ក្រមរដ្ឋប្បវេណី
គន្ថីទី៨
ជំពូកទី៣
សន្តតិកម្មតាមមតកសាសន៍
ផ្នែកទី ១
សមត្ថភាពក្នុងការធ្វើមតកសាសន៍
មាត្រា ១១៦៨. បុគ្គលដែលអាចធ្វើមតកសាសន៍ បាន
១-បុគ្គលដែលជានីតិជន និងអនីតិជនដែលបានអត្តាធីនភាពរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជន ឬ អំណាចមេបាអាចធ្វើមតកសាសន៍ បាន ។
២-បញ្ញត្តិនៃមាត្រា ២៦ (សិទ្ធិលុបចោលសកម្មភាព) និង មាត្រា ៣០ (សិទ្ធិលុបចោលសកម្មភាព) នៃក្រមនេះ មិនត្រូវយកមកអនុវត្តចំពោះមតកសាសន៍ឡើយ ។
មាត្រា ១១៦៩. សមត្ថភាពនាពេលធ្វើមតកសាសន៍
១-ម្ចាស់បណ្តាំ ត្រូវមានសមត្ថភាពនៅពេលធ្វើមតកសាសន៍ ។
២-បុគ្គលដែលអះអាងអំពីការខ្វះសមត្ថភាពរបស់ម្ចាស់បណ្តាំ ត្រូវបញ្ជាក់ភស្តុតាងអំពីហេតុនោះ ។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបានកំណត់នៅក្នុងមាត្រា ១១៧៦ (មតកសាសន៍នៃជននៅក្រោមអាណាព្យាបាលទូទៅ) នៃ ក្រមនេះ ។
ផ្នែកទី ២
ទម្រង់នៃមតកសាសន៍
មាត្រា ១១៧០. ភាពចាំបាច់នៃទម្រង់មតកសាសន៍
១-មតកសាសន៍ ពុំអាចធ្វើបានឡើយ បើពុំផ្អែកតាមទម្រង់ដែលបានកំណត់ក្នុងក្រមនេះទេ ។
២-មតកសាសន៍ ដែលធ្វើមិនត្រូវនឹងទម្រង់ណាមួយក្នុងបញ្ញត្តិនៃក្រមនេះ ត្រូវចាត់ ទុកជាមោឃៈ។ ប៉ុន្តែ មតកសាសន៍ដែលគ្មានការចុះថ្ងៃខែឆ្នាំ ត្រូវចាត់ទុកថាមានសុពលភាពលុះត្រាតែមតកសាសន៍នោះ មិនផ្ទុយនឹងមតកសាសន៍ផ្សេងទៀតដែលបានធ្វើដោយ ម្ចាស់បណ្តាំដូចគ្នានេះ។ នៅក្នុងករណីដែលមតកសាសន៍ដែលគ្មានការចុះថ្ងៃខែឆ្នាំ មាន ចំនួនច្រើន ហើយបើមតកសាសន៍ទាំងនេះ ផ្ទុយនឹងគ្នាអានុភាពនៃមតកសាសន៍ទាំងនោះ ត្រូវកាត់បន្ថយគ្នាទៅវិញទៅមក ។
មាត្រា ១១៧១. សុពលភាពនៃទម្រង់
មតកសាសន៍ដែលត្រូវនឹងទម្រង់ណាមួយដែលបានកំណត់នៅក្នុងក្រមនេះ ត្រូវចាត់ ទុកថាមានសុពលភាពចំពោះទម្រង់ ។
មាត្រា ១១៧២. បុគ្គលដែលមិនអាចក្លាយជាសាក្សី ជាអាទិ៍
បុគ្គលដែលកំណត់ដូចខាងក្រោមនេះ មិនអាចធ្វើជាសាក្សីឬជាអ្នកសង្កេតការណ៍នៅពេលធ្វើមតកសាសន៍បានឡើយៈ
ក-អនីតិជន ឬជននៅក្រោមអាណាព្យាបាលធម្មតា ។
ខ-ជនដែលត្រូវបានសន្មតថាជាសន្តតិជន អច្ច័យលាភី ហើយនិងសហព័ទ្ធ និងញាតិលោហិតខ្សែផ្ទាល់របស់ជនទាំងនោះ ។
គ-បើសារការីជាអ្នកពាក់ព័ន្ធក្នុងការធ្វើមតកសាសន៍ជាលិខិតយថាភូត ឬជាលិខិតមតកសាសន៍សម្ងាត់ សហព័ទ្ធរបស់សារការី ញាតិលោហិតខ្សែផ្ទាល់ ក្រឡាបញ្ជី និង និយោជិតរបស់សារការីនោះ ។
មាត្រា ១១៧៣. មតកសាសន៍ដោយលិខិតយថាភូត
១-មតកសាសន៍ដោយលិខិតយថាភូត ត្រូវធ្វើឡើងដោយម្ចាស់បណ្ដៅនៅចំពោះមុខសារការី តាមទម្រង់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងក្រោមនេះ ។
២-មតកសាសន៍ដោយលិខិតយថាភូតត្រូវធ្វើឡើង ដោយយោងតាមទម្រង់ដូចខាងក្រោមនេះ :
ក-ត្រូវមានវត្តមានរបស់សាក្សីយ៉ាងតិច ២ (ពីរ) នាក់ ។
ខ-ម្ចាស់បណ្តើត្រូវចាប់ផ្ទាល់មាត់ នូវខ្លឹមសារនៃមតកសាសន៍ ចំពោះសារការី ។
គ-សារការីត្រូវសរសេរនូវអត្ថន័យនៃមតកសាសន៍របស់ម្ចាស់បណ្តាំនោះ ជាលាយល័ក្ខណ៍អក្សរ ហើយត្រូវសូត្រឱ្យម្ចាស់បណ្តាំ និងសាក្សីនោះស្ដាប់ ។
ឃ-បន្ទាប់ពីម្ចាស់បណ្តាំ និងសាក្សី បានទទួលស្គាល់ថាកំណត់ជាលាយល័ក្ខណ៍អក្សរនោះត្រឹមត្រូវ ហើយជននីមួយៗនោះត្រូវធ្វើឱ្យមានភាពច្បាស់លាស់នៅលើឯកសារអំពីឈ្មោះ អាយុ និងលំនៅឋាន ហើយត្រូវចុះហត្ថលេខារៀងៗខ្លួន ។ ប៉ុន្តែ បើម្ចាស់បណ្តុំមិនអាចសរសេរអក្សរឬមិនអាចចុះហត្ថលេខាបានទេ សារការីអាចជំនួសការសរសេរ និងហត្ថលេខាដូចកំណត់ខាងលើនេះ ដោយសរសេរឈ្មោះ អាយុ និងលំនៅឋានរបស់ជននោះ ហើយត្រូវសរសេរបន្ថែមនូវហេតុនោះផង ។
ង-សារការីត្រូវសរសេរថ្ងៃខែឆ្នាំ ហើយត្រូវចុះហត្ថលេខា ។
មាត្រា ១១៧៤. មតកសាសន៍ដោយលិខិតឯកជន
១-មតកសាសន៍ដោយលិខិតឯកជនត្រូវធ្វើឡើង ដោយម្ចាស់បណ្តាំសរសេរពាក្យទាំងអស់ និងចុះថ្ងៃខែឆ្នាំ ដោយខ្លួនឯង ហើយត្រូវចុះហត្ថលេខាលើលិខិតនោះ ។ មតកសាសន៍ដោយលិខិតឯកជនដែលត្រូវបានសរសេរ ជំនួសដោយអ្នកដទៃ ឬដែលត្រូវបានសរសេរដោយប្រើម៉ាស៊ីនដូចជាអង្គលីលេខ ជាអាទិ៍ នឹងត្រូវចាត់ទុកជាមោឃៈ ។
២-ការបន្ថែមការលុប ឬការកែប្រែផ្សេងទៀតនៅក្នុងមតកសាសន៍ដោយលិខិតឯកជន ពុំមានអានុភាពឡើយ បើម្ចាស់បញ្ជាំមិនបានបង្ហាញនូវកន្លែង ហើយសរសេរបន្ថែមនូវហេតុនៃការកែប្រែនោះ ជាពិសេសបើមិនបានចុះហត្ថលេខាទេ ។
មាត្រា ១១៧៥. មតកសាសន៍ដោយលិខិតសម្ងាត់
មតកសាសន៍ដោយលិខិតសម្ចាត់ត្រូវធ្វើឡើង ដោយយោងតាមទម្រង់ ដូចខាងក្រោមនេះ :
ក-ម្ចាស់បណ្តាំត្រូវចុះហត្ថលេខាលើលិខិតនោះ ។
ខ-ម្ចាស់បណ្តាំត្រូវដាក់លិខិតនោះក្នុងស្រោមបិទជិត ហើយត្រូវចុះហត្ថលេខា ឬសរសេរសញ្ញាសំគាល់ ឬមធ្យោបាយផ្សេងទៀតដែលអាចវិនិច្ឆ័យ បានអំពីការបានបើក ឬមិន បានបើកស្រោមលិខិតនោះ នៅមាត់ស្រាមលិខិតនោះ ។
គ-ម្ចាស់បណ្តាំត្រូវដាក់លិខិតដែលបានបិទជិតនោះ នៅចំពោះមុខសារការីម្នាក់ និង សាក្សី ២ (ពីរ) នាក់ និងធ្វើសេចក្តីថ្លែងការណ៍ថា លិខិតនេះជាលិខិតមតកសាសន៍របស់ខ្លួន ហើយបើមានជនក្រៅពីសាមីខ្លួនបានសរសេរ ត្រូវធ្វើសេចក្តីថ្លែងការណ៍អំពីឈ្មោះ និងលំនៅឋានរបស់ជនដែលបានសរសេរនោះ ។
ឃ-សារការីត្រូវចុះថ្ងៃខែឆ្នាំដែលសាមីខ្លួនបានដាក់លិខិតនោះនិងសរសេរសេចក្តីថ្លែងការណ៍របស់ម្ចាស់បណ្តាំនៅលើលិខិតដែលបិទជិតនោះ ហើយត្រូវចុះហត្ថលេខាលើលិខិតនោះ ជាមួយគ្នានឹងសាក្សី និងម្ចាស់បណ្តាំ ។
មាត្រា ១១៧៦. មតកសាសន៍នៃជននៅក្រោមអាណាព្យាបាលទូទៅ
១-ដើម្បីធ្វើមតកសាសន៍ នៅពេលដែលជននៅក្រោមអាណាព្យាបាលទូទៅបានសះស្បើយមួយរយៈឡើងវិញ នូវសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនត្រូវមានវត្តមានរបស់វេជ្ជបណ្ឌិត យ៉ាងតិច ២ (ពីរ) នាក់ ។
២-វេជ្ជបណ្ឌិតដែលមានវត្តមាននៅពេលធ្វើមតកសាសន៍ ត្រូវសរសេរបញ្ជាក់បន្ថែម លើលិខិតមតកសាសន៍នោះថា នៅពេលដែលម្ចាស់បណ្តាំបានធ្វើមតកសាសន៍នោះ ម្ចាស់បណ្តាំពុំបានស្ថិតក្នុងស្ថានភាពខ្វះសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយសារមានវិបត្តិស្មារតីទេ ហើយត្រូវចុះហត្ថលេខាដោយបញ្ជាក់ថា ខ្លួនជាវេជ្ជបណ្ឌិតផងដែរ ។
មាត្រា ១១៧៧. មតកសាសន៍របស់ជនដែលកំពុងជួបប្រទះគ្រោះថ្នាក់បន្ទាន់ដល់អាយុជីវិត
១-ប្រសិនបើជនដែលកំពុងជួបប្រទះគ្រោះថ្នាក់បន្ទាន់ដល់អាយុជីវិត ដោយសារជម្ងឺ ឬ ហេតុផ្សេងទៀត មានបំណងចង់ធ្វើមតកសាសន៍ មតកសាសន៍នេះអាចធ្វើបានដោយតម្រូវឱ្យ មានវត្តមានរបស់សាក្សីយ៉ាងតិច ៣ (បី) នាក់ ហើយដោយប្រកាស ខ្លឹមសារនៃមតកសាសន៍នោះ ដោយផ្ទាល់មាត់ចំពោះជនម្នាក់ ក្នុងចំណោមសាក្សីនោះ ។ នៅក្នុងករណីនេះ ជនដែលបានទទួលការប្រកាសដោយផ្ទាល់មាត់នោះ ត្រូវសរសេរជាលាយល័ក្ខណ៍អក្សរ ហើយអានឱ្យសាក្សីស្ដាប់ ឬឱ្យមើល ហើយនៅក្រោយពេលដែល សាក្សីនីមួយៗបានទទួលស្គាល់ថាការសរសេរនោះត្រឹមត្រូវហើយ សាក្សីនីមួយៗនោះ ត្រូវចុះហត្ថលេខាលើលិខិតនោះ ។
២-មតកសាសន៍ដែលបានធ្វើតាមបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះ ពុំមានអានុភាពឡើយបើសាក្សីណាម្នាក់ ឬបុគ្គលដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ពុំបានដាក់ពាក្យសុំទៅតុលាការ នៅក្នុងអំឡុងពេល ១ (មួយ) ខែ គិតចាប់ពីថ្ងៃដែលបានធ្វើមតកសាសន៍នោះ ហើយពុំបានទទួលការបញ្ជាក់ទេ ។
៣-តុលាការមិនអាចធ្វើការបញ្ជាក់មតកសាសន៍បានឡើយ ប្រសិនបើពុំមានជំនឿទុកចិត្តថាមតកសាសន៍នោះ ចេញពីឆន្ទៈពិតប្រាកដរបស់ម្ចាស់បណ្តាំ ។
មាត្រា ១១៧៨. មតកសាសន៍នៃជនដែលត្រូវជាប់ឃុំឃាំង ជាអាទិ៍
១-បុគ្គលដែលជាប់ឃុំឃាំងនៅទីកន្លែង ដាច់ដោយឡែកដោយសាលក្រម ឬសាលដីកាឬ ដោយសារការចាត់ចែងផ្នែករដ្ឋបាល អាចធ្វើលិខិតមតកសាសន៍បានដោយត្រូវឱ្យមានវត្តមានរបស់នគរបាល ឬមន្ត្រីនៃមន្ទីរឃុំឃាំងម្នាក់ និងសាក្សី យ៉ាងតិច ២ (ពីរ) នាក់ ។
២-បុគ្គលដែលនៅក្នុងនាវា ឬយន្តហោះ អាចធ្វើលិខិតមតកសាសន៍ បានដោយត្រូវឱ្យ មានវត្តមានមេបញ្ជាការ បរិបាលនាវា ឬយន្តហោះ ឬបុគ្គលិកនាវា ឬយន្តហោះម្នាក់ និង សាក្សីយ៉ាងតិច ២ (ពីរ) នាក់ ។
៣-នៅពេលធ្វើមតកសាសន៍ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ឬទី ២ ខាងលើនេះ ម្ចាស់បញ្ជាំអាចធ្វើមតកសាសន៍ ដោយផ្ទាល់មាត់ ចំពោះនគរបាល មន្ត្រីនៃមន្ទីរ ឃុំឃាំង មេបញ្ជាការ បរិបាលនាវា ឬយន្តហោះ ឬបុគ្គលិកនាវា ឬយន្តហោះបាន ។
៤-បញ្ញត្តិពីចំណុច ខ ដល់ចំណុច ង កថាខណ្ឌទី ២ នៃមាត្រា ១១៣ (មតកសាសន៍ដោយលិខិតយថាភូត) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណី ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ខាងលើនេះ ។ ក្នុងករណីនេះ ពាក្យ សារការីត្រូវបានបកស្រាយថា ជានគរបាល មន្ត្រីនៃមន្ទីរឃុំឃាំង មេបញ្ជាការ បរិបាលនាវា ឬយន្តហោះ ឬ បុគ្គលិកនាវា ឬយន្តហោះ ។
៥-មតកសាសន៍ដែលត្រូវបានធ្វើឡើង ដោយយោងតាមបញ្ញត្តិពីកថាខណ្ឌទី ១ ដល់កថាខណ្ឌទី ៤ ខាងលើនេះ ពុំមានអានុភាពឡើយ បើម្ចាស់បណ្តាំបន្តនៅរស់ក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ គិតចាប់ពីពេលដែលម្ចាស់បណ្តាំនោះ បែរជាអាចធ្វើមតកសាសន៍ បានតាមទម្រង់ណាមួយដែលបានកំណត់ចាប់ពីមាត្រា ១១៧៣ (មតកសាសន៍ដោយលិខិតយថាភូត) ដល់មាត្រា ១១៧៥ (មតកសាសន៍ដោយលិខិតសម្ចាត់) នៃក្រមនេះ ក្រោយពេលខ្លួនត្រូវបានដោះលែងពីមន្ទីរឃុំឃាំង ឬចុះពីនាវា ឬយន្តហោះ ។
មាត្រា ១១៧៩. ការធ្វើមតកសាសន៍នៃបុគ្គលដែលមិនអាចនិយាយបាន ជាអាទិ៍
១-នៅក្នុងករណីដែលបុគ្គលមិនអាចនិយាយបាន ធ្វើមតកសាសន៍តាមទម្រង់ដែល បានកំណត់នៅក្នុងមាត្រា ១១៣ (មតកសាសន៍ដោយលិខិតយថាភូត) មាត្រា ១១៧៥ (មតកសាសន៍ដោយលិខិតសម្រាត់) មាត្រា ១១៧៧ (មតកសាសន៍របស់ជនដែលកំពុងជួបប្រទះគ្រោះថ្នាក់បន្ទាន់ដល់អាយុជីវិត) នៃក្រមនេះ ម្ចាស់បណ្តាំនោះអាចជំនួសការប្រាប់បានដោយធ្វើសេចក្តីថ្លែងការណ៍អំពីខ្លឹមសារនៃមតកសាសន៍ ឬសេចក្តីថ្លែងការណ៍ថា លិខិតនោះជាលិខិតមតកសាសន៍ តាមការបកប្រែរបស់អ្នកបកប្រែ ឬសរសេរដោយដៃខ្លួនផ្ទាល់ នៅចំពោះមុខសារការី ឬសាក្សី ។
២-ក្នុងករណីដែលសារការី ឬបុគ្គលផ្សេងទៀតដែលបានកំណត់នៅក្នុងក្រមនេះត្រូវអានឱ្យ ម្ចាស់បណ្តាំ ឬសាក្សីស្តាប់នូវអត្ថន័យនៃមតកសាសន៍ ក្រោយពេលបានសរសេរជាលាយល័ក្ខណ៍អក្សរនូវខ្លឹមសារនៃមតកសាសន៍នោះ បើម្ចាស់បណ្តាំ និងសាក្សី នោះបែរជាមនុស្សថ្លង់មិនអាចស្តាប់បានទេ សារការី ឬបុគ្គលផ្សេងទៀតដែលត្រូវបានកំណត់នៅក្នុងក្រមនេះ អាចជំនួសការអានឱ្យស្តាប់បានដោយប្រាប់អំពីអត្ថន័យដែលខ្លួនបានសរសេរនោះ តាមការបកប្រែរបស់អ្នកបកប្រែទៅម្ចាស់បណ្តាំ ឬសាក្សីនោះ ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ សារការី ឬ បុគ្គលផ្សេងទៀតដែលបានកំណត់នៅក្នុងក្រមនេះ ត្រូវសរសេរអំពីហេតុនោះ ចូលទៅក្នុងលិខិតនោះ ។
មាត្រា ១១៨០. ការសរសេរនាមត្រកូល និងនាមខ្លួន និងការផ្តិតម្រាមដៃជំនួសឱ្យការចុះហត្ថលេខា
ក្នុងករណីដែលសារការី និងសាក្សីត្រូវចុះហត្ថលេខា សារការី និងសាក្សី គ្រាន់តែសរសេរនាមត្រកូល និងនាមខ្លួន និងផ្តិតម្រាមដៃជាការគ្រប់គ្រាន់ហើយ ។
មាត្រា ១១៨១. បទប្បញ្ញត្តិពិសេសចំពោះមតកសាសន៍របស់ជនជាតិខ្មែរដែលរស់នៅបរទេស
បើជនជាតិខ្មែរមានបំណងចង់ធ្វើមតកសាសន៍ដោយលិខិតយថាភូត ឬលិខិតសម្ងាត់ នៅកន្លែងដែលមានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅកុងស៊ុលនោះ ត្រូវអនុវត្តមុខនាទីរបស់សារការី ។
ផ្នែកទី ៣
ចំណុចនៃមតកសាសន៍
មាត្រា ១១៨២. ការកំណត់ចំណែកមត៌ក
១-មតកជនអាចកំណត់ចំណែកមត៌ក របស់សហសន្តតិជនតាមមតកសាសន៍ ឬអាច បង្ហាញឆន្ទៈផ្ទុយពីបញ្ញត្តិនៃមាត្រា ១១៦៣ (ចំណែកមត៌ករបស់អ្នកទទួលផលប្រយោជន៍ ពិសេស) នៃក្រមនេះ ស្ដីពីចំណែកមត៌ករបស់បុគ្គលដែលបានទទួលផលប្រយោជន៍ពិសេស បាន ។ ប៉ុន្តែ ការកំណត់ចំណែកមត៌កដែលបំពានភាគបម្រុង ត្រូវអនុលោមតាមបញ្ញត្តិ ស្តីពីភាគបម្រុង ។
២-បើមតកជន បានកំណត់ចំណែកមត៌ក ចំពោះសន្តតិជនតែម្នាក់ ឬច្រើននាក់ក្នុងចំណោមសហសន្តតិជនទាំងអស់ ចំណែកមត៌ករបស់សហសន្តតិជនផ្សេងទៀត ត្រូវកំណត់ដោយយោងតាមបញ្ញត្តិនៃផ្នែកទី ៣ (ការសម្រួលចំណែកមត៌ក) ជំពូកទី ២ ។
មាត្រា ១១៨៣. ការកំណត់នូវវិធីបែងចែកដោយមតកសាសន៍ ជាអាទិ៍
មតកជន អាចកំណត់នូវវិធីបែងចែកតាមមតកសាសន៍ ឬអាចប្រគល់អាណត្តិឱ្យតតិយជនកំណត់វិធីនោះ ឬអាចហាមឃាត់មិនឱ្យបែងចែកនៅក្នុងអំឡុងពេលដែលមិនលើសពី ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីពេលដែលចាប់ផ្តើមសន្តតិកម្មនោះ បាន។
មាត្រា ១១៨៤. អនុប្បទានទ្រព្យសម្បត្តិ
ម្ចាស់បញ្ជាំអាចធ្វើប្រទានកម្មនូវទ្រព្យសម្បត្តិទាំងអស់ ឬមួយផ្នែក ឬអាចធ្វើប្រទានកម្មដោយមតកសាសន៍ តាមវិធីដែលបានកំណត់នៅក្នុងមាត្រា ១១៩៩ (និយមន័យនៃអច្ច័យទាន) នៃក្រមនេះ បាននៅក្នុងល័ក្ខខ័ណ្ឌដែលអនុលោមតាមបញ្ញត្តិស្តីពីភាគ បម្រុង ។
មាត្រា ១១៨៥. អនុប្បទានទ្រព្យសម្បត្តិចំពោះសន្តតិជន
១-បើមតកជន បានធ្វើមតកសាសន៍ដែលមានអត្ថន័យជាការធ្វើអនុប្បទានទ្រព្យ សម្បត្តិជាក់លាក់តែមួយ ឬច្រើនឱ្យទៅសហសន្តតិជនតែម្នាក់ ឬច្រើននាក់ មតកសាសន៍នោះត្រូវបានសន្មតថា បានកំណត់នូវវិធីបែងចែកមត៌ក លើកលែងតែនៅក្នុងករណី ដែលមតកសាសន៍នោះមានអត្ថន័យជាអច្ច័យទានយ៉ាងច្បាស់លាស់ ដូចជាអច្ច័យទានដែលភ្ជាប់ជាមួយនឹងបន្ទុកជាអាទិ៍ ហើយបើតម្លៃនៃទ្រព្យសម្បត្តិដែលបានកំណត់នោះ មានចំនួនលើសពីចំណែកមត៌ករបស់សន្តតិជននោះត្រូវសន្មតថា បានកំណត់ចំណែកមត៌កផង ដែរ ។
២-ក្នុងករណីដែលមតកជន បានធ្វើមតកសាសន៍ចំពោះទ្រព្យសម្បត្តិតែមួយភាគនៅក្នុងចំណោមមក បើតម្លៃនៃទ្រព្យសម្បត្តិនោះ មានចំនួនតិចជាងចំណែកមត៌ក ដែលសន្តតិជននោះត្រូវទទួល លុះត្រាតែពុំមានការបង្ហាញឆន្ទៈផ្សេងទៀតនៅក្នុងមតកសាសន៍ នោះត្រូវសន្មតថា បានកំណត់ត្រឹមតែវិធីបែងចែកមត៌កដែលត្រូវធ្លាក់ទៅលើសន្តតិជននោះ តែប៉ុណ្ណោះ ។
មាត្រា ១១៨៦. ការកំណត់នូវអ្នកប្រតិបត្តិមតកសាសន៍
ម្ចាស់បណ្តាំអាចកំណត់អ្នកប្រតិបត្តិមតកសាសន៍ម្នាក់ ឬច្រើននាក់ ឬអាចប្រគល់អាណត្តិឱ្យតតិយជនកំណត់អ្នកប្រតិបត្តិនោះ តាមមតកសាសន៍បាន ។
មាត្រា ១១៨៧. ចំណុចផ្សេងៗ
ក្រៅពីធ្វើមតកសាសន៍តាមចំណុចដែលបានកំណត់នៅក្នុងក្រមនេះ ម្ចាស់បណ្តាំអាចធ្វើមតកសាសន៍ដោយផ្តល់ដំបូន្មាន ឬយោបល់ដើម្បីឱ្យមានភាពសុខដុមរមនាដល់ ក្រុមគ្រួសារ និងចំណុចផ្សេងៗទៀតបាន ។ នៅក្នុងករណីនេះ សន្តតិជន ជាអាទិ៍ ត្រូវគោរពទៅតាមមតកសាសន៍នោះ ។
ផ្នែកទី ៤
ការលុបចោលនូវមតកសាសន៍
មាត្រា ១១៨៨. ពេល និងទម្រង់នៃការលុបចោលនូវមតកសាសន៍
ម្ចាស់បញ្ជាំអាចលុបចោលនូវមតកសាសន៍ មួយភាគ ឬទាំងមូលនៅពេលណាក៏បាន ដោយយោងតាមបញ្ញត្តិនៃផ្នែកទី ៤ (ការលុបចោលនូវមតកសាសន៍) នេះ ។
មាត្រា ១១៨៩. ការលុបចោលដោយទម្រង់នៃមតកសាសន៍
១-ម្ចាស់បណ្តាំអាចលុបចោលនូវមតកសាសន៍ មួយភាគ ឬទាំងមូលបានតាមទម្រង់នៃមតកសាសន៍ ។
២-បើមតកសាសន៍ដែលបានធ្វើក្រោយនេះ មានភាពផ្ទុយនឹងមតកសាសន៍ដែលបានធ្វើមុនត្រូវចាត់ទុកថា មតកសាសន៍ដែលបានធ្វើក្រោយនោះ បានលុបចោលមតកសាសន៍ដែលបានធ្វើមុន ចំពោះផ្នែកដែលផ្ទុយគ្នានោះ ។
មាត្រា ១១៩០. ការលុបចោលមតកសាសន៍ ដោយការចាត់ចែងនាពេលនៅរស់
បើម្ចាស់បណ្តាំ បានធ្វើអនុប្បទាន ឬបានធ្វើសកម្មភាពផ្សេងទៀត ចំពោះវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ នាពេលនៅរស់ត្រូវចាត់ទុកថា ម្ចាស់បណ្តាំបានលុបចោលមតកសាសន៍ ចំពោះផ្នែកដែលផ្ទុយនឹងអនុប្បទាន ឬសកម្មភាពផ្សេងនោះ ។
មាត្រា ១១៩១. ការលុបចោលដោយការបដិសេធលិខិតមតកសាសន៍ ជាអាទិ៍
បើម្ចាស់បណ្តាំ បានបំផ្លាញច្បាប់ដើមនៃមតកសាសន៍ ដោយចេតនាត្រូវចាត់ទុកថា បានលុបចោលមតកសាសន៍ ចំពោះផ្នែកដែលត្រូវបានបំផ្លាញនោះ ។ បញ្ញត្តិនេះត្រូវយក មកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលម្ចាស់បណ្តាំបានបំផ្លាញវត្ថុ ដែលជាកម្មវត្ថុនៃមតកសាសន៍ ដោយចេតនា ។
មាត្រា ១១៩២. ការបោះបង់សិទ្ធិលុបចោលមតកសាសន៍
ម្ចាស់បណ្តុំមិនអាចបោះបង់សិទ្ធិលុបចោលមតកសាសន៍ បានឡើយ ។
មាត្រា ១១៩៣. ការលុបចោលអច្ច័យទានដែលភ្ជាប់បន្ទុក
បើអច្ច័យលាភីពុំបានអនុវត្តករណីយកិច្ចដែលម្ចាស់បណ្តាំ បានតម្រូវឱ្យអច្ច័យលាភី នោះទទួលបន្ទុកជាថ្នូរនឹងអច្ច័យទានទេ អ្នកប្រតិបត្តិមតកសាសន៍ ឬបើគ្មានអ្នកប្រតិបត្តិមតកសាសន៍នោះទេ សន្តតិជនអាចដាស់តឿនឱ្យអច្ច័យលាភីនោះ អនុវត្តករណីយកិច្ចនោះ ដោយកំណត់អំឡុងពេលសមរម្យ ហើយប្រសិនបើអច្ច័យលាភីនោះមិនបានអនុវត្តករណីយកិច្ច នៅក្នុងអំឡុងពេលនោះទេ អ្នកប្រតិបត្តិមតកសាសន៍ ឬសន្តតិជននោះអាចទាមទារទៅតុលាការ ឱ្យលុបចោលអច្ច័យទាននោះ បាន ។
ផ្នែកទី ៥
អានុភាពនៃមតកសាសន៍
មាត្រា ១១៩៤. ពេលដែលមតកសាសន៍បង្កើតអានុភាព
១-មតកសាសន៍ ត្រូវបង្កើតអានុភាពចាប់ពីពេលដែលម្ចាស់បណ្តាំ បានទទួលមរណភាព។
២-នៅក្នុងករណីដែលមតកសាសន៍ ភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ បើល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញនៅក្រោយពេលដែលម្ចាស់បណ្តាំ បានទទួលមរណភាព មតកសាសន៍នោះ ត្រូវមានអានុភាព ចាប់ពីពេលដែលល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ ។
មាត្រា ១១៩៥. អានុភាពនៃការកំណត់ចំណែកមត៌ក ជាអាទិ៍
១-បើមតកជន បានកំណត់ចំណែកមត៌ក ឬវិធីបែងចែកមត៌កដោយធ្វើអនុប្បទាន ទ្រព្យសម្បត្តិជាក់លាក់តែមួយ ឬច្រើនឱ្យចំពោះសន្តតិជនតែម្នាក់ ឬច្រើននាក់ដោយមតកសាសន៍ ទ្រព្យសម្បត្តិជាក់លាក់នោះ ត្រូវធ្លាក់ទៅសន្តតិជនដែលនឹងត្រូវទទួលទ្រព្យសម្បត្តិនោះដោយស្វ័យប្រវត្តិព្រមគ្នានឹងពេលមតកសាសន៍នោះបង្កើតអានុភាព ។
២-នៅក្នុងករណីដែលមតកសាសន៍ ភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ បើល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញនៅក្រោយពេលដែលម្ចាស់បណ្តាំ បានទទួលមរណភាពទ្រព្យសម្បត្តិ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវចាត់ទុកថា ត្រូវបានធ្លាក់ទៅសន្តតិជនដែលនឹងត្រូវទទួលទ្រព្យសម្បត្តិនោះដោយប្រតិសកម្ម គិតចាប់តាំងពីពេល ដែលមតកជននោះ បានទទួលមរណភាព ។
មាត្រា ១១៩៦. មរណភាពនៃជនដែលត្រូវបានសន្មតថាជាសន្តតិជន ជាអាទិ៍
១-នៅក្នុងករណីដែលមតកជន បានកំណត់ចំណែកមត៌ករបស់សន្តតិជន ឬវិធីនៃការបែងចែកមត៌ក ដោយមតកសាសន៍ បើជនដែលត្រូវបានសន្មតថាជាសន្តតិជន បានទទួលមរណភាព នៅមុនពេលចាប់ផ្ដើមសន្តតិកម្ម ឬបានបាត់បង់សិទ្ធិសន្តតិកម្ម ដោយត្រូវនឹងបញ្ញត្តិនៃមាត្រា ១១៥០ (អភ័ព្វបុគ្គលនៃសន្តតិកម្មជាអាទិ៍) នៃក្រមនេះ ឬដោយការកាត់កាល់សន្តតិជន ការកំណត់នោះត្រូវបានចាត់ទុកថា បានធ្វើចំពោះអ្នកទទួលសន្តតិកម្មជំនួសរបស់ជនដែលត្រូវ បានសន្មតថាជាសន្តតិជននោះ ។
២-ក្នុងករណីដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើគ្មានអ្នកទទួលសន្តតិកម្មជំនួសជនដែលត្រូវបានសន្មតថាជាសន្តតិជននោះទេ ការកំណត់ចំពោះជនដែលត្រូវបានសន្មតថាជាសន្តតិជននោះ ពុំត្រូវបង្កើតអានុភាពឡើយ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលសន្តតិជន បានបោះបង់សន្តតិកម្ម ។
៣-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី ១ ឬទី ២ ខាងលើនេះក៏ដោយ បើមតកជនបានបង្ហាញឆន្ទៈផ្សេងក្នុងមតកសាសន៍ ត្រូវអនុលោមតាមឆន្ទៈនោះ ។
មាត្រា ១១៩៧. ការកម្រិតនូវមតកសាសន៍ ចំពោះអ្នកអាណាព្យាបាល ជាអាទិ៍
១-ថិជនដែលនៅក្រោមអាណាព្យាបាលទូទៅបានធ្វើមតកសាសន៍ ដែលជាផល ប្រយោជន៍ដល់អ្នកអាណាព្យាបាល ឬសហព័ទ្ធ ឬបច្ឆាញាតិផ្ទាល់របស់អ្នកអាណាព្យាបាល នោះ នៅមុនពេលបញ្ចប់ការគណនានូវចំណូលចំណាយក្នុងកិច្ចការអាណាព្យាបាល មតកសាសន៍នោះត្រូវចាត់ទុកជាមោឃៈ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណី ដែលញាតិលោហិតផ្ទាល់សហព័ទ្ធ ឬបងប្អូនបង្កើតជាអ្នកអាណាព្យាបាលទូទៅ ។
មាត្រា ១១៩៨. សិទ្ធិទទួលទ្រព្យសម្បត្តិ ក្នុងករណីដែលអច្ច័យទានមោឃៈ ជាអាទិ៍
បើអច្ច័យទានពុំបានបង្កើតអានុភាព ដោយសារអច្ច័យលាភីជាអភ័ព្វបុគ្គល ឬទទួល មរណភាព ឬដោយសារហេតុផ្សេងទៀត ឬបើពុំបានបង្កើតអានុភាពដោយសារការបោះបង់ទ្រព្យដែលអច្ច័យលាភីត្រូវទទួលនោះ ត្រូវធ្លាក់ទៅសន្តតិជនរបស់មតកជន ។ ប៉ុន្តែ បើម្ចាស់បណ្តាំ បានបង្ហាញឆន្ទៈផ្សេងក្នុងមតកសាសន៍ ត្រូវអនុលោមតាមឆន្ទៈនោះ ។
ផ្នែកទី ៦
អច្ច័យទាន
មាត្រា ១១៩៩. និយមន័យនៃអច្ច័យទាន
អច្ច័យទានសកល គឺជាប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឱ្យមនុស្សម្នាក់ ឬច្រើននាក់ នូវទ្រព្យសម្បត្តិទាំងអស់ ឬមួយផ្នែកដែលកំណត់ទៅតាមភាគ រីឯអច្ច័យទានមានកំណត់ គឺជាប្រទានកម្មដែលកំណត់ទ្រព្យសម្បត្តិជាក់លាក់ទៅឱ្យមនុស្សម្នាក់ ឬច្រើននាក់ដោយមតកសាសន៍ ។
មាត្រា ១២០០. មរណភាពរបស់អច្ច័យលាភី
១-អច្ច័យទាន ពុំបង្កើតអានុភាពឡើយ បើអច្ច័យលាភីបានទទួលមរណភាពនៅមុន ឬ ក្នុងពេលដែលម្ចាស់បណ្តាំទទួលមរណភាព ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផង ដែរ ចំពោះករណីដែលអច្ច័យទានភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ ហើយអច្ច័យលាភីបានទទួលមរណភាព នៅមុនពេលដែលល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ ។
២-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះក៏ដោយបើម្ចាស់បណ្ដាំបានបង្ហាញឆន្ទៈផ្សេងក្នុងមតកសាសន៍ ត្រូវអនុលោមតាមឆន្ទៈនោះ ។
៣-ក្នុងករណីដែលសន្តតិជនដែលត្រូវបានសន្មត ជាអច្ច័យលាភីបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនរារាំងចំពោះការយកបញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ១១៩៦ (មរណភាពនៃជនដែលត្រូវបានសន្មតថាជាសន្តតិជនជាអាទិ៍) នៃក្រមនេះ មកអនុវត្តឡើយ ។
មាត្រា ១២0១. ការបោះបង់អច្ច័យទាន
១-នៅក្រោយពេលដែលម្ចាស់បណ្តាំបានទទួលមរណភាពអច្ច័យលាភីអាចបោះបង់អច្ច័យទាននៅពេលណាក៏បាន។ ប៉ុន្តែចំពោះការបោះបង់អច្ច័យទានសកលត្រូវអនុលោមតាមបញ្ញត្តិស្តីពីការបោះបង់សន្តតិកម្ម ។
២-ការបោះបង់អច្ច័យទាន ត្រូវមានអានុភាពប្រតិកម្មចាប់ពីពេលដែលម្ចាស់បណ្ដាំ បានទទួលមរណភាព ។
មាត្រា ១២០២. ការដាស់តឿនរបស់ជនដែលពាក់ព័ន្ធនឹងផលប្រយោជន៍
បុគ្គលដែលមានករណីយកិច្ចពាក់ព័ន្ធទៅនឹងអច្ច័យទាន ឬជនដែលពាក់ព័ន្ធនឹងផលប្រយោជន៍ អាចដាស់តឿនឱ្យអច្ច័យលាភីទទួលស្គាល់ ឬបោះបង់អច្ច័យទានបានដោយកំណត់អំឡុងពេលសមរម្យ ។ បើអច្ច័យលាភីមិនបានបង្ហាញឆន្ទៈ ចំពោះបុគ្គលដែលមានករណីយកិច្ចពាក់ព័ន្ធទៅនឹងអច្ច័យទាន នៅក្នុងអំឡុងពេលដែលបានកំណត់នោះទេ ត្រូវចាត់ទុកថា អច្ច័យលាភីបានទទួលស្គាល់អច្ច័យទាននោះ ។
មាត្រា ១២០៣. ការបោះបង់ ឬការទទួលស្គាល់ដោយសន្តតិជនរបស់អច្ច័យលាភី
បើអច្ច័យលាភី បានទទួលមរណភាពដោយមិនបានទទួលស្គាល់ ឬបោះបង់អច្ច័យទានទេ សន្តតិជនរបស់អច្ច័យលាភីនោះ អាចទទួលស្គាល់ ឬបោះបង់អច្ច័យទានបានត្រឹមទំហំនៃសិទ្ធិលើសន្តតិកម្មរបស់ខ្លួន។ ប៉ុន្តែ បើម្ចាស់បណ្តាំបានបង្ហាញឆន្ទៈផ្សេងក្នុងមតកសាសន៍ ត្រូវអនុលោមតាមឆន្ទៈនោះ ។
មាត្រា ១២០៤. ការលុបចោលនូវការទទួលស្គាល់ ឬការបោះបង់
១-ការទទួលស្គាល់ ឬការបោះបង់អច្ច័យទានពុំអាចលុបចោលវិញបានទេ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ១២៥២ (ការលុបចោលការយល់ព្រម ឬការបោះបង់) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការទទួលស្គាល់ និងការបោះបង់អច្ច័យទាននេះ ។
មាត្រា ១២០៥. ការទទួលស្គាល់ ឬបោះបង់ក្នុងករណីដែលអច្ច័យលាភីជាសន្តតិជន
១-ក្នុងករណីដែលអច្ច័យលាភីជាសន្តតិជន បើបានបោះបង់សន្តតិកម្មបុគ្គលនោះត្រូវបានចាត់ទុកថា បានបោះបង់អច្ច័យទានផងដែរ ។ អច្ច័យលាភីនោះ មិនអាចទទួលស្គាល់អច្ច័យទាន ដោយបោះបង់សន្តតិកម្មបានឡើយ ។
២-ទោះបី បានទទួលស្គាល់សន្តតិកម្មហើយក៏ដោយ ក៏អច្ច័យលាភីដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចបោះបង់អច្ច័យទានមានកំណត់បានដែរ ។
មាត្រា ១២០៦. សិទ្ធិទទួលផលរបស់អច្ច័យលាភី
អច្ច័យលាភីអាចទទួលផល ចាប់តាំងពីពេលដែលខ្លួនអាចទាមទារឱ្យអនុវត្តអច្ច័យទាន បាន ។ ប៉ុន្តែ បើម្ចាស់បណ្តាំបានបង្ហាញឆន្ទៈផ្សេងក្នុងមតកសាសន៍ ត្រូវអនុលោមតាមឆន្ទៈនោះ ។
មាត្រា ១២០៧. អច្ច័យទាននៃសិទ្ធិដែលមិនស្ថិតនៅក្នុងមត៌ក
អច្ច័យទានពុំមានអានុភាពឡើយ បើសិទ្ធិដែលជាកម្មវត្ថុនៃអច្ច័យទាននោះ ពុំស្ថិតនៅក្នុងមត៌កនៅពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព ។
មាត្រា ១២០៨. អច្ច័យទាននៃវត្ថុ ឬសិទ្ធិដែលភ្ជាប់ជាមួយនឹងសិទ្ធិរបស់តតិយជន
បើវត្ថុឬសិទ្ធិដែលជាកម្មវត្ថុនៃអច្ច័យទានជាកម្មវត្ថុនៃសិទ្ធិរបស់តតិយជន នៅពេលដែលម្ចាស់បណ្ដាំទទួលមរណភាព អច្ច័យលាភីមិនអាចទាមទារឱ្យរំលត់សិទ្ធិនោះ ចំពោះជនដែលមានករណីយកិច្ចពាក់ព័ន្ធនឹងអច្ច័យទានបានឡើយ ។
មាត្រា ១២០៩. ឧបាទេសកម្មលើវត្ថុ
១-បើម្ចាស់បណ្តាំមានសិទ្ធិទាមទារប្រាក់សំណង ចំពោះតតិយជន ដោយការបាត់បង់ ឬកែប វត្ថុដែលជាកម្មវត្ថុនៃអច្ច័យទាន ឬបាត់បង់ការកាន់កាប់វត្ថុនោះ ត្រូវសន្មតថា បានយកសិទ្ធិនោះ មកធ្វើជាកម្មវត្ថុនៃអច្ច័យទាន ។
២-ក្នុងករណីដែលវត្ថុដែលជាកម្មវត្ថុនៃអច្ច័យទាន មានភាពជាប់គ្នាលាយគ្នា ឬច្របល់គ្នានឹងវត្ថុផ្សេងទៀតបើម្ចាស់បណ្តាំ បានក្លាយជាកម្មសិទ្ធិករតែឯង ឬជាម្ចាស់កម្មសិទ្ធិអវិភាគនៃវត្ថុដែលបានផ្សំដោយយោងតាមបញ្ញត្តិនៃមាត្រា ១៨៦ (ការជាប់គ្នារវាងចលនវត្ថុ និង អចលនវត្ថុ) ឬមាត្រា ១៩៨ (ការជាប់គ្នាការលាយច្របល់គ្នានៃចលនវត្ថុ) នៃក្រមនេះ ត្រូវសន្មតថា ម្ចាស់បណ្តាំបានយកកម្មសិទ្ធទាំងអស់ ឬកម្មសិទ្ធិ អវិភាគនោះមកធ្វើជាកម្មវត្ថុនៃអច្ច័យទាន ។
មាត្រា ១២១0. ឧបាទេសកម្មលើវត្ថុ នៃអច្ច័យទាននៃសិទ្ធិលើបំណុល
១-ក្នុងករណីដែលសិទ្ធិលើបំណុលត្រូវបានយកមកធ្វើជាកម្មវត្ថុនៃអច្ច័យទាន បើម្ចាស់បណ្តាំបានទទួលសំណង ហើយថើវត្ថុដែលបានទទួលនោះ នៅតែមានក្នុងមត៌ក ត្រូវសន្មតថា បានយកវត្ថុនោះមកធ្វើជាកម្មវត្ថុនៃអច្ច័យទាន ។
២-ចំពោះសិទ្ធិលើបំណុលដែលមានគោលបំណងសងជាប្រាក់ត្រូវសន្មតថា បានយកប្រាក់ និងប្រាក់បញ្ញើ មកធ្វើជាកម្មវត្ថុនៃអច្ច័យទាន ត្រឹមកម្រិតនៃបាក់ដែលមាននៅក្នុងមត៌ក និងប្រាក់ដែលបានបញ្ចូលក្នុងប្រាក់បញ្ញើ ក្រោយពីបានសង ។
មាត្រា ១២១១. ការទទួលខុសត្រូវរបស់អច្ច័យលាភី នៅក្នុងអច្ច័យទានភ្ជាប់បន្ទុក
១-ជនដែលបានទទួលអច្ច័យទានភ្ជាប់បន្ទុក ត្រូវទទួលខុសត្រូវក្នុងការអនុវត្តករណីយកិច្ចដែលខ្លួនទទួលបន្ទុក ត្រឹមតែកម្រិតដែលមិនលើសពីតម្លៃនៃកម្មវត្ថុនៃអច្ច័យទាន នោះប៉ុណ្ណោះ ។
២-បើតម្លៃនៃកម្មវត្ថុនៃអច្ច័យទានភ្ជាប់បន្ទុកបានចុះថយ ដោយសារការទទួលស្គាល់សន្តតិកម្មដោយមានកម្រិត ឬដោយសារការទាមទារកាត់បន្ថយដើម្បីបង្គ្រប់ភាគ បម្រុងអច្ច័យលាភីត្រូវរួចផុតពីករណីយកិច្ចដែលខ្លួនត្រូវទទួលបន្ទុក តាមសមាមាត្រនៃភាគដែលចុះថយនោះ ។ ប៉ុន្តែ បើម្ចាស់បណ្តាំបានបង្ហាញឆន្ទៈផ្សេងក្នុងមតកសាសន៍ ត្រូវអនុលោមតាមឆន្ទៈនោះ ។
មាត្រា ១២១២. សិទ្ធិ និងករណីយកិច្ចរបស់អច្ច័យលាភីសកល
១-អច្ច័យលាភីសកល មានសិទ្ធិ និងករណីយកិច្ច ដូចគ្នានឹងសន្តតិជន ។
២-បើមតិកទាំងអស់ត្រូវបានធ្វើអច្ច័យទានសកលឱ្យទៅបុគ្គលផ្សេង ដែលមិនមែនជាសន្តតិជន សន្តតិជនត្រូវបានចាត់ទុកថា មិនបានទទួលសន្តតិកម្មលើកលែងតែសិទ្ធិលើភាគបម្រុង ។
ផ្នែកទី ៧
ការប្រតិបត្តិមតកសាសន៍
មាត្រា ១២១៣. ការពិនិត្យបញ្ជាក់ និងការបើកលិខិតមតកសាសន៍
១-អ្នកថែរក្សាគ្រប់គ្រងលិខិតមតកសាសន៍ ត្រូវដាក់ពាក្យសុំការបញ្ជាក់លិខិតនោះ ដោយភ្ជាប់លិខិតមតកសាសន៍នោះជូនទៅតុលាការ ដោយគ្មានការយឺតយ៉ាវ ក្រោយពីខ្លួន បានដឹងអំពីការចាប់ផ្ដើមសន្តតិកម្ម ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះ ករណីដែលគ្មានអ្នកថែរក្សាគ្រប់គ្រង ក្រោយពេលដែលសន្តតិជន ឬអ្នកពាក់ព័ន្ធ នឹងផលប្រយោជន៍ផ្សេងទៀត បានរកឃើញលិខិតមតកសាសន៍នោះ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយចំពោះមតកសាសន៍ដែល បានធ្វើដោយលិខិតយថាភូត ។
៣-លិខិតមតកសាសន៍ដែលបិទដោយប្រថាប់ត្រា អាចបើកបានតែនៅតុលាការដោយមានវត្តមានរបស់អ្នកសង្កេតការណ៍ជាសន្តតិជន ឬអ្នកពាក់ព័ន្ធនឹងផលប្រយោជន៍ ឬអ្នកតំណាងរបស់ជននោះ ។
៤-បុគ្គលដែលបានបើកលិខិតមតកសាសន៍ នៅក្រៅតុលាការដោយផ្ទុយ នឹងបញ្ញត្តិនៃកថាខណ្ឌទី ៣ខាងលើនេះ នឹងត្រូវពិន័យស៊ីវិលជាបាក់មិនលើសពី ១.០០០.០០០ (មួយលាន) រៀល ។
៥-ចំពោះលិខិតមតកសាសន៍ ទោះបីជាបានបើកនៅក្រៅតុលាការដោយផ្ទុយនឹង បញ្ញត្តិនៃកថាខណ្ឌទី ៣ ខាងលើនេះ ក៏ដោយមិនត្រូវបាត់បង់អានុភាព ដោយសារតែមូលហេតុនោះឡើយ ។
មាត្រា ១២១៤. ការកំណត់អ្នកប្រតិបត្តិមតកសាសន៍
១-បើម្ចាស់បណ្តាំ បានប្រគល់អាណត្តិឱ្យតតិយជនកំណត់អ្នកប្រតិបត្តិមតកសាសន៍តាមមតកសាសន៍ ជនដែលបានទទួលអាណត្តិត្រូវកំណត់អ្នកប្រតិបត្តិមតកសាសន៍ ហើយ ត្រូវជូនដំណឹងនោះទៅឱ្យសន្តតិជនដោយគ្មានការយឺតយ៉ាវ ។
២-ថិជនដែលបានទទួលអាណត្តិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ នេះមានបំណងលាឈប់ពីអាណត្តិនោះជននោះត្រូវជូនដំណឹងអំពីហេតុនោះ ទៅឱ្យសន្តតិជន ដោយគ្មានការយឺតយ៉ាវ ។
មាត្រា ១២១៥. ការកាន់មុខងាររបស់អ្នកប្រតិបត្តិមតកសាសន៍
បើអ្នកប្រតិបត្តិមតកសាសន៍ បានយល់ព្រមកាន់មុខងារ ហើយអ្នកប្រតិបត្តិមតកសាសន៍នោះ ត្រូវអនុវត្តភារកិច្ចនោះភ្លាមៗ ។
មាត្រា ១២១៦. ការដាស់តឿនឱ្យអ្នកប្រតិបត្តិមតកសាសន៍កាន់មុខងារ
១-សន្តតិជន ឬជនដែលពាក់ព័ន្ធនឹងផលប្រយោជន៍ផ្សេងទៀត អាចកំណត់អំឡុង ពេលសមរម្យ ហើយដាស់តឿនចំពោះជនដែលត្រូវបានកំណត់ជាអ្នកប្រតិបត្តិមតកសាសន៍ ឱ្យឆ្លើយបញ្ជាក់ច្បាស់ក្នុងអំឡុងពេលនោះ អំពីការយល់ព្រម ឬមិនយល់ព្រមកាន់មុខងារជាអ្នកប្រតិបត្តិមតកសាសន៍បាន ។ បើអ្នកប្រតិបត្តិមតកសាសន៍ មិនបានឆ្លើយបញ្ជាក់ច្បាស់ ក្នុងអំឡុងពេលនោះទេត្រូវចាត់ទុកថា បានលាឈប់ពីការងារនោះ ។
២-បញ្ញត្តិនៃវាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលតតិយជន ដែលត្រូវបានប្រគល់អាណត្តិឱ្យកំណត់អ្នកប្រតិបត្តិ មតកសាសន៍ ពុំបានកំណត់អ្នកប្រតិបត្តិមតកសាសន៍ ឱ្យបានឆាប់រហ័ស ។ ក្នុងករណីនេះ បើតតិយជននោះមិន បានកំណត់អ្នកប្រតិបត្តិមតកសាសន៍ នៅក្នុងអំឡុងពេលនោះទេ ត្រូវចាត់ទុកថា បានលាឈប់ពីអាណត្តិនោះ ។
មាត្រា ១២១៧. បុគ្គលដែលមិនអាចក្លាយជាអ្នកប្រតិបត្តិមតកសាសន៍
ជននៅក្រោមអាណាព្យាបាលទូទៅ ជននៅក្រោមហិតូបត្ថម្ភអនីតិជន និងជនធនញ្ជ័យពុំអាចធ្វើជាអ្នកប្រតិបត្តិមតកសាសន៍ បានឡើយ ។
មាត្រា ១២១៨. ការជ្រើសតាំងអ្នកប្រតិបត្តិមតកសាសន៍
បើគ្មានអ្នកប្រតិបត្តិមតកសាសន៍ទេ ឬបើបាត់បង់អ្នកប្រតិបត្តិមតកសាសន៍ តុលាការអាចជ្រើសតាំងអ្នកប្រតិបត្តិមតកសាសន៍ បានតាមការទាមទាររបស់សន្តតិជន ឬអ្នកពាក់ព័ន្ធនឹងផលប្រយោជន៍ ។
មាត្រា ១២១៩. ការធ្វើបញ្ជីសារពើភ័ណ្ណនៃទ្រព្យសម្បត្តិ
១-អ្នកប្រតិបត្តិមតកសាសន៍ត្រូវធ្វើបញ្ជីសារពើភ័ណ្នៃទ្រព្យសម្បត្តិ ហើយប្រគល់បញ្ជីសារពើភ័ណ្ឌនោះទៅឱ្យសន្តតិជន ដោយគ្មានការយឺតយ៉ាវ ។
២-សន្តតិជន អាចមានវត្តមាននៅពេលដែលអ្នកប្រតិបត្តិមតកសាសន៍ ធ្វើបញ្ជីសារពើភ័ណ្ឌនៃទ្រព្យសម្បត្តិបាន ។
មាត្រា ១២២០. សិទ្ធិអំណាចមុខនាទី នៃអ្នកប្រតិបត្តិមតកសាសន៍
អ្នកប្រតិបត្តិមតកសាសន៍ មានសិទ្ធិ និងករណីយកិច្ចក្នុងការគ្រប់គ្រងមត៌ក និងធ្វើនូវរាល់សកម្មភាពផ្សេងទៀតដែលចាំបាច់ដើម្បីប្រតិបត្តិមតកសាសន៍ ។
មាត្រា ១២២១. ការបាត់បង់នូវសិទ្ធិចាត់ចែងរបស់សន្តតិជន
១-បើមានអ្នកប្រតិបត្តិមតកសាសន៍ សន្តតិជនពុំអាចចាត់ចែងមត៌ក ឬធ្វើសកម្មភាពផ្សេងទៀតដែលនាំឱ្យរារាំងដល់ការប្រតិបត្តិមតកសាសន៍ បានឡើយ ។
២-ការចាត់ចែងដែល បានធ្វើផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះ ពុំមាន អានុភាពឡើយ ។
មាត្រា ១២២២. ការប្រតិបត្តិមតកសាសន៍ ចំពោះទ្រព្យសម្បត្តិដែលបានកំណត់ជាក់លាក់
ក្នុងករណីមតកសាសន៍ ទាក់ទងនឹងទ្រព្យសម្បត្តិដែលបានកំណត់ជាក់លាក់បញ្ញត្តិ ចាប់ពីមាត្រា ១២១៩ (ការធ្វើបញ្ជីសារពើភ័ណ្ណនៃទ្រព្យសម្បត្តិ) រហូតដល់មាត្រា ១២២១ (ការបាត់បង់នូវសិទ្ធិចាត់ចែងរបស់សន្តតិជន) នៃក្រមនេះ ត្រូវយកមកអនុវត្តចំពោះតែទៅលើទ្រព្យសម្បត្តិនោះប៉ុណ្ណោះ ។
មាត្រា ១២២៣. ឋានៈនៃអ្នកប្រតិបត្តិមតកសាសន៍
១-អ្នកប្រតិបត្តិមតកសាសន៍ ត្រូវធ្វើសកម្មភាពនៅក្នុងនាមជាអ្នកប្រតិបត្តិមតកសាសន៍ ចំពោះមតិកដែលខ្លួនត្រូវប្រតិបត្តិ ។
២-សកម្មភាពដែលអ្នកប្រតិបត្តិមតកសាសន៍ បានធ្វើជាមុខនាទីត្រូវមានអានុភាព ផ្ទាល់ចំពោះសន្តតិជន ។
មាត្រា ១២២៤. សិទ្ធិជ្រើសតាំងបន្ត របស់អ្នកប្រតិបត្តិមតកសាសន៍
១-បើគ្មានមូលហេតុដែលពុំអាចជៀសវាង បានទេអ្នកប្រតិបត្តិមតកសាសន៍ ពុំអាចឱ្យតតិយជនអនុវត្តភារកិច្ចរបស់ខ្លួនបានឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលម្ចាស់បណ្តាំបានបង្ហាញឆន្ទៈផ្សេងនៅក្នុងមតកសាសន៍ ។
២-ក្នុងករណីដែលអ្នកប្រតិបត្តិមតកសាសន៍ បានឱ្យតតិយជនអនុវត្តភារកិច្ចរបស់ខ្លួន ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ អ្នកប្រតិបត្តិមតកសាសន៍នោះត្រូវទទួលខុសត្រូវក្នុងការជ្រើសតាំង និងការត្រួតពិនិត្យជននោះ ចំពោះអច្ច័យលាភី និងសន្តតិជន ។ បើអ្នកប្រតិបត្តិមតកសាសន៍ បានឱ្យតតិយជនអនុវត្តភារកិច្ចនោះ ដោយផ្ទុយ នឹងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវសងសំណងនៃការខូចខាតដែលកើតឡើង ដោយសារហេតុនោះ ចំពោះអច្ច័យលាភី និងសន្តតិជន ។
មាត្រា ១២២៥. សហអ្នកប្រតិបត្តិមតកសាសន៍
១-ក្នុងករណីដែលអ្នកប្រតិបត្តិមតកសាសន៍មានច្រើននាក់ការអនុវត្តភារកិច្ចនោះត្រូវសម្រេចដោយសំឡេងលើសពីពាក់កណ្តោល ។ ប៉ុន្តែ បើម្ចាស់បណ្តាំបានបង្ហាញឆន្ទៈផ្សេងក្នុងមតកសាសន៍ ត្រូវអនុលោមតាមឆន្ទៈនោះ ។
២-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយអ្នកប្រតិបត្តិមតកសាសន៍នីមួយៗ អាចធ្វើសកម្មភាពរក្សាទុក បាន ។
មាត្រា ១២២៦. កម្រៃរបស់អ្នកប្រតិបត្តិមតកសាសន៍
១-អ្នកប្រតិបត្តិមតកសាសន៍ អាចទទួលកម្រៃដែលបានកំណត់នៅក្នុងមតកសាសន៍បាន ។
២-ក្នុងករណីដែលមតកសាសន៍ពុំបានកំណត់កម្រៃទេ តុលាការត្រូវកំណត់ចំនួនទឹកប្រាក់នៃកម្រៃនោះតាមពាក្យសុំរបស់អ្នកប្រតិបត្តិមតកសាសន៍បើយល់ឃើញថា សមរម្យក្នុងការបង់កម្រៃដោយពិចារណាទៅលើស្ថានភាពនៃមតិក ទំនាក់ទំនងរវាងម្ចាស់បណ្តុំ និងអ្នកប្រតិបត្តិមតកសាសន៍ និងស្ថានភាពផ្សេងទៀត ។
មាត្រា ១២២៧. ការលាឈប់ និងការបញ្ឈប់អ្នកប្រតិបត្តិមតកសាសន៍
១-បើមានមូលហេតុត្រឹមត្រូវអ្នកប្រតិបត្តិមតកសាសន៍ អាចលាឈប់ពីភារកិច្ចបាន ដោយទទួលការអនុញ្ញាតពីតុលាការ ។
២-បើអ្នកប្រតិបត្តិមតកសាសន៍ បានធ្វេសប្រហែសក្នុងភារកិច្ច ឬបើមានមូលហេតុ ត្រឹមត្រូវផ្សេងទៀត អ្នកពាក់ព័ន្ធនឹងផលប្រយោជន៍អាចដាក់ពាក្យសុំទៅតុលាការឱ្យបញ្ឈប់ជននោះ បាន ។
មាត្រា ១២២៨. សោហ៊ុយ នៃការប្រតិបត្តិមតកសាសន៍
សោហ៊ុយដែលទាក់ទងទៅនឹងការប្រតិបត្តិមតកសាសន៍ ត្រូវជាបន្ទុកនៃមត៌ក ។ ប៉ុន្តែ មិនអាចបន្ថយភាគបម្រុង ដោយសារបន្ទុកនេះឡើយ ។
មាត្រា ១២២៩. ការអនុវត្តដូចគ្នា តាមបញ្ញត្តិស្តីពី អាណត្តិ
បញ្ញត្តិស្តីពីអាណត្តិ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះមុខនាទីរបស់អ្នកប្រតិបត្តិមតកសាសន៍ លើកលែងតែមានភាពផ្ទុយនឹងលក្ខណៈនៃតួនាទីរបស់អ្នកប្រតិបត្តិមតកសាសន៍នោះ ។