ក្រមរដ្ឋប្បវេណី គន្ថីទី៥ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល

ជំពូកទី ៦៖ ការខ្ចីប្រើ

មាត្រា ៦២៥. និយមន័យនៃការខ្ចីប្រើ

ការខ្ចីប្រើ  សំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើប្រាស់ និង អាស្រ័យផលនូវវត្ថុណាមួយដោយមិនឱ្យបង់ថ្លៃ។

មាត្រា ៦២៦. ល័ក្ខខ័ណ្ឌនៃការបង្កើតការខ្ចីប្រើ

កិច្ចសន្យាខ្ចីប្រើត្រូវមានអានុភាពដោយភាគីម្ខាង ទទួលយកវត្ថុណាមួយពីភាគីម្ខាងទៀតហើយសន្យាថានឹងសងវត្ថុនោះក្រោយពីបានប្រើប្រាស់   និងអាស្រ័យផលដោយមិនបង់ថ្លៃ។

មាត្រា ៦២៧. ករណីយកិច្ចរបស់អ្នកខ្ចីនៅក្នុងការប្រើប្រាស់ និងអាស្រ័យផល

១-អ្នកខ្ចីត្រូវរក្សាទុកវត្ថុខ្ចី ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត ។

២-អ្នកខ្ចី ត្រូវប្រើប្រាស់ និងអាស្រ័យផលវត្ថុនោះតាមកិច្ចសន្យា ឬដោយផ្អែកតាមវិធីប្រើដែលត្រូវបានកំណត់តាមនិស្ស័យនៃវត្ថុដែលជាកម្មវត្ថុនោះ ។

៣-បើគ្មានការយល់ព្រមពីអ្នកឱ្យខ្ចីទេអ្នកខ្ចីពុំអាចឱ្យតតិយជនប្រើប្រាស់ ឬអាស្រ័យផល ពីវត្ថុខ្ចីនោះបានឡើយ ។

៤-ក្នុងករណីដែលអ្នកខ្ចីធ្វើផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ១ ទី ២ ឬ ទី ៣ ខាងលើនេះ អ្នកឱ្យខ្ចីអាចរំលាយកិច្ចសន្យាបាន ។

មាត្រា ៦២៨. បន្ទុកលើសោហ៊ុយ

១-អ្នកខ្ចី ត្រូវទទួលបន្ទុកលើសោហ៊ុយចាំបាច់ធម្មតា នៃវត្ថុខ្ចី ។

២-ប្រសិនបើអ្នកខ្ចី បានចេញចំណាយសោហ៊ុយចាំបាច់លើការជួសជុលធំៗជាអាទិ៍ក្រៅពីសោហ៊ុយចាំបាច់ធម្មតា ឬបានចំណាយប្រាក់ដើម្បីកែលំអ ឬចំណាយផ្សេងដើម្បីបង្កើនតម្លៃនៅពេលដែលការខ្ចីប្រើត្រូវបានបញ្ចប់ អ្នកខ្ចីអាចទាមទារចំពោះអ្នកឱ្យខ្ចីឱ្យសងវិញនូវប្រាក់ដែលបានចំណាយ ឬតម្លៃប្រាក់ដែលកើននោះតាមការជ្រើសរើសរបស់អ្នកឱ្យខ្ចីក្នុងកម្រិតដែលកំណើនតម្លៃនោះនៅតែមាន ។    ប៉ុន្តែ តុលាការអាចអនុញ្ញាតឱ្យសងដោយកំណត់អំឡុងពេលសមរម្យយោលតាមការទាមទាររបស់អ្នកឱ្យខ្ចីបាន ។

មាត្រា ៦២៩. ការទទួលខុសត្រូវក្នុងការ ធានារបស់អ្នកឱ្យខ្ចី

អ្នកឱ្យឪពុំទទួលខុសត្រូវក្នុងការធានាចំពោះវិការៈនៃវត្ថុដែលជាកម្មវត្ថុនៃការខ្ចីប្រើ ឬ ការខ្វះសិទ្ធិទេ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយបើអ្នកឱ្យខ្ចីបានដឹងអំពីវិការៈ ឬការខ្វះសិទ្ធិនោះហើយតែពុំបានជូនដំណឹងទៅអ្នកខ្ចី ។

មាត្រា ៦៣០. ការបញ្ចប់ការខ្ចីប្រើយោលតាមការផុតកំណត់អំឡុងពេល ឬ ចប់ការប្រើប្រាស់ និងអាស្រ័យផល

១-ការខ្ចីប្រើដែលមានកំណត់អំឡុងពេលត្រូវបញ្ចប់ដោយការផុតកំណត់អំឡុងពេល ។

២-នៅក្នុងករណីដែលភាគីមិនបានកំណត់អំឡុងពេលប្រសិនបើ បានកំណត់អំពី គោលបំណងនៃការខ្ចីប្រើការខ្ចីប្រើនឹងត្រូវបញ្ចប់នៅពេល ដែលអ្នកខ្ចីបានបញ្ចប់ការប្រើបាស់ និងអាស្រ័យផលវត្ថុខ្ចីតាមគោលបំណងនោះ ។     ប៉ុន្តែ ក្នុងករណីដែលអ្នកខ្ចីពុំបានបពា្ចប់ការប្រើប្រាស់ និងអាស្រ័យផលដោយសារការធ្វេសប្រហែសក្នុងការប្រើប្រាស់ និងអាស្រ័យផល ការខ្ចីញើនឹងត្រូវបង្ហាប់បន្ទាប់ពីអំឡុងពេលដែលគ្រប់គ្រាន់ដើម្បីអនុវត្តការប្រើប្រាស់ និង អាស្រ័យផលនោះបានកន្លងផុត ។

មាត្រា ៦៣១. ការស្នើសុំឱ្យរំលាយកិច្ចសន្យាពីអ្នកឱ្យខ្ចី

១-បើពុំបានកំណត់ទាំងអំឡុងពេល និងគោលបំណងផងទេអ្នកឱ្យខ្ចីអាចស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើនៅពេលណាក៏បាន ។

២-ទោះជានៅមុនការផុតកំណត់អំឡុងពេល ឬនៅមុនការបញ្ចប់ការប្រើប្រាស់ និង អាស្រ័យផលក៏ដោយប្រសិនបើមានករណីបន្ទាន់ និងចាំបាច់កើតមានឡើងចំពោះវត្ថុខ្ចី ដែលអ្នកឱ្យខ្ចីពុំអាចព្យាករបានអ្នកឱ្យខ្ចីអាចស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើ បាន ។

មាត្រា ៦៣២. ការស្នើសុំឱ្យរំលាយកិច្ចសន្យាពីអ្នកខ្ចី

ទោះបីបានកំណត់ ឬមិនបានកំណត់អំឡុងពេលក៏ដោយអ្នកខ្ចីអាចស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើនៅពេលណាក៏បាន ។    ប៉ុន្តែ ក្នុងករណីដែលអ្នកឱ្យខ្ចីមានផលប្រយោជន៍ ទៅលើអំឡុងពេលនោះអ្នកខ្ចីមានករណីយកិច្ចសងសំណងនៃការខូចខាត ដែលកើតឡើងដោយសារការស្នើសុំរំលាយកិច្ចសន្យានោះ ។

មាត្រា ៦៣៣. ការបញ្ចប់ការខ្ចីប្រើដោយសារមរណភាពរបស់អ្នកខ្ចី

ការខ្ចីប្រើ នឹងត្រូវបញ្ចប់ដោយសារមរណភាពរបស់អ្នកខ្ចី ។

មាត្រា ៦៣៤. ករណីយកិច្ចប្រគល់វត្ថុខ្ចី

១-នៅពេលដែលការខ្ចីប្រើត្រូវបានបញ្ចប់ ហើយអ្នកខ្ចីមានករណីយកិច្ចត្រូវធ្វើបដិមានវត្ថុខ្ចីនោះ ហើយប្រគល់ទៅឱ្យអ្នកឱ្យខ្ចីវិញជាបន្ទាន់ ។

២-លើកលែងតែការបាក់បែកការខូចខាត ដែលកើតឡើងដោយសារការប្រើប្រាស់ជាធម្មតាអ្នកខ្ចីត្រូវជួសជុលការខូចខាតដែលកើតឡើង ដោយសារមូលហេតុជាបន្ទុករបស់ខ្លួនឡើងវិញ ឬត្រូវមានករណីយកិច្ចសងសំណងនៃការខូចខាតនោះ ។

មាត្រា ៦៣៥. សិទ្ធិរុះរើចេញរបស់អ្នកខ្ចី

បើកិច្ចសន្យាខ្ចីប្រើត្រូវបានបញ្ចប់ហើយអ្នកខ្ចីអាចរុះរើចេញនូវវត្ថុដែលបានភ្ជាប់ជាមួយនឹងវត្ថុខ្ចីនោះបាន ។

មាត្រា ៦៣៦. អំឡុងពេលប្រើសិទ្ធិទាមទារសំណងនៃការខូចខាត និងទាមទារឱ្យសងសោហ៊ុយមកវិញ

សំណងនៃការខូចខាតដែលកើតឡើងដោយសារអ្នកខ្ចីក្នុងការប្រើប្រាស់ ឬអាស្រ័យ ផលដែលផ្ទុយនឹងអត្ថន័យដើមនៃកិច្ចសន្យា និងការសងមកវិញនូវសោហ៊ុយដែលអ្នកខ្ចីបានចេញត្រូវទាមទារនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលអ្នកឱ្យខ្ចីបានទទួលការសងវត្ថុខ្ចីនោះ ។

ទំព័រដើមនៃ ក្រមរដ្ឋប្បវេណី