ក្រមរដ្ឋប្បវេណី

គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើនីត្យានុកូល

ជំពូកទី ១៤៖ ការគ្រប់គ្រងដោយឈឺឆ្អាល

មាត្រា ៧២៩. ករណីយកិច្ចគ្រប់គ្រងរបស់អ្នកគ្រប់គ្រងដោយឈឺឆ្អាល

១-ទោះបីជាគ្មានសិទ្ធិអំណាចក៏ដោយ ការចាប់ផ្តើមគ្រប់គ្រងកិច្ចការដើម្បីបុគ្គលដទៃ ហៅថា ការគ្រប់គ្រងដោយឈឺឆ្អាល ។    បុគ្គលដែលធ្វើការគ្រប់គ្រងដោយឈឺឆ្អាល ហៅថា អ្នកគ្រប់គ្រងដោយឈឺឆ្អាល ។

២-អ្នកគ្រប់គ្រងដោយឈឺឆ្អាល ត្រូវគ្រប់គ្រងដោយព្យាយាមប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិតតាមវិធីដែលសមរម្យជាងគេ ដើម្បីផលប្រយោជន៍របស់សាមីខ្លួន ផ្អែកតាមលក្ខណៈនៃកិច្ចការនោះ ។

៣-ប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាល បានដឹងអំពីឆន្ទៈរបស់សាមីខ្លួន ឬប្រសិនបើអាចដឹងអំពីឆន្ទៈនោះបានត្រូវធ្វើការគ្រប់គ្រងដោយផ្អែកតាមឆន្ទៈនោះ ។

មាត្រា ៧៣០. ការគ្រប់គ្រងដោយឈឺឆ្អាលក្នុងភាពបន្ទាន់

ប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាល បានធ្វើការគ្រប់គ្រងដោយឈឺឆ្អាល ដើម្បី ជៀសវាងគ្រោះថ្នាក់នៅក្នុងសភាពបន្ទាន់ ចំពោះរូបកាយសាមីខ្លួនកិត្តិយស ឬទ្រព្យសម្បត្តិ លុះត្រាតែគ្មានគំនិតទុច្ចរិត ឬកំហុសធ្ងន់ធ្ងរ តែប៉ុណ្ណោះទេទើបអ្នកគ្រប់គ្រងដោយឈឺឆ្អាលពុំមានការទទួលខុសត្រូវលើសំណងនៃការខូចខាត ដែលកើតឡើងដោយសារការគ្រប់គ្រងនោះ ។

មាត្រា ៧៣១. ករណីយកិច្ចជូនដំណឹងរបស់អ្នកគ្រប់គ្រងដោយឈឺឆ្អាល

អ្នកគ្រប់គ្រងដោយឈឺឆ្អាល ត្រូវជូនដំណឹងអំពីការបានចាប់ផ្តើមការគ្រប់គ្រងដោយឈឺឆ្អាលទៅឱ្យសាមីខ្លួន ដោយគ្មានការយឺតយ៉ាវ ។    ប៉ុន្តែ ក្នុងករណីដែលសាមីខ្លួនបានដឹងអំពីការគ្រប់គ្រងនោះ  ហើយការជូនដំណឹងនេះពុំចាំ បាច់ឡើយ ។

មាត្រា ៧៣២. ករណីយកិច្ចបន្តការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងដោយឈឺឆ្អាល

អ្នកគ្រប់គ្រងដោយឈឺឆ្អាល ត្រូវបន្តការគ្រប់គ្រងនោះ រហូតដល់ពេលដែលសាមីខ្លួនសន្តតិជន ឬអ្នកតំណាងដែលច្បាប់បានកំណត់របស់សាមីខ្លួននោះអាចធ្វើការគ្រប់គ្រងបាន ។ ប៉ុន្តែ ប្រសិនបើការបន្តការគ្រប់គ្រងនោះផ្ទុយនឹងឆន្ទៈរបស់សាមីខ្លួន ឬប្រសិនបើច្បាស់ថានឹងធ្វើឱ្យខូចផលប្រយោជន៍សាមីខ្លួនត្រូវបញ្ចប់ការគ្រប់គ្រងនោះ ។

មាត្រា ៧៣៣. ការយកបញ្ញត្តិនៃអាណត្តិមកអនុវត្តដូចគ្នា

បញ្ញត្តិចាប់ពីមាត្រា ៦៤១ (ករណីយកិច្ចរាយការណ៍ របស់អាណត្តិគាហក) រហូតដល់មាត្រា ៦៤៣ (ករណីយកិច្ចសងសំណងនៃការខូចខាតរបស់អាណត្តិគាហកដែលបានប្រើប្រាក់) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរនៅក្នុងការគ្រប់គ្រងដោយឈឺ ឆ្អាល ។

មាត្រា ៧៣៤. សិទ្ធិទាមទារសងសោហ៊ុយវិញរបស់អ្នកគ្រប់គ្រងដោយឈឺឆ្អាល

១-ប្រសិនបើ បានចេញចំណាយជាចាំបាច់សម្រាប់ការគ្រប់គ្រង និងថែរក្សាវត្ថុ ឬ ចំណាយបង្កើនតម្លៃដើម្បីសាមីខ្លួនអ្នកគ្រប់គ្រងដោយឈឺឆ្អាលអាចទាមទារ ចំពោះសាមី ខ្លួនឱ្យសងវិញ បាន ។

២-បញ្ញត្តិកថាខណ្ឌទី ២ នៃមាត្រា ៦៤៦ (សិទ្ធិទាមទារឱ្យសងមកវិញ ជាអាទិ៍ នូវ សោហ៊ុយរបស់អាណត្តិគាហក) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាល បានទទួលបន្ទុកកាតព្វកិច្ចដែលជាសោហ៊ុយដែលបានបង្កើនតម្លៃ ដើម្បីសាមីខ្លួន ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តត្រឹមតែកម្រិតនៃផលប្រយោជន៍ដែលសាមីខ្លួនបានទទួលជាក់ស្តែងប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាលបាន

ធ្វើការគ្រប់គ្រងផ្ទុយពីឆន្ទៈរបស់សាមីខ្លួន ។

មាត្រា ៧៣៥. សិទ្ធិទាមទារកមៃរបស់អ្នកគ្រប់គ្រងដោយឈឺឆ្អាល

ក្នុងករណីដែលការគ្រប់គ្រងដោយឈឺឆ្អាលនោះរួមបញ្ចូលនៅក្នុងវិជ្ជាជីវៈ ឬអាជីវកម្មរបស់អ្នកគ្រប់គ្រងចំពោះកិច្ចការដែលនៅតែធ្វើបន្ត ក្រោយពេលដែលសាមីខ្លួនបានដឹងអំពីការគ្រប់គ្រងដោយឈឺឆ្អាលនោះរួចហើយ អ្នកគ្រប់គ្រងដោយឈឺឆ្អាល អាចទាមទារកម្រៃដែលត្រូវបង់ជាទូទៅចំពោះការគ្រប់គ្រងដោយឈឺឆ្អាលនោះ បាន ។

☛ ទំព័រដើម ក្រមរដ្ឋប្បវេណី