គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល

មាតិកា

ជំពូកទី ៥៖ ភតិសន្យា

ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅ

មាត្រា ៥៩៦. និយមន័យនៃភតិសន្យា

១-ភតិសន្យា សំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើបាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្ងៃ ។

២-វត្ថុដែលជាកម្មវត្ថុនៃភតិសន្យាមានចលនវត្ថុ និងអចលនវត្ថុ ។

មាត្រា ៥៩៧. ការបង្កើតភតិសន្យា

ភតិសន្យា ត្រូវមានអានុភាពដោយភាគីម្ខាងសន្យាថាឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយចំណែកឯភាគីម្ខាងទៀត សន្យាថាបង់ថ្លៃឈ្នួលចំពោះវត្ថុនោះ ។

មាត្រា ៥៩៨. ល័ក្ខខ័ណ្ឌតតាំងនៃសិទ្ធិជួលអចលនវត្ថុ

១-ដោយយោងតាមលទ្ធកម្មនៃការកាន់កាប់ និងការប្រើប្រាស់និងអាស្រ័យផលជាបន្តបន្ទាប់នូវវត្ថុជួលភតិកៈនៃភតិសន្យាអចលនវត្ថុអាចតតាំងចំពោះជន ដែលបានធ្វើលទ្ធកម្មនូវសិទ្ធិប្រត្យក្សលើអចលនវត្ថុ នៅក្រោយពេលដែលភតិកៈបានទទួលការកាន់កាប់បាន ។

២-ភតិកៈដែលកំពុងតែកាន់កាប់វត្ថុជួល អាចអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញសិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំង និងសិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំងចំពោះការបំពានសិទ្ធិជួលដូចសិទ្ធិដែលកម្មសិទ្ធិករមាន ។

មាត្រា ៥៩៩. អំឡុងពេលដែលភតិសន្យាមានអត្ថិភាព

១-ភតិសន្យា អាចធ្វើឡើងដោយកំណត់ ឬមិនកំណត់អំឡុងពេលបាន ។

២-ភតិសន្យាអចលនវត្ថុ ដែលមិនបានធ្វើជាលាយល័ក្ខណ៍អក្សរត្រូវចាត់ទុកថា ជាភតិសន្យាដែលគ្មានកំណត់អំឡុងពេល ។

៣-ភតិសន្យាអចលនវត្ថុដែលមានកំណត់អំឡុងពេលចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅត្រូវអនុលោមតាមបញ្ញត្តិចាប់ពីមាត្រា ២៤៤ (និយមន័យនៃសិទ្ធិជួលអចិន្ត្រៃយ៍) ទៅនៃក្រមនេះ ។

ផ្នែកទី ២៖ អានុភាពនៃភតិសន្យា

មាត្រា ៦00. សិទ្ធិ និងករណីយកិច្ចនៃការប្រើប្រាស់ និងអាស្រ័យផលផ្អែកតាមវិធីប្រើប្រាស់ របស់ភតិកៈ

១-ភតិកៈ មានសិទ្ធិ និងករណីយកិច្ចលើការប្រើប្រាស់ និងអាស្រ័យផលលើវត្ថុជួល ដោយផ្អែកទៅតាមវិធីប្រើប្រាស់ ដែលត្រូវបានកំណត់នៅក្នុងកិច្ចសន្យា ឬតាមលក្ខណៈនៃវត្ថុជួលនោះ ។

២-បើភតិកៈបានធ្វើខុសនឹងករណីយកិច្ចនៃបញ្ញត្តិកថាខណ្ឌទី ១ ខាងលើនេះភតិបតីអាចរំលាយកិច្ចសន្យានោះបាន ។

៣-ភតិបតី មិនត្រូវធ្វើឱ្យរាំងស្ទះក្នុងការប្រើប្រាស់ និងអាស្រ័យផលដែលភតិកៈធ្វើដោយផ្អែកតាមវិធីប្រើប្រាស់ឡើយ ។

មាត្រា ៦១. ករណីយកិច្ចប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងដោយសុចរិត របស់ភតិកៈ

១-ភតិកៈ មានករណីយកិច្ចគ្រប់គ្រងវត្ថុជួលដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយ​សុចរិត ។

២-បើភតិកៈ បានធ្វើខុសនឹងករណីយកិច្ចនៃបញ្ញត្តិកថាខណ្ឌទី ១ ខាងលើនេះភតិបតីអាចរំលាយកិច្ចសន្យានោះបាន ។

មាត្រា ៦០២. ករណីយកិច្ចជួសជុលរបស់ភតិបតី

ភតិបតី មានករណីយកិច្ចធ្វើការជួសជុលដែលចាំបាច់សម្រាប់ការប្រើប្រាស់ និងអាស្រ័យផល នៃវត្ថុជួលនោះ ។

មាត្រា ៦០៣. សកម្មភាពថែរក្សារបស់ភតិបតី

១-វើភតិបតី មានបំណងចង់អនុវត្តសកម្មភាពដែលចាំបាច់ក្នុងការថែរក្សាវត្ថុជួលភតិកៈមិនអាចបដិសេធបានឡើយ ។

២-ក្នុងករណីដែលភតិបតីមានបំណងចង់អនុវត្តសកម្មភាព ដែលចាំបាច់ក្នុងការថែរក្សាវត្ថុជួលផ្ទុយពីឆន្ទៈរបស់ភតិកៈ ប្រសិនបើហេតុនោះ បញ្ហាលឱ្យភតិកៈពុំអាចសម្រេចគោលបំណងនៃការជួលទេភតិកៈអាចទាមទារឱ្យបន្ថយថ្លៃឈ្នួល ឬអាចរំលាយកិច្ចសន្យាបាន ។

មាត្រា ៦០៤. សិទ្ធិទាមទារឱ្យសងវិញនូវសោហ៊ុយរបស់ភតិកៈ

១-បើភតិកៈ បានចំណាយសោហ៊ុយចាំបាច់ដែលត្រូវជាបន្ទុករបស់ភតិបតី ចំពោះវត្ថុជួលភតិកៈអាចទាមទារសំណងនោះពីភតិបតីជាបន្ទាន់បាន ។

២-បើភតិកៈ បានចំណាយសោហ៊ុយដើម្បីកែលំអវត្ថុជួល ឬចំណាយផ្សេងទៀតដើម្បីបង្កើនតម្លៃលុះត្រាតែនៅក្នុងករណី ដែលកម្រិតនៃកំណើនតម្លៃនោះនៅតែមាននាពេលបញ្ចប់ភតិសន្យាតែប៉ុណ្ណោះទេទើបភតិកៈអាចទាមទារចំពោះភតិបតីឱ្យសងវិញនូវបាក់​ ដែលបានចំណាយ ឬតម្លៃប្រាក់ដែលកើននោះដោយផ្អែកតាមការជ្រើសរើសរបស់ភតិបតីបាន ។   ប៉ុន្តែ តុលាការអាចអនុញ្ញាតដោយកំណត់អំឡុងពេលសមរម្យឱ្យសងវិញ យោលតាមការទាមទាររបស់ភតិបតីបាន ។

មាត្រា ៦០៥. ការទទួលខុសត្រូវរបស់ភតិបតីចំពោះវិការៈនៃវត្ថុជួល

១-ប្រសិនបើភតិកៈ មិនបានពិនិត្យស្ថានភាពនៃវត្ថុដែលជាកម្មវត្ថុនៃភតិសន្យាថាត្រឹមត្រូវតាមស្ថានភាពដែលបានកំណត់នៅក្នុងលិខិតកិច្ចសន្យានៅពេលទទួលការប្រគល់វត្ថុដែលជាកម្មវត្ថុនោះភតិកៈមិនអាចទាមទារឱ្យភតិបតីទទួលខុសត្រូវបានឡើយ ចំពោះភាពខុសពីស្ថានភាពដែលបានកំណត់នៅក្នុងលិខិតកិច្ចសន្យាដែលខ្លួនអាចដឹងដោយងាយស្រួលបើពិនិត្យ ។

២-នៅក្នុងករណីដែលវត្ថុជួលមានវិការៈ  កំបាំងបើភតិកៈ  មិនបានដឹងអំពីវិការៈនោះទេ

ភតិកៈអាចទាមទារឱ្យជួសជុលវិការៈនោះ ឬឱ្យដូរវត្ថុដែលគ្មានវិការៈ និងអាចទាមទារសំណងនៃការខូចខាតបាន ។

៣-ភតិបតីអាចជួសជុលវិការៈ ដោយសោហ៊ុយខ្លួនបានលុះត្រាតែមិនធ្វើឱ្យមានការខូចខាតដោយមិនត្រឹមត្រូវនូវផលប្រយោជន៍របស់ភតិកៈ ។    ប៉ុន្តែ ភតិកៈមិនត្រូវបានរារាំងក្នុងការអនុវត្តសិទ្ធិទាមទារសំណងនៃការខូចខាតឡើយ ។

៤-ជំនួសនឹងការទាមទារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះភតិកៈអាចទាមទារឱ្យបន្ថយថ្លៃឈ្នួលដែលសមរម្យនឹងវិការៈបានដោយគិតតាំងពីពេល ដែលបានប្រគល់ ។

៥-បើពុំអាចសម្រេចនូវគោលបំណងដែលបានធ្វើកិច្ចសន្យាដោយសារមូលហេតុ នៃវិការៈកំបាំងនោះទេ ភតិកៈអាចរំលាយភតិសន្យានោះបាន ។

៦-ការទាមទារឱ្យជួសជុល ឱ្យដូរ ឱ្យបន្ថយថ្លៃឈ្នួល និងការរំលាយត្រូវអនុវត្តនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលភតិកៈ បានដឹង ឬពេលដែលត្រូវដឹងអំពីហេតុនោះបាន ។

មាត្រា ៦០៦. សិទ្ធិរំលាយ និងសិទ្ធិទាមទារឱ្យបន្ថយថ្លៃឈ្នួលនៅក្នុងករណីដែលចំណូលថយចុះ

១-បើភតិកៈនៃដី ដែលមានគោលបំណងអាស្រ័យផលពីដីទទួលផលបានតិចជាងថ្ងៃឈ្នួលដោយសារករណីប្រធានសក្តិ ភតិកៈអាចទាមទារឱ្យបន្ថយថ្លៃឈ្នួលរហូតដល់ត្រឹមចំនួនទឹកប្រាក់នៃការអាស្រ័យផលនោះបាន ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ទី ១ ខាងលើនេះ បើការទទួលផល បានតិចជាងថ្ងៃឈ្នួល លើសពី ២ (ពីរ) ឆ្នាំ ជាបន្តបន្ទាប់ ដោយសារករណីប្រធានសក្តិ ភតិកៈអាចរំលាយភតិសន្យាបាន ។

មាត្រា ៦០៧. សិទ្ធិរំលាយ និងសិទ្ធិទាមទារបន្ថយថ្លៃឈ្នួលដោយសារការបាត់បង់ ឬវិនាសវត្ថុជួលមួយភាគ

១-បើវត្ថុជួលមួយភាគត្រូវបានបាត់បង់ ឬវិនាសដោយមិនមែនជាកំហុសរបស់ភតិកៈទេ ភតិកៈអាចទាមទារឱ្យបន្ថយថ្លៃឈ្នួលទៅតាមសមាមាត្រនៃភាគដែលត្រូវបានបាត់បង់ឬ វិនា

សនោះបាន ។

២-ក្នុងករណីនៃកថាខណ្ឌទី ១ ខាងលើនេះបើភតិកៈពុំអាចសម្រេចគោលបំណងដែលបានធ្វើកិច្ចសន្យាជួលទៅលើភាគដែលនៅសេសសល់នោះទេភតិកៈអាចរំលាយភតិសន្យាបាន ។

មាត្រា ៦០៨. អនុប្បទានសិទ្ធិជួល និងការជួលបន្តនូវវត្ថុជួល

១-បើគ្មានការយល់ព្រមពីភតិបតីទេភតិកៈពុំអាចធ្វើអនុប្បទានសិទ្ធិជួល ឬជួលបន្តនូវវត្ថុជួលបានឡើយ លើកលែងតែករណីនៃសិទ្ធិជួលអចិន្ត្រៃយ៍ ។

២-វើភតិកៈបានឱ្យតតិយជនប្រើប្រាស់ ឬអាស្រ័យផលពីវត្ថុជួលផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ភតិបតីអាចរំលាយកិច្ចសន្យាបាន ។

មាត្រា ៦០៩. ការជួលបន្ត

១-បើភតិកៈ  បានជួលបន្តនូវវត្ថុ ជួលដោយត្រឹមត្រូវតាមច្បាប់ភតិកៈបន្តត្រូវមានករណី

យកិច្ចដោយផ្ទាល់ចំពោះភតិបតី ។    ចំពោះករណីយកិច្ចបង់ថ្លៃឈ្នួលជួលបន្តភតិកៈបន្តពុំអាចយកការបង់ថ្លៃជាមុនទៅឱ្យភតិកៈ មកតតាំងជាមួយភតិបតីបានឡើយ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះពុំរារាំងដល់ការអនុវត្តសិទ្ធិរបស់ភតិបតីចំពោះភតិកៈឡើយ ។

មាត្រា ៦១0. ករណីយកិច្ច និងពេលវេលានៃការបង់ថ្លៃឈ្នួល

១-ភតិកៈ មានករណីយកិច្ចបង់ថ្លៃឈ្នួលទៅឱ្យភតិបតីទៅតាមពេលវេលាដែលបានកំណត់ ។

២-នៅក្នុងករណី ដែលមិនបានកំណត់ជាពិសេសនៅក្នុងកិច្ចសន្យាអំពីពេលវេលាដែលត្រូវបង់ថ្លៃឈ្នួលទេចំពោះចលនវត្ថុ និងផ្ទះ ឬអាគារត្រូវបង់នៅរៀងរាល់ចុងខែចំពោះដីផ្លូវិញ ត្រូវបង់នៅរៀងរាល់ចុងឆ្នាំ ។    ប៉ុន្តែ ចំពោះវត្ថុដែលមានរដូវប្រមូលផលត្រូវបង់នៅក្រោយពេលដែលរដូវនោះកន្លងផុត ដោយគ្មានការយឺតយ៉ាវ ។

មាត្រា ៦១១. ករណីយកិច្ចជូនដំណឹង របស់ភតិកៈ

បើមានការចាំបាច់លើការជួសជុលវត្ថុជួល ឬបើមានតតិយជនអះអាងអំពីសិទ្ធិចំពោះវត្ថុជួលភតិកៈត្រូវជូនដំណឹងនោះទៅឱ្យភតិបតីដោយគ្មានការយឺតយ៉ាវ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ បើភតិបតីបានដឹងអំពីហេតុនោះរួចហើយ ។

ផ្នែកទី ៣៖ ការបញ្ចប់ភតិសន្យា

មាត្រា ៦១២. ការផុតអំឡុងពេលកំណត់

ភតិសន្យាដែលមានកំណត់អំឡុងពេលត្រូវបញ្ចប់ ដោយការផុតអំឡុងពេលដែលបានកំណត់នោះ ។

មាត្រា ៦១៣. ការបដិសេធការបន្តជាថ្មីនូវភតិសន្យាអចលនវត្ថុ

ចំពោះភតិសន្យាអចលនវត្ថុ បើភាគីម្ខាងពុំបានបង្ហាញឆន្ទៈបដិសេធការបន្តជាថ្មីនៅមុនរយៈពេល ៣ (បី) ខែ មុនផុតកំណត់អំឡុងពេលចំពោះផ្ទះ ឬអាគារ ឬនៅមុនរយៈពេល ១ (មួយ) ឆ្នាំមុនផុតកំណត់អំឡុងពេលចំពោះដីធ្លី ទៅភាគីម្ខាងទៀតទេត្រូវចាត់ទុកថា បានយល់ព្រមក្នុងការបន្តជាថ្មី ។   ប៉ុន្តែ ក្នុងករណីនេះភតិសន្យាដែលត្រូវបានបន្តជាថ្មីនេះ គឺជាភតិសន្យាដែលពុំមានកំណត់អំឡុងពេល ។

មាត្រា៦១៤. ការបន្តជាថ្មីដោយតុញីភាព

ចំពោះភតិសន្យាចលនវត្ថុនៅក្នុងករណីដែលភតិកៈបានបន្តការប្រើប្រាស់ ឬអាស្រ័យផលលើវត្ថុជួលនោះទោះនៅក្រោយអំឡុងពេលនៃភតិសន្យាបានផុតកំណត់ ហើយក៏ដោយ បើភតិបតីបានដឹងអំពីហេតុនោះ ហើយតែមិនបានធ្វើការតវ៉ាទេត្រូវសន្មតថាជាភតិសន្យាដែលបានបន្តជាថ្មីដោយគ្មានកំណត់អំឡុងពេល ហើយមានល័ក្ខខ័ណ្ណដូចគ្នានឹងកិច្ចសន្យាដែលបានជួលពីមុន លើកលែងតែអំឡុងពេលចេញ ។

មាត្រា ៦១៥. ការស្នើសុំឱ្យរំលាយភតិសន្យាដែលពុំមានកំណត់អំឡុងពេល

១-បើពុំបានកំណត់អំឡុងពេលជួលនៅក្នុងកិច្ចសន្យាទេ ភាគីនីមួយៗអាចស្នើសុំឱ្យ រំលាយកិច្ចសន្យានៅពេលណាក៏បាន ។   ក្នុងករណីដែលការស្នើសុំឱ្យរំលាយមិនបានបញ្ជាក់អំពីពេលរលាយ និងក្នុងករណីដែលអំឡុងពេលចាប់ពីពេលស្នើសុំឱ្យរំលាយរហូតដល់ពេលរលាយ ដែលបានបញ្ជាក់នៅក្នុងការស្នើសុំឱ្យរំលាយនោះតិចជាងអំឡុងពេលដូចបានកំណត់ខាងក្រោមនេះភតិសន្យាត្រូវរលាយ នៅពេលដែលអំឡុងពេលដូចបានកំណត់ខាងក្រោមនេះ បានកន្លងហួស គិតចាប់ពីពេលស្នើសុំឱ្យរំលាយ

ក-១ (មួយ) ថ្ងៃ ចំពោះចលនវត្ថុ ។

ខ-៣ (បី) ខែ ចំពោះអាគារ ។

គ-១ (មួយ) ឆ្នាំ ចំពោះដីធ្លី ។

២-ចំពោះភតិសន្យាដីធ្លីដែលមានរដូវប្រមូលផល ត្រូវធ្វើការស្នើសុំរំលាយកិច្ចសន្យា នៅក្រោយរដូវនោះមុនការចាប់ផ្តើមការធ្វើកសិកម្មសម្រាប់រដូវបន្ទាប់ ។

មាត្រា ៦១៦. ការរក្សាទុកសិទ្ធិរំលាយកិច្ចសន្យា

ទោះនៅក្នុងករណីដែលភាគី បានកំណត់អំឡុងពេលនៃភតិសន្យាក៏ដោយបញ្ញត្តិនៃ មាត្រា ៦១៥ (ការស្នើសុំឱ្យរំលាយភតិសន្យាដែលពុំមានកំណត់អំឡុងពេល) ខាងលើនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរបើភាគីតែម្ខាង ឬភាគីទាំងសងខាងបានរក្សាទុកនូវសិទ្ធិអំណាចអនុវត្តការរំលាយកិច្ចសន្យានៅក្នុងអំឡុងពេលនោះ ។

មាត្រា ៦១៧. ភាពគ្មានអានុភាពប្រតិសកម្មនៃការរំលាយកិច្ចសន្យា

នៅក្នុងករណីដែលបានរំលាយភតិសន្យា ការរំលាយកិច្ចសន្យានោះត្រូវមានអានុភាពឆ្ពោះទៅអនាគតតែប៉ុណ្ណោះ ។

មាត្រា ៦១៨. ករណីយកិច្ចប្រគល់វត្ថុជួល

១-បើភតិសន្យាត្រូវបានបញ្ចប់ហើយ ភតិកៈមានករណីយកិច្ចធ្វើបដិទានវត្ថុជួលប្រគល់ទៅឱ្យភតិបតីវិញជាបន្ទាន់ ។

២-លើកលែងតែការបាក់បែកខូចខាតដែលកើតឡើងដោយសារការប្រើប្រាស់ជាធម្មតា ភតិកៈត្រូវជួសជុលការខូចខាតដែលកើតឡើងដោយសារមូលហេតុជាបន្ទុករបស់ ខ្លួនឡើងវិញ ឬត្រូវមានករណីយកិច្ចសងសំណងនៃការខូចខាតនោះ ។

មាត្រា ៦១៩. សិទ្ធិរុះរើចេញ របស់ភតិកៈ

បើភតិសន្យាត្រូវបានបញ្ចប់ ហើយភតិកៈអាចរុះរើចេញនូវវត្ថុដែលបានភ្ជាប់ជាមួយនឹងវត្ថុជួលនោះបាន ។

មាត្រា ៦២០. សិទ្ធិរំលាយកិច្ចសន្យារបស់សន្តតិជន

នៅក្នុងករណីដែលភតិកៈទទួលមរណភាពប្រសិនបើគ្មានបំណង​ចង់បន្តភតិសន្យាតទៅទៀត ទេសន្តតិជនរបស់ភតិកៈ អាចរំលាយកិច្ចសន្យានោះបាន ។

មាត្រា ៦២១. អំឡុងពេលប្រើសិទ្ធិទាមទារសំណងនៃការខូចខាត និងការទាមទារឱ្យសងសោហ៊ុយមកវិញ

សំណងនៃការខូចខាតដែលកើតឡើង ដោយសារភតិកៈក្នុងការប្រើប្រាស់ និងអាស្រ័យផលដែលផ្ទុយនឹងអត្ថន័យដើមនៃកិច្ចសន្យា និងការសងមកវិញនូវសោហ៊ុយដែលភតិកៈបានចេញត្រូវទាមទារនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេល ដែលភតិបតីបានទទួលការសងវត្ថុជួលនោះ ។

ផ្នែកទី ៤៖ កិច្ចសន្យាប្រវាស់

មាត្រា ៦២២. អត្ថន័យនៃកិច្ចសន្យាប្រវាស់

កិច្ចសន្យាដែលកម្មសិទ្ធិករឱ្យភតិកៈខ្ចីដីឬសត្វពាហនៈដើម្បីទាញយកផល ហើយយកផលនោះមកបែងចែកគ្នារវាងភតិបតី និងភតិកៈហៅថា កិច្ចសន្យាប្រវាស់ ។

មាត្រា ៦២៣. របៀបបែងចែកផល

បើពុំបានកំណត់អំពីរបៀបបែងចែកផលទេត្រូវចាត់ទុកថា ត្រូវបែងចែកស្មើៗភាគគ្នា ។

មាត្រា ៦២៤. សិទ្ធិចាត់ចែងផល របស់ភតិកៈ

លុះត្រាតែនៅក្រោយពេលដែល បានបញ្ចប់ការចែកភាគនៃផលទៅឱ្យភតិបតីរួច ហើយទើបភតិកៈនៃការប្រវាស់អាចចាត់ចែងផលដែលជាចំណែករបស់ខ្លួនបាន ។

ទំព័រមាតិកាក្រមរដ្ឋប្បវេណី