ក្រមរដ្ឋប្បវេណី
គន្ថីទី៨
សន្តតិកម្ម
ជំពូកទី ៤
ភាគបម្រុង
ផ្នែកទី ១
បទប្បញ្ញត្តិទូទៅ
មាត្រា ១២៣0. អ្នកមានសិទ្ធិលើភាគបម្រុង
១-បច្ឆាញាតិផ្ទាល់ ឬឪពុកម្តាយ ឬជីដូនជីតា និងសហព័ទ្ធរបស់មតកជន អាចធ្វើលទ្ធកម្មនូវទ្រព្យសម្បត្តិ ដូចខាងក្រោមនេះ៖
ក-១ ភាគ ៣ (មួយភាគបី) នៃទ្រព្យសម្បត្តិរបស់មតកជន ក្នុងករណីដែលមានតែសន្តតិជនជាឪពុកម្តាយ ឬជីដូន ជីតាប៉ុណ្ណោះ ។
ខ-១ ភាគ ២ (មួយភាគពីរ) នៃទ្រព្យសម្បត្តិរបស់មតកជន ក្នុងករណីផ្សេង ។
២-ក្នុងករណីដែលមានសន្តតិជនច្រើននាក់ អ្នកមានសិទ្ធិលើភាគបម្រុងនីមួយៗអាចទទួលភាគបម្រុង តាមសមាមាត្រនៃចំណែកមត៌ក បាន ។
៣- បញ្ញត្តិនៃមាត្រា ១១៥៧ (សន្តតិកម្មជំនួស) និង មាត្រា ១១៥៨ (ចំណែកមត៌កក្នុងករណីនៃសន្តតិកម្មជំនួស) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះភាគបម្រុង ។
មាត្រា ១២៣១. ទ្រព្យដែលជាមូលដ្ឋានក្នុងការគណនាភាគបម្រុង
១-ភាគបម្រុង ត្រូវគណនាដោយយកទ្រព្យសម្បត្តិដែលមតកជនមាននៅពេលចាប់ផ្តើមធ្វើសន្តតិកម្ម បូកតម្លៃនៃផលប្រយោជន៍ពិសេស ដែលបានកំណត់នៅក្នុងមាត្រា ១១៦៣ (ចំណែកមត៌ករបស់អ្នកទទួលផលប្រយោជន៍ពិសេស) និងតម្លៃនៃទ្រព្យសម្បត្តិប្រទានកម្ម ដែលបានកំណត់ក្នុងមាត្រា ១២៣២ (ប្រទានកម្មដែលជាមូលដ្ឋានក្នុងការគណនាភាគ បម្រុង) នៃក្រមនេះ ហើយដកនូវចំនួនប្រាក់សរុបនៃកាតព្វកិច្ចចេញ ។
២-សិទ្ធិដែលភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌ សិទ្ធិដែលអំឡុងពេលមានអត្ថិភាពមិន ច្បាស់លាស់ត្រូវកំណត់តម្លៃនោះ ដោយផ្អែកតាមការវាយតម្លៃរបស់អ្នកវាយតម្លៃ ដែលត្រូវបានជ្រើសតាំងដោយតុលាការ ។
៣-កាតព្វកិច្ចដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវរាប់បញ្ចូលផងដែរ នូវសោហ៊ុយបុណ្យសពតាមឋានៈរបស់មតកជន។
មាត្រា ១២៣២. ប្រទានកម្មដែលជាមូលដ្ឋានក្នុងការគណនាភាគបម្រុង
១-ប្រទានកម្មដែលបានកំណត់ដូចខាងក្រោមនេះត្រូវក្លាយជាមូលដ្ឋានក្នុងការគណនាភាគបម្រុង លើកលែងតែផលប្រយោជន៍ពិសេសដែលបានកំណត់នៅក្នុងមាត្រា ១១៦៣ (ចំណែកមត៌ករបស់អ្នកទទួលផលប្រយោជន៍ពិសេស) នៃក្រមនេះ :
ក-ប្រទានកម្មដែលបានធ្វើក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ នៅមុនពេលចាប់ផ្ដើមសន្តតិកម្ម ។
ខ-ក្រៅពីប្រទានកម្មដែល បានកំណត់ក្នុងចំណុច ក ខាងលើនេះ ប្រទានកម្ម ដែលត្រូវបានធ្វើឡើង ដោយភាគីសងខាងបានដឹងថា នឹងបញ្ហាលឱ្យខូចខាតដល់អ្នកមានសិទ្ធិលើភាគបម្រុង ។
២-នៅក្នុងជំពូកទី ៤ (ភាគបម្រុង) នេះ ការលើកលែងកាតព្វកិច្ចដោយមិនយក តម្លៃថ្នូរ ត្រូវចាត់ទុកថាជាប្រទានកម្ម ។
មាត្រា ១២៣៣. ទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង
អច្ច័យទាន ការកំណត់ចំណែកមែកតាមមតកសាសន៍ ការទទួលផលប្រយោជន៍ ពិសេស និង ប្រទានកម្មដែលបានកំណត់នៅក្នុងមាត្រា ១២៣២ (ប្រទានកម្មដែលជាមូលដ្ឋានក្នុងការគណនាភាគបម្រុង) ខាងលើនេះ គឺជាកម្មវត្ថុនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង ។ ប៉ុន្តែ ក្នុងករណីដែលអច្ច័យទានចំពោះសន្តតិជន ការកំណត់ចំណែកមត៌ក និងការទទួលផលប្រយោជន៍ពិសេសត្រូវក្លាយជាកម្មវត្ថុនៃការកាត់បន្ថយដើម្បី បង្គ្រប់ភាគបម្រុងកម្មវត្ថុនៃការកាត់បន្ថយនោះ មានត្រឹមតែផ្នែកដែលលើសពីចំនួនទឹក ប្រាក់នៃភាគបម្រុងរបស់សន្តតិជននោះប៉ុណ្ណោះ ។
មាត្រា ១២៣៤. ចំនួនទឹកប្រាក់នៃការទាមទារឱ្យកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង
ចំនួនទឹកប្រាក់ដែលអ្នកមានសិទ្ធិលើភាគបម្រុងអាចទាមទារបានដោយការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង គឺជាចំនួនទឹកប្រាក់ដែលត្រូវបានគណនាដោយយកចំនួន ទឹកប្រាក់នៃភាគបម្រុងដកចំនួនសរុបនៃទ្រព្យសម្បត្តិដែលអ្នកមានសិទ្ធិលើភាគបម្រុង បានទទួលដោយសន្តតិកម្ម និងចំនួននៃផលប្រយោជន៍ពិសេស ហើយបូកបញ្ចូលនូវចំនួនទឹកប្រាក់នៃកាតព្វកិច្ចដែលបុគ្គលនោះត្រូវទទួលបន្ទុកដោយសន្តតិកម្ម ។
ផ្នែកទី ២
វិធីកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង
មាត្រា ១២៣៥. ការទាមទារឱ្យ កាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង
អ្នកមានសិទ្ធិលើភាគបម្រុង និងអ្នកទទួលបន្តនោះ អាចទាមទារឱ្យធ្វើការកាត់ បន្ថយអច្ច័យទាន ជាអាទិ៍ ចំពោះជនដែលបានទទួលទ្រព្យសម្បត្តិឬផលប្រយោជន៍ដែលជាកម្មវត្ថុនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុងបានត្រឹមកម្រិត ដែលចាំបាច់ដើម្បីរក្សាភាគបម្រុងនោះ ។
មាត្រា ១២៣៦. លំដាប់នៃការកាត់បន្ថយ
ប្រទានកម្ម និងការទទួលផលប្រយោជន៍ពិសេសពុំអាចកាត់បន្ថយបានឡើយ បើមិន បានកាត់បន្ថយពីអច្ច័យទាន និងចំណែកមត៌កដែលបានកំណត់តាមមតកសាសន៍ជាមុនទេ ។
មាត្រា ១២៣៧. ការកាត់បន្ថយអច្ច័យទាន ជាអាទិ៍
១-ដំបូងត្រូវធ្វើការកាត់បន្ថយពីអច្ច័យទាននិងចំណែកមត៌កដែលបានកំណត់ចំពោះសន្តតិជននៅក្នុងពេលជាមួយគ្នា ហើយប្រសិនបើនៅតែខ្វះត្រូវធ្វើការកាត់បន្ថយពីអច្ច័យទានដែល បានធ្វើចំពោះបុគ្គលផ្សេងក្រៅពីសន្តតិជន ។
២-អច្ច័យទាន ត្រូវធ្វើការកាត់បន្ថយទៅតាមសមាមាត្រនៃតម្លៃរបស់កម្មវត្ថុនោះ។ បញ្ញត្តិនេះ ក៏ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះចំណែកមត៌កដែលបានកំណត់តាមវិធីធ្វើអនុប្បទានទ្រព្យសម្បត្តិដែលមានកំណត់ តែមួយចំណុច ឬច្រើនចំណុច ។ ប៉ុន្តែ ក្នុងករណីដែលអច្ច័យទានដែលធ្វើចំពោះសន្តតិជន និងចំណែកមត៌កដែលបានកំណត់នោះ ជាកម្មវត្ថុនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង ផ្នែកដែលលើសពីចំនួនប្រាក់នៃភាគបម្រុងរបស់សន្តតិជននោះ ត្រូវចាត់ទុកថាជាតម្លៃនៃកម្មវត្ថុ ។
៣-ចំណែកមត៌កតាមមតកសាសន៍ដែលបានកំណត់ជាភាគនៃមត៌ក ត្រូវកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង ដោយធ្វើការផ្លាស់ប្តូរភាគនោះ ។
៤-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី ១ ទី ២ និង ទី ៣ ខាងលើនេះក៏ដោយបើម្ចាស់ បណ្ដាំបានបង្ហាញឆន្ទៈពិសេសផ្សេង ក្នុងមតកសាសន៍ ត្រូវអនុលោមទៅតាមឆន្ទៈនោះ ។
មាត្រា ១២៣៨. លំដាប់នៃការកាត់បន្ថយប្រទានកម្ម ជាអាទិ៍
១-ការកាត់បន្ថយប្រទានកម្ម ឬការទទួលផលប្រយោជន៍ពិសេសត្រូវចាប់ផ្តើមពីប្រទានកម្ម ឬការទទួលផលប្រយោជន៍ពិសេសដែលបានធ្វើក្រោយគេបន្ទាប់មកត្រូវធ្វើចំពោះប្រទានកម្ម ឬការទទួលផលប្រយោជន៍ពិសេសដែលបានធ្វើពីមុនមកជាបន្ត បន្ទាប់ ។
២-បើបានធ្វើប្រទានកម្ម ឬទទួលផលប្រយោជន៍ពិសេស លើសពី ២០ (ម្ភៃ) ឆ្នាំ នៅមុនពេលចាប់ផ្ដើមសន្តតិកម្ម បដិគ្គាហក ឬសន្តតិជនដែលបានទទួលផលប្រយោជន៍ ពិសេសនោះអាចបដិសេធនូវការទាមទារកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុងបាន ។
មាត្រា ១២៣៩. ការសងផលមកវិញ
សហសន្តតិជន អច្ច័យលាភី ឬបដិគ្គាហក ក្រៅពីទ្រព្យសម្បត្តិ ឬបាក់សំណងដែលត្រូវសងមកវិញនោះ ត្រូវសងមកវិញផងដែរនូវផលដែលកើតឡើងក្រោយពីថ្ងៃដែលបានទាមទារឱ្យធ្វើការកាត់បន្ថយ ។
មាត្រា ១២៤០. បន្ទុកនៃការខាតបង់ ដោយអសាធនភាព
ការខាតបង់ដែលកើតឡើងដោយសារអសាធនភាព របស់សហសន្តតិជន អច្ច័យលាភី ឬបដិគ្គាហក ដែលត្រូវទទួលការកាត់បន្ថយត្រូវធ្លាក់ជាបន្ទុករបស់អ្នកមានសិទ្ធិលើភាគបម្រុង ។
មាត្រា ១២៤១. ការកាត់បន្ថយប្រទានកម្មដែលមានភ្ជាប់បន្ទុក
ចំពោះប្រទានកម្មដែលមានភ្ជាប់បន្ទុក ដែលបានដកតម្លៃនៃបន្ទុកចេញពីក្នុងតម្លៃនៃកម្មវត្ថុនោះ អាចទាមទារឱ្យធ្វើការកាត់បន្ថយបាន ។
មាត្រា ១២៤២. ការកាត់បន្ថយចំពោះកិច្ចសន្យាជាអាទិ៍ ដែលត្រូវចាត់ទុកថាជាប្រទានកម្ម
១-កិច្ចសន្យាដែល បានធ្វើដោយយកតម្លៃថ្នូរមិនត្រឹមត្រូវ ត្រូវចាត់ទុកថាជាប្រទានកម្ម តែក្នុងករណីដែលត្រូវបានធ្វើឡើងដោយភាគីទាំងសងខាង បានដឹងថា នឹងបណ្ដាលឱ្យខូចខាតដល់អ្នកមានសិទ្ធិលើភាគបម្រុងប៉ុណ្ណោះ។ ក្នុងករណីនេះ បើអ្នកមានសិទ្ធិលើភាគបម្រុង ទាមទារឱ្យ ធ្វើការកាត់បន្ថយនោះ អ្នកនោះត្រូវសងតម្លៃថ្នូរនោះមកវិញ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះ ការលើកលែងកាតព្វកិច្ច ដោយយកតម្លៃថ្នូរមិនត្រឹមត្រូវ ។
មាត្រា ១២៤៣. ការកាត់បន្ថយក្នុងករណីដែលបានចាត់ចែងកម្មវត្ថុនៃប្រទានកម្ម
១-បើសហសន្តតិជន អច្ច័យលាភី ឬបដិគ្គាហក ដែលត្រូវទទួលការកាត់បន្ថយបានធ្វើអនុប្បទាននូវកម្មវត្ថុនៃប្រទានកម្ម ទៅឱ្យអ្នកដទៃជននោះត្រូវសងចំនួនទឹកប្រាក់ក្នុងកម្រិតនៃតម្លៃនៅពេលដែលបានចាត់ចែងនោះ ទៅឱ្យអ្នកមានសិទ្ធិលើភាគបម្រុង ។ ប៉ុន្តែ ប្រសិនបើអនុប្បទានិកនោះបានដឹងថា នឹងបណ្ដាលឱ្យខូចខាតដល់អ្នកមានសិទ្ធិលើ ភាគបម្រុងនៅពេលធ្វើអនុប្បទាន អ្នកមានសិទ្ធិលើភាគបម្រុងក៏អាចទាមទារឱ្យកាត់បន្ថយចំពោះអនុប្បទានិកនោះបានដែរ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលសហសន្តតិជន អច្ច័យលាភី ឬបដិគ្គាហក បានបង្កើតសិទ្ធិលើកម្មវត្ថុនៃប្រទានកម្មនោះ ។
មាត្រា ១២៤៤. សំណងដោយបង់តម្លៃ
១-សហសន្តតិជន អច្ច័យលាភី ឬបដិគ្គាហក អាចរួចផុតពីកាតព្វកិច្ចនៃការសងបាន ដោយបង់តម្លៃនៃចំណែកមត៌កដែលបានកំណត់ តម្លៃនៃកម្មវត្ថុនៃអច្ច័យទាន ឬតម្លៃនៃកម្មវត្ថុនៃប្រទានកម្ម ទៅឱ្យអ្នកដែលមានសិទ្ធិលើភាគបម្រុងត្រឹមកម្រិតដែលត្រូវទទួលការកាត់បន្ថយ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ២ កថាខណ្ឌទី ១ នៃមាត្រា ១២៤៣ (ការកាត់បន្ថយក្នុងករណីដែល បានចាត់ចែងកម្មវត្ថុនៃប្រទានកម្ម) ខាងលើនេះ ។
ផ្នែកទី ៣
ការរំលត់សិទ្ធិទាមទារឡុកាត់បន្ថយ
មាត្រា ១២៤៥. អាជ្ញាយុកាលនៃការរំលត់សិទ្ធិទាមទារឱ្យ កាត់បន្ថយ
សិទ្ធិទាមទារឱ្យកាត់បន្ថយ ត្រូវរលត់ដោយអាជ្ញាយុកាល បើអំឡុងពេល ១ (មួយ) ឆ្នាំ បានកន្លងហួស គិតចាប់ពីពេលដែលអ្នកមានសិទ្ធិលើភាគបម្រុង បានដឹងអំពីការចាប់ផ្ដើមសន្តតិកម្ម និងការកំណត់ចំណែកមត៌ក អច្ច័យទានប្រទានកម្ម ឬការទទួលផលប្រយោជន៍ពិសេសដែលត្រូវកាត់បន្ថយ ។ សិទ្ធិទាមទារឱ្យកាត់បន្ថយ ក៏ត្រូវរលត់ដោយអាជ្ញាយុកាល បើអំឡុងពេល ៥ (ប្រាំ) ឆ្នាំបានកន្លងហួស គិតចាប់ពីពេលចាប់ផ្តើមសន្តតិកម្ម ។
មាត្រា ១២៤៦. ការបោះបង់ភាគបម្រុង
ភាគបម្រុង អាចបោះបង់ចោលទាំងអស់ ឬមួយផ្នែកបាន ។ ប៉ុន្តែ ការបោះបង់ភាគបម្រុងនៅមុនពេលចាប់ផ្ដើមសន្តតិកម្ម មានអានុភាពលុះត្រាតែបានទទួលការអនុញ្ញាតពីតុលាការ ។
មាត្រា ១២៤៧. ករណីជាសហសន្តតិជន
ការរលត់ដោយអាជ្ញាយុកាល នៃសិទ្ធិទាមទារឱ្យកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុង របស់សន្តតិជនណាម្នាក់ ឬការបោះបង់ភាគបម្រុងដោយសហសន្តតិជនណាម្នាក់ ពុំមានឥទ្ធិពលទៅលើភាគបម្រុងរបស់សហសន្តតិជនផ្សេងទៀតទេ ។