អនុក្រឹត្យ លេខ ២២.អនក្រ.បក ចុះថ្ងៃទី ២៥ មីនា ឆ្នាំ២០០២ ស្ដីពី ការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ច ទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់
ជំពូកទី១៖ ការប្រគល់អំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងអភិបាលកិច្ចរបស់ឃុំ សង្កាត់
មាត្រា ១.-
ឃុំ សង្កាត់ជានីតិបុគ្គល។ ឃុំ សង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាឃុំ សង្កាត់មួយ ។
ឃុំ សង្កាត់មានមុខងារ អំណាច និងករណីយកិច្ចក្នុងការគ្រប់គ្រង និង ធ្វើអភិបាលកិច្ចក្នុងឃុំ សង្កាត់របស់ខ្លួនស្របនឹង រដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យ ប្រកាស ឬលិខិតបទដ្ឋាននានាជាធរមាន។
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានជ្រើសតាំងឡើង ដោយការបោះឆ្នោតស្របតាមលក្ខខណ្ឌនៃច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋទាំងអស់នៅក្នុង ឃុំ សង្កាត់របស់ខ្លួន។
មាត្រា ២. –
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្តល់លិខិតជាលាយល័ក្ខអក្សរដល់ក្រសួងមហាផ្ទៃ និង ចម្លងជូនអភិបាល ខេត្ត ក្រុងនីមួយៗនូវ៖
– បញ្ជីឈ្មោះបេក្ខជនរបស់គណបក្សនយោបាយដែលបានជាប់ឆ្នោតជាផ្លូវការតាមឃុំ សង្កាត់នីមួយៗ
-ឈ្មោះរបស់បេក្ខជនដែលត្រូវបានប្រកាសថាជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
-ឈ្មោះរបស់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ទី១ ចៅ សង្កាត់រងទី១ និង ជំទប់ទី២ ចៅសង្កាត់រងទី២ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជ្រើសចេញពីបញ្ជីឈ្មោះ បេក្ខជនដែលបានជាប់ឆ្នោតជាផ្លូវការ
– ឈ្មោះសមាជិកថ្មីដើម្បីជំនួសសមាជិកនៃក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានបោះបង់ចោលការងារ ឬ បានបញ្ឈប់ ពីតំណែងក្នុងករណីដែលមានសមាជិកណាម្នាក់នៃក្រុមប្រឹក្សាឃុំ សង្កាត់បានបោះបង់ចោលការងារ ឬ បានបញ្ឈប់ពីតំណែង។
មាត្រា ៣. –
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវរៀបចំឱ្យមានកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១៤ថ្ងៃ យ៉ាងយូរ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ។
បែបបទ នីតិវិធី និង កិច្ចដំណើការនៃការប្រជុំលើកដំបូងនេះត្រូវកំណត់ដោយសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ តាមការអនុម័តយល់ព្រមដោយគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ។
មាត្រា ៤.-
ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់មានងារជាផ្លូវការថា “ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ “។ មេឃុំមានងារជាផ្លូវការថា “មេឃុំ” និង ចៅសង្កាត់មានងារជាផ្លូវការថា “ចៅសង្កាត់ “។ ជំទប់មានងារជាផ្លូវការថា “ជំទប់” និង ចៅសង្កាត់រង មានងារជាផ្លូវការថា “ចៅសង្កាត់រង” ។
សមាជិកដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានងារជាផ្លូវការថា “ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ “។
ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រងមានងារជាផ្លូវការតែក្នុងអំឡុងពេលដែល សាមីខ្លួនកាន់តំណែងនោះ ប៉ុណ្ណោះ ។
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មានងារជាផ្លូវការក្នុងអំឡុងពេលដែលសាមីខ្លួននៅជាសមាជិកក្រុមប្រឹក្សាឃ្មុំ សង្កាត់ ប៉ុណ្ណោះ ។
មាត្រា ៥.-
ឃុំ សង្កាត់នីមួយៗត្រូវមានស្មៀនឃុំ សង្កាត់មួយរូប។
ស្មៀនឃុំ សង្កាត់ត្រូវបានតែងតាំង និងត្រូវបានប្រើប្រាស់ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ។
ស្មៀនឃុំ សង្កាត់ត្រូវជួយ និង ផ្តល់យោបល់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយអនុលោមទៅតាមតួនាទី និងមុខងារ ដែលបានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមការអនុម័តយល់ព្រមដោយគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់។
មាត្រា ៦.-
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងសម្រាប់ដំណើរការ និង ចាត់ចែងកិច្ចប្រជុំព្រមទាំងអនុវត្តភារកិច្ច របស់ខ្លួន។
បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំផ្អែកលើមូលដ្ឋាននៃសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមការអនុម័តយល់ព្រមដោយគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់។
មាត្រា ៧. –
សាលាឃុំ សង្កាត់ គឺជាការិយាល័យរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងជាទីចាត់ការរដ្ឋបាលរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
សាលាឃុំ សង្កាត់ត្រូវបើកធ្វើការឱ្យបានទៀងទាត់តាមពេលម៉ោងធ្វើការប្រចាំថ្ងៃស្របតាមម៉ោងធ្វើការរបស់ក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល។
ក្នុងកំឡុងពេលម៉ោងធ្វើការប្រជាពលរដ្ឋមានសិទ្ធិ៖
– ធ្វើទំនាក់ទំនង និង ធ្វើកិច្ចការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន
– ទទួលពត៌មានអំពីសំណើ និង ការងារនានាពីក្រុមប្រឹក្សាឃុំ សង្កាត់
– មើល និង អានឯកសាររបស់ឃុំ សង្កាត់
– ចូលរួមយោបល់ ឬ តវ៉ាលើបញ្ហាណាមួយ ។
មាត្រា ៨.-
ឃុំ សង្កាត់គឺជាម្ចាស់លើលិខិត និង ឯកសារទាំងអស់ដែលបានប្រគល់ត្រឹមត្រូវដល់៖
– ការិយាល័យរបស់ក្រុមប្រឹក្សាឃុំ សង្កាត់
– គណៈកម្មាធិការណាមួយរបស់មេឃុំ ចៅសង្កាត់ ឬក្រុមប្រឹក្សាឃុំ សង្កាត់
– សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬមន្រ្តីនៅការិយាល័យក្រុមប្រឹក្សាឃុំ សង្កាត់ ។
មាត្រា ៩.-
ឃុំ សង្កាត់គឺជាម្ចាស់លើរាល់លិខិត និង ឯកសារដែលរៀបចំឡើងដោយក្រុមប្រឹក្សា ឃុំ សង្កាត់ ឬក្នុងនាមក្រុមប្រឹក្សា ឃុំ សង្កាត់ និង ជាម្ចាស់កម្មសិទ្ធិលើតែមប្រិ៍ ត្រាឃុំ សង្កាត់ ព្រមទាំងឧបករណ៍ផ្សេងៗ ទៀតទាំងអស់របស់ឃុំ សង្កាត់ ។
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាទុកដាក់ឯកសារ លិខិតស្នាម តែមប្រិ៍ ត្រា អោយបានត្រឹមត្រូវ និង គង់វង្ស ។
មាត្រា ១0.-
ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវរៀបចំឱ្យមានក្ដារខៀនព័ត៌មានសាធារណៈនៅសាលាឃុំ សង្កាត់របស់ខ្លួន ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសកន្លែងដែលសមស្របដើម្បីដាក់ក្តារខៀនពត៌មានសាធារណៈនៅតាមភូមិ ។
ទីកន្លែងដែលដាក់ក្តារខៀនពត៌មានសាធារណៈត្រូវមានការយល់ព្រមពីម្ចាស់កម្មសិទ្ធិ ប្រសិនបើកន្លែងនោះមានអ្នក កាន់កាប់រួចហើយ។
ក្ដារខៀនព័ត៌មានសាធារណៈ ត្រូវសរសេរ ឬ បិទប្រកាសជូនដំណឹងជាផ្លូវការ និង ព័ត៌មានដទៃទៀតរបស់ក្រុម ប្រឹក្សាឃុំ សង្កាត់ ។
ការសរសេរ ឬ ការបិទប្រកាសព័ត៌មានជាសាធារណៈ ត្រូវរក្សាទុកអោយបានរយៈពេលយ៉ាងតិច១០ថ្ងៃ។
មាត្រា ១១.-
ក្រុមប្រឹក្សាឃុំ សង្កាត់ជាតំណាង និង ជាអ្នកបម្រើអោយផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ សង្កាត់របស់ខ្លួន។
ក្រុមប្រឹក្សាត្រូវលើកស្ទួយ និង សម្របសម្រួលក្នុងការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយត្រូវរកប្រភពជំនួយឥតសំណង និង “គៀងគរសមត្ថភាព និង ធនធានពី ៖
– ក្នុងឃុំ សង្កាត់របស់ខ្លួនផ្ទាល់
– រាជរដ្ឋាភិបាល និង ក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាល
– អង្គការជាតិ អន្តរជាតិ និង អង្គការនានានៅមូលដ្ឋាន
– ផ្នែកឯកជន និង សប្បុរសជននានា ។
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសវិធីសាស្រ្តសមស្រប និង មានប្រសិទ្ធភាព សំរាប់អនុវត្តន៍ក្នុងកិច្ចអភិវឌ្ឍន៍ឃុំ សង្កាត់របស់ខ្លួន ។
មាត្រា ១២.-
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវសំរបសម្រួល និង លើកស្ទួយយ៉ាងសកម្មនូវការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ក្នុងឃុំ សង្កាត់ ដោយត្រូវបង្កើតឡើងនូវយន្តការដើម្បីពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ សង្គមស៊ីវិល និង សហគមន៍នៅក្នុងឃុំ សង្កាត់ របស់ខ្លួន ។
កិច្ចពិភាក្សា និង ការអនុវត្តកិច្ចការរដ្ឋបាលរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានលក្ខណៈចំហរ និង មានតម្លាភាព។
មាត្រា ១៣. –
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាអោយឃុំ សង្កាត់នីមួយៗមានធនធានមនុស្ស និង ធនធានសំភារៈសមស្របដើម្បី ដំណើរការការងាររបស់ខ្លួន ។
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាអោយសមាជិករបស់ខ្លួន និង មន្ត្រីដែលបានតែងតាំងនៅក្នុងឃុំ សង្កាត់ឱ្យមានការ យល់ដឹង និង មានឥរិយាបថសមស្រប ដើម្បីអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួនតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និង លិខិតបទដ្ឋាន នានាជាធរមាន ។
មាត្រា ១៤.-
ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើការពិនិត្យ និង វាយតម្លៃអំពីសកម្មភាពនានាក្នុងការកសាងសមត្ថភាពសាធារណជន នៅក្នុងឃុំ សង្កាត់ តាមរយះ៖
– ការបណ្តុះបណ្តាល
-ឯកសារ អត្ថបទ ទស្សនាវដ្ដី និង សៀវភៅព័ត៌មានផ្សេងៗ
– ការអប់រំតាមរយៈ វិទ្យុ ទូរទស្សន៍ កាសែត និង ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត…. ។
មាត្រា ១៥. –
ឃុំ សង្កាត់នីមួយៗត្រូវសហការជាមួយឃុំ សង្កាត់ផ្សេងទៀតដើម្បីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។
តាមការស្នើសុំរបស់ឃុំ សង្កាត់ផ្សេងទៀត ឃុំ សង្កាត់សាមីអាចផ្ដល់យោបល់ និង ផ្តល់សេវាគាំទ្រខាងរដ្ឋបាលបច្ចេកទេស និង ហិរញ្ញវត្ថុដល់ឃុំ សង្កាត់នោះ ។
មាត្រា ១៦.-
ក្នុងកិច្ចសហប្រតិបត្តិការរវាងឃុំ សង្កាត់មួយ ជាមួយឃុំ សង្កាត់ដទៃទៀត ត្រូវអនុវត្តទៅតាមកិច្ចព្រមព្រៀង ឬ តាមការចាត់ចែងរួម ដែលនឹងជួយសម្របសម្រួលដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង ការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព ។
ក្រសួងមហាផ្ទៃត្រូវជួយដល់ឃុំ សង្កាត់ដើម្បីរៀបចំកិច្ចព្រមព្រៀង ឬ ការចាត់ចែងការងាររួមគ្នានេះ ។
ជំពូកទី២
មេឃុំ ចៅសង្កាត់ គណៈកម្មាធិការនានា និង អ្នកជំនួយការ មាត្រា ១៧. –
មេឃុំ ចៅសង្កាត់មានសិទ្ធិតែងតាំងគណៈកម្មាធិការ ជំនួយការនានា តាមការចាំបាច់ដើម្បីផ្តល់យោបល់ឱ្យខ្លួន ។
មាត្រា ១៨. –
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវកំណត់តួនាទី ភារកិច្ច បទបញ្ជាផ្ទៃក្នុង និង នីតិវិធីធ្វើការងាររបស់គណៈកម្មាធិការទាំងនេះដោយអនុលោមទៅតាមស្មារតីនៃសេចក្តីណែនាំ និង លិខិតបទដ្ឋាននានារបស់ក្រសួងមហាផ្ទៃ ដែលបានអនុម័តយល់ព្រម ដោយគណៈកម្មាធិការជាតិគាំទ្រ ឃុំ សង្កាត់។
មាត្រា ១៩.-
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវតែងតាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ម្នាក់ជានារីដើម្បីអោយទទួលបន្ទុកកិច្ចការនារី និង កុមារ ។
ក្នុងករណីគ្មាននារីជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវតែងតាំងនារីមួយរូបធ្វើជាជំនួយការ ទទួលបន្ទុកកិច្ចការនារី និង កុមារ។
ជំនួយការទទួលបន្ទុកកិច្ចការនារី និង កុមារត្រូវបានផ្តល់សិទ្ធិអោយចូលរួមក្នុងរាល់កិច្ចពិភាក្សា ឬ កិច្ចប្រជុំរបស់ គណៈកម្មាធិការនានារបស់ឃុំ សង្កាត់ និង កិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុន្តែគ្មានសិទ្ធិបោះឆ្នោតអនុម័តឡើយ ។
មាត្រា ២០-
មេឃុំ ចៅសង្កាត់ត្រូវ៖
– ចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា និង គណៈកម្មធិការជំនួយការនានារបស់ឃុំ សង្កាត់
– លើកយោបល់ដល់ក្រុមប្រឹក្សាអំពីរបៀបបង្កើន និង កសាងសមត្ថភាពនៃធនធានរបស់ឃុំ សង្កាត់ និង ក្រុមប្រឹក្សា ឃុំ សង្កាត់
– លើកយោបល់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ពីរបៀបគៀងគរធនធាន និង សមត្ថភាព ដើម្បីអភិវឌ្ឍន៍ឃុំ សង្កាត់របស់ខ្លួនពីប្រភពនានាមានជាអាទិ៍ ៖
• ភូមិទាំងអស់ក្នុងឃុំ សង្កាត់របស់ខ្លួន
• ឃុំ សង្កាត់ផ្សេងៗ
• រាជរដ្ឋាភិបាល និង ក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាល
• ជំនួយឥតសំណងពីអង្គការជាតិ អន្តរជាតិ និង អង្គការនានានៅមូលដ្ឋាន
• ផ្នែកឯកជន និង សប្បុរសជននានា
– ស្វែងរកការចូលរួមក្នុងភាពជាដៃគូពីក្រុមប្រឹក្សាឃុំ សង្កាត់ដែលនៅក្បែរគ្នា
– លើកយោបល់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ពីរបៀប៖
• រៀបចំ និង អនុម័ត ផែនការអភិវឌ្ឍន៍ និង ថវិកាឃុំ សង្កាត់
• អនុវត្ត ផែនការអភិវឌ្ឍន៍ និង ថវិកាឃុំ សង្កាត់
• ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តន៍ ផែនការអភិវឌ្ឍន៍ និង ថវិកាឃុំ សង្កាត់
• រៀបចំ និង អនុម័តរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់
– រាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ នៅរៀងរាល់ខែអំពីសកម្មភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ខែកន្លងមក ព្រមទាំងការអនុវត្តន៍គោលនយោបាយ និង ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់
– ធានាអនុវត្តយ៉ាងត្រឹមត្រូវនូវរាល់សេចក្តីសំរេច និង ដីការបស់ឃុំ សង្កាត់
– ធានាគ្រប់គ្រង និង ត្រួតពិនិត្យយ៉ាងត្រឹមត្រូវកិច្ចការហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាឃុំ សង្កាត់
– អនុវត្តកិច្ចការប្រចាំថ្ងៃក្នុងឃុំ សង្កាត់
– ពិនិត្យមើលការងាររបស់ស្មៀនឃុំ សង្កាត់ ។
មាត្រា ២១.-
ជំទប់ទី១ ឬ ចៅសង្កាត់រងទី១ ត្រូវជួយមេឃុំចៅសង្កាត់ លើបញ្ហាសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ជំទប់ទី២ ឬ ចៅសង្កាត់រងទី២ ត្រូវជួយមេឃុំចៅសង្កាត់ លើបញ្ហាដែលពាក់ព័ន្ធនឹងកិច្ចការសង្គមកិច្ច រដ្ឋបាល សេវា សាធារណៈ និង សណ្តាប់ធ្នាប់សាធារណៈ។
មេឃុំ ចៅសង្កាត់ អាចប្រគល់កិច្ចការបន្ថែមទៀតដល់ជំទប់ ឬ ចៅសង្កាត់រង របស់ខ្លួនតាមការចាំបាច់ ។
ក្នុងករណីមេឃុំ ឬ ចៅសង្កាត់អវត្តមានត្រូវធ្វើការផ្ទេរសិទ្ធិជាលាយលក្ខ័អក្សរទៅជំទប់ ឬ ចៅសង្កាត់រងតាមឋានានុក្រមដើម្បីធ្វើជាមេឃុំ ចៅសង្កាត់ស្តីទី ក្នុងរយៈពេលដែលមេឃុំ ចៅសង្កាត់នោះ អវត្តមាន។
ជំទប់ ឬ ចៅសង្កាត់រងមិនអាចចុះហត្ថលេខាលើឯកសារ លិខិតស្នាមនានា ដោយមិនមានការប្រគល់សិទ្ធិអំណាចពី មេឃុំ ចៅសង្កាត់ ឬ ក្រុមប្រឹក្សាឃុំ សង្កាត់ឡើយ ។
មាត្រា ២២.-
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសមេភូមិម្នាក់ នៅក្នុងភូមិនីមួយៗ។ មេភូមិ ត្រូវតែងតាំង អនុប្រធានភូមិ និងសមាជិកភូមិ ដើម្បីធ្វើជាជំនួយការ ។
ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវតែជាប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៃភូមិនោះហើយត្រូវ មាននារីយ៉ាងតិចមួយរូប ។
យោងតាមសភាពការណ៍ជាក់ស្តែងនៃភូមិនីមួយៗ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវខិតខំជ្រើសរើសនារីអោយទទួលតំណែង ជាមេភូមិ ឬ អនុប្រធានភូមិ។
បែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការតែងតាំងអនុប្រធានភូមិ សមាជិកភូមិ ការផ្លាស់ប្តូរមេភូមិ និង ជំនួយការ
មេភូមិត្រូវកំណត់ដោយសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីមានការអនុម័តយល់ព្រមពីគណៈកម្មាធិការជាតិ គាំទ្រឃុំ សង្កាត់។
មាត្រា ២៣. –
មេភូមិជាតំណាងអោយប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ និង ជាខ្សែរយៈចំបងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងភូមិ និង ក្រុមប្រឹក្សាឃុំ សង្កាត់។
មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ជាតំណាងភូមិក្នុងការពិគ្រោះយោបល់ជាមួយគណៈកម្មាធិការផ្តល់ យោបល់អំពីកិច្ចការភូមិ។
ក្នុងការសម្រេចបញ្ហាណាមួយដែលពាក់ព័ន្ធនឹងភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពិគ្រោះយោបល់ជាមួយមេភូមិជាមុន សិន។
មាត្រា ២៤.-
មេភូមិត្រូវ៖
– បង្កើនការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់របស់ខ្លួន
– ចូលរួមកិច្ចប្រជុំក្នុងគណកម្មាធិការនានារបស់ឃុំ សង្កាត់ ដើម្បីផ្តល់យោបល់អំពីកិច្ចការដែលពាក់ព័ន្ធក្នុងភូមិ របស់ខ្លួននៅពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់តម្រូវ
– ផ្តល់យោបល់ដល់គណៈកម្មាធិការកិច្ចការភូមិ អំពីតម្រូវការ និង ផលប្រយោជន៍របស់ភូមិ
– ផ្តល់យោបល់ដល់គណៈកម្មាធិការកិច្ចការភូមិ អំពីរបៀបបង្កើន និង កសាងសមត្ថភាពនៃធនធានរបស់ភូមិ
– ផ្តល់យោបល់ដល់គណៈកម្មាធិការផែនការអភិវឌ្ឍន៍ និង ថវិកាអំពី ៖
• តម្រូវការ និង អាទិភាពរបស់ភូមិដើម្បីបញ្ចូលក្នុងថវិកា និង ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
• អនុវត្តថវិកា និង ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ក្នុងភូមិរបស់ខ្លួន
• ត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្តថវិកា និង ផែនការអភិវឌ្ឍន៍របស់ឃុំ សង្កាត់ក្នុងភូមិរបស់ខ្លួន
– ធ្វើសេចក្តីរាយការណ៍រាល់បញ្ហាដែលពាក់ព័ន្ធនឹងភូមិ ដើម្បីបញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់
– ទទួលខុសត្រូវអនុវត្តកិច្ចការដែលបានប្រគល់អោយដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន
– ពិគ្រោះយ៉ាងទៀងទាត់ជាមួយប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន
– ដោះស្រាយបញ្ហាដែលជាផលប្រយោជន៍រួមជាមួយភូមិក្បែរគ្នា
– ចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងករណីមានសំណូមពរពីក្រុមប្រឹក្សាឃុំ សង្កាត់។
មាត្រា ២៥.-
មេភូមិ មិនមានសិទ្ធិអំណាចចុះហត្ថលេខាលើកិច្ចសន្យា ឬ ការផ្ទេរអំណាច ឬ ការចាត់ចែងដទៃទៀតក្នុងនាមភូមិ បានឡើយ ។
មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវជួបប្រជុំយ៉ាងតិចមួយដងក្នុងមួយខែ ។
មាត្រា ២៦.-
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពិភាក្សាជាមួយមេភូមិ ដើម្បីរៀបចំអោយមានទីកន្លែងសំរាប់មេភូមិជួបប្រាស្រ័យជា មួយមជ្ឈដ្ឋាននានាតាមភូមិនីមួយៗ។
ទីកន្លែងនោះមានជាទីស្នាក់ការភូមិចំពោះកន្លែងដែលមានទីស្នាក់ការភូមិ ។ ចំពោះកន្លែងដែលគ្មានស្នាក់ការភូមិ ត្រូវពិគ្រោះពិភាក្សាគ្នាដើម្បីរកទីកន្លែងសមស្របណាមួយដែលអាចជាសាលារៀន វត្តអារាម វិហារសាសនា អាគារសាធារណៈ ឬ គេហដ្ឋានផ្ទាល់របស់មេភូមិ ។ ការជ្រើសរើសយកកន្លែងទាំងនេះត្រូវមានការពិគ្រោះពិភាក្សាអោយឯកភាពគ្នាពីក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ នឹងត្រូវមានការយល់ព្រមជាមុនពីម្ចាស់ទីកន្លែងទាំងនោះ ។ មេភូមិ និង ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវផ្សព្វផ្សាយទីកន្លែងនោះដល់សាធារណៈជន ។
ទីកន្លែងនេះត្រូវបើកទទួលប្រជាពលរដ្ឋយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍។
មេភូមិ ឬ អនុប្រធានភូមិ ឬ សមាជិកភូមិត្រូវមានវត្តមាននៅទីកន្លែងដែលបានកំណត់នោះនាថ្ងៃនោះ ដើម្បីជួប ប្រជាពលរដ្ឋ ។
ក្រៅពីការជូបប្រាស្រ័យជាទៀងទាត់ជាមួយប្រជាពលរដ្ឋរបស់ខ្លួននៅទីកន្លែងដែលបានកំណត់នេះ មេភូមិ អនុប្រធាន ភូមិ និងសមាជិកភូមិអាចនឹងជួយប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួនជាប្រចាំតាមការចាំបាច់។
មាត្រា ២៧. –
មេភូមិត្រូវធានាផ្តល់ព័ត៌មានឯកសារជាសាធារណៈដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួន ដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ ឯកសារព័ត៌មានទាំងនោះអាចរួមមាន ព័ត៌មានស្តីពីការប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ផែនការអភិវឌ្ឍន៍ និង ថវិកា ឃុំ សង្កាត់។
មាត្រា ២៨. –
មេភូមិពុំមានសិទ្ធិអំណាចសំរេចបញ្ហាណាមួយ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយគ្មានការ ផ្ទេរអំណាចពីក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃដែលបានអនុម័តយល់ព្រមដោយគណៈកម្មា ធិការជាតិគាំទ្រឃុំ សង្កាត់បានឡើយ ។
មាត្រា ២៩. –
ក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចផ្ទេរអំណាចដល់បុគ្គល ឬ គណៈកម្មាធិការ ឬ អង្គការណាមួយនៅក្នុងភូមិបានឡើយ លើកលែងតែមានការអនុញ្ញាតដែលបានចែងក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានអនុម័តយល់ព្រមដោយគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ។
ជំពូកទី៣
សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់
មាត្រា ៣០. –
ប្រជាពលរដ្ឋមានសិទ្ធិចូលរួមស្តាប់រាល់កិច្ចប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សាឃុំ សង្កាត់បាន ប៉ុន្តែពុំមានសិទ្ធិអនុម័តបានទេ ។
ប្រជាពលរដ្ឋអាចលើកសំណួរដល់មេឃុំ ចៅសង្កាត់ ឬ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយអនុលោម ទៅតាមបទបញ្ជាផ្ទៃក្នុងសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់។
មាត្រា ៣១. –
ប្រជាពលរដ្ឋមានសិទ្ធិលើកសំណើ ឬ ធ្វើការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ ឬ ផ្ទាល់មាត់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវឆ្លើយតបនឹងសំណើ ឬ ការប្តឹងតវ៉ានោះជាកំហិត។
ចំពោះសំណើ ឬ ការប្តឹងតវ៉ាទាំងឡាយណាដែលមេឃុំ ចៅសង្កាត់អាចដោះស្រាយបានក្នុងសមត្ថកិច្ចរបស់ខ្លួន មេឃុំ ចៅសង្កាត់ត្រូវដោះស្រាយ ហើយចាត់អោយជូនព័ត៌មានអំពីការដោះស្រាយនោះដល់ប្រជាពលរដ្ឋវិញ រួចហើយត្រូវធ្វើសេចក្តី រាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងកិច្ចប្រជុំបន្ទាប់ ។
ចំពោះសំណើ ឬ ការប្តឹងតវ៉ាទាំងឡាយណាដែលមេឃុំ ចៅសង្កាត់មិនអាចដោះស្រាយបានក្នុងសមត្ថកិច្ចរបស់ខ្លួន មេឃុំ ចៅសង្កាត់ត្រូវដាក់ក្នុងរបៀបវារៈអង្គប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
មេឃុំ ចៅសង្កាត់ ត្រូវជូនពត៌មានដល់ប្រជាពលរដ្ឋអំពីការដោះស្រាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
មាត្រា ៣២.-
ចំពោះសំណើ ឬ ការប្តឹងតវ៉ា ដូចមានចែងក្នុងមាត្រា ៤៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ត្រូវរាយការណ៍ជូនក្រសួង ស្ថាប័ន ឬ ភ្នាក់ងាររបស់រាជរដ្ឋាភិបាលដែលមានសមត្ថកិច្ច ។
មាត្រា ៣៣. –
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាផ្សព្វផ្សាយព័ត៌មានអោយបានទៀងទាត់ដល់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ អំពីបញ្ហាទាំង ឡាយស្របតាមសមត្ថកិច្ចរបស់ខ្លួន និង អំពីសេចក្តីសម្រេចនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
ជំពូកទី៤
វិធានការវិន័យ និងការបញ្ឈប់មុខតំណែងចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
មាត្រា ៣៤.-
រាល់ការចាត់វិធានការដាក់វិន័យចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាម្នាក់ ដូចមានចែងក្នុងមាត្រា ៨៤ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ តាមការបោះឆ្នោតយល់ព្រម ដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល។
មាត្រា ៣៥.-
ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវផ្តល់ពត៌មានដល់ក្រសួងមហាផ្ទៃ និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីការបញ្ឈប់ពីមុខតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១៦ និង មាត្រា ៨៤ នៃ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។
មាត្រា ៣៦.-
ក្រោយពិនិត្យឃើញថាក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តត្រឹមត្រូវតាមសមត្ថកិច្ចរបស់ខ្លួនហើយ ក្រសួងមហាផ្ទៃត្រូវ ស្នើសុំទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីការបញ្ឈប់ពីមុខតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និង ស្នើឱ្យជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីមកជំនួសស្របតាមបែបបទ នីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់។
មាត្រា ៣៧. –
បន្ទាប់ពីទទួលបានលិខិតសំណូមពររបស់ក្រសួងមហាផ្ទៃហើយ គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោតត្រូវ ជ្រើសរើសបេក្ខជនថ្មីដាក់ជំនួសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានបញ្ឈប់ពីតំណែង ស្របតាមលក្ខខណ្ឌដូចមានចែង ក្នុងមាត្រា១៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។
មាត្រា ៣៨. –
ក្នុងករណីដែលក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរំសាយ ដោយអនុលោមទៅតាមមាត្រា ៥៧ ឬ មាត្រា ៥៨ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ហើយអណត្តិដែលនៅសល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់មានរយៈពេលមិនលើសពី ១៨០ថ្ងៃ គិតចាប់ពីថ្ងៃរំសាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចាត់ឱ្យមានការគ្រប់គ្រងឃុំ សង្កាត់នោះស្របតាមមាត្រា ១៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។
មាត្រា ៣៩. –
ក្នុងករណីដែលក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរំសាយ ដោយអនុលោមទៅតាមមាត្រា ៥៧ ឬ មាត្រា ៥៨ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ហើយអណត្តិដែលនៅសល់មានរយៈពេលលើសពី ១៨០ថ្ងៃ ក្រសួងមហាផ្ទៃ ត្រូវជូនដំណឹង ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ស្នើសុំអោយរៀបចំបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីមកជំនួស ។
ការបោះឆ្នោតឡើងវិញ ត្រូវរៀបចំឱ្យបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់ស្តីពីការបោនឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។
មាត្រា ៤០.-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវកំណត់កាលបរិច្ឆេទសំរាប់ការបោះឆ្នោតុឡើងវិញក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃ បន្ទាប់ ពីមានសំណើដែលតម្រូវអោយមានការបោះឆ្នោតឡើងវិញ ។ មាត្រា ៤១.-
បន្ទាប់ពីបានទទួលបានលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃអំពីកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតឡើងវិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំការបោះឆ្នោតឡើងវិញដោយអនុលោមទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។
ជំពូកទី៥
ទំនាក់ទំនងរវាងឃុំ សង្កាត់ជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ និង ភ្នាក់ងារបស់រដ្ឋ
មាត្រា ៤២.-
រាល់ទំនាក់ទំនងជាផ្លូវការរវាងក្រុមប្រឹក្សាឃុំ សង្កាត់ ជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ ភ្នាក់ងារនានា របស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការជាតិ និង អន្តរជាតិនានា ត្រូវប្រព្រឹត្តទៅតាមរយៈក្រសួងមហាផ្ទៃ ។
មាត្រា ៤៣. –
ក្រសួងមហាផ្ទៃអាចធ្វើប្រតិភូកម្មអំណាចដល់អភិបាលខេត្ត ក្រុង ឱ្យជួយក្នុងកិច្ចការទំនាក់ទំនងលេខ និង សម្របសម្រួល ការអនុវត្តតួនាទី មុខងារ អំណាចរបស់ឃុំ សង្កាត់ ដូចមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គោលនយោយ វិមជ្ឈការ និង អនុក្រឹត្យពាក់ពន្ធ័នានា ស្របទៅតាម សភាពការណ៍ជាក់ស្តែង ។
ការធ្វើប្រតិភូកម្មអំណាចនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុម័តយល់ព្រមដោយ គណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ។
មាត្រា ៤៤. –
ក្រសួងមហាផ្ទៃត្រូវសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការរវាងឃុំ សង្កាត់ពីរ ឬ ច្រើន និងធានាដោះស្រាយ រាល់ទំនាស់ និង ជំលោះដែលក្រុមប្រឹក្សាឃុំ សង្កាត់ទាំងនោះមិនអាចដោះស្រាយបាន ។
មាត្រា ៤៥. –
ក្រសួងមហាផ្ទៃត្រូវសហការ និង ពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ឬ អង្គការជាតិ និង អង្គការអន្តរជាតិនានាដើម្បីដោះស្រាយទំនាស់ ឬ ជំលោះដែលកើតមានឡើងរវាងក្រសួង ស្ថាបន៍ ឬ អង្គការទាំងនោះជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ។
មាត្រា ៤៦.-
ក្រសួងមហាផ្ទៃត្រូវធានាថាការសម្រុះសម្រួល ការដោះស្រាយទំនាស់ និង ជំលោះរវាងឃុំ សង្កាត់ និង ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ឬ អង្គការជាតិ និង អន្តរជាតិ មានភាពយុត្តិធម៌ ត្រឹមត្រូវ រក្សាបាននូវផលប្រយោជន៍ទាំងសងខាង និង អនុវត្តបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដែលបានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង គោលនយោបាយ វិមជ្ឈការ ។
មាត្រា ៤៧. –
ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលអាចត្រួតពិនិត្យលើសេចក្តីសម្រេច ឬ សកម្មភាពរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឬធ្វើអន្តរាគមន៍លើសេចក្តីសម្រេច ឬ សកម្មភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលដែលការត្រួតពិនិត្យ ឬ ការធ្វើអន្តរាគមន៍ ទាំងនោះត្រូវបានអនុញ្ញាតដោយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ឬ លិខិតបទដ្ឋានដទៃទៀត ដែលបានពិនិត្យ ឬ បានសម្រេចយល់ព្រមដោយគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ។
មាត្រា ៤៨. –
ក្រសួងមហាផ្ទៃអាចត្រួតពិនិត្យ ឬ ធ្វើអន្តរាគមន៍ផងដែរ ក្នុងករណីដែលក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការជាតិ និង អង្គការអន្តរជាតិនានាបានធ្វើសេចក្តីរាយការណ៍ ឬ ប្តឹងតវ៉ាចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ។
មាត្រា ៤៩. –
ក្រសួង ឬ ស្ថាប័នដែលបានអនុញ្ញាតឱ្យធ្វើការត្រួតពិនិត្យលើសេចក្តីសម្រេច និង សកម្មភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាបង្កលក្ខណៈសម្បត្តិឱ្យក្រុមប្រឹក្សាឃុំ សង្កាត់អាចអនុវត្តមុខងារ និង អំណាចនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានត្រឹមត្រូវតាមនីតិវិធី ដែលបានតម្រូវដោយ៖
– ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
– រាជក្រឹត្យ
– អនុក្រឹត្យ ប្រកាស ឬ លិខិតបទដ្ឋាននានាដែលបានពិនិត្យ ឬ បានសម្រេចយល់ព្រមដោយគណៈកម្មាធិការជាតិ គាំទ្រឃុំ សង្កាត់
– បទបញ្ជាផ្ទៃក្នុង ដីកា ឬ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
មាត្រា ៥. –
ក្នុងករណីដែលក្រសួង ស្ថាប័នដែលបានអនុញ្ញាតឱ្យធ្វើការត្រួតពិនិត្យលើសចក្តីសម្រេច និង សកម្មភាពរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យឃើញថាក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តមុខងារ និង អំណាចមិនត្រឹមត្រូវតាមនីតិវិធី និង តម្រូវការ ផ្នែកច្បាប់ ក្រសួង ស្ថាប័នទាំងនោះត្រូវ៖
– ផ្តល់ដំណឹងជាលាយល័ក្ខអក្សរដល់ក្រសួងមហាផ្ទៃ អំពីនីតិវិធី និង តម្រូវការផ្នែកច្បាប់ ដែលតម្រូវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់អនុវត្ត
– ធ្វើសំណើជាលាយល័ក្ខអក្សរទៅក្រសួងមហាផ្ទៃនូវកំហុសឆ្គងដែលតម្រូវឱ្យកែប្រែ និង ពេលវេលាដែលត្រូវកែប្រែ និង ផ្តល់ព័ត៌មានអំពីលទ្ធផលបញ្ចប់នៃការកែប្រែនោះ ។
មាត្រា ៥១.-
ក្រសួងមហាផ្ទៃត្រូវកំណត់ លក្ខណៈវិនិច្ឆយនៃការត្រួតពិនិត្យ និង ការធ្វើអន្តរាគមន៍ដូចតទៅ៖
– ហេតុផលនៃកំហុសឆ្គង
– ប្រភេទនៃវិធានការ ឬ សកម្មភាពអន្តរាគមន៍ដែលនឹងត្រូវធ្វើ
– ការគាំទ្រ និង ការបង្កើនសមត្ថភាពណាមួយដែលត្រូវផ្តល់ទៅអោយក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីពង្រឹងការ គ្រប់គ្រង ការអនុវត្តន៍មុខងារ និង សិទ្ធិអំណាចឱ្យបានត្រឹមត្រូវ និងកាន់តែប្រសើរឡើង។
មាត្រា ៥២. –
ក្នុងការត្រួតពិនិត្យលើសេចក្តីសម្រេច និង សកម្មភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃត្រូវ៖
– ផ្តល់យោបល់ជាលាយល័ក្ខអក្សរដល់ក្រុមប្រឹក្សាឃុំ សង្កាត់អំពីនីតិវិធី និង តម្រូវការផ្នែកច្បាប់ទាំងឡាយ ដែលត្រូវអនុវត្ត
– ណែនាំជាលាយល័ក្ខអក្សរឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ កែតម្រូវកំហុសឆ្គងក្នុងកំឡុងពេលមួយសមស្រប និង ត្រូវ រាយការណ៍នូវលទ្ធផលនៃការកែតម្រូវនោះមកក្រសួងមហាផ្ទៃវិញ ។
មាត្រា ៥៣. –
ពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់គ្មានសមត្ថភាព ឬគ្មានបំណងដើម្បីកែតម្រូវកំហុសឆ្គងក្រសួងមហាផ្ទៃត្រូវ ធ្វើកិច្ចការនោះនជំនួសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការអនុវត្តសេចក្តីសម្រេច និង កិច្ចការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ហើយក៏ត្រូវ ចាត់វិធានការចាំបាច់ផងដែរដើម្បីអភិវឌ្ឍន៍នូវសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
មាត្រា ៥៤. –
ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល មិនអាចធ្វើសេចក្តីសម្រេចក្នុងនាមក្រុមប្រឹក្សាឃុំ សង្កាត់បានទេ លើកលែង តែនៅក្នុងករណីដែលបានអនុញ្ញាតដោយច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស ឬ លិខិតបទដ្ឋាននានាដែលបានពិនិត្យ និង បានសម្រេចយល់ព្រម ដោយគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ។
សេចក្តីសំរេចដែលក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលបានធ្វើឡើងក្នុងនាមក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវតែធានាថា ក្រុមប្រឹក្សាឃុំ សង្កាត់អាចអនុវត្តតាមនីតិវិធី និងតម្រូវការផ្នែកច្បាប់ដែលបានចែងក្នុងករណីពិសេសនោះ ។
ជំពូកទី៦
មុខងារ និង អំណាចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និង ការផ្ទេរអំណាចរបស់រដ្ឋទៅឱ្យ ឃុំ សង្កាត់
មាត្រា ៥៥. –
ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលដែលមានបំណងធ្វើប្រតិភូកម្មអំណាច ឬ ការទទួលខុសត្រូវ ឬ ធ្វើកិច្ចព្រមព្រៀង ណាមួយទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវតែស្នើសុំអនុញ្ញាតជាមុនពីគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់។
មាត្រា ៥៦.-
ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលដែលមានបំណងធ្វើប្រតិភូកម្មអំណាច ឬ ការទទួលខុសត្រូវ ឬ ធ្វើកិច្ចព្រមព្រៀង ណាមួយទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវផ្ទេរធនធាន និង សមត្ថភាព ជាចាំបាច់ដើម្បីធានាឱ្យក្រុមប្រឹក្សាឃុំ សង្កាត់អនុវត្ត បាននូវអំណាច ឬ ការទទួលខុសត្រូវ ឬ កិច្ចព្រមព្រៀងដែលបានធ្វើប្រតិភូកម្មនោះ ។
ក្រសួងមហាផ្ទៃត្រូវកំណត់នីតិវិធីជាក់ស្តែងថែមទៀតដើម្បីអនុវត្តនូវបទប្បញ្ញតិនេះ ។
មាត្រា ៥៧. –
ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលត្រូវរាយការណ៍អំពីការធ្វើប្រតិភូកម្មអំណាច ឬ ការផ្ទេរការទទួលខុសត្រូវ ឬ កិច្ចព្រមព្រៀងទាំងអស់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ជូនក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត ក្រុង ដែលពាក់ព័ន្ធ ។
មាត្រា ៥៨.-
ក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចចុះកិច្ចព្រមព្រៀង ឬ ការចាត់ចែងការងារណាមួយជាមួយក្រសួង ស្ថាប័នរបស់ រាជរដ្ឋាភិបាល ឬ អង្គការជាតិ និង អន្តរជាតិ ឬ ផ្នែកឯកជនណាមួយ ដោយគ្មានការយល់ព្រមពីក្រសួងមហាផ្ទៃបានឡើយ ។ មាត្រា ៥៩.-
ក្រសួងមហាផ្ទៃត្រូវដាក់ជូនគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ពិភាក្សា និង អនុមត័ នូវកិច្ចព្រមព្រៀង ឬ ការ ចាត់ចែងណាមួយដែលបានស្នើឡើងដោយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលមានបំណងធ្វើប្រតិភូកម្មអំណាច ឬ ការ ទទួលខុសត្រូវ ឬ កិច្ចព្រមព្រៀងណាមួយទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ តែកិច្ចព្រមព្រៀង ឬ ការចាត់ចែងនោះមិនមាន ចែងក្នុងប្រកាស ឬ គោលការណ៍ណែនាំដែលបានសម្រេចដោយគណៈកម្មាធិការជាតិ គាំទ្រឃុំ សង្កាត់ ។ មាត្រា ៦០.-
ក្រសួងមហាផ្ទៃត្រូវត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និង ត្រូវធានាថាធនធាន សមត្ថភាព និង កម្រៃដែលបាន យល់ព្រមផ្ទេរទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានប្រគល់ជូនយ៉ាងត្រឹមត្រូវ ។
មាត្រា ៦១.-
ឃុំ សង្កាត់មានតួនាទី និង មុខងារយ៉ាងទូលំទូលាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលក្នុងនោះមានមុខងារ និង តួនាទីជាមូលដ្ឋានគឺ ៖
– រក្សាសន្តិសុខ និង ចំណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ
– ចាត់ចែងសេវាកម្មសាធារណៈចាំបាច់ និង មើលការខុសត្រូវឱ្យកិច្ចការនោះដំណើការបានល្អ
– លើកទឹកចិត្តអោយមានការបង្កើនផាសុខភាព និង សុខមាលភាពប្រជាពលរដ្ឋ
– ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមកិច្ច ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយមានលក្ខណៈល្អប្រសើរឡើងជាលំដាប់
– ការពារ និង ថែរក្សាបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ បេតិកភ័ណ្ឌជាតិ
– ជូនផ្សាការខ្វែងមតិយោបល់គ្នា ហើយជំរុញអោយមានការយោគយល់ និង ការអត់ឱនទៅវិញទៅមករវាង ប្រជាពលរដ្ឋ
– ទទួលរ៉ាប់រង់លើកិច្ចការទូទៅបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។
មាត្រា ៦២. –
ឃុំ សង្កាត់ត្រូវអនុវត្តមុខងារមួយផ្នែក ឬ ទាំងអស់នៃមុខងារ និង ការទទួលខុសត្រូវដែលបានធ្វើប្រតិភូកម្មឱ្យ បានសមស្របទៅនឹងធនធានដែលបានផ្តល់ ដើម្បីលើកស្ទួយ និង គាំទ្រដល់ការអនុវត្តន៍តួនាទី និង មុខងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ប្រកបដោយចេរភាព និង បំពេញបានទៅតាមតម្រូវការជាមូលដ្ឋាន។
មាត្រា ៦៣. –
ឃុំ សង្កាត់មានសិទ្ធិជ្រើសរើស និង អនុវត្តសកម្មភាពណាមួយ ដែលស្ថិតនៅក្នុងសមត្ថកិច្ចនៃមុខងារជាទូទៅ និង ដែលស្ថិតនៅក្នុងកំរិតនៃធនធានដែលមាន។
មាត្រា ៦៤. –
កិច្ចការជាក់លាក់មួយចំនួនត្រូវបានហាមឃាត់ មិនឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្ត រួមមាន ៖
– វិស័យព្រៃឈើ
– វិស័យប្រៃសណីយ៍ និង ទូរគមនាគមន៍
– វិស័យការពារជាតិ
– វិស័យសន្តិសុខជាតិ
– វិស័យរូបិយវត្ថុ
– វិស័យនយោបាយក្រៅប្រទេស
– វិស័យគោលនយោបាយសារពើពន្ធ
– វិសយ័ផ្សេងទៀតដែលកំណត់ដោយក្រសួងមហាផ្ទៃ បន្ទាប់ពីមានការយល់ព្រមរបស់គណៈកម្មាធិការជាតិគាំទ្រ ឃុំសង្កាត់ ។
មាត្រា ៦៥.-
ឃុំ សង្កាត់អាចមានសិទ្ធិអំណាចដើម្បីជ្រើសរើស និង អនុវត្តសកម្មភាពដែលស្ថិតក្នុងតួនាទី និង មុខងារដែលនៅ ក្រៅយុត្តាធិការរបស់ខ្លួន ក្នុងករណីមានការះអនុញ្ញាតពិសេសណាមួយពីក្រសួង ស្ថាប័ននានារបស់រដ្ឋ ផ្អែកតាមការសម្របសម្រួល ដោយក្រសួងមហាផ្ទៃ និង ត្រូវរាយការណ៍ជូនដល់គណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ។
មាត្រា ៦៦.-
ឃុំ សង្កាត់ត្រូវចាត់ចែងនិងប្រើប្រាស់ធនធានដែលមាន ដើម្បីជ្រើសរើសនិងអនុវត្តសកម្មភាពរបស់ខ្លួន។
មាត្រា ៦៧. –
មុខងារ និង តួនាទីចំបងរបស់ឃុំ សង្កាត់គឺត្រូវសម្របសម្រួល និង ជំរុញឱ្យមានការអភិវឌ្ឍន៍ក្នុងឃុំ សង្កាត់របស់ខ្លួន ដោយត្រូវជ្រើសរើសវិធីសាស្ត្រសមស្រប និង មានប្រសិទ្ធិភាព ដើម្បីអនុវត្ត និង ផ្តល់សេវាកម្មអោយស្របតាមជំរើសដែល បានសំណូមពរដោយស្ថាបន៍ខាងលើ ។
មាត្រា ៦៨. –
ប្រសិនបើមុខងារ ឬ សេវាដែលឃុំ សង្កាត់ទទួលបានសិទ្ធិអំណាចដើម្បីអនុវត្ត កំពុងត្រូវបានផ្តល់អោយដោយភ្នាក់ងារ ឬ អង្គការដទៃទៀត ដោយមិនគិតក្នុងបន្ទុកចំណាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្រុមប្រឹក្សាឃុំ សង្កាត់គួរទទួលស្គាល់ កិច្ចការទាំងនេះ។
ក្រុមប្រឹក្សាឃុំ សង្កាត់អាចប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍន៍នៅកន្លែងដែលមិនទាន់មានអ្នកជួយ គាំទ្រ ។ មាត្រា ៦៩.-
គណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ត្រូវសិក្សា និង កំណត់ឱ្យបានជាក់លាក់ថែមទៀតអំពីការបែងចែកមុខងារ រវាងរដ្ឋបាលថ្នាក់កណ្តាល និង ឃុំ សង្កាត់ ។
ការបែងចែកខាងលើត្រូវមានគោលដៅដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តន៍។
គណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ត្រូវធ្វើការបែងចែករវាងសេវាកម្មដែលត្រូវផ្តល់ដោយរដ្ឋបាលថ្នាក់កណ្តាល ភ្នាក់ងារនានារបស់រដ្ឋ អង្គការជាតិ អន្តរជាតិ និង វិស័យឯកជន ជាមួយសេវាកម្មដែលត្រូវផ្តល់ដោយឃុំ សង្កាត់ ។
មាត្រា ៧០.-
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវទទួលខុសត្រូវក្នុងការរៀបចំ ការអនុម័ត និង ការអនុវត្តន៍ផែនការអភិវឌ្ឍន៍ និង ផែនការ ថវិកាឃុំ សង្កាត់របស់ខ្លួន ។
ការរៀបចំ ការអនុម័ត និង ការអនុវត្តន៍ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ត្រូវអនុលោមទៅតាមបទប្បញ្ញតិនានាដែលបាន សម្រេចដោយគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ។
មាត្រា ៧១. –
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំ និង ប្រើប្រាស់ថវិកាដោយអនុលោមទៅតាមបទប្បញ្ញតិពាក់ព័ន្ធនានាដែលបាន សម្រេចដោយគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ។
ជំពូកទី៧
អន្តរប្បញ្ញតិ
មាត្រា ៧២. –
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពិនិត្យឡើងវិញរាល់សកម្មភាពនៃការចាត់ចែង និង កិច្ចព្រមព្រៀងទាំងឡាយដែលបាន រៀបចំឡើងក្នុងនាមឃុំ សង្កាត់ ឬ ដោយឃុំ សង្កាត់ផ្ទាល់ ឬ ភូមិមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លើកទីមួយ ។
ការចាត់ចែង ឬ កិច្ចព្រមព្រៀងទាំងនោះរួមមានការផ្ទេរអំណាច ឬ សិទ្ធិពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ឬ ការធ្វើសហប្រតិបត្តិការ ឬ ការជួយគាំទ្រពីកម្មវិធី និង អង្គការនានា ។
ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវធ្វើការពិភាក្សាជាមួយគ្រប់ ក្រសួង ស្ថាប័ន តំណាងកម្មវិធី និង អង្គការដែល ពាក់ព័ន្ធដើម្បី៖
– បញ្ជាក់ថាកិច្ចព្រមព្រៀង ឬ ការចាត់ចែងដែលកំពុងអនុវត្ត ពិតជាបានអនុវត្តនៅក្នុងឃុំ សង្កាត់ ឬភូមិ របស់ខ្លួន
– ពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង ឬ ការចាត់ចែងណា ដែលផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង គោលនយោបាយវិមជ្ឈការ ឬ ផ្ទុយពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ ដើម្បីស្នើសុំធ្វើការ កែសម្រួលអោយបានសមស្រប ។
មាត្រា ៧៣. –
ក្នុងអាណត្តិរបស់ខ្លួន គណៈកម្ចាធិការជាតិគាំទ្រឃុំ សង្កាត់ត្រូវទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ដើម្បីកំណត់ និង បែងចែកភារកិច្ចជាក់លាក់រវាងរដ្ឋបាលថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់ ។
មាត្រា ៧៤. –
គណកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ត្រូវពិនិត្យបញ្ជាក់ថា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានណា ដែលមានភាពសមស្រប ឬ មិនសមស្របទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង គោលនយោបាយវិមជ្ឈការ។
ច្បាប់ ព្រះរាជក្រូ អនុក្រឹត្យ និង លិខិតបទដ្ឋានណាដែលមិនសមស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង គោលនយោបាយវិមជ្ឈករ គណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ត្រូវរៀបចំបែបបទ និង នីតិវិធីធ្វើវិសោធនកម្ម ឬ កែសម្រួលឱ្យបានសមស្រប ។
មាត្រា ៧៥.-
គ្រប់ក្រសួង និង ស្ថាប័ននានារបស់រដ្ឋាភិបាលត្រូវ៖
– បញ្ជាក់ថាច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង លិខិត បទដ្ឋាន ទាំងអស់ដែលពាក់ព័ន្ធនឹងក្រសួង និង ស្ថាប័នរបស់ខ្លួនកំពុង អនុវត្តនៅតាមឃុំ សង្កាត់ និង ភូមិ ត្រូវតែសមស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង គោលនយោបាយវិមជ្ឈការ ។
– ពិនិត្យឡើងវិញនូវច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង លិខិតបទដ្ឋានដែលផ្ទុយនឹងគោលការណ៍វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីដាក់ជូនគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ពិនិត្យ និង ស្នើសុំធ្វើ វិសោធនកម្មជាបន្ទាន់ ។
ជំពូកទី៨
អវសានប្បញ្ញត្តិ
មាត្រា ៧៦.-
រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវចាត់ទុកជានិរាករណ៍ ។
មាត្រា ៧៧. –
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាបន័ត្រូវអនុវត្តអនុក្រឹត្យនេះឱ្យ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
រាជធានីភ្នំពេញ ថ្ងៃទី២៧ ឆ្នាំ ២០០២
នាយករដ្ឋមន្ត្រី