ក្រមរដ្ឋប្បវេណី
គន្ថីទី៧
ញាតិ
ជំពូកទី ២
កំជាប់ពាក្យ
មាត្រា ៩៤៤.- ការបង្កើតកំជាប់ពាក្យ
កំជាប់ពាក្យ ត្រូវបង្កើតឡើងតាមសេចក្ដីសន្យារវាងបុរស នារី ថានឹងរៀបអារពាហ៍ពិពាហ៍រវាងគ្នា នាពេលអនាគត និងដោយធ្វើពិធីកំជាប់ពាក្យ។
មាត្រា ៩៤៥. ការសងជំនូន
ក្នុងករណីដែលកំជាប់ពាក្យបានរលាយ ភាគីដែលបានលើកជំនូននៅពេលកំជាប់ពាក្យ ដោយសង្ឃឹមថានឹង បានរៀបអាពាហ៍ពិពាហ៍អាចទាមទារឱ្យភាគីម្ខាងទៀតសងជំនូននោះមកវិញបាន ។
មាត្រា ៩៤៦. ការទទួលខុសត្រូវចំពោះការបដិសេធចោលដោយមិនត្រឹមត្រូវ
ក្នុងករណីដែលភាគីណាម្ខាងបានបដិសេធកំជាប់ពាក្យដែលបានភ្ជាប់រវាងភាគីចោលដោយគ្មានមូលហេតុត្រឹមត្រូវ ភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតដែលកើតឡើងដោយសារការបដិសេធចោលនោះបាន។
មាត្រា ៩៤៧. អំឡុងពេលដាក់ពាក្យបណ្តឹង
បណ្តឹងដែលទាក់ទងទៅនឹងមាត្រា ៩៤៥ (ការសងជំនូន) ឬមាត្រា ៩៤៦ (ការទទួលខុសត្រូវចំពោះការបដិសេធចោលដោយមិនត្រឹមត្រូវ) ខាងលើនេះ ត្រូវប្តឹងនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលកំជាប់ពាក្យនោះបានរលាយ។