យោងតាមមាត្រា ៣ នៃ អនុក្រឹត្យ លេខ:២.៥.២.អនក.បក ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ពាក្យ “ទិន្នន័យអត្តសញ្ញាណបុគ្គល”  សំដៅដល់ព័ត៌មាននានា ដែលអាចកំណត់បានអត្តសញ្ញាណបុគ្គលណាម្នាក់។ ទិន្នន័យអត្តសញ្ញាណបុគ្គលអាចជាទិន្នន័យអំពីឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែង កំណើត ទីលំនៅបច្ចុប្បន្ន ជនជាតិ សញ្ជាតិ រួមទាំងទិន្នន័យជីវមាត្រ ឬទិន្នន័យផ្សេងទៀត ដែលទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គល។

ចំណែក ព័ត៌មានឯកជនរបស់បុគ្គល សំដៅដល់បន្សំនៃទិន្នន័យដែលអាចឱ្យដឹងបានអំពីព័ត៌មានជីវភាព ឯកជន ឬការសម្ងាត់របស់បុគ្គលណាម្នាក់។

អនុក្រឹត្យខាងលើ អនុញ្ញាតឱ្យប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គលដែលបានរក្សាទុក និងគ្រប់គ្រងដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងផ្ទៀងផ្ទាត់ ឬបញ្ជាក់អំពីភាពត្រឹមត្រូវ ឬបញ្ជាក់អំពីអត្តសញ្ញាណបុគ្គល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ លើកកម្ពស់គុណភាពនៃការផ្តល់សេវា និងការអភិវឌ្ឍជាតិ។ ចំណែកក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ឬបុគ្គលដែលមានបំណងប្រើប្រាស់ ទិន្នន័យអត្តសញ្ញាណបុគ្គល ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ ស្របទៅតាមបែបបទ នីតិវិធី និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។  

ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គលត្រូវធានារក្សាការពារការសម្ងាត់នៃព័ត៌មានឯកជនរបស់ បុគ្គល សុវត្ថិភាព ភាពត្រឹមត្រូវ និងសុចរិតភាព។ មិនតែប៉ុណ្ណោះ ក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ដែលស្នើសុំប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណបុគ្គល ត្រូវធានាថាទិន្នន័យដែលបានប្រើប្រាស់រួច មិនត្រូវបានរក្សាទុកក្នុងប្រព័ន្ធរបស់ខ្លួន និង មិនត្រូវចែករំលែកទិន្នន័យបន្តទៅភាគីផ្សេងទៀត ឬប្រើប្រាស់ទិន្នន័យប្រាសចាកពីគោលបំណងនៃការស្នើសុំ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឡើយ។

បន្ថែមលើនេះ យោងតាមមាត្រា១៣ ដល់មាត្រា ១៥ នៃអនុក្រឹត្យដដែល ក្រសួងមហាផ្ទៃត្រូវការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួន ប្រឆាំងនឹងហានិភ័យ និងគ្រោះថ្នាក់នានា ដូចជាការបំផ្លាញទិន្នន័យ ការខូចខាតឬបាត់បង់ទិន្នន័យ ការលុបចោលទិន្នន័យ ការកែតម្រូវទិន្នន័យ ឬការចូលប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាត ឬការបង្ហាញ ទិន្នន័យជាសាធារណៈ។ ក្រសួងមហាផ្ទៃត្រូវបង្កើតឱ្យមានប្រព័ន្ធរក្សាទុកទិន្នន័យបម្រុង នៅទីកន្លែងសុវត្ថិភាពផ្សេងពីទីកន្លែង ដែលរក្សាទុកប្រព័ន្ធទិន្នន័យដើម និងរៀបចំថែទាំឱ្យបានត្រឹមត្រូវ។

ក្រសួងមហាផ្ទៃដែលជាម្ចាស់ទិន្នន័យដើម និងក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យ ឯកជន ដែលជាអ្នកប្រើប្រាស់ទិន្នន័យ ត្រូវធានារក្សាការពារសុវត្ថិភាពទិន្នន័យទាំងក្នុងអំឡុងពេលបញ្ជូន និង ពេលប្រើប្រាស់ដោយអនុវត្តតាមលក្ខខណ្ឌបច្ចេកទេសសុវត្ថិភាពខ្ពស់។

ក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ដែលជាអ្នកប្រើប្រាស់ទិន្នន័យ ត្រូវ ធានារក្សាការពារសុវត្ថិភាពទិន្នន័យក្រោយពេលប្រើប្រាស់រួច ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាព ខ្ពស់បំផុត។

រាល់ទិន្នន័យដែលបានប្រើប្រាស់ ឬបញ្ជូនឱ្យប្រើប្រាស់រួច នៅតែជា ទិន្នន័យរបស់ក្រសួងមហាផ្ទៃ ទោះបីជាក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន បានប្រើប្រាស់ទិន្នន័យទាំងនោះ ក្នុងរូបភាពណាក៏ដោយ។

ទាញយកអត្ថបទអនុក្រឹត្យជា PDF: https://t.me/lawaudio_kh/618