ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី១

បទប្បញ្ញត្តិទូទៅ

ជំពូកទី ២

តុលាការ

ផ្នែកទី ១

សមត្ថកិច្ចសាលាជម្រះក្តី

 មាត្រា ៧.-និយមន័យនៃតុលាការដែលមានសមត្ថកិច្ច

តុលាការដែលមានសមត្ថកិច្ច គឺជាតុលាការដែលអាចទទួលដោយស្របច្បាប់នូវពាក្យ បណ្ដឹង វិនិច្ឆ័យលើរឿងក្តី ហើយចេញសាលក្រម ឬ សាលដីកាបាន ។

មាត្រា ៨.-សមត្ថកិច្ចសាលាជម្រះក្តីដែលបានកំណត់ទៅតាមលំនៅឋាន ជាអាទិ៍

បណ្តឹងចំពោះចុងចម្លើយដែលបានកំណត់ក្នុងចំណុចខាងក្រោមនេះ ត្រូវដាក់ពាក្យ បណ្ដឹងទៅសាលាដំបូង ដែលមានសមត្ថកិច្ចជម្រះក្តីនៅទីកន្លែងដែលបានកំណត់នៅក្នុង ចំណុចនីមួយៗខាងក្រោមនេះ :

ក-រូបវន្តបុគ្គល :

-លំនៅឋានរបស់ចុងចម្លើយ ។

-ទីសំណាក់ បើពុំមានលំនៅឋាន ឬ មានលំនៅឋានមិនពិតប្រាកដនៅក្នុងព្រះ

រាជាណាចក្រកម្ពុជា ។

-លំនៅឋានចុងក្រោយ បើពុំមានទីសំណាក់ ឬ មានទីសំណាក់មិនពិតបា្រកដ ។

ខ-នីតិបុគ្គលក្នុងប្រទេស :

-ទីតាំងនៃទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មជាចម្បង ។

-លំនៅឋានរបស់អ្នកតំណាង ឬ របស់អ្នកទទួលខុសត្រូវភារកិច្ចចាត់ចែង

ការងារជាចម្បង បើគ្មានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មទេ ។

គ-នីតិបុគ្គលបរទេស :

-ទីតាំងនៃទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មជាចម្បង ។

-លំនៅឋានរបស់អ្នកតំណាងប្រចាំព្រះរាជាណាចក្រកម្ពុជា ឬ របស់អ្នកទទួលខុសត្រូវភារកិច្ចចាត់ចែងការងារជាចម្បងក្នុងព្រះរាជាណាចក្រកម្ពុជា បើគ្មានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ ។

មាត្រា ៩.-សមត្ថកិច្ចសាលាជម្រះក្តីដែលបានកំណត់ទៅតាមទ្រព្យសម្បត្តិ ជាអាទិ៍

ក្រៅពីតុលាការដែលបានកំណត់ក្នុងមាត្រា៨ (សមត្ថកិច្ចសាលាជម្រះក្តីដែលបាន កំណត់ទៅតាមលំនៅឋាន ជាអាទិ៍) ខាងលើនេះ ពាក្យបណ្តឹងដែលបានកំណត់ក្នុងចំណុច ខាងក្រោមនេះ អាចប្តឹងនៅតុលាការដែលមានសមត្ថកិច្ចនៅទីកន្លែងដែលបានកំណត់ក្នុង ចំណុចនីមួយៗ ក៏បានដែរ :

ក-បណ្ដឹងទាមទារឱ្យអនុវត្តកាតព្វកិច្ច : កន្លែងដែលត្រូវអនុវត្តកាតព្វកិច្ច ។

ខ-បណ្ដឹងទាមទារឱ្យ បង់ប្រាក់ដោយរូបិយាណត្តិ ឬ មូលប្បទានប័ត្រ : កន្លែងបង់រូបិយាណត្តិ ឬ មូលប្បទានប័ត្រ ។

គ-បណ្ដឹងទាមទារឱ្យ អនុវត្តកាតព្វកិច្ច ចំពោះបុគ្គលដែលពុំមានលំនៅឋានក្នុង ព្រះរាជាណាចក្រកម្ពុជា ឬ លំនៅឋាន មិនពិតប្រាកដ : កន្លែងដែលកម្មវត្ថុនៃការទាមទារ ឬ កម្មវត្ថុនៃប្រាតិភោគដែលធានាលើការទាមទារនោះ ឬ ទ្រព្យរបស់ចុងចម្លើយដែលអាច រឹបអូសបាន ស្ថិតនៅ ។

ឃ-បណ្ដឹងទាមទារឱ្យអនុវត្តកាតព្វកិច្ច ចំពោះនីតិបុគ្គលដែលពុំមានទីស្នាក់ការ ឬទីកន្លែងអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មមិនពិតប្រាកដ : កន្លែងដែលកម្មវត្ថុនៃការទាមទារ ឬ កម្មវត្ថុនៃប្រាតិភោគដែលធានាលើការទាមទារនោះ ឬ ទ្រព្យរបស់ចុងចម្លើយដែលអាចរឹបអូសបានស្ថិតនៅ ។

ង-បណ្តឹងចំពោះបុគ្គលដែលមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មដែលទាក់ទងនឹងសកម្មភាពការងាររបស់ទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនោះ : ទីតាំងនៃទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនោះ ។

ច-បណ្ដឹងទាក់ទងនឹងអំពើអនីត្យានុកូល : កន្លែងដែលអំពើអនីត្យានុកូលកើតឡើង ។

ឆ-បណ្ដឹងទាក់ទងនឹងអចលនវត្ថុ : កន្លែងដែលអចលនវត្ថុនោះស្ថិតនៅ ។

ជ-បណ្ដឹងទាក់ទងនឹងការចុះបញ្ជី : កន្លែងដែលត្រូវចុះបញ្ជី ។

ឈ – បណ្ដឹងទាក់ទងនឹងមត៌ក : លំនៅឋានរបស់មតកជន នៅពេលសន្តតិកម្មត្រូវចាប់ផ្តើម ឬ ទីសំណាក់ បើមតកជនពុំមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា ឬ មានលំនៅឋានមិនពិតប្រាកដ ឬ លំនៅឋានចុងក្រោយ បើមតកជននោះពុំមានទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ មានទីសំណាក់មិនពិតប្រាកដ ។

មាត្រា ១០.-សមត្ថកិច្ចសាលាជម្រះក្តីពិសេសលើរឿងក្តីលែងលះគ្នា និង រឿងក្តីអំពីបុត្តភាព

១-បណ្ដឹងលែងលះគ្នា និង បណ្តឹងទាមទារឱ្យបញ្ជាក់អំពីអត្ថិភាព ឬ នត្ថិភាពនៃបុត្តភាព ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខ របស់សាលាដំបូងដែលមានសមត្ថកិច្ចនៅលំនៅឋាន របស់ភាគីនៃទំនាក់ទំនងឋានៈបុគ្គលដែលពាក់ព័ន្ធនឹងបណ្តឹងនោះ ឬ លំនៅឋាននាពេល ដែលភាគីនោះទទួលមរណភាព ។

២-បើលំនៅឋានដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ពុំស្ថិតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ឬ លំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនពិតប្រាកដទេ សមត្ថកិច្ចសាលាជម្រះក្តី ត្រូវកំណត់តាមទីសំណាក់ ។ បើពុំមានទីសំណាក់ ឬ ទីសំណាក់ មិនពិតប្រាកដទេ សមត្ថកិច្ចនោះត្រូវកំណត់តាមលំនៅឋានចុងក្រោយ ។

មាត្រា ១១.-សមត្ថកិច្ចសាលាជម្រះក្តីចំពោះការទាមទារច្រើនចំណុចដោយបញ្ចូលជាមួយគ្នា

ចំពោះបណ្តឹងមួយដែលមានការទាមទារច្រើនចំណុច ដែលស្ថិតនៅក្រោមសមត្ថកិច្ចសាលាជម្រះក្តីផ្សេងគ្នា អាចប្តឹងទៅតុលាការដែលមានសមត្ថកិច្ចលើការទាមទារណាមួយក៏បានដែរ ដោយបញ្ចូលការទាមទារផ្សេងទៀតជាមួយគ្នា ។

មាត្រា ១២.-ការកំណត់តុលាការដែលមានសមត្ថកិច្ច

ក្នុងករណីដែលតុលាការមានសមត្ថកិច្ចមិនអាចអនុវត្តនូវសិទ្ធិជម្រះក្តីបានដោយសារ ច្បាប់ ឬ ហេតុការណ៍ពិត ឬ ករណីដែលសមត្ថកិច្ចសាលាជម្រះក្តីមិនអាចកំណត់បានដោយ សារដែនសមត្ថកិច្ចនៃតុលាការមិនពិតប្រាកដ តុលាការកំពូលត្រូវកំណត់តុលាការដែលមានសមត្ថកិច្ច ដោយដីកាសម្រេច តាមពាក្យសុំ ។

មាត្រា ១៣.-ការព្រមព្រៀងក្នុងការកំណត់តុលាការដែលមានសមត្ថកិច្ច

១-ការព្រមព្រៀងដែលកំណត់តុលាការដែលមានសមត្ថកិច្ចជម្រះក្តី នឹងមានអានុភាព លុះត្រាតែការព្រមព្រៀងនោះ ត្រូវបានធ្វើឡើងរវាងពាណិជ្ជករនិងពាណិជ្ជករ ឬ នីតិបុគ្គល និងនីតិបុគ្គល ឬ ពាណិជ្ជករនិងនីតិបុគ្គល ចំពោះតែការជំនុំជម្រះក្ដីលើកទី ១ ។

២-ការព្រមព្រៀងដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ នឹងមានអានុភាព លុះត្រាតែការព្រមព្រៀងនោះ ត្រូវបានធ្វើឡើង ចំពោះបណ្តឹងដែលផ្អែកលើទំនាក់ទំនងគតិយុត្តដែលបានកំណត់ ហើយត្រូវបានធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ។

មាត្រា ១៤.-សមត្ថកិច្ចសាលាជម្រះក្តីដែលបានកើតឡើងដោយគ្មានការតវ៉ាពីចុងចម្លើយ

នៅពេលដែលចុងចម្លើយបានធ្វើសេចក្តីដោះសាអំពីអង្គសេចក្តី នៅក្នុងនីតិវិធីត្រៀម សម្រាប់ការទាញហេតុផល ឬ បានឆ្លើយទាញហេតុផលអំពីអង្គសេចក្តីនៅក្នុងការទាញហេតុ ផលដោយផ្ទាល់មាត់រួចហើយ នៅតុលាការនៃការជំនុំជម្រះលើកទី ១ ដោយគ្មានការតវ៉ា អំពីកំហុសនៃសមត្ថកិច្ចសាលាជម្រះក្តីនោះ តុលាការនេះត្រូវមានសមត្ថកិច្ចជម្រះក្តី ។

មាត្រា ១៥.-ករណីលើកលែងនៃការអនុវត្តចំពោះសមត្ថកិច្ចផ្តាច់មុខរបស់សាលាជម្រះក្តី ដែលច្បាប់បានកំណត់

បញ្ញត្តិនៃមាត្រា ១៣ (ការព្រមព្រៀងក្នុងការកំណត់តុលាការដែលមានសមត្ថកិច្ច) និង មាត្រា១៤ (សមត្ថកិច្ចសាលាជម្រះក្តីដែលបានកើតឡើងដោយគ្មានការតវ៉ាពីចុងចម្លើយ) ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានបញ្ញត្តិនៃច្បាប់កំណត់សមត្ថកិច្ចផ្តាច់មុខចំពោះបណ្តឹង ។

មាត្រា ១៦.-ការពិនិត្យភស្តុតាងដោយឆន្ទានុសិទ្ធិ

តុលាការអាចពិនិត្យភស្តុតាងចំពោះបញ្ហាដែលទាក់ទងនឹងសមត្ថកិច្ចសាលាជម្រះក្តី ដោយឆន្ទានុសិទ្ធិរបស់ខ្លួនបាន ។

មាត្រា ១៧.-មូលដ្ឋាននៃពេលវេលាសម្រាប់កំណត់សមត្ថកិច្ចសាលាជម្រះក្តី

សមត្ថកិច្ចសាលាជម្រះក្តីត្រូវកំណត់តាមពេលដាក់ពាក្យបណ្ដឹង ។

មាត្រា ១៨.-ការចាត់ចែងបណ្តឹងខុសសមត្ថកិច្ចសាលាជម្រះក្តី

១-ប្រសិនបើតុលាការយល់ឃើញថា បណ្ដឹងទាំងមូល ឬ ផ្នែកណាមួយ មិនស្ថិតនៅ ក្រោមសមត្ថកិច្ចរបស់ខ្លួនទេ តុលាការនេះត្រូវផ្ទេរបណ្ដឹងនោះទៅតុលាការដែលមានសមត្ថកិច្ចតាមពាក្យសុំរបស់ភាគី ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។

២-ពាក្យសុំផ្ទេរបណ្តឹងត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ លើកលែងតែករណីដែលដាក់ ពាក្យសុំនៅកាលបរិច្ឆេទ ។ នៅពេលធ្វើពាក្យសុំនេះ ត្រូវបញ្ជាក់ឱ្យច្បាស់លាស់អំពីមូលហេតុនៃពាក្យសុំនោះ ។

មាត្រា ១៩.-ការផ្ទេរដើម្បីជៀសវាងពីការយឺតយ៉ាវ ជាអាទិ៍

១-ទោះបីជាបណ្តឹងណាមួយស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួនក៏ដោយ ប្រសិនបើ តុលាការនៃការជំនុំជម្រះលើកទី ១ យល់ឃើញថាចាំបាច់ដើម្បីជៀសវាងពីការយឺតយ៉ាវ ហួសហេតុនៃនីតិវិធី ឬ ដើម្បីធ្វើឱ្យ មានសមធម៌រវាងគូភាគី ដោយពិចារណាអំពីលំនៅឋាន របស់ភាគីនិងសាក្សីដែលត្រូវសាកសួរ ទីតាំងនៃវត្ថុដែលនឹងត្រូវបានត្រួតពិនិត្យ និង កាលៈទេសៈផ្សេង ៗ តុលាការនោះអាចផ្ទេរបណ្ដឹងទាំងមូល ឬ ផ្នែកណាមួយ ទៅតុលាការផ្សេងទៀតដែលមានសមត្ថកិច្ច តាមពាក្យសុំរបស់ភាគី ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួនបាន ។

២-ក្នុងករណីដែលមានពាក្យសុំ ដែលបានកំណត់ក្នុងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវសម្រេច ដោយសួរយោបល់របស់ភាគីម្ខាងទៀត ។ ក្នុងករណីដែលតុលាការសម្រេចនូវការផ្ទេរដែលបានកំណត់ក្នុងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន នោះតុលាការអាចសួរយោបល់គូភាគីបាន ។

មាត្រា ២០.-ការកម្រិតនូវការផ្ទេរក្នុងករណីសមត្ថកិច្ចផ្តាច់មុខដែលបានកំណត់ដោយច្បាប់

បញ្ញត្តិនៃមាត្រា ១៩ (ការផ្ទេរដើម្បីជៀសវាងពីការយឺតយ៉ាវ ជាអាទិ៍) ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបណ្តឹងស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខ ដែលបានកំណត់ដោយច្បាប់របស់តុលាការដែលចាត់ការ បណ្តឹងនោះ ។

 មាត្រា ២១.-បណ្តឹងជំទាស់

ចំពោះដីកាសម្រេចផ្ទេរ និង ដីកាសម្រេចលើកចោលពាក្យសុំផ្ទេរ អាចប្ដឹងជំទាស់បាន។

មាត្រា ២២.-អានុភាពនៃដីកាសម្រេចផ្ទេរ ជាអាទិ៍

១-ដីកាសម្រេចស្ថាពរនៃការផ្ទេរ ត្រូវមានអានុភាពឱ្យតុលាការដែលទទួលការផ្ទេរ ប្រតិបត្តិតាម ។

២-តុលាការដែលបានទទួលការផ្ទេរ មិនអាចផ្ទេររឿងក្តីទៅតុលាការផ្សេងទៀតបានទេ ។

៣ -នៅពេលដីកាសម្រេចផ្ទេរចូលជាស្ថាពរ បណ្តឹងនោះត្រូវចាត់ទុកថាតុលាការ ដែលទទួលការផ្ទេរ ចាត់ការ តាំងពីដើម ។

៤-នៅពេលដីកាសម្រេចផ្ទេរចូលជាស្ថាពរ តុលាការដែលបានសម្រេចការផ្ទេរត្រូវ  បញ្ជូនសំណុំរឿងអំពីបណ្ដឹងនេះ ទៅតុលាការដែលទទួលការផ្ទេរ ។

ផ្នែកទី ២

រចនាសម្ព័ន្ធនៃតុលាការ

មាត្រា ២៣.-ការជម្រះក្ដីលើកទី ១ ដោយចៅក្រមមួយរូប ឬ ដោយក្រុមប្រឹក្សាជំនុំជម្រះនៃចៅក្រម

១-នៅសាលាដំបូង រឿងក្តីត្រូវទទួលបន្ទុកដោះស្រាយដោយចៅក្រមម្នាក់ លើកលែង តែករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ២ ខាងក្រោមនេះ ។

២-ចំពោះរឿងក្តីខាងក្រោមនេះ ត្រូវទទួលបន្ទុកដោះស្រាយដោយក្រុមប្រឹក្សាជំនុំ ជម្រះនៃចៅក្រម :

ក-រឿងក្តីដែលកម្មវត្ថុនៃបណ្ដឹងមានតម្លៃមិនតិចជាង ៥.០០០.០០០ (ប្រាំលាន) រៀល ហើយដែលតុលាការទទួលស្គាល់ថា គួរតែត្រូវបានវិនិច្ឆ័យនិងជម្រះដោយក្រុមប្រឹក្សាជំនុំជម្រះនៃចៅក្រម ដោយគិតពិចារណាអំពីចំនួននៃគូភាគី និង បញ្ហាផ្សេងទៀត ។

ខ-រឿងក្តីដែលច្បាប់កំណត់ថាត្រូវវិនិច្ឆ័យ និងជម្រះក្តីដោយក្រុមប្រឹក្សាជំនុំ ជម្រះនៃចៅក្រម ។

៣-ក្នុងក្រុមប្រឹក្សាជំនុំជម្រះនៃចៅក្រម ដែលបានកំណត់ក្នុងបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ត្រូវមានចៅក្រម ៣ (បី) នាក់ ហើយចាត់តាំងម្នាក់ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។

៤-ដីកាសម្រេចឱ្យវិនិច្ឆ័យ និង ជម្រះក្តីដោយក្រុមប្រឹក្សាជំនុំជម្រះនៃចៅក្រមដោយ យោងតាមចំណុច ក នៃកថាខណ្ឌទី ២ ខាងលើនេះ ត្រូវធ្វើឡើងដោយក្រុមប្រឹក្សា ។

មាត្រា ២៤.-ការពិភាក្សានៃក្រុមប្រឹក្សាជំនុំជម្រះ

១-ការពិភាក្សានៃក្រុមប្រឹក្សាជំនុំជម្រះមិនត្រូវបានធ្វើជាសាធារណៈទេ ។

២-ការពិភាក្សាត្រូវបានបើក និង ដឹកនាំដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។

៣-ចៅក្រមម្នាក់ៗត្រូវបញ្ចេញមតិយោបល់របស់ខ្លួនក្នុងការពិភាក្សានេះ ។

៤-ដំណើរការនៃការពិភាក្សា មតិយោបល់របស់ចៅក្រមម្នាក់ៗ និង ចំនួនសំឡេងនៃ មតិ ត្រូវរក្សាទុកជាសម្ងាត់ ។

មាត្រា ២៥.-ការសម្រេចនៃក្រុមប្រឹក្សាជំនុំជម្រះ

១-ការសម្រេចត្រូវធ្វើឡើងដោយមតិភាគច្រើនរបស់ចៅក្រមក្នុងក្រុមប្រឹក្សាជំនុំជម្រះ ។

២-ចៅក្រមម្នាក់ៗក្នុងក្រុមប្រឹក្សាជំនុំជម្រះនេះ ត្រូវមានសិទ្ធិសម្រេចស្មើគ្នា ។

ផ្នែកទី ៣

ការបែងចែករឿងក្តី និង ការដកហូតសមត្ថកិច្ចជំនុំជម្រះ និង បណ្តឹងដិតចិត្ត

មាត្រា ២៦.-ការបែងចែករឿងក្តី

១-ការបែងចែករឿងក្តីនៅតុលាការមួយ និង លំដាប់សម្រាប់ជំនួសក្នុងករណីដែល ចៅក្រមណាម្នាក់មានធុរៈ ត្រូវកំណត់ទុកជាមុនជារៀងរាល់ឆ្នាំដោយដីកាសម្រេចរបស់ ប្រធានតុលាការនោះ ។

២-រឿងក្តីនីមួយៗត្រូវបានបែងចែកឱ្យចៅក្រមម្នាក់ៗទទួលបន្ទុកជាស្វ័យប្រវត្តិ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាង លើនេះ ។

៣-ការបែងចែករឿងក្តីនៅតុលាការមួយ និង លំដាប់សម្រាប់ជំនួសក្នុងករណីដែល ចៅក្រមណាម្នាក់មានធុរៈដែលត្រូវបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចត្រូវ ប្តូរក្នុងឆ្នាំនោះបានឡើយ លើកលែងតែក្នុងករណីដែលចៅក្រមណាម្នាក់មានការងារច្រើន ពេក ឬ ករណីដែលចៅក្រមត្រូវឈប់ ឬ ប្តូរ ទៅតុលាការផ្សេង ឬ ករណីដែលចៅក្រមបន្ត មានធុរៈ ដោយសារហេតុផលដូចជាត្រូវឈប់សម្រាកក្នុងរយៈពេលវែង ជាអាទិ៍ ។ ការប្តូរចំពោះករណីនេះ ត្រូវកំណត់ដោយដីកាសម្រេចរបស់ប្រធានតុលាការ ។

មាត្រា ២៧.-ការដកហូតចៅក្រមពីសមត្ថកិច្ចជំនុំជម្រះ

១-ចៅក្រមត្រូវដកហូតពីការអនុវត្តមុខការរបស់ខ្លួន ក្នុងករណីដែលបានកំណត់ដូច ខាងក្រោមនេះ :

ក- កាលណាចៅក្រម ឬ សហព័ទ្ធរបស់ចៅក្រម ឬ អតីតសហព័ទ្ធរបស់ចៅក្រមជាភាគីណាមួយក្នុងរឿងក្តី ។

ខ-កាលណាចៅក្រមជាញាតិលោហិតក្នុងថ្នាក់ទី ៦ (ប្រាំមួយ) ឬ ញាតិពន្ធ ក្នុងថ្នាក់ទី ៣ (បី) ឬ អតីតញាតិពន្ធក្នុងថ្នាក់ទី ៣ (បី) របស់ភាគីណាមួយ ។

គ-កាលណាចៅក្រមជាអ្នកអាណាព្យាបាលរបស់ភាគីណាមួយ ។

ឃ-កាលណាចៅក្រមដែលទទួលបន្ទុករឿងក្តី ធ្លាប់ ឬ កំពុងមានវិវាទនៅ តុលាការជាមួយភាគីណាមួយ ។

ង-កាលណាចៅក្រមបានធ្វើជាសាក្សី ឬ ធ្វើជាអ្នកជំនាញក្នុងរឿងក្តី ។

ច-កាលណាចៅក្រមជាអ្នកតំណាង ឬ ធ្លាប់ជាអ្នកតំណាង ឬ ជាអ្នកជំនួយឱ្យ ភាគីចំពោះរឿងក្តី ។

ឆ- កាលណាចៅក្រមបានចូលរួមក្នុងការសម្រេចសេចក្តីមជ្ឈត្តករចំពោះរឿងក្តី ឬ បានចូលរួមក្នុងការសម្រេចសេចក្តីនៅក្នុងការជំនុំជម្រះលើកទី ១ ដែលបានឧបាស្រ័យ ឬ ការជំនុំជម្រះនៃបណ្តឹងឧទ្ធរណ៍ដែលបានឧបាស្រ័យ ឬ បង្ហាញមតិយោបល់ណែនាំផ្នែកច្បាប់ ចំពោះរឿងក្តី ។

២-ក្នុងករណីដូចមានមូលហេតុនៃការដកហូត ដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវសម្រេចសេចក្តីអំពីការដកហូតនោះ តាមពាក្យសុំ ឬ ដោយ ឆន្ទានុសិទ្ធិរបស់ខ្លួន ។

មាត្រា ២៨.-បណ្ដឹងដិតចិត្តចៅក្រម

១-ក្នុងករណីដែលមានកាលៈទេសៈដែលបណ្តាលឱ្យមានការលំអៀងក្នុងការជម្រះក្តី ចំពោះចៅក្រមណាម្នាក់ នោះភាគីអាចប្ដឹងដិតចិត្តចៅក្រមនោះបាន ។

២-ក្នុងករណីដែលភាគីបានឆ្លើយទាញហេតុផលចំពោះមុខចៅក្រម ឬ បានធ្វើសេចក្តី ដោះសានៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលចំពោះមុខចៅក្រមរួចហើយ នោះភាគី មិនអាចប្ដឹងដិតចិត្តចៅក្រមនោះបានឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលភាគីនោះមិនបានដឹងអំពីមូលហេតុដែលអាចប្ដឹងដិតចិត្ត ឬ ករណីដែល មូលហេតុនៃបណ្តឹងដិតចិត្តបានកើតឡើងនៅពេលក្រោយ ។

មាត្រា ២៩.-ការដកខ្លួនរបស់ចៅក្រម

ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ នៃ មាត្រា ២៧ (ការដកហូតចៅក្រមពី សមត្ថកិច្ចជំនុំជម្រះ) ឬ កថាខណ្ឌទី ១ នៃមាត្រា ២៨ (បណ្ដឹងដិតចិត្តចៅក្រម) នៃក្រមនេះ ចៅក្រមអាចដកខ្លួនបាន ដោយទទួលការអនុញ្ញាតពីប្រធានតុលាការដែលខ្លួនស្ថិតនៅក្រោម ។

មាត្រា ៣០.-ការសម្រេចសេចក្តីអំពីពាក្យសុំដកហូត ឬ បណ្ដឹងដិតចិត្ត

១-ចំពោះការដកហូតចៅក្រម ឬ បណ្ដឹងដិតចិត្តចំពោះចៅក្រម ក្រុមប្រឹក្សាជំនុំជម្រះនៅតុលាការដែលចៅក្រមនោះស្ថិតនៅក្រោម ត្រូវសម្រេចសេចក្តី ដោយដីកាសម្រេច ។

២-ចៅក្រមមិនអាចចូលរួមក្នុងការសម្រេចសេចក្តីអំពីការដកហូត ឬ បណ្តឹងដិតចិត្ត ចំពោះខ្លួន បានទេ ។ ប៉ុន្តែ ចៅក្រមនោះអាចបញ្ចេញមតិយោបល់អំពីពាក្យសុំនូវការដកហូត ឬ បណ្តឹងដិតចិត្តបាន ។

៣-ពាក្យសុំនូវការដកហូត ឬ បណ្តឹងដិតចិត្ត ត្រូវបានធ្វើឡើងដោយធ្វើសេចក្តីបញ្ជាក់ ដំបូងជាលាយល័ក្ខណ៍អក្សរនូវមូលហេតុ ។

៤-ពេលដែលមានពាក្យសុំនូវការដកហូត ឬ បណ្តឹងដិតចិត្ត នីតិវិធីនៃបណ្តឹងត្រូវបានផ្អាករហូតដល់ពេលដែលដីកាសម្រេចអំពីបណ្ដឹងនេះ ចូលជាស្ថាពរ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះសកម្មភាពដែលត្រូវការជាបន្ទាន់ ដូចជាការថែរក្សា ការពារភស្តុតាង ជាអាទិ៍ ។

៥-ចំពោះដីកាសម្រេចដែលសម្រេចថា ការដកហូត ឬ បណ្តឹងដិតចិត្តមានមូលហេតុត្រឹមត្រូវនោះ មិនអាចប្ដឹងឧបាស្រ័យឡើយ ។

៦-ចំពោះដីកាសម្រេចដែលសម្រេចថា ការដកហូត ឬ បណ្តឹងដិតចិត្តពុំត្រឹមត្រូវ អាចប្ដឹងជំទាស់បាន ។

មាត្រា ៣១.-ការអនុវត្តដូចគ្នាចំពោះក្រឡាបញ្ជី

បញ្ញត្តិនៃផ្នែកនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះក្រឡាបញ្ជី ។ ក្នុងករណីនេះ ការសម្រេចសេចក្តីអំពីពាក្យសុំនូវការដកហូត ឬ បណ្ដឹងដិតចិត្តត្រូវធ្វើដោយតុលាការ ដែលក្រឡាបញ្ជីនោះស្ថិតនៅក្រោម ។