រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២១ ស្ដីពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធីផ្សេងៗក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត ដោយអនុក្រឹត្យនេះ មានគោលបំណងជំរុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត លិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតជាធរមាន ប្រកបដោយប្រសិទ្ធភាពនិង និរន្តរភាព។

យោងតាមមាត្រា ៣ នៃអនុក្រឹត្យខាងលើ មន្ត្រីអធិការកិច្ចប្រេងកាត សំដៅដល់មន្ត្រីជំនាញដែលត្រូវបានចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីតាមដានស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិង ផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតជាធរមាន និង ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌។

ចំណែកមាត្រា៤ នៃអនុក្រឹត្យដដែល បានកំណត់អំពីសិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចប្រេងកាតដូចខាងក្រោម៖  

  • ត្រួតពិនិត្យបទល្មើសនានាក្នុងវិស័យប្រេងកាត រួមមានធ្វើការឆែកឆេរ ចាប់យកវត្ថុតាង បិទស្លាកបោះត្រាលើវត្ថុតាង និងបំពេញមុខងារផ្សេងទៀត ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ
  • ធ្វើអធិការកិច្ចតាមកាលកំណត់ឬមិនតាមកាលកំណត់ ដោយមានការជូនដំណឹងជាមុនឬដោយពុំមានការជូនដំណឹងជាមុន ដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើសកម្មភាពក្នុងវិស័យប្រេងកាត
  • ផ្អាកសកម្មភាពឬឃាត់ទុកជាបណ្តោះអាសន្នមធ្យោបាយបម្រើឱ្យសកម្មភាពក្នុងវិស័យប្រេងកាតដែលអាចបង្កគ្រោះថ្នាក់ ឬហានិភ័យធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ឬដែលល្មើសនឹងបទប្បញ្ញត្តិ បច្ចេកទេស ឬច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន ដោយផ្អែកតាមនីតិវិធីច្បាប់ជាធរមាន
  • ចាត់វិធានការនានា ចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើសកម្មភាពក្នុងវិស័យប្រេងកាត ល្មើស នឹងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន និង
  • ស្នើសុំជំនួយសហការពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីចូលរួមបង្ក្រាបបទល្មើស ដូចមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត។

បន្ថែមលើនេះ មន្ត្រីអធិការកិច្ចប្រេងកាតមានតួនាទីនិងភារកិច្ច ដូចជា៖

  • ពង្រឹងអនុលោមភាពនិងជំរុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតជាធរមាន
  • តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផល ប្រេងកាត ព្រមទាំងត្រួតពិនិត្យបទល្មើសឬសកម្មភាពដែលអាចបង្កបទល្មើសក្នុងវិស័យប្រេងកាត
  • ណែនាំឱ្យកែតម្រូវនូវកំហុសដែលអាចបង្កគ្រោះថ្នាក់ឬហានិភ័យធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម
  • ធ្វើរបាយការណ៍ និងលើកសំណើសុំការពិនិត្យនិងសម្រេចតាមការចាំបាច់ពីរដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន
  • ចូលរួមអប់រំនិងផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធផ្សេងទៀតជាធរមាន និង
  • បំពេញភារកិច្ចផ្សេងទៀតស្របតាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

គួរបញ្ជាក់ផងដែរថា ការបង្កើតអនុក្រឹត្យលេខ ២៨២ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២១ ស្ដីពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធីផ្សេងៗក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត នេះគឺធ្វើឡើងតាមការតម្រូវដោយមាត្រា ៥៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។ ច្បាប់នេះ បានតម្រូវឱ្យបង្កើតលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាច្រើនដូចជា៖

  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការជ្រើសរើសអ្នកចុះកិច្ចព្រមព្រៀងប្រេងកាត (មាត្រា៩) 
  • ប្រកាសរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការអនុញ្ញាតឱ្យមានបុរេសេនា (មាត្រា១០) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការពន្យារបន្តសុពលភាពកិច្ចព្រមព្រៀងប្រេងកាត (មាត្រា១៧) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំបន្ត កែប្រែសិទ្ធិ និងផលប្រយោជន៍ ដាក់ប្រាតិភោគ ផ្ទេរសិទ្ធិ ប្ដូរអំណាចគ្រប់គ្រង ឬបន្តជាសន្តតិកម្ម កិច្ចព្រមព្រៀងប្រេងកាត (មាត្រា១៨) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការព្យួរ និងការបញ្ចប់កិច្ចព្រមព្រៀងប្រេងកាត (មាត្រា១៩) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការជូនដំណឹងអំពីការរកឃើញធនធានប្រេងកាត និងការអនុញ្ញាតឱ្យធ្វើការអភិវឌ្ឍ និងផលិតកម្មប្រេងកាត (មាត្រា២១)
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការអនុញ្ញាតធ្វើការអភិវឌ្ឍ និងផលិតកម្មប្រេងកាតមានលក្ខខណ្ឌ (មាត្រា២២)
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីស្ដីពីកាតព្វកិច្ចនៃការប្រគល់ផ្ទៃក្រឡាសងវិញ (មាត្រា២៥)
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការទូទាត់សំណង (មាត្រា២៧) 
  • អនុក្រឹត្យស្ដីពីការចាត់ចែង និងកាតព្វកិច្ចនៃការបំពេញតម្រូវការក្នុងស្រុក (មាត្រា៣១)  
  • ប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីបែបបទ និងនីតិវិធីនៃការបង់កម្រៃសេវាសាធារណៈ (មាត្រា៣៥ និងមាត្រា៤៤)
  • អនុក្រឹត្យស្ដីពីអត្រាសួយសារ នីតិវិធី វិធានកំណត់តម្លៃ ការវាល់បរិមាណ និងទីតាំងកំណត់ថ្លៃ (មាត្រា៣៦) 
  • អនុក្រឹត្យស្ដីពីប្រភេទអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ការធានារ៉ាប់រង លក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្នែកដោនស្ទ្រីម (មាត្រា៤១) 
  • ប្រកាសស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំបន្ត កែប្រែសិទ្ធិ និងផលប្រយោជន៍ ដាក់ប្រាតិភោគ ផ្ទេរសិទ្ធិ ប្ដូរអំណាចគ្រប់គ្រង ឬបន្តជាសន្តតិកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតសកម្មភាពផ្នែកដោនស្ទ្រីម(មាត្រា៤៥) 
  • អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការព្យួរ និងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត (មាត្រា៤៦) 
  • ប្រកាសស្ដីពីបទប្បញ្ញត្តិបច្ចេកទេសផ្នែកដោនស្ទ្រីម (មាត្រា៤៨)
  • ប្រកាសអន្តរក្រសួងរវាងក្រសួងយុត្តិធម៌ និងក្រសួងរ៉ែ និងថាមពលស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់នីតិសម្បទាចំពោះមន្ត្រីអធិការកិច្ចប្រេងកាត (មាត្រា៥១) 
  • អនុក្រឹត្យស្ដីពីឯកសណ្ឋាន និងសញ្ញាសម្គាល់របស់មន្ត្រីអធិការកិច្ចប្រេងកាត (មាត្រា៥៣)
  • អនុក្រឹត្យស្ដីពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធីផ្សេងៗក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត (មាត្រា៥៥)
  • ប្រកាសស្ដីពីនីតិវិធីនៃការផាកពិន័យ និងការដកហូត ឬព្យួរសិទ្ធិ

អត្ថបទអនុក្រឹត្យទាំងស្រុង (PDF)

អត្ថបទសង្ខេបច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត