ក្រមរដ្ឋប្បវេណី

គន្ថីទី ៧

ញាតិ

ជំពូកទី ៤

ឪពុកម្តាយ និងកូន

ផ្នែកទី ១

បុត្តភាព

កថាភាគទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ៩៨៥. ករណីយកិច្ចនៃការសុំចុះកំណើត

១-ឪពុក ឬម្តាយរបស់កូនត្រូវសុំចុះកំណើតរបស់កូន នៅសាលាឃុំសង្កាត់នៃលំនៅឋានរបស់ឪពុក ឬម្តាយ ក្នុងអំឡុងពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃដែលកូននោះកើត ។ ប្រសិនបើឪពុក ឬម្តាយមិនអាចសុំចុះបានទេញាតិជានីតិជន ដែលរស់នៅជាមួយឪពុកម្តាយ​នៃកូនត្រូវសុំចុះកំណើតរបស់កូននោះ ឱ្យបានឆាប់រហ័ស ។

២-ក្នុងករណីដែលឪពុកម្តាយ បានធ្វេសប្រហែសនឹងករណីយកិច្ចដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ដោយគ្មានមូលហេតុត្រឹមត្រូវ នឹងត្រូវពិន័យស៊ីវិលជាបាក់ មិនលើសពី ១០.០០០ (មួយម៉ឺន) រៀល ។

មាត្រា ៩៨៦. វិធីគណនាអាយុ

១-អាយុត្រូវគណនាដោយគិតចាប់ពីថ្ងៃកំណើត ។

២-បញ្ញត្តិនៃមាត្រា ៣៣៥ (ការគណនាអំឡុងពេលតាមប្រតិទិនសុរិយគតិ) នៃ ក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការគណនាអាយុ។

កថាភាគទី២

ការសម្រេចអំពីបុត្តភាព

មាត្រា ៩៨៧. មាតុភាព

ស្ត្រីដែលបានសម្រាលកូន គឺជាម្តាយរបស់កូន ។

មាត្រា ៩៨៨. ការសន្មតបិតុភាព

១-ទារកនៅក្នុងគភ៌ប្រពន្ធ ដែលមាននៅក្នុងពេលមានចំណងអាពាហ៍​ពិពាហ៍​ត្រូវសន្មតថាជាកូនរបស់ប្ដី ។

២-កូនដែលបានកើតនៅក្រោយអំឡុងពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ គិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍ ត្រូវបានបង្កើត ឬក្នុងអំឡុងពេល ៣០០ (បីរយ) ថ្ងៃ គិតចាប់ពីថ្ងៃដែលបានរំលាយ ឬលុបចោលអាពាហ៍ពិពាហ៍ត្រូវសន្មតថា មានគភ៌នៅក្នុងពេលមានចំណងអាពាហ៍​ពិពាហ៍​នោះ ។

៣-ក្នុងករណីដែលស្ត្រី បានរៀបអាពាហ៍ពិពាហ៍ថ្មីទៀតផ្ទុយនឹងបញ្ញត្តិនៃមាត្រា ៩៥០ (អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត )នៃក្រមនេះបានបង្កើតកូនប្រសិនបើមិនអាចកំណត់ឪពុករបស់កូននោះ ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះទេ ត្រូវសន្មតថា កូននោះជាកូនរបស់ប្តីដែល បានរៀបអាពាហ៍​ពិពាហ៍ក្រោយ ។

មាត្រា ៩៨៩. ការបដិសេធបិតុភាព

នៅក្នុងករណីដែលបានកំណត់នៅក្នុងមាត្រា៩៨៨ (ការសន្មតបិតុភាព) ខាងលើ នេះ ជនដែលត្រូវបានសន្មតថាជាឪពុក ឬកូនអាចបដិសេធបិតុភាពបាន ។

មាត្រា ៩៩០. បណ្តឹងបដិសេធបិតុភាពពីជនដែលត្រូវបានសន្មតថាជាឪពុក

១-សិទ្ធិបដិសេធរបស់ជនដែលត្រូវបានសន្មតថាជាឪពុកដែលបានកំណត់​នៅក្នុង មាត្រា ៩៨៩ (ការបដិសេធបិតុភាព) ខាងលើនេះ ត្រូវអនុវត្តដោយបណ្តឹងចំពោះកូន ។

២-ជនដែលត្រូវបានសន្មតថាជាឪពុក ត្រូវដាក់ពាក្យបណ្តឹងបដិសេធបិតុភាពក្នុង អំឡុងពេល ៦ (ប្រាំមួយ) ខែ គិតចាប់ពីពេលដែលខ្លួនបានដឹងអំពីកំណើតរបស់កូន ។

៣-នៅពេលដែលអំឡុងពេលដែល បានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ បានកន្លងផុត បើជនដែលត្រូវបានសន្មតថាជាឪពុក ជាជនដែលនៅក្រោមអាណាព្យាបាល ទូទៅអំឡុងពេលនោះត្រូវគណនាដោយគិតចាប់ពីពេលដែលមានការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ដែលបានកំណត់នៅក្នុងមាត្រា ២៧ (ការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ) នៃក្រមនេះ ។

មាត្រា ៩៩១. បណ្តឹងបដិសេធបិតុភាព ពីកូន

១-សិទ្ធិបដិសេធរបស់កូន ដែលបានកំណត់នៅក្នុងមាត្រា ៩៨៩ (ការបដិសេធបិតុភាព) នៃក្រមនេះ ត្រូវអនុវត្តដោយបណ្តឹងចំពោះជនដែលត្រូវបានសន្មតថាជាឪពុក។

២-ក្នុងករណីដែលកូនដែលជាអនីតិជនប្រើសិទ្ធិបដិសេធ បើកូននោះគ្មានម្តាយ ដែលអនុវត្តអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនទេ តុលាការត្រូវជ្រើសតាំងអ្នកតំណាងពិសេស ។

៣-កូន មិនអាចអនុវត្តសិទ្ធិបដិសេធបានឡើយ ប្រសិនបើអំឡុងពេល ៦ (ប្រាំមួយ)ខែបានកន្លងផុត គិតចាប់ពីពេលដែលខ្លួនបានក្លាយជានីតិជន ។

៤-នៅពេលដែលអំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ បានកន្លងផុត បើកូនជាជននៅក្រោមអាណាព្យាបាលទូទៅ អំឡុងពេលនោះត្រូវគណនាដោយគិតចាប់ពីពេលដែលមានការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ដែលបានកំណត់នៅក្នុងមាត្រា ២៧ (ការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ) នៃក្រមនេះ ។

មាត្រា ៩៩២. អានុភាពប្រតិសកម្មនៃបណ្តឹងបដិសេធបិតុភាព

ការបដិសេធបិតុភាព ត្រូវបង្កើត​អានុភាពប្រតិ​សកម្ម​តាំងពី​ពេលកំណើត​របស់កូន ។

កថាភាគទី ៣

ការទទួលស្គាល់

មាត្រា ៩៩៣. ការទទួលស្គាល់ដោយស្ម័គ្រចិត្ត

ឪពុករបស់កូន អាចទទួលស្គាល់កូនបាន ។    ប៉ុន្តែ ប្រសិនបើកូននោះមានឪពុកតាមផ្លូវច្បាប់រួចហើយពុំអាចទទួលស្គាល់បានឡើយ ។

មាត្រា ៩៩៤. សមត្ថភាពក្នុងការទទួលស្គាល់

ដើម្បីទទួលស្គាល់ ទោះបីជាឪពុកជាអនីតិជន ឬជាជននៅក្រោមអាណាព្យាបាល ទូទៅក៏ដោយ ក៏ពុំចាំបាច់មានការយល់ព្រម ពីអ្នកតំណាងដែលច្បាប់បានកំណត់ឡើយ ។

មាត្រា ៩៩៥. ការទទួលស្គាល់របស់ឪពុក

១-ឪពុកអាចទទួលស្គាល់កូនដែលជាអនីតិជន បាន ។

២-ទោះជាទារកនៅក្នុងគភ៌ក៏ដោយក៏ ឪពុកអាចទទួលស្គាល់កូននោះបានដោយទទួលការយល់ព្រមពីម្តាយ ។

មាត្រា ៩៩៦. ការទទួលស្គាល់កូនជានីតិជន និងកូនដែលបានទទួលមរណភាព

១-ឪពុកដែលមានបំណងចង់ទទួលស្គាល់កូនដែលជានីតិជន មិនអាចទទួលស្គាល់បានឡើយ បើគ្មានការយល់ព្រមពីកូននោះ ។

២-ឪពុកអាចទទួលស្គាល់កូន ដែលបានទទួលមរណភាពបានតែក្នុងករណីដែលកូននោះមានបច្ឆាញាតិផ្ទាល់ ។     ក្នុងករណីនេះ បើបច្ឆាញាតិផ្ទាល់នោះជានីតិជន ត្រូវទទួលការយល់ព្រមពីជននោះ ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ៩៩៧ (ទម្រង់នៃការទទួលស្គាល់) ខាង ក្រោមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការយល់ព្រមដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ នៃមាត្រានេះ ។

មាត្រា ៩៩៧. ទម្រង់នៃការទទួលស្គាល់

១-ការទទួលស្គាល់ នឹងត្រូវធ្វើឡើងដោយការជូនដំណឹងទៅមន្ត្រីអត្រា​នុកូលដ្ឋាន ។ ការទទួលស្គាល់ ក៏អាចធ្វើតាមមតកសាសន៍ក៏បានដែរ ។

២-ការយល់ព្រមរបស់ម្តាយ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ នៃមាត្រា ៩៩៥ (ការទទួលស្គាល់របស់ឪពុក)ខាងលើនេះ អាចធ្វើបានដោយចុះហត្ថលេខាលើលិខិតទទួលស្គាល់នោះ ។

មាត្រា ៩៩៨. អានុភាពនៃការចុះកំណើតនៅក្នុងសៀវភៅកំណើតនិងការទទួលស្គាល់

បើបុគ្គលណាម្នាក់ បានសុំចុះកំណើតរបស់កូនបានចុះឈ្មោះខ្លួនជាឪពុក ហើយបានចុះហត្ថលេខា ឬផ្តិតមេដៃ នៅក្នុងសៀវភៅកំណើត បុគ្គលនោះត្រូវចាត់ទុកថា បានទទួលស្គាល់កូននោះ នៅពេលដែលបានសុំចុះកំណើត ។

មាត្រា ៩៩៩. អានុភាពប្រតិសកម្មនៃការទទួលស្គាល់

ការទទួលស្គាល់កូនត្រូវមានអានុភាពប្រតិសកម្មតាំងពីពេលកំណើតរបស់កូននោះ ។ ប៉ុន្តែ ការទទួលស្គាល់ពុំអាចបំពានសិទ្ធិដែលតតិយជនបានធ្វើលទ្ធកម្មរួចហើយ ឡើយ ។

មាត្រា ១000. ការហាមឃាត់មិនឱ្យដកការទទួលស្គាល់ចេញ

ឪពុកដែលបានទទួលស្គាល់កូនហើយ ពុំអាចលុបចោលការទទួលស្គាល់​នោះបានឡើយ ។

មាត្រា ១00១. បណ្ដឹងទាមទារឱ្យទទួលស្គាល់

១-កូនអាច ដាក់ពាក្យបណ្តឹងទាមទារឱ្យទទួលស្គាល់បាន ។   ប៉ុន្តែ កូនដែលមិនបានយល់ព្រមតាមបញ្ញត្តិនៃកថាខណ្ទី១ នៃមាត្រា ៩៩៦ (ការទទួលស្គាល់កូនជា នីតិជន និងកូនដែលបានទទួលមរណភាព) នៃក្រមនេះ ពុំអាចទាមទារឱ្យទទួលស្គាល់បានឡើយ ។

២-ប្រសិនបើកូន បានទទួលមរណភាព បច្ឆាញាតិផ្ទាល់របស់កូននោះ អាចដាក់ពាក្យបណ្តឹងទាមទារឱ្យទទួលស្គាល់បាន ។

៣-កូន ឬបច្ឆាញាតិផ្ទាល់របស់កូននោះ អាចដាក់ពាក្យបណ្តឹងទាមទារឱ្យទទួលស្គាល់ បានក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ដោយគិតចាប់ពីពេលដែលបានដឹងថាជាឪពុក ។

៤-ក្នុងករណីដែលកូន ឬបច្ឆាញាតិផ្ទាល់របស់កូននោះ ជាអនីតិជន ឬជននៅក្រោមអាណាព្យាបាលទូទៅ នៅពេលដែលខ្លួនបានដឹងថាជាឪពុក អំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ត្រូវគណនា គិតចាប់ពីពេលដែលកូន ឬបច្ឆាញាតិផ្ទាល់របស់កូននោះ បានក្លាយជានីតិជន ឬពេលដែលមានការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ដែលបានកំណត់នៅក្នុងមាត្រា ២៧ (ការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ) នៃក្រមនេះ ។

៥-កូន ឬបច្ឆាញាតិផ្ទាល់របស់កូន អាចដាក់ពាក្យបណ្តឹងទាមទារ ឱ្យទទួល​ស្គាល់បាន នៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីថ្ងៃមរណភាពរបស់ឪពុក ប្រសិនបើបានដឹងថាជាឪពុកនៅក្រោយមរណភាពរ​បស់​ឪពុក ។

៦-បណ្តឹងដែល បានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី២ ខាងលើនេះ អ្នកតំណាងដែលច្បាប់បានកំណត់របស់កូន ឬបច្ឆាញាតិផ្ទាល់របស់កូននោះ អាចដាក់ពាក្យបណ្តឹងទាមទារឱ្យទទួលស្គាល់ជំនួសជនទាំងនោះ បាន ។

កថាភាគទី ៤

បណ្ដឹងទាមទារបញ្ជាក់អំពីនត្ថិភាពនៃបុត្តភាព

មាត្រា ១00២. បណ្ដឹងទាមទារឱ្យបញ្ជាក់អំពីនត្ថិភាពនៃបុត្តភាព

១-កូន អាចដាក់ពាក្យបណ្តឹងទៅតុលាការ ឱ្យបញ្ជាក់អំពីនត្ថិភាពនៃបិតុភាព ឬមាតុភាពចំពោះជនដែលត្រូវបានចុះជាឪពុកនៅក្នុងសៀវភៅកំណើត ទោះជាមិនបានទទួលការសន្មតថាជាឪពុកក៏ដោយ ឬជនដែល​ត្រូវបានចុះជាម្តាយនៅក្នុងសៀវភៅ កំណើតទោះជាគ្មានហេតុដែល​បានសម្រាលក៏ដោយ ។

២-ជនដែលត្រូវបានចុះជាឪពុកនៅក្នុងសៀវភៅកំណើត ទោះជាមិនបានទទួលការ សន្មតថាជាឪពុកក៏ដោយអាចដាក់ពាក្យបណ្តឹងទាមទារឱ្យ បញ្ជាក់អំពីនត្ថិភាពនៃបិតុភាព ជាមួយកូនបាន ។

៣-ជនដែលត្រូវបានចុះជាម្តាយនៅក្នុងសៀវភៅកំណើត ទោះជាមិនបាន​សម្រាលកូននោះក៏ដោយអាចដាក់ពាក្យបណ្តឹង   ទាមទារឱ្យ​បញ្ជាក់​​អំពីអត្ថិភាពនៃមាតុភាពជាមួយកូនបាន ។

៤-បណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ និង ទី ៣ ខាងលើនេះ ពុំអាចដាក់ បានឡើយ ប្រសិនបើបិតុភាព ឬមាតុភាពតាមផ្លូវច្បាប់ កើតឡើងដោយចេតនា ឬកំហុសធ្ងន់ធ្ងររបស់ជនដែលត្រូវបានចុះជាឪពុក ឬម្តាយ នៅក្នុងសៀវភៅ ឬបើអំឡុងពេល ២០ (ម្ភៃ) ឆ្នាំ បានកន្លងផុត គិតចាប់ពីថ្ងៃកំណើតរបស់កូន ឬថ្ងៃដែលអានុភាព នៃការទទួលស្គាល់បានកើតឡើង ។

៥-ប្រសិនបើកូនជាអនីតិជន ឪពុកឬម្តាយ ដែលមិនមែនជាភាគីម្ខាងទៀតនៃបណ្តឹង ត្រូវធ្វើជាតំណាងឱ្យកូន។    បើគ្មានឪពុកម្តាយ បើឪពុកម្តាយមិនអាចធ្វើជាតំណាងបាន ឬ បើបណ្តឹងទាមទារឱ្យបញ្ជាក់អំពីនត្ថិភាពនៃបុត្តភាពត្រូវបានធ្វើឡើងចំពោះឪពុក ម្តាយទាំងសងខាងជាភាគីម្ខាងទៀតនៃបណ្តឹងតុលាការត្រូវជ្រើសតាំងអ្នកតំណាងពិសេស ។

មាត្រា ១00៣. អានុភាពប្រតិសកម្មនៃការបញ្ជាក់អំពីនត្ថិភាពនៃបុត្តភាព

ការបញ្ជាក់នត្ថិភាពនៃបុត្តភាព ត្រូវមានអានុភាពប្រតិសកម្ម តាំងពីពេលកំណើតរបស់កូននោះ។       ប៉ុន្តែ អានុភាពប្រតិសកម្មនោះ ពុំអាចបំពានសិទ្ធិដែលតតិយជន បានលទ្ធកម្ម រួចហើយឡើយ ។

កថាភាគទី ៥

បណ្ដឹងទាមទារបញ្ជាក់អំពីអត្ថិភាពនៃមាតុភាព

មាត្រា ១00៤. បណ្ដឹងទាមទារឱ្យបញ្ជាក់អំពីអត្ថិភាពនៃមាតុភាព ពីកូន

១-កូនអាច ដាក់ពាក្យបណ្តឹងទាមទារឱ្យបញ្ជាក់អំពីអត្ថិភាពនៃមាតុភាពចំពោះស្ត្រីដែលបានបង្កើតខ្លួនបាន។

២-ប្រសិនបើកូន បានទទួលមរណភាព បច្ឆាញាតិផ្ទាល់របស់កូននោះអាចដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះបាន ។

៣-កូន ឬបច្ឆាញាតិផ្ទាល់របស់កូននោះ អាចដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បានក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ដោយគិតចាប់ពីពេលដែល បានដឹងថាជាម្តាយ ។

៤-ក្នុងករណីដែលកូន ឬបច្ឆាញាតិផ្ទាល់របស់កូននោះ ជាអនីតិជន ឬជននៅក្រោមអាណាព្យាបាលទូទៅនៅពេលដែល បានដឹងថាជាម្តាយ អំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ត្រូវគណនាដោយគិតចាប់ពីពេលដែលកូន ឬបច្ឆាញាតិផ្ទាល់របស់កូននោះបានក្លាយជានីតិជន ឬពេលដែលមានការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ដែលបានកំណត់នៅក្នុងមាត្រា ២៧ (ការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ) នៃក្រមនេះ ។

៥-កូន ឬបច្ឆាញាតិផ្ទាល់របស់កូន អាចដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បាននៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីថ្ងៃមរណភាពរបស់ម្តាយ ប្រសិនបើបានដឹងថាជាម្តាយ​នៅក្រោយមរណភាពរបស់ម្តាយ ។

៦-បណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ អ្នកតំណាងដែលច្បាប់បានកំណត់របស់កូនឬបច្ឆាញាតិផ្ទាល់របស់កូននោះ អាចដាក់ពាក្យបណ្ដឹងទាមទារឱ្យបញ្ជាក់អត្ថិភាពនៃមាតុភាពជំនួសជនទាំងនោះ បាន ។

មាត្រា ១00៥. បណ្ដឹងទាមទារឱ្យបញ្ជាក់អំពីអត្ថិភាពនៃមាតុភាព ពីម្តាយ

១-ម្តាយ អាចដាក់ពាក្យបណ្តឹងទាមទារឱ្យបញ្ជាក់អំពីអត្ថិភាពនៃមាតុភាព ចំពោះកូនដែលខ្លួនបានបង្កើតបាន ។

២-ម្តាយ អាចដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះកូនដែលបានទទួលមរណភាពបាន តែក្នុងករណីដែលកូននោះមានបច្ឆាញាតិផ្ទាល់។

៣-ម្តាយ ត្រូវដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បានក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ដោយគិតចាប់ពីពេលដែលខ្លួនបានដឹងថាជាកូន ។

៤-ម្តាយ អាចដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បាននៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីថ្ងៃមរណភាពរបស់កូនប្រសិនបើបានដឹងថាជាកូននៅក្រោយមរណភាពរបស់កូន ។

៥-ប្រសិនបើម្តាយជាជននៅក្រោមអាណាព្យាបាលទូទៅ នៅពេលដែលអំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ និង ទី ៤ ខាងលើនេះ បានកន្លងផុត អំឡុងពេលនៃកថាខណ្ឌទី ៣ និង ទី ៤ ខាងលើនេះ ត្រូវគណនាដោយគិតចាប់ពីពេលដែលមានការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ដែលបានកំណត់នៅក្នុងមាត្រា ២៧ (ការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ) នៃក្រមនេះ ។

៦-ក្នុងករណីដែលកូន ឬបច្ឆាញាតិផ្ទាល់របស់កូន ដែលជាភាគីម្ខាងនៃបណ្តឹងជានីតិជន បើគ្មានការយល់ព្រមពីកូន ឬបច្ឆាញាតិផ្ទាល់នោះទេម្ដាយមិនអាចដាក់ពាក្យ  បណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បានឡើយ ។

៧-ទោះបីជាក្នុងករណីដែលអង្គហេតុនៃការបង្កើតកូន ត្រូវបានបញ្ជាក់ក៏ដោយ ប្រសិនបើការបញ្ជាក់មាតុភាព ផ្ទុយនឹងផលប្រយោជន៍របស់កូន ឬបច្ឆាញាតិផ្ទាល់របស់កូននោះ តុលាការអាចលើកចោលបណ្តឹងរបស់ម្តាយបាន ។

មាត្រា ១00៦. អានុភាពប្រតិសកម្មនៃការបញ្ជាក់អំពីអត្ថិភាពនៃមាតុភាព

ការបញ្ជាក់អំពីអត្ថិភាពនៃមាតុភាពត្រូវមានអានុភាពប្រតិសកម្ម តាំងពីពេលកំណើត របស់កូននោះ ។     ប៉ុន្តែ អានុភាពប្រតិសកម្មនោះ ពុំអាចបំពានសិទ្ធិដែលតតិយជនបានលទ្ធកម្មរួចហើយឡើយ ។