ក្រមរដ្ឋប្បវេណី​

គន្ថីទី៨

សន្តតិកម្ម

ជំពូកទី ៧

នត្ថិភាពនៃសន្តតិជន

មាត្រា ១២៩០. នីតិបុគ្គលមតិក

ប្រសិនបើពុំច្បាស់ថាមានសន្តតិជនទេ មត៌កនោះត្រូវក្លាយជានីតិបុគ្គល ។

មាត្រា ១២៩១. ការជ្រើសតាំងអ្នកគ្រប់គ្រង

១-ក្នុងករណីដែលបានកំណត់នៅក្នុងមាត្រា ១២៩០ (នីតិបុគ្គលមត៌ក) ខាងលើនេះ តុលាការត្រូវជ្រើសតាំងអ្នកគ្រប់គ្រងមត៌ក តាមពាក្យសុំរបស់បុគ្គលដែលមានទំនាក់ទំនងនឹងផលប្រយោជន៍ មេឃុំ ឬចៅសង្កាត់នៃលំនៅឋាន ចុងក្រោយរបស់មតកជន ឬតំណាងអយ្យការ ។

២-បើបានជ្រើសតាំងអ្នកគ្រប់គ្រងមត៌កហើយ តុលាការត្រូវធ្វើការជូនដំណឹងជាសាធារណៈអំពីការណ៍នោះ ដោយគ្មានការយឺតយ៉ាវ ។

មាត្រា ១២៩២. សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកគ្រប់គ្រង

១-អ្នកគ្រប់គ្រងត្រូវធ្វើបញ្ជីសារពើភ័ណ្ឌដែលទាក់ទងទៅ នឹងមត៌កដោយគ្មានការយឺតយ៉ាវ ។

២-អ្នកគ្រប់គ្រងត្រូវថែរក្សា និងគ្រប់គ្រងមត៌ក ។  បើមានការចាំបាច់ដើម្បីថែរក្សា និងគ្រប់គ្រងមត៌កនោះ អ្នកគ្រប់គ្រងអាចប្តូរមត៌កជាបាក់ ឬអាចចាត់ចែងមត៌កនោះបានដោយទទួលការអនុញ្ញាតពីតុលាការ ។

៣-បើមានការទាមទារពីម្ចាស់បំណុលរបស់មតកជន ឬអច្ច័យលាភីអ្នកគ្រប់គ្រងត្រូវរាយការណ៍អំពីស្ថានភាពនៃមកទៅឱ្យជននោះ ។

៤-អ្នកគ្រប់គ្រងត្រូវអនុវត្តតាមចំណុចនីមួយៗ ដែលបានកំណត់ក្នុងបញ្ញត្តិចាប់ពីមាត្រា ១២៨២ (សិទ្ធិបដិសេធការសងនៅក្នុងអំឡុងពេលដាស់តឿន) រហូតដល់មាត្រា១២៨៨ (ករណីដែលពុំបានស្នើសុំ) នៃក្រមនេះ ដែលត្រូវយកមកអនុវត្តដូចគ្នាដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ១២៩៦ (ការជូនដំណឹងជាសាធារណៈ និងការដាស់តឿនចំពោះម្ចាស់បំណុល ជាអាទិ៍) ខាងក្រោមនេះ ។

៥-តាមការបង្គាប់របស់តុលាការ អ្នកគ្រប់គ្រងត្រូវស្រាវជ្រាវអង្គហេតុ ហើយត្រូវធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនោះទៅតុលាការ ។

មាត្រា ១២៩៣. កម្រៃសម្រាប់អ្នកគ្រប់គ្រង

តុលាការអាចផ្ដល់កម្រៃសមរម្យចេញពីក្នុងចំណោមមត៌ក ឱ្យទៅអ្នកគ្រប់គ្រងបាន ដោយគិតពិចារណាទៅលើស្ថានភាពនៃ មត៌ក និងស្ថានភាពផ្សេងទៀត ។

មាត្រា ១២៩៤. ករណីដែលដឹងច្បាស់អំពីសន្តតិជន

ប្រសិនបើដឹងច្បាស់ថាមានសន្តតិជន នីតិបុគ្គលមតិកត្រូវចាត់ទុកថាពុំមានអត្ថិភាព តាំងពីដំបូង ។      ប៉ុន្តែ បញ្ញត្តិនេះពុំរារាំងអានុភាពនៃសកម្មភាពដែលអ្នកគ្រប់គ្រងបានធ្វើ ហើយ នៅក្នុងទំហំនៃសិទ្ធិអំណាចរបស់ខ្លួនឡើយ ។

មាត្រា ១២៩៥. ពេលរលត់សិទ្ធិអំណាចរបស់អ្នកគ្រប់គ្រង

១-សិទ្ធិអំណាចរបស់អ្នកគ្រប់គ្រងត្រូវរលត់ នៅពេលដែលសន្តតិជនបានយល់ព្រមទទួលសន្តតិកម្ម ។

២-បើសន្តតិជន បានយល់ព្រមទទួលសន្តតិកម្ម ហើយអ្នកគ្រប់គ្រងត្រូវគណនាអំពី ការគ្រប់គ្រងនោះ ចំពោះសន្តតិជនដោយគ្មានការយឺតយ៉ាវ ។

មាត្រា ១២៩៦. ការជូនដំណឹងជាសាធារណៈ និងការដាស់តឿនចំពោះម្ចាស់បំណុលជាអាទិ៍

១-បើពុំបានដឹងច្បាស់អំពីអត្ថិភាពនៃសន្តតិជន នៅក្នុងអំឡុងពេល ២ (ពីរ) ខែ បន្ទាប់ពីបានធ្វើការជូនដំណឹងជាសាធារណៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី២ នៃ មាត្រា ១២៩១ (ការជ្រើសតាំងអ្នកគ្រប់គ្រង) នៃក្រមនេះទេ អ្នកគ្រប់គ្រងត្រូវជូនដំណឹងជាសាធារណៈដោយគ្មានការយឺតយ៉ាវ ចំពោះម្ចាស់បំណុលរបស់មតកជន និងអច្ច័យលាភីទាំងអស់អំពីការណ៍ដែលម្ចាស់បំណុល និងអច្ច័យលាភីទាំងនោះ ត្រូវស្នើសុំអំពីការទាមទារក្នុងអំឡុងពេលដែលកំណត់ ។   ប៉ុន្តែ អំឡុងពេលនេះ មិនត្រូវឱ្យតិចជាង ២ (ពីរ) ខែ ឡើយ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ១២៨១ (ការជូនដំណឹងជាសាធារណៈ និងការដាស់តឿន) និងបញ្ញត្តិចាប់ពីមាត្រា ១២៨២ (សិទ្ធិបដិសេធការសងនៅក្នុងអំឡុងពេល ដាស់តឿន) រហូតដល់មាត្រា ១២៨៨ (ករណីដែលពុំបានស្នើសុំ) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។   ប៉ុន្តែ អ្នកគ្រប់គ្រង ពុំអាចក្លាយជាអ្នកទិញនៅក្នុងការលក់ដោយបង្ខំ ឬការលក់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៨៦ (ការប្តូរមតិកជាបាក់) នៃក្រមនេះ ដែលត្រូវបានយកមកអនុវត្តដូចគ្នាបានឡើយ ។

មាត្រា ១២៩៧. ការជូនដំណឹងជាសាធារណៈស្វែងរកសន្តតិជន

១-ក្រោយពីអំឡុងពេលដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៩៦ (ការជូនដំណឹងជាសាធារណៈ និងការដាស់តឿនចំពោះម្ចាស់បំណុល ជាអាទិ៍) ខាងលើ នេះបានកន្លងហួសប្រសិនបើនៅតែមិនទាន់ដឹងច្បាស់ថាមានសន្តតិជននៅឡើយ តាមពាក្យសុំរបស់អ្នកគ្រប់គ្រង ឬតំណាងអយ្យការតុលាការត្រូវធ្វើការជូនដំណឹងជាសាធារណៈ​ថា ប្រសិនបើមានសន្តតិជន សន្តតិជននោះត្រូវធ្វើការស្នើសុំអំពីការណ៍នោះ នៅក្នុងអំឡុងពេលដែលកំណត់ ។ ប៉ុន្តែ អំឡុងពេលនេះ មិនត្រូវឱ្យតិចជាង ៦ (ប្រាំមួយ) ខែ ឡើយ ។

២-បើប៉ាន់ប្រមាណឃើញថាគ្មានសេសសល់មត៌កទេអ្នកគ្រប់គ្រង ឬតំណាងអយ្យការ មិនអាចធ្វើការទាមទារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ឡើយ ។

មាត្រា ១២៩៨. ការដកហូតសិទ្ធិតាមការជូនដំណឹងជាសាធារណៈ

បើគ្មានការស្នើសុំថា ខ្លួនជាសន្តតិជននៅក្នុងអំឡុងពេលដែលបានកំណត់នៅក្នុងបញ្ញត្តិនៃមាត្រា ១២៩៧ (ការជូនដំណឹងជាសាធារណៈស្វែងរកសន្តតិជន) ខាងលើនេះទេ សន្តតិជន ព្រមទាំងម្ចាស់បំណុលរបស់មតកជន និងអច្ច័យលាភីដែលអ្នកគ្រប់គ្រងមិនអាច ដឹងបានពុំអាចអនុវត្តសិទ្ធិបានឡើយ ។

មាត្រា ១២៩៩. ការចែកមត៌កឱ្យទៅជនដែលមាននិស្ស័យពិសេស

១-នៅក្នុងករណីដែលបានកំណត់នៅក្នុងមាត្រា ១២៩៨ (ការដកហូតសិទ្ធិតាមការជូនដំណឹងជាសាធារណៈ) ខាងលើនេះ បើយល់ឃើញថាសមរម្យតុលាការអាចចែកមួយផ្នែក នៃមត៌ក​ដែលនៅសេសសល់ក្រោយការជម្រះទៅឱ្យជនដែល​មានជីវភាពជាមួយគ្នា នឹងមតកជន ជនដែលបានខិតខំមើលថែទាំព្យាបាលមតកជន និងជនដែលមាននិស្ស័យពិសេសផ្សេងទៀត តាមពាក្យសុំរបស់ជននោះ ។   ប៉ុន្តែ ចំនួនសរុបនៃតម្លៃទ្រព្យដែលត្រូវចែកទៅឱ្យនោះមិនត្រូវលើសពីចំនួនពាក់កណ្តាលនៃមត៌កដែលនៅសេសសល់នោះទេ ។

២-ពាក្យសុំដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើនៅក្នុងអំឡុងពេល ៣ (បី) ខែ ក្រោយពីអំឡុងពេលដែលបានកំណត់នៅក្នុងមាត្រា ១២៩៧ (ការជូនដំណឹងជាសាធារណៈស្វែងរកសន្តតិជន) ខាងលើនេះ បានកន្លងហួសដោយបញ្ជាក់អំពីហេតុនៃនិស្ស័យពិសេសនោះឱ្យបានច្បាស់លាស់ ។

៣-ក្នុងការចែកទ្រព្យដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការ អាចស្រាវជ្រាវអំពីអង្គហេតុបាន។    បើនៅក្នុងការស្រាវជ្រាវនេះ តុលាការអាចសួរយោបល់ របស់មេឃុំ ឬចៅសង្កាត់បាន ។

មាត្រា ១៣00. មត៌កដែលធ្លាក់ទៅជាទ្រព្យរដ្ឋ

មត៌កដែលមិនត្រូវបានចាត់ចែង តាមបញ្ញត្តិនៃមាត្រា ១២៩៩ (ការចែកមត៌កឱ្យទៅជនដែលមាននិស្ស័យពិសេស) ខាងលើនេះ ត្រូវធ្លាក់ទៅជាទ្រព្យរដ្ឋ ។    ក្នុងករណីនេះអ្នកគ្រប់គ្រងត្រូវគណនាអំពីការគ្រប់គ្រងនោះ ហើយដាក់​ជូន​ទៅតុលាការដោយគ្មានការយឺតយ៉ាវ ។