ក្រមរដ្ឋប្បវេណី

គន្ថីទី៦៖ ការធានាកាតព្វកិច្ច

ជំពូកទី ៥៖ ហ៊ីប៉ូតែក

មាតិកា

ផ្នែកទី ១៖ អត្ថន័យនៃហ៊ីប៉ូតែក

មាត្រា ៨៤៣. អត្ថន័យនៃហ៊ីប៉ូតែក

១-ម្ចាស់បំណុលហ៊ីប៉ូតែក មានសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាបាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនមិនផ្ទេរការកាន់កាប់ ។

២-សិទ្ធិជួលអចិន្ត្រៃយ៍ និងផលុបភោគក៏អាចយកមកធ្វើជាកម្មវត្ថុនៃហ៊ីប៉ូតែកបានដែរ ។ ក្នុងករណីនេះ បញ្ញត្តិនៃជំពូកទី ៥ (ហ៊ីប៉ូតែក) នេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។

៣-ក្នុងករណីដែលច្បាប់ ពិសេសទទួលស្គាល់ការយកទ្រព្យសម្បត្តិផ្សេងក្រៅពីអចល

នវត្ថុមកធ្វើជាកម្មវត្ថុនៃហ៊ីប៉ូតែក បញ្ញត្តិនៃច្បាប់ពិសេសនោះត្រូវយកមកអនុវត្ត ។

ផ្នែកទី ២៖ ការបង្កើតហ៊ីប៉ូតែក

មាត្រា ៨៤៤. ការបង្កើតហ៊ីប៉ូតែក

ហ៊ីប៉ូតែកនឹងត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ជាប្រាតិភោគ ។

មាត្រា ៨៤៥. ការតតាំងនៃហ៊ីប៉ូតែក

ម្ចាស់បំណុលហ៊ីប៉ូតែកមិនអាចយកហ៊ីប៉ូតែកនោះមកតតាំងចំពោះតតិយជន ក្រៅពីអ្នកដែលបង្កើតប៉ូតែកបានឡើយ ប្រសិនបើមិនបានធ្វើកិច្ចសន្យាបង្កើតហ៊ីប៉ូតែកនោះដោយលិខិតយថាភូត និងមិនបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លីទេ ។

ផ្នែកទី ៣៖ អានុភាពនៃហ៊ីប៉ូតែក

មាត្រា ៨៤៦. ទំហំនៃអានុភាពហ៊ីប៉ូតែក

១-ហ៊ីប៉ូតែកមានអានុភាពលើវត្ថុដែលភ្ជាប់នឹងដីដែលជាកម្មវត្ថុនៃហ៊ីប៉ូតែក និងជាផ្នែកមួយនៃដីដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកនោះ នៅពេលបង្កើតហ៊ីប៉ូតែករួមទាំងអាគារដែលមាននៅលើដីហ៊ីប៉ូតែកនោះ ។   អានុភាពនេះក៏មានលើវត្ថុ ដែលត្រូវបានភ្ជាប់នៅក្រោយពេលបង្កើតហ៊ីប៉ូតែកផងដែរ ។

២-ភាគីពុំអាចកំណត់ផ្សេងពីបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ នៅក្នុងកិច្ចសន្យាបង្កើតហ៊ីប៉ូតែកបានឡើយ ។

មាត្រា ៨៤៧. អានុភាពនៃហ៊ីប៉ូតែកលើដីចំពោះអាគារដែលជាកម្មសិទ្ធិរបស់តតិយជន

ក្នុងករណីដែលតតិយជនមានកម្មសិទ្ធិលើអាគារនៅលើដី ដែលបានដាក់ហ៊ីប៉ូតែក ដោយផ្អែកលើសិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ ឬសិទ្ធិជួលហ៊ីប៉ូតែកនេះពុំមានអានុភាពលើអាគារនោះឡើយ ។

មាត្រា ៨៤៨. អានុភាពនៃហ៊ីប៉ូតែក ចំពោះផល

បញ្ញត្តិនៃមាត្រា ៨៤៦ (ទំហំនៃអានុភាពហ៊ីប៉ូតែក)  ខាងលើនេះ  មិនត្រូវយកមកអនុវត្ត

ចំពោះផលឡើយ ។ ប៉ុន្តែ បញ្ញត្តិនៃវាក្យខណ្ឌទី ១ នេះមិនត្រូវយកមកអនុវត្តឡើយនៅក្រោយពេលដែលអចលនវត្ថុហ៊ីប៉ូតែកនោះត្រូវបានរឹបអូស ។

មាត្រា ៨៤៩. ឧបាទេសកម្មលើវត្ថុ

១-ហ៊ីប៉ូតែកអាចអនុវត្តបានចំពោះទឹកប្រាក់ឬវត្ថុផ្សេងទៀតដែលអ្នកបង្កើត ហ៊ីប៉ូតែកត្រូវទទួលដោយសារការលក់ ការបាត់បង់ ឬការខូចខាតនូវវត្ថុដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកនោះ ។    ប៉ុន្តែ ម្ចាស់ហ៊ីប៉ូតែកពុំអាចអនុវត្តហ៊ីប៉ូតែករបស់ខ្លួនបានឡើយ នៅក្រោយពេលដែលបាក់ត្រូវបានបង់ ឬវត្ថុផ្សេងត្រូវបានប្រគល់ទៅឱ្យអ្នកបង្កើត ។

២-ហ៊ីប៉ូតែកក៏អាចអនុវត្តបានផងដែរ ចំពោះផលដែលកើតឡើងក្រោយការរឹបអូសអចលនវត្ថុហ៊ីប៉ូតែកនោះ ។

មាត្រា ៨៥០. សិទ្ធិទាមទារសំណងរបស់អ្នកធានាដោយវត្ថុ

ប្រសិនបើអ្នកដែលបានបង្កើតហ៊ីប៉ូតែកដើម្បីធានាកាតព្វកិច្ចរបស់អ្នកដទៃ បានសង ចំពោះកាតព្វកិច្ចនោះ ឬបានបាត់បង់នូវកម្មសិទ្ធិលើដីហ៊ីប៉ូតែក ដោយសារការអនុវត្ត ហ៊ីប៉ូតែកនោះ អ្នកនោះត្រូវមានសិទ្ធិទាមទារសំណងពីកូនបំណុលដោយយោងទៅតាមបញ្ញត្តិស្តីពីការធានា ។

មាត្រា ៨៥១. លំដាប់នៃហ៊ីប៉ូតែក

ក្នុងករណីដែលបានបង្កើតហ៊ីប៉ូតែកនៅលើអចលនវត្ថុតែមួយ ដើម្បីធានាសិទ្ធិលើ បំណុលច្រើនលំដាប់នៃហ៊ីប៉ូតែកនោះ ត្រូវអនុលោមតាមពេលវេលាដែលបានចុះបញ្ជី ។

មាត្រា ៨៥២. ទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានា

១-ក្នុងករណីដែលម្ចាស់បំណុលហ៊ីប៉ូតែកមានសិទ្ធិទាមទារការប្រាក់ ឬធនលាភផ្សេងទៀត ម្ចាស់បំណុលហ៊ីប៉ូតែកអាចអនុវត្តហ៊ីប៉ូតែកនោះ បានតែចំពោះចំនួននៃការសងដែលដល់កំណត់ពេលសម្រាប់អំឡុងពេល ២ (ពីរ) ឆ្នាំចុងក្រោយតែប៉ុណ្ណោះ ។ ប៉ុន្តែ ចំពោះធនលាភដែលមានពីមុនមកប្រសិនបើ បានចុះបញ្ជីពិសេសក្រោយពីបានដល់ពេលកំណត់ត្រូវសង ហ៊ីប៉ូតែកនេះអាចអនុវត្តបានចាប់ពីពេលដែលបានចុះបញ្ជីនោះ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ត្រូវយកមកអនុវត្តផងដែរ ចំពោះប្រាក់ដែលត្រូវបង់សម្រាប់អំឡុងពេល ២ (ពីរ) ឆ្នាំចុងក្រោយ ក្នុងករណីដែលម្ចាស់បំណុលហ៊ីប៉ូតែកមានសិទ្ធិទាមទារឱ្យសងសំណងនៃការខូចខាតដែលបានកើតឡើង ដោយការមិនអនុវត្តកាតព្វកិច្ច ។    ប៉ុន្តែ ក្នុងករណីនេះ ចំនួនសរុបនៃសំណងការខូចខាតព្រមទាំងការប្រាក់ និងធនលាភផ្សេងទៀត មិនអាចលើសចំនួនសរុបសម្រាប់អំឡុងពេល ២ (ពីរ) ឆ្នាំ បានឡើយ ។

ផ្នែកទី ៤៖ ការអនុវត្តហ៊ីប៉ូតែក

មាត្រា ៨៥៣. ការលក់ដោយបង្ខំនូវអចលនវត្ថុហ៊ីប៉ូតែក

បើកាតព្វកិច្ចពុំ បានអនុវត្តទេម្ចាស់បំណុលហ៊ីប៉ូតែកអាចដាក់ពាក្យសុំឱ្យលក់ដោយ បង្ខំនូវអចលនវត្ថុហ៊ីប៉ូតែក ទៅតុលាការបាន ។

មាត្រា ៨៥៤. ការលក់ដោយបង្ខំនូវអាគារជាកម្មសិទ្ធិរបស់តតិយជន

១-បើអ្នកបង្កើតហ៊ីប៉ូតែក មានកម្មសិទ្ធិលើអាគារដែលអ្នកបង្កើតហ៊ីប៉ូតែកនោះ ឬតតិយជន បានសាងសង់នៅលើដីហ៊ីប៉ូតែកនៅក្រោយពេលហ៊ីប៉ូតែកនោះត្រូវបានបង្កើត ហើយ ម្ចាស់បំណុលហ៊ីប៉ូតែក អាចលក់ដោយបង្ខំនូវអាគារនោះព្រមជាមួយនឹងដីហ៊ីប៉ូតែកនោះបាន ។   ប៉ុន្តែ បើចំនួនថ្ងៃលក់ដី និងអាគារនោះទាបជាងថ្ងៃលក់ដីដែលគ្មានអាគារលើនោះម្ចាស់បំណុលហ៊ីប៉ូតែកអាចទាមទារឱ្យអ្នកបង្កើតហ៊ីប៉ូតែករុះរើអាគារនោះមុនពេលលក់ដោយបង្ខំ ។

២-ក្នុងករណីដែលតតិយជនមានកម្មសិទ្ធិលើអាគារលើដីហ៊ីប៉ូតែក ដោយផ្អែកលើសិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ ឬសិទ្ធិជួលបើតតិយជននោះមិនអាចយកសិទ្ធិជួល អចិន្ត្រៃយ៍ផលុបភោគ ឬសិទ្ធិជួលរបស់ខ្លួនមកតតាំងចំពោះម្ចាស់បំណុលហ៊ីប៉ូតែក ម្ចាស់បំណុលហ៊ីប៉ូតែកអាចលក់ដោយបង្ខំនូវអាគារនោះព្រមជាមួយនឹងដីហ៊ីប៉ូតែកបាន ។

មាត្រា ៨៥៥. ការស្នើសុំទិញដោយតតិយជនដែលបានធ្វើលទ្ធកម្ម

តតិយជនដែលបានធ្វើលទ្ធកម្មនូវអចលនវត្ថុហ៊ីប៉ូតែក អាចក្លាយជាអ្នកទិញក្នុងការ លក់ដោយបង្ខំ បាន ។

មាត្រា ៨៥៦. សិទ្ធិទាមទារឱ្យសងសោហ៊ុយរបស់តតិយជនដែលបានធ្វើលទ្ធកម្ម

ក្នុងករណីដែលតតិយជនដែលបានធ្វើលទ្ធកម្មនូវអចលនវត្ថុហ៊ីប៉ូតែក បានចេញ ចំណាយជាចាំបាច់សម្រាប់ការគ្រប់គ្រង និងថែរក្សាវត្ថុ ឬចំណាយបង្កើនតម្លៃចំពោះ អចលនវត្ថុហ៊ីប៉ូតែកនោះ តតិយជននោះអាចទទួលសំណងនៃចំណាយនោះពីថ្ងៃលក់ ដោយបង្ខំនូវអចលនវត្ថុនោះ ដោយមានអាទិភាពជាងម្ចាស់បំណុលហ៊ីប៉ូតែក ។

មាត្រា ៨៥៧. ការចែកចំណែកព្រមគ្នា និងការចែកចំណែកមិនព្រមគ្នាក្នុងករណីនៃហ៊ីប៉ូតែករួម

១-ក្នុងករណីដែលម្ចាស់បំណុលមានហ៊ីប៉ូតែកលើអចលនវត្ថុច្រើនដើម្បីធានាសិទ្ធិ លើបំណុលតែមួយបើចែកចំណែកនូវប្រាក់ដែលបានមកពីការលក់ដោយបង្ខំនៅពេលជា មួយគ្នា បន្ទុកនៃសិទ្ធិលើបំណុលត្រូវចែកទៅតាមសមាមាត្រនៃតម្លៃអចលនវត្ថុនីមួយៗ នោះ ។

២-បើចែកចំណែកតែប្រាក់ដែលបានពីការលក់ដោយបង្ខំនូវអចលនវត្ថុណាមួយ ម្ចាស់បំណុលហ៊ីប៉ូតែកអាចទទួលការសងចំពោះសិទ្ធិលើបំណុលទាំងអស់ដោយបាក់ ដែលបានមកពីការលក់ដោយបង្ខំនោះបាន ។    ក្នុងករណីនេះ ម្ចាស់បំណុលហ៊ីប៉ូតែកដែលមានលំដាប់បន្ទាប់អាចអនុវត្តហ៊ីប៉ូតែករបស់ម្ចាស់បំណុលហ៊ីប៉ូតែកដែលមានលំដាប់នៅ ខាងលើ ដោយឧ បាទេសកម្មបានរហូតដល់ចំនួនទឹកប្រាក់ដែលម្ចាស់បំណុលហ៊ីប៉ូតែក ដែលមានលំដាប់ខ្ពស់ជាងនោះ ត្រូវទទួលការសងចំពោះអចលនវត្ថុផ្សេងទៀត ដោយយោងទៅតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។

មាត្រា ៨៥៨. ហ៊ីប៉ូតែករួម – ការចុះបញ្ជីឧបាទេសិកម្ម

អ្នកដែលអនុវត្តហ៊ីប៉ូតែកដោយឧ បាទេសកម្ម ដោយយោងទៅតាមបញ្ញត្តិនៃកថាខណ្ឌ

ទី ២ មាត្រា ៨៥៧ (ការចែកចំណែកព្រមគ្នា និងការចែកចំណែកមិនព្រមគ្នា ក្នុងករណីនៃហ៊ីប៉ូតែករួម) ខាងលើនេះ ត្រូវចុះបញ្ជីអំពីឧបាទេសកម្មនេះនៅក្នុងបញ្ជីដែលចុះ ហ៊ីប៉ូតែក ។

ផ្នែកទី ៥៖ ការចាត់ចែងហ៊ីប៉ូតែក

មាត្រា ៨៥៩. ហ៊ីប៉ូតែកបន្ត

១-ម្ចាស់បំណុលហ៊ីប៉ូតែកអាចយកហ៊ីប៉ូតែកនេះធ្វើជាប្រាតិភោគសម្រាប់កាតព្វកិច្ច របស់ខ្លួន ឬតតិយជនបាន ។     ករណីនេះហៅថាហ៊ីប៉ូតែកបន្ត ។

២-នៅពេលចែកចំណែកនូវប្រាក់ដែលបានមកពីការលក់ដោយបង្ខំនូវអចលនវត្ថុ ហ៊ីប៉ូតែក ម្ចាស់បំណុលហ៊ីប៉ូតែកបន្តអាចទទួលការសងចំពោះសិទ្ធិលើបំណុលទាំងអស់បានត្រឹមកម្រិតនៃចំនួនទឹកប្រាក់នៃចំណែកដែលត្រូវចែកទៅឱ្យម្ចាស់បំណុលហ៊ីប៉ូតែក ។   ប៉ុន្តែ បើសិទ្ធិលើបំណុលនោះមិនទាន់ដល់កំណត់ពេលត្រូវសងទេ ម្ចាស់បំណុលហ៊ីប៉ូតែកបន្តគ្រាន់តែអាចទាមទារឱ្យតម្កល់ចំនួនទឹកប្រាក់ដែលខ្លួនអាចទទួលការសងនោះប៉ុណ្ណោះ ។

មាត្រា ៨៦០. អនុប្បទាន ឬការបោះបង់នូវហ៊ីប៉ូតែក

១-ម្ចាស់បំណុលហ៊ីប៉ូតែក អាចធ្វើអនុប្បទាន ឬបោះបង់នូវហ៊ីប៉ូតែក បានដើម្បីផលប្រយោជន៍របស់ម្ចាស់បំណុលផ្សេងទៀតចំពោះកូនបំណុលតែម្នាក់ ។

២-អនុប្បទានិកនៃហ៊ីប៉ូតែក អាចអនុវត្តហ៊ីប៉ូតែកដែលខ្លួនបានទទួលដោយយកមកធ្វើជាប្រាតិភោគនៃសិទ្ធិលើបំណុលរបស់ខ្លួនបាន ។    ក្នុងករណីនេះ បញ្ញត្តិនៃកថាខណ្ឌ ទី ២ នៃមាត្រា ៨៥៩ (ហ៊ីប៉ូតែកបន្ត) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។

៣-បុគ្គលដែលបានបោះបង់ហ៊ីប៉ូតែក ពុំអាចអះអាងអានុភាពនៃហ៊ីប៉ូតែកនោះចំពោះបុគ្គលដែលបានទទួលនូវការបោះបង់នោះឡើយ ។

មាត្រា ៨៦១. អនុប្បទាន ឬការបោះបង់ និងការផ្លាស់ប្តូរនូវលំដាប់នៃហ៊ីប៉ូតែក

១- ម្ចាស់បំណុលហ៊ីប៉ូតែក អាចធ្វើអនុប្បទាន ឬបោះបង់លំដាប់នៃហ៊ីប៉ូតែកបានដើម្បីផលប្រយោជន៍របស់ម្ចាស់បំណុលផ្សេងទៀតចំពោះកូនបំណុលតែម្នាក់ ។     ម្ចាស់បំណុលហ៊ីប៉ូតែកក៏អាចផ្លាស់ប្តូរលំដាប់នៃហ៊ីប៉ូតែកនោះបាន ដោយការព្រមព្រៀងជាមួយម្ចាស់បំណុលហ៊ីប៉ូតែកផ្សេងទៀត ។      ប៉ុន្តែ បើមានបុគ្គលដែលមានទំនាក់ទំនង នឹងផលប្រយោជន៍ចំពោះការផ្លាស់ប្តូរនោះម្ចាស់បំណុលហ៊ីប៉ូតែកត្រូវទទួលការយល់ព្រម អំពីបុគ្គលនោះ ។

២-ម្ចាស់បំណុលហ៊ីប៉ូតែកដែលទទួលអនុប្បទាននូវលំដាប់នៃហ៊ីប៉ូតែក អាចទទួលការសងដោយមានអាទិភាពជាងម្ចាស់បំណុលហ៊ីប៉ូតែកដែលបានធ្វើអនុប្បទាននូវលំដាប់ នោះ នូវចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលទាំងអស់ ពីប្រាក់ដែលបានមកពីការលក់ដោយបង្ខំនូវអចលនវត្ថុហ៊ីប៉ូតែកនោះ ត្រឹមកម្រិតនៃចំនួនទឹកប្រាក់សរុបនៃចំណែកដែលត្រូវចែកឱ្យទៅម្ចាស់បំណុលហ៊ីប៉ូតែកទាំងពីរនោះ ។

៣-ម្ចាស់បំណុលហ៊ីប៉ូតែកដែលទទួលនូវការបោះបង់លំដាប់នៃហ៊ីប៉ូតែក អាចទទួលការសងដោយមានសមភាពជាមួយម្ចាស់បំណុលដែលបានលះបង់លំដាប់ហ៊ីប៉ូតែកនោះ តាមសមាមាត្រនៃចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលនៅក្នុងទំហំនៃចំនួនទឹកប្រាក់សរុបនៃចំណែកដែលត្រូវចែកឱ្យទៅម្ចាស់បំណុលហ៊ីប៉ូតែកទាំងពីរនោះ ។

៤-ម្ចាស់បំណុលហ៊ីប៉ូតែកដែល បានព្រមព្រៀងក្នុងការផ្លាស់ប្តូរលំដាប់ហ៊ីប៉ូតែក អាចអនុវត្តហ៊ីប៉ូតែក បានតាមការព្រមព្រៀងនោះ ។

មាត្រា ៨៦២. អានុភាពនៃការចាត់ចែងហ៊ីប៉ូតែក

១-ការចាត់ចែងហ៊ីប៉ូតែកដែលបានកំណត់នៅក្នុងមាត្រា៨៥៩ (ហ៊ីប៉ូតែកបន្ត) មាត្រា ៨៦០ (អនុប្បទាន ឬការបោះបង់នូវហ៊ីប៉ូតែក) និង មាត្រា ៨៦១ (អនុប្បទាន ឬការបោះបង់ និងការផ្លាស់ប្តូរនូវលំដាប់នៃហ៊ីប៉ូតែក) ខាងលើនេះ មិនមានអានុភាពឡើយ បើមិនធ្វើឡើងដោយលិខិតយថាភូត និងមិនបានចុះបញ្ជីបន្ថែមអំពីការចាត់ចែងនោះ ។

២-ការចាត់ចែងហ៊ីប៉ូតែកមិនអាចតតាំងចំពោះកូនបំណុលដែលមានកាតព្វកិច្ចចម្រៀងអ្នកធានាអ្នកបង្កើតហ៊ីប៉ូតែក និងប្រតិសិទ្ធិរបស់ជនទាំងនោះបានឡើយ បើម្ចាស់បំណុលហ៊ីប៉ូតែកមិនបានជូនដំណឹងទៅកូនបំណុលដែលមានកាតព្វកិច្ចចម្បង ឬទទួលការយល់ព្រមពីកូនបំណុលនោះទេ ។

៣-បើកូនបំណុលដែលមានកាតព្វកិច្ចចម្បងបានទទួលដំណឹង ឬផ្តល់ការយល់ព្រម ដូចបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ការសងដែលបានធ្វើឡើងចំពោះអ្នកចាត់ចែងហ៊ីប៉ូតែក ដោយគ្មានការយល់ព្រមពីអ្នកដែលទទួលផលប្រយោជន៍ពីការចាត់ចែងហ៊ីប៉ូតែក មិនអាចតតាំងចំពោះអ្នកដែលទទួលផលប្រយោជន៍បានឡើយ ។

មាត្រា ៨៦៣. លំដាប់នៃការចាត់ចែងហ៊ីប៉ូតែក

ក្នុងករណីដែលបានកំណត់នៅក្នុងមាត្រា ៨៥៩ (ហ៊ីប៉ូតែកបន្ត) មាត្រា ៨៦០ (អនុប្បទាន ឬការបោះបង់នូវហ៊ីប៉ូតែក) និងមាត្រា ៨៦១ (អនុប្បទាន ឬការបោះបង់ និងការផ្លាស់ប្តូរនូវលំដាប់នៃហ៊ីប៉ូតែក) ខាងលើនេះ បើម្ចាស់បំណុលហ៊ីប៉ូតែក បានចាត់ចែងហ៊ីប៉ូតែកសម្រាប់បុគ្គលច្រើននាក់លំដាប់នៃសិទ្ធិរបស់បុគ្គលដែលទទួលផលប្រយោជន៍ពីការចាត់ចែងនោះ ត្រូវអនុលោមទៅតាមពេលវេលានៃការចុះបញ្ជីបន្ថែមនៅក្នុងបញ្ជី  ដែលចុះហ៊ីប៉ូតែកនោះ ។

ផ្នែកទី ៦៖ការរលត់នៃហ៊ីប៉ូតែក

កថាភាគទី ១៖ ការរលត់ដោយការទាមទារ

មាត្រា ៨៦៤. ការសងដោយថ្ងៃលក់

ក្នុងករណីដែលតតិយជនដែលទិញកម្មសិទ្ធិ សិទ្ធិជួលអចិន្ត្រៃយ៍   ឬផលុបភោគចំពោះ

អចលនវត្ថុហ៊ីប៉ូតែក បានសងថ្ងៃលក់នោះទៅម្ចាស់បំណុលហ៊ីប៉ូតែក តាមការទាមទាររបស់ម្ចាស់បំណុលហ៊ីប៉ូតែកហើយ ហ៊ីប៉ូតែកត្រូវរលត់សម្រាប់តតិយជននោះ ។

កថាភាគទី២៖ ការរលត់ដោយអាជ្ញាយុកាល

មាត្រា ៨៦៥. អាជ្ញាយុកាលនៃការរំលត់ហ៊ីប៉ូតែក

ហ៊ីប៉ូតែកមិនត្រូវរលត់ដោយអាជ្ញាយុកាលចំពោះកូនបំណុល និងអ្នកដែលបានបង្កើតហ៊ីប៉ូតែកឡើយ ប្រសិនបើសិទ្ធិលើបំណុលដែលត្រូវបានធានាដោយហ៊ីប៉ូតែកនោះមិនរលត់ព្រមគ្នាទេ ។

មាត្រា ៨៦៦. ការរលត់ហ៊ីប៉ូតែកដោយលទ្ធកម្មនូវអចលនវត្ថុហ៊ីប៉ូតែកដោយអាជ្ញាយុកាល

ពេលដែលបុគ្គលក្រៅពីកូនបំណុល ឬក្រៅពីអ្នកដែលបានបង្កើតហ៊ីប៉ូតែក បានកាន់កាប់អចលនវត្ថុហ៊ីប៉ូតែក ដោយមានល័ក្ខខ័ណ្ឌចាំបាច់សម្រាប់អាជ្ញាយុកាលនៃការទទួលសិទ្ធិ ហ៊ីប៉ូតែកនោះត្រូវរលត់ ។     ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលតតិយជនដែលបានធ្វើលទ្ធកម្មនូវអចលនវត្ថុហ៊ីប៉ូតែកនោះ បានដឹងនៅពេលដែលខ្លួនបានធ្វើលទ្ធកម្មថា ហ៊ីប៉ូតែកត្រូវបានបង្កើតលើអចលនវត្ថុនោះ ។

ផ្នែកទី ៧៖ ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត

មាត្រា ៨៦៧. និយមន័យនៃហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត

១-ហ៊ីប៉ូតែកអាចបង្កើតដើម្បីធានាកាតព្វកិច្ចមិនកំណត់ ដែលអាចកើតមានឡើងរវាងម្ចាស់បំណុល និងកូនបំណុលដោយសារការជួញដូរជានិរន្តរ៍ ដែលមានប្រភេទជាកំណត់ក្នុងកម្រិតនៃចំនួនអតិបរមាបាន ។ ហ៊ីប៉ូតែកបែបនេះត្រូវហៅថា ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ។

២-ចំពោះទំហំនៃសិទ្ធិលើបំណុលមិនកំណត់ ដែលត្រូវបានធានាដោយហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែត    ត្រូវកំណត់នៅក្នុងកិច្ចសន្យាបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ។

មាត្រា ៨៦៨. ទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានា

ម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត  អាចអនុវត្តហ៊ីប៉ូតែកនោះក្នុងកម្រិត

នៃចំនួនអតិបរមា បានចំពោះប្រាក់ដើមដែលបានកំណត់ជាស្ថាពរការប្រាក់ និងធនលាភផ្សេង និងសំណងការខូចខាតទាំងអស់ដែលបានកើតឡើង ដោយសារការមិន អនុវត្តកាតព្វកិច្ច ។

មាត្រា ៨៦៩. ការកែប្រែទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានា

១-ក្នុងចន្លោះពេលទៅទល់នឹងពេលដែលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ ភាគីនៃកិច្ចសន្យាបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតអាចកែប្រែទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានាដោយហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត តាមការព្រមព្រៀងបាន ។

២-ដើម្បីធ្វើការកែប្រែដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះពុំចាំបាច់ ទទួលការយល់ព្រមពីម្ចាស់បំណុលហ៊ីប៉ូតែកដែលមានអាទិភាពទាបជាង និងតតិយជនឯទៀតឡើយ ។

៣-ការកែប្រែដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវចុះបញ្ជីនៅមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ ។

មាត្រា ៨៧០. ការកែប្រែចំនួនអតិបរមា

១-ភាគីនៃកិច្ចសន្យាបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចកែប្រែចំនួនអតិបរមានៃហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត តាមការព្រមព្រៀងបាន ។

២-ដើម្បីធ្វើការកែប្រែដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះត្រូវទទួលការយល់ព្រមពីសំណាក់ជនដែលមានទំនាក់ទំនងនឹងផលប្រយោជន៍ ។

៣-ការកែប្រែដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះពុំអាចតតាំងជាមួយនឹងតតិយជនក្រៅពីជនដែលបានយល់ព្រមតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះឡើយ បើមិនបានចុះបញ្ជី ។

មាត្រា ៨៧១. កាលបរិច្ឆេទដែលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ

១-ចំពោះប្រាក់ដើមដែលត្រូវបានធានាដោយហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតអាចកំណត់កាលបរិច្ឆេទដែលប្រាក់ដើមនោះត្រូវបានកំណត់ជាស្ថាពរ ហើយក៏អាចប្តូរកាលបរិច្ឆេទដែលត្រូវបានកំណត់រួចហើយនោះ បានដែរ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៨៦៩ (ការកែប្រែទំហំនៃសិទ្ធិលើបំណុលដែល ត្រូវ បានធានា) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

៣-កាលបរិច្ឆេទដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវស្ថិតនៅក្នុងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីថ្ងៃដែលបានកំណត់ ឬប្តូរកាលបរិច្ឆេទនោះ ។

៤-ចំពោះការប្តូរកាលបរិច្ឆេទដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវចុះបញ្ជីនៅមុនកាលបរិច្ឆេទនោះ ។

មាត្រា ៨៧២. អនុប្បទានសិទ្ធិលើបំណុលដែលត្រូវបានធានា ឬការទទួលកាតព្វកិច្ច

១-ជនដែលបានធ្វើលទ្ធកម្មនូវសិទ្ធិលើបំណុលពីម្ចាស់បំណុលហ៊ីប៉ូតែក ដើម្បីធានា បំណុលអណ្តែត នៅមុនពេលបាក់ដើមត្រូវបានកំណត់ជាស្ថាពរ ពុំអាចអនុវត្តហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែតចំពោះសិទ្ធិលើបំណុលនោះបានឡើយ ។   ជនដែលបានសងដើម្បីកូនបំណុល ឬជំនួសកូនបំណុលនៅមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ ក៏ពុំអាចអនុវត្តហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ដោយឧបាទេសកម្មដោយការសងបានឡើយ ។

២-បើមានការទទួលកាតព្វកិច្ច  មុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរម្ចាស់បំណុ

លហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ពុំអាចអនុវត្តហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតនោះ ចំពោះកាតព្វកិច្ចរបស់អ្នកទទួលបានឡើយ ។

មាត្រា ៨៧៣. សន្តតិកម្មពីម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ឬកូនបំណុល

១-បើសន្តតិកម្ម បានចាប់ផ្ដើមចំពោះម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត នៅមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរហ៊ីប៉ូតែកដើម្បីធានាបំណុល អណ្តែតនោះត្រូវធានានូវសិទ្ធិលើបំណុលដែលមានអត្ថិភាពនៅពេលសន្តតិកម្មបានចាប់ផ្ដើម ។  ម្យ៉ាងទៀត ហ៊ីប៉ូតែកនោះត្រូវធានានូវសិទ្ធិលើបំណុលដែលនឹងត្រូវបានធ្វើលទ្ធកម្ម នៅក្រោយពេលសន្តតិកម្ម បានចាប់ផ្តើមដោយសន្តតិជនដែលត្រូវបានកំណត់តាមការព្រមព្រៀងរវាងសន្តតិជន និងអ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ។

២-បើសន្តតិកម្មបានចាប់ផ្ដើម   ចំពោះកូនបំណុលនៅមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតនោះ ត្រូវធានានូវកាតព្វកិច្ចដែលមានអត្ថិភាពនៅពេលសន្តតិកម្មបានចាប់ផ្ដើម ។   ម្យ៉ាងទៀត ហ៊ីប៉ូតែកនោះត្រូវធានានូវកាតព្វកិច្ចដែលនឹងត្រូវបានទទួលបន្ទុក នៅក្រោយពេលសន្តតិកម្មបានចាប់ផ្តើម ដោយសន្តតិជនដែលត្រូវបានកំណត់តាមការព្រមព្រៀងរវាងម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត និង អ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៨៦៩ (ការកែប្រែទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានា) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលធ្វើការ ព្រមព្រៀងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ។

៤-ចំពោះការព្រមព្រៀងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ បើមិនបានចុះបញ្ជីក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ ក្រោយពេលសន្តតិកម្មបានចាប់ផ្តើមទេ បាក់ដើមដែលត្រូវបានធានាត្រូវចាត់ទុកថា បានកំណត់ជាស្ថាពរ នៅពេលសន្តតិកម្មបានចាប់ផ្ដើម ។

មាត្រា ៨៧៤. ការរួមបញ្ចូលម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ឬកូនបំណុល

១-បើមានការរួមបញ្ចូលម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តដែល ជានីតិបុគ្គល នៅមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ត្រូវធានានូវសិទ្ធិលើបំណុលដែលមានអត្ថិភាពនៅពេលរួមបញ្ចូល ហើយក្រៅពីនោះត្រូវធានានូវសិទ្ធិលើបំណុលដែលនឹងត្រូវបានធ្វើលទ្ធកម្មនៅក្រោយការរួមបញ្ចូលដោយនីតិបុគ្គលដែលបន្តអត្ថិភាពក្រោយការរួមបញ្ចូល ឬនីតិបុគ្គលដែលត្រូវបានបង្កើតឡើងដោយការរួមបញ្ចូល ។

២-បើមានការរួមបញ្ចូលកូនបំណុលដែលជានីតិបុគ្គល នៅមុនពេលប្រាក់ដើម ត្រូវបានកំណត់ជាស្ថាពរ ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែតត្រូវធានានូវកាតព្វកិច្ចដែលមានអត្ថិភាពនៅពេលរួមបញ្ចូល ហើយក្រៅពីនោះត្រូវធានានូវកាតព្វកិច្ចដែលនឹងត្រូវទទួលបន្ទុកនៅក្រោយការរួមបញ្ចូល ដោយនីតិបុគ្គលដែលបន្តអត្ថិភាពក្រោយការរួមបញ្ចូល ឬនីតិបុគ្គលដែលត្រូវបានបង្កើតឡើងដោយការរួមបញ្ចូល ។

៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ អ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចទាមទារឱ្យកំណត់ប្រាក់ដើមដែលត្រូវបានធានាជាស្ថាពរបាន ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ហើយកូនបំណុលនោះជាអ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ។

៤-បើមានការទាមទារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ បាក់ដើមដែលត្រូវបានធានាត្រូវចាត់ទុកថា បានកំណត់ជាស្ថាពរនៅពេលរួមបញ្ចូល ។

៥-ការទាមទារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣   ខាងលើនេះ   មិនអាចធ្វើបាន

ឡើយ បើអំឡុងពេល ២ (ពីរ) សប្ដាហ៍ បានកន្លងហួសគិតចាប់ពីថ្ងៃដែលអ្នកបង្កើត ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត បានដឹងអំពីការរួមបញ្ចូលនោះ ។    បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលអំឡុងពេល ១ (មួយ) ខែ បានកន្លងហួស គិតចាប់ពីថ្ងៃរួមបញ្ចូល ។

មាត្រា ៨៧៥. ការបំបែកម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ឬកូនបំណុល

១-បើមានការបំបែកម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តដែលជា នីតិបុគ្គល នៅមុនពេលបាក់ដើមត្រូវបានកំណត់ជាស្ថាពរ ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតត្រូវធានានូវសិទ្ធិលើបំណុលដែលមានអត្ថិភាពនៅពេលបំបែក ហើយក្រៅពីនោះត្រូវធានានូវសិទ្ធិលើបំណុលដែលនឹងត្រូវបានធ្វើលទ្ធកម្មនៅក្រោយការបំបែកដោយ នីតិបុគ្គលដែលត្រូវបានបំបែក និងនីតិបុគ្គលដែលត្រូវបានបង្កើតឡើងដោយការបំបែក ឬដោយនីតិបុគ្គលដែលត្រូវបានបំបែក និង នីតិបុគ្គលដែលទទួលបន្តអាជីវកម្ម ។

២-បើមានការបំបែកកូនបំណុលដែលជានីតិបុគ្គល នៅមុនពេលប្រាក់ដើមត្រូវបាន កំណត់ជាស្ថាពរ ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែត ត្រូវធានានូវកាតព្វកិច្ចដែលមាន អត្ថិភាពនៅពេលបំបែក ហើយក្រៅពីនោះ ត្រូវធានានូវកាតព្វកិច្ចដែលនឹងត្រូវទទួលបន្ទុកនៅក្រោយការបំបែក ដោយនីតិបុគ្គលដែលត្រូវបានបំបែក និងនីតិបុគ្គលដែលត្រូវបានបង្កើតឡើងដោយការបំបែក ឬដោយនីតិបុគ្គលដែលត្រូវបានបំបែក និងនីតិបុគ្គលដែលទទួលបន្តអាជីវកម្ម ។

៣-បញ្ញត្តិនៃកថាខណ្ឌទី៣ ទី ៤ និង ទី ៥ នៃមាត្រា ៨៧៤ (ការរួមបញ្ចូលម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ឬកូនបំណុល) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះបញ្ញត្តិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ នៃមាត្រានេះ ។

មាត្រា ៨៧៦. ការចាត់ចែងហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត

១-នៅមុនពេលបាក់ដើមត្រូវបានកំណត់ជាស្ថាពរ ម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែត មិនអាចធ្វើការចាត់ចែងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃ មាត្រា ៨៦០ (អនុប្បទាន ឬការបោះបង់នូវហ៊ីប៉ូតែក) ឬ កថាខណ្ឌទី ១ នៃមាត្រា ៨៦១ (អនុប្បទាន ឬ ការបោះបង់ និងការផ្លាស់ប្តូរនូវលំដាប់នៃហ៊ីប៉ូតែក) ខាងលើនេះឡើយ ។   ប៉ុន្តែ បញ្ញត្តិនេះមិនរារាំងក្នុងការធ្វើការចាត់ចែងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៨៥៩ (ហ៊ីប៉ូតែកបន្ត) នៃក្រមនេះឡើយ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ៣ នៃមាត្រា ៨៦២ (អានុភាពនៃការចាត់ចែងហ៊ីប៉ូតែក) នៃក្រមនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះការសងដែលបានធ្វើឡើងមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ នៅក្នុងករណីដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ២ កថាខណ្ឌ ទី ១ នៃមាត្រានេះ ។

មាត្រា ៨៧៧. អនុប្បទានប៉ូតែកដើម្បីធានាបំណុលអណ្តែត

១-នៅមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ ម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចធ្វើអនុប្បទាននូវហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតនោះដោយទទួលការយល់ព្រមពីអ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត បាន ។

២-ម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចបែងចែកហ៊ីប៉ូតែកដើម្បី ធានាបំណុលអណ្តែតនោះជាពីរផ្នែក ហើយអាចធ្វើអនុប្បទានផ្នែកណាមួយដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។   ក្នុងករណីនេះ ប្រសិនបើហ៊ីប៉ូតែកដើម្បីធានា បំណុលអណ្តែតនោះ ជាកម្មវត្ថុនៃសិទ្ធិរបស់តតិយជនសិទ្ធិរបស់តតិយជននោះ ត្រូវរលត់ ចំពោះផ្នែកនៃហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ដែលត្រូវបានធ្វើអនុប្បទាន ។

៣-ដើម្បីធ្វើអនុប្បទានដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ម្ចាស់ បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ត្រូវទទួលការយល់ព្រមពីតតិយជនដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ២ ដដែលនេះ ។

មាត្រា ៨៧៨. អនុប្បទានហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតមួយផ្នែក

នៅមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ ម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានា បំណុលអណ្តែត អាចធ្វើអនុប្បទាននូវហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតមួយផ្នែកដោយ ទទួលការយល់ព្រមពីអ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ហើយអាចធ្វើជាម្ចាស់សិទ្ធិរួមជាមួយអនុប្បទានិកបាន ។

មាត្រា ៨៧៩. សិទ្ធិរួមលើហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត

១-ម្ចាស់សិទ្ធិរួមលើហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ត្រូវទទួលនូវការសងតាមសមាមាត្រនៃសិទ្ធិលើបំណុលនីមួយៗ ។   ប៉ុន្តែ បើកំណត់ចំណែកភាគផ្សេងពីករណី ខាងលើមុនពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ ឬបើកំណត់ថា ជនណាម្នាក់អាចទទួលការសង ដោយមានអាទិភាពជាងជនឯទៀត ត្រូវអនុលោមតាមការកំណត់នោះ ។

២-ម្ចាស់សិទ្ធិរួមលើហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចធ្វើអនុប្បទាននូវសិទ្ធិ របស់ខ្លួន ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី១ មាត្រា ៨៧៧ (អនុប្បទានហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែត) ខាងលើនេះ ដោយទទួលការយល់ព្រមពីម្ចាស់សិទ្ធិរួមឯទៀត ។

មាត្រា ៨៨០. អានុភាពនៃអនុប្បទានហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ដោយម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតដែលបានទទួលអនុប្បទានឬ ការបោះបង់លំដាប់នៃហ៊ីប៉ូតែក

បើម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតដែលបានទទួលអនុប្បទាន ឬការបោះបង់លំដាប់នៃហ៊ីប៉ូតែក បានធ្វើអនុប្បទាននូវហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតនោះទាំងស្រុង ឬមួយផ្នែកអនុប្បទានិកត្រូវទទួលផលប្រយោជន៍នៃអនុប្បទាន ឬការបោះបង់លំដាប់នោះ ។

មាត្រា ៨៨១. ហ៊ីប៉ូតែករួមដើម្បីធានាបំណុលអណ្តែត

បញ្ញត្តិនៃមាត្រា ៨៥៧ (ការចែកចំណែកព្រមគ្នា និងការចែកចំណែកមិនព្រមគ្នាក្នុងករណីនៃហ៊ីប៉ូតែករួម) និង មាត្រា ៨៥៨ (ហ៊ីប៉ូតែករួមការចុះបញ្ជីឧបាទេសកម្ម) នៃ ក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតតែក្នុងករណីដែលបានចុះបញ្ជីអំពីការណ៍ដែលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែត ត្រូវបានបង្កើតលើអចលនវត្ថុច្រើនដើម្បីធានាសិទ្ធិលើបំណុលតែមួយព្រមគ្នានឹងពេលបង្កើត ហ៊ីប៉ូតែកនោះ ។

មាត្រា ៨៨២. ការកែប្រែ អនុប្បទាន និងការកំណត់ជាស្ថាពរនូវហ៊ីប៉ូតែករួមដើម្បីធានាបំណុលអណ្តែត

១-ការកែប្រែទំហំនៃសិទ្ធិលើបំណុល ដែលត្រូវបានធានាដោយហ៊ីប៉ូតែកដើម្បីធានា បំណុលអណ្តែត ដែលមានការចុះបញ្ជីដែលបានកំណត់នៅក្នុងមាត្រា ៨៨១ (ហ៊ីប៉ូតែករួមដើម្បីធានាបំណុលអណ្ដែត) ខាងលើនេះ ការផ្លាស់ប្តូរកូនបំណុលការកែប្រែចំនួនអតិបរមា ឬ អនុប្បទានហ៊ីប៉ូតែកនោះទាំងស្រុង ឬមួយផ្នែកមិនត្រូវបង្កើតអានុភាពឡើយ បើមិនបានចុះបញ្ជីអំពីការកែប្រែ ឬអនុប្បទាននោះចំពោះអចលនវត្ថុទាំងអស់ទេ ។

២-ប្រាក់ដើមដែលត្រូវបានធានាដោយហ៊ីប៉ូតែក ដើម្បីធានាបំណុលអណ្តែតដែលមានការចុះបញ្ជីដែលបានកំណត់នៅក្នុងមាត្រា ៨៨១ (ហ៊ីប៉ូតែករួមដើម្បីធានាបំណុល អណ្ឌែត) ខាងលើនេះ ត្រូវកំណត់ជាស្ថាពរដែរទោះបីជាហេតុដែលនាំឱ្យកំណត់ប្រាក់ដើមជាស្ថាពរ បានកើតឡើងចំពោះអចលនវត្ថុតែមួយក៏ដោយ ។

មាត្រា ៨៨៣. ហ៊ីប៉ូតែកតម្រួតដើម្បីធានាបំណុលអណ្តែត

ជនដែលមានហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតលើអចលនវត្ថុច្រើន អាចអនុវត្ត សិទ្ធិអាទិភាពចំពោះប្រាក់ថ្លៃលក់នៃអចលនវត្ថុនីមួយៗ រហូតដល់ចំនួនអតិបរមានីមួយៗបាន លើកលែងតែករណីដែលបានកំណត់នៅក្នុងមាត្រា ៨៨១ (ហ៊ីប៉ូតែករួមដើម្បីធានា បំណុលអណ្តែត) ខាងលើនេះ ។

មាត្រា ៨៨៤. ការទាមទារឱ្យកំណត់ប្រាក់ដើមជាស្ថាពរ

១-បើអំឡុងពេល ៣ (បី) ឆ្នាំ បានកន្លងហួស គិតចាប់ពីពេលដែលបានបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចទាមទារឱ្យ កំណត់ប្រាក់ដើមដែលត្រូវបានធានាជាស្ថាពរបាន ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ    ចំពោះករណីដែលមានការកំណត់អំពីកាលបរិច្ឆេទដែលត្រូវកំណត់បាក់ដើមជាស្ថាពរ ។

២-បើបាក់ដើមដែលត្រូវបានធានាលែងកើតមានទៀត ដោយសារការផ្លាស់ប្តូរទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានា ការបញ្ចប់ការជួញដូរ ឬហេតុផ្សេងទៀតអ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចទាមទារឱ្យកំណត់ប្រាក់ដើមដែលត្រូវបានធានាជាស្ថាពរ បាន ។

៣-ម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចទាមទារឱ្យកំណត់ប្រាក់ ដើមដែលត្រូវបានធានាជាស្ថាពរបាន។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលមានការកំណត់អំពីកាលបរិច្ឆេទដែលត្រូវកំណត់ប្រាក់ដើមជាស្ថាពរ ។

៤-បើមានការទាមទារដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ទី ២ ឬ ទី ៣ ខាង លើនេះ ប្រាក់ដើមដែលត្រូវបានធានា ត្រូវកំណត់ជាស្ថាពរនៅពេលដែលអំឡុងពេល ២ (ពីរ) សប្ដាហ៍ បានកន្លងផុត គិតចាប់ពីពេលទាមទារនោះ ។

មាត្រា ៨៨៥. ហេតុដែលនាំឱ្យកំណត់ប្រាក់ដើមជាស្ថាពរ

១-ក្រៅពីករណីដែលមានការទាមទារឱ្យ កំណត់ប្រាក់ដើមជាស្ថាពរតាមបញ្ញត្តិនៃ មាត្រា ៨៨៤ (ការទាមទារឱ្យកំណត់ប្រាក់ដើមជាស្ថាពរ) ខាងលើបាក់ដើមដែលត្រូវបានធានាដោយហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែត         ត្រូវកំណត់ជាស្ថាពរ ក្នុងករណីដូចខាងក្រោមនេះ :

ក-បើម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត បានដាក់ពាក្យសុំលក់ដោយបង្ខំចំពោះអចលនវត្ថុដែលបានដាក់ជាហ៊ីប៉ូតែក ។    ប៉ុន្តែ បញ្ញត្តិនេះត្រូវយកមកអនុវត្ត ចំពោះតែករណីដែលនីតិវិធីនៃការលក់ដោយបង្ខំបានចាប់ផ្តើមប៉ុណ្ណោះ ។

ខ-បើម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត បានរឹបអូសចំពោះអចលនវត្ថុហ៊ីប៉ូតែក ដោយយោងតាមការចាត់ចែងចំពោះពន្ធតឹងទារ ។

គ-បើអំឡុងពេល ២ (ពីរ) សប្ដាហ៍កន្លងហួស ចាប់ពីពេលដែលម្ចាស់បំណុលហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត បានដឹងអំពីការចាប់ផ្តើមនីតិវិធីនៃការលក់ដោយបង្ខំ ឬការ៉ឹបអូសដោយយោងតាមការចាត់ចែងចំពោះពន្ធតឹងទារចំពោះអចលនវត្ថុហ៊ីប៉ូតែក ។

ឃ-បើកូនបំណុល ឬអ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត បានទទួលសេចក្តីប្រកាសអំពីធនញ្ជ័យ ។

២-បើអានុភាពនៃនីតិវិធីលក់ដោយបង្ខំ ឬការវឹបអូសដែលបានកំណត់នៅក្នុងចំណុចគនៃកថាខណ្ឌទី ១ ខាងលើនេះ ឬអានុភាពនៃសេចក្តីប្រកាសអំពីធនក្ស័យ ដែលបានកំណត់នៅក្នុងចំណុច ឃ នៃកថាខណ្ឌដែលបានរលត់ ប្រាក់ដើមដែលត្រូវបានធានាត្រូវចាត់ទុកថាពុំបានកំណត់ជាស្ថាពរឡើយ ។     ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានបុគ្គល ដែលបានទទួលហ៊ីប៉ូតែកដើម្បីធានាបំណុល អណ្តែតនោះ ឬសិទ្ធិដែលយកហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតនោះជាកម្មវត្ថុដោយឈរលើមូលដ្ឋានថា បាក់ដើមត្រូវបានកំណត់ជាស្ថាពរ ។

មាត្រា ៨៨៦. ការទាមទារបន្ថយចំនួនអតិបរមា

១-នៅក្រោយពេលប្រាក់ដើមត្រូវបានកំណត់ជាស្ថាពរ អ្នកបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អាចទាមទារឱ្យបន្ថយចំនួនអតិបរមានៃហ៊ីប៉ូតែកដើម្បីធានាបំណុល អណ្តែតនោះ មកត្រឹមចំនួននៃកាតព្វកិច្ចដែលមានអត្ថិភាពបច្ចុប្បន្ន បូកនឹងចំនួននៃការប្រាក់ និង ធនលាភផ្សេងទៀត ព្រមទាំងចំនួននៃសំណងការខូចខាតដោយសារការមិនអនុវត្តកាតព្វកិច្ច ដែលត្រូវកើតឡើងក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ   ក្រោយពេលបាក់ដើមត្រូវបានកំណត់ជាស្ថាពរ ។

២-ចំពោះការបន្ថយចំនួនអតិបរមានៃហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ដែលមានការចុះបញ្ជីដែលបានកំណត់នៅក្នុងមាត្រា ៨៨១ (ហ៊ីប៉ូតែករួមដើម្បីធានាបំណុលអណ្ដែត) នៃក្រមនេះ ការទាមទារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ គ្រាន់តែធ្វើឡើងចំពោះអចលនវត្ថុតែមួយ ជាការគ្រប់គ្រាន់ ។

មាត្រា ៨៨៧. ការទាមទារឱ្យរំលត់ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត

១-បើចំនួននៃកាតព្វកិច្ចដែលមានអត្ថិភាពនៅក្រោយ ពេលប្រាក់ដើមត្រូវបានកំណត់ ជាស្ថាពរលើសពីចំនួនអតិបរមានៃហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត អ្នកដែលបានបង្កើតហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតដើម្បីធានាកាតព្វកិច្ចរបស់ជនដទៃ ឬតតិយជនដែលបានធ្វើលទ្ធកម្មនូវកម្មសិទ្ធិ សិទ្ធិជួលអចិន្ត្រៃយ៍ ឬសិទ្ធិជួលដែលអាចតតាំងនឹង តតិយជនចំពោះអចលនវត្ថុហ៊ីប៉ូតែក អាចទាមទារឱ្យរំលត់ហ៊ីប៉ូតែកដើម្បីធានាបំណុល អណ្តែតនោះដោយបង់ជាប្រាក់ដែលស្មើនឹងចំនួនអតិបរមានោះ ឬដោយតម្កល់បាក់នោះបាន ។ ក្នុងករណីនេះការបង់ ឬការតម្កល់នោះមានអានុភាពជាការសង ។

២-ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតដែលមានការចុះបញ្ជីដែល បានកំណត់នៅក្នុងមាត្រា ៨៨១ (ហ៊ីប៉ូតែករួមដើម្បីធានាបំណុលអណ្ដែត) នៃក្រមនេះ ត្រូវរលត់នៅពេល ដែលមានការទាមទារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះអចលនវត្ថុមួយ ។

៣-កូនបំណុលដែលមានកាតព្វកិច្ចចម្បងអ្នកធានានិងប្រតិសិទ្ធិមិនអាចធ្វើការទាមទារឱ្យរំលត់ដូចបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បានឡើយ ។

៤-តតិយជនដែលបានធ្វើលទ្ធកម្មនូវកម្មសិទ្ធិ ឬសិទ្ធិផ្សេងទៀត ដូចបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ដោយភ្ជាប់នឹងល័ក្ខខ័ណ្បង្អង់ មិនអាចធ្វើការទាមទារឱ្យរំលត់ដូចបានកំណត់នៅក្នុងកថាខណ្ឌទី ១ ដដែលនេះ បានឡើយនៅក្នុងពេលដែលពុំដឹងថាល័ក្ខខ័ណ្នោះត្រូវបានបំពេញ ឬមិនទាន់បានបំពេញ ។

☛ ទំព័រដើម ក្រមរដ្ឋប្បវេណី