គន្ថីទី៧

ញាតិ

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ៩៣៨. ទំហំរបស់ញាតិ

បុគ្គលដែលបានកំណត់ដូចខាងក្រោមនេះ គឺជាញាតិ :

ក-ញាតិលោហិតក្នុង ៦ (ប្រាំមួយ) ថ្នាក់ ។

ខ- សហព័ទ្ធ ។

គ-ញាតិពន្ធក្នុង៣ (បី)ថ្នាក់ ។

មាត្រា ៩៣៩. ការគណនាថ្នាក់ញាតិ

១-ថ្នាក់ញាតិ ត្រូវកំណត់ដោយគណនាចំនួននៃតំណពូជរវាងញាតិ។

២-ដើម្បីកំណត់ថ្នាក់ញាតិនៃសាខាញាតិ ត្រូវគណនាចំនួននៃតំណពូជគិតចាប់ពីជននោះ ឬសហព័ទ្ធរបស់ជននោះ ឡើងទៅដល់បុព្វជនដូចគ្នា និងចំនួននៃតំណពូជ គិតចាប់ពីបុព្វជនរបស់ជននោះចុះរហូតមកដល់ជនម្នាក់ទៀត។

មាត្រា ៩៤០. ការកើតមានឡើងនូវទំនាក់ទំនងញាតិភាពដោយការសុំកូន

ទំនាក់ទំនងរវាងកូនចិញ្ចឹម និងឪពុក ម្តាយចិញ្ចឹម ព្រមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹមនោះ នឹងត្រូវបង្កើតនូវញាតិភាពដូចគ្នានឹងញាតិលោហិត គិតចាប់ពីថ្ងៃដែលបានសុំកូន។

មាត្រា ៩៤១. ការរលត់ទំនាក់ទំនងញាតិពន្ធ

១-ទំនាក់ទំនងញាតិពន្ធ ត្រូវបញ្ចប់ដោយការលែងលះគ្នា ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលសហព័ទ្ធណា ម្ខាងបានទទួលមរណភាព ហើយសហព័ទ្ធដែលនៅរស់បានរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ឬបានបង្ហាញឆន្ទៈបញ្ចប់ទំនាក់ទំនងញាតិពន្ធ។

មាត្រា ៩៤២.- ការរលត់ញាតិភាព ដោយការកាត់កាល់ ឬ លែងទទួលស្គាល់

ញាតិភាពរវាងកូនចិញ្ចឹម សហព័ទ្ធរបស់ជននោះ បច្ឆាញាតិផ្ទាល់ និង សហព័ទ្ធ របស់បច្ឆាញាតិផ្ទាល់នោះ ជាមួយនឹងឪពុកម្តាយចិញ្ចឹម និង ញាតិលោហិតរបស់ឪពុក ម្តាយចិញ្ចឹមនោះ ត្រូវបានបញ្ចប់ដោយការ កាត់កាល់ ឬ លែងទទួលស្គាល់។

វេត្រា ៩៤៣.- ករណីយកិច្ចគោរពគ្នារវាងញាតិ និង ការបង្ការអំពើហិង្សាក្នុងគ្រួសារ

១ – សមាជិកម្នាក់ៗទៅក្នុងក្រុមគ្រួសារ ត្រូវគោរពសិទ្ធិ និង សេរីភាពរវាងគ្នាទៅវិញទៅមក ហើយត្រូវសង្គ្រោះគ្នាទៅវិញទៅមក។

២- សមាជិកម្នាក់ៗនៅក្នុងក្រុមគ្រួសារ ត្រូវបង្ការកុំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ និង ត្រូវធ្វើយ៉ាងណាកុំឱ្យ កើតមានឡើង នូវការរំលោភសិទ្ធិមនុស្ស។