ក្រមរដ្ឋប្បវេណី
គន្ថីទី៦៖ ការធានាកាតព្វកិច្ច
ជំពូកទី ៧៖ ការធានា
មាតិកា
ផ្នែកទី ១៖ ការបង្កើតកិច្ចសន្យាធានា
ផ្នែកទី ១៖ ការបង្កើតកិច្ចសន្យាធានា
មាត្រា ៩00. ការបង្កើតកិច្ចសន្យាធានា
១-កិច្ចសន្យាធានាត្រូវបង្កើតឡើងដោយសារបុគ្គលដែលមានបំណងធ្វើជាអ្នកធានាបានសន្យាជាមួយនឹងម្ចាស់បំណុលថា ខ្លួននឹងអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូលជាមួយនឹងកូនបំណុលដែលមានកាតព្វកិច្ចចម្បងនៅក្នុងករណីដែលកូនបំណុលមានកាតព្វកិច្ចចម្បងនោះពុំអនុវត្តកាតព្វកិច្ចរបស់ខ្លួន ហើយម្ចាស់បំណុលបានយល់ព្រមអំពីការសន្យានោះ ។
២-ក្នុងកិច្ចសន្យាធានា ភាគីអាចធ្វើការសន្យាពិសេសដែលធានាការខូចខាត ដែលអ្នកធានាត្រូវទទួលបន្ទុកនូវកាតព្វកិច្ចធានាឯករាជ្យពីកាតព្វកិច្ចចម្បងបាន ។ ប៉ុន្តែ កាតព្វកិច្ចនៃការសន្យាពិសេស ដែលធានាការខូចខាតអាចកើតបានលុះត្រាតែអ្នកដែលទទួលបន្ទុកកាតព្វកិច្ចនៃការសន្យាពិសេសដែលធានាការខូចខាតនោះ មានអាជីវកម្មរបស់ខ្លួនជាការធានាការខូចខាត ឬការធានា ។
៣-ក្នុងករណីដែលអ្នកដែលមានបំណងធ្វើជាអ្នកធានា មិនមែនជាអ្នកដែលមានអាជីវកម្មធានាម្ចាស់បំណុលត្រូវផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីការណ៍ដែលអ្នកនោះក្លាយជាអ្នកធានាទៅឱ្យអ្នកដែលមានបំណងធ្វើជាអ្នកធានានោះ និងត្រូវផ្តល់ឱកាសឱ្យអ្នកនោះគិតពិចារណាឱ្យបានហ្មត់ចត់ ។
៤-ក្នុងករណីដែលម្ចាស់បំណុលប្រព្រឹត្តផ្ទុយនឹងកថាខណ្ឌទី ៣ ខាងលើនេះអ្នកធានាអាចលុបចោលនូវកិច្ចសន្យាធានានោះ បាន ។
មាត្រា ៩១. ទម្រង់ចាំបាច់នៃកិច្ចសន្យាធានា
១-ការធានាដោយគ្មានលិខិតជាលាយល័ក្ខណ៍អក្សរ អាចដកវិញនៅពេលណាក៏បាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអ្នកធានាបានចាប់ផ្តើមអនុវត្តកាតព្វកិច្ចធានានោះដោយស្ម័គ្រចិត្ត ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាដែរចំពោះករណីដែលចំនួនទឹកប្រាក់នៃកាតព្វកិច្ចធានា មិនត្រូវបានសរសេរជាអក្សរដោយផ្ទាល់ដៃរបស់អ្នកធានា ក្នុងការធានាកាតព្វកិច្ចដែលមានគោលបំណងសងជាបាក់ ។
៣-លិខិតជាលាយល័ក្ខណ៍អក្សរនៃការធានា ត្រូវបញ្ជាក់ឱ្យច្បាស់លាស់អំពីខ្លឹមសារនៃកាតព្វកិច្ចធានា ។
មាត្រា ៩០២. ការធានាបំណុលអណ្តែត
១-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី ២ និង ទី ៣ នៃមាត្រា ៩០១ (ទម្រង់ចាំបាច់នៃកិច្ចសន្យាធានា) ខាងលើនេះ ក៏ដោយ ក៏កិច្ចសន្យាធានាបំណុលអណ្តែត ដែលធានាកាតព្វកិច្ចមិនកំណត់ដែលអាចកើតមានឡើងនៅពេលអនាគត ដោយសារទំនាក់ទំនងគតិយុត្តជានិរន្តរ៍ណាមួយនោះនឹងមានសុពលភាព លុះត្រាតែបញ្ជាក់ច្បាស់នូវទំនាក់ទំនងគតិយុត្តជានិរន្តរ៍ ដែលជាមូលដ្ឋាននៃការបង្កើតកាតព្វកិច្ចចម្បង ។
២-វើកិច្ចសន្យាធានាបំណុលអណ្ដែត មិនបានកំណត់អំឡុងពេលនៃការធានាទេអ្នកធានាបំណុលអណ្តែតអាចរំលាយកិច្ចសន្យាធានាបំណុល អណ្តែតនោះឆ្ពោះទៅអនាគតបាន ក្រោយពីហួសអំឡុងពេលសមរម្យចាប់តាំងពីពេលដែលបានបង្កើតកិច្ចសន្យានោះ ។
៣-ចំពោះកិច្ចសន្យាធានាបំណុលអណ្តែត នៅក្នុងករណីដែលស្ថានភាពនៃកិច្ចការ ជំនួញ ឬទ្រព្យសម្បត្តិរបស់កូនបំណុល ដែលមានកាតព្វកិច្ចចម្បងធ្លាក់អន់ថយយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងពេលបង្កើតកិច្ចសន្យាធានាបំណុលអណ្តែតនោះអ្នកធានាបំណុលអណ្ដែតអាចរំលាយកិច្ចសន្យាធានាបំណុលអណ្តែតនោះឆ្ពោះទៅអនាគតដោយភ្លាមៗ បាន ។
៤-ចំពោះកិច្ចសន្យាធានាបំណុលអណ្តែត បើអ្នកធានាបំណុលអណ្តែតបានទទួល មរណភាពមានតែកាតព្វកិច្ចធានាបំណុលអណ្តែត ចំពោះកាតព្វកិច្ចចម្បងដែលបានកើត ឡើងមកត្រឹមពេលអ្នកធានានោះទទួលមរណភាពទេទើបត្រូវបន្តដោយសន្តតិកម្ម ។
មាត្រា ៩០៣. ទំហំនៃកាតព្វកិច្ចធានា
១-កាតព្វកិច្ចធានាត្រូវរាប់បញ្ចូលទាំងការប្រាក់ ឬបាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា និងសំណងការខូចខាតដែលទាក់ទងនឹងកាតព្វកិច្ចចម្បង និងអ្វីដែលកើតឡើងបន្ទាប់បន្សំពីកាតព្វកិច្ចចម្បងនោះ ។
២-កិច្ចសន្យាធានា អាចកំណត់នូវចំនួនទឹកប្រាក់ធានាសំណងក្នុងករណីបំពានកិច្ច សន្យា ឬបាក់សំណងការខូចខាតចំពោះការមិនអនុវត្តកាតព្វកិច្ចធានាបាន ។
មាត្រា ៩០៤. លក្ខណៈនៃការធានា
១-កិច្ចសន្យាធានាមិនអាចកើតឡើងបានឡើយ នៅក្នុងករណីដែលគ្មានកាតព្វកិច្ច ចម្បងទេ ។ ប៉ុន្តែ កិច្ចសន្យាធានាអាចកើតឡើង បានចំពោះកាតព្វកិច្ចដែលនឹងកើតមាន ឡើងនៅពេលអនាគត ឬកាតព្វកិច្ចដែលភ្ជាប់នឹងល័ក្ខខ័ណ្ឌ។
២-ក្នុងករណីដែលបន្ទុករបស់អ្នកធានាធ្ងន់ជាងកាតព្វកិច្ចចម្បង ដោយគិតទាំងកម្មវត្ថុ ឬល័ក្ខខ័ណ្ឌនោះត្រូវបន្ថយបន្ទុករបស់អ្នកធានាត្រឹមកម្រិតនៃកាតព្វកិច្ចចម្បង ។
៣-ក្នុងករណីដែលកាតព្វកិច្ចចម្បងរលត់ កាតព្វកិច្ចធានាក៏ត្រូវរលត់ផងដែរ ។
៤-ការផ្អាកអាជ្ញាយុកាលដោយការទាមទារចំពោះកូនបំណុល ដែលមានកាតព្វកិច្ច ចម្បង ឬដោយមូលហេតុផ្សេងៗទៀត ក៏មានអានុភាពចំពោះអ្នកធានាផងដែរ ។
៥-ក្នុងករណីដែលសិទ្ធិលើបំណុលចំពោះកូនបំណុល ដែលមានកាតព្វកិច្ចចម្បងត្រូវ បានធ្វើអនុប្បទាន នោះសិទ្ធិលើបំណុល ចំពោះអ្នកធានាក៏ត្រូវចាត់ទុកថា បានធ្វើអនុប្បទានផងដែរលើកលែងតែមានការសន្យាពិសេស ។
មាត្រា ៩០៥. សិទ្ធិរបស់អ្នកធានា
១-អ្នកធានាអាចលើកឡើងអំពីការរលត់កាតព្វកិច្ចចម្បង ដោយអាជ្ញាយុកាលបាន ។
២-បើកូនបំណុលដែលមានកាតព្វកិច្ចចម្បង បានបោះបង់ចោលផលប្រយោជន៍នៃអាជ្ញាយុកាលអានុភាពនេះពុំមានចំពោះអ្នកធានាឡើយ ។
៣-អ្នកធានាអាចលើកឡើងនូវសិទ្ធិតវ៉ារបស់កូនបំណុលដែលមានកាតព្វកិច្ចចម្បង មកប្រើបាន ។
៤-បើកូនបំណុលដែលមានកាតព្វកិច្ចចម្បង មានសិទ្ធិលុបចោល ឬសិទ្ធិរំលាយនោះអ្នកធានាអាចបដិសេធនូវការអនុវត្តកាតព្វកិច្ចធានាបាន ។
៥-បើកូនបំណុលដែលមានកាតព្វកិច្ចចម្បងស្ថិតនៅក្នុងឋានៈ ដែលខ្លួនអាចទូទាត់កាត
ព្វកិច្ចរបស់ខ្លួនដោយយកសិទ្ធិលើបំណុលចំពោះម្ចាស់ បំណុលបាននោះអ្នកធានាអាចបដិសេធនូវការអនុវត្តកាតព្វកិច្ចធានាបានត្រឹមតែកម្រិតដែលកាតព្វកិច្ចចម្បងត្រូវរលត់ ដោយសារការទូទាត់នោះ ។
មាត្រា ៩០៦. ការធានាចំពោះកាតព្វកិច្ចដែលអាចលុបចោលបាន
ក្នុងករណីដែលអ្នកធានាដែលមានអាជីវកម្មរបស់ខ្លួនជាការធានាការខូចខាត ឬការធានាបានធានាកាតព្វកិច្ចដែលអាចលុបចោលបាន ដោយបានដឹងអំពីមូលហេតុនៃការលុបចោលអ្នកធានានោះត្រូវបានសន្មតថា បានទទួលបន្ទុកនូវកាតព្វកិច្ចឯករាជ្យមួយផ្សេង ដែលមានគោលបំណងដូចគ្នានឹងកាតព្វកិច្ចចម្បង ។
មាត្រា ៩០៧. លក្ខណសម្បត្តិរបស់អ្នកធានា
១-ក្នុងករណីដែលកូនបំណុលទទួលបន្ទុកនូវករណីយកិច្ចត្រូវរកអ្នកធានា អ្នកធានា នោះត្រូវតែជាសមត្ថជន និងត្រូវមានសាធនភាពដើម្បីសងបំណុល ។
២-ក្នុងករណីដែលអ្នកធានា បានបាត់បង់នូវលក្ខណសម្បត្តិ ដូចបានកំណត់នៅក្នុង កថាខណ្ឌទី ១ ខាងលើនេះ ម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលរកអ្នកធានាផ្សេង ទៀត ដែលមានលក្ខណសម្បត្តិ ដូចបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ មកជំនួសបាន ។
៣-ក្នុងករណីដែលកូនបំណុលមិនអាចរកអ្នកធានាដែលមានលក្ខណសម្បត្តិ ដូចបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បានទេម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលដាក់ប្រាតិភោគផ្សេងទៀត បាន ។
៤-បញ្ញត្តិនៃមាត្រានេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលម្ចាស់បំណុល បានជ្រើសតាំងអ្នកធានា ។
មាត្រា ៩០៨. អត្ថន័យនៃការធានាដោយសាមគ្គីភាព និងគោលការណ៍នៃការធានាដោយសាមគ្គីភាព
១-បុគ្គលដែលទទួលបន្ទុកកាតព្វកិច្ចត្រូវធានាដោយសាមគ្គីភាពជាមួយនឹងកូនបំណុលដែលមានកាតព្វកិច្ចចម្បង មិនអាចទាមទារឱ្យម្ចាស់បំណុលទាមទារពីកូនបំណុល ដែលមានកាតព្វកិច្ចចម្បងជាមុនសិន ឬមិនអាចរួចផុតពីការអនុវត្តចំពោះខ្លួនផ្ទាល់ដោយសំអាងថា កូនបំណុលមានសាធនភាពគ្រប់គ្រាន់ដើម្បីសង និងអាចអនុវត្តចំពោះកូនបំណុលនោះដោយងាយស្រួលបានឡើយ ។
២-អ្នកធានាមានកាតព្វកិច្ចត្រូវធានាដោយសាមគ្គីភាពជាមួយ នឹងកូនបំណុលលើកលែងតែមានការព្រមព្រៀងពិសេស ។
មាត្រា ៩០៩. អានុភាពនៃហេតុដែលកើតឡើងចំពោះអ្នកធានា
ហេតុទាំងឡាយដែលកើតឡើងចំពោះអ្នកធានា ពុំមានអានុភាពចំពោះកូនបំណុល ដែលមានកាតព្វកិច្ចចម្បងឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះ ការទាមទារ ឬហេតុផ្សេងនៃការផ្អាកអាជ្ញាយុកាលចំពោះអ្នកធានាដែលទទួលអាណត្តិ ពីកូនបំណុលដែលមានកាតព្វកិច្ចចម្បង ។
មាត្រា ៩១០. ការធានារួម
១-ក្នុងកិច្ចសន្យាដែលមានអ្នកធានាច្រើននាក់ អ្នកធានាម្នាក់ៗមានករណីយកិច្ចចំពោះចំនួនទឹកប្រាក់ទាំងអស់នៃកាតព្វកិច្ចចម្បង ។
២-ភាគនៃបន្ទុករបស់អ្នកធានារួមដែលគ្មានការសន្យាពិសេសអំពីការបែងចែកបន្ទុកត្រូវ
បានសន្មតថាស្មើគ្នា ។
មាត្រា ៩១១. សិទ្ធិទាមទារសំណងរបស់អ្នកធានាដែលទទួលអាណត្តិ
១-ក្នុងករណីដែលអ្នកធានា បានធានាដោយទទួលអាណត្តិពីកូនបំណុលដែលមាន កាតព្វកិច្ចចម្បងប្រសិនបើអ្នកធានាបានធ្វើឱ្យរលត់នូវកាតព្វកិច្ច ដោយបានសង ឬបាន ចេញចំណាយផ្សេងទៀតរបស់ខ្លួនជំនួសកូនបំណុល ដែលមានកាតព្វកិច្ចចម្បងនោះអ្នកធានាត្រូវទទួលសិទ្ធិទាមទារឱ្យ កូនបំណុលដែលមានកាតព្វកិច្ចចម្បងសងសំណងមកខ្លួន វិញ ។
២-អ្នកធានាដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចទាមទារសំណងនូវចំនួនទឹកប្រាក់ដែលខ្លួនបានចេញចំណាយ និងចំនួនការប្រាក់លើប្រាក់ចំណាយដែលខ្លួន បានចេញ ដោយគិតពីថ្ងៃដែលខ្លួនបានចេញ និងចំនួនបាក់នៃការខូចខាតបាន ។
៣-អ្នកធានាដែល បានទទួលអាណត្តិពីកូនបំណុលដែលមានកាតព្វកិច្ចចម្បងអាច ទាមទារសំណងជាមុនបានក្នុងករណីដូចខាងក្រោមនេះ :
ក-អ្នកធានា បានទទួលសាលក្រម ឬសាលដីកាដែលបង្គាប់ឱ្យអ្នកធានាសងទៅម្ចាស់បំណុលដោយគ្មានកំហុស ហើយសាលក្រម ឬសាលដីកានោះបានចូលជា ស្ថាពរ ។
ខ-កូនបំណុលដែលមានកាតព្វកិច្ចចម្បងបានក្ស័យធន ហើយម្ចាស់បំណុលពុំបានចូលរួមក្នុងការចែកចំណែក ។
គ-កាតព្វកិច្ចចម្បងដល់ពេលកំណត់ត្រូវសង ។
ឃ-ពេលកំណត់ត្រូវអនុវត្តកាតព្វកិច្ចចម្បងនោះមិនច្បាស់លាស់ ហើយមិនអាចកំណត់ បានអំពីរយៈពេលដែលវែងជាងគេ និងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ បានកន្លងហួស គិតពីថ្ងៃដែល បានធ្វើកិច្ចសន្យាធានា ។
៤-ក្នុងករណីដែលម្ចាស់បំណុលមិនទាន់បានទទួលសំណងទាំងអស់នៅឡើយ នោះ កូនបំណុលដែលមានកាតព្វកិច្ចចម្បង ដែលទទួលការទាមទារសំណងពីអ្នកធានាដែលបាន កំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចទាមទារឱ្យអ្នកធានាដាក់ប្រាតិភោគ ឬអាច ទាមទារឱ្យខ្លួនរួចផុតពីកាតព្វកិច្ច បាន ។
៥-ក្នុងករណីដែលបានកំណត់នៅកថាខណ្ឌទី ៤ ខាងលើនេះ កូនបំណុលដែលមានកាតព្វកិច្ចចម្បង អាចរួចផុតពីការទាមទារសំណង បានដោយតម្កល់ ឬដាក់ប្រាតិភោគទៅឱ្យ អ្នកធានា ឬធ្វើឱ្យអ្នកធានារួចផុតពីកាតព្វកិច្ច ។
មាត្រា ៩១២. សិទ្ធិទាមទារសំណងរបស់អ្នកធានាដោយគ្មានអាណត្តិ
ក្នុងករណីដែលការធានាពុំមានអាណត្តិពីកូនបំណុល ដែលមានកាតព្វកិច្ចចម្បងទេតែអ្នកធានានោះបានធ្វើឱ្យកូនបំណុលដែលមានកាតព្វកិច្ចចម្បង រួចផុតពីកាតព្វកិច្ចនោះដោយបានសងជំនួសកូនបំណុល ឬចេញចំណាយផ្សេងទៀតរបស់ខ្លួនកូនបំណុលនោះ ត្រូវសង តាមការទាមទារសំណង ត្រឹមតែកម្រិតនៃផលប្រយោជន៍ដែលខ្លួនបានទទួល ។ ប៉ុន្តែ ប្រសិនបើការធានានេះត្រូវបានធ្វើឡើងដោយផ្ទុយពីឆន្ទៈរបស់កូនបំណុលដែលមានកាតព្វកិច្ចចម្បងកូនបំណុលគ្រាន់តែត្រូវសងតាមការទាមទារសំណងត្រឹមតែកម្រិតនៃផលប្រយោជន៍ជាក់ស្តែងដែលនៅតែមានប៉ុណ្ណោះ ។
មាត្រា ៩១៣. ល័ក្ខខ័ណ្ឌនៃការទាមទារសំណង
១-ក្នុងករណីដែលអ្នកធានា បានរួចផុតពីកាតព្វកិច្ចដោយបានសងជំនួសកូនបំណុល ឬចេញចំណាយផ្សេងទៀតរបស់ខ្លួនដោយពុំបានឱ្យ ដំណឹងទៅកូនបំណុលដែលមាន កាតព្វកិច្ចចម្បង អំពីការណ៍ដែលខ្លួនបានទទួលការទាមទារពីម្ចាស់បំណុលទេ ហើយ ប្រសិនបើកូនបំណុលដែលមានកាតព្វកិច្ចចម្បង មានហេតុណាមួយដែលអាចតតាំងជាមួយនឹងម្ចាស់បំណុល នោះកូនបំណុលដែលមានកាតព្វកិច្ចចម្បងអាចយកហេតុនោះទៅតតាំងនឹងការទាមទាររបស់អ្នកធានាបាន ។ ប៉ុន្តែ បើហេតុនោះជាការទូទាត់អ្នកធានាអាចទាមទារឱ្យម្ចាស់បំណុលអនុវត្តកាតព្វកិច្ចដែលនឹងត្រូវរលត់ ដោយសារការទូទាត់នេះបាន ។
២-ក្នុងករណីដែលកូនបំណុលដែលមានកាតព្វកិច្ចចម្បងបានសងទៅម្ចាស់បំណុល ឬ រួចផុតពីកាតព្វកិច្ចដោយចេញចំណាយផ្សេងទៀតដោយសុចរិតដោយហេតុថា អ្នកធានា ធ្វេសប្រហែសពុំបានឱ្យដំណឹងទៅកូនបំណុលថាខ្លួន បានរួចផុតពីកាតព្វកិច្ចដោយចេញ ចំណាយរបស់ខ្លួនផ្ទាល់ទេកូនបំណុលដែលមានកាតព្វកិច្ចចម្បងអាចចាត់ទុកថា សំណង របស់ខ្លួន ឬការរួចផុតពីកាតព្វកិច្ចនោះមានសុពលភាព បាន ។
មាត្រា ៩១៤. សិទ្ធិទាមទារសំណងរបស់អ្នកធានាចំពោះកូនបំណុលម្នាក់ក្នុងចំណោម
កូនបំណុលច្រើន
អ្នកដែលបានធានាកូនបំណុលតែម្នាក់ក្នុងចំណោមកូនបំណុល ដែលមានកាតព្វកិច្ច ដោយសាមគ្គីភាព ឬកាតព្វកិច្ចអវិភាគីយ៍ អាចទាមទារសំណងពីកូនបំណុលផ្សេងទៀតបាន ត្រឹមតែចំណែកជាបន្ទុករបស់កូនបំណុលផ្សេងនោះប៉ុណ្ណោះ ។
មាត្រា ៩១៥. សិទ្ធិទាមទារសំណងរបស់អ្នកធានារួម
១-ក្នុងករណីដែលអ្នកធានារួមម្នាក់ក្នុងចំណោមអ្នកធានារួម បានរួចផុតពីកាតព្វកិច្ច ហើយធ្វើឱ្យអ្នកធានារួមផ្សេងទៀតបានរួចផុតពីកាតព្វកិច្ចដោយបានសង ឬបានចេញ ចំណាយផ្សេងទៀត របស់ខ្លួនអ្នកធានានោះអាចទាមទារឱ្យអ្នកធានារួមផ្សេងទៀតសងសំណងតាមចំណែកជាបន្ទុករៀងៗខ្លួនមកខ្លួនវិញបាន ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះអ្នកធានានោះអាចទាមទារឱ្យអ្នកធានារួមឯទៀតៗ សងនូវប្រាក់ដែលខ្លួនបានចេញចំណាយការប្រាក់ និងការខូចខាតបាន ។
៣-បញ្ញត្តិនៃមាត្រា៩១២ (សិទ្ធិទាមទារសំណងរបស់អ្នកធានាដោយគ្មានអាណត្តិ) មាត្រា ៩១៣ (ល័ក្ខខ័ណ្ណនៃការទាមទារសំណង) និងមាត្រា ៩១៤ (សិទ្ធិទាមទារសំណងរបស់អ្នកធានាចំពោះកូនបំណុលម្នាក់ក្នុងចំណោមកូនបំណុលច្រើន) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលការធានារួមមានភ្ជាប់ជាមួយនឹងការសន្យា ពិសេសអំពីការបែងចែកបន្ទុក ហើយមានអ្នកធានារួមណាម្នាក់បានរួចផុតពីកាតព្វកិច្ច ហើយធ្វើឱ្យអ្នកធានារួមផ្សេងទៀត បានរួចផុតពីកាតព្វកិច្ចដោយបានសងឬបានចេញចំណាយផ្សេងទៀត លើសពីចំណែកជាបន្ទុករបស់ខ្លួន ។
មាត្រា ៩១៦. ឧបាទេសកម្មដោយការសង
១-អ្នកធានាដែលបានរួចផុតពីកាតព្វកិច្ចចម្បងដោយបានសង ឬចេញចំណាយផ្សេងទៀតរបស់ខ្លួនត្រូវទទួលពីម្ចាស់បំណុល នូវសិទ្ធិលើបំណុលដែលជាកម្មវត្ថុនៃការធានា ហើយអាចប្រើសិទ្ធិប្រាតិភោគដែលបានធានាសិទ្ធិលើបំណុលនោះជំនួសម្ចាស់បំណុលបាន ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អ្នកធានាដែលបានរួចផុតពីកាតព្វកិច្ចមួយភាគអាចប្រើសិទ្ធិជាមួយម្ចាស់បំណុលតាមសមាមាត្រ និងចំនួនប្រាក់ដែលខ្លួនបានរួចផុតនោះ ។ ក្នុងករណីនេះ មានតែម្ចាស់បំណុលប៉ុណ្ណោះ ដែលអាចប្រើសិទ្ធិរំលាយបាន។ ប៉ុន្តែ ក្នុងករណីនេះ ម្ចាស់បំណុលត្រូវសងទៅវិញនូវចំនួនបាក់ដែលឧ បាទេសិកបានរួចផុតពីកាតព្វកិច្ច និងការប្រាក់ទៅឧបាទេសិកនោះ ។
មាត្រា ៩១៧. ករណីយកិច្ចប្រគល់លិខិតបញ្ជាក់សិទ្ធិលើបំណុល
១-ម្ចាស់បំណុលដែលបានទទួលការជម្រះសិទ្ធិលើបំណុលទាំងអស់ ដោយសារអ្នកធានាបានសងឬបានចេញចំណាយផ្សេងទៀត ត្រូវប្រគល់លិខិតបញ្ជាក់សិទ្ធិលើបំណុល និង វត្ថុបាតិភោគដែលនៅក្រោមការកាន់កាប់របស់ខ្លួនទៅឱ្យអ្នកធានាដែលបានសង ឬបានចេញចំណាយផ្សេងទៀតនោះ ។
២-ម្ចាស់បំណុលដែល បានទទួលការជម្រះសិទ្ធិលើបំណុលតែមួយភាគដោយសារអ្នកធានាបានសង ឬបានចេញចំណាយផ្សេងទៀត ត្រូវកត់ត្រាអំពីឧបាទេសកម្មនោះលើ លិខិតបញ្ជាក់សិទ្ធិលើបំណុល ហើយត្រូវឱ្យអ្នកធានានោះត្រួតពិនិត្យលើការថែរក្សាវត្ថុប្រាតិភោគដែលនៅក្រោមការកាន់កាប់របស់ខ្លួន ។
មាត្រា ៩១៨. ករណីយកិច្ចថែរក្សាប្រាតិភោគ
ម្ចាស់បំណុលដែលបានទទួលការជម្រះសិទ្ធិលើបំណុលដោយសារអ្នកធានា បានសង ឬបានចេញចំណាយផ្សេងទៀត មានករណីយកិច្ចត្រូវថែរក្សាប្រាតិភោគសម្រាប់អ្នកធានាដែលបានសង ឬបានចេញចំណាយផ្សេងទៀតនោះ ។
មាត្រា ៩១៩. លំដាប់នៃឧបាទេសកម្ម
១-អ្នកធានាមិនអាចស្នងម្ចាស់បំណុលដោយឧបាទេសកម្ម ចំពោះតតិយជនដែលបានធ្វើលទ្ធកម្មនូវអចលនវត្ថុដែលជាវត្ថុបាតិភោគបានឡើយ ប្រសិនបើខ្លួនមិនបានចុះបញ្ជីក្រោយពីបានសង ឬចេញចំណាយផ្សេងទៀត ។
២-រវាងអ្នកធានាដោយបុគ្គល និងអ្នកធានាដោយវត្ថុត្រូវស្នងដោយឧបាទេសិកម្ម ដោយគិតទៅតាមចំនួនអ្នកទាំងនោះ ។
មាត្រា ៩២០. ការអនុវត្តដូចគ្នា តាមបញ្ញត្តិស្តីពីឧបាទេសកម្មដោយការសង
ក្រៅពីបញ្ញត្តិនៃផ្នែកទី ៤ (ឧបាទេសកម្ម) នេះ បញ្ញត្តិនៃកថាភាគទី ៤ (ឧបាសកម្ម ដោយការសង) ផ្នែកទី ១ ជំពូកទី ៧ នៃគន្ធីទី ៤ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះ ឧបាទេសកម្មដោយការសង ឬចេញចំណាយផ្សេងទៀតរបស់អ្នកធានា ។