រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

អនុម័តដោយសភាធម្មនុញ្ញនៅថ្ងទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវប្រកាសឱ្យប្រើជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៤

(បន្ថែមវិសោធនកម្មទាំង១០លើក)

មាតិកា

បុព្វកថា

យើង ប្រជារាស្ត្រខ្មែរ

ដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើង រុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ

បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទស្សវត្សរ៍ចុងក្រោយនេះឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយមហាសោកស្តាយ

បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និង អារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែក​លើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចម្រើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។

ក្នុងឆន្ទៈមោះមុតនេះ

យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាដូចតទៅ:

ជំពូកទី ១៖ អំពីអធិបតេយ្យ

មាត្រា ១.-

ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។

មាត្រា ២.-

បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបាន ដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជា អន្តរ​ជាតិ នៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។

មាត្រា ៣.-

ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។

មាត្រា ៤.-

បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺៈ ជាតិ សាសនា ព្រះមហាក្សត្រ។

មាត្រា ៥.-

ភាសា និងអក្សរដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ។

មាត្រា ៦.-

ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។

ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុង ឧបសម្ព័ន្ធ ១,២ និង ៣។

ជំពូកទី ២៖ អំពីព្រះមហាក្សត្រ

មាត្រា ៧. –

ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់ អំណាចឡើយ។

ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។

អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។

មាត្រា ៨.-

ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។

មាត្រា ៩.-

ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។

មាត្រា ១០.-

របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។

ព្រះមហាក្សត្រ ទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។

មាត្រា ១១.- ថ្មី[1]

ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈ ជា ព្រះប្រមុខ​រដ្ឋ​បាន​ដូច​ធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់មានការ បញ្ជាក់ដោយ​ក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ច ប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ច ជាប្រមុខ​រដ្ឋជំនួសព្រះមហាក្សត្រ ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់​ប្រឈួន​ជា​ទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធាន​រដ្ឋ​សភាជាអ្នកបំពេញភារកិច្ចនេះ។

តំណែង​ជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាច​នឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែង ក្នុងវាក្យខ័ណ្ឌ​ខាងលើ តាមឋានានុក្រមដូចតទៅៈ

ក-អនុប្រធានទី ១ ព្រឹទ្ធសភា

ខ-អនុប្រធានទី ១ រដ្ឋសភា

គ-អនុប្រធានទី ២ ព្រឹទ្ធសភា

ឃ-អនុប្រធានទី ២ រដ្ឋសភា

មាត្រា ១២.-ថ្មី[2]

នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួល ភារកិច្ចជា​ប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ច ជាប្រមុខ​រដ្ឋ​ស្តីទីជំនួស​ព្រះមហាក្សត្រ​ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ច​​ជា​ប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ​ត្រូវ​អនុវត្តតាមវាក្យខ័ណ្ឌ​ទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី។

មាត្រា ១៣.- ថ្មី[3]

ក្នុងរយៈវេលា ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើស ដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។

សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមានៈ

  • ប្រធានព្រឹទ្ធសភា
  • ប្រធានរដ្ឋសភា
  • នាយករដ្ឋមន្ត្រី
  • សម្តេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
  • អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
  • អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា

ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិនឹងមាន កំណត់ក្នុងច្បាប់មួយ។

មាត្រា ១៤.-

ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមា​ជិក​នៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ

មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។

មាត្រា ១៥.-

ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ១៦.-

ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាពុំមានព្រះរាជសិទ្ធិ ធ្វើនយោបាយ ទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។

ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពល បំពេញព្រះរាជភារៈបម្រើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និងជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និងការទូត។

មាត្រា ១៧.-

ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិន កាន់អំណាច​ឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។

មាត្រា ១៨.-ថ្មី[4]

ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា ដោយព្រះរាជសារ។

ព្រះរាជសារនេះ ព្រឹទ្ធសភា និងរដ្ឋសភាមិនអាចយកទៅជជែក ពិភាក្សាឡើយ។

មាត្រា ១៩.-ថ្មី (ពីរ)[5]

ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី (ពីរ)។

មាត្រា ២០.-

ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយ ទ្រង់ជ្រាបអំពីសភាព​ការណ៍នៃប្រទេសជាតិ។

មាត្រា ២១.-

តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយ ព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ចមន្ត្រី​ជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញ សមត្ថភាព។

តាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬដក ចៅក្រមផ្នែកយុត្តាធិការ។

មាត្រា ២២.-ថ្មី[6]

នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាស​ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុង ភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។

មាត្រា២៣.-

ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។

មាត្រា២៤.-ថ្មី[7]

ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។

ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់ រដ្ឋសភា និងព្រឹទ្ធសភា។

មាត្រា ២៥.-

ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬប្រេសិត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២៦.-ថ្មី[8]

ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និងអនុសញ្ញា ទាំងនេះ ក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា។

មាត្រា ២៧.-

ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើក លែងទោស។

មាត្រា ២៨.-ថ្មី[9]

ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់រួចហើយ និងទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រី។

ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយ​ព្រះហស្តលេខានៅលើព្រះរាជក្រម ឬព្រះរាជក្រឹត្យខាងលើនេះទៅប្រមុខរដ្ឋ ស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ។

មាត្រា២៩.-ថ្មី[10]

ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ។

ព្រះមហាក្សត្រទ្រង់សម្រេចប្រទានឋានន្តរសក្តិ ឋានៈយោធា និង ស៊ីវិល តាមច្បាប់កំណត់។

មាត្រា ៣០.-ថ្មី[11]

ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួល ភារកិច្ច​ជាប្រមុខរដ្ឋស្តីទី។

ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញ ភារកិច្ចជាប្រមុខ​រដ្ឋ​ស្តីទីជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ត​មាន ​ការទទួលភារកិច្ច​ជាប្រមុខរដ្ឋស្តីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ ថ្មី។

ជំពួកទី ៣៖ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ

មាត្រា ៣១.-

ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូច មានចែងក្នុង​ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹង​សិទ្ធិ​មនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរី ភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គមធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួន​របស់ បុគ្គលម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើ សិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។

មាត្រា ៣២.-

ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។

ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ។

មាត្រា ៣៣.-

ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់ បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជា​មួយ​គ្នាទៅវិញទៅមក។

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបាន រដ្ឋគាំពារ។

ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។

មាត្រា ៣៤.-ថ្មី[12]  

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរ ឈ្មោះឱ្យគេបោះឆ្នោត។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះ​ឱ្យគេបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។

បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែង​ក្នុង​ច្បាប់បោះឆ្នោត។

មាត្រា ៣៥.-

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុង​ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។

សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះ​ស្រាយយ៉ាង​ហ្មត់ចត់ពីអង្គការរដ្ឋ។

មាត្រា ៣៦.-

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសម​ស្របតាមសមត្ថ​ភាព​របស់ខ្លួន តាមសេចក្តីត្រូវការរបស់សង្គម។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា។

ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។

ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព នឹងមានកំណត់ក្នុងច្បាប់។

មាត្រា ៣៧.-

សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្ត នៅក្នុងក្របខ័ណ្ឌនៃច្បាប់។

មាត្រា ៣៨.-

ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គល ណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាច​ធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។

ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណា មួយដែលបន្ថែម​ទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារ ត្រូវហាម​ឃាត់​មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់។

ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។

វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។

ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណា​តុលាការមិនទាន់កាត់ទោសជាស្ថាពរ។

ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។

មាត្រា ៣៩.-

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទារសំណង ជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការ​សង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្តឹង តវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ។

មាត្រា ៤០.-

សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋ ត្រូវបានគោរព។

ប្រជាពលរដ្ឋខ្មែរអាចចេញទៅតាំងទីលំនៅ នៅប្រទេសក្រៅ ឬវិលត្រឡប់មកវិញបាន។

ការរក្សាសិទ្ធិមិនឱ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា។

ការឆែកឆេរលំនៅឋាន សម្ភារៈវត្ថុ និងលើរូបបុគ្គល ត្រូវធ្វើឱ្យស្របនឹងបញ្ញត្តិច្បាប់។

មាត្រា ៤១.-

ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាង ការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។

មាត្រា ៤២.-

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។

ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញ​ទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។

មាត្រា ៤៣.-

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។

សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបាន រដ្ឋធានាក្នុង​ល័ក្ខខ័ណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់​សណ្តាប់​ធ្នាប់ និងសន្តិសុខសាធារណៈ។

ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

មាត្រា ៤៤.-

ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិ ជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។

កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់។

ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែ ប្រយោជន៍​សាធារណៈតម្រូវឱ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌។

មាត្រា ៤៥.-

ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាមឃាត់។

បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍​ពិពាហ៍ និងគ្រួសារ។

អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្តីមួយប្រពន្ធមួយ។

មាត្រា ៤៦.-

អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើ អាស-​អាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។

ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សម្រាកនៅពេលសម្រាលកូនដោយទទួល ប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និង អត្ថប្រយោជន៍សង្គមផ្សេងៗទៀត។

រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារី នៅជនបទដែលគ្មានទីពឹង បានទទួលការឧបត្ថម្ភ ដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។

មាត្រា ៤៧.-

មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជា ពលរដ្ឋល្អ។

កូនមានករណីយកិច្ចចិញ្ចឹមនិងបីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរា តាមទំនៀមទម្លាប់ខ្មែរ។

មាត្រា ៤៨.-

រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។

រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុ-​មាល​ភាពរបស់កុមារ។

មាត្រា ៤៩.-

ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។

ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។

កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។

មាត្រា ៥០.-

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និងកម្មសិទ្ធិ​ស្របច្បាប់របស់ឯកជន។

ជំពូកទី ៤៖ អំពីរបបនយោបាយ

មាត្រា ៥១.- ថ្មី[13]

ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។

ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋា-ភិបាល និងសាលាជម្រះក្តី។

អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាច នីតិប្រតិបត្តិ និងអំណាចតុលាការ។

មាត្រា ៥២.-

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បី​ការពារ​ឯកភាព​ជាតិ រក្សាការពារទំនៀមទម្លាប់ និងប្រពៃណីល្អ របស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះ ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

មាត្រា ៥៣.-

ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវ នយោបាយអព្យាក្រឹត​​​​​អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយ​សន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត ទាំងអស់នៅលើសកលលោក។

ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និង គោរព​ផលប្រយោជន៍ផងគ្នាទៅវិញទៅមក។

ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។

ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធា របស់ខ្លួន​នៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់ អង្គការសហប្រជាជាតិ។

ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេស ជាសម្ភារយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានាសណ្តាប់ធ្នាប់ និងសន្តិសុខ សាធារណៈនៅផ្ទៃក្នុងប្រទេស។

មាត្រា ៥៤.-

ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេ-ត្រាណូ ត្រូវហាមឃាត់ដាច់ខាត។

មាត្រា ៥៥.-

សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។

ជំពូកទី ៥៖ អំពីសេដ្ឋកិច្ច

មាត្រា ៥៦.-

ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។

ការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹងមាន កំណត់ក្នុងច្បាប់។

មាត្រា ៥៧.-

ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមានច្បាប់អនុញ្ញាត។ ថវិកាជាតិ ត្រូវបានកំណត់ឱ្យអនុវត្តតាមច្បាប់។

របបគ្រប់គ្រងរូបិយវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុ ត្រូវកំណត់ក្នុងច្បាប់។

មាត្រា ៥៨.-

ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់រដ្ឋ។

ការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។

មាត្រា ៥៩.-

រដ្ឋត្រូវរក្សាការពារបរិស្ថាន និងតុល្យភាព នៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឱ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងមានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ ពពួក សត្វព្រៃ មច្ឆាជាតិ ធនធានជលផល។

មាត្រា ៦០.-

ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវឱ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិ ឯកជនទៅ ប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេស ដែលមានច្បាប់អនុញ្ញាត។

មាត្រា ៦១.-

រដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូន បច្ចេកទេស ទំនើប និងប្រព័ន្ធឥណទាន។

មាត្រា ៦២.-

រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។

មាត្រា ៦៣.-

រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋមានកម្រិតសមរម្យ។

មាត្រា ៦៤.-

រដ្ឋហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់ ដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើ ដែលប៉ះពាល់ ដល់សុខភាពអាយុជីវិតរបស់អ្នកប្រើ។

ជំពូកទី ៦៖ អំពីអប់រំ វប្បធម៌ និងសង្គមកិច្ច

មាត្រា ៦៥.-

រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួល ការអប់រំ​ប្រកបដោយគុណភាពនៅគ្រប់កម្រិត និងត្រូវចាត់វិធានការគ្រប់បែប​​យ៉ាង​ជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។

រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយនិងកីឡាដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

មាត្រា ៦៦.-

រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញនិងឯកភាពនៅទូទាំង ប្រទេស ដែល​​ធានាឱ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការ និងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការកសាងជីវិត។

មាត្រា ៦៧.-

រដ្ឋអនុវត្តកម្មវិធីសិក្សានិងគោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំង​បច្ចេកវិទ្យា និងភាសាបរទេស។

រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សានិងថ្នាក់សិក្សាសាធារណៈ និងឯកជន នៅគ្រប់​​ភូមិសិក្សា។

មាត្រា ៦៨.-

រដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋម និងមធ្យមសិក្សា នៅសាលារៀនសាធារណៈ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដោយឥតបង់ថ្ងៃ។

ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ។

រដ្ឋជួយផ្សព្វផ្សាយ និងលើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា។

មាត្រា ៦៩.-

រដ្ឋមានកាតព្វកិច្ចថែរក្សា និងពង្រីកវប្បធម៌ជាតិ។

រដ្ឋមានកាតព្វកិច្ចការពារ និងពង្រីកភាសាខ្មែរឱ្យសមស្របនឹង សេចក្តីត្រូវការ។

រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និង​កែលំអរមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ។

មាត្រា ៧០.-

បទល្មើសទាំងឡាយដែលប៉ះពាល់ ឬទាក់ទងនឹងបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌសិល្បៈ ត្រូវផ្តន្ទាទោសជាទម្ងន់។

មាត្រា ៧១.-

បរិវេណបេតិកភណ្ឌជាតិ ក៏ដូចជាបេតិកភណ្ឌ ដែលបានបញ្ចូលជាបេតិ​-កភណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យាក្រឹត ដែលមិនឱ្យមានសកម្ម​ភាពយោធា។

មាត្រា ៧២.-

សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ ដល់ការការពារជំងឺ និងព្យាបាលជំងឺ។ ប្រជារាស្ត្រក្រីក្រត្រូវបានទទួលពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។

រដ្ឋរៀបចំឱ្យមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ។

មាត្រា ៧៣.-

រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និងមាតា។ រដ្ឋរៀបចំឱ្យមាន ទារកដ្ឋាន និងជួយឧបត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង។

មាត្រា ៧៤.-

រដ្ឋជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បី​ប្រទេសជាតិ។

មាត្រា ៧៥.-

រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករ និងនិយោជិត។

ជំពូកទី ៧៖ អំពីរដ្ឋសភា

មាត្រា ៧៦.-ថ្មី[14]

រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០ រូប។

តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

តំណាងរាស្ត្រអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។

អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មាន​សញ្ជាតិជាខ្មែរតាំងពីកំណើត។

បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត។

មាត្រា ៧៧.-

តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែ​ជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។

អាណត្តិអាជ្ញាបញ្ជាទាំងឡាយ ត្រូវទុកជាមោឃៈ។

មាត្រា ៧៨.-

នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់ នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយ មុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវ បានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។

ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការ យល់ព្រមពីប្រធានរដ្ឋសភា។

ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុង រយៈពេល ៦០ ថ្ងៃ យ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។

ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារ ប្រចាំថ្ងៃតែប៉ុណ្ណោះ។

ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀតដែល មិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួន មួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។

ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

មាត្រា ៧៩.-

អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិក នៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុង​​គណៈ​រដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។

ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិក រដ្ឋសភាធម្ម​តា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការ​​អចិ-ន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា។

មាត្រា ៨០.-

តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា។

តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិក ណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពី​រដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំ នៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីខាង​ក្រោយនេះក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្តីរាយការណ៍ ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។

សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើន ពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល។

ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់ តំណាងរាស្ត្រ​ណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាក តាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

មាត្រា ៨១.-

រដ្ឋសភាមានថវិកាស្វយ័ត សម្រាប់ដំណើរការ។

តំណាងរាស្ត្រត្រូវទទួលប្រាក់បំណាច់។

មាត្រា ៨២.-ថ្មី (មួយ)[15]

រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយ ពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។

មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាស សុពលភាព នៃអាណត្តិ​របស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែក ពីគ្នានូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ប្រធានរដ្ឋសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភា ដែលមានសញ្ជាតិខ្មែរមួយគត់។

រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួន​សមាជិករដ្ឋសភាទាំងមូល។

តំណាងរាស្រ្តទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់ តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ។

មាត្រា ៨៣.-

រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។

សម័យប្រជុំនីមួយៗ មានថិរវេលាយ៉ាងតិចបីខែ។ បើមាន សំណូមពរពីព្រះមហាក្សត្រ ឬសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិចគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។

ក្នុងករណីនេះ របៀបវារៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញ ត្រូវផ្សាយដល់ប្រជារាស្រ្តជាមួយនឹងថ្ងៃកំណត់ប្រជុំ។

មាត្រា ៨៤.-

នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភា ទទួលភារកិច្ចចាត់ចែងការងារ។

គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភារួមមានៈ

ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភានិងប្រធានគណៈកម្មការទាំងអស់របស់រដ្ឋសភា។

មាត្រា ៨៥.-

សម័យប្រជុំរដ្ឋសភា ត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់រដ្ឋសភា លើកលែងតែមានការសម្រេចផ្សេងចុះ ក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ។

ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងពីកាលបរិច្ឆេទ ដែលកំណត់ក្នុងសេចក្តីអញ្ជើញ ការប្រជុំណាក៏ដោយរបស់រដ្ឋសភា ត្រូវទុកជាខុសច្បាប់ ហើយជាអសារសូន្យពេញលក្ខណៈ។

មាត្រា ៨៦.-

ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភា ប្រជុំរាល់​ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈ ពិសេស​ខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។

បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍ នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្ន ត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។

នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ។

មាត្រា ៨៧.-

ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់ និងសេចក្តី​សម្រេចចិត្តទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា។

ក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារ បានដោយ​ហេតុមកពីមានជំងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្តីទី ឬជាព្រះរាជា​នុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។

ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។

មាត្រា ៨៨.- ថ្មី (ពីរ)[16]

ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ។

រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការសុំស្នើពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ត្រី។

ការប្រជុំរដ្ឋសភានឹងយកជាការបានលុះត្រាតែមានៈ

ក-កូរ៉ុមលើសពីពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័ត​ទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ខ-កូរ៉ុមលើសពីពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាត នៃចំនួន​សមាជិករដ្ឋសភាទាំងមូល។

មាត្រា ៨៩.-ថ្មី[17]

តាមការស្នើសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភា អាចអញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូប ឬច្រើនរូប អមដោយឥស្សរជនជាអ្នកជំនាញក្នុងវិស័យណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈ​សំខាន់​ពិសេស។

មាត្រា ៩០.- ថ្មី (ពីរ)[18]

រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការបង្កើត កែប្រែ ឬ លុបចោលពន្ធដារ។

រដ្ឋសភាឱ្យសេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល។ រដ្ឋសភាអនុម័ត​ច្បាប់​​ស្តីពីការលើកលែងទោសជាទូទៅ។

រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញា អន្តរជាតិ។

រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាសសង្គ្រាម។

ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃចំនួន​សមាជិករដ្ឋសភាទាំងមូល។

រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

មាត្រា ៩១.-ថ្មី[19]

សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមាន សិទ្ធិផ្តួចផ្តើម​គំនិតធ្វើច្បាប់។

តំណាងរាស្ត្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើ នេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធា-រណៈ ឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។

មាត្រា ៩២.-

ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍ រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រង រដ្ឋបាល​របស់ប្រទេសជាតិនឹងត្រូវចាត់ទុកជាអសារសូន្យ។ ក្រុមប្រឹក្សាធម្មនុញ្ញ ជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ។

មាត្រា ៩៣.-ថ្មី[20]

ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើ ត្រូវចូលជាធរមាន នៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ។ ប៉ុន្តែបើច្បាប់នេះបានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសឱ្យ ប្រើ។

ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅទូទាំងប្រទេសឱ្យទាន់តាមពេលកំណត់ខាងលើ។

មាត្រា ៩៤.-

រដ្ឋសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋសភា នឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

មាត្រា ៩៥.-

ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬ ប្រាសចាកសមាជិកភាព ដែលកើតមានឡើង៦ខែ យ៉ាងតិច មុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះតាមល័ក្ខខ័ណ្ឌកំណត់ ក្នុងបទបញ្ជា​​ផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត។

មាត្រា ៩៦.-

តំណាងរាស្ត្រ មានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរ ប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។

ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រី មួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។

ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយលក្ខណ៍អក្សរ។

ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ ពីបានទទួលសំណួរ។

ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្តង។

បើមានការបើកឱ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រី​ពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រី អាចជជែកប្តូរយោបល់ក្នុងរយៈពេល ដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។

រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់ការឆ្លើយសំណួរ។

ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពឱ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយ ។

មាត្រា ៩៧.-

គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រី មកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។

មាត្រា ៩៨.-ថ្មី[21]

រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាល ពីតំណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាង​រាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។

ជំពូកទី ៨ ថ្មី៖អំពីព្រឹទ្ធសភា[22]

មាត្រា ៩៩.-ថ្មី

ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយ ការបោះឆ្នោតអសកលខ្លះ។

សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសតាំងសាជា ថ្មីបាន។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។

មាត្រា ១០០.-ថ្មី

សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។

សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាម មតិភាគច្រើនដោយប្រៀប។

រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការ បោះឆ្នោតអសកល។

មាត្រា ១០១.– ថ្មី

ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងការកំណត់ អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ។

មាត្រា ១០២.-ថ្មី (មួយ)[23]  

នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់ នៅពេលដែលព្រឹទ្ធសភាថ្មី ចូលកាន់តំណែង។

ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាច​ធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាល របស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។

ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំ រាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ ​កាលបើសភាពការណ៍អនុញ្ញាត។ ប៉ុន្តែការសម្រេចបញ្ចប់កាលៈទេសៈ​ពិសេសដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រឹទ្ធសភាត្រូវសម្រេចរួមគ្នាជាមួយរដ្ឋសភា ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា វៀរលែងតែការអនុវត្ត​មាត្រា ៨៦ នៃរដ្ឋធម្មនុញ្ញ។

បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ជាអាទិ៍ នៅពេល​ដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្ន ត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។

មាត្រា ១០៣.- ថ្មី

អាណត្តិនៃសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម ជាមួយមុខងារជាតំណាងរាស្ត្រ និងជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

មាត្រា ១០៤.-ថ្មី

សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា។

សមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃព្រឹទ្ធសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការ​អចិ-​ន្ត្រៃយ៍របស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែង តែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីចុងក្រោយនេះ

ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្តីរាយការណ៍ជូនព្រឹទ្ធសភា ឬជូនគណៈ កម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ ដើម្បីសម្រេច។

សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើន ពីរភាគបី នៃសមាជិកព្រឹទ្ធសភាទាំងមូល។

ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់ សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិ ឱ្យផ្អាកតាមមតិភាគច្រើន បីភាគបួន នៃសមាជិកព្រឹទ្ធសភាទាំងមូល។

មាត្រា ១០៥.- ថ្មី

ព្រឹទ្ធសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ។

សមាជិកព្រឹទ្ធសភា ត្រូវទទួលប្រាក់បំណាច់។

មាត្រា ១០៦.- ថ្មី (ពីរ)[24]

ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយ​ពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។

មុនចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាស សុពលភាព នៃអាណត្តិ​របស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយ ឡែកពីគ្នានូវ ប្រធាន អនុប្រធាន ព្រឹទ្ធសភា និងសមាជិកទាំងអស់នៃ​គណៈ កម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមា-​ជិក ព្រឹទ្ធសភាទាំងមូល។

ប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកតព្រឹទ្ធសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។

សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធាន មុនចូល​កាន់តំណែង ដូច​មាន​ខ្លឹមសារ​ចែងក្នុង​ឧបសម្ព័ន្ធទី ៧ នៃរដ្ឋធម្មនុញ្ញ។

មាត្រា ១០៧.- ថ្មី

ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។

សម័យប្រជុំនីមួយៗ មានថិរវេលាយ៉ាងតិចបីខែ។ បើមាន សំណូមពរពីព្រះមហាក្សត្រ ឬសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិកព្រឹទ្ធសភា ចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ។

មាត្រា ១០៨.-ថ្មី

នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ របស់ព្រឹទ្ធសភា ទទួលភារកិច្ចចាត់ចែងការងារ។

គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភារួមមានៈ ប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភា និងប្រធានគណៈកម្មការទាំងអស់របស់ព្រឹទ្ធសភា។

មាត្រា ១០៩.-ថ្មី

សម័យប្រជុំព្រឹទ្ធសភា ត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់ព្រឹទ្ធសភា លើកលែងតែមានការសម្រេចផ្សេង ចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ។

ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងកាលបរិច្ឆេទ ដែលកំណត់ក្នុងសេចក្តីអញ្ជើញ ការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភា ត្រូវទុកជាខុសច្បាប់ ហើយអាសារសូន្យពេញលក្ខណៈ។

មាត្រា ១១០.-ថ្មី

ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភា ទទួលអាញត្តិច្បាប់ និងសេចក្តីសម្រេចចិត្តទាំងឡាយ ដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទងអន្តរជាតិ ទាំងឡាយរបស់ព្រឹទ្ធសភា។

ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញ មុខងារបាន ដោយ​ហេតុមកពីមានជំងឺ ឬបំពេញមុខងារជា ប្រមុខរដ្ឋស្តីទី ឬ ជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានព្រឹទ្ធសភា មួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។

ក្នុងករណីដែលប្រធាន ឬអនុប្រធានព្រឹទ្ធសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬ អនុប្រធានថ្មី។

មាត្រា ១១១.-ថ្មី (ពីរ)[25]

ការប្រជុំព្រឹទ្ធសភា ត្រូវធ្វើជាសាធារណៈ។

ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិចពីព្រះមហាក្សត្រ ពី​នាយ​ក​រដ្ឋមន្ត្រី ឬពីប្រធានរដ្ឋសភា។

ការ​ប្រជុំព្រឹទ្ធ​សភា​នឹង​យក​ជាការ​បាន លុះត្រាតែមានៈ

ក-កូរ៉ុមលើសពីពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុ-ម័ត​​ទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី នៃចំនួន​សមាជិកព្រឹទ្ធសភាទាំងមូល ។

ខ-កូរ៉ុមលើសពីពាក់កណ្តាលនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់​​ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដោយ ប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ចំនួនសំឡេង ដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ។

មាត្រា ១១២.- ថ្មី

ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាល។

មាត្រា ១១៣.-ថ្មី

ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរ លើ​សេច​ក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួង ដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់ រយៈពេលនោះ ត្រូវបន្ថយមកនៅ ត្រឹមតែប្រាំថ្ងៃ។

បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះ ក្នុងរយៈ​ពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។

បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភា សុំឱ្យកែសម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។

ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេល​​មួយខែ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃបើជាការ ប្រញាប់។

បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់​ពិនិត្យនោះ រយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភា និងព្រឹទ្ធ-​សភា​ត្រូវបន្ថែមឱ្យស្មើគ្នាដែរ។

បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ ជាអសារ​បង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទីពីរបាន មុនរយៈពេលមួយខែទេ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យ ពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។

ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត។

សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណាដែលបានសម្រេច ដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។

មាត្រា ១១៤.- ថ្មី (មួយ)[26]

ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់ ។ ការ រៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុង របស់ព្រឹទ្ធសភា ។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ព្រមដោយសំឡេង ភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

មាត្រា ១១៥.-ថ្មី

ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើងប្រាំមួយខែ យ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់តាំង ឬជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា និងក្នុងច្បាប់ស្តីពីការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ជំពូកទី ៩ ថ្មី៖ អំពីសមាជរដ្ឋសភា និងព្រឹទ្ធសភា[27]

មាត្រា ១១៦.-ថ្មី

ក្នុងករណីចាំបាច់ រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ។

មាត្រា ១១៧.- ថ្មី

បញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ដូចមានចែងក្នុងមាត្រា១១៦ ថ្មី ខាងលើ ព្រមទាំងការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជ នឹងត្រូវកំណត់ ក្នុងច្បាប់មួយ។

ជំពូកទី ១០ ថ្មី៖ អំពីរាជរដ្ឋាភិបាល[28]

មាត្រា ១១៨.- ថ្មី (មាត្រា ៩៩ ចាស់)

គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧប​នាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខា​ធិការ ជាសមាជិក។

មាត្រា ១១៩.- ថ្មី (ពីរ) (មាត្រា ១០០ ចាស់)[29]

តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ​ ត្រូវតែ​ជា​តំណាងរាស្ត្រដែលមានសញ្ជាតិ​​ខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ វរជន ដែលត្រូវបានចាត់តាំងនេះនាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាង​នៅក្នុងរដ្ឋសភា ដែលផ្គូផ្គងឱ្យកាន់តំណែងផ្សេងៗក្នុង រាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនេះ ត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្ត្រីទាំងមូល។[30] កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំង គណៈរដ្ឋមន្ត្រីទាំងមូល។

មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រី ត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៦។

នៅពេលផុតនីតិកាលនីមួយៗរបស់រដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីដំណែង មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់ដំណែង។[31]

មាត្រា ១២០.-ថ្មី (មាត្រា ១០១ ចាស់)

មុខងារនៃសមាជិករាជរដ្ឋាភិបាល មានវិសមិតភាព នឹងសកម្មភាពខាងវិជ្ជាជីវៈ ផ្នែកពាណិជ្ជកម្ម ឬឧស្សាហកម្ម ហើយនិងការកាន់តំណែងណាមួយក្នុងមុខងារ​សាធារណៈ។

មាត្រា ១២១.-​ថ្មី (មាត្រា ១០២ ចាស់)

សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភា អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។

សមាជិកមួយរូបៗ នៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួន ចំពោះនាយក​រដ្ឋមន្ត្រី និងចំពោះរដ្ឋសភា អំពីការដែលខ្លួនបានប្រព្រឹត្ត។

មាត្រា ១២.-ថ្មី (មាត្រា ១០៣ ចាស់)

សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលមិនអាចយកសំអាងនៃ សេចក្ដីបង្គាប់ ដោយលាយលក្ខណ៍អក្សរ ឬដោយវាចាអំពីនរណាមួយ ដើម្បីដោះសាឱ្យរួចខ្លួនពីការទទួលខុសត្រូវរបស់ខ្លួនបានឡើយ។

មាត្រា ១២៣.-ថ្មី (មាត្រា ១០៤ ចាស់)

គណៈរដ្ឋមន្ត្រី ត្រូវប្រជុំរាល់សប្តាហ៍ ជាប្រជុំធំ ឬជាប្រជុំពិនិត្យ ស្រាវជ្រាវ។

អង្គប្រជុំធំ ត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី អាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំ ពិនិត្យស្រាវជ្រាវ។

កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ត្រី ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប។

មាត្រា ១២៤.- ថ្មី (មាត្រា ១០៥ ចាស់)

នាយករដ្ឋមន្ត្រីអាចរំលែកអំណាចរបស់ខ្លួនឱ្យទៅឧបនាយក រដ្ឋមន្ត្រី ឬសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន។

មាត្រា ១២៥.- ថ្មី (មួយ) (មាត្រា ១០៦ ចាស់)[32]

ក្នុងករណីដែលនាយករដ្ឋមន្ត្រីអវត្តមានមួយកាលមួយគ្រា នាយករដ្ឋមន្ត្រីត្រូវចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូប ឱ្យធ្វើជានាយករដ្ឋមន្ត្រីស្ដីទីដើម្បីទទួលភារកិច្ចដឹកនាំគណៈរដ្ឋមន្ត្រីជំនួសជាបណ្ដោះអាសន្ន។

បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរដោយហេតុជាអាទិ៍មកពីការទទួលអនិច្ចកម្ម ឬការលាលែងពីមុខតំណែង គណៈរដ្ឋមន្ត្រីថ្មីមួយត្រូវតែងតាំងជាបន្ទាន់ ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ ប្រធានរដ្ឋសភាត្រូវកោះប្រជុំរដ្ឋសភាជាបន្ទាន់ និងត្រូវធ្វើចំណាត់ការចាំបាច់ដទៃទៀតដោយរួសរាន់ ក្នុងរយៈវេលា៧ ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលសំណើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។

ក្នុងករណីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរដោយហេតុមកពីការទទួលអនិច្ចកម្ម គណៈរដ្ឋមន្ត្រីដែលត្រូវចេញពីតំណែង ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រីដែលទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីស្ដីទី មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានគណៈរដ្ឋមន្ត្រីថ្មីចូលកាន់តំណែង។

ការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាមលិខិតលាលែងពីមុខតំណែងដែលត្រូវផ្ញើថ្វាយព្រះមហាក្សត្រ និងចម្លងជូនប្រធានរដ្ឋសភា។ ក្នុងករណីនេះ គណៈរដ្ឋមន្ត្រីដែលត្រូវចេញពីតំណែង ត្រូវបន្តដឹកនាំការងាររបស់រាជរដ្ឋាភិបាល រហូតដល់គណៈរដ្ឋមន្ត្រីថ្មីចូលកាន់តំណែង។

មាត្រា ១២៦.- ថ្មី (មាត្រា ១០៧ ចាស់)

សមាជិកមួយរូបៗ នៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្ម ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួន។

ក្នុងករណីនេះ និងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញការងាររបស់ខ្លួន រដ្ឋសភាអាចសម្រេចប្តឹងទៅតុលាការមានសមត្ថកិច្ច។

រដ្ឋសភាសម្រេចក្នុងរឿងនេះ ដោយវិធីបោះឆ្នោតជាសម្ងាត់តាមមតិភាគច្រើន​ដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។

មាត្រា ១២៧.-​ ថ្មី (មាត្រា ១០៨ ចាស់)

ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី នឹងត្រូវកំណត់ក្នុងច្បាប់មួយ។

ជំពូកទី ១១ ថ្មី៖អំពីអំណាចតុលាការ[33]

មាត្រា ១២៨.- ថ្មី (មាត្រា ១០៩ ចាស់)

អំណាចតុលាការជាអំណាចឯករាជ្យ។

អំណាចតុលាការ ធានារក្សាអនាគត និងការពារសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ។

អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាល​ផង។

អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។

មាត្រា ១២៩.-ថ្មី (មាត្រា ១១០ ចាស់)

ការជម្រះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន។

មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។

មាត្រា ១៣០.- ថ្មី (មាត្រា ១១១ ចាស់)

គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាច ទទួលអំណា​ចតុលាការអ្វីបានឡើយ។

មាត្រា ១៣១.- ថ្មី (មាត្រា ១១២ ចាស់)

មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។

មាត្រា ១៣២.-ថ្មី (មាត្រា ១១៣ ចាស់)

ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។

មាត្រា ១៣៣.- ថ្មី (មាត្រា ១១៤ ចាស់)

ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុស។

មាត្រា ១៣៤.- ថ្មី (មាត្រា ១១៥ ចាស់)

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយ ដែលនឹងកំណត់សមាសភាពនិងមុខងារ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាព នៃព្រះមហា​ក្សត្រ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់​របស់ព្រះអង្គឱ្យធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមនេះ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រ អំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្តីទាំងអស់។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យ ចំពោះចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការ​កំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យដោយករណីទាក់ទងនឹងចៅ​ក្រម ឬព្រះរាជអាជ្ញា។

មាត្រា ១៣៥.- ថ្មី (មាត្រា ១១៦ ចាស់)

លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា។

ជំពូកទី ១២ ថ្មី៖ អំពីក្រុមប្រឹក្សាធម្មនុញ្ញ[34]

មាត្រា ១៣៦.-ថ្មី

ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។

ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យនិងសម្រេចអំពីករណីវិវាទកម្ម ទាក់​ទង​នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

មាត្រា ១៣៧.-ថ្មី (មួយ) (មាត្រា ១១៨ ចាស់) [35]

ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេល​​​បីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិកបីរូប ត្រូវតែងតាំងដោយ​ព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀត ត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់[36]។ ប្រធានមានសំឡេងឧត្តមានុភាព ក្នុងករណីបែកសំឡេងជាពីរស្មើគ្នា។

មាត្រា ១៣៨.- ថ្មី (មាត្រា ១១៩ ចាស់)

សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជន ដែលមានសញ្ញាបត្រចាប់ពីឧត្តមសិក្សាទៅខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយមានពិសោធន៍ច្រើនក្នុងការងារ។

មាត្រា ១៣៩.-ថ្មី

មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាព នឹងមុខងារ សមាជិក​​ព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធាន គណបក្សនយោបាយ ប្រធាន ឬអនុប្រធានសហជីព។

មាត្រា ១៤០.-ថ្មី

ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រ ចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ មុន​​នឹងច្បាប់នោះ ត្រូវប្រកាសឱ្យប្រើ។

បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យមុននឹងប្រកាសឱ្យប្រើ។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ យ៉ាងយូរថាតើច្បាប់ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធ​សភា​ខាងលើ ស្រប ឬ មិនស្របនឹងរដ្ឋធម្មនុញ្ញ។

មាត្រា ១៤១.-ថ្មី

ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬតុលាការ អាចសុំឱ្យក្រុម ប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាព នៃច្បាប់នោះ។

ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាព នៃច្បាប់បានតាមរយៈតំណាង​រាស្ត្រ ឬប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។

មាត្រា ១៤២.- ថ្មី (មាត្រា ១២៣ ចាស់)

បទប្បញ្ញត្តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនស្របនឹង​រដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឱ្យប្រើ ឬយកទៅអនុវត្តបានឡើយ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។

មាត្រា ១៤៣.- ថ្មី (មាត្រា ១២៤ ចាស់)

ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្តីស្នើទាំង ឡាយ ដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។

មាត្រា ១៤៤.– ថ្មី (មាត្រា ១២៥ ចាស់)

ច្បាប់រៀបចំអង្គការមួយ នឹងកំណត់ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។

ជំពូកទី ១៣ ថ្មី៖ អំពីការគ្រប់គ្រងរដ្ឋបាល[37]

មាត្រា ១៤៥.- ថ្មី (មួយ)[38]

ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

មាត្រា ១៤៦.- ថ្មី (មួយ)[39]

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការ។

ជំពូកទី ១៤ ថ្មី៖ អំពីសមាជជាតិ[40]

មាត្រា ១៤៧.- ថ្មី (មាត្រា ១២៨ ចាស់)

សមាជជាតិបើកឱ្យប្រជារាស្រ្ត​ជ្រាប​ដោយ​ផ្ទាល់ អំពីកិច្ចការផ្សេងៗ ដែលជា​​ប្រយោជន៍​ជាតិ និងលើកបញ្ហា និងសំណូមពរជូនរដ្ឋអំណាច ដោះស្រាយ។

ប្រជារាស្ត្រខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។

មាត្រា ១៤៨.-ថ្មី (មាត្រា ១២៩ ចាស់)

សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។

សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។ មាត្រា ១៤៩.- ថ្មី

សមាជជាតិ អនុម័តសំណូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាចពិចារណា។

ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជជាតិ នឹងត្រូវកំណត់ក្នុងច្បាប់មួយ។

ជំពូកទី ១៥ ថ្មី(ពីរ)៖ អំពីអង្គការរៀបចំការបោះឆ្នោត[41]

មាត្រា ១៥០.-ថ្មី (ពីរ)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអង្គការ ដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ-​សភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាម​ការកំណត់នៃច្បាប់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

មុខងារជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានវិស-មិត​ភាពជាមួយការបំពេញមុខតំណែងក្នុងមុខងារសាធារណៈ និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀត ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញនេះ។ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចធ្វើជាសមាជិកនៃគណបក្សនយោបាយ ឬធ្វើជាអ្នកដឹកនាំនៃអង្គការ មិនមែន​រដ្ឋាភិបាល សមាគម សហជីព ឬក្រុមហ៊ុនពាណិជ្ជកម្មណាមួយបានឡើយ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត មានថវិកាស្វយ័ត សម្រាប់ដំណើរការ។

មាត្រា ១៥១.- ថ្មី (ពីរ)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមាស ភាពប្រាំបួនរូបដែលទទួលអាណត្តិប្រាំឆ្នាំ។ សមាសភាពបួនរូបត្រូវជ្រើសរើសដោយគណ​បក្ស​ដឹកនាំរាជរដ្ឋាភិបាលបួនរូប ត្រូវជ្រើសរើសដោយគណបក្សមាន​អាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និងមួយរូប ត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមាន​អាសនៈក្នុងរដ្ឋសភា។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវដំណើរការរៀបចំឲ្យមានការជ្រើស​រើសដោយបើកចំហ និងតម្លាភាព នូវសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រៀបចំ បញ្ជីសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្តតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។

សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ តែងតាំងដោយ​ព្រះរាជក្រឹត្យ។

ក្នុងករណីសមាជិកណាមួយនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បាត់បង់សមាជិកភាពរបស់ខ្លួន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវចាត់ នីតិវិធីជ្រើសរើស សមាសភាពថ្មីជំនួស ក្នុងរយៈពេលយ៉ាង យូរ ១៥ ថ្ងៃគិតពីថ្ងៃបាត់បង់សមាជិកភាព។ នីតិវិធីលម្អិត​នៃការជ្រើសរើស សមាស​ភាពថ្មីជំនួស ត្រូវកំណត់ដោយឡែកក្នុងច្បាប់។

ក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានស្រាប់ ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមាន​សមត្ថ​​កិច្ចដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់។

ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវកំណត់ក្នុងច្បាប់មួយ។

ជំពួកទី ១៦ ថ្មី (ពីរ)៖ អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ[42]

មាត្រា ១៥២.-ថ្មី (ពីរ មាត្រា ១៥០ ថ្មី)

រដ្ឋធម្មនុញ្ញនេះជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

មាត្រា ១៥៣. ថ្មី (ពីរ មាត្រា ១៥១ ថ្មី)

ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់​ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេច-ក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមា​ជិក​រដ្ឋសភាទាំងមូល។

មាត្រា ១៥៤.- ថ្មី (ពីរ មាត្រា ១៥២ ថ្មី)

ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនឲ្យធ្វើនៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា ៨៦។

មាត្រា ១៥៥.-ថ្មី (ពីរ មាត្រា ១៥៣ ថ្មី)

ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយ កាលបើប៉ះពាល់​​ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។

ជំពួកទី ១៧ ថ្មី៖ អំពីអន្តរប្បញ្ញត្តិ

មាត្រា ១៥៦.- ថ្មី (ពីរ មាត្រា ១៥៤ ថ្មី)

រដ្ឋធម្មនុញ្ញនេះ ក្រោយពីបានទទួលការអនុម័ត ត្រូវបានប្រកាសឲ្យចូលជាធរមានភ្លាម ដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ១៥៧.- ថ្មី (ពីរ មាត្រា ១៥៥ ថ្មី)

ក្រោយពេលរដ្ឋធម្មនុញ្ញនេះចូលជាធរមាន សភាធម្មនុញ្ញ ត្រូវក្លាយទៅជារដ្ឋសភា។

បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមាន ក្រោយទទួលបានការអនុម័ត​ពីរដ្ឋសភា។

ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបាន ប្រធាន អនុប្រធានទីមួយ និង អនុប្រធានទីពីរ នៃសភាធម្មនុញ្ញ នឹងចូលរួមបំពេញ ភារកិច្ចក្នុងក្រុមប្រឹក្សារាជសម្បត្តិ បើសភាពការណ៍ក្នុងប្រទេសទាមទារ។

មាត្រា ១៥៨.- ថ្មី(ពីរ មាត្រា ១៥៦ ថ្មី)

ក្រោយរដ្ឋធម្មនុញ្ញនេះចូលជាធរមាន ព្រះមហាក្សត្រជ្រើសតាំងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងមាត្រា ១៣ ថ្មី និង ១៤។

មាត្រា ១៥៩.-ថ្មី (ពីរ មាត្រា ១៥៧ ថ្មី)

នីតិកាលទី ១ នៃព្រឹទ្ធសភាមានកំណត់ ៥ ឆ្នាំ ហើយត្រូវផុត កំណត់នៅពេលព្រឹទ្ធសភា ថ្មីចូលកាន់តំណែង។

សម្រាប់នីតិកាលទី ១ នៃព្រឹទ្ធសភា :

  • សមាជិកព្រឹទ្ធសភាមានចំនួនសរុបហុកសិបមួយរូប។
  • ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភាពីររូប ព្រមទាំងប្រធាន អនុប្រធានទី ១ អនុប្រធានទី ២ នៃព្រឹទ្ធសភា។
  • សមាជិកដទៃទៀតនៃព្រឹទ្ធសភា ត្រូវបានតែងតាំងដោយ ព្រះមហាក្សត្រ តាមសំណើរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាក្នុងចំណោមសមា​ជិក នៃគណបក្សដែលមានអាសនៈ នៅក្នុងរដ្ឋសភា។
  • កិច្ចប្រជុំជាសមាជរដ្ឋសភានិងព្រឹទ្ធសភា ត្រូវដឹកនាំដោយ សហប្រធាន។

មាត្រា ១៦០.-ថ្មី (ពីរ មាត្រា ១៥៨ ថ្មី)

ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀត រហូតដល់មានអត្ថបទថ្មីមកកែប្រែ ឬលុបចោល លើក លែងតែបទប្បញ្ញត្តិណា ដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញនេះ។

✍រដ្ឋធម្មនុញ្ញនេះ ត្រូវបានសភាធម្មនុញ្ញអនុម័ត នៅភ្នំពេញថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ នាសម័យប្រជុំលើកទី ២។

ច្បាប់ធម្មនុញ្ញបន្ថែម នស/រកម/០៧០៤/០០១

ច្បាប់ធម្មនុញ្ញបន្ថែម នស/រកម/០៧០៤/០០១ ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០០៤ សំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ

មាត្រា ១.-

ច្បាប់ធម្មនុញ្ញនេះ មានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របតាមតំរូវការនៃភាពចាំបាច់។

មាត្រា ២.-

នៅដើមនីតិកាលថ្មីនីមួយៗរដ្ឋសភា ក្រោមអធិបតីភាពព្រឹទ្ធសមាជិក រដ្ឋសភា មុននឹងផ្ដើមការងាររបស់ខ្លួន និងក្រោយពេលសម្រេច អំពីសុពលភាពនៃអាណត្តិរបស់សមាជិកម្នាក់ៗ អាចចាប់ផ្តើមអនុម័តអត្ថបទដែលមាន ចារិកជារដ្ឋធម្មនុញ្ញ ឬច្បាប់ ដើម្បីអនុវត្តបាននូវគោលដៅដូចមានចែង ក្នុងមាត្រា ១។

អត្ថបទទាំងនេះ ក្រោយពីបានត្រូវទទួលការបោះឆ្នោតអនុម័តដោយរដ្ឋសភារួចហើយ ត្រូវតែបានទទួលជាបន្ទាន់នូវចំណាត់ការ ដោយរួសរាន់ពីសំណាក់ព្រឹទ្ធសមាជិករដ្ឋសភា តាមនីតិវិធីកំណត់សម្រាប់អត្ថបទទាំងនោះ រហូតដល់ពេលដែលត្រូវបានប្រកាសឱ្យចូលជាធរមាន។

មាត្រា ៣.-ថ្មី (មួយ)[43]

ក្នុងករណីដែលឃើញថា នីតិវិធីនៃមាត្រា៨២ថ្មី (មួយ) និង១១៩ ថ្មី  (ពីរ)នៃ រដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្ស ដែលមានអាសនៈ​ច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំណើរការ ការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្ត ចំពោះ​រាជរដ្ឋាភិបាល។

មាត្រា ៤.-ថ្មី (មួយ)[44]

ការរៀបចំបញ្ជីរាយនាមបេក្ខជន ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់​សេច​ក្តីទុកចិត្ត ត្រូវអនុវត្តដូចតទៅ៖

  • បញ្ជីរាយនាមបេក្ខជនប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំ និងស្នើដោយគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ហើយត្រូវផ្ញើជូនព្រឹទ្ធសមា​ជិក​រដ្ឋសភា[45]។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។[46]
  • តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈ ច្រើន​ជាងគេនៅក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។[47] វរជនដែលដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នងរដ្ឋសភា។[48]វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់ នៃរាជរដ្ឋាភិបាល ជូនព្រឹទ្ធសមាជិករដ្ឋសភា។
  • ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំជាបន្ទាន់ និងដោយឥតបង្អង់នូវបញ្ជីរាយនាមជាកញ្ចប់មួយដែលរួមមានសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្ត្រីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជ​រដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។ ព្រឹទ្ធសមាជិករដ្ឋសភាត្រូវដឹកនាំប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតអនុម័តបញ្ជីនេះជាបន្ទាន់។[49]
  • ព្រឹទ្ធសមាជិករដ្ឋសភាត្រូវបានជ្រើសរើសដោយកំណត់យកសមាជិករដ្ឋសភា ដែលមានអាយុច្រើនជាងគេ ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់។ ក្នុងករណីដែលព្រឹទ្ធសមាជិករដ្ឋសភារូបនេះ មិនអាចអនុវត្តមុខងាររបស់ខ្លួនបាន មុខតំណែងព្រឹទ្ធសមាជិករដ្ឋសភាត្រូវប្រគល់ទៅសមាជិករដ្ឋសភាដទៃទៀតដែលមានអាយុច្រើនក្នុងលំដាប់បន្តបន្ទាប់។[50]

មាត្រា ៥.-

នៅក្នុងដំណើរការនៃការបោះឆ្នោតជាកញ្ចប់ មិនអាចជជែកពិភាក្សា អ្វីបាន​ឡើយ ហើយក៏មិនអាចមានការពន្យល់ អំពីការបោះឆ្នោតនេះ ក្រោយ ការប្រកាសលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់នេះដែរ។

សមាជិករដ្ឋសភា ត្រូវធ្វើការបោះឆ្នោតដោយបញ្ជាក់ថាព្រម ឬមិនព្រម ចំពោះ​បញ្ជីរាយនាមជាកញ្ចប់មួយ ដែលព្រឹទ្ធសមាជិក រដ្ឋសភាបានដាក់ជូន។ ការបោះឆ្នោតនេះ ត្រូវធ្វើឡើងដោយវិធីលើកដៃ។

មាត្រា ៦.- ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម[51]

ការបោះឆ្នោតជាកញ្ចប់ខាងលើនេះ ត្រូវយកតាមមតិភាគច្រើនដាច់ ខាតនៃ​ចំនួនសមាជិករដ្ឋសភាទាំងមូល។

ក្នុងករណីការបោះឆ្នោតជុំទីមួយមិនបានសម្រេច នីតិវិធីដដែលនេះ នឹងត្រូវអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗ ទៀត។

មាត្រា ៧.-

ច្បាប់​ធម្មនុញ្ញបន្ថែមនេះ ត្រូវបានប្រកាសជាការប្រញាប់ និងយកមកអនុវត្ត ចាប់តាំងពីដើមនីតិកាលបច្ចុប្បន្ននេះទៅ។

ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៤


[1] វិសោធនកម្មលើកទី២, នស/រកម/០៣​៩៩/០១ ចុះថ្ងៃទី ៨ មីនា ឆ្នាំ១៩៩៩ (ទាក់ទងនឹងការបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភា)។

[2] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[3] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[4] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[5] វិសោធនកម្មលើកទី៣ នស/រកម/០៧០១/១១ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០០១ (កំហុសបច្ចេកទេស), បន្ទាប់មកវិសោធនកម្មលើកទី ៩ នស/រកម/១១២១/០១៨ ចុះថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០២១ ទៅជា៖ មាត្រា ១៩.-ថ្មី (មួយ): ​ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី (មួយ)។ មាត្រា ១៩.-ថ្មី (ពីរ) នេះ ជាបច្ចុប្បន្នភាពចុងក្រោយ តាមវិសោធនកម្មលើកទី១០ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

[6] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[7] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[8] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[9] វិសោធនកម្មលើកទី១, ១៤ ខែកក្កដា ឆ្នាំ១៩៩៤ (អំពីការ​ផ្តល់​សិទ្ធិ​ដល់​ប្រមុខ​​រដ្ឋ​​ស្តីទី​ចុះហត្ថលេខា​លើព្រះរាជក្រម ឬព្រះរាជក្រឹត្យ នៅពេល​ព្រះមហាក្សត្រ​អវត្តមាន ដោយព្រះរាជសារប្រគល់សិទ្ធិ)។ បន្ទាប់មក វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[10] វិសោធនកម្មលើកទី៣, នស/រកម/០៧០១/១១ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០០១ (ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ)។

[11] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[12] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[13] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[14] វិសោធនកម្មលើកទី៨, នស/រកម/១០១៤/០២២ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៤ (ទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អង្គការរៀបចំការបោះឆ្នោត ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ)។

[15] វិសោធនកម្មលើកទី៦, នស/រកម/០៣០៦/០០ ចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០០៦ (ការសម្រួលសំឡេងបោះឆ្នោត ពី ២/៣ មកជា មតិភាគច្រើនដាច់ខាត និងកូរ៉ុមប្រជុំ)។ បន្ទាប់មកវិសោធនកម្មលើកទី ៩, នស/រកម/១១២១/០១៨ ចុះថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០២១ (សំដៅធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ)។

[16] វិសោធនកម្មលើកទី៥, នស/រកម/ ០៦០៥/០១៨ ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៥ (ទាក់ទងនឹងកូរ៉ុមនៃការប្រជុំរដ្ឋសភា)។ បន្ទាប់មក វិសោធនកម្មលើកទី៦, នស/រកម/០៣០៦/០០ ចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០០៦ (សំដៅធានានូវ ដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ)។

[17] វិសោធនកម្មលើកទី១០, នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ខ្លឹមសារចាស់៖ តាមការស្នើសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភា​អាចអញ្ជើញឥស្សរជនដ៏ឧត្ដមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។

[18] វិសោធនកម្មលើកទី២, មើលលេខយោងទី១។ បន្ទាប់មក វិសោធនកម្មលើកទី៦, នស/រកម/០៣០៦/០០ ចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០០៦ (ការសម្រួលសំឡេងបោះឆ្នោត ពី ២/៣ មកជា មតិភាគច្រើនដាច់ខាត និងកូរ៉ុមប្រជុំ)។

[19] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[20] វិសោធនកម្មលើកទី២, មើលលេខយោងទី១។

[21] វិសោធនកម្មលើកទី៦, មើលលេខយោងទី១៥។

[22] បង្កើតតាមរយៈវិសោធកម្មលើកទី២, មើលលេខយោងទី១។

[23] វិសោធនកម្មលើកទី១០, នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ (ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ)

[24] វិសោធនកម្មលើកទី៦, មើលលេខយោងទី១៥។ បន្ទាប់មក វិសោធនកម្មលើកទី៩, នស/រកម/១១២១/០១៨ ចុះថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០២១ (ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ)

[25] វិសោធនកម្មលើកទី៥, នស/រកម/ ០៦០៥/០១៨ ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៥ (ការកែប្រែកូរ៉ុមនៃការប្រជុំរដ្ឋសភា)។ បន្ទាប់មក វិសោធនកម្មលើកទី៦, មើលមើលលេខយោងទី១៥។

[26] វិសោធនកម្មលើកទី៦, មើលមើលលេខយោងទី១៥។

[27] បង្កើតតាមរយៈវិសោធកម្មលើកទី២, មើលលេខយោងទី១។

[28] វិសោធកម្មលើកទី២, មើលលេខយោងទី១។

[29] វិសោធនកម្មលើកទី៤, នស/រកម/០៧០៤/០០១ ​ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០០៤ (សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ); វិសោធនកម្មលើកទី៩, មើលលេខយោងទី២៤; និងវិសោធនកម្មលើកទី១០, មើលលេខយោងទី២៣។

[30] ខ្លឹមសារចាស់៖ តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពី អនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោម តំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជន ដែលត្រូវបានចាត់តាំងនេះនាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិក គណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូផ្គងឱ្យកាន់តំណែងផ្សេងៗក្នុង រាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។

[31] ខ្លឹមសារកថាខណ្ឌនេះ បន្ថែមថ្មីនៅវិសោធនកម្មលើកទី១០។

[32] វិសោធនកម្មលើកទី១០, មើលលេខយោងទី២៣។ ខ្លឹមសារចាស់៖ បើតំណែងនាយក​រដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រី​មួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន។

[33] វិសោធកម្មលើកទី២, មើលលេខយោងទី១។

[34] វិសោធកម្មលើកទី២, មើលលេខយោងទី១។

[35] វិសោធនកម្មលើកទី៩, មើលលេខយោងទី ២៤។

[36] ខ្លឹមសារចាស់៖ ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

[37] វិសោធកម្មលើកទី២, មើលលេខយោងទី១។

[38] វិសោធនកម្មលើកទី៧,នស/រកម/០២០៨/០០៨ ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨ (ការកែប្រែរចនាសម្ព័ន្ធរដ្ឋបាលទឹកដីមកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់)។

[39] វិសោធនកម្មលើកទី៧, មើលលេខយោងទី៣៨។

[40] វិសោធកម្មលើកទី២, មើលលេខយោងទី១។

[41] វិសោធនកម្មលើកទី៨, នស/រកម/១០១៤/០២២ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៤។

[42] វិសោធកម្មលើកទី៨, មើលលេខយោងទី៤១។

[43] វិសោធនកម្មលើកទី៩, នស/រកម/១១២១/០១៨ ចុះថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០២១ និងបន្ទាប់មក វិសោធនកម្មលើកទី១០, នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ខ្លឹមសារនេះ ជាបច្ចុប្បន្នភាពចុងក្រោយ។ ខ្លឹមសារចាស់៖ ក្នុងករណីដែលឃើញថា នីតិវិធីនៃមាត្រា៨២ និង១១៩ ថ្មី នៃ រដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្ស ដែលមានអាសនៈ​ច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំណើរការ ការបោះឆ្នោត ជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការ ក្នុងពេលជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្ត ចំពោះ​រាជរដ្ឋាភិបាល។

[44] វិសោធនកម្មលើកទី៩, នស/រកម/១១២១/០១៨ ចុះថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០២១ និងបន្ទាប់មក វិសោធនកម្មលើកទី១០, នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ខ្លឹមសារនេះ ជាបច្ចុប្បន្នភាពចុងក្រោយ។

[45] ខ្លឹមសារចាស់៖ “…និងស្នើដោយគណបក្សនយោបាយ ដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមា​ជិក​រដ្ឋសភា។”

[46] វាក្យខណ្ឌនេះ បន្ថែមថ្មី។

[47] ខ្លឹមសារចាស់៖ “តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈ ច្រើន​ជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយ ដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។”

[48] វាក្យខណ្ឌនេះ បន្ថែមថ្មី។

[49] ខ្លឹមសារចាស់៖ “ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវ បេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខ​ជន​នាយករដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។”

[50] ខ្លឹមសារបន្ថែមថ្មី។

[51] វិសោធនកម្មលើកទី៦,  នស/រកម/០៣០៦/០០ ចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០០៦ (ការសម្រួលសំឡេងបោះឆ្នោត ពី ២/៣ មកជា មតិភាគច្រើនដាច់ខាត និងកូរ៉ុមប្រជុំ)