
រាជរដ្ឋាភិបាល
- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២ និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/ រកម/ ០៦១៨/ ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/ រកម/ ០៦៩៩/ ០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/ រកម/១១១៩/ ០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសំណង់
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ
មាត្រា១ .
អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដែលសរសេរជាអក្សរកាត់ថា ក.ជ.ប.ស.ដើម្បីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
ជំពូកទី២
សមាសភាព តួនាទី និងភារកិច្ច
មាត្រា២ .
ក.ជ.ប.ស. មានសមាសភាពដូចខាងក្រោម៖
១. រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធាន
២. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន
៣- រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន អនុប្រធាន
៤- រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អនុប្រធាន
៥- រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់១រូប អនុប្រធានប្រចាំការ
៦. រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ១រូប សមាជិក
៧. រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ១រូប សមាជិក
៨- រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម១រូប សមាជិក
៩- រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍១រូប សមាជិក
១០. រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី១រូប សមាជិក
១១. រដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប សមាជិក
១២. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ១រូប សមាជិក
១៣- រដ្ឋលេខាធិការក្រសួងបរិស្ថាន១រូប សមាជិក
១៤. រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា១រូប សមាជិក
១៥- រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា១រូប សមាជិក
១៦. រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ១រូប សមាជិក
១៧. អគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា សមាជិក
១៨- អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា សមាជិក
១៩. អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា សមាជិក
២០. អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
២១. អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ សមាជិក
២២. តំណាងគ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធមួយចំនួន សមាជិក
២៣- ប្រធានសមាគមអ្នកសាងសង់កម្ពុជា សមាជិក
២៤- ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា សមាជិក
២៥- ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា សមាជិក
២៦. អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ សមាជិកអចិន្ត្រៃយ៍។
ក្រៅពីសមាសភាពខាងលើ ក.ជ.ប.ស. អាចស្នើបន្ថែសមាសភាពជាតំណាងក្រសួង ស្ថាប័ន ឬឥស្សរជន នៃរាជរដ្ឋាភិបាល។
សមាសភាពជាក់ស្តែងរបស់ ក.ជ.ប.ស. ត្រូវតែងតាំងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
មាត្រា៣ .
ក.ជ.ប. ស. មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖
- រៀបចំនិងលើកសំណើជូនរាជរដ្ឋាភិបាលដើម្បីដាក់ឱ្យប្រើបទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់
- ផ្តល់យោបល់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាក់ឱ្យប្រើបទប្បញ្ញត្តិបច្ចេកទេស សំណង់ដទៃទៀត ស្របតាមលក្ខខណ្ឌសេដ្ឋកិច្ច សង្គម បរិស្ថាន បច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៃព្រះរាជាណា ចក្រកម្ពុជា
- តាមដានការអនុវត្តនិងលើកសំណើឬផ្តល់យោបល់កែសម្រួលបទប្បញ្ញត្តិបច្ចេកទេសសំណង់ដើម្បីឱ្យស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ច សង្គម បរិស្ថាន បច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា
- កំណត់វិធាននិងផ្តល់គោលការណ៍ណែនាំក្នុងការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍបទដ្ឋានបច្ចេកទេសសំណង់និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ – ធ្វើកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានស្រាវជ្រាវ អ្នកស្រាវជ្រាវ និងវិស័យឯកជន ដើម្បីសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍបទដ្ឋានបច្ចេកទេសសំណង់និងបទប្បញ្ញត្តិបច្ចេកទេស សំណង់
- ធ្វើកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ដើម្បីកៀរគរធនធាន មនុស្សនិងធនធានហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់
- បណ្តុះបណ្តាលនិងផ្សព្វផ្សាយដល់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកវិជ្ជាជីវៈ និងសាធារណជនអំពីបទប្បញ្ញត្តិបច្ចេកទេសសំណង់
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាល
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីរាជរដ្ឋាភិបាល។
ជំពូកទី៣
ការប្រព្រឹត្តទៅ
មាត្រា៤ .
ប្រធាន ក.ជ.ប.ស. ដឹកនាំកិច្ចការទូទៅរបស់ ក.ជ.ប.ស.។ ក្នុងករណីអវត្តមាន ប្រធាន ក.ជ.ប.ស. អាច ប្រគល់សិទ្ធិជូនអនុប្រធាន ក.ជ.ប. ស. ណាម្នាក់ឱ្យទទួលដឹកនាំការងារប្រចាំថ្ងៃរបស់ ក.ជ.ប.ស. ក្នុងឋានៈជា ប្រធានស្តីទីរហូតដល់មានវត្តមានប្រធាន ក.ជ.ប.ស. ។
អនុប្រធាន ក.ជ.ប.ស. អនុវត្តការងារតាមការកំណត់របស់ប្រធាន ដូចមានចែងក្នុងសេចក្តីសម្រេចស្តីពី ការបែងចែកភារកិច្ច។
មាត្រា៥ .
ក.ជ.ប. ស. ត្រូវរៀបចំកិច្ចប្រជុំរបស់ខ្លួនយ៉ាងតិច២(ពីរ) ដងក្នុងមួយឆ្នាំ។ ក្នុងករណីចាំបាច់ ក.ជ.ប.ស. អាចប្រជុំជាវិសាមញ្ញតាមការកោះអញ្ជើញរបស់ប្រធាន ក.ជ.ប.ស. ។
របៀបរបបការងារនិងកិច្ចដំណើរការប្រជុំរបស់ ក.ជ.ប. ស. ត្រូវកំណត់ដោយបទបញ្ជាផ្ទៃក្នុងរបស់ក.ជ.ប.ស. ។
ក.ជ.ប.ស. អាចអញ្ជើញតំណាងក្រសួង ស្ថាប័ន ឥស្សរជន ដៃគូអភិវឌ្ឍ វិស័យឯកជន អ្នកជំនាញការជាតិ និងអន្តរជាតិដែលមានបទពិសោធសមត្ថភាព និងជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមប្រជុំពិគ្រោះយោបល់និងបំភ្លឺ លើរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងក្របខ័ណ្ឌការងាររបស់ខ្លួន។
ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពជូនរាជរដ្ឋាភិបាល ក.ជ.ប.ស. អាចស្នើសុំឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ មន្ត្រីជំនាញ ផ្តល់ឯកសារ ទិន្នន័យ និងព័ត៌មាននានាដែលទាក់ទងនឹងការសិក្សា ការស្រាវជ្រាវ និង ការអភិវឌ្ឍបទប្បញ្ញត្តិបច្ចេកទេសសំណង់របស់ ក.ជ.ប.ស. បាន។
មាត្រា៦ .
ក.ជ.ប.ស. មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការសម្រាប់ដំណើរការការងារប្រចាំថ្ងៃ។
អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ ត្រូវដឹកនាំដោយអគ្គលេខាធិការ ១(មួយ)រូប និងមានអគ្គលេខាធិការរងមួយចំនួនជាជំនួយការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។
ការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
មាត្រា៧ .
ក.ជ.ប.ស. មានរូបសញ្ញាផ្ទាល់ខ្លួននិងមានសិទ្ធិប្រើត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបំពេញការងារ។ រូបសញ្ញារបស់ ក.ជ.ប.ស. ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
ជំពូកទី៤
ប្រភពធនធាន
មាត្រា៨ .
ក.ជ.ប.ស. មានធនធានសម្រាប់អនុវត្តសកម្មភាពការងារដោយថវិកាជាតិ នៅក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក.ជ.ប.ស. មានសិទ្ធិទទួលនិងគ្រប់គ្រងតាមនីតិវិធីហិរញ្ញវត្ថុជាធរមាននូវមូលនិធិដែលបានមកពី ហិរញ្ញប្បទានឥតសំណង ជំនួយបច្ចេកទេស និងពីប្រភពស្របច្បាប់ផ្សេងៗទៀត សម្រាប់បំពេញភារកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព។
ជំពូកទី៥
អវសានប្បញ្ញត្តិ
មាត្រា៩.
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា១0.
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ថ្ងៃអង្គារ ១ កើត ខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦ ៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន