ក្រមរដ្ឋប្បវេណី

គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល

ជំពូកទី ១៦៖ អំពើអនីត្យានុកូល

មាត្រា ៧៤២. និយមន័យនៃកំហុសចេតនា និង អចេតនា

នៅក្នុងជំពូកទី ១៦ (អំពើអនីត្យានុកូល) នេះ អំពើដោយមានកំហុសចេតនា ឬអចេតនា សំដៅទៅលើ អំពើដែលត្រូវនឹងចំណុចណាមួយខាងក្រោមនេះ :

ក-ធ្វើអំពើបំពានដោយព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផល ហើយដោយទទួលយកការកើតឡើងនៃលទ្ធផលនោះ ។

ខ-ធ្វើអំពើដែល បើតាមប្រក្រតី បុគ្គលដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នានឹងអ្នកធ្វើអំពើនោះ អាចព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលក៏ដោយ ក៏អ្នកធ្វើអំពើនោះនៅតែពុំបានព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផល នោះដោយសារការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ហើយទោះជាមានករណីយកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ ក៏នៅតែប្រព្រឹត្តផ្ទុយនឹងករណីយកិច្ចនោះ ។

មាត្រា ៧៤៣. ល័ក្ខខ័ណ្ឌ និងការទទួលខុសត្រូវក្នុងការបញ្ជាក់បង្ហាញនៃអំពើអនីត្យានុក្ខលទូទៅ

១-បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬផលប្រយោជន៍របស់ជនដទៃដោយកំហុសចេតនា ឬដោយកំហុសអចេតនាត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលកើតឡើងដោយអំពើនោះ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ   ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលការខូចខាតបានកើតឡើង   ដោយសារមានករណីយកិច្ចធ្វើអំពើណាមួយ តែមិនបានធ្វើអំពើនោះ ។

៣-ចំពោះកំហុសចេតនា ឬកំហុសអចេតនារបស់ចាវីនេះ ទំនាក់ទំនងនៃហេតុផលរវាងអំពើរបស់អ្នកប្រព្រឹត្តអំពើបំពាន និងការកើតឡើងនៃការខូចខាត និងការខូចខាតដែលកើតមានឡើងលើជនរងគ្រោះ បុគ្គលដែលទាមទារសំណងការខូចខាតនោះ ត្រូវបញ្ជាក់បង្ហាញ លើកលែងតែមានបញ្ញត្តិពិសេសនៅក្នុងក្រមនេះ ឬច្បាប់ផ្សេងទៀត ។

មាត្រា ៧៤៤. សំណងនៃការខូចខាតដែលមិនមែនជាទ្រព្យសម្បត្តិ

បុគ្គលដែលទទួលខុសត្រូវតាមបញ្ញត្តិនៃមាត្រា ៧៤៣ (ល័ក្ខខ័ណ្ឌ និងការទទួលខុសត្រូវក្នុងការបញ្ជាក់បង្ហាញនៃអំពើអនីត្យានុកូលទូទៅ) ខាងលើនេះ ត្រូវសងការខូចខាតចំពោះអ្វីដែលមិនមែនជាទ្រព្យសម្បត្តិផងដែរ ។

មាត្រា ៧៤៥. អសមត្ថភាពក្នុងការទទួលខុសត្រូវ

១-ជនដែលមានអាយុក្រោម ១៥ (ដប់បួន) ឆ្នាំមិនត្រូវទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទេ ។

២-បុគ្គលដែលស្ថិតក្នុងស្ថានភាពដែលមិនអាចយល់ដឹង និងវិនិច្ឆ័យបានអំពីការទទួលខុសត្រូវចំពោះអំពើរបស់ខ្លួននៅពេលដែលខ្លួនបានប្រព្រឹត្តអំពើបំពាននោះ ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ឬមូលហេតុផ្សេងទៀត មិនត្រូវទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលឡើយ ។     ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលស្ថានភាពនោះបណ្តាលមកដោយកំហុសចេតនា ឬដោយកំហុសអចេតនា ។

មាត្រា ៧៤៦. ការទទួលខុសត្រូវរបស់អ្នកមានករណីយកិច្ចត្រួតពិនិត្យ

១-បុគ្គលដែលមានករណីយកិច្ចដែលបានកំណត់ដោយច្បាប់ក្នុងការត្រួតពិនិត្យ អនីតិជនអាយុក្រោម ១៤ (ដប់បួន) ឆ្នាំ ឬបុគ្គលដែលស្ថិតក្នុងស្ថានភាពដែលមិនអាចយល់ដឹង និងវិនិច្ឆ័យ បានអំពីការទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនដោយសារមាន វិបត្តិផ្នែកបញ្ញាស្មារតី ឬមូលហេតុផ្សេងទៀត មានករណីយកិច្ចត្រូវសងការខូចខាតរបស់អ្នកដទៃ ដែលកើតឡើង ដោយអំពើបំពានរបស់បុគ្គលនៅក្រោមការត្រួតពិនិត្យរបស់ខ្លួន នេះ ។

២-បុគ្គលដែលមានករណីយកិច្ចដែលបានកំណត់ដោយច្បាប់ក្នុងការត្រួតពិនិត្យ អនីតិជនអាយុចាប់ពី ១៥ (ដប់បួន) ឆ្នាំ ឡើងទៅត្រូវទទួលខុសត្រូវដោយសាមគ្គីភាពជាមួយអនីតិជន ចំពោះការខូចខាតរបស់អ្នកដទៃដែលកើតឡើងដោយអំពើអនីត្យានុកូល របស់អនីតិជននោះ ។

៣-បុគ្គលដែលមានករណីយកិច្ចត្រួតពិនិត្យ ដែលទទួលខុសត្រូវក្នុងការសងការខូចខាតតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ អាចរួចខ្លួនពីការទទួលខុសត្រូវក្នុងការសងការខូចខាតបានដោយបញ្ជាក់បង្ហាញថា ខ្លួនបានបំពេញករណីយកិច្ចត្រួតពិនិត្យជាប្រក្រតី ។

មាត្រា ៧៤៧. ការទទួលខុសត្រូវរបស់និយោជក

១-បុគ្គលដែលប្រើនិយោជិតដើម្បីអនុវត្តកិច្ចការ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលនិយោជិតបានបង្កដល់អ្នកដទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬដោយកំហុសអចេតនា នៅក្នុងការអនុវត្តកិច្ចការនោះ ។

២-បុគ្គលដែលស្ថិតក្នុងឋានះត្រូវត្រួតពិនិត្យនិយោជិត ជំនួសនិយោជកត្រូវទទួលខុសត្រូវដូចគ្នានឹងនិយោជកដែរ ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបុគ្គលនោះ បានត្រួតពិនិត្យដោយត្រឹមត្រូវ ។

៣-និយោជក ឬអ្នកត្រួតពិនិត្យជំនួសអាចទាមទារសំណងពីនិយោជិតបានដោយយោងទៅតាមកម្រិតនៃកំហុសរបស់និយោជិតនោះ ។

មាត្រា ៧៤៨. អំពើអនីត្យានុកូលរបស់នីតិបុគ្គល

១-នីតិបុគ្គលត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលសមាជិកគណៈកម្មការ នាយក ឬអ្នកតំណាងឯទៀត បានបង្កដល់អ្នកដទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬ ដោយកំហុសអចេតនា ក្នុងការអនុវត្តភារកិច្ច ។

២-បើបានសងការខូចខាតតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ នីតិបុគ្គលអាចទាមទារសំណងពីអ្នកតំណាងដែល បានប្រព្រឹត្តអំពើបង្កការខូចខាតនោះ ។

មាត្រា ៧៤៩. អំពើអនីត្យានុកូលរបស់មន្ត្រីរាជការ

១-បើមន្ត្រីរាជការដែលទទួលការអនុវត្តនូវអំណាចសាធារណៈរបស់រដ្ឋ ឬស្ថាប័នសាធារណៈ បានបង្កការខូចខាតដល់អ្នកដទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬដោយកំហុសអចេតនា ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួននោះរដ្ឋ ឬស្ថាប័នសាធារណៈត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតនោះ ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើកម្រិតនៃការ បំពានករណីយកិច្ចរបស់មន្ត្រីរាជការ ក្នុងការជៀសវាងនូវលទ្ធផលមានភាពធ្ងន់ធ្ងរ រដ្ឋ ឬស្ថាប័នសាធារណៈអាចទាមទារសំណងពីមន្ត្រីរាជការនោះ បាន ។

មាត្រា ៧៥០. ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ

បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើង ដល់អ្នកដទៃ ដោយសត្វដែលខ្លួនកាន់កាប់ ។

មាត្រា ៧៥១. ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ

១-ក្នុងករណីដែលមានវិការៈនាំឱ្យមានគ្រោះថ្នាក់មិនសមហេតុផលក្នុងចលនវត្ថុដែលត្រូវបានផលិត ហើយបានបណ្ណាលឱ្យមានការខូចខាតដល់អ្នកដទៃដោយវិការៈនោះផលិតករនៃចលនវត្ថុនោះត្រូវទទួលខុសត្រូវក្នុងការសងនូវការខូចខាតនោះ ។    ប៉ុន្តែ បញ្ញត្តិ នេះមិនត្រូវអនុវត្តឡើយចំពោះករណីដែលមិនអាចប្រមាណនូវវិការៈនោះតាមកម្រិត វិទ្យាសាស្ត្រនៃបច្ចេកទេស ដែលមាននៅសម័យដែលផលិតនោះ ។

២-អ្នកដែលផលិតចលនវត្ថុដែលផ្សំដោយគ្រឿង ឬវត្ថុធាតុដើមដែលមានវិការៈត្រូវទទួលខុសត្រូវក្នុងការសងនូវការខូចខាត ក្នុងនាមជាផលិតករផងដែរ ។

៣-ក្នុងខ្លឹមសារនៃមាត្រានេះ ចំពោះចលនវត្ថុដែលនាំចូលអ្នកនាំចូលត្រូវចាត់ទុក ថាជាផលិតករ ។

៤-ក្នុងខ្លឹមសារនៃមាត្រានេះ បុគ្គលដែលបានដាក់សញ្ញាណនៃនាមករណ៍របស់ខ្លួនជាផលិតករ ឬអ្នកលក់នៅលើចលនវត្ថុ ត្រូវចាត់ទុកថាជាផលិតករនៃចលនវត្ថុនោះ ។

មាត្រា ៧៥២. ការទទួលខុសត្រូវចំពោះវត្ថុគ្រោះថ្នាក់

បុគ្គលជាកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្តគ្រឿងចក្រសម្រាប់ដឹកជញ្ជូនផ្សេងទៀត គ្រឿងផ្ទុះវត្ថុធាតុវិទ្យុសកម្ម វត្ថុធាតុគីមីដែលមានជាតិពុល អតិសុខុមប្រាណឧត្បាត ឬគ្រឿងដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ផ្សេងទៀត ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលបង្កដល់អ្នកដទៃ ដោយសារវត្ថុគ្រោះថ្នាក់ដែលខ្លួនមានកម្មសិទ្ធិ ឬគ្រប់គ្រង ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការខូចខាតនោះកើតមានឡើងប្តាលមកពីប្រធានសក្តិ ឬករណីដែលការគ្រប់គ្រងវត្ថុគ្រោះថ្នាក់គ្មានវិការៈ ហើយការខូចខាតបានកើតឡើង ដោយសារអំពើរបស់ជនរងគ្រោះ ឬតតិយជន ។

មាត្រា ៧៥៣. ការទទួលខុសត្រូវចំពោះសំណង់ដែលជាប់នឹងដី

១-ក្នុងករណីដែលការសាងសង់សំណង់ដែលជាប់នឹងដី ឬការគ្រប់គ្រងសំណង់នោះ មានវិការៈ ហើយបានប្តាលឱ្យមានការខូចខាតដល់អ្នកដទៃអ្នកគ្រប់គ្រងសំណង់ និងកម្មសិទ្ធិករនៃសំណង់នោះត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ក្នុងការសងការខូចខាតនោះ ។   ប៉ុន្តែក្នុងករណីដែលអ្នកគ្រប់គ្រងបានបញ្ជាក់ថា ខ្លួនបានគ្រប់គ្រងដោយ ត្រឹមត្រូវអ្នកគ្រប់គ្រងនោះអាចរួចផុតពីការទទួលខុសត្រូវ បាន ។

២-បន្ទុករបស់កម្មសិទ្ធិករនៃសំណង់ដែលជាប់នឹងដី និងអ្នកគ្រប់គ្រងសំណង់នោះត្រូវកំណត់ទៅតាមកម្រិតនៃការបង្កឱ្យមានវិការៈ នៃការសាងសង់ ឬការគ្រប់គ្រង ។

មាត្រា ៧៥៤. អំពើអនីត្យានុកូលរួម

១-បើការខូចខាត បានកើតឡើងដោយសារអំពើរបស់បុគ្គលច្រើននាក់រួមគ្នាអ្នក ប្រព្រឹត្តអំពើបំពាននីមួយៗត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដោយសាមគ្គីភាព ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើអ្នក ប្រព្រឹត្តអំពើបំពាននីមួយៗបានបញ្ជាក់អំពីភាគនៃអំពើដែលខ្លួន បានបង្កឱ្យមានការខូចខាត ជននោះត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត តាមសមាមាត្រនៃភាគដែលខ្លួនបានបង្ក ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលទទួលស្គាល់ថា មានការសមគំនិត ឬមានទំនាក់ទំនងសហការយ៉ាងជិតស្និទ្ធក្នុងចំណោមអ្នកប្រព្រឹត្តអំពើបំពាន ។

៣-បើជនម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តអំពើអនីត្យានុកូលរួម បានសងការខូចខាតទាំងអស់ ដោយចេញចំណាយរបស់ខ្លួនជននោះអាចទាមទារសំណងពីអ្នកផ្សេងទៀត ដែលប្រព្រឹត្តអំពើអនីត្យានុកូលរួមនោះបានតាមសមាមាត្រនៃភាគដែលជនម្នាក់ៗបាន បង្ក ។

មាត្រា ៧៥៥. និយមន័យនៃការការពារជាធម្មានុរូប និងស្ថានភាពចាំបាច់

១-អំពីការពារជាធម្មានុរូបសំដៅទៅលើអំពើរំលោភ ដែលពុំអាចជៀសវាងបានដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃ ចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើរំលោភនោះស្ថិត ជិតគ្នា និងមានតុល្យភាពរវាងវិធីការពារនិងកម្រិតនៃអំពើបំពាននោះ ។

២-អំពើដោយសារស្ថានភាពចាំបាច់សំដៅទៅលើអំពើរំលោភដែលពុំអាចជៀស វាង បានដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃ ចំពោះគ្រោះថ្នាក់បច្ចុប្បន្ន ឬ អច្ចាសន្ន   ហើយដែលស្ថិតក្នុងករណីមានតុល្យភាព  រវាងវិធីការពារ    និងកម្រិតគ្រោះថ្នាក់នោះ ។

មាត្រា ៧៥៦. មូលហេតុនៃការរួចផុតពីភាពផ្ទុយច្បាប់

១-អ្នកប្រព្រឹត្តអំពើបំពានត្រូវរួចផុតពីការទទួលខុសត្រូវ ក្នុងករណីដែលមានការយល់ព្រម ឬការទទួលយកគ្រោះថ្នាក់ ពីសំណាក់អ្នករងគ្រោះ ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការយល់ព្រម ឬការទទួលយកគ្រោះថ្នាក់នោះមិនត្រូវបានសង្គមទទួលស្គាល់ថាសមហេតុផល ។

២-ចំពោះការខូចខាតដែលកើតមានឡើងដោយសារអំពើការពារជាធម្មានុរូប ឬអំពើដោយសារស្ថានភាពចាំបាច់ អ្នកដែលបានប្រព្រឹត្តអំពើការពារ ឬអំពើដោយសារស្ថានភាពចាំ បាច់ពុំត្រូវទទួលខុសត្រូវឡើយ ។   ក្នុងករណីនេះ បុគ្គលដែលបានប្រព្រឹត្តអំពើផ្ទុយច្បាប់ដែលជាមូលហេតុនៃអំពើនោះ ត្រូវទទួលខុសត្រូវ ។

៣-ចំពោះការខូចខាតដោយសារអំពើដែលត្រូវសង្គមទទួលស្គាល់ថាសមហេតុ ផល អ្នកប្រព្រឹត្តអំពើបំពានមិនត្រូវទទួលខុសត្រូវឡើយ ។

មាត្រា ៧៥៧. គោលការណ៍សងការខូចខាតជាប្រាក់ និងករណីលើកលែង

១-ជាគោលការណ៍ សំណងនៃការខូចខាតត្រូវសងជាបាក់ ។

២-ក្នុងករណី ដែលមិនអាចទទួលការសង្គ្រោះត្រឹមត្រូវដោយសំណងជាប្រាក់ជនរងគ្រោះអាចទាមទារឱ្យធ្វើបដិទាន ឬអាចទាមទារឱ្យហាមឃាត់មិនឱ្យធ្វើអំពើណាមួយ បាន ។

៣-ចំពោះការបរិហារកេរ្តិ៍ ក្រៅពីសំណងនៃការខូចខាត ជនរងគ្រោះអាចទាមទារវិធានការស្តារកិត្តិយសឡើងវិញ ដូចជាការផ្សព្វផ្សាយសេចក្តីសុំអភ័យទោសជាសាធារណៈបាន ។

មាត្រា ៧៥៨. ការគណនាចំនួនទឹកប្រាក់នៃការខូចខាត

១-ក្នុងការគណនាចំនួនទឹកប្រាក់នៃការខូចខាតលើទ្រព្យសម្បត្តិដោយសារអំពើអនីត្យានុកូល ភាពខុសគ្នារវាងស្ថានភាពនៃទ្រព្យសម្បត្តិដែលត្រូវ បានសន្មតថា នឹងមានប្រសិនបើគ្មានអំពើអនីត្យានុកូល និងស្ថានភាពនៃទ្រព្យសម្បត្តិជាក់ស្តែងក្រោយពេល ដែលអំពើអនីត្យានុកូលបានកើតឡើង ត្រូវបានវាយតម្លៃដោយប្រើប្រាស់នូវស្ថិតិ និងឯកសារផ្សេងទៀត ។

២-ក្នុងការគណនាចំនួនទឹកប្រាក់នៃការខូចខាត សតិអារម្មណ៍ដោយសារអំពើអនីត្យានុកូលចំនួនទឹកប្រាក់នៃជម្ងឺចិត្ត ត្រូវបានវាយតម្លៃដោយគិតពិចារណានូវស្ថានភាព ផ្សេងៗដូច

ជាកម្រិតនៃកំហុសចេតនា ឬអចេតនារបស់អ្នកប្រព្រឹត្តអំពើបំពានប្រភេទ និងកម្រិតនៃការរងគ្រោះ អំពើរបស់អ្នកប្រព្រឹត្តអំពើបំពាននៅក្រោយអំពើបង្កឱ្យមានការ រងគ្រោះនោះ ។

មាត្រា ៧៥៩. ការទាមទារសំណងនៃការខូចខាតដោយសារការបាក់បែកវត្ថុ

នៅពេលដែលវត្ថុ បានបាក់បែកដោយអំពើអនីត្យានុកូល អ្នករងគ្រោះអាចទាមទារ សំណង ដូចជាតម្លៃនៃវត្ថុដែលបាក់បែក ឬសោហ៊ុយជួសជុលវត្ថុនោះ ជាអាទិ៍ ។

មាត្រា ៧៦០. ការទាមទារសំណងនៃការខូចខាតដោយការបំពានលើជីវិត

១-បើជនរងគ្រោះទទួលមរណភាពដោយអំពើអនីត្យានុកូលអ្នករងគ្រោះអាច ទទួលសិទ្ធិទាមទារសំណងចំពោះការខូចខាតលើទ្រព្យសម្បត្តិ និងការខូចខាតសតិអារម្មណ៍ដែលបានកើតឡើងចំពោះខ្លួនរហូតដល់មរណភាព ។  ការខូចខាតលើទ្រព្យសម្បត្តិ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នេះ ត្រូវរួមបញ្ចូលទាំងសោហ៊ុយព្យាបាល និងសោហ៊ុយចំណាយផ្សេងទៀតដែលជនរងគ្រោះបានបង់ ឬមានករណីយកិច្ចត្រូវបង់ចាប់ពីក្រោយអំពើបង្កឱ្យមានការរងគ្រោះរហូតដល់ពេលទទួលមរណភាពប្រាក់ចំណូល ដែលជនរងគ្រោះមិន បានទទួលចាប់ពីក្រោយអំពើបង្កឱ្យមានការរងគ្រោះ     រហូតដល់ពេលទទួលមរណភាពជាអាទិ៍ ។

២-បើបុគ្គលដែលមានករណីយកិច្ចផ្តល់អាហារកាតព្វកិច្ចដោយច្បាប់ទំនៀមទំលាប់ ឬ ដោយកិច្ចសន្យា បានទទួលមរណភាពដោយអំពើអនីត្យានុកូល បុគ្គលដែលទទួលជីវព្រឹត្តិ អាចទាមទារសំណងការខូចខាតលើទ្រព្យសម្បត្តិ ដែលបានកើតឡើងចំពោះខ្លួនដោយសារ មរណភាពរបស់ជនរងគ្រោះ ។    ការខូចខាតលើទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ នេះ ត្រូវរួមបញ្ចូលទាំងប្រាក់ជីវព្រឹត្តិដែលបុគ្គលដែលទទួល ជីវព្រឹត្តិលែងបានទទួលដោយសារមរណភាពនៃជនរងគ្រោះសោហ៊ុយ ដែលចេញជំនួសជនរងគ្រោះសោហ៊ុយធ្វើបុណ្យសព ជាអាទិ៍ ។

៣-បើជនរងគ្រោះទទួលមរណភាព ដោយអំពើអនីត្យានុកូល សហព័ទ្ធ ញាតិនៅក្នុង ១ (មួយ) ថ្នាក់ និងញាតិដែលរស់នៅជាមួយជនរងគ្រោះអាចទាមទារសំណង នៃការខូចខាតសតិអារម្មណ៍ដែលបានកើតឡើងដោយសារមរណភាពរបស់ជនរងគ្រោះនោះ បាន ។

មាត្រា ៧៦១. ការទាមទារសំណងនៃការខូចខាតដោយការបំពានលើរូបរាងកាយ

បើមានការបំពានលើរូបរាងកាយ ដោយអំពើអនីត្យានុកូល ជនរងគ្រោះអាចទាមទារសំណងនៃការខូចខាតលើទ្រព្យសម្បត្តិ និងការខូចខាតសតិអារម្មណ៍ដែលបានកើតឡើងចំពោះខ្លួន ។   ការខូចខាតលើទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងមាត្រានេះត្រូវរួមបញ្ចូលទាំងសោហ៊ុយព្យា បាលដែលបានចំណាយហើយ ឬសោហ៊ុយព្យាបាលដែល ប្រមាណថានឹងត្រូវចំណាយនាពេលអនាគត ប្រាក់ចំណូលដែលមិនអាចទទួលបាននៅពេលកំពុងព្យាបាល និងប្រាក់ចំណូលដែលមិនអាចទទួលបាននៅពេលអនាគតដោយសារផលវិបាកដែលបន្សល់ក្រោយពីការព្យាបាលជាអាទិ៍ ។   ការខូចខាតដែលបានកំណត់នៅក្នុងមាត្រានេះត្រូវរួមបញ្ចូលទាំងការឈឺចាប់ផ្នែកសតិអារម្មណ៍នៅពេលព្យាបាល និងពេលអនាគត ជាអាទិ៍ ។

មាត្រា ៧៦២. ការទាមទារសំណងនៃការខូចខាតផ្នែកសតិអារម្មណ៍ដោយសារការ

បរិហារកេរ្តិ៍ បើមានការបរិហារកេរ្តិ៍ ដោយអំពើអនីត្យានុកូល ជនរងគ្រោះអាចទាមទារសំណងនៃការខូចខាតសតិអារម្មណ៍ ដោយសារការអាប់ឱនកេរ្តិ៍ឈ្មោះក្នុងសង្គម ។

មាត្រា ៧៦៣. ការទូទាត់ប្រាក់ចំណេញ និងខាត

ប្រសិនបើជនរងគ្រោះ បានទទួលផលចំណេញដោយសារអំពើអនីត្យានុកូលចំនួន ប្រាក់ចំណេញនោះត្រូវដកចេញ នៅពេលធ្វើការគណនាចំនួនទឹកប្រាក់នៃការខូចខាត ។

មាត្រា ៧៦៤. ការទូទាត់នូវកំហុស

បើកំហុសរបស់ជនរងគ្រោះ ឬកំហុសរបស់អ្នកដែលមានករណីយកិច្ចត្រូវត្រួតពិនិត្យជនរងគ្រោះបានរួមចំណែកក្នុងការកើតឡើង ឬរីករាលដាលនៃការខូចខាត តុលាការអាចគិតពិចារណានូវកម្រិតនៃការរួមចំណែកនោះ នៅពេលធ្វើការគណនាចំនួនទឹកប្រាក់នៃការខូចខាត ។

មាត្រា ៧៦៥. អាជ្ញាយុកាលនៃការរំលត់

សិទ្ធិទាមទារសំណងនៃការខូចខាតដោយអំពើអនីត្យានុកូល ត្រូវរលត់ដោយអាជ្ញាយុកាលវើអំឡុងពេល ៣ (បី) ឆ្នាំ បានកន្លងហួសបន្ទាប់ពីពេលដែលជនរងគ្រោះ ឬអ្នកតំណាងដែលច្បាប់បានកំណត់របស់ជនរងគ្រោះនោះ បានដឹងថា អាចទាមទារសំណងការខូចខាតចំពោះអ្នកប្រព្រឹត្តអំពើបំពាន ឬបើអំឡុងពេល ១០ (ដប់) ឆ្នាំ បានកន្លងហួសបន្ទាប់ពីអំពើអនីត្យានុកូលនោះត្រូវបានប្រព្រឹត្តឡើង ។

☛ ទំព័រដើម ក្រមរដ្ឋប្បវេណី