ក្រមរដ្ឋប្បវេណី
គន្ថីទី៧
ញាតិ
ជំពូកទី ៦
អាណាព្យាបាល
ផ្នែកទី ១
អាណាព្យាបាលសម្រាប់អនីតិជន
កថាភាគទី ១
ការចាប់ផ្តើមអាណាព្យាបាលសម្រាប់អនីតិជន
មាត្រា ១០៦៧. មូលហេតុនៃការចាប់ផ្តើមអាណាព្យាបាលសម្រាប់អនីតិជន
ប្រសិនបើគ្មានអ្នកអនុវត្តអំណាចមេបាចំពោះអនីតិជនទេ អាណាព្យាបាលសម្រាប់អនីតិជន ត្រូវចាប់ផ្ដើម។
កថាភាគទី ២
អ្នកអាណាព្យាបាលសម្រាប់អនីតិជន
មាត្រា ១០៦៨. អ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលត្រូវបានកំណត់ អ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលត្រូវបានជ្រើសតាំង និង មូលដ្ឋាននៃការជ្រើសតាំង
១-អ្នកដែលអនុវត្តអំណាចមេបាចុងក្រោយបង្អស់ចំពោះអនីតិជន អាចកំណត់អ្នក អាណាព្យាបាលសម្រាប់អនីតិជន តាមមតកសាសន៍ បាន ។
២-ប្រសិនបើគ្មានអ្នកត្រូវធ្វើជាអ្នកអាណាព្យាបាលសម្រាប់អនីតិជន តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះទេ តុលាការត្រូវជ្រើសតាំងអ្នកអាណាព្យាបាលសម្រាប់ អនីតិជន តាមការទាមទាររបស់ញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អនីតិជន មេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់អនីតិជន នាយកមជ្ឈមណ្លសាធារណះសម្រាប់សុខុមាលភាពកុមារ ឬតំណាងអយ្យការ បាន ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលខ្វះអ្នកអាណាព្យាបាលសម្រាប់អនីតិជន ។
៣-ដើម្បីជ្រើសតាំងអ្នកអាណាព្យាបាលសម្រាប់អនីតិជន តុលាការត្រូវគិតពិចារណាអំពីស្ថានភាពផ្លូវកាយ និងផ្លូវចិត្ត និងស្ថានភាពជីវភាព និងទ្រព្យសម្បត្តិរបស់អនីតិជន វិជ្ជាជីវៈ និងប្រវត្តិរូបរបស់អ្នកដែលត្រូវធ្វើជាអ្នកអាណាព្យាបាលសម្រាប់ អនីតិជន និងអត្ថិភាព ឬ នត្ថិភាពនៃទំនាក់ទំនងទៅនឹងផលប្រយោជន៍ រវាងអ្នកធ្វើជាអ្នកអាណាព្យាបាលសម្រាប់អនីតិជន និងអនីតិជន យោបល់របស់អនីតិជន និងស្ថានភាពផ្សេងទៀតទាំងស្រុង ។
មាត្រា ១០៦៩. ករណីយកិច្ចជ្រើសតាំងអ្នកអាណាព្យាបាលសម្រាប់អនីតិជន
ប្រសិនបើខ្វះអ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលត្រូវបានជ្រើសតាំងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ១០៥២ (ការចាប់ផ្តើមអាណាព្យាបាលសម្រាប់អនីតិជន) នៃក្រមនេះ តុលាការត្រូវជ្រើសតាំងអ្នកអាណាព្យាបាលសម្រាប់អនីតិជនថ្មីទៀត ឱ្យបានឆាប់រហ័ស ។
មាត្រា ១០៧០. ចំនួននៃអ្នកអាណាព្យាបាលសម្រាប់អនីតិជន
១-អ្នកអាណាព្យាបាលសម្រាប់អនីតិជន ត្រូវមានតែម្នាក់។ ប៉ុន្តែ ចំពោះអនីតិជន នៅក្រោមអាណាព្យាបាលដែលស្ថិតនៅក្នុងស្ថានភាពជានិរន្តរ៍ ដែលខ្វះសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនដោយសារមាន វិបត្តិផ្នែកបញ្ញាស្មារតី បើត្រូវចាប់ផ្តើមអាណាព្យាបាលទូទៅតាមមាត្រា ២៤ (ការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ) នៃក្រមនេះអ្នកអាណាព្យាបាលទូទៅម្នាក់អាចត្រូវបានជ្រើសតាំង បានក្រៅពីអ្នកអាណាព្យាបាលសម្រាប់អនីតិជន ។
២-បញ្ញត្តិស្តីពីអាណាព្យាបាលទូទៅ នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអាណាព្យាបាលទូទៅសម្រាប់អនីតិជន លើកលែងតែមាត្រា ១១២០ (ករណីដែលអ្នកអាណាព្យាបាលទូទៅមានច្រើននាក់)។
មាត្រា ១០៧១. ការលាឈប់នៃអ្នកអាណាព្យាបាលសម្រាប់អនីតិជន
ប្រសិនបើមានមូលហេតុត្រឹមត្រូវ អ្នកអាណាព្យាបាលសម្រាប់អនីតិជនអាចលាឈប់ បានដោយទទួលការអនុញ្ញាតពីតុលាការ ។
មាត្រា ១០៧២. ករណីយកិច្ចជ្រើសតាំងអ្នកអាណាព្យាបាលសម្រាប់អនីតិជន
ប្រសិនបើអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានលាឈប់តុលាការត្រូវជ្រើសតាំងអ្នកអាណាព្យាបាលសម្រាប់អនីតិជនថ្មីទៀត ឱ្យបានឆាប់រហ័ស ។
មាត្រា ១០៧៣. ការបញ្ឈប់អ្នកអាណាព្យាបាលសម្រាប់អនីតិជន
ប្រសិនបើអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានធ្វើអំពើពុំត្រឹមត្រូវ ឬមានហេតុ ផ្សេងទៀតដែលមិនសមរម្យនឹងភារកិច្ចជាអ្នកអាណាព្យាបាលសម្រាប់អនីតិជន តុលាការ អាចបញ្ឈប់អ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ បានតាមការទាមទាររបស់អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អនីតិជននៅក្រោមអាណាព្យាបាល មេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់អនីតិជននៅក្រោម អាណាព្យាបាល នាយកមជ្ឈមណ្លសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬតំណាងអយ្យការ ឬអាចបញ្ឈប់ដោយឆន្ទានុសិទ្ធិបាន ។
មាត្រា ១០៧៤. បុគ្គលដែលមិនអាចក្លាយជាអ្នកអាណាព្យាបាលសម្រាប់អនីតិជន
បុគ្គលដែលកំណត់ក្នុងចំណុចខាងក្រោមនេះ ពុំអាចធ្វើជាអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានឡើយ :
ក-អនីតិជន ជននៅក្រោមអាណាព្យាបាលទូទៅ និងជននៅក្រោមហិតូបត្ថម្ភ ។
ខ-អ្នកតំណាងដែលច្បាប់បានកំណត់ និងហិតូបត្ថម្ភកៈ ព្រមទាំងអ្នកត្រួតពិនិត្យជនទាំងនោះ ដែលធ្លាប់ត្រូវបានតុលាការដកចេញ ។
គ-ជនដែលក្ស័យធន ។
ឃ-ជនដែលគ្មាន ដំណឹងអំពីទីរស់នៅ ។
កថាភាគទី ៣
អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន
មាត្រា ១០៧៥. អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលត្រូវបានកំណត់ និង អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលត្រូវបានជ្រើសតាំង
១-អ្នកមានអំណាចមេបាដែលអាចកំណត់អ្នកអាណាព្យាបាលសម្រាប់អនីតិជន អាចកំណត់អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន តាមមតកសាសន៍ បាន ។
២-ប្រសិនបើទទួលស្គាល់ថាចាំបាច់ នៅក្នុងករណីដែលគ្មានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ដែលត្រូវបានកំណត់តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះទេ តុលាការអាចជ្រើសតាំងអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន តាមការទាមទាររបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន ញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អនីតិជននៅក្រោមអាណាព្យាបាល មេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់អនីតិជន នៅក្រោមអាណាព្យាបាលនាយកមជ្ឈមណ្ឋលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬតំណាងអយ្យការ ឬ ដោយឆន្ទានុសិទ្ធិបាន ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលខ្វះអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ។
មាត្រា ១០៧៦. បុគ្គលដែលមិនអាចក្លាយជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល
សម្រាប់អនីតិជន សហព័ទ្ធ និងញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អនីតិជននៅក្រោមអាណាព្យាបាលពុំអាចធ្វើជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជនបានឡើយ ។
មាត្រា ១០៧៧. តួនាទីរបស់អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន
អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន មានតួនាទីដូចកំណត់ខាងក្រោមនេះ :
ក-ត្រួតពិនិត្យតួនាទីរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន ។
ខ-ទាមទារឱ្យ តុលាការជ្រើសតាំងអ្នកអាណាព្យាបាលសម្រាប់អនីតិជនថ្មីទៀត ដោយគ្មានការយឺតយ៉ាវ ក្នុងករណីដែលខ្វះអ្នកអាណាព្យាបាលសម្រាប់អនីតិជន ។
គ-ធ្វើការចាត់ចែងចាំ បាច់ចំពោះការគ្រប់គ្រងថែរក្សាអនីតិជននៅក្រោមអាណាព្យាបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អនីតិជននោះ ក្នុងករណីដែលមានស្ថានភាពបន្ទាន់ ។
ឃ-តំណាងឱ្យ អនីតិជននៅក្រោមអាណាព្យាបាលចំពោះសកម្មភាពដែលផល ប្រយោជន៍របស់អនីតិជននៅក្រោមអាណាព្យាបាល និងអ្នកអាណាព្យាបាលសម្រាប់អនីតិជន មានភាពផ្ទុយគ្នា ។
មាត្រា ១០៧៨. បញ្ញត្តិដែលត្រូវយកមកអនុវត្តដូចគ្នា
បញ្ញត្តិនៃកថាខណ្ឌទី ៣ នៃមាត្រា ១០៦៨ (អ្នកអាណាព្យាបាលសម្រាប់អនីតិជន ដែលត្រូវបានកំណត់អ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលត្រូវបានជ្រើសតាំង និងមូលដ្ឋាននៃការជ្រើសតាំង) មាត្រា ១០៧១ (ការលាឈប់នៃអ្នកអាណាព្យាបាលសម្រាប់អនីតិជន) មាត្រា ១០៧៣ (ការបញ្ឈប់អ្នកអាណាព្យាបាលសម្រាប់អនីតិជន) មាត្រា ១០៧៤ (បុគ្គលដែលមិនអាចក្លាយជាអ្នកអាណាព្យាបាលសម្រាប់អនីតិជន) កថាខណ្ឌទី ២ នៃមាត្រា ១០៨៧ (គម្រោងនៃចំនួនប្រាក់ចំណាយ និងសោហ៊ុយនៃអាណាព្យាបាលសម្រាប់អនីតិជន) មាត្រា ១០៨៨ (កម្រៃរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន) មាត្រា ១០៩៣ (ករណីយកិច្ចប្រុងប្រយ័ត្នរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន) មាត្រា ១១០០ (ករណីយកិច្ចសង្គ្រោះបន្ទាន់របស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន ជាអាទិ៍ នៅក្រោយពេលបញ្ចប់អាណាព្យាបាលសម្រាប់អនីតិជន) និង មាត្រា ១១០១ (ល័ក្ខខ័ណ្ឌតតាំងនៃការបញ្ចប់អាណាព្យាបាលសម្រាប់អនីតិជនជាអាទិ៍) នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ។
កថាភាគទី ៤
តួនាទីរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន
មាត្រា ១០៧៩. សិទ្ធិ និងករណីយកិច្ចរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន
១-អ្នកអាណាព្យាបាលសម្រាប់អនីតិជន មានសិទ្ធិ និងករណីយកិច្ចដូចគ្នានឹងអ្នកមានអំណាចមេបាចំពោះចំណុចដែលបានកំណត់នៅក្នុងផ្នែកទី ៣ (សិទ្ធិ និងករណីយកិច្ចរបស់អ្នកដែលមានអំណាចមេបា) ជំពូកទី ៥ នៃគន្ថីទី ៧ នេះ ។ ប៉ុន្តែ ដើម្បីផ្លាស់ប្តូរវិធីអប់រំ និង ទីសំណាក់ ដែលត្រូវបានកំណត់ដោយអ្នកមានអំណាចមេបាដាក់ទកម្មលើអនីតិជននៅក្រោមអាណាព្យាបាលអនុញ្ញាតឱ្យប្រកបអាជីវកម្ម លុបចោលការអនុញ្ញាតឱ្យប្រកបអាជីវកម្ម ឬ កម្រិតអាជីវកម្ម បើមានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន អ្នកអាណាព្យាបាលសម្រាប់អនីតិជន ត្រូវទទួលការយល់ព្រមពីអ្នកត្រួតពិនិត្យ អ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ ។
២-ប្រសិនបើមានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន អ្នកអាណាព្យាបាលសម្រាប់អនីតិជន ត្រូវពិភាក្សាជាមួយនឹងអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ ចំពោះចំណុចដែលបានកំណត់នៅក្នុងមាត្រា ១០៤២ (ករណីយកិច្ចពិភាក្សាអំពីចំណុចសំខាន់ៗទាក់ទងនឹងកូន) នៃក្រមនេះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានភាពចាំបាច់បន្ទាន់ ។
មាត្រា ១០៨០. ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការតំណាង
១-អ្នកអាណាព្យាបាលសម្រាប់អនីតិជន ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរបស់អនីតិជននៅក្រោមអាណាព្យាបាល ហើយត្រូវធ្វើជាតំណាងឱ្យអនីតិជននៅក្រោមអាណាព្យាបាល ចំពោះសកម្មភាពដែលទាក់ទងនឹងទ្រព្យសម្បត្តិរបស់អនីតិជននោះ ។
២-បញ្ញត្តិនៃវាក្យខណ្ឌទី ២ នៃមាត្រា ១០៥៣ (ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការ តំណាង) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា ១០៨១. ការស្រាវជ្រាវទ្រព្យសម្បត្តិ និងការធ្វើបញ្ជីសារពើភ័ណ្ឌ
១-អ្នកអាណាព្យាបាលសម្រាប់អនីតិជនត្រូវចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បត្តិ របស់អនីតិជននៅក្រោមអាណាព្យាបាលដោយគ្មានការយឺតយ៉ាវ នៅក្រោយពេលបានកាន់តំណែង ហើយត្រូវបញ្ចប់ការស្រាវជ្រាវនោះ នៅក្នុងអំឡុងពេល ៣ (បី) ខែ និងត្រូវធ្វើបញ្ជីសារពើភ័ណ្ឌនៃទ្រព្យសម្បត្តិនោះ ។ ប៉ុន្តែ អំឡុងពេលនេះ អាចពន្យារបាននៅតុលាការ ។
២-ប្រសិនបើមានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ការស្រាវជាវទ្រព្យសម្បត្តិ និងការធ្វើបញ្ជីសារពើភ័ណ្នៃទ្រព្យសម្បត្តិនោះពុំមានអានុភាពឡើយ បើគ្មានវត្តមានរបស់អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជននោះទេ ។
មាត្រា ១០៨២. សិទ្ធិអំណាចនៅមុនពេលធ្វើបញ្ជីសារពើភ័ណ្ឌ
រហូតដល់ពេលបញ្ចប់ការធ្វើបញ្ជីសារពើភ័ណ្ឌ អ្នកអាណាព្យាបាលសម្រាប់អនីតិជន មានសិទ្ធិអំណាច ចំពោះតែសកម្មភាពដែលមានភាពចាំបាច់បន្ទាន់ប៉ុណ្ណោះ ។ ប៉ុន្តែ សកម្មភាពនេះមិនអាចតតាំងនឹងតតិយជនដែលសុចរិតបានឡើយ ។
មាត្រា ១៨៣. ការរាយការណ៍អំពីសិទ្ធិលើបំណុល និងកាតព្វកិច្ចរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលមានចំពោះអនីតិជននៅក្រោមអាណាព្យាបាល
១-ក្នុងករណីដែលអ្នកអាណាព្យាបាលសម្រាប់អនីតិជនមានសិទ្ធិលើបំណុល ឬកាតព្វកិច្ចចំពោះអនីតិជននៅក្រោមអាណាព្យាបាល ប្រសិនបើមានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន អ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ ត្រូវរាយការណ៍ជូនអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជនអំពីសិទ្ធិលើបំណុល ឬកាតព្វកិច្ចនោះ នៅមុនពេលចាប់ផ្តើមការស្រាវជ្រាវទ្រព្យសម្បត្តិ ។
២-ប្រសិនបើអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានដឹងថាមានសិទ្ធិលើបំណុល ចំពោះអនីតិជននៅក្រោមអាណាព្យាបាល តែបើមិនបានរាយការណ៍ទេ អ្នកអាណាព្យាបាល នោះ ត្រូវបាត់បង់សិទ្ធិលើបំណុលនោះ ។
មាត្រា ១០៨៤. ការយកមកអនុវត្តដូចគ្នា ចំពោះករណីដែលអនីតិជននៅក្រោមអាណាព្យាបាល បានធ្វើលទ្ធកម្មនូវទ្រព្យសម្បត្តិសកល
បញ្ញត្តិនៃមាត្រា ១០៨១ (ការស្រាវជ្រាវទ្រព្យសម្បត្តិ និងការធ្វើបញ្ជីសារពើភ័ណ្ឌ) មាត្រា ១០៨២ (សិទ្ធិអំណាចនៅមុនពេលធ្វើបញ្ជីសារពើភ័ណ្ឌ) និងមាត្រា ១០៨៣ (ការរាយការណ៍អំពីសិទ្ធិលើបំណុលនិងកាតព្វកិច្ចរបស់អ្នកអាណាព្យាបាលសម្រាប់ អនីតិជន ដែលមានចំពោះអនីតិជននៅក្រោមអាណាព្យាបាល) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលអនីតិជននៅក្រោមអាណាព្យាបាលបានធ្វើលទ្ធកម្ម នូវទ្រព្យសម្បត្តិសកល នៅក្រោយពេលដែលអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានកាន់តំណែង ។
មាត្រា ១០៨៥. ការអនុញ្ញាតឱ្យគ្រប់គ្រងទ្រព្យសម្បត្តិ
ដើម្បីលក់ជួលរំលាយភតិសន្យា បង្កើតហ៊ីប៉ូតែក ឬធ្វើការចាត់ចែងផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានូវអចលនវត្ថុ ដែលប្រើជាលំនៅឋានរបស់អនីតិជននៅក្រោមអាណាព្យាបាលជំនួសអនីតិជននៅក្រោមអាណាព្យាបាលអ្នកអាណាព្យាបាលសម្រាប់អនីតិជន ត្រូវទទួលការអនុញ្ញាតពីតុលាការ ។
មាត្រា ១៨៦. សកម្មភាពដែលផលប្រយោជន៍របស់អ្នកអាណាព្យាបាលសម្រាប់
អនីតិជន និងអនីតិជននៅក្រោមអាណាព្យាបាល មានភាពផ្ទុយគ្នាបញ្ញត្តិនៃមាត្រា ១០៦៥ (ករណីដែលផលប្រយោជន៍របស់អ្នកមានអំណាចមេបា និងកូនមានភាពផ្ទុយគ្នា) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអ្នកអាណាព្យាបាលសម្រាប់អនីតិជន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ។
មាត្រា ១០៨៧. គម្រោងនៃចំនួនប្រាក់ចំណាយ និងសោហ៊ុយនៃអាណាព្យាបាលសម្រាប់អនីតិជន
១-អ្នកអាណាព្យាបាលសម្រាប់អនីតិជនត្រូវធ្វើគម្រោងចំនួនប្រាក់ដែលត្រូវចំណាយជារៀងរាល់ឆ្នាំ ដើម្បីគ្រប់គ្រងថែរក្សាអនីតិជននៅក្រោមអាណាព្យាបាល និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់អនីតិជននោះ នៅជំហានដំបូងនៃពេលដែលបានចាប់ផ្តើមកាន់តំណែង ។
២-សោហ៊ុយចាំបាច់ដើម្បីអ្នកអាណាព្យាបាលសម្រាប់អនីតិជន បំពេញតួនាទីអាណាព្យាបាលសម្រាប់អនីតិជន ត្រូវចំណាយចេញពីទ្រព្យសម្បត្តិរបស់អនីតិជននៅក្រោមអាណាព្យាបាល ។
មាត្រា ១០៨៨. កម្រៃរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន
តុលាការ អាចផ្ដល់កម្រៃសមរម្យ ពីក្នុងចំណោមទ្រព្យសម្បត្តិរបស់អនីតិជននៅក្រោមអាណាព្យាបាលឱ្យទៅអ្នកអាណាព្យាបាលសម្រាប់អនីតិជន ដោយគិតពិចារណាទៅលើលទ្ធភាពទ្រព្យធនរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន និងអនីតិជននៅក្រោមអាណាព្យាបាលព្រមទាំងស្ថានភាពផ្សេងទៀត បាន ។
មាត្រា ១៨៩. ការត្រួតពិនិត្យតួនាទីរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន
១-អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ឬតុលាការអាចទាមទារឱ្យអ្នកអាណាព្យាបាលនោះ រាយការណ៍អំពីតួនាទីរបស់ខ្លួន ឬដាក់បញ្ជីសារពើភ័ណ្ឌ ឬអាចស្រាវជ្រាវអំពីអនីតិជននៅក្រោមអាណាព្យាបាលឬស្ថានភាពទ្រព្យសម្បត្តិរបស់អនីតិជននោះ នៅពេលណាក៏បាន ។
២-តុលាការ អាចបង្គាប់ឱ្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ធ្វើការចាត់ចែងចាំ បាច់ដែលទាក់ទងនឹងការគ្រប់គ្រងថែរក្សាអនីតិជននៅក្រោមអាណាព្យាបាល ឬការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អនីតិជននោះ ឬការចាត់ចែងចាំបាច់ផ្សេងទៀតដែលទាក់ទងទៅនឹងអាណាព្យាបាលសម្រាប់អនីតិជន តាមការទាមទាររបស់អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អនីតិជននោះ មេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់អនីតិជននោះ នាយកមជ្ឈមណ្លសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬតំណាងអយ្យការ ឬដោយឆន្ទានុសិទ្ធិបាន ។
មាត្រា ១០៩០. ការកម្រិតសិទ្ធិតំណាងដែលច្បាប់បានកំណត់ និងសិទ្ធិយល់ព្រម
ប្រសិនបើមានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ដើម្បីធ្វើអាជីវកម្ម ឬធ្វើសកម្មភាពដែលបានកំណត់នៅក្នុងមាត្រា ៣០ (សិទ្ធិលុបចោលសកម្មភាព) នៃក្រមនេះ ជំនួសអនីតិជននៅក្រោមអាណាព្យាបាល ឬដើម្បីយល់ព្រមឱ្យអនីតិជននៅក្រោមអាណាព្យាបាលប្រកបអាជីវកម្ម ឬធ្វើសកម្មភាពនោះអ្នកអាណាព្យាបាលសម្រាប់អនីតិជនត្រូវទទួលការយល់ព្រមពីអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់ អនីតិជននោះ ។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះការទទួលប្រាក់ដើម ។
មាត្រា ១០៩១. អានុភាពនៃការអនុវត្តផ្ទុយនឹងមាត្រា ១០៩០
១-សកម្មភាពដែលអ្នកអាណាព្យាបាលសម្រាប់អនីតិជនបានធ្វើ ឬសកម្មភាពដែល បានផ្តល់ការយល់ព្រមដោយផ្ទុយនឹងបញ្ញត្តិនៃមាត្រា ១០៩០(ការកម្រិតសិទ្ធិតំណាងដែលច្បាប់បានកំណត់ និងសិទ្ធិយល់ព្រម) ខាងលើនេះ មានតែអនីតិជននៅក្រោមអាណាព្យាបាល ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនទេ ដែលអាចលុបចោបាន ។ ក្នុងករណីនេះ បញ្ញត្តិនៃមាត្រា ៣២ (សិទ្ធិដាស់តឿន) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ពុំរារាំងក្នុងការអនុវត្តបញ្ញត្តិនៃមាត្រា ៣៥៨ (សកម្មភាពដែលអាចលុបចោលបាន) និងបញ្ញត្តិចាប់ពីមាត្រា ៣៦០ (វិធីនៃការលុបចោល ឬ សច្ចានុមតិ) រហូតដល់មាត្រា ៣៦៣ (អាជ្ញាយុកាលនៃការរំលត់សិទ្ធិលុបចោល) នៃក្រមនេះឡើយ ។
មាត្រា ១០៩២. ការទទួលអនុប្បទាននូវទ្រព្យសម្បត្តិ ជាអាទិ៍ ពីអនីតិជននៅក្រោមអាណាព្យាបាល
១-ប្រសិនបើអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានទទួលអនុប្បទាននូវទ្រព្យ សម្បត្តិរបស់អនីតិជននៅក្រោមអាណាព្យាបាល ឬសិទ្ធិរបស់តតិយជនចំពោះអនីតិជននៅក្រោមអាណាព្យាបាល អនីតិជននៅក្រោមអាណាព្យាបាលនោះអាចលុបចោលនូវ អនុប្បទាននោះបាន ។ ក្នុងករណីនេះ បញ្ញត្តិនៃមាត្រា ៣២ (សិទ្ធិដាស់តឿន) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ពុំរារាំងនូវការអនុវត្តបញ្ញត្តិនៃមាត្រា ៣៥៨ (សកម្មភាពដែលអាចលុបចោលបាន) និងបញ្ញត្តិចាប់ពីមាត្រា ៣៦០ (វិធីនៃការលុបចោល ឬ សច្ចានុមតិ) រហូតដល់មាត្រា ៣៦៣ (អាជ្ញាយុកាលនៃការរំលត់សិទ្ធិលុបចោល) នៃក្រមនេះ ឡើយ ។
មាត្រា ១៩៣. ករណីយកិច្ចប្រុងប្រយ័ត្នរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន
១-អ្នកអាណាព្យាបាលសម្រាប់អនីតិជន មានករណីយកិច្ចបំពេញតួនាទីអាណាព្យាបាលសម្រាប់អនីតិជនដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត ។
២-ក្នុងករណីដែលអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានធ្វើឱ្យមានការខូចខាតដល់អនីតិជននៅក្រោមអាណាព្យាបាលដោយធ្វើផ្ទុយនឹងករណីយកិច្ចប្រុងប្រយ័ត្ន ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អនីតិជននៅក្រោមអាណាព្យាបាលអាចទាមទារសំណងនៃការខូចខាតនោះ ពីអ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ បាន ។
មាត្រា ១០៩៤. ការគ្រប់គ្រងទ្រព្យសម្បត្តិដែលតតិយជន បានផ្តល់ទៅឱ្យអនីតិជននៅក្រោមអាណាព្យាបាល
១-ប្រសិនបើតតិយជន ដែលបានផ្តល់ទ្រព្យសម្បត្តិឱ្យទៅអនីតិជននៅក្រោមអាណាព្យាបាលដោយមិនគិតថ្លៃ បានបង្ហាញឆន្ទៈថាមិនឱ្យអ្នកអាណាព្យាបាលសម្រាប់អនីតិជនគ្រប់គ្រងទ្រព្យសម្បត្តិនោះទេ ទ្រព្យសម្បត្តិនោះពុំត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជនឡើយ ។
២-ក្នុងករណីដែលអ្នកអាណាព្យាបាលសម្រាប់អនីតិជន ពុំបានអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើតតិយជនពុំបានកំណត់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិទេ តុលាការអាចជ្រើសតាំងអ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិនោះ តាមការទាមទាររបស់អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់ អនីតិជនញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អនីតិជននៅក្រោមអាណាព្យាបាលមេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់អនីតិជននោះ នាយកមជ្ឈមណួលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬ តំណាងអយ្យការ បាន ។
៣-ទោះបីជាតតិយជន បានកំណត់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិក៏ដោយបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលសិទ្ធិអំណាចរបស់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិនោះ បានរលត់ ឬមានការចាំបាច់ត្រូវផ្លាស់ប្តូរអ្នកនោះ តែតតិយជនមិនបានកំណត់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិផ្សេងទៀត ។
៤-បញ្ញត្តិចាប់ពីមាត្រា ៣៧ (ការជ្រើសតាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិដោយតុលាការ) រហូតដល់មាត្រា ៤០ (សិទ្ធិរបស់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិជាអាទិ៍) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ និងទី ៣ ខាងលើនេះ ។
កថាភាគទី ៥
ការរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជន
មាត្រា ១០៩៥. ល័ក្ខខ័ណ្ឌនៃការរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជន
១-ក្នុងករណីដែលអនីតិជននៅក្រោមអាណាព្យាបាលដែលបានគ្រប់អាយុ ១៦ (ដប់ប្រាំមួយ)ឆ្នាំ ទ្រទ្រង់ជីវភាពខ្លួនឯងដោយឯករាជ្យបានតុលាការអាចប្រកាសឱ្យរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជន តាមពាក្យសុំរបស់អនីតិជននៅក្រោមអាណាព្យាបាលបានបើយល់ឃើញថា ការរួចផុតនោះស្របនឹងផលប្រយោជន៍របស់អនីតិជន នៅក្រោមអាណាព្យាបាលនោះ ។ ក្នុងករណីនេះ តុលាការត្រូវសួរយោបល់ពីអ្នកអាណាព្យាបាលសម្រាប់អនីតិជន។ បើមានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន តុលាការក៏ត្រូវសួរយោបល់ពីអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលនោះផងដែរ ។
២-អនីតិជននៅក្រោមអាណាព្យាបាល ដែលបានរៀបអាពាហ៍ពិពាហ៍ត្រូវរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជន ដោយគ្មានការប្រកាសរបស់តុលាការ ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ទោះបីជាភាគីបានលែងលះនៅពេលក្រោយក៏ដោយ ក៏អានុភាពនៃការរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជនមិនត្រូវរលត់ឡើយ ។
មាត្រា ១០៩៦. អានុភាពនៃការរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជន
អនីតិជននៅក្រោមអាណាព្យាបាល ដែលបានរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជនត្រូវបានចាត់ទុកថា បានដល់នីតិភាព ។
មាត្រា ១០៩៧. ការគណនានូវចំណូលចំណាយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិវត្តមានរបស់អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន
១-ប្រសិនបើ បានបញ្ចប់តួនាទីរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន ហើយអ្នកអាណាព្យាបាលសម្រាប់អនីតិជន ឬសន្តតិជនរបស់អ្នកនោះ ត្រូវធ្វើការគណនានូវចំណូលចំណាយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ នៅក្នុងអំឡុងពេល ៣ (បី) ខែ គិតចាប់ពីថ្ងៃដែលបានបញ្ចប់តួនាទីនោះ ។ ប៉ុន្តែ អំឡុងពេលនេះ អាចពន្យារបាននៅតុលាការ ។
២-បើមានអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ការគណនាដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវអនុវត្តដោយមានវត្តមានរបស់អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ ។
មាត្រា ១០៩៨. ការលុបចោលកិច្ចសន្យារវាងអនីតិជននៅក្រោមអាណាព្យាបាលនិងអ្នកអាណាព្យាបាលសម្រាប់អនីតិជន
១-អនីតិជននៅក្រោមអាណាព្យាបាល អាចលុបចោលកិច្ចសន្យាដែលខ្លួនបានធ្វើ ជាមួយនឹងអ្នកអាណាព្យាបាលសម្រាប់អនីតិជនឬសន្តតិជនរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ នៅក្រោយពេលដែលខ្លួនបានក្លាយជានីតិជនហើយ និងនៅមុនពេលបញ្ចប់ការគណនានូវចំណូលចំណាយក្នុងកិច្ចការអាណាព្យាបាលបាន ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះសកម្មភាពឯកតោភាគីដែលអនីតិជននោះ បានធ្វើចំពោះអ្នកអាណាព្យាបាលសម្រាប់អនីតិជន ឬសន្តតិជនរបស់អាណាព្យាបាលសម្រាប់ អនីតិជននោះ ។
២-បញ្ញត្តិនៃមាត្រា ៣៥៨ (សកម្មភាពដែលអាចលុបចោល បាន) និង បញ្ញត្តិចាប់ ពីមាត្រា ៣៦០ (វិធីនៃការលុបចោល ឬសច្ចានុមតិ) រហូតដល់មាត្រា ៣៦៣ (អាជ្ញាយុកាលនៃការរំលត់សិទ្ធិលុបចោល) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះ ករណីដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា១០៩៩. ករណីយកិច្ចបង់ការប្រាក់របស់អ្នកអាណាព្យាបាលសម្រាប់អនីតិជននិង អនីតិជននៅក្រោមអាណាព្យាបាល
១-ចំនួនទឹកប្រាក់ ដែលអ្នកអាណាព្យាបាលសម្រាប់អនីតិជនត្រូវសងទៅឱ្យអនីតិជន នៅក្រោមអាណាព្យាបាល និងចំនួនទឹកប្រាក់ដែលអនីតិជននៅក្រោមអាណាព្យាបាលត្រូវសងទៅឱ្យអ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ ត្រូវគិតការប្រាក់ ចាប់ពីពេលដែលបានបញ្ចប់ការគណនានូវចំណូលចំណាយក្នុងកិច្ចការអាណាព្យាបាល សម្រាប់អនីតិជនរួចហើយ ។
២-ប្រសិនបើអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានប្រើប្រាស់ប្រាក់របស់អនីតិជននៅក្រោមអាណាព្យាបាលដើម្បីខ្លួនឯងផ្ទាល់នោះ ត្រូវគិតការប្រាក់ចាប់ពីពេលដែលបានប្រើប្រាស់ប្រាក់នោះ។ បើមានការខូចខាតអ្នកអាណាព្យាបាលសម្រាប់ អនីតិជន ត្រូវទទួលខុសត្រូវសងសំណងនៃការខូចខាតនោះ ។
មាត្រា ១១00. ករណីយកិច្ចសង្គ្រោះបន្ទាន់របស់អ្នកអាណាព្យាបាលសម្រាប់អនីតិជនជាអាទិ៍ នៅក្រោយពេលបញ្ចប់អាណាព្យាបាលសម្រាប់អនីតិជន
១-ប្រសិនបើមានស្ថានភាពបន្ទាន់ នៅក្នុងករណីដែលបានបញ្ចប់អាណាព្យាបាលសម្រាប់អនីតិជនហើយអ្នកអាណាព្យាបាលសម្រាប់អនីតិជន ឬសន្តតិជនរបស់អ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ ឬអ្នកតំណាងដែលច្បាប់បានកំណត់របស់អ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ ត្រូវធ្វើការចាត់ចែងចាំបាច់រហូតដល់ពេលដែលអនីតិជននៅក្រោមអាណាព្យាបាលសន្តតិជនរបស់អនីតិជននៅក្រោមអាណាព្យាបាលនោះ ឬអ្នកតំណាងដែលច្បាប់បានកំណត់របស់អនីតិជននៅក្រោមអាណាព្យាបាលនោះ អាចចាត់ការកិច្ចការនោះបាន ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិដែលត្រូវបានកំណត់ ឬជ្រើសតាំងដោយយោងតាមបញ្ញត្តិនៃមាត្រា ១០៩៤ (ការគ្រប់គ្រងទ្រព្យសម្បត្តិដែលតតិយជន បានផ្តល់ទៅឱ្យ អនីតិជន នៅក្រោមអាណាព្យាបាល) ។
មាត្រា ១១០១. ល័ក្ខខ័ណ្ឌតតាំងនៃការបញ្ចប់អាណាព្យាបាលសម្រាប់អនីតិជន ជាអាទិ៍
១-មូលហេតុនៃការបញ្ចប់អាណាព្យាបាលសម្រាប់អនីតិជន ទោះបីជាមូលហេតុនោះកើតឡើងចំពោះអនីតិជននៅក្រោមអាណាព្យាបាលក៏ដោយ ឬចំពោះអ្នកអាណាព្យាបាលសម្រាប់អនីតិជនក៏ដោយ ពុំអាចយកទៅតតាំងជាមួយនឹងភាគីម្ខាងទៀតបានឡើយ បើមិនបានជូនដំណឹងទៅឱ្យភាគីម្ខាងទៀត ឬបើភាគីម្ខាងទៀត ពុំបានដឹងអំពីមូលហេតុនោះ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិ ដោយយោងតាមបញ្ញត្តិនៃមាត្រា ១០៩៤ (ការគ្រប់គ្រងទ្រព្យសម្បត្តិដែលតតិយជនបានផ្តល់ទៅឱ្យអនីតិជននៅក្រោមអាណាព្យាបាល) នៃក្រមនេះ ។
មាត្រា ១១០២. អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដែលទាក់ទងនឹងអាណាព្យាបាលសម្រាប់អនីតិជន
១-បញ្ញត្តិនៃមាត្រា ១០៦០ (អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដែលទាក់ទងទៅនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរវាងឪពុកម្តាយ និងកូន) នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះសិទ្ធិលើបំណុលដែលបានកើតឡើង ដោយទាក់ទងនឹងអាណាព្យាបាលសម្រាប់អនីតិជន រវាងអ្នកអាណាព្យាបាលសម្រាប់អនីតិជន ឬអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន និងអនីតិជននៅក្រោមអាណាព្យាបាល ។
២-ក្នុងករណីដែល បានលុបចោលសកម្មភាព ដោយបញ្ញត្តិនៃមាត្រា ១០៩៨ (ការលុបចោលកិច្ចសន្យារវាងអនីតិជននៅក្រោមអាណាព្យាបាល និងអ្នកអាណាព្យាបាលសម្រាប់អនីតិជន) នៃក្រមនេះ អាជ្ញាយុកាលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាង លើនេះត្រូវគណនាដោយគិតចាប់ពីពេលដែលបានលុបចោលនោះ ។
កថាភាគទី ៦
ការយកមកអនុវត្តដូចគ្នា ចំពោះកូនរបស់អនីតិជននៅក្រោមអាណាព្យាបាល
មាត្រា ១១០៣. ការអនុវត្តអំណាចមេបាជំនួសអនីតិជននៅក្រោមអាណាព្យាបាល
១-អ្នកអាណាព្យាបាលសម្រាប់អនីតិជន ត្រូវអនុវត្តអំណាចមេបាចំពោះកូនរបស់អនីតិជននៅក្រោមអាណាព្យាបាល ជំនួសអនីតិជននៅក្រោមអាណាព្យាបាលនោះ ។
២-បញ្ញត្តិចាប់ពីមាត្រា ១០៧៩ (សិទ្ធិ និងករណីយកិច្ចរបស់អ្នកអាណាព្យាបាល សម្រាប់អនីតិជន) រហូតដល់មាត្រា ១១០២ (អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ដែលទាក់ទងនឹងអាណាព្យាបាលសម្រាប់អនីតិជន) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។