ក្រមរដ្ឋប្បវេណី

គន្ថីទី៦៖ ការធានាកាតព្វកិច្ច

ជំពូកទី ១៖ បទប្បញ្ញត្តិទូទៅ

មាត្រា ៧៦៦. និយមន័យនៃអ្នកធានាដោយវត្ថុ និង តតិយជនដែលបានធ្វើលទ្ធកម្ម

១-បុគ្គលដែលបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សលើទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីធានា កាតព្វកិច្ចរបស់អ្នកដទៃ ត្រូវហៅថា អ្នកធានាដោយវត្ថុ ។

២-បុគ្គលដែលបានធ្វើលទ្ធកម្មនូវវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលបង្កើតឡើងដោយកូនបំណុល ដើម្បីធានាកាតព្វកិច្ចរបស់ខ្លួនត្រូវហៅថាតតិយជន ដែលបានធ្វើលទ្ធកម្ម ។

មាត្រា ៧៦៧. ប្រភេទនៃសិទ្ធិប្រាតិភោគប្រត្យក្ស

១-ប្រភេទនៃសិទ្ធិប្រាតិភោគប្រត្យក្សត្រូវកម្រិតតែប្រភេទ ដែលបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី ឬច្បាប់ពិសេសតែប៉ុណ្ណោះ ហើយក្រៅពីនេះមិនអាចបង្កើតបានឡើយ ។

២-សិទ្ធិប្រាតិភោគប្រត្យក្សដែលបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីនេះ មាន ៥ (ប្រាំ) ប្រភេទ គឺសិទ្ធិឃាត់ទុកឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក និងសិទ្ធិប្រាតិភោគដោយអនុប្បទាន ។

មាត្រា ៧៦៨. វត្ថុដែលជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគប្រត្យក្ស

សិទ្ធិប្រាតិភោគប្រត្យក្សមិនអាចយកវត្ថុ ឬសិទ្ធិណាដែលមិនអាចធ្វើអនុប្បទានបាន មកធ្វើជាកម្មវត្ថុបានទេ ។  ប៉ុន្តែ បញ្ញត្តិនេះមិនរារាំងការបង្កើតសិទ្ធិឃាត់ទុកលើវត្ថុ ដែលមិនអាចធ្វើអនុប្បទាន បានឡើយ ។

មាត្រា ៧៦៩. ភាពបន្ទាប់បន្សំនៃសិទ្ធិប្រាតិភោគប្រត្យក្ស

១-សិទ្ធិប្រាតិភោគប្រត្យក្សត្រូវបានបង្កើតឡើង ដើម្បីធានាកាតព្វកិច្ចដែលមានអត្ថិភាពហើយ ។   ប៉ុន្តែទោះបីជាកាតព្វកិច្ចដែលនឹងកើតឡើងនាពេលអនាគតក៏ដោយ ក្នុងករណីដែលអាចកំណត់កាតព្វកិច្ច បានក៏សិទ្ធិប្រាតិភោគប្រត្យក្សអាចបង្កើតបានដែរដោយយកកាតព្វកិច្ចនោះមកធ្វើជាកាតព្វកិច្ចដែលត្រូវបានធានា ។

២-ក្នុងករណីដែលសិទ្ធិលើបំណុល   ដែលត្រូវបានធានាមិនត្រូវបានបង្កើតឡើងដោយ

សារខ្វះល័ក្ខខ័ណ្ឌ សិទ្ធិប្រាតិភោគប្រត្យក្សក៏មិនត្រូវបានបង្កើតឡើងដែរ ។

៣-ក្នុងករណីដែលសិទ្ធិលើបំណុល ដែលត្រូវបានធានាត្រូវបានចាត់ទុកជាមោឃៈដោយសារមានវិការៈក្នុងការបង្ហាញឆន្ទៈ ឬដោយសារហេតុផ្សេងទៀត ឬក្នុងករណីដែលសិទ្ធិលើបំណុលដែលត្រូវបានធានាត្រូវបានលុបចោល សិទ្ធិប្រាតិភោគប្រត្យក្សក៏មិនត្រូវមានអានុភាពឡើយ ។

៤-ក្នុងករណីដែលសិទ្ធិលើបំណុលដែលត្រូវបានធានា បានរលត់ដោយសារការសង ឬ អាជ្ញាយុកាលនៃការរំលត់សិទ្ធិ ឬហេតុផ្សេងទៀត សិទ្ធិប្រាតិភោគប្រត្យក្សក៏ត្រូវ រលត់ដែរ ។

៥-បញ្ញត្តិនៃកថាខណ្ឌទី ១ ទី ២ ទី ៣ និង កថាខណ្ឌទី ៤ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតដែលត្រូវបានបង្កើតឡើង ដើម្បីធានាសិទ្ធិលើបំណុលច្រើនដែលកើតឡើងដោយកិច្ចសន្យាបន្តបន្ទាប់ ។

មាត្រា ៧៧០. ភាពទៅជាមួយគ្នានៃសិទ្ធិប្រាតិភោគប្រត្យក្ស

១-ក្នុងករណីដែលសិទ្ធិលើបំណុល ដែលសិទ្ធិប្រាតិភោគប្រត្យក្សត្រូវបានបង្កើតត្រូវ បានផ្ទេរបើគ្មានការបង្ហាញឆន្ទៈផ្សេងទេ សិទ្ធិប្រាតិភោគប្រត្យក្សនោះក៏ត្រូវបានផ្ទេរទៅឱ្យអ្នកដែលទទួលសិទ្ធិលើបំណុលនេះដែរ ។   ប៉ុន្តែ ក្នុងករណីដែលចាំបាច់តម្រូវឱ្យ ម្ចាស់សិទ្ធិលើប្រាតិភោគ កាន់កាប់វត្ថុដែលជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគនោះអ្នកទទួលការផ្ទេរ សិទ្ធិលើបំណុលក៏ចាំ បាច់ត្រូវទទួលនូវការកាន់កាប់វត្ថុដែលជាកម្មវត្ថុនោះដែរ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះសិទ្ធិលើបំណុលដែលត្រូវបានធានាដោយសិទ្ធិលើការបញ្ចដើម្បីធានាបំណុលអណ្តែត ឬហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ។

មាត្រា ៧៧១.- អវិភាគភាពនៃសិទ្ធិប្រាតិភោគប្រត្យក្ស

អានុភាពនៃសិទ្ធិប្រាតិភោគប្រត្យក្សត្រូវមានលើវត្ថុ ឬ សិទ្ធិដែលជាកម្មវត្ថុនៃសិទ្ធិ បាតិភោគប្រត្យក្សទាំងអស់ រហូតដល់ពេលដែលម្ចាស់សិទ្ធិប្រាតិភោគ បានទទួលសំណង នៃសិទ្ធិលើបំណុលទាំងអស់ ។

មាត្រា ៧៧២. អានុភាពតាមនៃសិទ្ធិប្រាតិភោគប្រត្យក្ស

ក្នុងករណីដែលវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគប្រត្យក្សត្រូវបានធ្វើអនុប្បទានទៅតតិយជនម្ចាស់សិទ្ធិប្រាតិភោគនោះ អាចយកអានុភាពនៃសិទ្ធិប្រាតិភោគប្រត្យក្សមកតតាំងចំពោះតតិយជននោះ បានលើកលែងតែករណីដែលបានកំណត់នៅក្នុងមាត្រា ៨០៧ (អានុភាពតាមចំពោះតតិយជនដែលបានធ្វើលទ្ធកម្ម) ស្តីពីឯកសិទ្ធិ និងមាត្រា ៨៩៤ (ការ ចាត់ចែងវត្ថុដែលជាកម្មវត្ថុដោយអ្នកបង្កើត) ស្តីពីប្រាតិភោគដោយអនុប្បទាននៃក្រមនេះ ។ ប៉ុន្តែ តម្រូវឱ្យម្ចាស់សិទ្ធិប្រាតិភោគនោះមានគ្រប់គ្រាន់នូវល័ក្ខខ័ណួតតាំង ។

មាត្រា ៧៧៣. ការអនុវត្តសិទ្ធិប្រាតិភោគប្រត្យក្ស

ប្រសិនបើម្ចាស់សិទ្ធិប្រាតិភោគមិនបានទទួលសំណងនៃសិទ្ធិលើបំណុលទេ អ្នកនោះ អាចអនុវត្តសិទ្ធិប្រាតិភោគប្រត្យក្សនេះ តាមនីតិវិធីដែលច្បាប់បានកំណត់បាន ។

☛ ទំព័រដើម ក្រមរដ្ឋប្បវេណី