កម្មវិធីប៊ីបជាអ្វី?

យោងតាមប្រកាសអន្តរក្រសួងលេខ ៤៣៨ អយក.ប្រក ចុះថ្ងៃទី ១៧ មីនា ២០២១ កម្មវិធីប៊ីប គឺជាកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត សំដៅជួយដល់យុវជន ដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ជាពិសេសអ្នកបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ និងបញ្ចប់កម្រិតបឋមសិក្សា អាចបញ្ចប់ការអប់រំ កម្រិតមូលដ្ឋានរបស់ពួកគេតាមរយៈវគ្គសិក្សាតាមអឺនធឺណិត និងមិនមានផលប៉ះពាល់ការងាររបស់ពួកគេ។

កម្មវិធីប៊ីប បានទទួលស្គាល់ជាផ្លូវការក្នុងកម្រិតសមមូល។ កម្មវិធីប៊ីប អាចចុះឈ្មោះសិក្សានៅគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីទទួលបានជំនាញក្នុងការបង្កើនប្រាក់ ចំណូល និងកសាងអាជីពការងារសមរម្យនៅពេលអនាគត។

កម្មវិធីប៊ីប គឺជាវិធីសាស្រ្តរៀន និងបង្រៀនតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលអនុញ្ញាតឱ្យអ្នកសិក្សារៀនដោយខ្លួន ឯងតាមប្រព័ន្ធចម្រុះ និងមានភាពបត់បែន។

អ្នកសិក្សាអាចសិក្សាតាមកម្មវិធីប៊ីបដោយឥតគិតថ្លៃ។ អ្នកសិក្សាដែលមិនមានឧបករណ៍វៃឆ្លាត (Tablets, Smart phones) ឬកុំព្យូទ័រ ពួកគេអាចប្រើប្រាស់ឧបករណ៍វៃឆ្លាត ឬកុំព្យូទ័រនៅមណ្ឌលសិក្សាប៊ីបបាន។

ក្រុមគោលដៅនៃកម្មវិធីប៊ីប រួមមាន៖

• យុវជន អាយុចាប់ពី ១៤ឆ្នាំឡើងទៅ។

• យុវជនក្រៅសាលា ឬគ្មានជំនាញ ឬកំពុងតែបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា។

• អ្នកសិក្សាដែលបានបញ្ចប់បឋមសិក្សា ឬបានបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ។

• ស្ត្រីជនជាតិដើមភាគតិច ជនមានពិការភាពដែលអាចទទួលការសិក្សាបាន និងជនងាយរងគ្រោះត្រូវបានលើកទឹកចិត្ត។

កម្មវិធីសិក្សានៃកម្មវិធីប៊ីប មានសរុបចំនួន ១១មុខវិជ្ជា ដូចមានក្នុងតារាងខាងក្រោម។

មុខវិជ្ជាដែលត្រូវសិក្សា និងចំនួនម៉ោង

អត្ថប្រយោជន៍ដែលទទួលបានពីការសិក្សាតាមកម្មវិធីនេះមានដូចជា៖

  • អ្នកសិក្សាដែលបានរៀនចប់និងប្រឡងជាប់ជាស្ថាពរនូវមុខវិជ្ជាគោល និងមុខវិជ្ជាទូទៅ នឹងទទួលបាន វិញ្ញាបនបត្រ ដែលអាចបន្តការសិក្សានៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នៃក្រសួងអប់រំ យុវជន និង កីឡា។
  • អ្នកសិក្សាដែលបានរៀនចប់ និងបានប្រឡងជាប់ជាស្ថាពរនូវមុខវិជ្ជាគោល និងមុខវិជ្ជាបច្ចេកទេស នឹង ទទួលបានវិញ្ញាបនបត្រ ដែលអាចបន្តការសិក្សានៅកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  •  អ្នកសិក្សាដែលបានរៀនចប់ និងបានប្រឡងជាប់ជាស្ថាពរនូវមុខវិជ្ជាទាំង១១មុខ នឹងទទួលបានវិញ្ញាបនបត្រកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ដែលមានកម្រិតសមមូលនឹងថ្នាក់ទី៩ ដែលអាចបន្តការ សិក្សានៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា ឬនៅកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

សេចក្ដីលម្អិត សូមអានប្រកាសអន្តរក្រសួង៤៣៨ អយក.ប្រក ចុះថ្ងៃទី ១៧ មីនា ២០២១ ខាងក្រោម៖