ទឹកដី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអធិបតេយ្យ។ មានន័យថា រដ្ឋទទួលបានកម្មសិទ្ធិពេញលេញលើទឹកដីមួយ គឺមានន័យថារដ្ឋមានអធិបតេយ្យលើទឹកដីនោះ ហើយគេតែងប្រើពាក្យថា អធិបតេយ្យទឹកដី (territorial sovereignty)។ ក៏ប៉ុន្តែក្នុងទំនាក់ទំនងអន្តរជាតិ មានករណីខ្លះ ទឹកដីមួយស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋមួយ ប៉ុន្តែស្ថិតក្រោមអធិបតេយ្យរបស់រដ្ឋមួយផ្សេងទៀត។ ជាក់ស្ដែងព្រៃមុនដាត (Mundat Forest) ស្ថិតក្រោមអធិបតេយ្យរបស់អាឡឺម៉ង់ ប៉ុន្តែជាកម្មសិទ្ធិរបស់បារាំង[1] ចំណែកតំបន់ទីវិនហ្ស៉ា(Tiwinza)ស្ថិតក្រោមអធិបតេយ្យរបស់ប៉េរូ ប៉ុន្តែជាកម្មសិទ្ធិរបស់អេក្វាទ័រ។[2] ទោះជាយ៉ាងនេះក្ដី នេះជាករណីកម្រនឹងកើតមានណាស់។
ជាទូទៅ អធិបតេយ្យលើទឹកដីមួយ អាចមានតាំងពីដំបូង ឬអាចជាការទទួលបានដោយសកម្មភាពផ្សេងៗទៀតទទួលស្គាល់ដោយច្បាប់អន្តរជាតិ។ ការទាមទាររបស់រដ្ឋពាក់ព័ន្ធនឹងអធិបតេយ្យលើទឹកដីណាមួយ មានពាក់ព័ន្ធគ្នាជាមួយនឹងឥរិយាបថឆ្លើយតបទៅនឹងការទាមទារនោះរបស់រដ្ឋដទៃទៀត ដែលឥរិយាបថខ្លះអាចនាំឲ្យគេបកស្រាយបានថាជាការបង្ហាញការទទួលស្គាល់ និងការយល់ព្រមចំពោះការ។ ឧទាហរណ៍ថា រដ្ឋ “ក” ជាម្ចាស់អធិបតេយ្យលើដែនកោះមួយ ហើយកោះនោះស្ថិតនៅពីមុខឆ្នេររបស់ខ្លួន ក៏ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀង រដ្ឋ“ក”បានអនុញ្ញាតឲ្យរដ្ឋ“ខ”សាងសង់ប៉មបញ្ចាំងភ្លើង និងគ្រប់គ្រងប៉មបញ្ចាំងភ្លើងលើដែនកោះនោះ។ តាមរយៈការគ្រប់គ្រងប៉មបញ្ចាំងភ្លើងខាងលើអស់រយ:ពេលច្រើនឆ្នាំ រដ្ឋ“ខ”បានតាំងខ្លួនជាម្ចាស់អធិបតេយ្យលើដែនកោះនោះ និងធ្វើសកម្មភាពនានាដូចជាម្ចាស់លើកោះនោះអញ្ចឹងដែរ។ រដ្ឋ“ក”មិនបានមានប្រតិកម្មអ្វីឡើយចំពោះសកម្មភាពទាំងនោះ។ បន្ថែមលើនេះ មានអត្ថបទផ្លូវការមួយចំនួនរបស់រដ្ឋ“ក” បានគូសផែនទីដោយមិនបានរាប់បញ្ចូលកោះខាងលើក្នុងដែនអធិបតេយ្យរបស់ខ្លួនថែមទៀតផង។ នៅពេលមានវិវាទ ហើយពឹងពាក់ឲ្យស្ថាប័នយុត្តាធិការអន្តរជាតិសម្រេចសេចក្ដី ប្រាកដណាស់ថា ស្ថាប័នសម្រេចសេចក្ដីដោយផ្អែកលើឥរិយាបថរបស់រដ្ឋ“ក” ដែលផ្ដល់ផលប្រយោជន៍ដល់ភាគី “ខ”ជាមិនខាន។[3]
ឥរិយាបថបង្ហាញការទទួលស្គាល់ គឺជាកិច្ចមួយដែលដើរតួយ៉ាងសំខាន់ដែលបញ្ជាក់ថា រដ្ឋមួយបានព្រមព្រៀងលើការទាមទារដែលប្រឆាំងនឹងប្រយោជន៍ខ្លួន ហើយវាកាន់តែសំខាន់ទៅទៀតនៅពេលដែលគេលើកយកទៅសំអាងនៅមុខស្ថាប័នយុត្តាធិការអន្តរជាតិ។[4] ជាងនេះទៅទៀត ឥរិបថស្ងៀមស្ងាត់ខណៈដែលមានការប្រកាសដោយរដ្ឋដទៃទៀត អំពីអធិបតេយ្យលើទឹកដីណាមួយនោះ អាចគេចាត់ទុកថាគឺជាការទទួលស្គាល់ការប្រកាសទាមទារនោះ។[5] ក្នុងករណីដែលការស្ងៀមស្ងាត់នោះឆ្លងកាត់រយៈពេលយូរ ហើយភ្ជាប់ទៅនឹងការពឹងផ្អែកណាមួយដែលផ្ដល់ការខូចខាតដល់ភាគីម្ខាងទៀត នោះការព្រមព្រៀងដោយស្ងៀមស្ងាត់នោះ នឹងបង្កើតបានជាស្ថានភាពមួយដែលរដ្ឋអាចថ្លោះសិទ្ធិក្នុងការប្រឆាំងនឹងការទាមទារណាមួយដែលផ្ទុយនឹងផលប្រយោជន៍របស់ខ្លួន។[6] ជាក់ស្ដែង ពាក់ព័ន្ធនឹងរឿងប្រាសាទព្រះវិហាររវាងកម្ពុជា និងថៃ តុលាការបានចាត់ទុកថាថៃថ្លោះសិទ្ធិ ក្នុងការប្រកែកតវ៉ាថាខ្លួនមិនបានទទួលស្គាល់សន្ធិសញ្ញាព្រំដែនដែលបានធ្វើជាមួយនឹងបារាំង។ មូលហេតុ របស់តុលាការនៅពេលនោះ គឺថាថៃបានទទួលប្រយោជន៍ពីសន្ធិសញ្ញានោះដោយព្រំដែនឋិនថេរ ហើយភាគីកម្ពុជា និងបារាំងបានទទួលការខូចខាតដោយសារការពឹងផ្អែកលើស្ថានភាពដែលបានកំណត់ដោយសន្ធិសញ្ញានោះ។
[1] THE LOCAL, Why parts of Israel, Germany, Italy and Britain are actually French, January 2020, available at: https://www.thelocal.fr/20200124/why-parts-of-israel-germany-italy-and-britain-are-actually-french/
[2] Encyclopedia, Tiwinza, available at: https://www.encyclopedia.com/humanities/encyclopedias-almanacs-transcripts-and-maps/tiwinza
[3] សេចក្ដីលម្អិត ចូរអានវិវាទដែលស្រដៀងគ្នានឹងឧទាហរណ៍ខាងលើ គឺ វិវាទដែនកោះផេដ្រាប្រាំងការ រវាងម៉ាឡេស៊ី និងសិង្ហបុរី (Pedra Branca Case, Malaysia v. Singapore, ICJ Judement of 23rd May 2008) ។
[4] Brownlie, 151; Shaw, 437–38.
[5] I.C. MacGibbon, “The Scope of Acquiescence in International Law” (1954) 31; Brit. Y.B. Int’l L. 143 at 143; H. Thirlway, “The Law and Procedure of the International Court of Justice, 1960–1989” (1989) 60 Brit. Y.B. Int’l L. 1 at 45–46.
[6] D.W. Bowett, “Estoppel before International Tribunals and its Relation to Acquiescence” (1957) 33 Brit. Y.B. Int’l L. 176 at 176–77.