គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល
ជំពូកទី ១៥៖ សេចក្តីចម្រើនដោយឥតហេតុ
មាត្រា ៧៣៦. ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ
១-ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផល ប្រយោជន៍នោះត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន ។
២-នៅក្នុងករណីដែលបានទទួលការផ្តល់តាវកាលិកពីអ្នកដទៃ ដោយយោលតាមកិច្ចសន្យា ប្រសិនបើកិច្ចសន្យានោះពុំមានអានុភាព ឬត្រូវបានបាត់បង់អានុភាពបុគ្គល ដែលបានទទួលការផ្តល់តាវកាលិកនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ ដែលខ្លួនទទួលបានដោយសារការផ្តល់តាវកាលិកនោះ ឱ្យទៅអ្នកដទៃដែលបានផ្តល់តាវកាលិក នោះវិញដូចគ្នានឹងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះដែរ ។
មាត្រា ៧៣៧. ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយគំនិតទុច្ចរិត
១-បុគ្គលដែល បានទទួលផលប្រយោជន៍ដូចបានកំណត់នៅក្នុងមាត្រា ៧៣៦ (ល័ក្ខខ័ណ្ណ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ) ខាងលើនេះ ក្នុងករណីដែលបានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ ឬដឹងថាកិច្ចសន្យានោះពុំមានអានុភាពបុគ្គល ដែលបានទទួលផលប្រយោជន៍មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែលមាននៅពេលដែលបានដឹង និង ការប្រាក់ គិតចាប់ពីពេលដែលបានដឹងរហូតដល់ពេលសង ។
២-បើបុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាពនៃកិច្ចសន្យាដែលត្រូវបានបាត់បង់បុគ្គល ដែលបានទទួលផលប្រយោជន៍នោះមានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ដូចគ្នា នឹងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះដែរ ។
៣-បើបុគ្គលដែលត្រូវ បានបាត់បង់ផលប្រយោជន៍ ទទួលការខូចខាតដូចបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ បុគ្គលដែលបានទទួលផលប្រយោជន៍ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតនោះ ។
មាត្រា ៧៣៨. ការសងដោយគ្មានកាតព្វកិច្ច
បុគ្គលដែលបានសងកាតព្វកិច្ចដែលខ្លួនគ្មានអាចទាមទារឱ្យសងតាវកាលិកនៃការសងនោះមកវិញបាន។ ប៉ុន្តែ ក្នុងករណីដែលដឹងថា គ្មានកាតព្វកិច្ចនៅពេលសង នោះទេបុគ្គលដែលបានសងមិនអាចទាមទារឱ្យសងតាវកាលិកនៃការសងនោះមកវិញ បានឡើយ ។
មាត្រា ៧៣៩. ការសងនៅមុនកំណត់ពេល
ក្នុងករណីដែលបានផ្តល់តាវកាលិកនៃការសង ចំពោះកាតព្វកិច្ចដែលមិនទាន់ដល់ កំណត់ពេលសងនៅឡើយ កូនបំណុលពុំអាចទាមទារឱ្យសងតាវកាលិកដែលត្រូវបានផ្តល់នោះមកវិញបានឡើយ ។ ប៉ុន្តែ ក្នុងករណីដែលកូនបំណុលបានសងដោយពុំបាន ដឹងអំពីកំណត់ពេលសងដែលមិនទាន់មកដល់នៅឡើយ ម្ចាស់បំណុលមានករណីយកិច្ចត្រូវសងផលប្រយោជន៍ ដែលបានទទួលដោយសារការសងនៅមុនកំណត់ពេលនោះ ។
មាត្រា ៧៤០. ការសងកាតព្វកិច្ចរបស់អ្នកដទៃ
១-ក្នុងករណីដែលបុគ្គលក្រៅពីកូនបំណុល បានផ្តល់តាវកាលិកនៃការសងដោយភាន់ច្រឡំអំពីកាតព្វកិច្ចរបស់អ្នកដទៃថាជាកាតព្វកិច្ចរបស់ខ្លួន អាចទាមទារឱ្យសងតាវកាលិក នោះមកវិញបាន ។ ប៉ុន្តែ ក្នុងករណីដែលម្ចាស់បំណុលពុំបានដឹងថា ការផ្តល់តាវកាលិក នោះបណ្ដាលមកពីការភាន់ច្រឡំរបស់បុគ្គល ដែលបានផ្តល់តាវកាលិកនៃការសងនោះទេ ហើយបានបំផ្លាញលិខិតលាយលក្ខណ៍អក្សរដែលបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុល ឬ បានបោះបង់បាតិភោគចោល ដោយបានជឿជាក់ថាជាការ សងដែលមានសុពលភាពបុគ្គលដែលបានផ្តល់តាវកាលិកនោះ មិនអាចទាមទារឱ្យសងតាវកាលិកនោះ មកវិញបានឡើយ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនរារាំងការអនុវត្តសិទ្ធិទាមទារសំណងរបស់បុគ្គលដែលបានផ្តល់តាវកាលិកនៃការសង ចំពោះកូនបំណុលឡើយ ។
មាត្រា ៧៤១. ការផ្តល់តាវកាលិកដោយមូលហេតុខុសច្បាប់
នៅក្នុងជំពូកទី ១៥ (សេចក្តីចម្រើនដោយឥតហេតុ) នេះ ក្នុងករណីដែលការទាមទាររបស់បុគ្គលដែលត្រូវបានខូចខាតផលប្រយោជន៍ចំពោះបុគ្គលដែលបានទទួលផល ប្រយោជន៍នោះ ផ្ទុយនឹងរបៀបរៀបរយសាធារណៈ ឬទំនៀមទម្លាប់ល្អ ឬច្បាប់ដែលទាក់ទងទៅនឹងសណ្តាប់ធ្នាប់សាធារណៈ ការទាមទារឱ្យសងនោះពុំត្រូវបានអនុញ្ញាត ឡើយ ។