គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល

ជំពូកទី ៨៖ កិច្ចសន្យាម៉ៅការ

មាត្រា ៦៥២. និយមន័យនៃកិច្ចសន្យាម៉ៅការ

កិច្ចសន្យាម៉ៅការសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងមានករណីយកិច្ចសម្រេចការ​ងារ​ដែលបានព្រមព្រៀង ហើយភាគីម្ខាងទៀតមានករណីយកិច្ចផ្ដល់កម្រៃចំពោះលទ្ធផលនៃការងារដែលបានធ្វើនោះ ។

មាត្រា ៦៥៣. ពេលដែលត្រូវបង់កម្រៃ

កម្រៃត្រូវបង់ដំណាលគ្នានឹងការប្រគល់វត្ថុដែលជាកម្មវត្ថុនៃការងារ ។   បើពុំចាំបាច់ក្នុងការប្រគល់វត្ថុទេក្រោយពីបានសម្រេចការងារ ហើយអ្នកម៉ៅការអាចទាមទារឱ្យ បង់កម្រៃបាន ។

មាត្រា ៦៥៤. ករណីយកិច្ចសម្រេចការងារដោយគ្មានវិការៈ

១-អ្នកម៉ៅការ មានករណីយកិច្ចសម្រេចការងារដោយគ្មានវិការៈចំពោះម្ចាស់ការ ។

២-បើការងារពុំមានលក្ខណៈដូចបានព្រមព្រៀងទេត្រូវចាត់ទុកថា ជាការងារមានវិការៈ ។ ក្នុងករណីដែលមិនបានព្រមព្រៀងអំពីលក្ខណៈបើការងារនោះពុំត្រឹមត្រូវក្នុងការប្រើប្រាស់ដែលបានសន្មតនៅក្នុងកិច្ចសន្យា ឬក្នុងករណីដែលពុំបានសន្មតនៅក្នុងកិច្ចសន្យានៃការប្រើប្រាស់ដែលបានកំណត់ បើការងារនោះមិនត្រឹមត្រូវក្នុងការប្រើប្រាស់ជាប្រក្រតីទេត្រូវចាត់ទុកថា ជាការងារមានវិការៈ ។

៣-ប្រសិនបើអ្នកម៉ៅការ បានធ្វើការផ្ទុយនឹងការបញ្ជា ឬបើការងារដែលបានធ្វើនោះមិនគ្រប់ចំនួនទេត្រូវចាត់ទុកថា ជាការងារមានវិការៈ ។

មាត្រា ៦៥៥. ការទាមទារឱ្យអនុវត្តការងារពេញលេញ

១-បើការងារមានវិការៈ ម្ចាស់ការអាចទាមទារចំពោះអ្នកម៉ៅការឱ្យអនុវត្តការងារពេញលេញដោយកំណត់អំឡុងពេលសមរម្យបាន ។   ក្នុងករណីនេះអ្នកម៉ៅការអាចជួសជុលវិការៈនៃការងារនោះ ឬអាចធ្វើការងារនោះសាជាថ្មីឡើងវិញ ដោយផ្អែកតាមការជ្រើសរើសបាន។

២-បើការអនុវត្តការងារឱ្យពេញលេញនេះ ចាំបាច់ត្រូវចំណាយសោហ៊ុយច្រើនហួស ហេតុបើប្រៀបធៀបទៅនឹងការខូចខាតផលប្រយោជន៍ដោយវិការៈនោះ អ្នកម៉ៅការអាច បដិសេធ បាន ។

៣-បើអ្នកម៉ៅការបានចាប់ផ្តើមធ្វើការងារនោះឡើងវិញ អ្នកម៉ៅការនោះអាចទាមទារឱ្យ ម្ចាស់ការសងការងារដែលមានវិការៈមកវិញ បាន ។

មាត្រា ៦៥៦. ការជួសជុលវិការៈដោយម្ចាស់ការ

១-នៅក្រោយពេលដែលអំឡុងពេលសមរម្យ ដែលបានកំណត់ដើម្បីអនុវត្តការងារឱ្យពេញលេញនោះបានកន្លងផុត ហើយម្ចាស់ការអាចជួសជុលវិការៈដោយខ្លួនឯងផ្ទាល់ហើយអាចទាមទារសោហ៊ុយដែលចាំបាច់លើការជួសជុលវិការៈនោះពីអ្នកម៉ៅការ បាន ។

២-ក្នុងករណីដែលការអនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឱ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឱ្យមានការខូច ខាតផលប្រយោជន៍ដោយមិនត្រឹមត្រូវចំពោះម្ចាស់ការម្ចាស់ការអាចជួសជុលវិការៈដោយខ្លួនឯងហើយអាចទាមទារសោហ៊ុយដែលចាំបាច់ក្នុងការជួសជុលវិការៈពីអ្នក ម៉ៅការបាន ។

៣-ក្នុងករណីនៃកថាខណ្ឌទី១ និងទី២ ខាងលើនេះ ម្ចាស់ការអាចទាមទារចំពោះអ្នកម៉ៅការ ឱ្យបង់សោហ៊ុយដែលចាំបាច់លើការជួសជុលវិការៈជាមុនបាន ។

៤-បញ្ញត្តិនៃកថាខណ្ឌទី ១ ទី ២ និង ទី ៣ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយបើអ្នកម៉ៅការ បានបដិសេធការអនុវត្តការងារឱ្យពេញលេញយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៦៥៥ (ការទាមទារឱ្យអនុវត្តការងារពេញលេញ) ខាងលើនេះ ។

មាត្រា ៦៥៧. សិទ្ធិរំលាយរបស់ម្ចាស់ការ

១-ម្ចាស់ការ អាចរំលាយកិច្ចសន្យាដោយយកមូលហេតុវិការៈនៃការងារផ្អែកតាមបញ្ញត្តិនៃផ្នែកទី ៤ (ការរំលាយកិច្ចសន្យា) ជំពូកទី ៤ នៃគន្លឹះទី ៤ បាន ។  បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរក្នុងករណីដែលការអនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឱ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឱ្យមានការខូចខាតផលប្រយោជន៍ដោយមិនត្រឹមត្រូវចំពោះម្ចាស់ការ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះមិនត្រូវយកមកអនុវត្តចំពោះអាគារ ឬសំណង់លើដីផ្សេងទៀតឡើយ ។    ប៉ុន្តែ បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះត្រូវយកមកអនុវត្តផងដែរបើសំណង់នោះពុំមានតម្លៃនឹងប្រើប្រាស់ចំពោះម្ចាស់ការដោយសារវិការៈធ្ងន់ធ្ងរពេក ។

មាត្រា ៦៥៨. សិទ្ធិទាមទារឱ្យបន្ថយតម្លៃរបស់ម្ចាស់ការ

១-នៅក្រោយពេលដែលអំឡុងពេលសមរម្យដែលបានកំណត់ដើម្បីអនុវត្តការងារឱ្យ ពេញលេញនោះបានកន្លងផុតហើយម្ចាស់ការអាចទាមទារឱ្យ បន្ថយថ្ងៃ តាមការ បង្ហាញឆន្ទៈចំពោះអ្នកម៉ៅការ ដោយយកវិការៈនៃការងារមកធ្វើជាមូលហេតុបាន។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ក្នុងករណីដែលការអនុវត្តការងារឱ្យ ពេញ លេញ មិន បានសម្រេច ឬ ក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឱ្យ ពេញលេញ ដោយអ្នកម៉ៅការ នឹងធ្វើឱ្យ មានការខូចខាតផលប្រយោជន៍ដោយមិនត្រឹមត្រូវចំពោះ ម្ចាស់ការ ។

២-កម្រៃនឹងត្រូវបានបន្ថយចុះ តាមការទាមទារឱ្យ បន្ថយថ្ងៃ យោលតាមសមាមាត្រ នៃតម្លៃការងារដែលមានភ្ជាប់នូវវិការៈ ជាមួយនឹងតម្លៃនៃការងារដែលគ្មានវិការៈនោះ ។

មាត្រា ៦៥៩- សិទ្ធិទាមទារសំណងនៃការខូចខាតរបស់ម្ចាស់ការ

១-ម្ចាស់ការ អាចទាមទារសំណងនៃការខូចខាត ដោយយោងតាមបញ្ញត្តិនៃផ្នែកទី ៣ (សំណងនៃការខូចខាត) ជំពូកទី ៤ នៃគន្ធីទី ៤ បាន ដោយមិនអនុវត្ត ឬដោយអនុវត្តព្រមគ្នានូវសិទ្ធិដែលបានកំណត់ចាប់ពីមាត្រា ៦៥៥ (ការទាមទារឱ្យអនុវត្តការងារពេញលេញ) រហូតដល់មាត្រា ៦៥៨ (សិទ្ធិទាមទារឱ្យបន្ថយតម្លៃរបស់ម្ចាស់ការ) នៃក្រមនេះ ។   ប៉ុន្តែចំពោះការអនុវត្តការងារឱ្យពេញលេញជំនួសសំណងនៃការខូចខាតនៅក្រោយពេល ដែលអំឡុងពេលសមរម្យដែលបានកំណត់ដើម្បីអនុវត្តការងារឱ្យពេញលេញនោះបានកន្លងផុត ហើយលុះត្រាតែនៅក្នុងករណីដែលការអនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថាការអនុវត្តការងារឱ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឱ្យមានការខូចខាតផលប្រយោជន៍ដោយមិនត្រឹមត្រូវចំពោះម្ចាស់ការទើបអាចទាមទារបាន ។

២-បើការអនុវត្តការងារឱ្យពេញលេញនេះ ចាំបាច់ត្រូវចំណាយសោហ៊ុយច្រើនហួសហេតុបើប្រៀបធៀបទៅនឹងការខូចខាតផលប្រយោជន៍ដោយវិការៈនោះ ម្ចាស់ការមិនអាចទាមទារចំនួនទឹកប្រាក់ដែលសមរម្យនឹងសោហ៊ុយ ដែលចាំបាច់ក្នុងការជួសជុលវិការៈនោះថាជាសំណងនៃការខូចខាតដោយយោលតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះបានឡើយ ។

មាត្រា ៦៦. ការដោះស្រាយក្នុងករណីដែលវិការៈកើតឡើងដោយសម្ភារៈ ឬដោយការបញ្ជា របស់ម្ចាស់ការ

១-បញ្ញត្តិចាប់ពីមាត្រា ៦៥៥ (ការទាមទារឱ្យ អនុវត្តការងារពេញលេញ) រហូតដល់មាត្រា ៦៥៩ (សិទ្ធិទាមទារសំណងនៃការខូចខាតរបស់ម្ចាស់ការ) ខាងលើនេះមិនត្រូវយកមកអនុវត្តឡើយ ប្រសិនបើវិការៈនៃការងារនោះកើតឡើងពីលក្ខណៈនៃសម្ភារៈដែលបានផ្តល់ដោយម្ចាស់ការ ឬដោយការបញ្ជារបស់ម្ចាស់ការនោះ ។  ការសម្តែងប្រាប់ដែលគ្រាន់តែជាបំណងរបស់ម្ចាស់ការពុំត្រូវចាត់ទុកថាជាការបញ្ជាឡើយ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះមិនត្រូវយកមកអនុវត្តឡើយ ប្រសិនបើអ្នកម៉ៅការបានដឹងអំពីសភាពនៃសម្ភារៈ ឬភាពមិនត្រឹមត្រូវនៃការបញ្ជានោះតែមិនបានផ្តល់ដំណឹង ។

មាត្រា ៦៦១. អំឡុងពេលនៃការប្រើសិទ្ធិ

១-សិទ្ធិដែលកំណត់ក្នុងបញ្ញត្តិចាប់ពីមាត្រា  ៦៥៥   (ការទាមទារឱ្យអនុវត្តការងារពេញ

លេញ) រហូតដល់មាត្រា ៦៥៨ (សិទ្ធិទាមទារឱ្យបន្ថយតម្លៃរបស់ម្ចាស់ការ) ខាងលើនេះ ត្រូវយកមកប្រើនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ។

២-អំឡុងពេលនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវគណនាចាប់ពីពេលដែលម្ចាស់ការ បានដឹង ឬគួរបានដឹងអំពីអត្ថិភាពនៃវិការៈនោះ ។

មាត្រា ៦៦២. កិច្ចសន្យាពិសេសមិនទទួលខុសត្រូវក្នុងការធានា

បញ្ញត្តិចាប់ពីមាត្រា ៦៥៥ (ការទាមទារឱ្យអនុវត្តការងារពេញលេញ) រហូតដល់មាត្រា ៦៥៩ (សិទ្ធិទាមទារសំណងនៃការខូចខាតរបស់ម្ចាស់ការ) ខាងលើនេះ ទោះបីជាមានកិច្ចសន្យាពិសេសអំពីការអនុគ្រោះ ឬកម្រិតការទទួលខុសត្រូវក៏ដោយចំពោះហេតុដែលបានដឹងហើយតែបែរជាមិនបានរាយការណ៍ប្រាប់ទេនោះ អ្នកម៉ៅការមិនអាចរួចផុតពីការទទួលខុសត្រូវ ឬការកម្រិតការទទួលខុសត្រូវបានឡើយ ។

មាត្រា ៦៦៣. សិទ្ធិរំលាយរបស់ម្ចាស់ការនៅក្នុងពេលដែលការងារមិនទាន់បាន

សម្រេច ម្ចាស់ការអាចរំលាយកិច្ចសន្យានៅពេលណាក៏បានដោយសងសំណងនៃការខូចខាត រហូតដល់ពេលដែលអ្នកម៉ៅការបានសម្រេចការងារ ។

☛ ទំព័រដើម ក្រមរដ្ឋប្បវេណី