
ប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ មករា ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បានកំណត់អំពីនីតិវិធីទាក់ទងនឹងការស្នើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
ចំពោះ ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំលើសពី ៣០ល្វែង ឬលើសពី ៣០ភូមិគ្រឹះ ឬលើសពី ៣០យូនីត ឬអាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានទំហំចាប់ពី ១០០០០ម៉ែត្រការ៉េ ( ១ហិចតា) ឡើង ត្រូវមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុន។ អាជ្ញាបណ្ណ អាចជា៖
- អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន
- អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ[1] និង
- អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍
ចំណែកការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំចាប់ពី ០៤-៣០ល្វែង ឬ០៣-៣០ភូមិគ្រឹះ ឬ០៤-៣០យូនីត ឬអាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានទំហំក្រោម ១០០០០ម៉ែត្រការ៉េ (១ហិចតា) អ្នកធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដោយលិខិតអនុញ្ញាតនោះអាចជា៖
- លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន
- លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ និង
- លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍។
សូមបញ្ជាក់ផងដែរថា អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិដែលចេញដោយក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្ម ចេញដោយមន្ទីរ ចែកជាពីរប្រភេទគឺ៖
- ប្រភេទី១៖ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតដែល ផ្តល់ជូនអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់
- ប្រភេទទី២៖ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មដែលផ្តល់ជូនអ្នកអភិវឌ្ឍណាដែលសាងសង់គម្រោងបណ្តើរប្រកាសលក់បណ្តើរ។
អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមួយ ផ្តល់ជូនសម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។ ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណ ត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍនោះ។ ថ្លៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម ត្រូវបានកំណត់ទៅតាមប្រភេទ និងទំហំដូចខាងក្រោម ៖

☛ ឯកសារតម្រូវសម្រាប់សុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ
អ្នកអភិវឌ្ឍអចលនវត្ថុដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬលិខិតអនុញ្ញាតអាជីវកម្មនៅមន្ទីរ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារអប្បបរមាដូច ខាងក្រោម៖
- លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម តាមគំរូរបស់ក្រសួង ឬមន្ទីរ
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីដែលកំពុងធ្វើការអភិវឌ្ឍ
- លិខិតអនុញ្ញាតសាងសង់ និង/ ឬលិខិតបើកការដ្ឋានសាងសង់ ដែលចេញដោយក្រសួង ឬមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឬអាជ្ញាធរមានសមត្ថកិច្ច
- លិខិតបើកគណនីអភិវឌ្ឍអចលនវត្ថុ (គណនីចរន្ត) នៅធនាគារពាណិជ្ជណាមួយ (ចំពោះអាជ្ញាបណ្ណ ឬលិខិត អនុញ្ញាតអាជីវកម្មប្រភេទ២)
- លិខិតបញ្ជាក់ដើមទុន និងលិខិតបញ្ជាក់ប្រភពទុន ដើម្បីយកមកធ្វើការវិនិយោគ (អប្បបរមា ២០%(ម្ភៃ) ភាគរយ នៃថ្លៃសំណង់សរុប ឬថ្លៃសំណង់តាមដំណាក់កាល) ដែលចេញដោយគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា (ចំពោះអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២)
- លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ២%(ពីរ) ភាគរយ នៃថ្លៃសំណង់សរុប ឬថ្លៃសំណង់តាមដំណាក់កាល (ចំពោះអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២)
- ផែនការអាជីវកម្មលម្អិតទៅតាមរយៈពេលនៃគម្រោងអភិវឌ្ឍអចលនវត្ថុ
- លិខិតថ្កោលទោសរបស់ម្ចាស់ភាគហ៊ុនទាំងអស់ ដែលចេញដោយក្រសួងយុត្តិធម៌ ឬចេញដោយប្រទេសសាមី(ចំពោះជនបរទេស) និង/ ឬលិខិតបញ្ជាក់កិរិយាមាយាទ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
- ឯកសារលម្អិតផ្សេងទៀត ត្រូវបានកំណត់ក្នុងសៀវភៅបន្ទុក។
☛ ឯកសារតម្រូវសម្រាប់សុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍
អ្នកអភិវឌ្ឍអចលនវត្ថុដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍដីឡូត៍ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬលិខិតអនុញ្ញាតអាជីវកម្មនៅមន្ទីរ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារអប្បបរមាដូចខាងក្រោម៖
- លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម តាមគំរូរបស់ក្រសួង ឬមន្ទីរ
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីដែលកំពុងធ្វើការអភិវឌ្ឍ
- ប្លង់រួមស្តីពីការអភិវឌ្ឍដីឡូត៍
- លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច
- លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ៥%(ប្រាំ)ភាគរយ នៃតម្លៃដីវិនិយោគសរុប ឬតម្លៃដីវិនិយោគតាមដំណាក់កាលនីមួយៗ
- ផែនការអាជីវកម្មលម្អិតទៅតាមរយៈពេលនៃគម្រោងអភិវឌ្ឍអចលនវត្ថុ
- លិខិតថ្កោលទោសរបស់ម្ចាស់គម្រោងដែលចេញដោយក្រសួងយុត្តិធម៌ និង/ ឬលិខិតបញ្ជាក់កិរិយាមាយាទដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
- ឯកសារលម្អិតផ្សេងទៀត ត្រូវបានកំណត់ក្នុងសៀវភៅបន្ទុក។
ក្រោយទទួលបានសំណុំឯកសារគ្រប់ចំនួន និងត្រឹមត្រូវ ដូចមានរៀបរាប់ខាងលើ ក្រសួង ឬមន្ទីរមានរយៈពេល ៣០ សាមសិប)ថ្ងៃ នៃថ្ងៃធ្វើការក្នុងការពិនិត្យ និងសម្រេចផ្តល់ ឬមិនផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មជូនអ្នកអភិវឌ្ឍអចលនវត្ថុ។
អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម មិនអាចផ្ទេរ ឬលក់បានឡើយ។ ករណីមានការផ្លាស់ប្តូរឈ្មោះគម្រោង អភិវឌ្ឍអចលនវត្ថុ ឬ អ្នកអភិវឌ្ឍអចលនវត្ថុ ឬឈ្មោះភាគហ៊ុននិក ឬអ្នកឈរឈ្មោះលើអាជ្ញាបណ្ណ លិខិតអនុញ្ញាត អាជីវកម្ម អ្នកអភិវឌ្ឍអចលនវត្ថុ ត្រូវស្នើសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីក្រសួង ឬមន្ទីរជាមុន។
សេចក្ដីលម្អិត សូមអានអត្ថបទប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ មករា ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ លោកអ្នកអាចចុចទាញយកអត្ថបទជា PDF ពីឆាណែលតេឡេក្រាមតាមតំណភ្ជាប់៖ https://t.me/lawaudio_kh/670
[1] អគារសហកម្មសិទ្ធិ សំដៅដល់អគារ ឬសំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ ឬអាស្រ័យផល។ អគារសហកម្មសិទ្ធិ មានដូចជាខុនដូរ អគារការិយាល័យ និងអគារផ្សារជាដើម។