នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧១ ប្រធានាធិបតី អាហ្សង់ទីន និងឈីលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមជ្ឈត្តវិនិច្ឆយ ដោយកិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងវិវាទព្រំដែនគោក និងព្រំដែនសមុទ្ទរវាងប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងកម្មសិទ្ធិលើកោះPicton, Nueva និងកោះLennox។ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧៧ តុលាការបានចេញសាលដីកាដោយសម្រេចថាកោះទាំងនោះនជារបស់ឈីលី ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៨ អាហ្សង់ទីនបានបដិសេធសេចក្ដីសម្រេចចិត្តរបស់តុលាការមជ្ឈត្តវិនិច្ឆយ និងបានចាប់ផ្ដើមសកម្មភាពយោធានលើដែនកោះទាំងនោះ ព្រមទាំងទ្វីបឈីលី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧៨។ ខាងក្រោមគឺជាការសង្ខេបខ្លីលើសំណុំរឿងដ៏ចម្រូងចម្រាសមួយនេះ។

មាតិកា

១. អំពីអង្គហេតុ

ច្រកប៊ីហ្គែល (Beagle Channel) គឺជាផ្លូវទឹកភ្ជាប់ពីមហាសមុទ្ទអាត្លង់ទិច ទៅមហាសមុទ្ទប៉ាស៊ីហ្វិក ដែលស្ថិតនៅក្នុងប្រជុំកោះ Tierra del Fuego ភាគខាងត្បូងជ្រោយនៃអាមេរិកខាងត្បូង។ នៅផ្នែកខាងលិច ច្រកនេះបំបែកខ្នែងរាវទ្រវែងចំនួនពីរ ដែលគេហៅថាដៃភាគខាងត្បូង និងដៃភាគខាងជើង។ ចេញផុតពីតំណភ្ជាប់នៃដៃទាំងពីរនេះ មានច្រកតូច (fairly straight) ឆ្នេរស្រប (parallel coast) ហើយច្រកលាតសន្ធឹង និងកោងឆ្ពោះទៅរកភាគខាងត្បូង ដែលបង្កើតបានជាមាត់ភាគខាងកើត (eastern mouth) ដែលសណ្ឋាន និងរយៈចម្ងាយពិតប្រាកដរបស់វា គឺជាចំណុចខ្វែងគំនិតគ្នារវាងអាហ្សង់ទីន និងឈីលី។

នៅមាត់ភាគខាងកើតនៃច្រកមានកោះដែលមានទំហំមធ្យម (មិនលើសពី១០០គីឡូម៉ែត្រក្រឡា) ចំនួន៣គឺ កោះPicton កោះNueva និងកោះLennox។ បញ្ហាអធិបតេយ្យលើកោះទាំងបីនេះ នាំមកនូវជម្លោះរវាងប្រទេសទាំងពីរ ព្រមទាំងមានកោះតូចៗជាច្រើនផ្សេងទៀត ដែលមួយចំនួនជាប់គ្នាជាមួយនឹងកោះធំៗទាំងបីខាងលើ ហើយកោះតូចៗផ្សេងទៀតនៅផ្នែគខាងក្នុងនៃកោះទាំងបីនេះ នៅត្រង់មាត់ច្រកភាគខាងកើត។ ចំណុចចុងនៃបន្ទាត់ព្រំដែនគឺស្ថិតនៅលើកោះ Isla Grande ( កោះដែលធំជាងគេ និងមានសារសំខាន់ជាងគេបំផុត នៃTierra del Fuego) ហើយរត់តាម 68036’38.5’’ នៃមេដ្យានខាងលិច រហូតដល់ប៉ះគ្នាជាមួយនឹងច្រកប៊ីហ្គែល។ តំបន់នៅខាងលិចនៃខ្សែបន្ទាត់នេះ គឺរបស់ឈីលី ហើយនៅខាងកើតគឺជារបស់អាហ្សង់ទីន។ ច្រកនេះ មានឆ្នេរមួយជារបស់អហ្សង់ទីន នៅប៉ែកខាងជើង និងឆ្នេររបស់ឈីលី នៅប៉ែកខាងត្បូង ដែលជាឆ្នេរជាប់គ្នា (facing each other)។

កិច្ចព្រមព្រៀងព្រំដែនរវាងអាហ្សង់ទីន និងឈីលី ដែលបានចុះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៨១ ត្រង់ក្នុងមាត្រា៣ បានចែងថា៖

“នៅត្រង់ Tierra del Fuego ខ្សែបន្ទាត់ត្រូវតែគូសឡើង ដោយចាប់ផ្ដើមចេញពីចំណុចដែលមានឈ្មោះថា Cape Espiritu Santo នៅក្នុងខ្សែស្របលេខ52040’ ត្រូវលាតសន្ធឹងឆ្ពោះទៅខាងត្បូង តាមខ្សែបណ្ដោយលេខ68034’ ភាគខាងលិចនៃGreenwich រហូតដល់ប៉ះជាមួយនឹងច្រកប៊ីហ្គែល។ Tierra del Fuego ត្រូវបានបែងចែកជាពីរ គឺ ផ្នែកខាងលិចជារបស់ឈីលី និងផ្នែកខាងកើតជារបស់អាហ្សង់ទីន

ចំពោះកោះ សាធារណរដ្ឋអាហ្សង់ទីន ជាម្ចាស់របស់កោះ Staten Island កោះតូចក្បែរកោះនោះ ហើយនិងកោះដទៃទៀតដែលអាចនៅមហាសមុទ្ទអាត្លង់ទិក ឆ្ពោះទៅខាងកើតនៃTierra del Fuego និងនៅឆ្នេរភាគខាងកើតនៃPatagonia ចំណែកឈីលី ជាម្ចាស់នៃរាល់កោះឆ្ពោះទៅខាងត្បូងនៃច្រកប៊ីហ្គែល រហូតដល់ Cape Horn ហើយនិងនៅខាងលិចនៃTierra del Fuego។ ”

ភាគីអាហ្សង់ទីន និងឈីលី មានជម្លោះព្រំដែនគោក និងព្រំដែនសមុទ្ទក៏ដូចជាការកំណត់ឋានៈច្បាស់លាស់នៃកោះ កូនកោះ និងថ្មនៅក្បែរចុងបង្អស់នៃអាមេរិកចខាងត្បូង បានព្យាយាមដោះស្រាយជម្លោះនេះនៅរវាងឆ្នាំ១៩០៤ និង១៩០៥។ ក្រោយពីការចរចាជាច្រើនលើកច្រើនសារ និងចំណាយពេលជាច្រើន ដោយមិនមានផ្លែផ្កាអ្វីសោះនោះ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងមួយស្ដីពីមជ្ឈត្តវិនិច្ឆយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧១ ដោយសម្រេចថា បញ្ជូនបញ្ហាជម្លោះពាក់ព័ន្ធនឹងច្រកប៊ីហ្គែលនេះទៅតុលាការមជ្ឈត្តវិនិច្ឆយ។  

២. អំពីចំណោទបញ្ហា

ចំណោទបញ្ហាដែលភាគីបានដាក់ចំពោះមុខតុលាការមជ្ឈត្តវិនិច្ឆយ មានចែងនៅក្នុងមាត្រា១ នៃកិច្ចព្រមព្រៀងមជ្ឈត្តវិនិច្ឆយ មានដូចខាងក្រោម៖

  • តើអាហ្សង់ទីន ឬឈីលី មានអធិបតេយ្យលើកោះPicton កោះNueva និង កោះlennox ក៏ដូចជាកោះ និងកូនកោះដែលនៅជាប់នោះ?
  • តើត្រង់ណាជាព្រំដែនសមុទ្ទរវាងឈីលី និងអាហ្សង់ទីន នៅក្នុងតំបន់នៃច្រកប៊ីហ្គែល?

៣. អំពីអំណះអំណាងលើកឡើងដោយភាគី

អាហ្សង់ទីនបានស្នើសុំមជ្ឈត្តករ សម្រេចខ្សែព្រំដែន រវាងយុត្តាធិការដែនសមុទ្ទរបស់អាហ្សង់ទីន និងឈីលី ចេញពីខ្សែបណ្ដោយលេខ 68036’38.5’’ ទៅខាងលិច ជាមួយនឹងតំបន់ដែលលើកឡើងក្នុងកថាខណ្ឌទី៤ មាត្រា១ នៃកិច្ចព្រមព្រៀងមជ្ឈត្តវិនិច្ឆយ និងសេចក្ដីថ្លែងការណ៍ ដែលកំណត់ថា កោះPicton កោះNueva និងកោះLennox ព្រមទាំងកោះ និងកូនកោះ ដែលនៅជាប់នោះជាកម្មសិទ្ធិរបស់អាហ្សង់ទីន។  

បន្ថែមលើនេះ សាធារណរដ្ឋមួយនេះបានទាមទារ ដោយផ្អែកលើហេតុផលប្រវត្តិសាស្ត្រ ថាមាត់ពិតនៃច្រកប៊ីហ្គែល គឺផ្នែកនិរតីនៃកោះ Picton ហើយកាត់កោះនោះជាមួយNavarino។ ហេតុនេះ កោះធំៗទាំងបីស្ថិតនៅក្នុងទីតាំងខុសៗគ្នាលើគន្លងនៃច្រកនេះ ប៉ុន្តែនៅក្នុងករណីខ្លះគឺមិនស្ថិតនៅខាងត្បូងនៃច្រកនេះឡើយ។ មិនតែប៉ុណ្ណោះ កោះពាក់ព័ន្ធទាំងបីនេះ គឺនៅក្នុងមហាសមុទ្ទអាត្លង់ទិក ដែលយោងតាមគោលការណ៍អាត្លង់ទិក គឺកោះទាំងនេះត្រូវស្ថិតក្រោមអធិបតេយ្យរបស់អាហ្សង់ទីន។ ការអះអាងនេះគឺផ្អែកលើសន្ធិសញ្ញាឆ្នាំ១៨៨១ ដែលបង្កើតឡើងនូវគោលការណ៍ដែលចេញពី គោលការណ៍ព្រំដែនមិនកែប្រែ (uti possidetis juris) ឆ្នាំ១៨១០ ដែលយោងតាមគោលការណ៍នេះ រដ្ឋឆ្នេរសមុទ្ទជាប់មហាសមុទ្ទអាត្លង់ទិក គឺអាហ្សង់ទីន ហើយរដ្ឋឆ្នេរសមុទ្ទជាប់មហាសមុទ្ទប៉ាស៊ីហ្វិក គឺឈីលី។

ឈីលី បានឆ្លើយតបចំពោះអាហ្សង់ទីន ថាកំណត់ផ្លូវទូតមួយ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៦៧ ជូនរដ្ឋាភិបាលអង់គ្លេស និងជូនរដ្ឋាភិបាលអាហ្សង់ទីន បានប្រកាសថា កោះPicton កោះLennox និងកោះNueva ព្រមទាំងកោះ និងកូនកោះដែលនៅជាប់នោះ ក៏ដូចជាកោះ និងកូនកោះដទៃទៀតដែលផ្ទៃរបស់វាស្ថិតនៅលើតំបន់ដែលមានចែងក្នុងកថាខណ្ឌទី៤ នៃមាត្រា១ ជាកម្មសិទ្ធិរបស់ឈីលី។ បន្ថែមលើនេះ មាត់ភាគខាងកើតនៃច្រកនេះ គឺស្ថិតនៅចន្លោះ Isla Nueva និង Isla Grande ហេតុនេះ វាកាត់ខាងជើងនៃកោះPicton និង កោះNueva។ ដូច្នេះ កោះធំៗទាំងបីនេះជារបស់ឈីលី ដោយហេតុថាវាស្ថិតនៅខាងត្បូងនៃច្រកប៊ីហ្គែល។

៤. អំពីហេតុផលរបស់តុលាការ

សេចក្ដីសម្រេចរបស់តុលាការមជ្ឈត្តវិនិច្ឆយ ផ្អែកជាមូលដ្ឋានលើការបកស្រាយខ្លឹមសារនៃសន្ធិសញ្ញាឆ្នាំ១៨៨១ ជាមួយនឹងការសិក្សាអំពីការបញ្ជាក់ និងការបង្ហាញភស្ដុតាង ក៏ដូចជាឯកសារពាក់ព័ន្ធ។ មាត្រា៣ នៃកិច្ចព្រមព្រៀងខាងលើ ដែលលើកមកសំអាងដោយអាហ្សង់ទីន ចែងថា៖ “ចំពោះសាធារណរដ្ឋអាហ្សង់ទីន ត្រូវជាម្ចាស់របស់Staten Island កោះតូចមួយជាប់នឹងនោះ និងកោះដទៃទៀតដែលស្ថិតនៅមហាសមុទ្ទអាត្លង់ទិក ឆ្ពោះទៅខាងកើតនៃTierra del Fuego និងចេញពីឆ្នេរភាគខាងកើតនៃPatagonia ចំណែកឈីលី ជាម្ចាស់កម្មសិទ្ធិនៃកោះទាំងឡាយនោះខាងត្បូងនៃច្រកប៊ីហ្គែល រហូតដល់Cape Horn និងកោះដែលនៅខាងលិចនៃTierra del Fuego”។

នៅក្នុងការបកស្រាយលើឃ្លានេះ តុលាការបានអនុវត្តវិធីសាស្ត្រទាំងពីរនៃការបកស្រាយសន្ធិសញ្ញា ហើយក៏ពិចារណាអំពីបរិបទ និងលក្ខខណ្ឌតម្រូវសម្រាប់ការចូលជាធរមាននៃសន្ធិសញ្ញានេះផងដែរ។ យោងតាមនេះ អ្វីដែលមិនមានការខ្វែងគំនិតគ្នានោះគឺ “មាត់ពីរ ចែកផ្លូវទឹកចេញជាពីរប្រភេទផ្សេងគ្នា ដែលមួយគឺជាច្រក (ឬជាផ្នែកមួយនៃច្រក) ហើយមួយផ្សេងទៀតមិនមែនជាច្រកឡើយ ហើយវាបង្កើតបានជាដៃ ដែលវាជាដៃនៃច្រកមានក្នុងចិត្តរបស់អ្នកចរចា សម្រាប់សន្ធិសញ្ញាឆ្នាំ១៨៨១។ គេសន្និដ្ឋានថា “Treaty” Armគឺស្ថិតនៅខាងជើង ដែលកាត់ខាងជើងនៃកោះPicton និងNueva ហេតុនេះកោះទាំងបីនៅមាត់ច្រកនេះ គឺនៅខាងត្បូងនៃច្រក។”

ពាក់ព័ន្ធនឹងមហាសមុទ្ទអាត្លង់ទិក គោលការណ៍ដែលត្រូវបានលើកឡើង ដោយអាហ្សង់ទីន ផ្អែកលើទ្រឹស្ដីព្រំដែនមិនកែប្រែ១៨១០ ពិធីសារឆ្នាំ១៨៩៣ និងខ្លឹមសារមាត្រា៣ នៃសន្ធិសញ្ញាឆ្នាំ១៨៨១ ដែលផ្ដល់ឱ្យអាហ្សង់ទីននូវកោះ “លើមហាសមុទ្ទអាត្លង់ទិក ឆ្ពោះទៅខាងកើតនៃTierra del Fuegoនិងនៅឆ្នេរភាគខាងកើតនៃPatagonia” តុលាការបានសន្និដ្ឋានថា មិនមានអ្វីផ្ទុយទៅនឹងគោលការណ៍ដែលបានកំណត់ថា ឆ្នេរមហាសមុទ្ទអាត្លង់ទិក ជារបស់អាហ្សង់ទីននោះទេ ប៉ុន្តែការលើកឡើងនេះគឺផ្ដោតទៅលើតែមាត្រាមួយដែលបានបញ្ជាក់យ៉ាងច្បាស់អំពីឆន្ទៈ ក្នុងការព្រាងសន្ធិសញ្ញានោះ។ តុលាការបានពិចារណាបន្ថែមទៀតថា ប្រសិនបើសន្ធិសញ្ញាមិនបានផ្ដល់ឱ្យអាហ្សង់ទីននូវកោះទាំងបី (នៅក្នុងមាត្រា៣) នោះមានន័យថាកោះទាំងនោះត្រូវបានទៅឈីលី ព្រោះសន្ធិសញ្ញាត្រូវតែបានបកស្រាយដោយធានានូវការផ្ដល់ឱ្យយ៉ាងច្បាស់មួយនៃដែនដី និងកោះ។ ចំពោះបញ្ហានេះ ដោយយោងលើខ្លឹមសារបន្ថែមនៃមាត្រានេះ ពាក្យ “ឆ្ពោះទៅខាងត្បូងនៃ-to the south of” គឺគ្រាន់តែចង់មានន័យសំដៅដល់ទិសលិច-កើតនៃច្រកប៊ីហ្គែលប៉ុណ្ណោះ ក្រៅពីនេះអាចមានសញ្ញាគម្លាតនៅក្នុងគន្លងនៃច្រកដែលអាចតម្រូវឱ្យមានការបញ្ជាក់ជាពិសេស នៅក្នុងសន្ធិសញ្ញា។ តុលាការក៏បានសន្និដ្ឋានចេញពីការចែងក្នុងសន្ធិសញ្ញាពាក់ព័ន្ធអាហ្សង់ទីនដែលថា ដែនកំណត់ភាគខាងត្បូងនៃអាហ្សង់ទីន ជាផ្នែកមួយនៃច្រក គឺភាគខាងត្បូងរួមគ្នានៃ Isla Grande បូកជាមួយនឹងទឹករបស់កោះដែលបានកំណត់នៅក្នុងមាត្រា៣។

ចំពោះកោះ កូនកោះ និងថ្ម ដែលមិនមានចែងនៅក្នុងមាត្រា៣ តុលាការរកឃើញថា មានអត្ថិភាពនៃគោលការណ៍ទូទៅនៃច្បាប់យោងតាមការសន្មតនៃការកាន់កាប់ទឹកដី ជាមួយនឹងដែនទឹកដែលចំណុះឱ្យទឹកដីនោះ។ តុលាការបានយល់ស្របតាមខ្សែបន្ទាត់ដែលទាមទារដោយអាហ្សង់ទីន ដូចមាននៅក្នុងផែនទីខ្នាតធំបង្ហាញដោយភាគីនោះ។ តុលាការយល់ស្របតាមគន្លងផ្សេងគ្នា ដែលផ្ដល់កោះSnipeទៅឈីលី និងកោះBecassesទៅអាហ្សង់ទីន។ តុលាការបានពន្យល់អំពីការគូសបន្ទាត់ដូចខាងក្រោម៖

“ខ្សែបន្ទាត់ព្រំដែន កើតឡើងពីការបង្កើតខ្សែបន្ទាត់ដែលគូសរវាងត្រោយទៅកាន់ត្រើយ ចំណុចទៅកាន់ចំណុច ពេលខ្លះចេញពី ឬទៅកាន់បន្ទាត់មូលដ្ឋានត្រង់។ នៅក្នុងគោលការណ៍ វាជាបន្ទាត់មេដ្យាន ដែលតម្រូវតាមភាពជាក់ស្ដែង ពាក់ព័ន្ធជាមួយនឹងហេតុផលរូបសណ្ឋាននៃតំបន់ ឬដើម្បីភាពងាយស្រួលក្នុងការធ្វើនាវាចរណ៍នៃភាគីទាំងពីរ។ នៅលើគន្លងទាំងស្រុង មានពំនូកខ្សាច់ ល្បាប់ជាដើម ដែលអាចបង្កើតជាខ្សែបន្ទាត់មេដ្យានដែលមិនមានភាពត្រឹមត្រូវទាំងស្រុងបាន ដូចជាករណីជាក់ស្ដែងនៃកោះ ឬថ្មអញ្ចឹងដែរ។”

សកម្មភាពរបស់ភាគី នៅក្នុងចន្លោះឆ្នាំ១៨៨១-១៨៨៨ ត្រូវបានពិចារណាដោយតុលាការ ដើម្បីផ្ដល់ការចង្អុលបង្ហាញសំខាន់ៗនៃការបកស្រាយសន្ធិសញ្ញា។ នៅក្នុងបរិបទនេះ តុលាការបានវិភាគលើសេចក្ដីថ្លែងការដែលបង្កើតឡើងដោយរដ្ឋមន្ត្រីការបរទេសរបស់អាហ្សង់ទីន និងឈីលី នៅក្នុងឱកាសនៃការធ្វើបទបង្ហាញរបស់គេ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែន ជូនចំពោះសភារៀងខ្លួន ដើម្បីទទួលបានការយល់ព្រម ក៏ដូចជាផែនទីខ្នាតធំ(Chart) និងផែនទីបង្ហាញ(map) ដែលចេញនៅក្នុងកំឡុងឆ្នាំ១៨៨១-១៨៨៨។ តុលាការបានពិចារណាបន្ថែមទៀតអំពីសកម្មភាពជាក់ស្ដែងនៃយុត្តាធិការដែលអនុវត្តដោយឈីលី។ ភាគច្រើនជាសម្បទានដី ឬរ៉ែ ហើយមិនបានបង្កើតឡើងនូវស្ថានភាពណាមួយឡើយ ខណៈដែលទ្រឹស្ដីថ្លោះសិទ្ធិ (Estoppel) ឬ អស់សិទ្ធិប្ដឹង (preclusion) ត្រូវបានយកមកអនុវត្ត ប៉ុន្តែគោលបំណងគឺចង់បង្ហាញពីភាពត្រឹមត្រូវរបស់ឈីលី ក្នុងការបកស្រាយឃ្លាពាក់ព័ន្ធនឹងកោះនៃសន្ធិសញ្ញា។

៥. អំពីសេចក្ដីសម្រេច

តុលាការមជ្ឈត្តវិនិច្ឆយ បានចេញសេចក្ដីសម្រេច ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៧ មានសេចក្ដីដូចខាងក្រោម៖

(ក) កោះPicton Nueva និងLennox ព្រមទាំងកូនកោះ និងថ្មដែលជាចំណុះឱ្យកោះទាំងនេះជាកម្មសិទ្ធិរបស់សារធារណៈរដ្ឋឈីលី។

(ខ) ខ្សែបន្ទាត់ដែលគូសលើផែនទីខ្នាតធំ ដែលបង្កើតជាអនុគោលនៃការសម្រេចសេចក្ដីនេះ បង្ហាញអំពីព្រំដែននៃដែនដីគោក និងដែនសមុទ្ទ រវាងអាហ្សង់ទីន និងឈីលី។

(គ) នៅក្នុងតំបន់មានរាងជាញញួរ ម្ចាស់កម្មសិទ្ធិនៃរាល់កោះ ថ្មប៉ប្រះទឹក ច្រាំង និងផ្ទៃទឹករាក់ ត្រូវបានជារបស់អាហ្សង់ទីន ប្រសិនបើវាស្ថិតនៅផ្នែកខាងជើង និងបានជារបស់ឈីលី ប្រសិនបើវាស្ថិតនៅផ្នែកខាងត្បូងនៃខ្សែបន្ទាត់។