាប្រាតិភោគសម្រាប់កាតព្វកិច្ចថ្មី ។
ផ្នែកទី ២៖ ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់
មាត្រា ៥៨៣. សិទ្ធិលើបំណុលដែលជាការប្រាក់
១-ការប្រាក់សំដៅទៅលើចំនួនទឹកប្រាក់ ឬវត្ថុផ្សេងទៀតដែលត្រូវបានផ្តល់ទៅឱ្យតាមសមាមាត្រនៃអំឡុងពេលនៃការប្រើប្រាស់ក្នុងនាមជាតម្លៃតបចំពោះការប្រើបាស់ប្រាក់ ឬវត្ថុ ដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចី ហើយដែលត្រូវគណនាដោយយកចំនួនទឹកប្រាក់ ឬវត្ថុដែលបានខ្ចីមកគុណជាមួយនឹងអត្រាដែលត្រូវបានកំណត់ ។
២-នៅក្នុងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះវត្ថុដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចីហៅថា ប្រាក់ដើមភាគដែលបានកំណត់ ដែលត្រូវបានដាក់ចូលទៅក្នុងចំនួនទឹកប្រាក់នៃប្រាក់ដើម ហៅថាអត្រាការប្រាក់ ។
៣-ភាគីនៃកិច្ចសន្យាខ្ចីបរិភោគ អាចយកកម្មវត្ថុនៃការសងការប្រាក់មកបង្កើតជាសិទ្ធិលើបំណុលតាមការព្រមព្រៀងបាន ។ ប៉ុន្តែ ចំពោះការព្រមព្រៀងបង្កើតសិទ្ធិលើបំណុលនៃការប្រាក់ប្រសិនបើពុំបានធ្វើតាមលិខិតជាលាយល័ក្ខណ៍អក្សរ ដោយមានចុះហត្ថលេខារបស់អ្នកខ្ចីទេពុំមានអានុភាពឡើយ ។
៤-នៅក្នុងការព្រមព្រៀងបង្កើតសិទ្ធិលើបំណុលនៃការប្រាក់ ដោយមិនយោលតាម លិខិតជាលាយល័ក្ខណ៍អក្សរ ដែលមានចុះហត្ថលេខារបស់អ្នកខ្ចីប្រសិនបើអ្នកខ្ចីបានសង ដោយដឹងអំពីការអនុវត្តបញ្ញត្តិវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ៣ ខាងលើនេះការសងមាន អានុភាពត្រឹមកម្រិតដែលត្រូវបានសងនោះតែប៉ុណ្ណោះ ។
មាត្រា ៥៨៤. អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ និងអត្រាការប្រាក់ក្នុងកិច្ចសន្យា
១-អត្រាការប្រាក់អាចកំណត់បានតាមបញ្ញត្តិច្បាប់ ឬដោយការព្រមព្រៀងរបស់ភាគី ។
២-ក្នុងករណីដែលត្រូវបង់ការប្រាក់តាមការព្រមព្រៀងរវាងភាគី ឬបញ្ញត្តិច្បាប់ប្រសិនបើភាគីពុំបានកំណត់អំពីអត្រាការប្រាក់ទេនោះត្រូវអនុលោមតាមអត្រាការប្រាក់ ដែលកំណត់ដោយច្បាប់ដែលបញ្ញត្តនៅក្នុងក្រមនេះ ឬច្បាប់ពិសេស ។
៣-អត្រាការប្រាក់ដែលកំណត់តាមការព្រមព្រៀងរបស់ភាគី ហើយដែលហួសអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ពុំមានអានុភាពឡើយ បើពុំបានកំណត់តាមលិខិតជាលាយល័ក្ខណ៍អក្សរយោងតាមរូបមន្តដែលកំណត់ក្នុងកថាខណ្ឌទី ៣ មាត្រា ៥៨៣ (សិទ្ធិលើបំណុលដែលជាការប្រាក់) ខាងលើទេ ។
មាត្រា ៥៨៥.ការកម្រិតការប្រាក់
១-អត្រាការប្រាក់ដែលត្រូវបានកម្រិត សំដៅទៅលើអត្រាការប្រាក់អតិបរមាដែលអាចកំណត់បានដោយស្របច្បាប់តាមការព្រមព្រៀងរបស់ភាគី ដែលកំណត់ដោយច្បាប់និង បទដ្ឋានគតិយុត្តផ្សេងទៀត ។
២-ភាគីអាចកំណត់ការប្រាក់ខ្ពស់ជាងអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ដែលបានបញ្ញត្តក្នុងកថាខណ្ឌទី ២ នៃមាត្រា ៥៨៤ (អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ និងអត្រាការប្រាក់ក្នុងកិច្ចសន្យា) ខាងលើនេះបានតែមិនអាចកំណត់លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិតបានឡើយ ។
៣-ប្រសិនបើភាគី បានកំណត់អត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលត្រូវបាន កម្រិតកិច្ចសន្យានៃភាគដែលលើសពីកម្រិតនៃអត្រាការប្រាក់នោះត្រូវទុកជាមោឃៈ រីឯអ្នកខ្ចីមានករណីយកិច្ចសងតែចំពោះការបាក់ដែលត្រូវបានគណនាតាមអត្រាការប្រាក់ ដែលត្រូវបានកម្រិតនោះតែប៉ុណ្ណោះ ។
៤-នៅក្នុងករណីដែលបានសងការប្រាក់ ដែលលើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិត ហើយត្រូវចាត់ទុកថាភាគដែលលើសពីការកម្រិតនោះជាការកាត់បំណុលទៅលើប្រាក់ដើម ។ នៅក្នុងករណីដែលបានកាត់បំណុលទៅលើប្រាក់ដើមចំពោះផ្នែក ដែលលើសពីការកម្រិតហើយតែនៅមានសេសសល់ទៀត អ្នកឱ្យខ្ចីត្រូវសងទៅឱ្យអ្នកខ្ចីដោយភ្ជាប់ជាមួយនូវប្រាក់សំណងនៃការខូចខាតដោយគណនាតាមអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ ដោយគិតចាប់ពីថ្ងៃដែលបានបង្កើតឱ្យ មានការសេសសល់នៃការសងរហូតដល់ថ្ងៃដែលបានសងនោះ ។
៥-ចំពោះការអនុវត្តមាត្រានេះ នៅក្នុងករណីដែលចំនួនប្រាក់ដើមលើកិច្ចសន្យាខុសគ្នាពីចំនួនទឹកប្រាក់នៃវត្ថុដែលអ្នកឱ្យខ្ចីបានប្រគល់ដោយជាក់ស្តែងដូចជាករណីនៃ ការប្រគល់ប្រាក់ដើមដោយដកការប្រាក់ដែលត្រូវបង់នាពេលអនាគតជាអាទិ៍ ចំនួនទឹកប្រាក់នៃវត្ថុដែលអ្នកឱ្យខ្ចីបានប្រគល់ដោយជាក់ស្តែងទៅឱ្យអ្នកនោះត្រូវទុកជាចំនួនបាក់ដើម ។
៦-ចំពោះការអនុវត្តមាត្រានេះប្រាក់ និងវត្ថុផ្សេងទៀតដែលអ្នកឱ្យខ្ចីបានទទួលក្រៅពីប្រាក់ដើមទាក់ទងទៅ នឹងកិច្ចសន្យាខ្ចីបរិភោគទោះបីជាបានទទួលនៅក្នុងនាមជាបាក់រង្វាន់ កម្រៃជើងសារកម្រៃស៊ើបអង្កេត និងកម្រៃផ្សេងៗទៀតក៏ដោយត្រូវចាត់ទុកថាជាការប្រាក់ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះសោហ៊ុយនៃការធ្វើកិច្ចសន្យានិង សោហ៊ុយនៃការសង ។
មាត្រា ៥៨៦. ពេលវេលានៃការបង់ការប្រាក់ និងការប្រាក់សមាសដែលកំណត់ដោយច្បាប់
១-បើគ្មានការកំណត់ពិសេសទេការប្រាក់ត្រូវបង់នៅរៀងរាល់ពេលដែលពេលវេលា ១ (មួយ) ឆ្នាំ បានកន្លងផុតគិតចាប់ពីពេលដែលបានប្រគល់វត្ថុដែលជាកម្មវត្ថុ ។ ប៉ុន្តែ ប្រសិនបើត្រូវសងវត្ថុដែលជាកម្មវត្ថុនោះនៅមុនពេលដែលពេលវេលា ១ (មួយ) ឆ្នាំ មិនទាន់បានកន្លងផុតត្រូវបង់ការប្រាក់នៅពេលប្រគល់វត្ថុដែលជាកម្មវត្ថុនោះ ។
២-ក្នុងករណីដែលមានការយឺតយ៉ាវមិនបានសងការបាក់សម្រាប់រយៈពេលចាប់ ពី ១ (មួយ) ឆ្នាំ ឡើងទៅ ហើយទោះបីជាអ្នកឱ្យខ្ចីបានដាស់តឿនឱ្យសងយ៉ាងណាក៏ដោយក៏អ្នកខ្ចីមិនព្រមសងការប្រាក់នោះអ្នកឱ្យខ្ចីអាចបូកការបាក់បញ្ចូលទៅក្នុងប្រាក់ដើមបាន ។
ផ្នែកទី ៣៖ ករណីយកិច្ចឱ្យខ្ចីរបស់អ្នកឱ្យខ្ចី
មាត្រា ៥៨៧. ករណីយកិច្ចឱ្យខ្ចីវត្ថុដែលជាកម្មវត្ថុ
១-អ្នកឱ្យខ្ចីមានករណីយកិច្ចឱ្យអ្នកខ្ចីប្រើប្រាស់វត្ថុដោយសមស្របតាមកិច្ចសន្យា ។
២-អ្នកខ្ចី អាចប្រើប្រាស់អាស្រ័យផល និងចាត់ចែងវត្ថុដោយសេរីបាន ហើយត្រូវទទួលបន្ទុកហានិភ័យលើការបាត់បង់ ឬខូចខាតចំពោះវត្ថុដែលជាកម្មវត្ថុ ដែលកើតឡើងដោយសារមូលហេតុដែលមិនមែនជាបន្ទុករបស់អ្នកឱ្យខ្ចីក្នុងនាមជាកម្មសិទ្ធិករគិត ចាប់ពីថ្ងៃដែលបានទទួលការប្រគល់វត្ថុដែលជាកម្មវត្ថុ ។
មាត្រា ៥៨៨. ការទទួលខុសត្រូវក្នុងការធានារបស់អ្នកឱ្យខ្ចីក្នុងការប្រគល់វត្ថុរបស់អ្នកដទៃ
១-នៅក្នុងកិច្ចសន្យាខ្ចីបរិភោគ ដែលមានភ្ជាប់ការប្រាក់អ្នកឱ្យខ្ចីដែលបានប្រគល់វត្ថុដែលមិនស្ថិតនៅក្រោមកម្មសិទ្ធិរបស់ខ្លួន មានករណីយកិច្ចត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិនៃវត្ថុនោះ ហើយផ្ទេរទៅឱ្យអ្នកខ្ចី ឬត្រូវប្តូរជាមួយនឹងវត្ថុផ្សេងទៀតដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់ខ្លួន ។ ប៉ុន្តែ នៅក្រោយពេលដែលអ្នកខ្ចីបានបរិភោគវត្ថុនោះរួចហើយពុំអាចទាមទារឱ្យប្រគល់វត្ថុជំនួសបានឡើយ ។
២-ប្រសិនបើអ្នកឱ្យខ្ចីពុំអាចអនុវត្តកាតព្វកិច្ចដែលបានបញ្ញត្តក្នុងកថាខណ្ឌទី ១ ខាងលើនេះទេអ្នកខ្ចីអាចរំលាយកិច្ចសន្យា បាន ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និងទី ២ ខាងលើនេះប្រសិនបើបានទទួលការប្រគល់ដោយពុំបានដឹងថាអ្នកឱ្យខ្ចីនោះគ្មានសិទ្ធិអ្នកខ្ចីអាចទាមទារឱ្យអ្នកឱ្យខ្ចីសងសំណងនៃការខូចខាតបាន ។
៤-នៅក្នុងកិច្ចសន្យាខ្ចីបរិភោគដោយគ្មានការប្រាក់ បញ្ញត្តិនៃកថាខណ្ឌទី ១ ទី ២ និង ទី ៣ ខាងលើនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះតែករណីដែលអ្នកឱ្យខ្ចីបានដឹងថាខ្លួនគ្មានសិទ្ធិចាត់ចែងវត្ថុដែលជាកម្មវត្ថុ ហើយបានប្រគល់វត្ថុរបស់អ្នកដទៃនោះដោយពុំបានជូនដំណឹងទៅឱ្យ អ្នកខ្ចី ។
៥-លើកលែងតែករណី ដែលបានទទួលការប្រគល់វត្ថុជំនួសដោយផ្អែកតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ឬទី ៤ ខាងលើនេះប្រសិនបើអ្នកខ្ចីវត្ថុរបស់អ្នកដទៃបានសងវត្ថុដែលត្រូវបានផ្តល់ ឬតម្លៃនៃវត្ថុនោះឱ្យទៅកម្មសិទ្ធិករអ្នកខ្ចីវត្ថុរបស់អ្នកដទៃនោះត្រូវរួចផុតពីករណីយកិច្ចសង ចំពោះអ្នកឱ្យខ្ចី ។
មាត្រា ៥៨៩. សិទ្ធិរំលាយរបស់អ្នកឱ្យខ្ចីវត្ថុអ្នកដទៃ
អ្នកឱ្យខ្ចីដែលបានប្រគល់វត្ថុ ដែលជាកម្មវត្ថុដោយពុំដឹងថាជាវត្ថុរបស់អ្នកដទៃប្រសិនបើពុំអាចធ្វើឱ្យអ្នកខ្ចីបានលទ្ធកម្មនូវកម្មសិទ្ធិលើវត្ថុ ឬវត្ថុជំនួសទេអាចរំលាយកិច្ចសន្យាបាន។ ប៉ុន្តែ ប្រសិនបើអ្នកខ្ចីសុចរិតមានសិទ្ធិទាមទារសំណងនៃការខូចខាតដោយផ្អែកតាមបញ្ញត្តិនៃមាត្រា ៥៨៨ (ការទទួលខុសត្រូវក្នុងការធានារបស់អ្នកឱ្យខ្ចីក្នុងការប្រគល់វត្ថុរបស់អ្នកដទៃ)ខាងលើនេះលុះត្រាតែក្នុងករណី ដែលបានសងសំណងនៃការខូចខាតនោះទើបអាចរំលាយកិច្ចសន្យាបាន ។
មាត្រា ៥៩០. ការទទួលខុសត្រូវក្នុងការធានារបស់អ្នកឱ្យខ្ចីនូវវត្ថុដែលមានវិការៈ
១-នៅក្នុងកិច្ចសន្យាខ្ចីបរិភោគ ដែលមានភ្ជាប់ការប្រាក់ប្រសិនបើមានវិការៈកំបាំងនៅក្នុងវត្ថុដែលអ្នកឱ្យខ្ចីបានប្រគល់អ្នកខ្ចី ដែលបានទទួលការប្រគល់ដោយមិនបានដឹងអំពីវិការៈនោះអាចទាមទារឱ្យប្ដូរជាមួយនឹងវត្ថុដែលគ្មានវិការៈ និងអាចទាមទារសំណងនៃការខូចខាត បាន ។
២-នៅក្នុងកិច្ចសន្យាខ្ចីបរិភោគ ដែលគ្មានការប្រាក់អ្នកខ្ចីដែលបានទទួលការប្រគល់វត្ថុដែលមានវិការៈអាចសងតម្លៃនៃវត្ថុដែលមានវិការៈបាន ។ ប៉ុន្តែ បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលអ្នកឱ្យខ្ចីបានដឹងអំពី វិការៈនោះហើយតែពុំបានជូនដំណឹងទៅឱ្យអ្នកខ្ចី ។
ផ្នែកទី ៤៖ ករណីយកិច្ចសងរបស់អ្នកខ្ចី
មាត្រា ៥៩១. ករណីយកិច្ចត្រូវសងប្រាក់ដើម និងបង់ការប្រាក់របស់អ្នកខ្ចី
១-អ្នកខ្ចីមានករណីយកិច្ចត្រូវសងទៅអ្នកឱ្យខ្ចីនូវវត្ថុដែលមានប្រភេទគុណភាព និង ចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលការប្រគល់នៅថ្ងៃដែលត្រូវសង ។
២-អ្នកខ្ចីនៃកិច្ចសន្យាខ្ចីបរិភោគ ដែលមានភ្ជាប់ការប្រាក់ត្រូវបង់ការប្រាក់តាមបញ្ញត្តិពីមាត្រា ៥៨៤ (អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ និងអត្រាការប្រាក់ក្នុងកិច្ចសន្យា) ដល់មាត្រា ៥៨៦ (ពេលវេលានៃការបង់ការប្រាក់ និងការប្រាក់សមាសដែលកំណត់ដោយច្បាប់) នៃក្រមនេះ ។
មាត្រា ៥៩២. ការសងដោយយោលតាមតម្លៃ
១-ប្រសិនបើពុំអាចសងដោយផ្អែកតាមបញ្ញត្តិនៃមាត្រា ៥៩១ (ករណីយកិច្ចត្រូវសងប្រាក់ដើម និងបង់ការប្រាក់របស់អ្នកខ្ចី) ខាងលើបានទេអ្នកខ្ចីមានករណីយកិច្ចត្រូវបង់ប្រាក់ដែលសមរម្យនឹងតម្លៃនៃវត្ថុដែលជាកម្មវត្ថុនៅទីកន្លែង និងថ្ងៃដែលត្រូវសង ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះប្រសិនបើពុំបាន កំណត់ថ្ងៃ ឬទីកន្លែងដែលត្រូវសងទេត្រូវចាត់ទុកថាត្រូវបង់ចំនួនប្រាក់ដែលសមរម្យនឹងតម្លៃនោះនៅថ្ងៃ និងទីកន្លែងដែលបានធ្វើកិច្ចសន្យា ។
មាត្រា ៥៩៣. ការប្រែប្រួលនៃតម្លៃរូបិយវត្ថុ ជាអាទិ៍
ទោះបីជាតម្លៃរូបិយវត្ថុ ឬតម្លៃនៃវត្ថុមានការប្រែប្រួលនៅមុនពេលសងក៏ដោយលើកលែងតែក្នុងករណី ដែលមានការព្រមព្រៀងពិសេសអ្នកខ្ចីត្រូវសងនូវចំនួនទឹកប្រាក់ដូចគ្នានឹងចំនួនទឹកប្រាក់ដែលទទួលបានពីការប្រគល់ ។
មាត្រា ៥៩៤. ពេលវេលានៃការសង
១-ប្រសិនបើភាគី បានកំណត់កាលបរិច្ឆេទនៃការសងអ្នកឱ្យខ្ចីមិនអាចទាមទារឱ្យសងវត្ថុដែលជាកម្មវត្ថុបានឡើយ រហូតដល់ពេលកំណត់ត្រូវសងតាមកាលបរិច្ឆេទនៃកិច្ចសន្យា ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលហេតុដែលបានកំណត់នៅក្នុងមាត្រា ៣៣១ (ការបាត់បង់ផលប្រយោជន៍នៃការកំណត់ពេល) នៃក្រមនេះបានកើតឡើង ។
២-ប្រសិនបើភាគីមិនបានកំណត់កាលបរិច្ឆេទនៃការសងទេអ្នកឱ្យខ្ចីអាចដាស់តឿនឱ្យ សងដោយកំណត់អំឡុងពេលសមរម្យបាន ។
៣-អ្នកខ្ចីនៃកិច្ចសន្យាខ្ចីបរិភោគដោយគ្មានការប្រាក់អាចសងនៅពេលណាក៏បាន ។
៤-អ្នកខ្ចីនៃកិច្ចសន្យាខ្ចីបរិភោគ ដែលមានការប្រាក់អាចសងនៅមុនកាលបរិច្ឆេទសងដែលបានកំណត់ដោយកិច្ចសន្យាបាន ។ ប៉ុន្តែ នៅក្នុងករណីដែលធ្វើឱ្យមានការខូចខាតដល់អ្នកឱ្យខ្ចីដោយសារការសងនោះអ្នកខ្ចីត្រូវសងសំណងនៃការខូចខាត ដោយផ្អែកតាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃ មាត្រា ៣៣០ (ប្រយោជន៍នៃការកំណត់ពេល) នៃក្រមនេះ។
មាត្រា ៥៩៥. ទីកន្លែងនៃការសង
ប្រសិនបើពុំមានការព្រមព្រៀងរវាងភាគី អំពីទីកន្លែងនៃការសងទេអ្នកខ្ចីត្រូវយកវត្ថុដែលជាកម្មវត្ថុនោះទៅសងនៅលំនៅឋានរបស់អ្នកឱ្យខ្ចី ។