ក្រមរដ្ឋប្បវេណី

គន្ថីទី៧

ញាតិ

ជំពូកទី ៨

អាហារកាតព្វកិច្ច

មាត្រា ១១៤០. ទំហំ និងលំដាប់ នៃជនដែលមានករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច

១-ញាតិ ក្លាយជាជនដែលមានករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច តាមទំហំ និង លំដាប់ ដូចខាងក្រោមនេះ :

ទី ១ ញាតិដែលរស់នៅជាមួយគ្នា។

ទី ២ ញាតិលោហិតខ្សែផ្ទាល់។

ទី ៣ បងប្អូនបង្កើត។

២-ក្រៅពីជនដែលបញ្ញត្តនៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការអាចឱ្យញាតិនៅក្នុងថ្នាក់ទី ៣ (បី) ទទួលបន្ទុកករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ចបានបើមានស្ថានភាពពិសេស ។   នៅក្នុងករណីដែលអាពាហ៍ពិពាហ៍ បានរលាយដោយសារមរណភាពរបស់សហព័ទ្ធម្ខាងបញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអាហារកាតព្វកិច្ចរវាងសហព័ទ្ធដែលនៅរស់ និងញាតិរបស់សហព័ទ្ធដែលបានទទួលមរណភាព។

៣-ក្រោយពីបានសម្រេចសេចក្តីតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ បើមានការផ្លាស់ប្តូរស្ថានភាព តុលាការអាចលុបចោលនូវសេចក្តីសម្រេចនោះបាន ។

មាត្រា ១១៤១. ការកំណត់ជាក់លាក់ អំពីជនដែលត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច និងជនដែលទទួលអាហារកាតព្វកិច្ច

១-ប្រសិនបើជនដែលមានករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច មានច្រើននាក់ ជនទាំងនោះត្រូវកំណត់ជាក់លាក់អំពីជនម្នាក់ ឬច្រើននាក់ដែលត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច ដោយការពិភាក្សា ។

២-បើការពិភាក្សារវាងភាគីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះមិនបានសម្រេច ឬបើពុំអាចពិភាក្សាបានទេ តុលាការត្រូវកំណត់ជនដែលត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ចជាក់លាក់ ដោយគិតពិចារណាទៅលើលទ្ធភាពទ្រព្យធន អាយុ ស្ថានភាពផ្លូវកាយ និងផ្លូវចិត្ត របស់ជនដែលមានករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច ទំនាក់ទំនងបុគ្គលរបស់ភាគី និង ស្ថានភាពផ្សេងទៀតទាំងអស់ ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់ជាក់លាក់អំពីជន ដែលត្រូវទទួលអាហារកាតព្វកិច្ចនៅពេលដែលជនមានសិទ្ធិទទួលអាហារកាតព្វកិច្ចមានចំនួនច្រើននាក់ ហើយលទ្ធភាពទ្រព្យធនរបស់ជនដែលមានករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច ពុំគ្រប់គ្រាន់ក្នុងការ ផ្គត់ផ្គង់ ចំពោះជនទាំងអស់នោះទេ ។

មាត្រា ១១៤២. កម្រិត ឬរបៀបនៃការផ្គត់ផ្គង់អាហារកាតព្វកិច្ច

បើការពិភាក្សាមិនបានសម្រេច ឬបើពុំអាចពិភាក្សាអំពីកម្រិត ឬរបៀបនៃការផ្គត់ផ្គង់អាហារកាតព្វកិច្ចបានទេ តុលាការត្រូវកំណត់ដោយគិតពិចារណាទៅលើសេចក្តីត្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ជនដែលមានសិទ្ធិទទួលអាហារកាតព្វកិច្ច លទ្ឋភាពទ្រព្យធនរបស់ជនដែលមានករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច និងស្ថានភាពផ្សេងទៀតទាំងអស់ ។

មាត្រា ១១៤៣. ការផ្លាស់ប្តូរ ឬលុបចោលទំនាក់ទំនងនៃអាហារកាតព្វកិច្ច

១-ប្រសិនបើមានការផ្លាស់ប្តូរស្ថានភាព ក្រោយពីបានពិភាក្សា ឬក្រោយពីមានការសម្រេចសេចក្តី ចំពោះជនដែលត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ចជាក់លាក់ ឬជនដែលទទួលអាហារកាតព្វកិច្ចជាក់លាក់ ឬកម្រិត ឬរបៀបនៃការផ្គត់ផ្គង់អាហារកាតព្វកិច្ចភាគីអាចផ្លាស់ប្តូរទំនាក់ទំនងនៃអាហារកាតព្វកិច្ចដោយការពិភាក្សាបាន ។

២-បើការពិភាក្សាដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះមិនបានសម្រេច ឬបើពុំអាចពិភាក្សាបានទេ ភាគីអាចទាមទារទៅតុលាការឱ្យលុបចោល ឬផ្លាស់ប្តូរការពិភាក្សា ឬ ការសម្រេចសេចក្តីដែលធ្វើមុនបាន ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១៤១ (ការកំណត់ជាក់លាក់អំពីជនដែលត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច និងជនដែលទទួលអាហារកាតព្វកិច្ច) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលតុលាការបង្គាប់ឱ្យលុបចោល ឬផ្លាស់ប្តូរតាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រានេះ ។

មាត្រា ១១៤៤. ការហាមឃាត់នូវការចាត់ចែងសិទ្ធិទាមទារអាហារកាតព្វកិច្ច

សិទ្ធិទាមទារអាហារកាតព្វកិច្ច គឺជាសិទ្ធិផ្តាច់មុខរបស់បុគ្គលដែលត្រូវការចាំបាច់នូវអាហារកាតព្វកិច្ច ហើយពុំអាចយកមកធ្វើជាកម្មវត្ថុនៃអនុប្បទានប្រទានកម្ម ឬការបង្កើតសិទ្ធិប្រាតិភោគសម្រាប់តតិយជន ឬជំនួញផ្សេងៗទៀតបានឡើយ ។