ការទទួលខុសត្រូវរបស់រដ្ឋ គឺជាគោលការណគ្រឹះមួយនៃច្បាប់អន្តរជាតិ។ វាកើតចេញពីប្រព័ន្ធច្បាប់អន្តរជាតិ គោលការណ៍អធិបតេយ្យរដ្ឋ និងសមភាពរបស់រដ្ឋ។ មានន័យថា ប្រសិនបើរដ្ឋមួយប្រព្រឹត្តខុសឆ្គងជាអន្តរជាតិ (ខុសច្បាប់) ប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត រដ្ឋដែលប្រព្រឹត្តខុសច្បាប់នោះនឹងទទួលខុសត្រូវជាអន្តរជាតិចំពោះការខូចខាត។

ប្រធានបទពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋ គឺជារឿងដ៏ស្មុគស្មាញមួយ សម្រាប់កិច្ចការចងក្រងច្បាប់របស់គណ:កម្មការច្បាប់អន្តរជាតិ (ILC)។ ILC បាននិងកំពុងធ្វើការយ៉ាងទូលំទូលាយលើប្រធានបទនេះ។ នៅឆ្នាំ១៩៧៥ ILC បានផ្តួចផ្តើមការងាររបស់ខ្លួនលើសេចក្តីព្រាងអត្ថបទទាក់ទងនឹងការទទួលខុសត្រូវរបស់រដ្ឋ។ អត្ថបទស្តីពីការទទួលខុសត្រូវរបស់រដ្ឋត្រូវបានបញ្ចប់រួចរាល់ នៅថ្ងៃទី ៩ ខែសីហាឆ្នាំ ២០០១។ មហាសន្និបាតបានអនុម័តសេចក្តីសម្រេចលេខ ៨៣/៥៦ នៃថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០១ ដោយដាក់ចំណងជើងថា “ILC Articles on State Responsibility” ដែលខ្លឹមសាររបស់វាបានផ្តល់អនុសាសន៍ដល់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ។
៧.១. មូលដ្ឋាន និងលក្ខណៈនៃការទទួលខុសត្រូវរបស់រដ្ឋ
ការទទួលខុសត្រូវរបស់រដ្ឋត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានបីយ៉ាង។ ទីមួយ គឺអត្ថិភាពនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិជាធរមានរវាងរដ្ឋដែលពាក់ព័ន្ធ ទីពីរគឺការកើតឡើងនៃទង្វើខុសឆ្គង ឬការខកខានមិនបានបំពេញកាតព្វកិច្ច ដែលជាការរំលោភច្បាប់អន្តរជាតិ និង ទីបី គឺការបាត់បង់ ឬការខូចខាតដែលបណ្តាលមកពីទង្វើមិនត្រឹមត្រូវឬការខកខានមិនបានបំពេញកាតព្វកិច្ចនោះ។ ធាតុផ្សំទាំងបីនេះគឺជាលក្ខខណ្ឌនៃការទទួលខុសត្រូវរបស់រដ្ឋ ហើយធ្លាប់បានលើកឡើងក្នុងរឿងក្ដីល្បីៗមួយចំនួន។
ការទទួលខុសត្រូវ មានទំនាក់ទំនងគ្នាយ៉ាងជិតសិទ្ធជាមួយនឹងសិទ្ធិ។ សិទ្ធិដែលមានចរិតលក្ខណ:អន្តរជាតិ បង្កើតឲ្យមានជាការទទួលខុសត្រូវអន្តរជាតិដែរ។ ការទទួលខុសត្រូវអាចបែងចែកជាពីរ គឺការទទួលខុសត្រូវកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀង (contractual responsibility) និងការទទួលខុសត្រូវលើកំហុស (tortious responsibility)។ ការរំលោភបំពានកាតព្វកិច្ច ឬការប្រព្រឹត្តកំហុសណាមួយរបស់រដ្ឋ គឺជាដើមចមនៃការទទួលត្រូវរបស់រដ្ឋ ដែលលទ្ធផលនៃការទទួលខុសត្រូវនោះគឺជាកាតព្វកិច្ចសំណង។
គួរកត់សម្គាល់ថា ជាទូទៅ ការទទួលខុសត្រូវត្រូវចំពោះអំពើខុសឆ្គងរបស់រដ្ឋ គេចាត់ទុកថាជាអំពើកំហុសអន្តរជាតិ (international delicts) និងមិនមែនជាឧក្រិដ្ឋកម្មអន្តរជាតិ (international crimes)នោះទេ។ ILC បានពន្យល់ថា កំហុសឆ្គងអន្តរជាតិដែលការរំលោភកាតព្វកិច្ចអន្តរជាតិ ប្រឆាំងប្រយោជន៍ជាមូលដ្ឋានរបស់សហគមន៍អន្តរជាតិ និងដែលត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាឧក្រិដ្ឋកម្ម គឺជាឧក្រិដ្ឋកម្មអន្តរជាតិ។ ឧទាហរណ៏នៃឧក្រិដ្ឋកម្មអន្តរជាតិ មានដូជាការឈ្លានពាន ការត្រួតត្រាអាណានិគម ទាសភាព អំពើប្រល័យពូជសាសន៍ ការប្រកាន់ពូជសាសន៍និងការបំពុលបរិយាកាសធ្ងន់ធ្ងរ។ រាល់សកម្មភាពខុសឆ្គងអន្ដរជាតិផ្សេងទៀត ត្រូវចាត់ទុកជាកំហុសអន្តរជាតិ (international delicts)។
ជាទូទៅ គេដឹងច្បាស់ណាស់ថា រដ្ឋប្រាកដជាទទួលខុសត្រូវចំពោះកំហុសអន្តរជាតិ ក៏ប៉ុន្តែចំពោះឧក្រិដ្ឋកម្មអន្តរជាតិវិញ មានការខ្វែងគំនិតគ្នាពីរកើតឡើង។ អ្នកខ្លះអះអាងថា រដ្ឋមិនទទួលខុសត្រូវឡើយ ចំណែកអ្នកខ្លះទៀតយល់ថា ចាប់តាំងពីឆ្នាំ១៩៤៥មក ឥរិយាបថចំពោះឧក្រិដ្ឋកម្មមួយចំនួនដែលរដ្ឋបានប្រព្រឹត្ត មានការវិវត្តដែលជាហេតុនាំឲ្យរដ្ឋត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងវិសាលភាពច្បាប់អន្តរជាតិ។ ការវិវត្តសំខាន់ទីមួយ គឺការអភិវឌ្ឍបទដ្ឋានមានឋាន:ខ្ពស់បំផុត (peremptory normឬ jus cogens[1]) នៃច្បាប់អន្តរជាតិ ដែលជាសំណុំគោលការណ៍មិនអនុញ្ញាតឲ្យមានបដិប្បញ្ញត្ត។ ចំណែកការវិវត្តសំខាន់ទីពីរ គឺការបង្កើតការទទួលខុសត្រូវព្រហ្មទណ្ឌជាបុគ្គលដោយផ្ទាល់ ក្រោមច្បាប់អន្តរជាតិ។ ទីបី ធម្មនុញ្ញសហប្រជាជាតិ និងបទប្បញ្ញត្តិរបស់ខ្លួនទាក់ទងនឹងវិធានការអនុវត្ត ដែលអាចត្រូវបានអនុវត្តប្រឆាំងនឹងរដ្ឋ ក្នុងករណីដែលបានប្រព្រឹត្តការគំរាមកំហែង ឬរំលោភបំពានសន្តិភាព ឬសកម្មភាពឈ្លានពាន។
៧.២. វិបាកគតិយុត្តនៃការទទួលខុសត្រូវរបស់រដ្ឋ
រដ្ឋទទួលខុសត្រូវចំពោះទង្វើខុសឆ្គងអន្តរជាតិរបស់ខ្លួន។ ការទទួលខុសត្រូវនេះមានវិបាកគតិយុត្តជាក់លាក់ចំពោះរដ្ឋនោះ។ វិបាកទី១ គឺការបញ្ឈប់អំពើខុសឆ្គងនោះ និងទី២ គឺសំណង។
ក. ការបញ្ឈប់អំពើខុសឆ្គង
វិបាកគតិយុត្តដំបូងនៃការទទួលខុសត្រូវរបស់រដ្ឋក្រោមច្បាប់អន្តរជាតិគឺថារដ្ឋដែលប្រព្រឹត្តខុសមានកាតព្វកិច្ចបញ្ឈប់អំពើខុសឆ្គង ហើយត្រូវមានការធានាយ៉ាងច្បាស់លាស់ថានឹងមិនប្រព្រឹត្តកំហុសនោះសារជាថ្មី។
ខ. សំណង
វិបាកទី២ ដែលកើតចេញពីទំនួលខុសត្រូវចំពោះទង្វើខុសឆ្គងរបស់រដ្ឋគឺថា រដ្ឋដែលធ្វើខុសមានកាតព្វកិច្ចត្រូវជួសជុលការខូចខាតដោយសារទង្វើរបស់ខ្លួន។ រដ្ឋដែលរងការខូចខាត មានសិទ្ធិទទួលបានសំណងក្នុងទម្រង់ជាបដិទាន (ធ្វើឲ្យដូចដើម) សំណងជំងឺចិត្ត និងសំណងផ្នែកសីលធម៌។ រដ្ឋដែលបានធ្វើខុស មិនអាចអះអាងដោយលើកយកច្បាប់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីគេចវេសពីការទទួលខុសត្រូវលើការខូចខាតឡើយ។ បដិទាន មានន័យថា រដ្ឋដែលបានធ្វើខូចខាត ត្រូវសាងសង់ឡើងវិញឲ្យមានសភាពដូចស្ថានភាពដើម។ ក្នុងករណីដែលបដិទាន មិនអាចធ្វើទៅរួច ត្រូវជំនួសដោយសំណងជាទឹកប្រាក់។ សំណងជាប្រាក់ គឺជាចំនួនទឹកប្រាក់គណនាចេញពីការខូចខាតសរុប ហើយអាចបូកបញ្ចូលទាំងការប្រាក់ និងក្នុងករណីខ្លះទៀតអាចបូកបញ្ចូលទាំងការបាត់បង់ចំណូលដោយសារផលវិបាកនៃកំហុសនោះ។
ក្រៅពីនេះ សំណងការខូតខាតត្រូវគិតទាំងការខូចខាតផ្នែកសម្ភារ: (រឿងលុយកាក់) និងការខូចខាតផ្នែកសីលធម៌(រឿងកិត្តិយស)។ សំណងផ្នែកសីលធម៌ អាចធ្វើឡើងក្រោមទម្រង់ជាការសូមទោសជាផ្លូវការ សំណងប្រាក់បន្ថែមលើការខូចខាតជាក់ស្ដែង (a nominal damage) ការដាក់ទណ្ឌកម្មមន្ត្រីរដ្ឋដែលប្រព្រឹត្តកំហុស ឬជាការសម្ដែងការដឹងកំហុសរបស់ខ្លួន។
៧.៣. ការអនុវត្តការទទួលខុសត្រូវរបស់រដ្ឋ
រដ្ឋមួយមានសិទ្ធិទាមទារឲ្យរដ្ឋដែលធ្វើខុសទទួលខុសត្រូវ ប្រសិនការរំលោភកាតព្វកិច្ចនោះប្រឆាំងនឹងខ្លួន ឬប្រឆាំងក្រុមរដ្ឋ ឬប្រឆាំងសហគមន៍អន្តរជាតិទាំងមូល។ រដ្ឋក្រៅពីរដ្ឋដែលរងគ្រោះអាចទាមទាររដ្ឋដែលធ្វើខុសទទួលខុសត្រូវប្រសិនបើការតព្វកិច្ចដែលត្រូវបានរំលោភនោះ ស្ថិតក្នុងវិសាលភាពក្រុមរដ្ឋដែលខ្លួនជាសមាជិក ឬជាកាតព្វកិច្ចសហគមន៍អន្តរជាតិទាំងមូល។ ក្នុងករណីនេះ រដ្ឋអាចទាមទារឲ្យបញ្ឈប់ទង្វើខុសឆ្គង ការធានាថាមិនប្រព្រឹត្តអំពើនោះសារជាថ្មី ក៏ដូចជាទាមទារសំណងផងដែរ។ ក្នុងករណីដែលមានរដ្ឋច្រើនរងគ្រោះដោយសារទង្វើខុសឆ្គង នោះរដ្ឋនីមួយៗអាចទាមទារការទទួលខុសត្រូវដោយឡែកៗពីគ្នា។
ប៉ុន្តែ រដ្ឋមួយអាចរួចផុតការទទួលខុសត្រូវ ក្នុងករណីដែលរដ្ឋដែលរងការខូចខាតបានដកការទាមទារជាផ្លូវការ ឬធ្វើសកម្មភាពណាមួយជាមូលហេតុដែលនាំឲ្យបាត់បង់សិទ្ធិទាមទារ។
រដ្ឋដែលរងគ្រោះអាចទាមទារការទទួលខុសត្រូវតាមរយ:មធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធី ឬអាចប្រើវិធានការឆ្លើយតបប្រឆាំងនឹងរដ្ឋដែលបានប្រព្រឹត្តកំហុស។ ប្រសិនបើទង្វើខុសឆ្គងនោះប៉ះពាល់ដល់បុគ្គលមានសញ្ជាតិរបស់ខ្លួន រដ្ឋម្ចាស់សញ្ជាតិអាចផ្ដល់ការការពារផ្លូវទូត(diplomatic protection) ដល់រូបវន្តបុគ្គលនោះ។ រដ្ឋអាចប្ដឹងរដ្ឋដែលប្រព្រឹត្តកំហុសទៅកាន់តុលាការ ឬសាលាក្ដីអន្តរជាតិ។ នៅពេលដែលមានបណ្ដឹងទៅតុលាការ ឬសាលាក្ដីអន្តរជាតិ នោះរដ្ឋទទួលរងបណ្ដឹង នឹងឆ្លើយតបមកវិញអំពីភាពមិនអាចទទួលយកបាននៃបណ្ដឹងនោះ។ ការប្រឆាំងនឹងបណ្ដឹងអាចជាការជំទាស់ទៅនឹងយុត្តាធិការតុលាការ ដែលប្រសិនបើការជំទាស់នេះបានសម្រេច នោះនឹងមិនមាននីតិវិធីបន្តទៅមុខទៀតទេ។
ក. ការការពារផ្លូវទូត និងការទាមទារសញ្ជាតិ
សញ្ជាតិគឺជាទំនាក់ទំនងរបស់បុគ្គលជាមួយនឹងរដ្ឋពាក់ព័ន្ធទៅនឹងសិទ្ធិ និងកាតព្វកិច្ចមួយចំនួន។ ទោះបីជាបច្ចុប្បន្ន ច្បាប់អន្តរជាតិមានទំនោរផ្ដល់សិទ្ធិមួយចំនួនដល់បុគ្គលក្ដី ប៉ុន្តែវិធានជាមូលដ្ឋានគឺមានតែតាមរយៈរដ្ឋប៉ុណ្ណោះដែលបុគ្គលអាចទទួលបានផលប្រយោជន៍ដែលកំណត់ក្រោមច្បាប់អន្តរជាតិបានពេញលេញ។ ករណីនេះ អ្វីដែលជាគន្លឹះសំខាន់គឺបញ្ហាសញ្ជាតិ។
ទោះបីជារដ្ឋមួយមានកាតព្វកិច្ចត្រូវការពារបុគ្គលមានសញ្ជាតិរបស់ខ្លួនក្ដី ប៉ុន្តែមិនមានកាតព្វកិច្ចត្រូវតែផ្ដល់កិច្ចការពារតាមផ្លូវទូតនោះទេ។ រដ្ឋអាចនឹងផ្ដល់កិច្ចការពារផ្លូវទូតដល់បុគ្គលមានសញ្ជាតិរបស់ខ្លួន ក្នុងករណីមួយចំនួន។ កិច្ចការពារផ្លូវទូតរួមមានការអនុវត្តវិធានការការទូត ឬមធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធីដើម្បីការពារបុគ្គលមានសញ្ជាតិរបស់ខ្លួនដែលរងគ្រោះដោយសារអំពើខុសច្បាប់របស់រដ្ឋដទៃទៀត។ កិច្ចការពារផ្លូវទូតនេះ មិនមែនជាសិទ្ធិរបស់បុគ្គលដែលមានសញ្ជាតិរបស់រដ្ឋនោះឡើយ ប៉ុន្តែជាសិទ្ធិរបស់រដ្ឋ ដែលរដ្ឋមានសិទ្ធិសម្រេចចិត្តថាការពារ ឬមិនការពារ។
ការអនុវត្តកិច្ចការពារផ្លូវទូតមិនអាចចាត់ទុកថាជាកិច្ចអន្តរាគមន៍ផ្ទុយទៅនឹងច្បាប់អន្តរជាតិនោះទេ។ រដ្ឋមួយអាចប្ដឹងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតទៅតុលាការឬសាលាក្ដីអន្តរជាតិជំនួសឱ្យបុគ្គលដែលមានសញ្ជាតិរបស់ខ្លួន។ នៅពេលដែលរដ្ឋអនុវត្តបែបនេះ នោះមានន័យថាភាគីវិវាទចំពោះមុខតុលាការ ឬសាលាក្ដីអន្តរជាតិ គឺជារដ្ឋម្ចាស់សញ្ជាតិ និងរដ្ឋចុងចម្លើយ មិនមែនរវាងបុគ្គលរងគ្រោះ និងរដ្ឋចុងចម្លើយនោះទេ។
ក្នុងច្បាប់អន្តរជាតិ មុខងារសំខាន់នៃសញ្ជាតិ គឺបង្កើតផលប្រយោជន៍ស្របច្បាប់របស់រដ្ឋ នៅពេលដែលបុគ្គលមានសញ្ជាតិរបស់ខ្លួនរងគ្រោះ ឬមានការខូចខាតដោយសាររដ្ឋផ្សេងទៀត។ កម្មវត្ថុនៃការទាមទារ គឺពាក់ព័ន្ធទៅនឹងបុគ្គល និងទ្រព្យរបស់បុគ្គលនោះ ហើយការទាមទារ គឺជាសិទ្ធិរបស់រដ្ឋ។ ប្រសិនបើរដ្ឋដើមបណ្ដឹងមិនអាចបង្ហាញទំនាក់ទំនងសញ្ជាតិជាមួយនឹងបុគ្គលមានសញ្ជាតិរបស់ខ្លួន (សញ្ជាតិនៃការទាមទារ/ nationality of the claim) បានទេ នោះបណ្ដឹងនឹងអាចត្រូវបានច្រានចោល។ ទោះជាយ៉ាងនេះក្ដី គោលការណ៍មានករណីលើកលែងលើស្ថានភាពមួយចំនួន។ ឧទាហរណ៍៖ សិទ្ធិការពារអ្នកនេសាទបរទេសនៅលើកប៉ាល់ដែលមានទង់ជាតិរបស់រដ្ឋដែលផ្ដល់កិច្ចការពារ, ជនបរទេសដែលកំពុងបម្រើដល់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋដែលផ្ដល់កិច្ចការពារ, ជនមិនមានសញ្ជាតិ ឬជនភៀសខ្លួនដែលនៅពេលរងគ្រោះ និងពេលដែលអនុវត្តការទាមទារបានរស់នៅស្របច្បាប់ក្នុងរដ្ឋដែលបានផ្ដល់កិច្ចការពារ។
ខ. ការប្រើអស់មធ្យោបាយក្នុងស្រុក (The Exhaustion of Local Remedies)
ច្បាប់ទំនៀមទម្លាប់អន្តរជាតិបានកំណត់យ៉ាងច្បាស់ថា គេអាចដាក់ការទាមទារណាមួយស្វែងរកដំណោះស្រាយជាអន្តរជាតិបាន លុះត្រាតែរឿងនោះបានប្រើអស់ដំណោះស្រាយក្នុងស្រុកជាមុនសិន។ វិធាននេះបង្ហាញថា រូបវន្តបុគ្គលដែលរងគ្រោះ ត្រូវតែបានស្វែងរកដំណោះស្រាយក្នុងស្រុករបស់រដ្ឋចុងចម្លើយចប់សព្វគ្រប់ ទើបអាចដាក់បណ្ដឹងប្រឆាំងនឹងរដ្ឋនោះជាអន្តរជាតិបាន។
គ. ការពន្យារពេលដោយមិនសមហេតុផល និងសកម្មភាពមិនសមរម្យ
ការទាមទាររបស់រដ្ឋមួយ ប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតនឹងមិនត្រូវបានទទួលយកឡើយក្នុងករណីដែលមានការពន្យារពេលដោយមិនសមហេតុផលដោយរដ្ឋដែលដាក់ការទាមទារ។ ដូចគ្នានេះដែរ ការទាមទារអាចនឹងមិនអាចទទួលយកបាន ក្នុងករណីដែលបុគ្គលមានសញ្ជាតិរបស់រដ្ឋដែលដាក់ការទាមទារ រងគ្រោះដោយសារតែសកម្មភាពមិនសមរម្យរបស់គាត់។
ឃ. វិធានការតបត
រដ្ឋដែលរងគ្រោះ អាចស្វែងរកដំណោះស្រាយដោយលើការទាមទាររបស់ខ្លួនដោយសន្តិវិធី ឬអាចចាត់វិធានការតបតប្រឆាំងនឹងរដ្ឋដែលបានប្រព្រឹត្តកំហុស។ និយាយឱ្យសាមញ្ញ វិធានការតបត គឺជាសកម្មភាពវាយបកប្រឆាំងនឹងអំពើឈ្លានពាន។ វិធានការបែបនេះ ជាការប្រើសិទ្ធិស្វ័យការពារ (self-help)ដើម្បីទាមទាររដ្ឋដែលប្រព្រឹត្តខុសឱ្យបញ្ឈប់ការប្រព្រឹត្តកំហុសនោះ និងផ្ដល់មកវិញនូវសំណងការខូចខាត។
បច្ចុប្បន្ន វិធានការតបត ត្រូវមានដែនកំណត់ក្រោមច្បាប់។ ដែនកំណត់សំខាន់បំផុតមួយគឺការហាមឃាត់ការសងសឹកដោយកម្លាំងអាវុធ ព្រោះថាមានការចែងហាមឃាត់ដោយមាត្រា ២(៤) នៃធម្មនុញ្ញសហប្រជាជាតិ។[2] វិធានការតបត ត្រូវតែធ្វើឡើងឱ្យសមាមាត្រទៅនឹងទង្វើដែលប្រព្រឹត្តខុសនោះ។ វិធានការនោះមិនត្រូវរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន ឬរំលោភបទដ្ឋានមានតម្លៃខ្ពស់បំផុតនៃច្បាប់អន្តរជាតិ (peremptory norms of International Law)បានឡើយ។
[1] អ្នកនិពន្ធ និងអ្នកស្រាវជ្រាវច្បាប់ជាច្រើនប្រើពាក្យថា “បទដ្ឋានអាជ្ញាបញ្ជា”។
[2] United Nations Charter, Art 2 (4): All Members shall refrain in their international relations from the threat or use of force against the territorial integrity or political independence of any state, or in any other manner inconsistent with the Purposes of the United Nations.