មូលន័យសង្ខេប
ក្នុងនីតិសមុទ្ទ បន្ទាត់មូលដ្ឋាន គឺជាប្រធានបទដ៏មានភាពស្មុគស្មាញ និងមានសារសំខាន់យ៉ាងខ្លាំងដែលអ្នកសិក្សា និងអ្នកអនុវត្តគួរស្វែងយល់ ព្រោះវាពាក់ព័ន្ធទៅនឹងការប្រកាសកំណត់តំបន់សមុទ្ទក្រោមយុត្តាធិការរបស់រដ្ឋ ហើយក៏មានទំនាក់ទំនងគ្នាទៅនឹងការកំណត់ព្រំដែនសមុទ្ទជាមួយនឹងប្រទេសជិតខាងផងដែរ។ មតិខ្លះ គេបែងចែកបន្ទាត់មូលដ្ឋានជាពីរប្រភេទគឺ (១) បន្ទាត់មូលដ្ឋានធម្មតា និង (២)បន្ទាត់មូលដ្ឋានត្រង់ ចំណែកមតិខ្លះទៀត គេបែងចែកបន្ទាត់មូលដ្ឋានជាបីប្រភេទ គឺ (១) បន្ទាត់មូលដ្ឋានធម្មតា (២) បន្ទាត់មូលដ្ឋានត្រង់ និង(៣) បន្ទាត់មូលដ្ឋានប្រជុំកោះ។
បន្ទាត់មូលដ្ឋានធម្មតា បង្កើតឡើងដោយខ្សែទឹកនាចតាមបណ្ដោយឆ្នេរដែលកំណត់ក្នុងផែនទីខ្នាតធំទទួលស្គាល់ជាផ្លូវការដោយរដ្ឋឆ្នេរសមុទ្ទ ចំណែកបន្ទាត់មូលដ្ឋានត្រង់ ប្រើនៅទីតាំងដែលមានភាពផតជ្រៅនិងចូលទៅក្នុង ឬក្នុងករណីដែលមានកោះរាយប៉ាយនៅជិតៗតាមបណ្ដោយឆ្នេរ ឬករណីពិសេសដទៃទៀតដូចជាឆក និងមាត់ទន្លេជាដើម រីឯបន្ទាត់មូលដ្ឋានប្រជុំកោះ អាចគូសដោយភ្ជាប់ចំណុចខាងក្រៅបំផុតនៃកោះខាងក្រៅបំផុត និងថ្មប៉ប្រះទឹកស្ងួតនៃប្រជុំកោះនោះ។
អត្ថបទនេះ នឹងសិក្សាអំពីសញ្ញាណទូទៅនៃបន្ទាត់មូលដ្ឋានទាំងបីប្រភេទខាងលើ ដើម្បីជាមូលដ្ឋានសម្រាប់អ្នកសិក្សា។

១-សេចក្តីផ្តើម
ក្នុងវិស័យនីតិសមុទ្ទ បន្ទាត់មូលដ្ឋាន គឺជាប្រធានបទដ៏មានភាពស្មុគស្មាញ និងមានសារសំខាន់យ៉ាងខ្លាំងដែលអ្នកសិក្សា និងអ្នកអនុវត្តគួរស្វែងយល់ ព្រោះវាពាក់ព័ន្ធទៅនឹងការប្រកាសកំណត់តំបន់សមុទ្ទក្រោមយុត្តាធិការរបស់រដ្ឋ ហើយក៏មានទំនាក់ទំនងគ្នាទៅនឹងការកំណត់ព្រំដែនសមុទ្ទជាមួយនឹងប្រទេសជិតខាងផងដែរ។
មតិខ្លះ គេបែងចែកបន្ទាត់មូលដ្ឋានជាពីរប្រភេទគឺ (១) បន្ទាត់មូលដ្ឋានធម្មតា និង (២)បន្ទាត់មូលដ្ឋានត្រង់ ចំណែកមតិខ្លះទៀត គេបែងចែកបន្ទាត់មូលដ្ឋានជាបីប្រភេទ គឺ (១) បន្ទាត់មូលដ្ឋានធម្មតា (២) បន្ទាត់មូលដ្ឋានត្រង់ និង(៣) បន្ទាត់មូលដ្ឋានប្រជុំកោះ។ ក្នុងមតិទី១ ដែលបែងចែកបន្ទាត់មូលដ្ឋានជាពីរប្រភេទនោះគឺដោយសារតែគេគិតថាបន្ទាត់មូលដ្ឋានប្រជុំកោះ ស្ថិតនៅក្នុងប្រភេទបន្ទាត់មូលដ្ឋានត្រង់។ ចំណែកនៅក្នុងមតិទី២ វិញ មិនគិតថាបន្ទាត់មូលដ្ឋានត្រង់ និងបន្ទាត់មូលដ្ឋានប្រជុំកោះ ស្ថិតនៅក្នុងប្រភេទតែមួយនោះទេ។ នេះដោយសារថា បន្ទាត់មូលដ្ឋានប្រជុំកោះ និងបន្ទាត់មូលដ្ឋានត្រង់មានភាពខុសគ្នាជាច្រើនដែលមិនអាចចាត់ទុកថាជាប្រភេទតែមួយបាន។
អត្ថបទនេះ នឹងសិក្សាអំពីសញ្ញាណ អំពីបន្ទាត់មូលដ្ឋានទាំង៣ប្រភេទខាងលើដោយផ្អែកលើមូលដ្ឋានច្បាប់ ទ្រឹស្ដីច្បាប់ យុត្តិសាស្ត្រអន្តរជាតិ និងការអនុវត្តរបស់រដ្ឋ។
២-បន្ទាត់មូលដ្ឋានធម្មតា (Normal Baseline)
ត្បិតតែគេហៅថា “បន្ទាត់មូលដ្ឋានធម្មតា” ក៏ប៉ុន្តែការគូសបន្ទាត់មូលដ្ឋានប្រភេទនេះ មិនងាយស្រួល ឬធម្មតាដូចឈ្មោះនោះឡើយព្រោះថា វាមានជាប់ពាក់ព័ន្ធបច្ចេកទេសផ្សេងៗ ដូចជាភូមិសាស្ត្រ ធារាសាស្ត្រ ផែនទីវិទ្យាជាដើម។ មាត្រា៥ នៃអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទឆ្នាំ១៩៨២[1] (ក្នុងអត្ថបទនេះ តទៅសូមហៅកាត់ខ្លីថា “អនុសញ្ញាឆ្នាំ១៩៨២”) និងមាត្រា៣ នៃអនុសញ្ញាស្ដីពីសមុទ្ទដែនដីនិងសមុទ្ទតភ្ជាប់ឆ្នាំ១៩៥៨[2] (ក្នុងអត្ថបទនេះ តទៅសូមហៅកាត់ខ្លីថា “អនុសញ្ញាឆ្នាំ១៩៥៨”) កំណត់ថា “បន្ទាត់មូលដ្ឋានធម្មតារបស់រដ្ឋបង្កើតឡើងដោយខ្សែទឹកនាចតាមបណ្ដោយឆ្នេរ ដែលកំណត់ក្នុងផែនទីខ្នាតធំទទួលស្គាល់ជាផ្លូវការដោយរដ្ឋឆ្នេរសមុទ្ទ”[3]។ មាត្រាខាងលើប្រើពាក្យគន្លឹះបីដែលត្រូវសិក្សាលម្អិតគឺ “ខ្សែទឹកនាច” “ផែនទីខ្នាតធំ” និង “ទទួលស្គាល់ជាផ្លូវការដោយរដ្ឋឆ្នេរសមុទ្ទ”។ យើងនឹងសិក្សាអំពីពាក្យគន្លឹះទាំងនេះដូចខាងក្រោម៖
ក. ខ្សែទឹកនាច
ខ្សែទឹកនាច គឺជាចំណុចប្រសព្វផ្ទៃរាបនៃទឹកនាចជាមួយនឹងឆ្នេរ។[4] មានន័យថា ខ្សែទឹកនាចផ្អែកលើផ្ទៃរាបនៃទឹកនាច និងទម្រង់នៃឆ្នេរ។ ចំណុចទឹកនាចនៅលើផែនទី គឺជាខ្សែដែលបង្ហាញអំពីកម្រិតកម្ពស់ទឹក (chart datum)។[5] អង្គការជលធារសាស្ត្រអន្តរជាតិ ( International Hydrographic Organization-IHO) បានបង្ហាញថាកម្រិតដែលគេប្រើជាទិន្នន័យផែនទី ត្រូវតែជាផ្ទៃរាបទាបដែលជំនោរឬលំនាចមិនធ្លាក់ក្រោមនោះ។[6] ខ្សែទឹកនាច គឺជាខ្សែដែលផ្អែកទៅលើទិន្នន័យបន្ទាត់បញ្ឈរ (Vertical Datum)។
ក្នុងវិវាទនេសាទរវាងអង់គ្លេស និងណ័រវ៉េ ឆ្នាំ១៩៥១ តុលាការយុត្តិធម៌អន្តរជាតិលើកឡើងថា៖
“តុលាការយល់ឃើញថា ដើម្បីវាស់ប្រវែងសមុទ្ទដែនដី គេប្រើចំណុចទឹកនាច ដែលផ្ទុយពីចំណុចទឹកជោរ ឬក៏ចំណុចមធ្យមនៃជំនោរលំនាច ដោយត្រូវបានទទួលយកជាទូទៅក្នុងការអនុវត្តរបស់រដ្ឋ។ លក្ខណវិនិច្ឆយនេះមានលក្ខណៈអំណោយផលសម្រាប់រដ្ឋឆ្នេរសមុទ្ទ និងបង្ហាញយ៉ាងច្បាស់ពីចរិតលក្ខណៈនៃសមុទ្ទដែនដីដែលនៅជាចំណុះដែនដីគោក។ តុលាការកត់សម្គាល់ថា ភាគី (វិវាទ) បានព្រមព្រៀងទៅលើលក្ខណវិនិច្ឆយនេះ ប៉ុន្តែមិនទាន់ចុះសម្រុងគ្នាលើការអនុវត្ត។”[7]
នៅពេលទាមទារដែនសមុទ្ទ ជាទូទៅរដ្ឋឆ្នេរសមុទ្ទនិយមប្រើទិន្នន័យបន្ទាត់បញ្ឈរដែលទាបបំផុត ព្រោះថាកាលណាខ្សែទឹកនាចកាន់តែទាប នោះបន្ទាត់មូលដ្ឋានធម្មតាកាន់តែខិតទៅនាយសមុទ្ទ ដែលនេះមានន័យថារដ្ឋនឹងទទួលបានដែនសមុទ្ទស្ថិតក្រោមយុត្តាធិការរបស់ខ្លួនកាន់តែធំ។[8] ប៉ុន្តែ ការណ៍នេះនឹងនាំឱ្យមានការតវ៉ាពីរដ្ឋដទៃ ហើយអាចនាំឱ្យមានវិវាទកើតឡើង។
មាត្រាខាងលើ ប្រើពាក្យថា “ផែនទីខ្នាតធំ” គឺចង់សំដៅដល់ផែនទីដែលមានទំហំធំ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចបង្ហាញលម្អិតអំពីបន្ទាត់មូលដ្ឋានធម្មតា ព្រោះថាកាលណាមាត្រដ្ឋានផែនទីកាន់តែធំ នោះការបង្ហាញអំពីបន្ទាត់មូលដ្ឋានកាន់តែមានភាពសុក្រឹត។
មាត្រដ្ឋាននៃផែនទីបង្ហាញអំពីទំនាក់ទំនងរវាងចម្ងាយដែលវាស់លើផ្ទៃផែនដី និងប្រវែងដែលបង្ហាញជាតំណាងនៅក្នុងផែនទី។ ឧទាហរណ៍ មាត្រដ្ឋាន ១/៥០,០០០មានន័យថារង្វាស់១ឯកត្តាដែលបង្ហាញលើផែនទីមានតម្លៃស្មើនឹងរង្វាស់ ៥០,០០០ ឯកត្តានៅលើផែនដី។ តាមន័យនេះ យើងអាចទាញថា មាត្រដ្ឋានកាន់តែធំទំហំផែនទីកាន់តែធំ ឬយើងអាចនិយាយឱ្យស្រួលស្ដាប់ថាទំហំផែនទីដែលមានមាត្រដ្ឋាន១/៥០,០០០ ធំជាងទំហំផែនទីដែលមានមាត្រដ្ឋាន១/១០០,០០០។
ពាក់ព័ន្ធនឹងមាត្រដ្ឋានផែនទីសម្រាប់គូសបង្ហាញបន្ទាត់មូលដ្ឋានតាមបណ្ដោយឆ្នេរ ការិយាល័យកិច្ចការមហាសមុទ្ទនិងនីតិសមុទ្ទនៃអង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍ថា “គួរតែយកមាត្រដ្ឋានចន្លោះពី១/៥០,០០០ ទៅ១/២០០,០០០”[9]។
គ. ការទទួលស្គាល់ជាផ្លូវការចំពោះផែនទី
គេប្រើពាក្យ “ផែនទីខ្នាតធំទទួលស្គាល់ដោយរដ្ឋឆ្នេរសមុទ្ទ” សំដៅដល់ផែនទីសមុទ្ទ (nautical chart) ដែលគេប្រើសម្រាប់ជាជំនួយក្នុងសកម្មភាពនាវាចរណ៍។ មានតែផែនទីសមុទ្ទប៉ុណ្ណោះដែលបង្ហាញបានលម្អិតអំពីសណ្ឋានសមុទ្ទនានាដូចជាខ្សែទឹកនាច ដីដុះ ថ្មប៉ប្រះទឹកស្ងួតជាដើម។
គ្រប់ឆ្នេរទាំងអស់នៅលើពិភពលោកសុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងផែនទី ប៉ុន្តែមិនមែនសុទ្ធតែជាផែនទីខ្នាតធំ ឬជាផែនទីដែលមានសុក្រឹតភាពទាំងស្រុង ឬក៏ត្រូវបានទទួលស្គាល់ជាផ្លូវការនោះទេ។ ក្នុងករណីដែលរដ្ឋមួយ បានបោះពុម្ពផ្សាយផែនទីនៃឆ្នេររបស់ខ្លួន គេសន្និដ្ឋានថារដ្ឋបានទទួលស្គាល់ផែនទីនោះជាផ្លូវការរួចហើយ។ ផែនទីនេះ គឺជាមូលដ្ឋានសម្រាប់បង្កើតផែនទីនៃតំបន់ដទៃទៀត។ បន្ថែមលើនេះការិយាល័យកិច្ចការមហាសមុទ្ទនិងនីតិសមុទ្ទ នៃអង្គការសហប្រជាជាតិបានផ្ដល់អនុ-សាសន៍ថា “ក្នុងករណីដែលរដ្ឋមួយមិនបានបោះផ្សាយផែនទីឆ្នេររបស់ខ្លួនទេ រដ្ឋនោះគួរតែបង្ហាញពីផែនទីណាមួយដែលខ្លួនទទួលស្គាល់ជាផ្លូវការ”[10]។
២.២. បន្ទាត់មូលដ្ឋានធម្មតា និងកត្តាពាក់ព័ន្ធ
ការគូសបន្ទាត់មូលដ្ឋានធម្មជាត្រូវផ្អែកលើខ្សែទឹកនាចនៃឆ្នេរ ប៉ុន្តែខ្សែនេះក៏អាចគូសភ្ជាប់ខ្សែទឹកនាចនៃសណ្ឋានសមុទ្ទមួយចំនួន ដូចជា ថ្មប៉ប្រះទឹក (reef) និងដីដុះ (low-tide elevation)ផងដែរ។ ខាងក្រោមយើងនឹងសិក្សាអំពីបន្ទាត់មូលដ្ឋាននៃសណ្ឋានសមុទ្ទទាំងពីរនេះ។
មាត្រា ៦ នៃអនុសញ្ញាសហប្រជាជាតិស្ដីពីនីតិសមុទ្ទ ឆ្នាំ ១៩៨២ បានចែងថា “ក្នុងករណីដែលកោះតាំងនៅលើកោះផ្កាថ្ម (Atolls) ឬករណីដែលកោះមានថ្មប៉ប្រះទឹក បន្ទាត់មូលដ្ឋានដែលប្រើសម្រាប់វាស់ប្រវែងទទឹងសមុទ្ទដែនដី គឺជាខ្សែទឹកនាច នៃថ្មប៉ប្រះទឹកនោះ ដូចបង្ហាញភ្ជាប់ដោយសញ្ញាសមស្របនៅលើផែនទីខ្នាតធំទទួលស្គាល់ជាផ្លូវការដោយរដ្ឋឆ្នេរសមុទ្ទ”។[11] មាត្រានេះ មានពាក្យគន្លឹះពីរ ដែលយើងត្រូវស្វែងយល់ នោះគឺ ពាក្យ “កោះតាំងនៅលើកោះផ្កាថ្ម” និង “កោះមានថ្មប៉ប្រះទឹក”។
កោះផ្កាថ្ម នៅមហាសមុទ្ទ ជាទូទៅមានប្រភពមកពីភ្នំភ្លើង មានបាតគ្រឹះនៅជម្រៅយ៉ាងតិច ៥៥០ ម៉ែត្រ។ កោះផ្កាថ្ម មានច្រើននៅមហាសមុទ្ទប៉ាស៊ីហ្វិក ភាគខាងលិច។ ធ្នើកោះផ្កាថ្ម ជាទូទៅស្ថិតនៅលើខ្ពង់រាបបាតសមុទ្ទ និងមានបាតគ្រឹះនៅជម្រៅរាក់ជាង ៥៥០ ម៉ែត្រ។ កោះផ្កាថ្ម ក៏មានលក្ខណៈចម្រុះដែរ ដោយមានរចនាសម្ព័ន្ធនៃកោះផ្កាថ្មថ្មីៗនៅព័ទ្ធជុំវិញកោះផ្កាថ្មចាស់។ ក្នុងភូមិសណ្ឋានវិទ្យា គេបកស្រាយពាក្យ “ថ្មប៉ប្រះទឹក” ថាកើតចេញពីដំណើរការជីវសាស្ត្រពាក់ព័ន្ធនឹងផ្កាថ្ម ខ្យងសមុទ្ទ ឬដង្កូវផ្កាថ្មម្យ៉ាង[12]។
មាត្រាខាងលើ អនុញ្ញាតឱ្យរដ្ឋយក ខ្សែទឹកនាច នៃថ្មប៉ប្រះទឹកដាក់បង្ហាញក្នុងផែនទីខ្នាតធំធ្វើជាបន្ទាត់មូលដ្ឋាន។ ថ្មប៉ប្រះទឹក ឬផ្នែកនៃថ្មប៉ប្រះទឹក ដែលស្ថិតនៅទាបជាងកម្រិតកម្ពស់ទឹក (chart datum) មិនអាចត្រូវបានប្រើប្រាស់ជាបន្ទាត់មូលដ្ឋានឡើយ។
យោងតាមមាត្រា ១៣ ខាងលើ ដីដុះ គឺជាដីដែលដុះដោយធម្មជាតិ ព័ទ្ធជុំវិញដោយទឹកហើយស្ថិតនៅលើផ្ទៃទឹកនៅពេលទឹកនាចនិងលិចបាច់នៅពេលទឹកជោរ។ ដីដុះអាចនឹងយកធ្វើជាចំណុចដែលត្រូវគូសខ្សែមូលដ្ឋានបាន ក្នុងករណីដែលដីដុះនោះទាំងស្រុង ឬផ្នែកនៃដីដុះនោះ លាតសន្ធឹងភ្ជាប់ជាមួយនឹងប្រវែងសមុទ្ទដែនដី វាស់ចេញពីដីគោក ឬចេញពីកោះណាមួយ[13]។
ក្នុងករណីដែលដីដុះលាតសន្ធឹងនៅខាងក្រៅសមុទ្ទដែនដីទាំងស្រុងវាស់ចេញពីដីគោក ឬកោះណាមួយ យើងមិនអាចប្រើប្រាស់ចំណុចនៃដីដុះនោះ គូសបន្ទាត់មូលដ្ឋានឡើយ។[14] ហេតុនេះ គេត្រូវពិនិត្យពិច័យយ៉ាងល្អិតល្អន់ថាដីដុះដែលនឹងប្រើជាចំណុច នៃបន្ទាត់មូលដ្ឋានមានលក្ខណៈវិនិច្ឆយគ្រប់គ្រាន់ដែរឬយ៉ាងណា។ ករណីនេះមានបញ្ហាមួយចំនួនកើតឡើងពាក់ព័ន្ធការកំណត់អត្តសញ្ញាណដីដុះ។
៣. បន្ទាត់មូលដ្ឋានត្រង់ (Straight Basline)
បន្ទាត់មូលដ្ឋានត្រង់សំដៅដល់ប្រព័ន្ធខ្សែត្រង់ភ្ជាប់ចំណុចជាក់លាក់នានាបន្តគ្នា ឬដាច់ពីគ្នាលើខ្សែទឹកនាច។ ចំណុចទាំងនោះគេហៅថាចំណុចរបត់នៃបន្ទាត់មូល-ដ្ឋានត្រង់។ បន្ទាត់មូលដ្ឋានត្រង់អាចប្រើបានតែនៅទីតាំងដែលមានភាពផតជ្រៅនិងចូលទៅក្នុង ឬក្នុងករណីដែលមានកោះរាយប៉ាយនៅជិតៗតាមបណ្ដោយឆ្នេរ ឬករណីពិសេសដទៃទៀតដូចជាឆក និងមាត់ទន្លេជាដើម។ ចំណុចខុសគ្នាជាសារវន្តរវាងប្រព័ន្ធបន្ទាត់មូលដ្ឋានត្រង់ និងប្រព័ន្ធបន្ទាត់មូលដ្ឋានធម្មតានៅត្រង់ថា ក្នុងប្រព័ន្ធបន្ទាត់មូលដ្ឋានត្រង់ គេគូសបន្ទាត់មូលដ្ឋានកាត់ទឹកជ្រៅ មិនមែនតាមបណ្ដោយឆ្នេរដូចប្រព័ន្ធបន្ទាត់មូលដ្ឋានធម្មតានោះទេ។
នៅពេលនិយាយអំពីវិធានពាក់ព័ន្ធនឹងបន្ទាត់មូលដ្ឋានត្រង់ អ្នកសិក្សានីតិអន្តរជាតិតែងតែរម្លឹកដល់សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទនេសាទរវាងអង់គ្លេសនិងណ័រវ៉េ ឆ្នាំ១៩៥១ ព្រោះថាសេចក្ដីសម្រេចនេះគឺជាប្រភពកំណើតវិធានខាងលើ។ កំណើតបន្ទាត់មូលដ្ឋានត្រង់ក្នុងរឿងនេះពាក់ព័ន្ធទៅនឹងឆ្នេររបស់ណ័រវ៉េដែលមានកោះ កូនកោះ ថ្ម ថ្មប៉ប្រះទឹក ដោយណ័រវ៉េហៅថា skjoergaard (បកប្រែជាខ្មែរថា “របាយថ្ម”)។ ដោយសាររបាយថ្មដែលកើតឡើងពីកោះ កូនកោះ ថ្ម និងសណ្ឋានសមុទ្ទដទៃទៀតជាច្រើននេះ នាំឱ្យរដ្ឋាភិបាលណ័រវ៉េ បានចេញក្រឹត្យមួយចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ១៩៣៥ បង្កើតតំបន់នេសាទរបស់ខ្លួន ដែលក្នុងក្រឹត្យនោះប្រទេសមួយនេះបានប្រើបន្ទាត់មូលដ្ឋានត្រង់គូសពីចំណុចនៅលើដែនដីគោកភ្ជាប់លើកោះ និងថ្មនានា។ ការណ៍នេះនាំឱ្យមានវិវាទកើតឡើង ដោយសារអង់គ្លេសជំទាស់នឹងបន្ទាត់មូលដ្ឋាននេះ ព្រោះថាតាមរយៈការអនុវត្តក្រឹត្យឆ្នាំខាងលើ នាវាអង់គ្លេសជាច្រើនត្រូវបានឃាត់ទុក។ អង់គ្លេសបានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៤៩ ហើយតុលាការបានចេញសេចក្ដីសម្រេចនៅឆ្នាំ១៩៥១ ដោយប្រកាសពាក់ព័ន្ធបន្ទាត់មូលដ្ឋានថា៖ “នៅពេលដែលឆ្នេរផតជ្រៅ និងចូលទៅក្នុង…បន្ទាត់មូលដ្ឋានត្រូវឯករាជ្យពីខ្សែទឹកនាច ហើយអាចកំណត់ដោយវិធីរេខាគណិត។”[15] បន្ថែមលើនេះតុលាការបានគូសបញ្ជាក់ថា បន្ទាត់មូលដ្ឋានត្រង់ ត្រូវអនុលោមតាមទិសដៅទូទៅនៃឆ្នេរ។[16]
៣.១. លក្ខណៈទូទៅនៃបន្ទាត់មូលដ្ឋានត្រង់
បន្ទាត់មូលដ្ឋានត្រង់ទំនើបត្រូវបានបង្កើតឡើងដោយក្រឹត្យច្បាប់របស់ប្រទេសណ័រវ៉េ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៣៥[17] និងត្រូវបានតុលាការយុត្តិធម៌អន្តរជាតិទទួលស្គាល់ថាស្របទៅនឹងនីតិអន្តរជាតិ នៅឆ្នាំ១៩៥១ ដោយគូសបញ្ជាក់ដូចខាងក្រោម៖
- នៅពេលដែលឆ្នេរមានភាពផតជ្រៅនិងចូលទៅក្នុង…បន្ទាត់មូលដ្ឋានត្រូវឯករាជ្យពីចំណុចទឹកនាច និងអាចសម្រេចដោយមធ្យោបាយរេខាគណិត ហើយ
- បន្ទាត់មូលដ្ឋានមិនត្រូវងាកចេញពីទិសដៅទូទៅនៃឆ្នេរឡើយ។[18]
ក្រោយមក មាត្រា៧ នៃអនុសញ្ញាសហប្រជាជាតិស្ដីពីនីតិសមុទ្ទ ឆ្នាំ១៩៨២ អនុញ្ញាតឱ្យរដ្ឋឆ្នេរសមុទ្ទគូសបន្ទាត់មូលដ្ឋានត្រង់ជំនួស ឬភ្ជាប់គ្នាជាមួយបន្ទាត់មូលដ្ឋានធម្មតាក្នុងករណីដែលឆ្នេរមានភាពផតជ្រៅ និងចូលទៅក្នុង(deeply indented and cut into) ឬក្នុងករណីដែលមានរបាយកោះ(fring of island)នៅជាប់ក្បែរឆ្នេរ [19]។ បន្ថែមលើនេះបន្ទាត់មូលដ្ឋានត្រង់ត្រូវគូសស្របទៅនឹងលក្ខខណ្ឌមួយចំនួនដែលកំណត់ក្នុងអនុសញ្ញាខាងលើ នោះគឺ៖
- មិនត្រូវងាកចេញពីទិសដៅទូទៅនៃឆ្នេរ(general direction of the coast)[20]
- តំបន់សមុទ្ទដែលលាតសន្ធឹងជាមួយនឹងខ្សែត្រូវភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងដែនដីគោក ដែលត្រូវចាត់ទុកក្នុងរបបដែនទឹកផ្ទៃក្នុង[21]
- មិនត្រូវគូសទៅកាន់ ឬចេញពីដីដុះ[22] និង
- មិនត្រូវកាត់សមុទ្ទដែនដីរបស់រដ្ឋដទៃចេញពីសមុទ្ទអន្តរជាតិ ឬតំបន់សេដ្ឋកិច្ចផ្ដាច់មុខ[23]។
វិធានបន្ទាត់មូលដ្ឋានត្រង់មានរឿងស្មុគស្មាញមួយចំនួនដែលត្រូវពិភាក្សា នោះគឺ ឆ្នេរផតជ្រៅនិងចូលទៅក្នុង (ក) របាយកោះនៅជាប់ក្បែរឆ្នេរ (ខ) ទិសដៅទូទៅនៃឆ្នេរ (គ) និងដីសណ្ដ (ឃ) ការជ្រើសរើសទីតាំងចំណុចមូលដ្ឋាននិងដីដុះ (ង)។
ឆ្នេរផតនិងចូលទៅក្នុងសំដៅដល់ឆ្នេរ ដែលផតចូលទៅរកដីគោក។ប៉ុន្តែអ្វីដែលត្រូវពិភាក្សានោះគឺថា តើឆ្នេរបែបណាដែលអាចចាត់ទុកជា ឆ្នេរផតជ្រៅ?
ឆ្នេរផតជ្រៅ ត្រូវបានបកស្រាយខុសៗគ្នាពីសំណាក់អ្នកច្បាប់អន្តរជាតិ។ អ្នកច្បាប់ខ្លះយល់ថា “ភាពផតតាមបណ្ដោយឆ្នេរត្រូវតែមានលើសពីមួយ ហើយករណីដែលវាផតតែមួយ គេត្រូវអនុវត្តខ្សែកាត់ឆកគតិយុត្ត(Juridical Bay) វិញ”[24] ខណៈដែលអ្នកច្បាប់ខ្លះទៀតបកស្រាយថា “ពាក្យផតជ្រៅ អាចឈរនៅតែឯង ឬភ្ជាប់ជាមួយនឹងពាក្យថាចូលទៅក្នុង ហើយពាក្យថាផតជ្រៅនេះ សំដៅដល់ការផតផ្ដេកនៃដីហើយពាក្យចូលទៅក្នុងសំដៅដល់រង្វះពុះបញ្ឈរ”[25]។
សហរដ្ឋអាមេរិក បានបកស្រាយលក្ខណៈសម្គាល់នៃឆ្នេរផតជ្រៅដូចខាងក្រោម[26]៖
- នៅត្រង់ទីតាំងដែលត្រូវពិចារណា កំណាត់បន្ទាត់មូលដ្ឋានត្រូវមានយ៉ាងតិច៧០%នៃប្រវែងសរុបនៃប្រវែងបន្ទាត់មូលដ្ឋានពាក់ព័ន្ធដែលកំណាត់បន្ទាត់នីមួយៗត្រូវមានអនុបាតធៀបនឹងពំនុះចូលក្នុងនៃឆ្នេរយ៉ាងតិច៦:១០
- ត្រូវមានផ្នែកផតយ៉ាងតិច៣កន្លែងនៅត្រង់ទីតាំងពាក់ព័ន្ធ
- កំណាត់បន្ទាត់មូលដ្ឋានត្រង់នីមួយៗមិនត្រូវមានប្រវែងលើសពី៤៨ម៉ៃល៍សមុទ្ទឡើយ។
អ្វីដែលគួរកត់សម្គាល់នោះគឺថា ឃ្លា “ផតជ្រៅនិងចូលទៅក្នុង” មានដើមកំណើតពីលក្ខណៈវិនិច្ឆយនៃឆ្នេរមួយរបស់ណ័រវ៉េ ដែលលើកឡើងក្នុងវិវាទនេសាទជាមួយអង់គ្លេស។ នៅពេលនោះតុលាការបានពិចារណាដោយផ្អែកលើកត្តាភូមិសាស្ត្រពាក់ព័ន្ធយ៉ាងច្រើន[27]។ ហេតុនេះ ការពិចារណាថាតើឆ្នេរមួយជា “ឆ្នេរផតជ្រៅនិងចូលទៅក្នុង” ត្រូវតែមានការពាក់ព័ន្ធនឹងកត្តាភូមិសាស្ត្រនានា ហើយដែលត្រូវអនុវត្តតេស្តសមាមាត្រភាព[28]។ ក្នុងរឿងនេះ ដៃសមុទ្ទដែលណ័រវ៉េហៅថា “Fjords” ស្ថិតនៅតាមបណ្ដោយឆ្នេរគឺជាសណ្ឋានដែលមានជម្រៅជ្រៅ និងពុះចូលទៅក្នុង។
ប៉ុន្តែសូមបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សមកហើយក្រោយវិវាទនេសាទខាងលើ សហគមន៍អន្តរជាតិមិនទាន់ទទួលបានវិធានបន្ទាត់មូលដ្ឋានត្រង់មួយដែលមានភាពច្បាស់លាស់ឡើយ នាំឱ្យមានការអនុវត្តរបស់រដ្ឋមួយចំនួនបានគូសបន្ទាត់មូលដ្ឋានត្រង់កាត់ឆ្នេរដែលគ្រាន់តែផតធម្មតាប៉ុណ្ណោះ។
ដូចគ្នានឹងឃ្លា “ផតជ្រៅនិងចូលទៅក្នុង”ដែរ មិនមានតេស្តណាមួយត្រូវបានទទួលស្គាល់ជាទូទៅឡើយថាកោះណាដែលអាចចាត់ថានៅរាយជាប់ក្បែរឆ្នេរ។[29] មានស្ថានភាពពីរដែលអាចចាត់ទុកថាជាស្ថានភាពរបាយកោះនៅជាប់ក្បែរឆ្នេរ។
ទីមួយ គឺវាពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងសេចក្ដីសម្រេចក្នុងវិវាទនេសាទណ័រវ៉េនិងអង់គ្លេស ពាក់ព័ន្ធនឹងកោះនានាដែលមានលក្ខណៈឯកសណ្ឋានភាពជាមួយនឹងដីគោក។ កោះទាំងនោះនៅបន្តជាមួយនឹងឆ្នេរ ហើយនៅពេលគូសក្នុងផែនទីខ្នាតតូចនឹងឃើញថាវានៅជាប់គ្នាជាមួយនឹងដីគោក។[30]
ទីពីរ គឺស្ថានភាពនេះកើតឡើងនៅពេលដែលកោះនានាស្ថិតនៅចម្ងាយសមស្របណាមួយចេញពីឆ្នេរបង្កើតបានជារបាំងបិទផ្នែកភាគច្រើននៃឆ្នេរទល់នឹងសមុទ្ទ។[31] ជាក់ស្ដែង កោះតាមបណ្ដោយឆ្នេរអតីតយូហ្គោស្លាវី (Yugoslavia) ដែលលាតសន្ធឹងចេញពីពូឡា (Pula)ទៅស៊ីបេនីក(Sibenik) គេចាត់ទុកថាជារបាយកោះនៅក្បែរឆ្នេរ។ ប៉ុន្តែឆ្នេរក៏អាចបាំងដោយកូនកោះតូចៗដែលនៅកកកុញ ហើយមានចំនួនសមស្របអាចចាត់ទុកជារបាយកោះបាន។
ចំពោះចម្ងាយដែលអាចចាត់ទុកថា“នៅជាប់ក្បែរ” ក៏មិនមានតេស្តបញ្ជាក់ណាមួយច្បាស់លាស់ដែរ។ ខណៈដែលកោះដែលស្ថិតនៅចម្ងាយប្រមាណ៣ម៉ៃល៍សមុទ្ទពីឆ្នេរគេអាចនឹងចាត់ទុកថាជាកោះនៅជាប់ក្បែរឆ្នេរ ប៉ុន្តែចំពោះកោះដែលនៅរាយប៉ាយចម្ងាយប្រមាណ១០០ម៉ៃល៍សមុទ្ទ ប្រាកដណាស់ថាពិតជាមិនអាចចាត់ទុកថានៅជាប់ក្បែរឆ្នេរឡើយ។
ទាក់ទងនឹងបញ្ហាខាងលើ សហរដ្ឋអាមេរិកបានបកស្រាយថា[32]៖
- ដោយផ្អែកលើបញ្ញត្តិដែលថា “បន្ទាត់មូលដ្ឋានត្រង់មិនត្រូវគូសងាកចេញពីទិសដៅសមស្របណាមួយនៃឆ្នេរ (មាត្រា ៧ កថាខណ្ឌទី៣ នៃអនុសញ្ញាឆ្នាំ១៩៨២)” ទំនោរទិសដៅកោះខាងក្រៅ (ឧទាហរណ៍ កោះដែលចំណុចរបត់នៃបន្ទាត់មូលដ្ឋានតាំងនៅ) មិនត្រូវងាកចេញលើសពី២០ដឺក្រេពីឆ្នេរដីគោកដែលនៅទល់មុខនោះឡើយ
- ត្រូវតែមានការពិចារណាអំពីចម្ងាយពីបណ្ដោយឆ្នេរដីគោក ទៅកោះនានាដែលនៅខាងក្រៅបំផុត
- កោះដែលចាត់ទុកថាជាផ្នែកនៃរបាយនៅក្បែរឆ្នេរមិនត្រូវមានចម្ងាយឃ្លាតពីគ្នាលើសពី២៤ម៉ៃល៍សមុទ្ទឡើយ
- កោះនានាដែលចាត់ទុកជារបាយកោះនៅក្បែរឆ្នេរត្រូវបិទផ្ទៃឆ្នេរសមុទ្ទយ៉ាងតិច៥០%
- កំណាត់បន្ទាត់មូលដ្ឋានត្រង់នីមួយៗមិនត្រូវមានប្រវែងលើសពី៤៨ម៉ៃល៍សមុទ្ទឡើយ
- កោះទាំងនោះមិនត្រូវមានចម្ងាយលើសពី ៤៨ម៉ៃល៍សមុទ្ទពីច្រាំងឡើយ។
ដូចមានបង្ហាញខាងលើ មាត្រា ៧ កថាខណ្ឌទី៣ នៃអនុសញ្ញាឆ្នាំ១៩៨២ បានចែងថា “បន្ទាត់មូលដ្ឋានត្រង់មិនត្រូវគូសងាកចេញពីទិសដៅសមស្របណាមួយនៃឆ្នេរឡើយ[33]” ដែលពាក្យពេចន៍នៃមាត្រានេះស្រង់ចេញពីសេចក្ដីសម្រេចក្នុងវិវាទនេសាទណ័រវ៉េនិងអង់គ្លេសឆ្នាំ១៩៥១។ ប៉ុន្តែ កំណាត់បន្ទាត់មូលដ្ឋានត្រង់របស់ណ័រវ៉េភាគច្រើនមានមុំមិនលើសពី១៥ដឺក្រេ។[34]
ឆ្លើយតបនឹងការណ៍នេះ សហរដ្ឋអាមេរិកបានបកស្រាយតម្លើងលំងាកមុំគម្លាតទិសដៅទូទៅនៃឆ្នេរមកមិនលើសពី ២០ ដឺក្រេវិញ។ សហរដ្ឋអាមេរិកក៏បានបន្ថែមផងដែរថា ក្នុងករណីដែលរបាយកោះពាក់ព័ន្ធជាទូទៅនៅស្របនឹងឆ្នេរ នោះខ្សែភ្ជាប់របាយកោះទៅនឹងឆ្នេរដីគោកអាចនឹងមានរង្វាស់មុំលើសពី២០ដឺក្រេ។
ប៉ុន្តែសូមបញ្ជាក់ថា ក្នុងវិវាទនេសាទឆ្នាំ១៩៥១ តុលាការយុត្តិធម៌អន្តរជាតិបានគូសបញ្ជាក់ទាក់ទងនឹងគោលគំនិត “ទិសដៅទូទៅនៃឆ្នេរ”ថាមិនជាប់ពាក់ព័ន្ធនឹងការគណនាតាមបែបគណិតវិទ្យាឡើយ។[35]
ឃ. ដីសណ្ដ (delta)
ដីសណ្ដ គឺជាលក្ខខណ្ឌបន្ថែមមួយផ្សេងទៀតសម្រាប់ការគូសបន្ទាត់មូលដ្ឋានត្រង់។ មាត្រា ៧ កថាខណ្ឌទី២ នៃអនុសញ្ញាឆ្នាំ១៩៨២ ចែងថា៖
“ករណីដែលឆ្នេរមានភាពមិនទៀងទាត់ខ្លាំងដោយសារវត្តមាននៃដីសណ្ដ និងលក្ខខណ្ឌធម្មជាតិដទៃទៀត នោះគេអាចជ្រើសរើសចំណុចសមស្របណាមួយនៅតាមខ្សែទឹកនាចខាងចុងបំផុតទៅរកសមុទ្ទ ហើយលើកលែងតែមានការថយមកក្រោយវិញនៃខ្សែទឹកនាចនោះ នោះបន្ទាត់មូលដ្ឋានត្រង់នឹងមានសុពលភាព រហូតដល់មានការកែប្រែដោយរដ្ឋឆ្នេរសមុទ្ទដោយអនុលោមតាមអនុសញ្ញានេះ។” [36]
តាមពិតទៅកថាខណ្ឌនេះនៅចំណុះនឹងកថាខណ្ឌទី១ ដែលចែងទាក់ទងនឹងឆ្នេរផតជ្រៅនិងចូលទៅក្នុង ឬរបាយកោះនៅជាប់ក្បែរឆ្នេរ។ ប៉ុន្តែយោងតាមបញ្ញត្តិនៃកថាខណ្ឌនេះ រដ្ឋអាចគូសបន្ទាត់មូលដ្ឋានត្រង់ជុំវិញខ្សែទឹកនាចនៃដីសណ្ដ ត្រង់ឆ្នេរដែលមានភាពមិនទៀងទាត់ខ្លាំង ហើយក៏មិនមានកាតព្វកិច្ចត្រូវកែប្រែចំណុចមូលដ្ឋាននៅពេលក្រោយដែរ[37] ខណៈដែលចំណុចមូលដ្ឋានអាចនឹងកែប្រែដោយអនុលោមតាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ដែរថា ពាក្យ “ដីសណ្ដ”ជាពាក្យដែលមានប្រើជាលើកដំបូងក្នុងអនុសញ្ញាឆ្នាំ១៩៨២ ដែលសេចក្ដីព្រាងមាត្រា ៧ កថាខណ្ឌទី២ យកព័ត៌មានពាក់ព័ន្ធនឹងដីសណ្ដទន្លេGanges/Brahmaputra។ វាគឺជាដីសណ្ដធំជាងគេលើពិភពលោក ដែលមានផ្ទៃប្រមាណ៦០,០០០គីឡូម៉ែត្រក្រឡា ហើយផ្ទៃជាងពាក់កណ្ដាលត្រូវលិចដោយទឹក (សូមមើលឧបសម្ព័ន្ធទី១៖ ដីសណ្ដនៅទន្លេGanges/Brahmaputra)។[38]
ង. ទីតាំងចំណុចមូលដ្ឋាន និងដីដុះ
មាត្រា៧ នៃអនុសញ្ញាឆ្នាំ១៩៨២ ក៏បានចែងផងដែរថា បន្ទាត់មូលដ្ឋានត្រង់ត្រូវភ្ជាប់ “ចំណុចសមស្រប (appropriate points)”។ តើចំណុចណាដែលគេចាត់ទុកថាសមស្របសម្រាប់ភ្ជាប់បន្ទាត់មូលដ្ឋានត្រង់?
តាមរយៈការសិក្សារបស់ការិយាល័យកិច្ចការមហាសមុទ្ទនិងនីតិសមុទ្ទ នៃអង្គការសហប្រជាជាតិបានបង្ហាញថាចំណុចសមស្របនោះ ត្រូវតែនៅលើខ្សែទឹកនាចបង្ហាញក្នុងផែនទី (charted low-water line)។ ត្រង់នេះមានន័យថា ប្រព័ន្ធបន្ទាត់មូលដ្ឋានត្រង់ត្រូវចាប់ផ្ដើមគូសលើខ្សែទឹកនាច ហើយនៅពេលបញ្ចប់ក៏នៅលើខ្សែទឹកនាចដែរ។
កថាខណ្ឌទី៤ នៃមាត្រា ៧ បានហាមឃាត់មិនឱ្យគូសបន្ទាត់មូលដ្ឋានត្រង់ទៅរកឬចេញពីដីដុះ លើកលែងតែមានករណីណាមួយក្នុងចំណោមលក្ខខណ្ឌទាំងពីរខាងក្រោមនេះ៖
- ទីមួយ ប្រសិនបើដីដុះពាក់ព័ន្ធមានសាងសង់សើនបញ្ចាំងភ្លើង (lighthouse)ឬរចនាសម្ព័ន្ធប្រហាក់ប្រហែល
- ទីពីរ ការប្រើដីដុះជាចំណុចមូលដ្ឋានសម្រាប់គូសបន្ទាត់មូលដ្ឋានត្រង់មានទទួលស្គាល់ជាអន្តរជាតិ។
៣.២. បន្ទាត់មូលដ្ឋានត្រង់ និងកត្តាពាក់ព័ន្ធ
បន្ទាត់មូលដ្ឋានត្រង់ ដើរតួជាអ្នកជំនួសឱ្យបន្ទាត់មូលដ្ឋានធម្មតាក្នុងស្ថានភាពភូមិសាស្ត្រស្មុគស្មាញនានា ដៃទន្លេ ឆក ឆកប្រវត្តិសាស្ត្រ ទឹកប្រវត្តិសាស្ត្រ កំពង់ផែ ផ្លូវចំណតនាវា និងកោះជាដើម។ យើងនឹងសិក្សាកត្តានីមួយៗខាងក្រោម។
មាត្រា៩ នៃអនុសញ្ញាឆ្នាំ១៩៨២ បានចែងថា “នៅពេលដែលទន្លេ ហូរចូលដោយផ្ទាល់ទៅក្នុងសមុទ្ទ បន្ទាត់មូលដ្ឋានជាបន្ទាត់ត្រង់កាត់មាត់ទន្លេរវាងចំណុចនៅលើខ្សែទឹកនាចនៃច្រាំងទន្លេនោះ” [39]។ មាត្រានេះមិនបានផ្ដល់ការណែនាំជាក់លាក់ណាមួយពាក់ព័ន្ធនឹងការជ្រើសរើសចំណុចមូលដ្ឋាន នៃខ្សែបិទមាត់ទន្លេឡើយប៉ុន្តែអនុសញ្ញានេះបានផ្ដល់លក្ខខណ្ឌថាចំណុចនោះត្រូវតែនៅលើ“ខ្សែទឹកនាចនៃច្រាំងទន្លេ”។ មានករណីខ្លះ មាត់ទន្លេក៏ជាតំបន់មួយដែលពិបាកកំណត់ផងដែរ ជាពិសេសនៅតាមបណ្ដោយឆ្នេរវែងដែលមានកម្រិតជំនោរឬលំនាចខ្ពស់។
បើនិយាយពីការបកប្រែផ្លូវការរវាងភាសាបារាំង និងភាសាអង់គ្លេសចំពោះមាត្រាខាងលើនេះវិញ យើងឃើញថា មានចំណុចខុសគ្នាបន្តិច។ភាសាបារាំងប្រើឃ្លាថា “si un fleuve se jette dans lamer sans former estuaire …(ប្រសិនបើទន្លេហូរចូលទៅក្នុងសមុទ្ទដោយមិនមានបង្កើតបានជាពាម)”ចំណែកភាសាអង់គ្លេសវិញប្រើឃ្លាថា “If a river flows directly into the sea…(ប្រសិនបើទន្លេហូរចូលដោយផ្ទាល់ទៅក្នុងសមុទ្ទ”។ ចំណុចខុសគ្នាគឺត្រង់ថា ឃ្លាភាសាបារាំងមានពាក្យថា “បង្កើតបានជាពាម” ចំណែកភាសាអង់គ្លេស ប្រើពាក្យថា “ហូរចូលទៅក្នុងសមុទ្ទដោយផ្ទាល់” ដោយមិនបានប្រើពាក្យ “ពាម”ឡើយ។
ត្រង់នេះសូមបញ្ជាក់ពីភាពខុសគ្នារវាងពាក្យ “មាត់ទន្លេ” និងពាក្យ “ពាម”។ ពាក្យ “មាត់ទន្លេ” ភាសាអង់គ្លេសហៅថា “River Mouth” ចំណែកពាក្យ “ពាម”ភាសាអង់គ្លេសប្រើពាក្យថា “esturies” ចំណែកភាសាបារាំងដែលប្រើក្នុងអនុសញ្ញាឆ្នាំ១៩៨២ គឺ “estuaire”។ វចនានុក្រមសម្ដេចជួនណាត បានបកស្រាយពាក្យ “ពាម”ថាជាមាត់ព្រែក ឬមាត់ស្ទឹងដែលបែកចេញពីទន្លេទៅ, មាត់ទន្លេដែលហូរទៅជាប់នឹងសមុទ្ទ ដូចយ៉ាងពាមផ្កាយម្រេច, ពាមរ, ឬពាមសែន, ពាមកញ្ជើ (នៅកម្ពុជាក្រោម) ជាដើម។ ក្នុងបរិបទនីតិសមុទ្ទ ជាទូទៅ នៅក្នុងពាមមានលាយចម្រុះគ្នារវាងទឹកប្រៃនៃសមុទ្ទ និងទឹកសាបនៃទន្លេ។ លទ្ធផលនៃការលាយគ្នារវាងទឹកសមុទ្ទ និងទឹកទន្លេនេះ នាំឱ្យទឹកនៅពាម មិនប្រៃខ្លាំងដូចទឹកសមុទ្ទឡើយ។ មានន័យថា នៅពាម ទឹកអាចហូរចេញ និងចូលបាន ចំណែកមាត់ទន្លេបង្ហូរទឹកសាបភាគច្រើនបំផុតទៅក្នុងសមុទ្ទ។ យើងអាចនិយាយបានថា ពាមគឺជាតំបន់អន្តរកម្ម ឬលាយគ្នារវាងទឹកសាប និងទឹកប្រៃ ខណៈដែលមាត់ទន្លេត្រូវបកស្រាយយ៉ាងចង្អៀតថាជាទីតាំងដែលជាចំណុចបញ្ចប់នៃទន្លេ និងជាចំណុចចាប់ផ្ដើមនៃដែនទឹកដទៃទៀតដែលទទួលទឹកពីទន្លេនោះ។
អ្នកជំនាញនៃអង្គការសហប្រជាជាតិ បានផ្ដល់អនុសាសន៍ថា ឃ្លាភាសាអង់គ្លេស គួរតែបកស្រាយក្នុងន័យស្របគ្នានឹងឃ្លាជាភាសាបារាំង សម្រាប់មាត្រានេះ។[40] មាត្រា៩ អាចអនុវត្តបានតែចំពោះករណីដែលអវត្តមានពាមប៉ុណ្ណោះ។ ចំណែកពាមត្រូវអនុវត្តស្របតាមបញ្ញត្តិនៃមាត្រា១០ ដែលចែងពាក់ព័ន្ធនឹងឆក។
បន្ថែមលើនេះ មាត្រា៩ មិនបានដាក់កម្រិតអំពីប្រវែងបន្ទាត់បិទមាត់ទន្លេឡើយ ហើយវាហាក់មានភាពបត់បែនពាក់ព័ន្ធនឹងការជ្រើសរើសចំណុចមូលដ្ឋានសម្រាប់គូសខ្សែបិទមាត់ទន្លេនោះ។ នេះអាចថា មកពីភាពលំបាកក្នុងការកំណត់ទីតាំងជាក់លាក់នៃមាត់ទន្លេ។ខ្សែបិទមាត់ទន្លេត្រូវដៅបង្ហាញក្នុងផែនទី ឬចុះក្នុងបញ្ជីកូអរដោនេ។[41]
បញ្ហានានាពាក់ព័ន្ធនឹងឆក ត្រូវបានលើកមកចែងក្នុងមាត្រា ១០ នៃអនុសញ្ញាឆ្នាំ១៩៨២។ ប៉ុន្តែ អនុសញ្ញានេះមិនបានចែងលើគ្រប់បញ្ហានៃឆកទាំងបីប្រភេទឡើយ។ ឆកទាំងបីប្រភេទទីនេះ សំដៅដល់ឆកជាកម្មសិទ្ធិរបស់រដ្ឋមួយ ឆកជាកម្មសិទ្ធិរបស់រដ្ឋច្រើន និងឆកប្រវត្តិសាស្ត្រ។ កថាខណ្ឌទី១ នៃមាត្រានេះ ចែងពីអញ្ញត្រកម្មចំពោះឆកដែលជាកម្មសិទ្ធិរួមរបស់រដ្ឋពីរឬច្រើន។ បន្ថែមលើនេះ កថាខណ្ឌចុងក្រោយ ក៏បានចែងអំពីអញ្ញត្រកម្មចំពោះឆកប្រវត្តិសាស្ត្រ និងឆកដែលត្រូវបានប្ដូរមកជាដែនទឹកផ្ទៃក្នុងដោយបន្ទាត់មូលដ្ឋានត្រង់ក្រោមមាត្រា៧។ មានន័យថា មាត្រា១០ ចែងតែអំពីឆកកម្មសិទ្ធិនៃរដ្ឋមួយប៉ុណ្ណោះ ដោយគេហៅថា “ឆកគតិយុត្ត (Juridical Bay)”។
ចំណែកកថាខណ្ឌទី២ នៃមាត្រាខាងលើបានចែងថា៖
“ឆក គឺជាផ្នែកផតមើលឃើញច្បាស់ ដោយផ្នែកលយចូលទៅដីគោកសមាមាត្រទៅនឹងទទឹងរបស់វា បង្កើតបានជាផ្ទៃទឹកព័ទ្ធដោយដីគោក និងបង្កើតជាកំណោងខ្លាំងនៃឆ្នេរសមុទ្ទ។ ប៉ុន្តែ ផ្នែកផតនេះមិនត្រូវចាត់ទុកជាឆកទេប្រសិនបើផ្ទៃរបស់វាមានទំហំស្មើ ឬធំជាងពាក់កណ្ដាលរង្វង់ដែលមានអង្កត់ផ្ចិតជាខ្សែគូសកាត់មាត់ នៃផ្នែកផតនោះ។”[42]
ការកំណត់បែបនេះនាំឱ្យមានការបកស្រាយប្រកបដោយភាពបត់បែន។ ការធ្វើតេសធរណីវិទ្យាដ៏មានភាពច្បាស់លាស់ និងពិតប្រាកដសម្រាប់ស្ថានភាពគតិយុត្តនៃឆកត្រូវបានបង្កើតឡើងផងដែរ ដែលនោះគេហោះថា “ការធ្វើតេស្ដពាក់កណ្ដាលរង្វង់ (Semicircle test)”។
យើងឃើញថា កថាខណ្ឌទី២ ចែងសំដៅដល់ “ផ្នែកផតមើលឃើញច្បាស់” ដែលយើងអាចសន្មតថា ឆកមិនមែនគ្រាន់តែជាកំណោងធម្មតានៃឆ្នេរឡើយ។ គួរបញ្ជាក់ថា គោលគំនិតនៃឆក គឺសំដៅដល់ដែនទឹកចូលជ្រៅទៅរកដែនដីគោកស្ទើរតែបិទជិតនៅត្រង់មាត់របស់វា។ ត្រង់នេះហើយដែលនាំឱ្យមានការបកស្រាយខុសៗគ្នាអំពីឋានៈនៃឆកនេះ។ ហេតុនេះ ដើម្បីដោះស្រាយលើបញ្ហាខាងលើ គេបន្ថែមតេស្តមួយទៀតលើតេស្តពាក់កណ្ដាលរង្វង់ នោះគឺតេស្តតាមបែបគណិតសាស្ត្រ។ រូបមន្តនេះមានចែងលម្អិតក្នុងកថាខណ្ឌទី៣ នៃមាត្រាខាងលើ ដោយបានកំណត់ថា “ក្នុងគោលបំណងវាស់វែង គេកំណត់ថាផ្ទៃនៃផ្នែកផតត្រូវលាតសន្ធឹងចន្លោះចំណុចទឹកនាចជុំវិញច្រាំងនៃផ្នែកផតនោះ និងខ្សែតភ្ជាប់ចំណុចទឹកនាចនៃច្រកចូលធម្មជាតិរបស់វា។ករណីដែលផ្នែកផតមានមាត់ច្រើនដោយសារវត្តមានកោះ ពាក់កណ្ដាលរង្វង់ត្រូវគូសលើខ្សែដែលមានប្រវែងស្មើនឹងប្រវែងសរុបនៃខ្សែកាត់មាត់ផ្សេងៗគ្នា។ កោះក្នុងផ្នែកផតត្រូវរាប់បញ្ចូលដូចជាផ្នែកនៃដែនទឹកនៃផ្នែកដែលផតចូលនោះ”។ ចំណែកកថាខណ្ឌទី៤ បានកំណត់ថា “ប្រសិនបើចម្ងាយរវាងចំណុចទឹកនាចនៃច្រកចូលធម្មជាតិរបស់ឆកសមុទ្ទ មិនលើសពី២៤មៃល៍សមុទ្ទទេនោះ ខ្សែបិទអាចគូសរវាងចំណុចទឹកនាចពីរ ហើយផ្ទៃទឹកដែលហ៊ុំព័ទ្ធដោយខ្សែនោះ ត្រូវចាត់ទុកថាដែនទឹកផ្ទៃក្នុង”។ បន្ថែមលើនេះ កថាខណ្ឌទី៥ ក៏បានកំណត់ផងដែរថា “នៅពេលចម្ងាយរវាងចំណុចទឹកនាច នៃច្រកចូលធម្មជាតិលើពី២៤មៃល៍សមុទ្ទ បន្ទាត់មូលដ្ឋានត្រង់ដែលមានប្រវែង២៤មៃល៍សមុទ្ទ ត្រូវគូសក្នុងឆកសមុទ្ទ ដោយធ្វើយ៉ាងណាដើម្បីព័ទ្ធបញ្ចូលផ្ទៃទឹកអតិបរមា ដែលអាចធ្វើទៅបានជាមួយនឹងប្រវែងខ្សែនោះ”។
មានន័យថា វិជ្ឈមាត្រនៃពាក់កណ្ដាលរង្វង់ដែលប្រើសម្រាប់តេស្តសុពលភាពនៃឆ្នេរណាមួយ ត្រូវតែ សមមូលទៅនឹងមាត់នៃឆក។ ទោះជាយ៉ាងនេះក្ដី យើងនៅតែមានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងឃ្លាថា “ចំណុចច្រកចូលធម្មជាតិ”នៃឆ្នេរ។ ពាក់ព័ន្ធនឹងករណីនេះ របាយការណ៍របស់ការិយាល័យកិច្ចការមហាសមុទ្ទនិងនីតិសមុទ្ទនៃអង្គការសហប្រជាជាតិបានបញ្ជាក់ថា ឆកខ្លះអាចបង្កើតចំណុចមួយចំនួនដែលអាចចាត់ទុកជាច្រកចូលធម្មជាតិ ខណៈដែលឆកខ្លះទៀតមានច្រកចូលជាកំណោងរាបស្មើដែលយើងពិបាកនឹងកំណត់ចំណុចច្រកចូលធម្មជាតិលើផ្នែកម្ខាង ឬទាំងសងខាង។[43]
ចំពោះករណីដែលចំណុចចូលធម្មជាតិនៅផ្នែកម្ខាងត្រូវបានកំណត់ច្បាស់លាស់ ខណៈដែលចំណុចនៅម្ខាងទៀតមិនអាចកំណត់បានដោយសារឆ្នេររាបស្មើ គេអាចវាស់ចម្ងាយរវាងចំណុចច្រកចូលធម្មជាតិ និងចំណុចដែលជ្រោយភ្ជាប់ជាមួយនឹងឆ្នេររាបស្មើនៅក្នុងជម្រៅនៃឆ្នេរ។ ចម្ងាយនេះអាចលាតសន្ធឹងតាមឆ្នេររាបស្មើដើម្បីកែតម្រូវចំណុចច្រកចូលដែលមិនសមស្រប។
គ.ឆកប្រវត្តិសាស្ត្រ និងទឹកប្រវត្តិសាស្ត្រ
ទោះបីជាកថាខណ្ឌទី៦ នៃ អនុសញ្ញា ឆ្នាំ១៩៨២ បានចែងអំពី “ឆកប្រវត្តិ-សាស្ត្រ”ក្ដី ប៉ុន្តែគេ មិនបានផ្ដល់និយមន័យលើពាក្យនេះឡើយ។ ចំណែកលោក Bouchez បានឱ្យនិយមន័យ ទឹកប្រវត្តិសាស្ត្រ ថាគឺជាដែនទឹកដែលរដ្ឋឆ្នេរសមុទ្ទបានអនុវត្តអធិបតេយ្យលើនោះ ដោយជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព បន្ដឥតដាច់ ឆ្លងកាត់រយៈពេលសមស្របមួយ ព្រមទាំងត្រូវបានទទួលស្គាល់ដោយសហគមន៍នៃរដ្ឋ។ ក្នុងវិវាទរវាងប្រទេស អ៊ែលសាលវ៉ាឌ័រ ជាមួយ ហង់ដូរ៉ាស (១៩៩២) តុលាការយុត្តិធម៌អន្តរជាតិបានឱ្យនិយមន័យថា “ទឹកប្រវត្តិសាស្ត្រ គឺជាដែនទឹកដែលរដ្ឋចាត់ទុកវាដូចជាដែនទឹកផ្ទៃក្នុង ប៉ុន្តែមិនមានចរិតលក្ខណៈបែបនោះឡើយប្រសិនបើរដ្ឋមិនមានសិទ្ធិប្រវត្តិសាស្ត្រលើតំបន់នោះ”។
យោងតាមនិយមន័យទាំងអស់ខាងលើមានទទួលស្គាល់ជាទូទៅថាយ៉ាងហោចណាស់មានស្ថានភាព៣យ៉ាងដែលនាំឱ្យគេពិចារណាថា រដ្ឋមួយមានសិទ្ធិប្រវត្តិ-សាស្ត្រលើតំបន់សមុទ្ទណាមួយ។ ស្ថានភាពទាំងនោះគឺ៖
- ការអនុវត្តអំណាចគ្រប់គ្រងលើតំបន់ ដែលរដ្ឋនោះទាមទារ
- ការបន្តអនុវត្តអំណាចគ្រប់គ្រងនេះយ៉ាងជាប់លាប់
- ឥរិយាបថរបស់រដ្ឋបរទេស។
ដំបូងរដ្ឋត្រូវអនុវត្តអំណាចគ្រប់គ្រង លើតំបន់សមុទ្ទក្នុងគោលបំណងទទួលបានសិទ្ធប្រវត្តិសាស្ត្រ។ បន្ទាប់មក ការអនុវត្តអំណាចគ្រប់គ្រង ត្រូវតែបន្តឥតអាក់ខាន ក្នុងកាលកំណត់ណាមួយ។ ជាចុងក្រោយ ហើយដែលជាបញ្ហាចម្រូងចម្រាសនោះគឺ ជំហររបស់រដ្ឋបរទេស ជំពោះការអនុវត្តអំណាចគ្រប់គ្រងនោះ។ អ្នកនិពន្ធមួយចំនួនអះអាងថា ការយល់ព្រមពីសំណាក់រដ្ឋដទៃ ជាតម្រូវការចាំបាច់ ដើម្បីបង្កើតបានជាសិទ្ធិប្រវត្តិសាស្ត្រ។ ចំណែកអ្នកនិពន្ធផ្សេងទៀត យល់ថាអវត្តមាននៃការជំទាស់ពីសំណាក់រដ្ឋដទៃគឺគ្រប់គ្រាន់សម្រាប់ការបង្កើតសិទ្ធិប្រវត្តិសាស្ត្រ។
នៅពេលដែលដែនទឹក ឬឆកមួយត្រូវបានគេទទួលស្គាល់ថាជាដែនទឹក ឬឆកប្រវត្តិសាស្ត្រ នោះរដ្ឋអាចគូសបន្ទាត់មូលដ្ឋានត្រង់ដើម្បីក្ដោបយកដែនទឹក ឬឆកនោះបាន។ ទោះជាយ៉ាងនេះក្ដី កម្រមានការទទួលស្គាល់អំពីសិទ្ធិប្រវត្តិសាស្ត្រនេះណាស់។
ឃ.កំពង់ផែ (port) និងផ្លូវចំណតនាវា(Roadsteads)
មាត្រា១១ និងមាត្រា ១២ នៃអនុសញ្ញាឆ្នាំ១៩៨២ បានចែងពាក់ព័ន្ធនឹងកំពងផែ និងផ្លូវចំណតនាវា។ មាត្រា ១១ ចែងថា “ចំណុចចុងបំផុតនៃសកម្មភាពកំពង់ផែ បង្កើតបានជាផ្នែកទាំងស្រុងនៃប្រព័ន្ធកំពង់ផែ ត្រូវចាត់ទុកដូចជាផ្នែកមួយនៃឆ្នេរសមុទ្ទ។ប៉ុន្តែ ឋបនីយភណ្ឌ និងកោះសិប្បនិម្មិត ឯនាយសមុទ្ទ មិនចាត់ទុកជាសកម្មភាពអចិន្ត្រៃយ៍នៃកំពង់ផែឡើយ។[44]” ចំណែកមាត្រា ១២ ចែងថា“ផ្លូវចំណតនាវា ដែលជាទូទៅប្រើសម្រាប់ការលើក ដាក់ទំនិញ និងបោះយុថ្កានាវា និងស្ថិតនៅខាងក្រៅចំណុចចុងបំផុតនៃសមុទ្ទដែនដី ត្រូវចាត់ទុកថាជាផ្នែកនៃសមុទ្ទដែនដី។”
ក្រោមមាត្រា ១១ សណ្ឋានដែលមានលក្ខណៈអចិន្ត្រៃយ៍ដែលបង្កើតបានជាប្រព័ន្ធកំពង់ផែទាំងស្រុង ត្រូវគេចាត់ទុកថាជាផ្នែកនៃឆ្នេរ។ សណ្ឋាននេះអាចគិតទាំងទំនប់ទឹកទាំងស្រុងនៃប្រព័ន្ធកំពង់ផែផងដែរ។ ម្យ៉ាងទៀត ឋបនីយភណ្ឌ និងកោះសិប្បនិម្មិតនៅឯនាយសមុទ្ទមិនត្រូវបានចាត់ទុកថាជាកិច្ចការអចិន្ត្រៃយ៍នៃកំពងផែឡើយ។ មាត្រានេះប្រើពាក្យថា “ចាត់ទុកជាផ្នែកនៃឆ្នេរ” គឺសំដៅថា អាចយកធ្វើជាចំណុចមូលដ្ឋានសម្រាប់ការគូសបន្ទាត់មូលដ្ឋានបាន។ ដូចគ្នាដែរ មាត្រា៥០ នៃអនុសញ្ញានេះ ក៏អនុញ្ញាតផងដែរដល់រដ្ឋប្រជុំកោះគូសខ្សែបិទបង្កើតដែនទឹកផ្ទៃក្នុងស្របតាមមាត្រា៩ មាត្រា១០ និងមាត្រា១១។
តាមពិតមាត្រា១២ ខាងលើ មិនមានពាក់ព័ន្ធជាមួយបន្ទាត់មូលដ្ឋានឡើយ ប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងដែនកំណត់ខាងក្រៅនៃសមុទ្ទដែនដី។ អាចថា នៅឆ្នាំ១៩៥៨ ដែលពេលនោះមានរដ្ឋជាច្រើននៅតែទាមទារសមុទ្ទដែនដីចំនួន៣ម៉ៃល៍សមុទ្ទ ហើយនៅក្នុងប្រវែងនោះមានផ្លូវចំណតនាវាមួយចំនួន ដែលអាចនឹងលាតសន្ធឹងហួសពីសមុទ្ទដែនដី (៣ម៉ៃល៍សមុទ្ទនៅពេលនោះ)។ ក្រោយពីសមុទ្ទដែនដីត្រូវបានតម្លើងមក ១២ម៉ៃល៍សមុទ្ទ ចំនួនផ្លូវចំណតនាវាដែលលាតសន្ធឹងហួសសមុទ្ទដែនដី ត្រូវកាត់បន្ថយដែរ។ នៅពេលដែលផ្នែកណាមួយនៃផ្លូវចំណតនាវាសណ្ដូកត្រួតជាមួយនឹងសមុទ្ទដែនដី នោះគេគ្រាន់តែពង្រីកក្រវ៉ាត់សមុទ្ទដែនដីដើម្បីក្ដោបយកផ្នែកនៃផ្លូវចំណតនាវា ដែលលាតសន្ធឹងហួសដែនកំណត់ធម្មតា នៃសមុទ្ទដែនដីប៉ុណ្ណោះ។ ប្រសិនបើមិនមានផ្នែកណាមួយនៃផ្លូវចំណតនាវាលាតសន្ធឹងហួសសមុទ្ទដែនដី គេសន្មតថាវាជាផ្នែកទាំងស្រុងនៃសមុទ្ទដែនដី។
របបកោះគឺជាកត្តានាំមកនូវភាពចម្រូងចម្រាសយ៉ាងច្រើនក្នុងការគូសបន្ទាត់មូលដ្ឋាន និងការកំណត់ព្រំដែនសមុទ្ទ ដោយសារថាច្បាប់អន្តរជាតិបានអនុញ្ញាតឱ្យកោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមុទ្ទដែនដី តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងខ្ពង់រាបបាតសមុទ្ទដូចដែនដីគោកធម្មតាដែរ។ របបកោះមានចែងក្នុងមាត្រា១២១ នៃអនុសញ្ញាឆ្នាំ១៩៨២ ប៉ុន្តែបញ្ញត្តិនៃមាត្រានេះមិនមានភាពច្បាស់លាស់គ្រប់គ្រាន់ឡើយ ដែលជាហេតុនាំឱ្យមានការបកស្រាយខុសៗគ្នាជាច្រើនកើតឡើង។[45]
មាត្រា៤៧ កថាខណ្ឌទី១ នៃអនុសញ្ញាឆ្នាំ១៩៨២ បានកំណត់ថា “រដ្ឋប្រជុំកោះ អាចគូសបន្ទាត់មូលដ្ឋានដោយភ្ជាប់ចំណុចខាងក្រៅបំផុតនៃកោះខាងក្រៅបំផុត និងថ្មប៉ប្រះទឹកស្ងួតនៃប្រជុំកោះនោះ”។ ខណៈដែលវិធានច្បាប់អន្តរជាតិពាក់ព័ន្ធត្រូវបានចងក្រងឡើងក្នុងអនុសញ្ញាឆ្នាំ១៩៨២ ឥណ្ឌូនេស៊ី គឺជាអ្នកត្រួសត្រាយផ្លូវដំបូងគេ សម្រាប់គោលគំនិតប្រជុំកោះ ហើយជារឿងគួរឱ្យកត់សម្គាល់ដែលថា បញ្ញត្តិគ្រប់គ្រងលើការគូសបន្ទាត់មូលដ្ឋានទាំងនោះក្នុងមាត្រា៤៧ នៃអនុសញ្ញាខាងលើ កើតឡើងដោយការពិចារណាលើគំរូដើម នៃការអះអាងបន្ទាត់មូលដ្ឋានរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ១៩៦០។
ផ្នែកនេះនឹងសិក្សាអំពីរដ្ឋប្រជុំកោះនិងបន្ទាត់មូលដ្ឋាន(៤.១) និងការគូសបន្ទាត់មូលដ្ឋានប្រជុំកោះ(៤.២)។
៤.១. រដ្ឋប្រជុំកោះ និងបន្ទាត់មូលដ្ឋានប្រជុំកោះ
មុនសន្និសីទចងក្រងច្បាប់អន្តរជាតិ ឆ្នាំ១៩៣០ មិនសូវមានគេយកចិត្តទុកដាក់លើគោលគំនិតប្រជុំកោះឡើយ។ មិនតែប៉ុណ្ណោះសន្និសីទឡាអេមួយនេះក៏បរាជ័យផងដែរ ក្នុងការកំណត់បញ្ញត្តិពាក់ព័ន្ធនឹងគោលគំនិតមួយនេះ។[46] នៅពេលនោះ គេមិនទាន់អាចបែងចែកបានឡើយពីភាពខុសគ្នានៃប្រជុំកោះនៃឆ្នេរ (Coastal Archipelagos)និងប្រជុំកោះមហាសមុទ្ទ (Mid-Ocean Archipelagos)។ បន្ថែមលើនេះ ភាពចម្រូងសម្រាសក្នុងកិច្ចពិភាក្សាបានកើតឡើងពាក់ព័ន្ធនឹងប្រព័ន្ធបន្ទាត់មូលដ្ឋាន ដែលត្រូវអនុវត្តចំពោះប្រជុំកោះទាំងពីរប្រភេទនេះ។ ក្រោយមកមានអ្នកច្បាប់អន្តរជាតិមួយចំនួនបានព្យាយាមបកស្រាយគំនិតនានាពាក់ព័ន្ធនឹងរបបប្រជុំកោះ។ ក្នុងនោះ អ្នកច្បាប់ជនជាតិណ័រវ៉េម្នាក់ គឺលោក ជេនស៍ អេវែនស៊ែន (Jens Evensen) បានរៀបចំឯកសារត្រៀមមួយសម្រាប់ការចរចាក្នុងសន្និសីទឆ្នាំ១៩៥៨ ដែលក្នុងឯកសារនោះគាត់បានព្យាយាមឱ្យនិយមន័យប្រជុំកោះតាមបែបភូមិវិទ្យា។ លោកបានបែងចែកប្រជុំកោះជាពីរប្រភេទគឺ៖
- ប្រជុំកោះនៃឆ្នេរ៖ សំដៅដល់ប្រជុំកោះនៅឆ្ងាយពីឆ្នេរ
- ប្រជុំកោះមហាសមុទ្ទ៖ សំដៅដល់ខ្សែនៃកោះ កូនកោះ ឬថ្មនានាបង្កើតបានជារបាំងនៃឆ្នេរដីគោកទល់នឹងមហាសមុទ្ទ ឬខ្សែកោះ កូនកោះ ឬថ្មទាំងនោះអាចកាត់កែងជាមួយនឹងឆ្នេរដីគោកបង្កើតបានជារូបសណ្ឋានដែលលាតសន្ធឹងវែងទៅសមុទ្ទដូចជាឧបទ្វីប។[47]
ក្រោយមក គោលគំនិតនៃរបបគតិយុត្តរដ្ឋប្រជុំកោះ ត្រូវបានយកមកចែងនៅក្នុងមាត្រា ៤៦ នៃអនុសញ្ញាឆ្នាំ១៩៨២។ មាត្រានេះឱ្យនិយមន័យរដ្ឋប្រជុំកោះថា “ជារដ្ឋដែលកើតឡើងទាំងស្រុងដោយប្រជុំកោះមួយឬច្រើន ហើយអាចរួមបញ្ចូលជាមួយនឹងកោះដទៃទៀត” [48]។ នៅឆ្នាំ២០០៧ ការិយាល័យនីតិកម្មនៃអង្គការសហប្រជាជាតិបានបង្ហាញថា មានរដ្ឋប្រជុំកោះចំនួន២០ រដ្ឋ[49] ដែលបានទាមទារឋានៈរដ្ឋប្រជុំកោះជាផ្លូវការតាមរយៈការចេញផ្សាយក្រឹត្យច្បាប់របស់ខ្លួន។ នៅពេលដែលរដ្ឋណាមួយមានឋានៈជារដ្ឋប្រជុំកោះ មានន័យថារដ្ឋនោះអាចគូសបន្ទាត់ មូលដ្ឋានប្រជុំកោះស្របតាមច្បាប់អន្តរជាតិ។
មុនមានអនុសញ្ញាសហប្រជាជាតិស្ដីពីនីតិសមុទ្ទ គេមិនបានកត់សម្គាល់ឡើយពីចរិតលក្ខណៈពិសេស ព្រមទាំងសិទ្ធិនិងកាពត្វកិច្ចនៃរដ្ឋប្រជុំកោះ។[50] ក្នុងសន្និសីទលើកទី១ ស្ដីពីនីតិសមុទ្ទ (១៩៥៨) មានរដ្ឋជាច្រើនបានជំទាស់ទៅនឹងរបបពិសេសមួយនេះ ព្រោះពួកគេបារម្ភថា របបថ្មីនេះអាចនឹងមានឥទ្ធិពលដល់របបគតិយុត្តសមុទ្ទដែលធ្លាប់មានពីមុន ពោលគឺអាចថាដែនទឹកដែលធ្លាប់ជាសមុទ្ទដែនដី ឬសមុទ្ទអន្តរជាតិ បែរជាប្រែក្លាយមកជាដែនទឹកផ្ទៃក្នុងរបស់រដ្ឋមួយទៅវិញ ហើយការណ៍នេះនឹងនាំឱ្យបាត់បង់សិទ្ធិនាវាចរណ៍ដែលធ្លាប់មានលើដែនទឹកនោះផងដែរ ជាពិសេសករណីប្រជុំកោះបាហាម៉ាស (Bahamas ហ្វ៊ីជី (Fiji) ឥណ្ឌូនេស៊ី និងហ្វីលីពីន។[51]
៤.២. ការគូសបន្ទាត់មូលដ្ឋានប្រជុំកោះ
មាត្រា៤៧ នៃអនុសញ្ញាឆ្នាំ១៩៨២ បានចែងពីលក្ខខណ្ឌនានា ពាក់ព័ន្ធនឹងការគូសបន្ទាត់មូលដ្ឋានប្រជុំកោះ ដោយកំណត់លក្ខខណ្ឌដែលមានភាពតឹងតែង និងអាចថារដ្ឋដែលមានបំណងគូសបន្ទាត់មូលដ្ឋានប្រជុំកោះនឹងពិបាកបំពេញតាមលក្ខខណ្ឌទាំងនោះ។
ក. ការគូសភ្ជាប់ចំណុចខាងក្រៅបំផុតនៃកោះដែលនៅខាងក្រៅបំផុត
កថាខណ្ឌទី១ នៃមាត្រា៤៧ ប្រើឃ្លាថា “រដ្ឋប្រជុំកោះអាចគូសបន្ទាត់មូលដ្ឋានប្រជុំកោះភ្ជាប់ចំណុចខាងក្រៅបំផុតនៃកោះដែលនៅខាងក្រៅបំផុត និងថ្មប៉ប្រះទឹកស្ងួតនៃប្រជុំកោះ”។ “ថ្មប៉ប្រះទឹកស្ងួត” គឺជាផ្នែកនៃថ្មប៉ប្រះទឹកដែលនៅហួសពីទឹកនៅពេលទឹកនាច ហើយវានឹងលិចទឹកនៅពេលទឹកជោរ។[52] កថាខណ្ឌដដែលក៏បានបញ្ជាក់ផងដែរថា “បន្ទាត់មូលដ្ឋានប្រជុំកោះត្រូវបញ្ចូលកោះចម្បងនានា”ខណៈដែលពាក្យ “ចម្បង” មិនត្រូវបានកំណត់ឱ្យច្បាស់លាស់ឡើយ ហើយយើងត្រូវការតេស្ដវត្ថុវិស័យ (objective test) ដើម្បីបញ្ជាក់ឱ្យច្បាស់លើបច្ចេកសព្ទមួយនេះ។[53] អនុសញ្ញាឆ្នាំ១៩៨២ បានទុកបច្ចេកសព្ទមួយនេះក្នុងភាពមិនច្បាស់ ដែលជាលទ្ធផលគេអាចបកស្រាយតាមបែបភូមិសាស្ត្រថា ជាកោះដែលមានទំហំធំ ហើយក៏អាចបកស្រាយតាមបែបនយោ-បាយថា ជាកោះសំខាន់។ ប៉ុន្តែអង្គការសហប្រជាជាតិ បានបកស្រាយថា “កោះចម្បងអាចមានន័យថាជាកោះធំជាងគេ កោះដែលមានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ កោះដែលមានផលិតភាពសេដ្ឋកិច្ចច្រើនជាងគេឬកោះដែលមានឥស្សរភាពខ្ពង់ខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រនិងវប្បធម៌”។[54] ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងយើងឃើញថា មានរដ្ឋប្រជុំកោះជាច្រើនរួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន ទ្រីនីដាត និងថូបាហ្គោ ម៉ាល់ឌីវនិងអង់ទីហ្គ័រ និងបាប៊ូដា អាចបញ្ចូលកោះចម្បងរបស់ខ្លួនទៅក្នុងបន្ទាត់មូលដ្ឋាន។[55]
ខ. អនុបាតធៀបរវាងផ្ទៃទឹក និងផ្ទៃដី
មាត្រាខាងលើកំណត់ថា“រដ្ឋប្រជុំកោះអាចគូសបន្ទាត់មូលដ្ឋានប្រជុំកោះ…ហើយអនុបាតផ្ទៃទឹកធៀបជាមួយនឹងផ្ទៃដីបូកទាំងកោះផ្កាថ្មផង ត្រូវមានចន្លោះពី ១:១ ទៅ៩:១។” មានតែរដ្ឋដែលបំពេញបានលក្ខខណ្ឌទាំងឡាយជាពិសេសលក្ខខណ្ឌអនុបាតធៀបផ្ទៃដីនិងផ្ទៃទឹកប៉ុណ្ណោះ ដែលអាចគេទទួលស្គាល់ជារដ្ឋប្រជុំកោះ ហើយអញ្ញត្រកម្មនៃករណីនេះគឺប្រជុំកោះដែលជាកម្មសិទ្ធិនៃរដ្ឋឧបទ្វីប និងបង្កើតបានជាផ្នែកទាំងស្រុងនៃដែនដីរបស់រដ្ឋនោះ របាយកោះនិងសណ្ឋានភូមិសាស្ត្រស្រដៀងគ្នានេះដទៃទៀត។[56]
ហេតុនេះបញ្ហាពាក់ព័ន្ធនឹងកោះនៅឆ្ងាយ ឬនៅដាច់ពីគេ ក៏ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆយនៃអនុបាតផ្ទៃដីធៀបនឹងផ្ទៃទឹក ក៏ដូចជាប្រវែងបន្ទាត់មូលដ្ឋានអតិបរមាផងដែរ។[57] លក្ខណវិនិច្ឆយនេះក៏ជាឧបសគ្គសម្រាប់រដ្ឋដែលចង់បានឋានៈជារដ្ឋប្រជុំកោះផងដែរ។ ប៉ុន្តែរដ្ឋមួយចំនួនដូចជា ឥណ្ឌូនេស៊ី និងហ្វីលីពីនអាចបំពេញតាមលក្ខខណ្ឌអនុបាតផ្ទៃដីធៀបនឹងផ្ទៃទឹក។ ប្រទេសទាំងពីរនេះមានចំនួនកោះធំៗមួយចំនួន និងមានកោះតូចៗរាប់ពាន់កោះ ដែលអនុបាតផ្ទៃដីធៀបនឹងផ្ទៃទឹកប្រហាក់ប្រហែលគ្នា គឺឥណ្ឌូនេស៊ីមានអនុបាត ១:១.២ ចំណែកហ្វីលីពីន មានអនុបាត ១:១.៨។[58]
ប៉ុន្តែចំពោះករណី សាធារណរដ្ឋម៉ាវរីត្សឹស(Mauritius) ដែលធ្លាប់ជាសមាជិកក្រុមរដ្ឋប្រជុំកោះនោះ បែរជាមិនអាចគូសបន្ទាត់មូលដ្ឋានជុំវិញខ្លួនឯងបាន។[59] ចំណែកសាធារណរដ្ឋសីឈែលស៍ (Seychelles) នៅភាគខាងលិចមហាសមុទ្ទឥណ្ឌា និងព្រះរាជាណាចក្រតុងហ្កា នៅប៉ាស៊ីហ្វិកខាងត្បូង ក៏មិនអាចក្ដោបប្រជុំកោះរបស់ខ្លួនដោយប្រព័ន្ធបន្ទាត់មូលដ្ឋានមួយដែលស្របទៅនឹងអនុបាតអតិបរមា កំណត់ដោយមាត្រាខាងលើដែរ។[60]
លក្ខណវិនិច្ឆយដោយឡែកមួយទៀតសម្រាប់ការគូសបន្ទាត់មូលដ្ឋានប្រជុំកោះត្រូវបានចែងក្នុងកថាខណ្ឌទី៣ នៃមាត្រាខាងលើ ហើយវាប្រហាក់ប្រហែលគ្នានឹងបញ្ញត្តិក្នុងមាត្រា ៧ កថាខណ្ឌទី៣ផងដែរ។ កថាខណ្ឌទី៣ នៃមាត្រា ៧ ចែងហាមឃាត់មិនឱ្យគូសបន្ទាត់មូលដ្ឋានត្រង់ងាកចេញពីទិសដៅទូទៅនៃឆ្នេរ ចំណែកកថាខណ្ឌទី៣ នៃមាត្រានេះ ហាមឃាត់មិនឱ្យគូសបន្ទាត់មូលដ្ឋានប្រជុំកោះងាកចេញពីរូបសណ្ឋានទូទៅនៃប្រជុំកោះ។
ឃ. បន្ទាត់មូលដ្ឋានប្រជុំកោះ និងដីដុះ
ចំណែកកថាខណ្ឌទី៤វិញ ចែងពាក់ព័ន្ធនឹងដីដុះ ដោយកំណត់កាលៈទេសៈពីរដែលអាចយកវាជាចំណុចមូលដ្ឋានសម្រាប់គូសបន្ទាត់មូលដ្ឋានប្រជុំកោះបាន។
ទីមួយ បន្ទាត់មូលដ្ឋានប្រជុំកោះ អាចគូសទៅកាន់ និងចេញពីដីដុះបានប្រសិនបើមានសើនបញ្ចាំងភ្លើង ឬឋបនីយភណ្ឌស្រដៀងនេះតាំងនៅលើវាជាអចិន្ត្រៃយ៍។ មូលហេតុដែលករណីនេះជាប់ពាក់ព័ន្ធជាមួយនឹងឋបនីយភណ្ឌអាចថា ដោយសារតែទ្រង់ទ្រាយ ឬមុខងារនៃសើនបញ្ចាំងភ្លើងនោះ។ ជាទូទៅភ្លើងបញ្ចាំងនៅកំពូលនៃប៉ម ហើយតាមរយៈនេះប្រសិនបើប៉មត្រូវបានសាងសង់លើដីដុះ នោះវានឹងក្លាយជាកន្លែងដែលអាចយកធ្វើជាចំណុចមូលដ្ឋានសម្រាប់គូសបន្ទាត់មូលដ្ឋានប្រជុំកោះបាន។ ទោះបីជាប៉មអាចនឹងសាងសង់លើអ្វីក៏ដោយ ប៉ុន្តែមុខងារអាទិភាពរបស់វាគឺសម្រាប់ប្រាប់នាវិកឱ្យគេចចេញពីទីទួលក្រោមទឹក ឬទីកន្លែងដែលមានដីដុះ។ តួនាទីរបស់សើនបញ្ចាំងភ្លើងគឺជាការព្រមានអំពីភាពគ្រោះថ្នាក់នានា ចំណែកឋបនីយភណ្ឌស្រដៀងគ្នានេះសំដៅដល់ស៊ីផ្លេ និងរ៉ាដាបញ្ចាំងពន្លឺជាដើម។
ទីពីរ ខុសពីករណីពាក់ព័ន្ធបន្ទាត់មូលដ្ឋានត្រង់ បន្ទាត់មូលដ្ឋានប្រជុំកោះអាចគូសនៅលើដីដុះបានប្រសិនបើដីដុះនោះសណ្ដូកទាំងស្រុង ឬដោយផ្នែកនៅក្នុងសមុទ្ទដែនដីវាស់ចេញពីកោះដែលនៅជិតបំផុត។ត្រង់នេះ សូមនាំអ្នកអានមកប្រៀបធៀបបញ្ញត្តិក្នុងមាត្រា ៧ កថាខណ្ឌទី៤ ដែលនិយាយពាក់ព័ន្ធនឹងការគូសបន្ទាត់មូលដ្ឋានត្រង់ទៅកាន់និងចេញពីដីដុះ និងមាត្រា ៤៧ កថាខណ្ឌទី៤ ដែលនិយាយអំពីការគូសបន្ទាត់មូលដ្ឋានប្រជុំកោះទៅកាន់និងចេញពីដីដុះ។ មាត្រា ៧ កថាខណ្ឌទី៤ ចែងថា ៖ “បន្ទាត់មូលដ្ឋានត្រង់មិនត្រូវគូសទៅកាន់ ឬចេញពីដីដុះឡើយ លើកលែងតែមានសើនបញ្ចាំងភ្លើងឬឋបនីយភណ្ឌស្រដៀងគ្នាសាងសង់លើនោះ និងដែលតាំងនៅខ្ពស់ជាងនីវូទឹកសមុទ្ទជាអចិន្ត្រៃយ៍ ឬលើកលែងតែករណីដែលការគូសបន្ទាត់មូលដ្ឋានទៅកាន់ឬចេញពីដីដុះនោះត្រូវបានទទួលស្គាល់ជាអន្តរជាតិ”។[61] ចំណែកមាត្រា ៤៧ កថាខណ្ឌទី៤ ចែងថា “បន្ទាត់មូលដ្ឋានទាំងនេះមិនត្រូសគូសទៅកាន់និងចេញពីដីដុះទេ លើកលែងតែនៅលើដីដុះនោះមានសាងសង់សើនបញ្ចាំងភ្លើង ឬឋបនីយភណ្ឌស្រដៀងគ្នានេះតាំងនៅខ្ពស់ជាងនីវ៉ូទឹកសមុទ្ទជាអចិន្ត្រៃយ៍ ឬលើកលែងតែដីដុះនោះទាំងស្រុង ឬដោយផ្នែកស្ថិតនៅចម្ងាយមិនហួសពីប្រវែងសមុទ្ទដែនដីវាស់ចេញពីកោះដែលនៅជិតបំផុត”។[62] មានន័យថា តាមរយៈមាត្រា៧ កថាខណ្ឌទី៤ រដ្ឋអាចគូសបន្ទាត់មូលដ្ឋានត្រង់ទៅកាន់ ឬចេញពីរដីដុះបានតែក្នុងករណីដែលមានសើនបញ្ចាំងភ្លើង ឬឋបនីយភណ្ឌស្រដៀងគ្នាតាំងនៅលើនីវូទឹកសមុទ្ទអចិន្ត្រៃយ៍ប៉ុណ្ណោះ ប៉ុន្តែតាមរយៈ៤៧ កថាខណ្ឌទី៤ រដ្ឋប្រជុំកោះអាចគូសបន្ទាត់មូលដ្ឋានប្រជុំកោះទៅកាន់ ឬចេញពីដីដុះបានឱ្យតែដីដុះនោះទាំងស្រុង ឬដោយផ្នែកស្ថិតនៅក្នុងចម្ងាយមិនហួសសមុទ្ទដែនដីវាស់ចេញពីកោះដែលនៅជិតបំផុត។ បើយើងងាកមកមាត្រា ១៣ នៃអនុសញ្ញាខាងលើវិញ ត្បិតតែថា បន្ទាត់មូលដ្ឋានត្រង់មិនបានអនុញ្ញាតឱ្យគូសទៅកាន់ និងចេញពីដីដុះក្ដី ប៉ុន្តែគេអាចគូសបន្ទាត់មូលដ្ឋានធម្មតា (ខ្សែទឹកនាច) ទៅកាន់និងចេញពីដីដុះនោះបាន។
ង.ប្រវែងបន្ទាត់មូលដ្ឋានប្រជុំកោះ
មាត្រា៤៧ កថាខណ្ឌទី២ បានកំណត់ប្រវែងអតិបរមានៃបន្ទាត់មូលដ្ឋានប្រជុំកោះត្រឹម១០០ម៉ៃល៍សមុទ្ទ ខណៈដែលបានអនុញ្ញាតឱ្យចំនួន ៣% យ៉ាងច្រើននៃចំនួនបន្ទាត់មូលដ្ឋានប្រជុំកោះសរុបអាចមានប្រវែងចន្លោះពី ១០០ ម៉ៃល៍សមុទ្ទ ទៅ១២៥ ម៉ៃល៍សមុទ្ទ។[63] ចំនួនបន្ទាត់មូលដ្ឋានសរុប ដែលចែងក្នុងកថាខណ្ឌនេះ គឺសំដៅដល់កំណាត់បន្ទាត់មូលដ្ឋានសរុប។ មានន័យថា ៣%នៃបន្ទាត់មូលដ្ឋាន១០០កំណាត់គឺ ៣កំណាត់បន្ទាត់។ ហើយឧទាហរណ៍ថា បើរដ្ឋមួយគូសបន្ទាត់មូលដ្ឋានប្រជុំកោះរបស់ខ្លួនមានចំនួន ១០០កំណាត់បន្ទាត់ នោះកំណាត់បន្ទាត់មូលដ្ឋានដែលអាចមានប្រវែងចន្លោះពី១០០ម៉ៃល៍សមុទ្ទ ទៅ១២៥ម៉ៃល៍សមុទ្ទ មានត្រឹមតែ ៣កំណាត់ ប៉ុណ្ណោះ។[64]
ជារួម បន្ទាត់មូលដ្ឋាន គឺជាបន្ទាត់ដែលប្រើសម្រាប់វាស់សមុទ្ទដែនដី ក៏ដូចជាតំបន់សមុទ្ទដទៃទៀត ដោយបន្ទាត់មូលដ្ឋានចែកជាបីប្រភេទគឺ បន្ទាត់មូលដ្ឋានធម្មតា បន្ទាត់មូលដ្ឋានត្រង់ និងបន្ទាត់មូលដ្ឋានប្រជុំកោះ។ បន្ទាត់មូលដ្ឋានធម្មតា បង្កើតឡើងដោយខ្សែទឹកនាចតាមបណ្ដោយឆ្នេរដែលកំណត់ក្នុងផែនទីខ្នាតធំទទួលស្គាល់ជាផ្លូវការដោយរដ្ឋឆ្នេរសមុទ្ទ ចំណែកបន្ទាត់មូលដ្ឋានត្រង់ ប្រើនៅទីតាំងដែលមានភាពផតជ្រៅនិងចូលទៅក្នុង ឬក្នុងករណីដែលមានកោះរាយប៉ាយនៅជិតៗតាមបណ្ដោយឆ្នេរ ឬករណីពិសេសដទៃទៀតដូចជាឆក និងមាត់ទន្លេជាដើម រីឯបន្ទាត់មូលដ្ឋានប្រជុំកោះ អាចគូសដោយភ្ជាប់ចំណុចខាងក្រៅបំផុតនៃកោះខាងក្រៅបំផុត និងថ្មប៉ប្រះទឹកស្ងួតនៃប្រជុំកោះនោះ។
[1] United Convention on the Law of the Sea, 1982 (LOSC).
[2] Convention on the Territorial Sea and the Contiguous Zone, 1958 (CTSCZ).
[3] LOSC, supra note 1, Art.5;
[4] IHO, Hydrographic Dictionary, vol. I (5th edn. 1994), No. 2951.
[5] UNITED NATIONS, Office of Ocean Affairs and the Law of the Sea, Baselines: An Examination of the Relevant Provisions of the United Nations Convention on the Law of the Sea (UNITED NATIONS), 1989, p. 3.
[6] Resolutions of the International Hydrographic Organization, Technical Resolution A 2.5 (3). Datum and Benchmarks, Miscellaneous Publication MP-003.
[7] Fisheries case, Judgment of December 18th, I951: I.C. J. Reports 1951, p.128.
[8] Victor Prescott and Clive Schofield, The Maritime Political Boundaries of the World, Martinus Nijhoff Publisher (Prescott and Schofield), Second Edition, p. 95.
[9] UNITED NATIONS, supra note 5, p. 2.
[10] UNITED NATIONS, supra note 5, p.1.
[11] Article 6 of UNCLOS 1982 provided that: “In the case of islands situated on atolls or of islands having fringing reefs, the baseline for measuring the breadth of the territorial sea is the seaward low-water line of the reef, as shown by the appropriate symbol on charts officially recognized by the coastal State.”
[12] Lime-secreting worm.
[13] LOSC, supra note 1, Art.13(1).
[14] LOSC, supra note 1, Art.13(2).
[15] Fishery Cases, supra note 7, p. 129
[16] Id.
[17]Norwegian Royal Decree, Dated 12 July 1935.
[18] Fishery Cases, supra note 7, p. 129 and p.142.
[19] LOSC, supra note 1, Art.7(1).
[20] Id, Art.7(3).
[21]Id.
[22] Id Art.7(4).
[23] Id Art.7(6).
[24] Reisman and Westerman, Straight Baselines in International Maritime Boundary Delimitation, 1992, p.81.
[25] Prescott and Schofield, supra note 8, p.145.
[26] US Department of State, Developing standard guidelines for evaluating straight baselines, limit in the seas, No. 106, 1987, p.5.
[27] Fisheries cases, supra note 7, p.116 and p.141.
[28] Fisheries cases, supra note 7, p.116 and p.141.
[29] UNITED NATIONS, supra note 5, p.21.
[30] Id.
[31] Id.
[32] US Department of State, supra note 26, p.17-21.
[33] LOSC, supra note 1, Art. 7(3).
[34] UNITED NATIONS, supra note 5, p.25.
[35] Fishery Cases, supra note 7, p.141-142.
[36] LOSC, supra note 1, Art 7(2).
[37] UNITED NATIONS, supra note 5, 24.
[38] Id.
[39] LOSC, supra note 1, Art. 9.
[40] United Nations, supra note 5, p.26.
[41] LOSC, supra note 1, Art. 16.
[42] LOSC, supra note 1, Art.10 (2).
[43] United Nations, supra note 5, p.28.
[44] LOSC, supra note 1, Art.11.
[45] សេចក្ដីលម្អិតអំពីរបបកោះ សូមអាន៖ នូ ចន្ថា, របបកោះ៖កោះ ថ្ម ឬដីដុះ? សមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៃកម្ពុជា, ខែសីហា ឆ្នាំ២០២១។
[46] Alexander, Lewis M. “Baseline Delimitations and Maritime Boundaries” Virginia Journal of International Law Vol. 23 No.4 (1983) pp. 503-536.
[47] Evensen, Jens, Certain Legal Aspects concerning the Delimitation of the Territorial Waters of Archipelagos, U.N. Prep. Document, No. 15, Nov. 1957.
[48] LOSC, supra note 1, Art.46.
[49] Antigua and Barbuda, Bahamas, Cape Verde, Comoros, Dominican Republic, Fiji, Indonesia, Jamaica, Kiribati, Maldives, Marshal Islands, Papua New Guinea, Philippines, St. Vincent and the Grenadines, Sao Tome and Principe, Seychelles, Solomon Islands, Trinidad and Tobago, Tuvalu, and Vanuatu.
[50] Natasha Turnquest, Delimitation of the Maritime Boundary Between the Commonwealth of the Bahamas and the United States of America: A Case Study, pp. 8-10.
[51] R. R. Churchill and A. V. Lowe, The Law of the Sea, Manchester: Manchester University Press, 3rd Edition, 1999, p. 119.
[52] Myron H. Nordquist, Shabtai Rossene and Satya N. Nandan, United Nations Convention on the Law of the Sea 1982: A Commentary, Boston:Martinus Nijhoff Publishers, 1985, p.430.
[53] Natasha, supra note 50, pp.8-10.
[54] United Nations Publication, Sales no. E. 88. V.5 Baselines: An Examination of the Relevant Provisions of the United Nations Convention on the Law of the Sea, para. 82.
[55] Natasha, supra note 50, pp.8-10.
[56] Myron H. Nordquist, supra note 52, pp.401-402.
[57] Muhammad Munawwar, Ocean States: Archipelagic Regimes in the Law of the Sea, London: Martinus Nijhoff Publishers, 1995 P. 111.
[58] Churchill and Lowe, supra note 51, p. 123.
[59] Natasha, supra note 50, P20.
[60] Muhammad, supra note 57, P.131.
[61] LOSC, supra note 1, Art.7(4).
[62] Id, Art. 47 (4).
[63] Prescott and Schofield, supra note 8, P.174.
[64] Ibid.