គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល
ជំពូកទី ៩៖ កិច្ចសន្យាការងារ
មាត្រា ៦៦៤. កិច្ចសន្យាការងារ
១-កិច្ចសន្យាការងារត្រូវបានបង្កើតឡើង ដោយការសន្យារបស់ភាគីម្ខាងថាធ្វើពលកម្មឱ្យភាគីម្ខាងទៀត ហើយភាគីម្ខាងទៀតសន្យាថាផ្តល់ប្រាក់ឈ្នួលទៅលើកិច្ចការពលកម្មនោះ ។
២-ភាគីដែលបានសន្យាថាធ្វើពលកម្ម ហៅថាកម្មករនិយោជិតឯភាគីម្ខាងទៀតនោះហៅ ថានិយោជក ។
មាត្រា ៦៦៥. ការបង្ហាញល័ក្ខខ័ណ្ឌជាក់លាក់លើការងារ
១-នៅពេលធ្វើកិច្ចសន្យាការងារនិយោជក ត្រូវបង្ហាញជាក់លាក់នូវប្រាក់ឈ្នួលពេលម៉ោងធ្វើពលកម្ម និងល័ក្ខខ័ណ្ណនៃការធ្វើពលកម្មផ្សេងទៀតចំពោះកម្មករនិយោជិត ។
២-ក្នុងករណីដែលល័ក្ខខ័នៃការធ្វើពលកម្មដែលត្រូវបានបង្ហាញជាក់លាក់ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះខុសពីការពិតកម្មករនិយោជិតអាចរំលាយ កិច្ចសន្យាការងារនោះភ្លាមៗបាន ។
មាត្រា ៦៦៦. ករណីយកិច្ចយកចិត្តទុកដាក់ដល់សុវត្ថិភាព
និយោជកមានករណីយកិច្ចយកចិត្តទុកដាក់ដល់ការរក្សារូបរាងកាយ សុខភាព ជាអាទិ៍ របស់កម្មករនិយោជិតពីគ្រោះថ្នាក់នៅទីកន្លែងដែលកម្មករនិយោជិតត្រូវធ្វើពលកម្ម សិល្បៈការ្យនៅក្នុងការធ្វើឧបករណ៍ ។
មាត្រា ៦៦៧. ភាពផ្តាច់មុខលើបុគ្គល នៃកិច្ចសន្យាការងារ
១-បើគ្មានការយល់ព្រមពីកម្មករនិយោជិតទេ និយោជកពុំអាចធ្វើអនុប្បទានសិទ្ធិនោះ ឱ្យទៅតតិយជនបានឡើយ ។
២-បើគ្មានការយល់ព្រមពីនិយោជកទេ កម្មករនិយោជិតពុំអាចឱ្យតតិយជនធ្វើពលកម្មជំនួសខ្លួនបានឡើយ ។
៣-ប្រសិនបើភាគីណាមួយនៃកិច្ចសន្យាការងារបានធ្វើផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌ ទី ១ ឬទី ២ ខាងលើនេះភាគីម្ខាងទៀត អាចរំលាយកិច្ចសន្យានោះបាន ។
មាត្រា ៦៦៨. ការអនុវត្តច្បាប់ការងារ
ចំពោះកិច្ចសន្យាការងារក្រៅពីបញ្ញត្តិដែលកំណត់នៅក្នុងក្រមនេះ ត្រូវអនុលោមទៅតាមបញ្ញត្តិនៃច្បាប់ការងារ ។