ក្រមរដ្ឋប្បវេណី

គន្ថីទី៨

សន្តតិកម្ម

ជំពូកទី ៨

ការទាមទារឱ្យធ្វើបដិទានសន្តតិកម្ម

មាត្រា ១៣០១. គោលបំណងនៃការទាមទារឱ្យធ្វើបដិទានសន្តតិកម្ម

សន្តតិជនដែលត្រូវបានដកហូតសិទ្ធិសន្តតិកម្ម អាចទាមទារឱ្យធ្វើបដិទានសន្តតិកម្ម ដើម្បីទទួលបដិទាននៃមត៌កទាំងអស់ ឬមួយភាគបាន ។

មាត្រា ១៣០២. អត្ថន័យនៃការទាមទារឱ្យធ្វើបដិទាននូវសន្តតិកម្ម

១-សន្តតិជនអាចទាមទារ ចំពោះជនដែលបានទទួលមត៌ក តាមសិទ្ធិសន្តតិកម្មដែលពុំត្រូវបានទៅជននោះឱ្យប្រគល់មកវិញ នូវទ្រព្យដែលបានទទួលនោះ ។

២-ទ្រព្យដែលភាគីម្ខាងទៀតនៃការទាមទារឱ្យធ្វើបដិទានសន្តតិកម្មបានទទួលតាមកិច្ចសន្យាដែលយកមត៌កធ្វើជាកម្មវត្ថុ ក៏ត្រូវក្លាយជាកម្មវត្ថុនៃការទាមទារឱ្យធ្វើបដិទាននូវសន្តតិកម្មផងដែរ ។

មាត្រា ១៣០៣. ខ្លឹមសារនៃករណីយកិច្ចប្រគល់វិញ

១-ភាគីម្ខាងទៀតនៃការទាមទារឱ្យធ្វើបដិទានសន្តតិកម្ម ត្រូវប្រគល់មតិកមកឱ្យសន្តតិជនដែលបាន​ទាមទារវិញ។ បើភាគីម្ខាងទៀតសុចរិតជននោះមានសិទ្ធិរក្សាទុកនូវផល និង ការប្រាក់ដែលបានទទួល សិទ្ធិទាមទារឱ្យសងវិញនូវសោហ៊ុយដែលបានបង្កើន តម្លៃចំពោះទ្រព្យនោះ ហើយមានសិទ្ធិទាមទារសំណងចំពោះកាតព្វកិច្ចដែលត្រូវបានទទួលតាមរយៈសន្តតិកម្ម ដែលបានសងរួចហើយនោះ ។

២-បើភាគីម្ខាងទៀតទុច្ចរិត ជននោះមានកាតព្វកិច្ចត្រូវប្រគល់វិញនូវផល និងការប្រាក់ដែលបានទទួល ហើយមិនត្រឹមតែគ្មានសិទ្ធិទាមទារសំណងចំពោះកាតព្វកិច្ច ដែលត្រូវបានទទួលតាមរយៈសន្តតិកម្ម ដែលបានសងនោះទេ ថែម​ទាំងគ្មានសិទ្ធិទាមទារឱ្យសងវិញនូវសោហ៊ុយដែលបានបង្កើនតម្លៃចំពោះទ្រព្យនោះផង ។

មាត្រា ១៣០៤. អាជ្ញាយុកាលនៃការរំលត់សិទ្ធិទាមទារឱ្យធ្វើបដិទានសន្តតិកម្ម

អាជ្ញាយុកាលនៃការរំលត់សិទ្ធិទាមទារឱ្យធ្វើបដិទានសន្តតិកម្ម នៅក្នុងករណីដែលមតិកត្រូវបានផ្ទេរទៅភាគីម្ខាងទៀតនៃការទាមទារឱ្យធ្វើបដិទានសន្តតិកម្ម តាមមតកសាសន៍ ឬ ការបែងចែកមត៌កមានអំឡុងពេល ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីពេលនោះ រីឯក្នុងករណី ដែលជនតែម្នាក់បានទទួលសន្តតិកម្មក្នុងនាមជាសន្តតិជន មានអំឡុងពេល ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីថ្ងៃដែលមតកជន បានទទួលមរណភាព ។