ក្រមរដ្ឋប្បវេណី
គន្ថីទី៨
សន្តតិកម្ម
ជំពូកទី ៦
ការគ្រប់គ្រង និង ការបែងចែកមត៌ក
ផ្នែកទី ១
ការគ្រប់គ្រងមត៌ក
មាត្រា ១២៦២. ការរក្សាទុក និង ការគ្រប់គ្រងមត៌ក
១-សន្តតិជនដែលកាន់កាប់មត៌ក នៅពេលមតកជន បានទទួលមរណភាពត្រូវរក្សាទុក និងគ្រប់គ្រងមត៌កនោះ រហូតដល់ពេលធ្វើការបែងចែកមត៌ក។ ប៉ុន្តែ ការរក្សាទុក និងការគ្រប់គ្រងនេះ ត្រូវអនុលោមតាមបញ្ញត្តិនៃមាត្រា ១២៦៣ (ការរក្សាទុកដោយអ្នកប្រតិបត្តិមតកសាសន៍) ខាងក្រោមនេះ។
២-ទោះបីជានៅមុនពេលយល់ព្រម ឬបោះបង់សន្តតិកម្មក៏ដោយសន្តតិជនត្រូវ គ្រប់គ្រងមត៌កនោះ ដោយប្រុងប្រយ័ត្នដូចគ្នានឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនផងដែរ ។ ទោះបីជានៅក្រោយពេលបោះបង់សន្តតិកម្មក៏ដោយ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែររហូតដល់ពេលបុគ្គលដែលបានក្លាយជាសន្តតិជន ដោយសារការបោះបង់នោះអាចចាប់ ផ្តើមធ្វើការគ្រប់គ្រងមតិកនោះ បាន ។
មាត្រា ១២៦៣. ការរក្សាទុកដោយអ្នកប្រតិបត្តិមតកសាសន៍
បើបានកាន់មុខងារជាអ្នកប្រតិបត្តិមតកសាសន៍ហើយអ្នកប្រតិបត្តិមតកសាសន៍ នោះ ត្រូវធ្វើការគ្រប់គ្រងមត៌ក។ ប៉ុន្តែ ប្រសិនបើមតកសាសន៍ទាក់ទងនឹងទ្រព្យសម្បត្តិ ដែលមានកំណត់ ត្រូវគ្រប់គ្រងតែទ្រព្យសម្បត្តិនោះប៉ុណ្ណោះ ។
មាត្រា ១២៦៤. អ្នកគ្រប់គ្រងមត៌កជាបណ្តោះអាសន្ន
១-បើគ្មានអ្នកប្រតិបត្តិមតកសាសន៍ គ្រប់គ្រងមត៌កទាំងមូលទេ សន្តតិជន អច្ច័យលាភី ឬម្ចាស់បំណុលរបស់មតកជនអាចដាក់ពាក្យសុំទៅតុលាការឱ្យធ្វើការជ្រើសតាំងអ្នកគ្រប់គ្រងមត៌កជាបណ្តោះអាសន្នបានរហូតដល់ពេលធ្វើការបែងចែកមត៌ក ។
២-ទោះបីជាមានបញ្ញត្តិនៃមាត្រា ១២៥៣ (ការហាមឃាត់មិនឱ្យធ្វើបណ្តឹងចំពោះ សន្តតិជននៅមុនការយល់ព្រម) នៃក្រមនេះ ក៏ដោយអ្នកគ្រប់គ្រងជាបណ្តោះអាសន្នដែលត្រូវបានជ្រើសតាំងដោយបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ គឺជាអ្នកទទួលបន្ទុកក្នុងបណ្តឹងនោះ ចំពោះសិទ្ធិទាមទារដែលទាក់ទងនឹងមត៌ក នៅក្នុងនាមជាអ្នកទទួលបន្ទុកក្នុងបណ្តឹងរបស់សន្តតិជននៃមតកជន ដោយបញ្ជាក់ឈ្មោះមតកជននោះផងរហូតដល់ពេលដែលសន្តតិជនយល់ព្រមទទួលសន្តតិកម្មនោះ ។
៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង កថាខណ្ឌទី ៣ នៃមាត្រា ៤០ (សិទ្ធិរបស់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ជាអាទិ៍) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអ្នកគ្រប់គ្រងជាបណ្តោះអាសន្ន ។
មាត្រា ១២៦៥. សោហ៊ុយដែលទាក់ទងទៅនឹងមតិក
សោហ៊ុយដែលទាក់ទងទៅនឹងមត៌ក ត្រូវចំណាយចេញពីក្នុងទ្រព្យសម្បត្តិនោះ ។ ប៉ុន្តែសោហ៊ុយដែលកើតចេញពីកំហុសរបស់សន្តតិជន គឺជាបន្ទុករបស់សន្តតិជននោះ ។
ផ្នែកទី ២
ការបែងចែកមត៌ក
មាត្រា ១២៦៦. ការពិភាក្សាបែងចែកមត៌ក
១-សហសន្តតិជនអាចចាប់ផ្តើមពិភាក្សាបែងចែកមត៌ក នៅពេលណាក៏បានបើអំឡុងពេល ១ (មួយ) ខែ បានកន្លងផុតក្រោយពីការចាប់ផ្តើមសន្តតិកម្ម ។ ប៉ុន្តែ ចំពោះការផ្លាស់ប្តូរឈ្មោះម្ចាស់សិទ្ធិលើមតិក ដោយសារលទ្ធផលនៃការបែងចែកមត៌កត្រូវអនុលោមតាមបញ្ញត្តិនៃមាត្រា ១២៧៧ (ការហាមឃាត់មិនឱ្យផ្លាស់ប្តូរឈ្មោះម្ចាស់សិទ្ធិ) នៃក្រមនេះ ឬចំពោះករណីដែលមតកជនហាមឃាត់ការបែងចែកមត៌កតាមមតកសាសន៍ ការបែងចែកមត៌កពុំអាចធ្វើបានឡើយ នៅក្នុងអំឡុងពេលដែលហាមឃាត់នោះ ។
២-ដើម្បីផ្ទេរសិទ្ធិចំពោះវត្ថុតាមការបែងចែកមត៌កការបែងចែក ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរទៅតាមទម្រង់នីមួយៗ ដែលចាំបាច់នៅក្នុងការផ្ទេរសិទ្ធិនោះ ។
មាត្រា ១២៦៧. មូលដ្ឋាននៃការបែងចែក
១-បើពុំបានកំណត់វិធីបែងចែកនៅក្នុងមតកសាសន៍ទេការបែងចែកមត៌កនេះ ត្រូវធ្វើដោយពិចារណាទៅលើប្រភេទ និងលក្ខណៈនៃវត្ថុ ឬសិទ្ធិដែលមាននៅក្នុងមត៌ក ឬអាយុមុខរបរ ស្ថានភាពផ្លូវកាយ និងផ្លូវចិត្ត ស្ថានភាពជីវភាពរបស់សហសន្តតិជន នីមួយៗ និងស្ថានភាពផ្សេងទៀត ។
២-ក្នុងករណីដែលការបែងចែកបណ្ណាលឱ្យមានការខូចខាតធ្ងន់ធ្ងរ ដល់តម្លៃ បើយល់ឃើញថាសមរម្យ សហសន្តតិជនអាចឱ្យសហសន្តតិជនណាម្នាក់ ធ្វើលទ្ធកម្មទ្រព្យ សម្បត្តិនោះ បានដោយដាក់ល័ក្ខខ័ណ្ឌឲ្យបង់ប្រាក់សម្រួលចំពោះសហសន្តតិជនផ្សេងទៀត តាមការពិភាក្សា ។
មាត្រា ១២៦៨. សិទ្ធិអាទិភាពរបស់សហព័ទ្ធ
ក្នុងករណីដែលសហព័ទ្ធក្លាយជាសន្តតិជន បើមានទ្រព្យសម្បត្តិដែលទទួលបានជា កម្មសិទ្ធិអវិភាគជាមួយនឹងមតកជន ក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ នៅក្នុងការបែង ចែកមត៌កសហព័ទ្ធនេះ មានអាទិភាពជាងសហសន្តតិជនផ្សេងទៀត ក្នុងការទទួលយក ចំណែកកម្មសិទ្ធិអវិភាគដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិនោះរហូតដល់គ្រប់ចំនួននៃចំណែក មត៌កនោះ ។
មាត្រា ១២៦៩. សំណងនៃកាតព្វកិច្ចរបស់មតកជន ជាអាទិ៍
បើមតកជនមានកាតព្វកិច្ច សហសន្តតិជនត្រូវបែងចែកមត៌កដោយពិចារណាពី ការណ៍ថា ខ្លួនត្រូវសងកាតព្វកិច្ចនោះ និងមិនអាចប្តូរភាគបន្ទុកនៃកាតព្វកិច្ចនោះ ដោយគ្មានការយល់ព្រមពីសំណាក់ម្ចាស់បំណុលឡើយ។
មាត្រា ១២៧០. ការបែងចែកដោយតុលាការ
១-វើការពិភាក្សារវាងសហសន្តតិជន ចំពោះការបែងចែកមត៌ក ពុំបានសម្រេច ឬបើពុំអាចពិភាក្សាបានទេ សហសន្តតិជនណាម្នាក់ អាចដាក់ពាក្យសុំទៅតុលាការឱ្យធ្វើការបែងចែកមតំកនោះ បាន ។
២-ក្នុងការបែងចែកមត៌ក ក្រៅពីបញ្ញត្តិចាប់ពីមាត្រា ១២៦៧ (មូលដ្ឋាននៃការ បែងចែក) រហូតដល់មាត្រា ១២៦៩ (សំណងនៃកាតព្វកិច្ចរបស់មតកជន ជាអាទិ៍) ខាង លើនេះ តុលាការត្រូវធ្វើការពិចារណានូវទំនៀមទម្លាប់នៅក្នុងតំបន់នោះ និងមតិលើសពីពាក់កណ្តាលរបស់សហសន្តតិជន ។
មាត្រា ១២៧១. ការប្តូរប្រាក់ដោយការលក់
ចំពោះទ្រព្យសម្បត្តិដែលមិនអាចទទួលការព្រមព្រៀងអំពីការបែងចែក ឬអំពីបុគ្គលដែលត្រូវទទួលរវាងសហសន្តតិជនទេ តុលាការអាចលក់ ហើយធ្វើការបែងចែកប្រាក់ដែលបានមកពីការលក់នោះ បាន ។
មាត្រា ១២៧២. ទ្រព្យដែលត្រូវបានធ្វើលទ្ធកម្មដោយផ្អែកលើការចាត់ចែងទ្រព្យសម្បត្តិ នៅមុនពេលបែងចែក ជាអាទិ៍
ទ្រព្យដែលត្រូវបានធ្វើលទ្ធកម្ម ដោយការសងជំនួសការបាត់បង់ការខូចខាត ឬការបំពានយកកម្មវត្ថុមត៌ក ឬតាមកិច្ចសន្យាដែលយកមត៌កជាកម្មវត្ថុដោយផ្អែកលើសិទ្ធិ ដែលស្ថិតនៅក្នុងមត៌កនោះ ត្រូវស្ថិតនៅក្នុងមត៌ក ។
មាត្រា ១២៧៣. អានុភាពនៃការបែងចែក
១-ការបែងចែកមត៌ក មានអានុភាពប្រតិសកម្ម គិតចាប់ពីពេលដែលបានចាប់ផ្តើម សន្តតិកម្ម ។ ប៉ុន្តែ ការបែងចែកនេះ ពុំអាចបំពានសិទ្ធិរបស់តតិយជនដែលបានចុះបញ្ជី ឬ បានទទួលល័ក្ខខ័ណ្ឌតតាំង បានឡើយ ។
២-សហសន្តតិជននីមួយៗ ត្រូវទទួលយកលិខិតបញ្ជាក់សិទ្ធិដែលទាក់ទងទៅនឹង ទ្រព្យសម្បត្តិដែលខ្លួនបានធ្វើលទ្ធកម្ម ។
មាត្រា ១២៧៤. ការទាមទាររបស់ជនដែលត្រូវបានទទួលស្គាល់ក្រោយការបែងចែកមត៌ក
ក្នុងករណីដែលជនដែល បានក្លាយជាសន្តតិជនដោយសារជននោះត្រូវបានទទួលស្គាល់ក្រោយពេលមតកជនបានទទួលមរណភាពមានបំណងទាមទារឱ្យបែងចែកមត៌ក
បើសហសន្តតិជនផ្សេងទៀត បានបែងចែកមត៌ក ឬបានធ្វើការចាត់ចែងផ្សេងទៀតចំពោះ មតិកជននោះមានសិទ្ធិទាមទារឱ្យសងដោយតម្លៃតែប៉ុណ្ណោះ ។
មាត្រា ១២៧៥. ល័ក្ខខ័ណ្ឌតតាំង ជាអាទិ៍ នៃការបែងចែកសិទ្ធិលើបំណុល
១-នៅក្នុងការបែងចែកមត៌ក ក្នុងករណីដែលបានបែងចែកសិទ្ធិលើបំណុលដែលមតកជនមាន ទៅតាមភាគក្រៅពីចំណែកមត៌កដែលកំណត់ដោយច្បាប់ បើសហសន្តតិជនទាំងអស់មិន បានជូនដំណឹងពីការបែងចែកនោះ ឬបើការបែងចែកមកនោះ ត្រូវបានធ្វើដោយលិខិតយថាភូត តែមិនបានបង្ហាញលិខិតនោះ ឬប្រគល់លិខិតចម្លងនោះ ទៅឱ្យកូនបំណុលទេ ពុំអាចតតាំងជាមួយកូនបំណុលបានឡើយ ។
២-កូនបំណុលនៃមតកជន ដែលបានសងសំណងតាមចំណែកមត៌កដែលកំណត់ ដោយច្បាប់ចំពោះសហសន្តតិជន នៅមុនពេលបានទទួលដំណឹង ដូចបានកំណត់នៅក្នុង កថាខណ្ឌទី ១ ខាងលើនេះ អាចតតាំងចំពោះសហសន្តតិជនដែលបានធ្វើលទ្ធកម្មសិទ្ធិលើ បំណុល តាមការបែងចែកមតិកនោះ បាន ។
មាត្រា ១២៧៦. ការទទួលខុសត្រូវក្នុងការធានា របស់សហសន្តតិជន
សហសន្តតិជនម្នាក់ៗ ត្រូវមានបន្ទុកទទួលខុសត្រូវក្នុងការធានា ទៅតាមសមាមាត្រ នៃចំណែកមតំកនោះ ដូចជាអ្នកលក់ដែរចំពោះសហសន្តតិជនដទៃទៀត ។
ផ្នែកទី ៣
ការសម្រួលរវាងម្ចាស់បំណុល
មាត្រា ១២៧៧. ការហាមឃាត់មិនឱ្យ ផ្លាស់ប្តូរឈ្មោះម្ចាស់សិទ្ធិ
សន្តតិជន និងអ្នកគ្រប់គ្រងមត៌កមិនអាចផ្លាស់ប្តូរឈ្មោះម្ចាស់សិទ្ធិលើមត៌កទៅឱ្យ សន្តតិជន ឬអច្ច័យលាភីបានឡើយ រហូតដល់ពេលដែលអំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះ បង់) នៃក្រមនេះបានកន្លងហួស ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលផ្លាស់ប្តូរឈ្មោះម្ចាស់សិទ្ធិលើមកតាមភាពចាំបាច់ដើម្បីសងកាតព្វកិច្ច របស់មតកជន ។
មាត្រា ១២៧៨. ម្ចាស់បំណុលរបស់មតកជន
ម្ចាស់បំណុលនៃមតកជនពុំអាចអនុវត្តសិទ្ធិរបស់ខ្លួន ចំពោះទ្រព្យសម្បត្តិផ្ទាល់របស់ សន្តតិជនបានឡើយ រហូតដល់ពេលដែលអំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះបង់) នៃក្រមនេះ បានកន្លងហួស ។
មាត្រា ១២៧៩. ម្ចាស់បំណុលរបស់សន្តតិជន
ម្ចាស់បំណុលរបស់សន្តតិជន មិនអាចអនុវត្តសិទ្ធិរបស់ខ្លួនចំពោះមត៌កបានឡើយ រហូតដល់ពេលដែលអំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះបង់) នៃក្រមនេះ បានកន្លងហួស ។
ផ្នែកទី ៤
ការជម្រះ ជាអាទិ៍ នៅក្នុងករណីដែលមានការយល់ព្រមដោយកម្រិត
មាត្រា ១២៨០. ការគ្រប់គ្រងមតិកនៅក្រោយពេលយល់ព្រមដោយកម្រិត
អ្នកយល់ព្រមដោយកម្រិត ត្រូវបន្តការគ្រប់គ្រងមត៌ក ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត ។
មាត្រា ១២៨១. ការជូនដំណឹងជាសាធារណៈ និងការដាស់តឿន
១-អ្នកយល់ព្រមដោយកម្រិត ត្រូវជូនដំណឹងជាសាធាណៈ នៅក្នុងអំឡុងពេល ៥ (ប្រាំ) ថ្ងៃបន្ទាប់ពីបានយល់ព្រមដោយកម្រិតហើយ ចំពោះម្ចាស់បំណុលរបស់មតកជន និងអច្ច័យលាភីទាំងអស់អំពីការណ៍ដែលខ្លួនបានយល់ព្រមដោយកម្រិត និងការណ៍ដែលម្ចាស់បំណុល និងអច្ច័យលាភីទាំងនោះ ត្រូវស្នើសុំអំពីការទាមទារនៅក្នុងអំឡុងពេលដែលកំណត់ ។ ប៉ុន្តែ អំឡុងពេលនេះ មិនត្រូវឱ្យតិចជាង ២ (ពីរ) ខែ ឡើយ ។
២-នៅក្នុងការជូនដំណឹងជាសាធារណៈដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាង លើនេះ អ្នកយល់ព្រមដោយកម្រិតត្រូវសរសេរបន្ថែមថា បើម្ចាស់បំណុលមិន បានស្នើសុំនៅក្នុងអំឡុងពេលកំណត់នោះទេ សិទ្ធិលើបំណុលនោះនឹងត្រូវដកចេញពីការជម្រះ ។ ប៉ុន្តែ អ្នកយល់ព្រមដោយកម្រិតនេះ មិនអាចដកម្ចាស់បំណុលដែលខ្លួនបានដឹងចេញបានឡើយ ។
៣-អ្នកយល់ព្រមដោយកម្រិត ត្រូវដាស់តឿនដោយឡែកៗ ចំពោះម្ចាស់បំណុលដែលខ្លួនបានដឹងឱ្យធ្វើការស្នើសុំ ។
មាត្រា ១២៨២. សិទ្ធិបដិសេធការសងនៅក្នុងអំឡុងពេលដាស់តឿន
នៅមុនពេលផុតអំឡុងពេលដែល បានកំណត់នៅក្នុងការជូនដំណឹងជាសាធារណៈ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៨១ (ការជូនដំណឹងជាសាធារណៈ និង ការដាស់តឿន) ខាងលើនេះ អ្នកយល់ព្រមដោយកម្រិត អាចបដិសេធការសង ចំពោះម្ចាស់បំណុលរបស់មតកជន និងអច្ច័យលាភីបាន ។
មាត្រា ១២៨៣. ការសងតាមការចែកចំណែក
ក្រោយពេលដែលអំឡុងពេល ដែលបានកំណត់នៅក្នុងការជូនដំណឹងជាសាធារណៈ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៨១ (ការជូនដំណឹងជាសាធារណៈ និង ការដាស់តឿន) ខាងលើនេះ បានកន្លងហួសអ្នកយល់ព្រមដោយកម្រិតត្រូវយកមតិកនោះមកសងឱ្យម្ចាស់បំណុលដែលបានស្នើសុំនៅក្នុងអំឡុងពេលនោះ និងម្ចាស់បំណុលផ្សេងទៀតដែលខ្លួនបានដឹង ទៅតាមសមាមាត្រនៃចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលនីមួយៗនោះ ។ ប៉ុន្តែ ការសងនេះ ពុំអាចបំពានសិទ្ធិរបស់ម្ចាស់បំណុលដែលមានសិទ្ធិអាទិភាពបានឡើយ ។
មាត្រា ១២៨៤. ការសងកាតព្វកិច្ច ជាអាទិ៍ នៅមុនពេលកំណត់
១-ទោះបីជាសិទ្ធិលើបំណុលមិនទាន់ដល់ពេលកំណត់សងក៏ដោយ អ្នកយល់ព្រម ដោយកម្រិតត្រូវសងដោយយោងតាមបញ្ញត្តិនៃមាត្រា ១២៨៣ (ការសងតាមការចែកចំណែក) ខាងលើនេះ ។
២-ចំពោះសិទ្ធិលើបំណុលដែលភ្ជាប់នឹងល័ក្ខខ័ណ្ណ ឬសិទ្ធិលើបំណុលដែលអំឡុងពេលបន្តអត្ថិភាពមិនពិតប្រាកដអ្នកយល់ព្រមដោយកម្រិតត្រូវសងសិទ្ធិលើបំណុលនោះដោយយោងតាមការវាយតម្លៃរបស់អ្នកវាយតម្លៃដែលត្រូវបានជ្រើសតាំងដោយតុលាការ ។
មាត្រា ១២៨៥. ការសងចំពោះអច្ច័យលាភី
អ្នកយល់ព្រមដោយកម្រិត មិនអាចសងទៅឱ្យអច្ច័យលាភីបានឡើយ បើមិនទាន់បានសងចំពោះម្ចាស់បំណុលនីមួយៗតាមបញ្ញត្តិនៃមាត្រា១២៨៣ (ការសងតាមការចែក ចំណែក) និង មាត្រា ១២៨៤ (ការសងកាតព្វកិច្ច ជាអាទិ៍ នៅមុនពេលកំណត់) ខាងលើនេះ។
មាត្រា ១២៨៦. ការប្តូរមត៌កជាប្រាក់
១-ប្រសិនបើចាំបាច់ត្រូវលក់មត៌កដើម្បីសង ដោយយោងតាមបញ្ញត្តិចាប់ពីមាត្រា ១២៨៣ (ការសងតាមការចែកចំណែក) រហូតដល់មាត្រា ១២៨៥ (ការសងចំពោះអច្ច័យលាភី) ខាងលើនេះ អ្នកយល់ព្រមដោយកម្រិតត្រូវលក់មកនោះ តាមវិធីលក់ដោយបង្ខំ ឬលក់ក្នុងតម្លៃខ្ពស់ជាងការវាយតម្លៃរបស់អ្នកវាយតម្លៃដែលត្រូវបានជ្រើសតាំងដោយតុលាការ ។
២-អ្នកយល់ព្រមដោយកម្រិត ម្ចាស់បំណុលរបស់មតកជន ឬអច្ច័យលាភី អាចក្លាយជាអ្នកទិញដោយផ្ទាល់ខ្លួននៅក្នុងការលក់ដោយបង្ខំ ឬការលក់ដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បាន ។
មាត្រា ១២៨៧. ការទទួលខុសត្រូវក្នុងការសងមិនត្រឹមត្រូវ
១-ប្រសិនបើអ្នកយល់ព្រមដោយកម្រិតមានការធ្វេសប្រហែស ក្នុងការជូនដំណឹងជាសាធារណៈ ឬការដាស់តឿនដែលបានកំណត់នៅក្នុងមាត្រា ១២៨១ (ការជូនដំណឹងជាសាធារណៈ និងការដាស់តឿន) នៃក្រមនេះ ឬបើពុំអាចសងទៅឱ្យម្ចាស់បំណុល ឬអច្ច័យលាភីដទៃទៀត ដោយសារបានសងទៅឱ្យម្ចាស់បំណុល ឬអច្ច័យលាភីណាផ្សេងនៅក្នុងអំឡុងពេលដែល បានកំណត់នៅក្នុងការជូនដំណឹងជាសាធារណៈដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ១ នៃមាតាដដែលនេះទេ អ្នកយល់ព្រមដោយកម្រិតនោះ ត្រូវសងសំណងការខូចខាតដែលកើតឡើងដោយសារហេតុនោះ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ពុំរារាំងការទាមទារសំណងការខូចខាតរបស់ម្ចាស់បំណុល ឬអច្ច័យលាភីដទៃចំពោះម្ចាស់បំណុល ឬអច្ច័យលាភីដែលបានទទួលការសង ដោយដឹងអំពីភាពមិនត្រឹមត្រូវនៃការសងនោះ ។
មាត្រា ១២៨៨. ករណីដែលពុំបានស្នើសុំ
ម្ចាស់បំណុល និងអច្ច័យលាភី ដែលពុំបានស្នើសុំនៅក្នុងអំឡុងពេលដែលបានកំណត់នៅក្នុងការជូនដំណឹងជាសាធារណៈ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃ មាត្រា ១២៨១ (ការជូនដំណឹងជាសាធារណៈ និងការដាស់តឿន) នៃក្រមនេះ ហើយដែលអ្នកយល់ព្រមដោយកម្រិតពុំអាចដឹងបានអាចអនុវត្តសិទ្ធិរបស់ខ្លួន បានត្រឹមតែចំពោះទ្រព្យសម្បត្តិដែលនៅសេសសល់ប៉ុណ្ណោះ ។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះជនដែលមានសិទ្ធិប្រាតិភោគលើវត្ថុ ឬសិទ្ធិដែលបានកំណត់ជាក់លាក់ក្នុងចំណោមមត៌ក ។
មាត្រា ១២៨៩. ករណីដែលមានសន្តតិជនច្រើននាក់
១-នៅក្នុងករណីដែលមានសន្តតិជនច្រើននាក់ បើមានការយល់ព្រមដោយកម្រិត តុលាការត្រូវជ្រើសតាំងអ្នកគ្រប់គ្រងមត៌ក ពីក្នុងចំណោមសន្តតិជនទាំងនោះ ។
២-អ្នកគ្រប់គ្រង ត្រូវបំពេញរាល់សកម្មភាពចាំបាច់ក្នុងការគ្រប់គ្រងមត៌ក និងសង កាតព្វកិច្ចដើម្បីខ្លួនឯងផ្ទាល់ និងជំនួសសហសន្តតិជនដទៃទៀត ។
៣-បញ្ញត្តិចាប់ពីមាត្រា ១២៨១ (ការជូនដំណឹងជាសាធារណៈ និងការដាស់តឿន) រហូតដល់មាត្រា ១២៨៨ (ករណីដែលពុំបានស្នើសុំ) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះអ្នកគ្រប់គ្រង ។ ប៉ុន្តែ អំឡុងពេលដែលត្រូវជូនដំណឹងជាសាធារណៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៨១ (ការជូនដំណឹងជាសាធារណៈ និងការ ដាស់តឿន) នៃក្រមនេះ មានចំនួន ១០ (ដប់) ថ្ងៃ បន្ទាប់ពីបានជ្រើសតាំងអ្នកគ្រប់គ្រង ។