ព្រះរាជក្រម
នស/រកម/០៦០៥/០១៦
យើង
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧបនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០៥ នាសម័យប្រជុំពេញអង្គរបស់រដ្ឋសភាលើកទី ២ នីតិកាលទី៣ ហើយដែលព្រឹទ្ធសភា បានអនុម័តយល់ស្របលើទម្រង់និងគតិនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០០៥ នាសម័យប្រជុំពេញអង្គលើកទី ៩ នីតិកាលទី ១ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅនេះៈ
ច្បាប់
ស្តីពី
ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
ច្បាប់នេះមានគោលដៅកំណត់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ២.-
វិសាលភាពនៃច្បាប់នេះគ្របដប់លើការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់/ការធ្វើពាណិជ្ជកម្ម ការឱ្យខ្ចី ការផ្ទេរ ការចែកចាយ ការជួល ការផលិត ការកែច្នៃតម្លើង ការជួសជុល ការដឹកជញ្ជូន ភារនាំឆ្លងកាត់ ភារនាំចូល ការនាំចេញ ការស្តុកអាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទ។
មាត្រា ៣.-
វាក្យសព្ទ ដូចចែងក្នុងច្បាប់នេះ មាននិយមន័យដូចខាងក្រោម :
ក- អាវុធសំដៅដល់កាំភ្លើងគ្រប់ប្រភេទដែលផលិត ឬ កែច្នៃតម្លើង ដែលអាច ប្រើប្រាស់សម្លាប់ ឬ ធ្វើឱ្យរបួស ឬ ធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ ។
ខ-គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ សំដៅដល់ឧបករណ៍សម្ភារៈដែលគេផលិត ឬ កែច្នៃតម្លើង ដែលអាចប្រើប្រាស់សម្លាប់ ឬ ធ្វើឱ្យរបួស ឬ ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ។
គ-អាវុធគីមី អាវុធជីវសាស្រ្តគ្រប់ប្រភេទ ឬគ្រាប់ដ៏ទៃទៀត ដែលផ្ទុកជាតិគីមីផ្ទុកជីវសាស្ត្រ សំដៅដល់សារធាតុ ដែលគេផលិត ឬ កែច្នៃតម្លើង អាចបង្កគ្រោះថ្នាក់ដល់ សុខភាព អាយុជីវិត ឬ ទ្រព្យសម្បត្តិ និង បរិស្ថាន ។
យ-កងកម្លាំងឯកសណ្ឋាន សំដៅដល់កងកម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ។
ង-មន្ត្រី សំដៅដល់អ្នករាជការក្នុងក្របខ័ណ្មុខងារសាធារណៈទាំងឡាយ និងមន្ត្រីតុលាការ មន្ត្រីនៃស្ថាប័នកំពូលរបស់ជាតិ។
ច -ជនស៊ីវិលសំដៅដល់ជនទាំងឡាយ ដែលមិនស្ថិតនៅក្នុងកថាខណ្ឌ ឃ និង ង។
ជំពូកទី ២
ការគ្រប់គ្រង ការផ្គត់ផ្គង់ការដឹកជញ្ជូន អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ
មាត្រា ៤.-
ត្រូវហាមឃាត់ ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ភារធ្វើពាណិជ្ជកម្ម ការឱ្យខ្ចី ការផ្ទេរ ការចែកចាយ ការជួល ការផលិត ការកែច្នៃតម្លើង ការជួសជុល ការដឹកជញ្ជូន ការនាំឆ្លងកាត់ ការនាំចូល ការនាំចេញ ការស្តុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទចំពោះជនស៊ីវិល ក្នុងព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ៥-
ត្រូវបានអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់កាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះ ដែលមិនស្ថិតនៅក្នុងកថាខណ្ឌ ក , ខ , គ នៃមាត្រា ៣ ក្នុងច្បាប់នេះ :
- កាំភ្លើង និង គ្រាប់បាញ់កំណត់សញ្ញា
- កាំភ្លើង និង គ្រាប់បាញ់សម្រាប់សកម្មភាពកីឡា
- កាំភ្លើងដែលបាញ់ មិនមានបញ្ជូនក្បាលគ្រាប់ ឬ គ្រាប់ប្រាយ។ កាំភ្លើងបាញ់បញ្ជូនកាំជ្រួចលម្អ ឬ កាំភ្លើងផ្ទុះស្នូរគ្មានក្បាលគ្រាប់សម្រាប់សំដែងសិល្បៈ។
- គ្រឿងផ្ទុះសម្រាប់បម្រើសេវាកម្មសាធារណៈ និងវិស្វកម្មស៊ីវិល ឬ សម្រាប់ផ្ទុះលម្អ។
ល័ក្ខខ័ណ្ឌ និង នីតិវិធី សម្រាប់អនុវត្តន៍មាត្រានេះត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់ ក្រសួងមហាផ្ទៃ។
មាត្រា ៦.-
ត្រូវបានអនុញ្ញាតឱ្យតែក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិមានក្លិន និង ទីលានសម្រាប់ហាត់ បាញ់ដើម្បីហ្វឹកហ្វឺន។
មាត្រា ៧.-
ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់/ការធ្វើពាណិជ្ជកម្ម ការឱ្យខ្ចី ការផ្ទេរ ការចែកចាយ ការជួល ការផលិត ការកែច្នៃតម្លើង ការជួសជុល ការដឹកជញ្ជូន ការនាំឆ្លងកាត់ ការនាំចូល ការនាំចេញ ការស្តុកអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវគ្រប់ប្រភេទដល់កងកម្លាំងឯកសណ្ឋាន និងមន្ត្រីត្រូវស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់នេះ ។
មាត្រា ៨.-
ជនបរទេស មិនត្រូវបានអនុញ្ញាតឱ្យ កាន់កាប់ ឬ ប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមសំណើសុំជាផ្លូវការ រាជរដ្ឋាភិបាលអាចផ្តល់ការលើកលែងចំពោះអង្គរក្សបរទេសមាន : អង្គរក្សរបស់ព្រះមហាក្សត្រ ឬ ព្រះមហាក្សត្រីយានី ប្រធានាធិបតី ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ឥស្សរជនជាន់ខ្ពស់ ដែលយាង ឬ អញ្ជើញមកធ្វើទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
មាត្រា ៩.-
ការចុះបញ្ជីគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ។
មាត្រា ១០-
ក្រសួងការពារជាតិ ទទួលខុសត្រូវលើការផ្គត់ផ្គង់ ការត្រួតពិនិត្យ ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិង គ្រាប់រំសេវគ្រប់ប្រភេទរបស់កងយោធពលខេមរភូមិន្ទ។
ក្រសួងមហាផ្ទៃ ទទួលខុសត្រូវលើភារផ្គត់ផ្គង់ ការត្រួតពិនិត្យ ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងគ្រាប់ រំសេវគ្រប់ប្រភេទ របស់កងកម្លាំងនគរបាលជាតិ សា្ថប័នសាធារណៈ មន្ត្រី និងជនស៊ីវិល។
មាត្រា ១១.–
ក្រសួងការពារជាតិ មានសមត្ថកិច្ចចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវ គ្រប់ប្រភេទដល់កងយោធពលខេមរភូមិន្ទ។
ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ ប្រភេទដល់កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ មន្ត្រី និង ជនស៊ីវិល។
ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ត្រូវមានបញ្ជាក់អំពីប្រភេទអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ និងលក្ខខណ្ឌដែលត្រូវគោរព។
ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់អង្គភាពត្រូវបានបញ្ជាក់បន្ថែម អំពីកាតព្វកិច្ចតម្រូវឱ្យយកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវមករក្សាទុកក្នុងឃ្លាំងវិញ ។
នីតិវិធី និង លក្ខខណ្ឌ ស្តីពីការសុំប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ ប្រភេទត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ១២.-
ក្រសួងការពារជាតិ ទទួលខុសត្រូវលើសុវត្ថិភាព និងសន្តិសុខស្តុកទុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទរបស់កងយោធពលខេមរភូមិន្ទ។
ក្រសួងមហាផ្ទៃ ទទួលខុសត្រូវលើសុវត្ថិភាព និងសន្តិសុខស្តុកទុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទរបស់កងកម្លាំងនគរបាលជាតិ ស្តាប័នសាធារណៈ មន្ត្រី និងជនស៊ីវិល។
អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវទាំងអស់ត្រូវចុះក្នុងបញ្ជី ហើយអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទត្រូវតែស្តុកទុក និងបញ្ចូលក្នុងឃ្លាំងដែលមានសុវត្ថិភាព។
មាត្រា ១៣-
ដើម្បីធានាសុវត្ថិភាពសាធារណៈ និងដើម្បីបង្ការ ទប់ស្កាត់គ្រោះមហន្តរាយដល់អាយុជីវិត ឬ ទ្រព្យសម្បត្តិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាចបញ្ជាឱ្យ ជម្លៀសសាធារណជន ចេញជាបណ្តោះអាសន្ន ពីលំនៅដ្ឋាន ឬ តំបន់ ក្នុងករណីដឹងថាមានគ្រោះថ្នាក់កើតឡើង។
បែបបទនៃការអនុវត្តន៍មាត្រានេះ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ១៤.-
ការដឹកជញ្ជូនអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទក្នុងប្រទេស ត្រូវស្ថិតនៅក្រោមសមត្ថកិច្ច របស់ក្រសួងការពារជាតិ បើក្នុងគោលដៅការពារជាតិ ឬ របស់ក្រសួងមហាផ្ទៃ បើក្នុងគោលដៅការពារ សន្តិសុខផ្ទៃក្នុងប្រទេស។
ការដឹកជញ្ជូនអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា មកពីក្រៅ ប្រទេសអាចធ្វើទៅបាន លុះត្រាតែបានការយល់ព្រមពីរាជរដ្ឋាភិបាល តាមសំណើរបស់ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ។
មាត្រា ១៥.-
ករណីបាត់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដែលបាន និងកំពុងកាន់កាប់ ប្រើប្រាស់ ហើយ ការបាត់នោះកើតឡើងនៅក្រៅអង្គភាព ត្រូវរាយការណ៍មិនលើសពី ២៤ (ម្ភៃបួន)ម៉ោងក្រោយពេលដឹងថាបាត់ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឬ ប៉ុស្តិ៍កងរាជអាវុធហត្ថ នៅទីកន្លែងដែលបាត់ ហើយត្រូវមានសាក្សីដឹងឮម្នាក់ ឬ ពីរនាក់ទៅជាមួយផងនៅពេលរាយការណ៍។ ក្នុងករណីគ្មានសាក្សី សមត្ថកិច្ចនៅកន្លែងកើតហេតុ ត្រូវចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុដល់ទីកន្លែងដែលបាត់ ។
ករណីបាត់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដែលស្តុកទុកក្នុងឃ្លាំង ឬ ក្នុងអង្គភាព នាយឆ្នាំ ឬ អ្នកទទួលខុសត្រូវថែរក្សាត្រូវរាយការណ៍ដល់មេបញ្ជាការ ឬ ប្រធានអង្គភាព មិនលើសពី ២៤ (ម្ភៃបួន)ម៉ោង ក្រោយដឹងថាបាត់ ។ មេបញ្ជាការ ឬ ប្រធានអង្គភាព ត្រូវចាត់វិធានការត្រួតពិនិត្យស្រាវជ្រាវ ជាបន្ទាន់ ។
របាយការណ៍ស្តីពីការបាត់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទខាងលើនេះត្រូវធ្វើជាលាយ លក្ខណ៍អក្សរ ដោយបញ្ជាក់លម្អិត ទាក់ទងនឹងប្រភេទអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ លេខចុះបញ្ជី ព្រមទាំងមូលហេតុ និង កាលៈទេសៈនៃការបាត់។
មាត្រា ១៦.-
ការបំផ្លាញអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ឬការលុបចេញពីបញ្ជី ត្រូវមានការអនុញ្ញាត ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនោះ ស្ថិតក្នុងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ ឬ មានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិ បើអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនោះ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងការពារជាតិ ។
មាត្រា ១៧.-
ក្នុងករណីចាំបាច់រាជរដ្ឋាភិបាលអាចបង្កើតគណៈកម្មការជាតិ ដើម្បីត្រួតពិនិត្យដឹកនាំឬ កែទម្រង់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជំពូកទី ៣
ការនាំចូល ការនាំចេញ ការជួសជុល ការផលិតអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ
មាត្រា ១៨.-
ការនាំចូល ការនាំចេញ ការជួសជុល ការផលិតអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទជា សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។
ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវបានអនុញ្ញាតឱ្យមានរោងជាងជួសជុលនិងទីតាំងសម្រាប់ ធ្វើការសាកល្បងគុណភាពអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។
ការនាំចូល ការនាំចេញ ការផលិតអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទ ត្រូវស្របតាមគោល ការណ៍ និងវិធានទាំងឡាយរបស់អន្តរជាតិដែលពាក់ព័ន្ធ ។
ជំពូកទី ៤
ទោសប្បញ្ញត្តិ
មាត្រា ១៩.-
ជនណាដែលប្រព្រឹត្តផ្ទុយនឹងមាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ (បី)ខែ ដល់ ១(មួយ)ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០,០០០ (ម្ភៃម៉ឺន)រៀល ដល់ ១.០០០.០០០ (មួយលាន)រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ណផ្សេងទៀត ។
មាត្រា ២o.-
ជនណាដែលបំពាក់ដាក់តាមខ្លួនកាន់កាប់ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុលនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ខែ ដល់ ២(ពីរ) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០ (ហាសិបម៉ឺន)រៀល ដល់ ២.០០០.០០០ (ពីរលាន)រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
មាត្រា ២១.-
ជនណាដែលធ្វេសប្រហែស ឱ្យជនដទៃយកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដែលខ្លួនកាន់កាប់ទៅប្រើប្រាស់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ឆ្នាំ ដល់ ២ (ពីរ)ឆ្នាំនិងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៧០០.០០០ (ចិតសិបម៉ឺន)រៀល ដល់ ២.០០០.០០០ (ពីរលាន) រៀល។
មាត្រា ២២.-
មន្ត្រីដែលក្រសួងមានសមត្ថកិច្ច ប្រគល់ឱ្យ ចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់ រំសេវគ្រប់ប្រភេទ ការផ្តល់ប័ណ្ណសម្គាល់សិទ្ធិ ប្រើប្រាស់នោះ ពុំបានត្រឹមត្រូវខុសសមត្ថកិច្ចរបស់ខ្លួនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៣.០០០.០០០ (បីលាន)រៀល ដល់ ៦.០០០.០០០ (ប្រាំមួយលាន)រៀល។
ជនណាដែលពុំមែនជាសមត្ថកិច្ច ហើយបានចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ, និង គ្រាប់រំសេវគ្រប់ប្រភេទក្រោមរូបភាពណាមួយ ឬ ដោយមូលហេតុណាក៏ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ៨(ប្រាំបី)ឆ្នាំ និងត្រូវផ្តន្មទោសពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល។
ជនណាដែលធ្វើប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយក្លែង បន្លំ ឬ បានប្រើប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយដឹងថាក្លែងបន្លំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់១០(ដប់)ឆ្នាំ ។
មាត្រា ២៣.-
ជនណាដែលផលិត ធ្វើពាណិជ្ជកម្ម នាំឆ្លងកាត់ នាំចេញ នាំចូល ឬ ស្តុកនូវអាវុធគ្រឿងផ្ទុះ និងគ្រាប់ រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ។
មាត្រា ២៤.-
ជនណាដែលបានប្រព្រឹត្តផ្ទុយនឹងមាត្រា ៨ និងមាត្រា ១៤ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ដោយពុំទាន់គិតពីបទល្មើសព្រំហ្មទណ្ឌផ្សេងទៀត។
ជំពូកទី៥
អន្តរប្បញ្ញត្តិ
មាត្រា ២៥.-
ក្នុងរយៈពេល ៣ (បី)ខែ យ៉ាងយូរ បន្ទាប់ពីច្បាប់នេះចូលជាធរមាន ជនណាដែលបានកាន់កាប់ អាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតត្រូវយកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទទាំងនោះ មកប្រគល់ឱ្យអាជ្ញាធរមានសមត្ថកិច្ច។
ជំពូកទី ៦
អវសានប្បញ្ញត្តិ
មាត្រា ២៦.-
បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនិងច្បាប់នេះ ត្រូវចាត់ទុកជានិរាករណ៍។
មាត្រា ២៧.-
ច្បាប់នេះត្រូវប្រកាសជាការប្រញាប់។
១ មិថុនា ២០០៥
☛ ទាញយកអត្ថបទច្បាប់ជាPDF ក្នុងតេឡេក្រាម LAWKH:https://t.me/lawaudio_kh/678