ក្រមរដ្ឋប្បវេណី
គន្ថីទី៧៖ ញាតិ
ជំពូកទី៤៖ ឪពុកម្តាយ និងកូន
ផ្នែកទី២៖ ស្មុំកូន
កថាភាគទី ១៖ស្មុំកូនពេញលេញ
មាត្រា ១00៧. ទម្រង់នៃការបង្កើតស្មុំកូនពេញលេញ
បើយល់ឃើញថា មានលក្ខខណ្ឌដែលបានកំណត់នៅក្នុងបញ្ញត្តិចាប់ពីមាត្រា ១០០៨ (ស្មុំកូនដោយសហការរវាងប្តីប្រពន្ធ) ដល់មាត្រា ១០១២ (មូលដ្ឋានវិនិច្ឆ័យនៃការបង្កើតស្មុំកូនពេញលេញ) ខាងក្រោមនេះ តុលាការអាចបង្កើតស្មុំកូនពេញលេញដោយបញ្ចប់ញាតិភាពជាមួយនឹងញាតិលោហិតនៃឪពុកម្តាយបង្កើតតាមពាក្យសុំរបស់បុគ្គលដែលនឹងក្លាយជាឪពុកម្តាយចិញ្ចឹមបាន ។
មាត្រា ១00៨. ស្មុំកូនដោយសហការរវាងប្តីប្រពន្ធ
១-បុគ្គលដែលក្លាយជាឪពុក ឬម្តាយចិញ្ចឹម ត្រូវតែជាបុគ្គលដែលមានសហព័ទ្ធ។
២-ប្តី ឬប្រពន្ធតែម្ខាងពុំអាចក្លាយជាឪពុក ឬម្តាយចិញ្ចឹមបានឡើយ ប្រសិនបើសហព័ទ្ធម្ខាងទៀត មិនក្លាយជាម្តាយ ឬឪពុកចិញ្ចឹម។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលប្តីប្រពន្ធណាម្ខាង ក្លាយជាឪពុក ឬម្តាយចិញ្ចឹមរបស់កូនបង្កើតនៃសហព័ទ្ធម្ខាងទៀត ។
មាត្រា ១00៩. អាយុរបស់ឪពុកម្តាយចិញ្ចឹម
ឪពុកម្តាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ (ម្ភៃប្រាំ)ឆ្នាំ ឡើងទៅ ហើយត្រូវមានអាយុច្រើនជាងកូនសុំយ៉ាងតិច ២០ (ម្ភៃ) ឆ្នាំ ។
មាត្រា ១0១0. អាយុរបស់កូនសុំ
ជាគោលការណ៍ កូនសុំត្រូវមានអាយុតិចជាង ៨ (ប្រាំបី) ឆ្នាំ ។
មាត្រា ១0១១. ការយល់ព្រមរបស់ឪពុកម្តាយ
ដើម្បីបង្កើតស្មុំកូនពេញលេញ ត្រូវមានការយល់ព្រមពីឪពុកម្តាយបង្កើត ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារដែលនឹងក្លាយជាកូនសុំនោះ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលឪពុកម្តាយនោះ មិនអាចបង្ហាញឆន្ទៈបាន ឬ ករណីដែលមានការធ្វើបាបដោយឪពុកម្តាយ ការបោះបង់កូនចោលដោយគំនិតទុច្ចរិត ឬ ហេតុផ្សេងៗទៀត ដែលបំពានផលប្រយោជន៍របស់កុមារដែល នឹងក្លាយជាកូនសុំនោះយ៉ាងធ្ងន់ធ្ងរ ។
មាត្រា ១0១២. មូលដ្ឋានវិនិច្ឆ័យនៃការបង្កើតស្មុំកូនពេញលេញ
ស្មុំកូនពេញលេញ ត្រូវបានបង្កើតឡើងនៅក្នុងករណីដែលមានការពិបាកយ៉ាងខ្លាំង ឬ មិនសមរម្យ ក្នុងការគ្រប់គ្រងថែរក្សាកុមារដែលនឹងក្លាយជាកូន ដោយឪពុកម្តាយបង្កើត ឬមានស្ថានភាពពិសេសផ្សេងៗទៀត យល់ឃើញថា មានភាពចាំបាច់ពិសេស ដើម្បីផលប្រយោជន៍របស់កូននោះ ។
មាត្រា ១0១៣. អំឡុងពេលសាកល្បងចិញ្ចឹម
ដើម្បីបង្កើតស្មុំកូនពេញលេញ តុលាការត្រូវពិចារណាលើស្ថានភាពដែលបុគ្គល ដែលនឹងក្លាយជាឪពុកម្តាយចិញ្ចឹមបានធ្វើក្នុងការគ្រប់គ្រងថែរក្សាកុមារដែលនឹងក្លាយជាកូនសុំជាគោលការណ៍ យ៉ាងតិច ៦ (ប្រាំមួយ) ខែ។
មាត្រា ១0១៤. ការបញ្ចប់នូវញាតិភាពជាមួយនឹងឪពុកម្តាយបង្កើត
ញាតិភាពរវាងកូនសុំ និងឪពុកម្តាយបង្កើតព្រមទាំងញាតិលោហិតរបស់ឪពុក ម្តាយបង្កើតនោះ ត្រូវបញ្ចប់ដោយស្មុំកូនពេញលេញ ។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះញាតិភាពជាមួយនឹងឪពុកម្តាយម្ខាងទៀត និងញាតិលោហិតរបស់ឪពុកម្តាយម្ខាងទៀតនោះ ដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ២ ខណ្ឌទី ២ នៃមាត្រា ១០០៨ (ស្មុំកូនដោយសហការរវាងប្តីប្រពន្ធ) នៃក្រមនេះ ។
មាត្រា ១0១៥. អានុភាពនៃស្មុំកូនពេញលេញ
១-ដោយបង្កើតស្មុំកូនពេញលេញ កូនសុំត្រូវទទួលបាននូវឋានៈដូចគ្នានឹងកូនបង្កើត របស់ឪពុកម្តាយចិញ្ចឹម និងត្រូវទទួលបាននូវសិទ្ធិ និងករណីយកិច្ចដូចគ្នានឹងកូនបង្កើត នៅក្នុងទំនាក់ទំនងជាមួយនឹងឪពុកម្តាយចិញ្ចឹម ។
២-កូនសុំ អាចប្រើនាមត្រកូលរបស់ឪពុកម្តាយចិញ្ចឹម ឬនាមត្រកូលមុនស្មុំកូនបាន ។
៣-កូនសុំ ត្រូវស្ថិតនៅក្រោមអំណាចមេបារបស់ឪពុកម្តាយចិញ្ចឹម។ ប៉ុន្តែ ក្នុងករណីដែលប្តីប្រពន្ធណាម្ខាង ក្លាយជាឪពុកចិញ្ចឹម ឬម្តាយចិញ្ចឹមរបស់កូនបង្កើតរបស់សហព័ទ្ធម្ខាងទៀតកូនសុំនោះត្រូវស្ថិតនៅក្រោមអំណាចមេបារួមរបស់ឪពុកបង្កើត ឬម្តាយបង្កើត និងឪពុកចិញ្ចឹម ឬម្តាយចិញ្ចឹម ។
មាត្រា ១០១៦. ការកាត់កាល់នៃស្មុំកូនពេញលេញ
១-បើយល់ឃើញថាមានភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់កូនសុំ តុលាការអាចកាត់កាល់ភាគីនៃស្មុំកូន បានតាមពាក្យសុំរបស់កូនសុំ ឪពុកម្តាយបង្កើត ឬ តំណាងអយ្យការ លុះត្រាតែក្នុងករណីដែលត្រូវនឹងចំណុចទាំងអស់ ដែលកំណត់នៅក្នុង ចំណុចនីមួយៗខាងក្រោមនេះ :
ក-បើមានការធ្វើបាបដោយឪពុកម្តាយចិញ្ចឹម បោះបង់កូនសុំចោលដោយគំនិតទុច្ចរិត ឬ ហេតុផ្សេងៗទៀតដែលបំពានផលប្រយោជន៍របស់កូនសុំយ៉ាងធ្ងន់ធ្ងរ ។
ខ-បើឪពុកម្តាយបង្កើតអាចគ្រប់គ្រងថែរក្សាដោយសមរម្យ ។
២-ការកាត់កាល់ពុំអាចធ្វើបានឡើយ ក្រៅពីយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា ១0១៧. អានុភាពនៃការកាត់កាល់ស្មុំកូនពេញលេញ
ញាតិភាពរវាងកូនសុំ និងឪពុកម្តាយបង្កើត ព្រមទាំងញាតិលោហិតរបស់ឪពុក ម្តាយបង្កើតនោះ ដែលត្រូវបានបញ្ចប់ដោយស្មុំកូនពេញលេញ ត្រូវកើតឡើងវិញគិតចាប់ ពីថ្ងៃកាត់កាល់ ។
មាត្រា ១0១៨. ការចុះបញ្ជី និងការរក្សាការសម្ងាត់នៃស្មុំកូនពេញលេញ
ប្រសិនបើ បានបង្កើតស្មុំកូនពេញលេញ បញ្ជីកំណើតរបស់កូនសុំត្រូវធ្វើជាថ្មី។ ប៉ុន្តែ នៅក្នុងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើតឬឯកសារដកស្រង់នៃបញ្ជីកំណើត មិនត្រូវសរសេរចំណុចស្ដីពីស្មុំកូនឡើយ។
មាត្រា ១0១៩. សិទ្ធិដឹងអំពីកំណើតខ្លួន របស់កូនសុំពេញលេញ
កូនសុំពេញលេញ ដែលបានក្លាយជានីតិជនអាចទាមទារឱ្យបង្ហាញនូវព័ត៌មានក្នុងទំហំដែលចាំបាច់ ចំពោះតុលាការដែលរក្សាទុកនូវសំណុំរឿងស្តីពីស្មុំកូនបាន។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានគោលបំណងមិនត្រឹមត្រូវ។ ចំពោះការរក្សាទុកសំណុំរឿង និងវិធីទាមទារឱ្យបង្ហាញជាអាទិ៍ ត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិរបស់តុលាការ ។
កថាភាគទី ២
ស្មុំកូនធម្មតា
មាត្រា ១០២០. ពាក្យសុំនៃស្មុំកូនធម្មតា
១-បុគ្គលដែលមានអាយុចាប់ពី ២៥ (ម្ភៃប្រាំ) ឆ្នាំ ឡើងទៅអាចដាក់ពាក្យសុំជាមួយនឹងបុគ្គលដែលនឹងក្លាយជាកូនសុំ ទៅតុលាការឱ្យបង្កើតស្មុំកូនធម្មតាបាន។ ប៉ុន្តែ បុគ្គលដែលនឹងក្លាយជាកូនសុំមិនត្រូវជាបុព្វញាតិរបស់បុគ្គលដែលនឹងក្លាយជាឪពុកម្តាយចិញ្ចឹម ឬបុគ្គលដែលមានអាយុច្រើនជាងបុគ្គលដែលនឹងក្លាយជាឪពុកម្តាយចិញ្ចឹមឡើយ ។
២-ក្នុងករណីដែលបុគ្គលដែលនឹងក្លាយជាកូនសុំ ជាអនីតិជន អ្នកមានអំណាចមេបា ឬ អ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ ត្រូវដាក់ពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ក្នុងនាមជាអ្នកតំណាងដែលច្បាប់បានកំណត់ ។
មាត្រា ១០២១. ករណីដែលបុគ្គលដែលនឹងក្លាយជាឪពុក ឬម្តាយចិញ្ចឹម មានសហព័ទ្ធ
បើបុគ្គលដែលមានសហព័ទ្ធ សុំកូនដែលជាអនីតិជន បុគ្គលនោះត្រូវដាក់ពាក្យសុំ ដែលបានកំណត់នៅក្នុងមាត្រា ១០២០ (ពាក្យសុំនៃមុំកូនធម្មតា) ខាងលើនេះ ជាមួយនឹង សហព័ទ្ធរបស់ខ្លួន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលយក កូនរបស់សហព័ទ្ធមកធ្វើជាកូនសុំ ឬករណីដែលសហព័ទ្ធមិនអាចបង្ហាញឆន្ទៈរបស់ខ្លួនបាន ។
មាត្រា ១០២២. ការយល់ព្រមរបស់សហព័ទ្ធ
ចំពោះបុគ្គលដែលមានសហព័ទ្ធ ដើម្បីដាក់ពាក្យសុំនៃស្មុំកូនធម្មតាត្រូវទទួលការយល់ព្រមពីសហព័ទ្ធរបស់ខ្លួន។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណី ដែលដាក់ពាក្យសុំដែលបានកំណត់នៅក្នុងមាត្រា ១០២០ (ពាក្យសុំនៃស្មុំកូនធម្មតា) ខាងលើនេះ ជាមួយនឹងសហព័ទ្ធ ឬករណីដែលសហព័ទ្ធមិនអាចបង្ហាញឆន្ទៈរបស់ខ្លួនបាន។
មាត្រា ១០២៣. មូលដ្ឋានវិនិច្ឆ័យនៃការបង្កើតស្មុំកូនធម្មតា
១-តុលាការ អាចឱ្យបង្កើតស្មុំកូនបាន លុះត្រាតែករណីដែលអាចបញ្ជាក់អំពីឆន្ទៈ ពិតប្រាកដរបស់ភាគី ក្នុងការបង្កើតទំនាក់ទំនងរវាងឪពុកម្តាយ និងកូន ។
២-តុលាការមិនត្រូវឱ្យបង្កើតស្មុំកូនឡើយ បើយល់ឃើញថា ស្មុំកូនត្រូវបានបំពានក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ រវាងភេទផ្សេងគ្នា ឬភេទដូចគ្នា ឬក្នុងគោលបំណងមិនត្រឹមត្រូវផ្សេងទៀត។
មាត្រា ១០២៤. ករណីដែលបុគ្គលដែលនឹងក្លាយជាកូនសុំជាអនីតិជន
១-បើបុគ្គលដែលនឹងក្លាយជាកូនសុំ ជាអនីតិជន តុលាការអាចឱ្យបង្កើតសុំកូនបាន លុះត្រាតែយល់ឃើញថា មានភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់អនីតិជននោះ ។
២-ក្នុងករណីដែលបុគ្គលដែលនឹងក្លាយជាកូនសុំ ជាអនីតិជន បើឪពុកម្តាយបង្កើត របស់បុគ្គលនោះបានលែងលះហើយ តុលាការត្រូវសួរយោបល់របស់ឪពុក ឬម្តាយដែលមិនមែនជាអ្នកមានអំណាចមេបា ដើម្បីវិនិច្ឆ័យអំពីចំណុចដែលបានកំណត់នៅក្នុង កថាខណ្ឌទី ១ ខាងលើនេះ ។
៣-បើអនីតិជន បានដល់អាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ដើម្បីបង្កើតស្មុំកូនត្រូវទទួលការយល់ព្រមពីអនីតិជននោះ។ ទោះបីជាអនីតិជននោះ មិនទាន់ដល់អាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ក៏ដោយ បើអនីតិជននោះអាចបង្ហាញឆន្ទៈរបស់ខ្លួនបានតុលាការត្រូវសួរយោបល់របស់ អនីតិជននោះ ដើម្បីវិនិច្ឆ័យអំពីចំណុចដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាង លើនេះ។
មាត្រា ១០២៥. សុំកូន រវាងអ្នកអាណាព្យាបាល និងជននៅក្រោមអាណាព្យាបាល
ក្នុងករណីដែលអ្នកអាណាព្យាបាលសម្រាប់អនីតិជនដាក់ពាក្យសុំឱ្យបង្កើតស្មុំកូន ដោយយកអនីតិជននៅក្រោមអាណាព្យាបាលរបស់ខ្លួនមកធ្វើជាកូនសុំ ឬក្នុងករណីដែលអ្នកអាណាព្យាបាលទូទៅ ដាក់ពាក្យសុំឱ្យបង្កើតសុំកូនដោយយកជននៅក្រោមអាណាព្យាបាលទូទៅរបស់ខ្លួនមកធ្វើជាកូនសុំ តុលាការអាចឱ្យបង្កើតស្មុំកូនបានលុះត្រាតែក្នុងករណីដែលបានអនុវត្តត្រឹមត្រូវ ក្នុងការគ្រប់គ្រងថែរក្សាជននៅក្រោមអាណាព្យាបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិ ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលតួនាទីរបស់អ្នកអាណាព្យាបាលបានចប់ តែមិនទាន់បានបញ្ចប់ការគណនានូវចំណូលចំណាយក្នុងការគ្រប់គ្រង ។
មាត្រា ១០២៦. អានុភាពនៃស្មកូនធម្មតា ចំពោះបុត្តភាព
១-ទោះបីជាមានការបង្កើតស្មុំកូនធម្មតាក៏ដោយ ញាតិភាពរវាងកូនសុំ និងឪពុកម្តាយបង្កើតត្រូវបន្តអត្ថិភាព ហើយកូនសុំ និងឪពុកម្តាយបង្កើតមានសិទ្ធិធ្វើសន្តតិកម្មគ្នាទៅវិញទៅមក។
២-កូនសុំ និងឪពុកម្តាយបង្កើតមានសិទ្ធិទាមទារ និងករណីយកិច្ចផ្គត់ផ្គង់អាហារកាតព្វកិច្ច ។
មាត្រា ១០២៧. អានុភាពនៃស្នុំកូន ក្នុងទំនាក់ទំនងជាមួយនឹងឪពុកម្តាយចិញ្ចឹម ជាអាទិ៍
១- បញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ១០១៥ (អានុភាពនៃស្មុំកូនពេញលេញ) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះសុំកូនធម្មតា ។
២-កូនសុំ អាចប្រើនាមត្រកូលរបស់ឪពុកម្តាយចិញ្ចឹម ឬនាមត្រកូលមុនស្មុំកូនបាន ។
៣-ក្នុងករណីដែលកូនសុំ ជាអនីតិជន កូនសុំត្រូវស្ថិតនៅក្រោមអំណាចមេបារបស់ ឪពុកម្តាយចិញ្ចឹម ឪពុកចិញ្ចឹម ឬម្តាយចិញ្ចឹម។ ប៉ុន្តែ ក្នុងករណីដែលយកកូនបង្កើតរបស់សហព័ទ្ធមកធ្វើជាកូនសុំ កូនសុំនោះត្រូវស្ថិតនៅក្រោមអំណាចមេបារួមរបស់ឪពុក ឬម្តាយចិញ្ចឹម និងសហព័ទ្ធនោះ ។
មាត្រា ១០២៨. ពាក្យសុំឱ្យកាត់កាល់ស្មុំកូនធម្មតា
១-ភាគីនៃស្មុំកូន អាចដាក់ពាក្យសុំទៅតុលាការ ឱ្យកាត់កាល់ស្មុំកូនបានក្នុងករណី ដែលភាគីសងខាងព្រមព្រៀងអំពីការកាត់កាល់នោះ ។
២-ក្នុងករណីដែលកូនសុំជាអនីតិជន ពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះត្រូវធ្វើឡើង ដោយឪពុកម្តាយចិញ្ចឹម និងបុគ្គលដែលត្រូវក្លាយជាអ្នកតំណាងដែលច្បាប់បានកំណត់ក្រោយពេលកាត់កាល់។ ប៉ុន្តែ បើកូនសុំដល់អាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ហើយត្រូវទទួលការយល់ព្រមពីកូនសុំនោះ ។ ទោះបីជាអនីតិជននោះ មិនទាន់ដល់អាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ក៏ដោយបើអនីតិជននោះអាចបង្ហាញឆន្ទៈរបស់ខ្លួនបានតុលាការត្រូវសួរយោបល់របស់អនីតិជននោះ ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ បើឪពុកម្តាយបង្កើតរបស់កូនសុំបានលែងលះគ្នាហើយឪពុកម្តាយបង្កើតរបស់កូនសុំនោះត្រូវពិភាក្សា និងកំណត់ថា ឪពុក ឬម្តាយបង្កើតជាបុគ្គលដែលត្រូវក្លាយជាអ្នកមានអំណាចមេបា នៅក្រោយពេលកាត់កាល់ ។
៤-បើការពិភាក្សាដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ពុំបានសម្រេច ឬបើពុំអាចពិភាក្សាបានទេ តុលាការត្រូវកំណត់បុគ្គលដែលត្រូវក្លាយជាអ្នកមានអំណាចមេបា ដោយគិតពិចារណាទៅលើផលប្រយោជន៍របស់កូន ។
មាត្រា ១០២៩. ការកាត់កាល់ រវាងប្តីប្រពន្ធដែលបានសុំកូនដោយសហការ និងកូនសុំជាអនីតិជន
ក្នុងករណីដែលប្តីប្រពន្ធដែលបានសុំកូនដោយសហការគ្នាជាឪពុកម្តាយចិញ្ចឹម ដើម្បីកាត់កាល់កូនសុំជាអនីតិជន ប្តីប្រពន្ធត្រូវដាក់ពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១០២៨ (ពាក្យសុំឱ្យកាត់កាល់ស្មុំកូនធម្មតា) ខាងលើនេះ ជាមួយគ្នា។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះប្ដីប្រពន្ធណាម្ខាងមិនអាចបង្ហាញឆន្ទៈរបស់ខ្លួន ។
មាត្រា ១០៣០. ការវិនិច្ឆ័យអំពីការកាត់កាល់ស្មុំកូនធម្មតា
បើមានពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១០២៨ (ពាក្យសុំឱ្យ កាត់កាល់ស្មុំកូនធម្មតា) ខាងលើនេះ តុលាការអាចសម្រេចឱ្យកាត់កាល់ស្មុំកូនបានលុះត្រាតែ បានបញ្ជាក់ថា ភាគីសងខាងមានបំណងពិតប្រាកដក្នុងការរំលាយទំនាក់ទំនង រវាងឪពុកម្តាយ និងកូន។
មាត្រា ១0៣១. មូលហេតុនៃការកាត់កាល់
១-ភាគីម្ខាងនៃស្មុំកូន អាចដាក់ពាក្យបណ្តឹងទាមទារឱ្យកាត់កាល់បានលុះត្រាតែ ក្នុងករណីខាងក្រោមនេះ :
ក-បើត្រូវបានបោះបង់ចោលដោយភាគីម្ខាងទៀត ដោយទុច្ចរិត ។
ខ-បើមិនច្បាស់ ក្នុងអំឡុងពេលយ៉ាងតិច ១ (មួយ) ឆ្នាំ ថាភាគីម្ខាងទៀតនៅរស់ ឬ ទទួលមរណភាព ។
គ-បើមានហេតុធ្ងន់ធ្ងរផ្សេងទៀត ដែលបណ្តាលឱ្យមានការពិបាកក្នុងការបន្តសុំកូន ។
២-ក្នុងអំឡុងពេលដែលកូនសុំពុំទាន់ក្លាយជានីតិជន ឪពុកម្តាយចិញ្ចឹមមិនអាចដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះកូនសុំបានឡើយ ។
៣-បើកូនសុំជាអនីតិជន បញ្ញត្តិចាប់ពីកថាខណ្ឌទី ២ ដល់កថាខណ្ឌទី ៤ នៃមាត្រា ១០២៨ (ពាក្យសុំឱ្យកាត់កាល់ស្មុំកូនធម្មតា) នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលកូនសុំដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះឪពុកម្តាយចិញ្ចឹម។
មាត្រា ១០៣២. អានុភាពនៃការកាត់កាល់ស្មកូនធម្មតា
១-អានុភាពទាំងឡាយនៃស្មុំកូនធម្មតាត្រូវបញ្ចប់ឆ្ពោះទៅអនាគតដោយការកាត់កាល់ ។
២-ក្រោយការកាត់កាល់ កូនសុំអាចទទួលវិញ នូវនាមត្រកូលមុនស្មុំកូនក៏បាន ឬអាចប្រើនាមត្រកូលរបស់ឪពុកម្តាយចិញ្ចឹមក៏បាន ។
មាត្រា ១០៣៣. ការចុះបញ្ជីនៃស្មុំកូនធម្មតា និងបញ្ជីកំណើត
ប្រសិនបើបានបង្កើតស្មុំកូនធម្មតា ត្រូវសរសេរការបង្កើតស្មុំកូនធម្មតានៅលើរឹមទំព័រនៃបញ្ជីកំណើតដើមរបស់កូនសុំនោះ ។