ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី១

បទប្បញ្ញត្តិទូទៅ

ជំពូកទី ៣

ភាគី

ផ្នែកទី ១

សមត្ថភាពភាគី និង សមត្ថភាពក្នុងការធ្វើបភ្លើង

មាត្រា ៣២.-សមត្ថភាពភាគី សមត្ថភាពក្នុងការធ្វើបណ្តឹង ការតំណាងដែលច្បាប់បានកំណត់សម្រាប់ជនដែលគ្មានសមត្ថភាពក្នុងការធ្វើបណ្តឹង

១-បុគ្គលដែលអាចមានសិទ្ធិ និង ករណីយកិច្ច តាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណី និង ច្បាប់ផ្សេងទៀត អាចជាដើម​ចោទ ឬ ចុងចម្លើយនៅក្នុងបណ្តឹងរដ្ឋប្បវេណី ។

២-បុគ្គលដែលមានសមត្ថភាពធ្វើសកម្មភាពដោយខ្លួនឯង តាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណី និង ច្បាប់ផ្សេងទៀត អាចដាក់ពាក្យបណ្តឹងដោយខ្លួនឯងដោយតាំងខ្លួនជាដើម ចោទ ឬ អាចឆ្លើយដោះសាចំពោះបណ្តឹង ដោយតាំងខ្លួនជាចុងចម្លើយ ឬ អាចធ្វើសកម្មភាព បណ្ដឹងផ្សេងទៀតដែលជាចាំបាច់ ។

៣-អនីតិជន និងជននៅក្រោមអាណាព្យាបាលទូទៅ អាចធ្វើសកម្មភាពបណ្តឹង សុពលបាន លុះត្រាតែត្រូវបានធ្វើដោយអ្នកតំណាងដែលច្បាប់បានកំណត់។ ប៉ុន្តែ​ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអនីតិជនអាចធ្វើសកម្មភាពដោយឯករាជ ។

៤-បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ឬ ច្បាប់ផ្សេងទៀត ត្រូវយកមកអនុវត្ត ចំពោះអ្នកតំណាង ដែលច្បាប់បានកំណត់ និង សិទ្ធិតំណាងរបស់អ្នកតំណាងនោះ ។

មាត្រា ៣៣.-បញ្ញត្តិពិសេសស្ដីពីសកម្មភាពបណ្តឹងរបស់ជននៅក្រោមហិតូបត្ថម្ភ និង អ្នកតំណាងដែលច្បាប់បានកំណត់

១-ជននៅក្រោមហិតូបត្ថម្ភ ឬ អ្នកតំណាងដែលច្បាប់បានកំណត់ អាចធ្វើសកម្មភាពបណ្ដឹង ចំពោះបណ្តឹង ឬ បណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ដែលត្រូវបានធ្វើដោយភាគីម្ខាងទៀត ដោយគ្មានការយល់ព្រម​ពី​ហិតូ​បត្ថម្ភកៈ ​ឬ អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល ឬ ការប្រគល់សិទ្ធិផ្សេងទៀត ។

២-ជននៅក្រោមហិតូបត្ថម្ភ ឬ អ្នកតំណាងដែលច្បាប់បានកំណត់ ត្រូវមានការប្រគល់សិទ្ធិពិសេសដើម្បីធ្វើសកម្មភាពបណ្តឹងខាងក្រោមនេះ :

ក-ការដកពាក្យបណ្ដឹង ការផ្សះផ្សា ការលះបង់ការទាមទារ ឬ ការទទួលស្គាល់ នូវការទាមទារ ។

ខ-ការ ដកពាក្យបណ្តឹងឧទ្ធរណ៍ ឬ ពាក្យបណ្ដឹងសាទុក្ខ ។

មាត្រា ៣៤.-បញ្ញត្តិពិសេសស្តីពីសមត្ថភាពក្នុងការធ្វើបណ្តឹងរបស់ជនបរទេស

ជនបរទេសត្រូវទុកជាបុគ្គលដែលមានសមត្ថភាពក្នុងការធ្វើបណ្តឹង ប្រសិនបើជននោះត្រូវមានសមត្ថភាពក្នុងការធ្វើបណ្តឹងស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាជននោះគ្មានសមត្ថភាពក្នុងការធ្វើបណ្តឹងតាមច្បាប់នៃប្រទេសរបស់ខ្លួនក៏ដោយ ។

មាត្រា ៣៥.-វិធានការក្នុងករណីដែលខ្វះសមត្ថភាពក្នុងការធ្វើបណ្តឹង ជាអាទិ៍

១-ក្នុងករណីដែលមានការខ្វះសមត្ថភាពក្នុងការធ្វើបណ្តឹង ឬ សិទ្ធិតំណាងដែលច្បាប់ បានកំណត់ ឬ ការប្រគល់សិទ្ធិចាំបាច់សម្រាប់ធ្វើសកម្មភាពបណ្តឹង តុលាការត្រូវបង្គាប់ឱ្យ កែតម្រូវនូវចំណុចខ្លះនោះ ដោយកំណត់អំឡុងពេល ។ ក្នុងករណីនេះ ប្រសិនបើមានការ ខូចខាតណាមួយអាចកើតឡើងដោយសារការយឺតយ៉ាវ តុលាការអាចឱ្យ បុគ្គលដែលមានការខ្វះនោះ ធ្វើសកម្មភាពបណ្តឹងជាបណ្តោះអាសន្ន បាន ។

២-សកម្មភាពបណ្តឹងណាដែលត្រូវបានធ្វើឡើងដោយបុគ្គលដែលខ្វះសមត្ថភាពក្នុង ការធ្វើបណ្តឹង ឬ ខ្វះសិទ្ធិតំណាងដែលច្បាប់បានកំណត់ ឬ ខ្វះការប្រគល់សិទ្ធិចាំបាច់សម្រាប់ ធ្វើសកម្មភាពបណ្តឹង​ ត្រូវមានអានុភាពប្រតិសកម្មតាំងពីពេលដែលសកម្មភាពនោះបានធ្វើឡើង បើមានការទទួលស្គាល់នៅពេលក្រោយ ដោយភាគីដែលបានទទួលសមត្ថភាពក្នុងការធ្វើបណ្តឹង ឬ ដោយអ្នកតំណាងដែលបានទទួលសិទ្ធិតំណាងដែលច្បាប់បានកំណត់ ឬ ការប្រគល់សិទ្ធិ ។

៣ -សិទ្ធិតំណាងដែលច្បាប់បានកំណត់ ឬ ការប្រគល់សិទ្ធិចាំបាច់សម្រាប់ធ្វើសកម្មភាពបណ្តឹង ត្រូវបានបញ្ជាក់ដោយលិខិតជាលាយល័ក្ខណ៍អក្សរ ។

មាត្រា ៣៦.-អ្នកតំណាងពិសេស

១-ក្នុងករណីដែលគ្មានអ្នកតំណាងដែលច្បាប់បានកំណត់ ឬ ករណីដែលអ្នកតំណាង ដែលច្បាប់បានកំណត់ ពុំអាចប្រតិបត្តិនូវសិទ្ធិតំណាងនោះ បុគ្គលដែលមានបំណងធ្វើសកម្មភាពបណ្តឹងចំពោះបុគ្គលដែលគ្មានសមត្ថភាពក្នុងការធ្វើបណ្តឹង អាចដាក់ពាក្យសុំទៅតុលាការដែលបានទទួលបណ្តឹង ឱ្យជ្រើសតាំងអ្នកតំណាងពិសេស ដោយធ្វើសេចក្តីបញ្ជាក់ដំបូងថា ការខូចខាតអាចនឹងកើតឡើងដោយសារការយឺតយ៉ាវនោះ ។

២-តុលាការអាចផ្លាស់ប្តូរអ្នកតំណាងពិសេស នៅពេលណាក៏បាន ។

៣-ការសម្រេចសេចក្តីអំពីការជ្រើសតាំង ឬ ការផ្លាស់ប្តូរអ្នកតំណាងពិសេសនឹងត្រូវ បានជូនដំណឹងឱ្យអ្នកតំណាងពិសេសផងដែរ ។

៤-អ្នកតំណាងពិសេសត្រូវមានការប្រគល់សិទ្ធិដូចអាណាព្យាបាល ដើម្បីធ្វើសកម្មភាពបណ្ដឹង ។

មាត្រា ៣៧.-ការជូនដំណឹងអំពីការរលត់នៃសិទ្ធិតំណាងដែលច្បាប់បានកំណត់

១-ការរលត់នៃសិទ្ធិតំណាងដែលច្បាប់បានកំណត់ មិនត្រូវមានអានុភាព បើគ្មានការជូនដំណឹងអំពីការរលត់សិទ្ធិនោះ ពីសាមីខ្លួន ឬ អ្នកតំណាង ទៅភាគីម្ខាងទៀត ។

២- បុគ្គលដែលជូនដំណឹងអំពីការរលត់នៃសិទ្ធិតំណាងដែលច្បាប់បានកំណត់ ត្រូវរាយការណ៍ទៅតុលាការ អំពីការជូនដំណឹងអំពីការរលត់សិទ្ធិនោះ ជាលាយល័ក្ខណ៍អក្សរ ។

មាត្រា ៣៨.-ការអនុវត្តដូចគ្នាចំពោះអ្នកតំណាងនៃនីតិបុគ្គល

បញ្ញត្តិនៃក្រមនេះដែលទាក់ទងនឹងការតំណាងដែលច្បាប់បានកំណត់ និង អ្នកតំណាង ដែលច្បាប់បានកំណត់ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអ្នកតំណាងនៃនីតិបុគ្គល ។

ផ្នែកទី ២

សហបណ្តឹង

មាត្រា ៣៩.-ល័ក្ខខ័ណ្ឌទូទៅនៃសហបណ្ដឹង

បើមានមូលហេតុមួយរវាងបុគ្គលច្រើននាក់ដូចមានចែងខាងក្រោមនេះ បុគ្គលទាំងនោះអាចប្តឹង ឬ អាចត្រូវគេប្តឹង ក្នុងនាមជាអ្នកសហបណ្តឹង :

ក-បើសិទ្ធិ ឬ កាតព្វកិច្ច ដែលជាកម្មវត្ថុនៃបណ្ដឹងនោះដូចគ្នា ។

ខ-បើសិទ្ធិ ឬ កាតព្វកិច្ច ដែលជាកម្មវត្ថុនៃបណ្ដឹងនោះ ផ្អែកលើមូលហេតុដូចគ្នាលើអង្គហេតុ និង អង្គច្បាប់ ។

គ-បើសិទ្ធិ ឬ កាតព្វកិច្ច ដែលជាកម្មវត្ថុនៃបណ្ដឹងនោះ មានប្រភេទដូចគ្នា ហើយ ផ្អែកលើមូលហេតុ ដែលមានប្រភេទដូចគ្នាលើអង្គហេតុ និង អង្គច្បាប់ ។

មាត្រា ៤០.-ឋានៈនៃអ្នកធ្វើសហបណ្តឹង ក្នុងសហបណ្ដឹងធម្មតា

សកម្មភាពបណ្តឹងដែលបុគ្គលម្នាក់ក្នុងចំណោមអ្នកធ្វើសហបណ្តឹងបានធ្វើសកម្មភាព បណ្តឹងរបស់ភាគីម្ខាងទៀត ដែលបានធ្វើចំពោះបុគ្គលម្នាក់ក្នុងចំណោមអ្នកធ្វើសហបណ្តឹង និង ហេតុដែលកើតមានឡើងចំពោះបុគ្គលម្នាក់ក្នុងចំណោមអ្នកធ្វើសហបណ្តឹង ពុំមានឥទ្ធិពលទៅលើអ្នកធ្វើសហបណ្ដឹងផ្សេងទៀតទេ ។

មាត្រា ៤១.-បទបញ្ជាស្តីពីការវិនិច្ឆ័យលើសហបណ្តឹងចាំបាច់

១-ក្នុងករណីដែលសិទ្ធិ ឬ កាតព្វកិច្ចដែលជាកម្មវត្ថុនៃបណ្ដឹង នឹងត្រូវបានសម្រេចជាស្ថាពរទាល់តែមានការរួមគ្នា ចំពោះអ្នកធ្វើសហបណ្ដឹងទាំងអស់ ទោះជាមានបញ្ញត្តិដូច មាត្រា៤០ (ឋានៈនៃអ្នកធ្វើសហបណ្តឹង ក្នុងសហបណ្ដឹងធម្មតា) ខាងលើនេះក៏ដោយ ក៏សកម្មភាពនៃបណ្តឹងរបស់បុគ្គលម្នាក់ក្នុងចំណោមអ្នកធ្វើសហបណ្ដឹង មានអានុភាពតែក្នុងករណីណាដែលមានផលប្រយោជន៍រួមតែប៉ុណ្ណោះ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ សកម្មភាពបណ្តឹងរបស់ ភាគីម្ខាងទៀតដែលបានធ្វើចំពោះបុគ្គលម្នាក់ក្នុងចំណោមអ្នកធ្វើសហបណ្ដឹង មានអានុភាព ទៅលើបុគ្គលទាំងអស់ ។

៣-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើមានមូលហេតុក្នុងការផ្អាក ឬ បង្អង់នូវនីតិវិធីនៃបណ្តឹងចំពោះបុគ្គលម្នាក់ក្នុងចំណោមអ្នកធ្វើសហបណ្ដឹងការផ្អាក ឬ ការបង្អង់នោះ មានអានុភាពទៅលើបុគ្គលទាំងអស់ ។

មាត្រា ៤២.-ការជ្រើសរើសភាតី

១-បុគ្គលច្រើននាក់ដែលមានផលប្រយោជន៍រួមមួយ អាចធ្វើការជ្រើសរើសបុគ្គល ម្នាក់ ឬ ច្រើននាក់ ពីក្នុងចំណោមបុគ្គលទាំងនោះ ដើម្បីធ្វើជាដើមចោទ ឬ ចុងចម្លើយសម្រាប់ បុគ្គលទាំងនោះបាន ។

២-ប្រសិនបើបានជ្រើសរើសដើមចោទ ឬ ចុងចម្លើយ តាមកថាខណ្ឌទី ១ ខាងលើនេះ នៅពេលដែលតុលាការកំពុងចាត់ការបណ្តឹង ភាគីផ្សេងទៀតត្រូវដកខ្លួនពីបណ្ដឹងនោះ ដោយស្វ័យប្រវត្តិ ។

៣-អ្នកដែលបានធ្វើការជ្រើសរើសដើមចោទ ឬ ចុងចម្លើយតាមកថាខណ្ឌទី ១ ខាងលើនេះ អាចលុបចោលនូវការជ្រើសរើស ឬ អាចផ្លាស់ប្តូរភាគីដែលត្រូវបានជ្រើសរើសនោះបាន ។

៤-ក្នុងចំណោមភាគីដែលត្រូវបានជ្រើសរើស ប្រសិនជឿមានអ្នកណាបានបាត់បង់នូវលក្ខណៈជាភាគីដែលត្រូវបានជ្រើសរើស ដោយសារបានទទួលមរណភាព ឬ ដោយសារ ហេតុផ្សេងទៀត ភាគីដែលត្រូវបានជ្រើសរើសផ្សេងទៀត អាចធ្វើសកម្មភាពបណ្ដឹងសម្រាប់ បុគ្គលទាំងអស់បាន ។

ផ្នែកទី ៣

ការចូលរួយអន្តរាគមន៍ក្នុងបណ្តឹង

មាត្រា ៤៣.-ការចូលរួមជួយអន្តរាគមន៍

តតិយជនណាដែលមានការទាក់ទងនឹងផលប្រយោជន៍តាមផ្លូវច្បាប់ អំពីលទ្ធផលនៃបណ្ដឹង អាចចូលរួមអន្តរាគមន៍ក្នុងបណ្តឹង ដើម្បីជួយភាគីម្ខាងណាមួយបាន ។

មាត្រា ៤៤.-ពាក្យសុំចូលរួមជួយអន្តរាគមន៍

១-ពាក្យសុំចូលរួមជួយអន្តរាគមន៍ ត្រូវធ្វើទៅតុលាការដែលខ្លួននឹងត្រូវធ្វើសកម្មភាព   បណ្តឹង តាមការចូលរួមជួយអន្តរាគមន៍ ដោយមានបញ្ជាក់ថា តើចូលរួមជួយអន្តរាគមន៍ សម្រាប់ភាគីណានៃបណ្តឹងណា ព្រមទាំងបញ្ជាក់នូវមូលហេតុនៃការចូលរួមឱ្យបាន ច្បាស់លាស់ផង ។

២-ពាក្យសុំចូលរួមជួយអន្តរាគមន៍ អាចធ្វើឡើងបាន ព្រមជាមួយគ្នានឹងសកម្មភាពបណ្តឹងដែលអ្នកចូលរួមជួយអន្តរាគមន៍អាចធ្វើបាន ។

មាត្រា ៤៥.-បណ្តឹងតវ៉ានឹងការចូលរួមជួយអន្តរាគមន៍ ជាអាទិ៍

១-ប្រសិនបើភាគីប្តឹងតវ៉ានឹងការចូលរួមជួយអន្តរាគមន៍ តុលាការត្រូវសម្រេចសេចក្តីនូវការអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យចូលរួមជួយអន្តរាគមន៍ ដោយដីកាសម្រេច ។ ក្នុងករណីនេះ អ្នកចូលរួមជួយអន្តរាគមន៍ត្រូវធ្វើសេចក្តីបញ្ជាក់ដំបូងអំពីមូលហេតុនៃការចូលរួម ។

២-បណ្តឹងតវ៉ាដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចធ្វើបានឡើយ ក្រោយពេលភាគីបានធ្វើសេចក្តីដោះសានៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ បានធ្វើការឆ្លើយទាញហេតុផលនៅក្នុងការទាញហេតុផលដោយផ្ទាល់មាត់ ដោយគ្មានប្តឹងតវ៉ានោះ ។

៣-ចំពោះដីកាសម្រេចដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

មាត្រា ៤៦.-សកម្មភាពបណ្តឹងនៃអ្នកចូលរួមជួយអន្តរាគមន៍

១-អ្នកចូលរួមជួយអន្តរាគមន៍អាចដាក់វិធីតទល់ ឬ ការពារខ្លួន អាចធ្វើការប្តឹងតវ៉ា អាចប្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ អាចទាមទារឱ្យធ្វើការជំនុំជម្រះសាជាថ្មី និង អាចធ្វើសកម្មភាពបណ្ដឹងផ្សេងទៀតដែលទាក់ទងនឹងបញ្ជាំងនោះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះសកម្មភាពដែលអ្នកត្រូវគេជួយចូលរួមអន្តរាគមន៍មិនអាចធ្វើបាន នៅពេលដែលខ្លួនបានចូលរួមជួយអន្តរាគមន៍ ។

២-ប្រសិនបើសកម្មភាពបណ្តឹងដែលធ្វើអោយអ្នកចូលរួមជួយអន្តរាគមន៍ បានប៉ះពាល់ប្រឆាំងនឹងសកម្មភាពបណ្តឹងរបស់អ្នកដែលត្រូវគេចូលរួមជួយអន្តរាគមន៍ សកម្មភាពនោះពុំមានអានុភាពឡើយ ។

៣-ទោះជាមានការប្ដឹងតវ៉ាចំពោះការចូលរួមជួយអន្តរាគមន៍ក៏ដោយ ក៏អ្នកចូលរួមជួយអន្តរាគមន៍អាចធ្វើសកម្មភាពបណ្តឹងបានដែរ រហូតដល់ពេលដែលការសម្រេចសេចក្តី របស់តុលាការថា មិនអនុញ្ញាតឱ្យ ចូលរួមជួយអន្តរាគមន៍នោះ ចូលជាស្ថាពរ ។

៤-សកម្មភាពបណ្តឹងរបស់អ្នកចូលរួមជួយអន្តរាគមន៍ ទោះជាការសម្រេចសេចក្តី របស់តុលាការថា មិនអនុញ្ញាតឱ្យ ចូលរួមជួយអន្តរាគមន៍ ចូលជាស្ថាពរក៏ដោយ ក៏សកម្មភាពនោះ នឹងមានអានុភាពដែរ ប្រសិនបើភាគីបានលើកឡើងនូវសកម្មភាពនោះ ។

មាត្រា ៤៧.-អានុភាពនៃការសម្រេចសេចក្ដីទៅលើអ្នកចូលរួមជួយអន្តរាគមន៍

ចំពោះបណ្តឹងដែលមានការចូលរួមជួយអន្តរាគមន៍ បើសាលក្រមដែលសម្រេចឱ្យមាន ការខូចផលប្រយោជន៍របស់អ្នកដែលត្រូវគេចូលរួមជួយអន្តរាគមន៍ បានចូលជាស្ថាពរហើយសេចក្តីវិនិច្ឆ័យរបស់សាលក្រមនោះមានចំណងទៅលើអ្នកចូលរួមជួយអន្តរាគមន៍ ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដែលត្រូវគេចូលរួមជួយអន្តរាគមន៍ លើកលែងតែក្នុងករណីដែលមាន ចែងដូចខាងក្រោមនេះ :

ក-បើអ្នកចូលរួមជួយអន្តរាគមន៍ មិនអាចធ្វើសកម្មភាពបណ្ដឹង ដោយបញ្ញត្តិនៃ វាក្យខណ្ឌទី ២ កថាខណ្ឌទី ១ មាត្រា ៤៦ (សកម្មភាពបណ្តឹងនៃអ្នកចូលរួមជួយអន្តរាគមន៍) ខាងលើនេះ ។

ខ-បើសកម្មភាពបណ្តឹងរបស់អ្នកចូលរួមជួយអន្តរាគមន៍ គ្មានអានុភាពដោយ បញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៤៦ (សកម្មភាពបណ្តឹងនៃអ្នកចូលរួមជួយអន្តរាគមន៍) ខាង លើនេះ ។

គ-បើអ្នកត្រូវគេចូលរួមជួយអន្តរាគមន៍ បានរារាំងសកម្មភាពបណ្តឹងរបស់អ្នក ចូលរួមជួយអន្តរាគមន៍ ។

ឃ-បើអ្នកត្រូវគេចូលរួមជួយអន្តរាគមន៍ មិនបានធ្វើសកម្មភាពបណ្តឹងដែលអ្នក ចូលរួមជួយអន្តរាគមន៍មិនអាចធ្វើបាន ដោយចេតនា ឬ ដោយកំហុសរបស់ខ្លួន ។

មាត្រា ៤៨.-ការចូលរួមជួយអន្តរាគមន៍ក្នុងលក្ខណៈដូចជាសហបណ្តឹង

១-បើសាលក្រមមានអានុភាពស្ថាពររវាងអ្នកចូលរួមជួយអន្តរាគមន៍ និង ភាគីម្ខាង ទៀតនៃអ្នកដែលត្រូវគេចូលរួមជួយអន្តរាគមន៍ ឋានៈរបស់អ្នកចូលរួមជួយអន្តរាគមន៍លើ បណ្ដឹងមានដូចគ្នានឹងអ្នកធ្វើសហបណ្តឹងដែលបានកំណត់នៅក្នុងបញ្ញត្តិនៃមាត្រា ៤១ (បទបញ្ជាស្តីពីការវិនិច្ឆ័យលើសហបណ្តឹងចាំបាច់) នៃក្រមនេះ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ កថាខណ្ឌទី ២ នៃមាត្រា ៤៦ (សកម្មភាពបណ្តឹងនៃអ្នកចូលរួមជួយអន្តរាគមន៍) និង ចំណុច ខ និង ចំណុច គ នៃមាត្រា ៤៧ (អានុភាពនៃការសម្រេចសេចក្ដីទៅលើអ្នកចូលរួមជួយអន្តរាគមន៍) ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ។

មាត្រា ៤៩.-ការចូលរួមអន្តរាគមន៍ក្នុងសហបណ្តឹង

១-ក្នុងករណីដែលសិទ្ធិ ឬ កាតព្វកិច្ច ដែលជាកម្មវត្ថុនៃបណ្ដឹង នឹងត្រូវបានសម្រេចជាស្ថាពរ ទាល់តែមានការរួមគ្នា ចំពោះភាគីណាមួយ និង តតិយជន តតិយជននោះអាចចូលរួមអន្តរាគមន៍ក្នុងបណ្តឹងនោះ ក្នុងនាមជាអ្នកធ្វើសហបណ្តឹងបាន ។

២-បញ្ញត្តិនៃមាត្រា ៤៤ (ពាក្យសុំចូលរួមជួយអន្តរាគមន៍) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះពាក្យសុំចូលរួមអន្តរាគមន៍ក្នុងបណ្តឹង តាមបញ្ញត្តិនៃកថាខណ្ឌ ទី ១ ខាងលើនេះ ។

៣-ពាក្យសុំចូលរួមអន្តរាគមន៍ក្នុងបណ្តឹងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ។

៤-ពាក្យសុំជាលាយល័ក្ខណ៍អក្សរដែលបានកំណត់នៅកថាខណ្ឌទី ៣ ខាងលើនេះ ត្រូវបញ្ជូនទៅអ្នកផ្សេងដែលធ្វើសហបណ្តឹង និង ភាគីម្ខាងទៀត ។

មាត្រា ៥០.-ការជូនដំណឹងអំពីបណ្ដឹង

១-ភាគីអាចជូនដំណឹងអំពីបណ្ដឹង ទៅតតិយជនដែលអាចចូលរួមអន្តរាគមន៍ក្នុង បណ្ដឹងនោះបាន នៅពេលដែលតុលាការកំពុងចាត់ការបណ្ដឹង ។

២-ការជូនដំណឹងអំពីបណ្ដឹង ត្រូវធ្វើឡើងដោយដាក់លិខិតជាលាយល័ក្ខណ៍អក្សរ ដែលបញ្ជាក់អំពីមូលហេតុក្នុងការជូនដំណឹង និង អំពីដំណើរការនៃបណ្តឹងនោះ ទៅតុលាការ ។ តុលាការត្រូវបញ្ជូនលិខិតនេះទៅអ្នកដែលត្រូវទទួលដំណឹង និង ភាគីម្ខាងទៀតនៃបណ្ដឹង ។

៣-ទោះបីជាអ្នកទទួលដំណឹងអំពីបណ្ដឹងនេះមិនបានចូលរួមអន្តរាគមន៍ក៏ដោយ ចំពោះការអនុវត្តបញ្ញត្តិនៃមាត្រា ៤៧ (អានុភាពនៃការសម្រេចសេចក្ដីទៅលើអ្នកចូលរួមជួយអន្តរាគមន៍) នៃក្រមនេះ អ្នកទទួលដំណឹងអំពីបណ្ដឹងនេះត្រូវបានចាត់ទុកថា បានចូលរួមហើយ នៅពេលអ្នកនោះអាចចូលរួមបាន ។

មាត្រា ៥១.-បណ្តឹងដែលមានដើមចោទ និង ចុងចម្លើយ ជាសហចុងចម្លើយ

១-តតិយជនដែលអះអាងថា ចំពោះសិទ្ធិដែលជាកម្មវត្ថុនៃបណ្តឹងរវាងភាគីដទៃ សិទ្ធិ ទាំងមូល ឬ មួយភាគជាសិទ្ធិរបស់ខ្លួន អាចដាក់ពាក្យបណ្តឹងចំពោះភាគីទាំងសងខាងនៃ បណ្តឹងខាងលើនោះ ជាសហចុងចម្លើយទៅតុលាការនៃការជំនុំជម្រះលើកទី ១ ដែលបាន ទទួលពាក្យបណ្តឹងរវាងភាគីដទៃនោះ នៅពេលបណ្តឹងនោះកំពុងនៅក្រោមការចាត់ការរបស់តុលាការណាមួយ ។

២-ក្នុងករណីដែលមានការដាក់ពាក្យបណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើតុលាការនៃការជំនុំជម្រះលើកទី ១ កំពុងចាត់ការបណ្តឹងរវាងភាគីដទៃនោះ តុលាការដែលទទួលពាក្យបណ្តឹងពីតតិយជននោះអាចបញ្ចូលបណ្ដឹងទាំងពីរជាមួយគ្នាបាន ។

ផ្នែកទី ៤

អ្នកតំណាងដោយអាណត្តិ និង អ្នកជំនួយ

មាត្រា ៥២.-សកម្មភាពបណ្តឹងដែលបានធ្វើដោយអ្នកតំណាងដោយអាណត្តិ

១-ភាគីអាចធ្វើរាល់សកម្មភាពដែលទាក់ទងនឹងបណ្ដឹង ដោយខ្លួនឯងផ្ទាល់ ឬ ឆ្លងតាមរយៈអ្នកតំណាងដោយអាណត្តិដែលខ្លួនបានជ្រើសតាំង ។

២-ទោះបីភាគីបានជ្រើសតាំងអ្នកតំណាងដោយអាណត្តិក៏ដោយ ក៏ភាគីនោះអាចចូល រួមទៅតុលាការ និង ឆ្លើយទាញហេតុផលដោយខ្លួនឯងបានដែរ ។

៣-សកម្មភាពបណ្តឹងដែលអ្នកតំណាងដោយអាណត្តិបានធ្វើ ត្រូវបង្កើតអានុភាពដូចគ្នាជាមួយសកម្មភាពបណ្តឹងដែលភាគី បានធ្វើដោយផ្ទាល់ខ្លួន ។ ប៉ុន្តែ ការសារភាព និង ចម្លើយដទៃទៀត ស្តីពីអង្គហេតុដែលអ្នកតំណាងដោយអាណត្តិបានធ្វើ ពុំមានអានុភាពឡើយ ប្រសិនបើភាគីលុបចោល ឬ កែតម្រូវភ្លាមៗ ។

មាត្រា ៥៣.-លក្ខណសម្បត្តិនៃអ្នកតំណាងដោយអាណត្តិ

១-អ្នកតំណាងដោយអាណត្តិដែលបានកំណត់ក្នុងបញ្ញត្តិនៃមាត្រា ៥២ (សកម្មភាពបណ្តឹងដែលបានធ្វើអោយអ្នកតំណាងដោយអាណត្តិ) ខាងលើនេះ ត្រូវតែជាមេធាវី លើក លែងតែករណីដែលបានកំណត់ក្នុងចំណុចនីមួយៗ ដូចខាងក្រោម :

ក-ករណីដែលក្រមនេះ ឬ ច្បាប់ដទៃទៀត អនុញ្ញាតឱ្យតតិយជនដែលមិនមែនជាមេធាវី ធ្វើសកម្មភាពបណ្តឹងជំនួសភាគី ។

ខ-ករណីដែលភាគីជារដ្ឋ ស្ថាប័ននីតិរដ្ឋបាល ឬ ស្ថាប័នរដ្ឋដទៃទៀត និង ដែលស្ថាប័ននោះ ឬ អ្នកតំណាងនៃស្ថាប័ននោះ តែងតាំងបុគ្គលិកនៃស្ថាប័ននោះជាអ្នកតំណាង ។

គ-ករណីដែលតុលាការអនុញ្ញាតឱ្យ មានការតំណាងដោយតតិយជនដែលមិនមែនជាមេធាវី ក្នុងរឿងក្តីដែលតម្លៃកម្មវត្ថុនៃបណ្ដឹងតិចជាង ១.០០០.០០០ (មួយលាន) រៀល ។

២-សិទ្ធិអំណាចរបស់អ្នកតំណាងដោយអាណត្តិ ត្រូវបញ្ជាក់ជាលាយល័ក្ខណ៍អក្សរ ។

៣-តុលាការអាចលុបចោលការអនុញ្ញាត ដែលបានកំណត់ក្នុងចំណុច គ នៃកថាខណ្ឌទី ១ ខាងលើនេះ នៅពេលណាក៏ បាន ។

មាត្រា៥៤.-សិទ្ធិអំណាចរបស់អ្នកតំណាងដោយអាណត្តិ

១-អ្នកតំណាងដោយអាណត្តិមានសិទ្ធិអំណាចក្នុងការធ្វើរាល់សកម្មភាពបណ្តឹង ព្រម ទាំងការដាក់បណ្តឹង ការឆ្លើយដោះសាចំពោះបណ្តឹង ការប្តឹងតបការចូលរួមអន្តរាគមន៍បណ្ដឹង ការប្តឹងទៅតុលាការជាន់ខ្ពស់ ការផ្សះផ្សាការលះបង់ការទាមទារ និង ការទទួលស្គាល់នូវការទាមទារ ចំពោះរឿងក្តីដែលខ្លួនបានទទួលអាណត្តិ ។

២-សិទ្ធិតំណាងដែលត្រូវ បានប្រគល់សម្រាប់បណើ្តងរាប់បញ្ចូលទាំងសិទ្ធិលើការចាត់ ចែងរក្សាការពារ ការអនុវត្តដោយបង្ខំ ការជ្រើសតាំងអនុតំណាង និង ការទទួលនូវការសង ។

៣-ក្នុងករណីដែលអ្នកតំណាងដោយអាណត្តិជាមេធាវី ភាគីពុំអាចកម្រិតនូវសិទ្ធិ តំណាងបានទេ លើកលែងតែករណីទាក់ទងនឹងការដាក់ពាក្យបណ្តឹងតប ការដកពាក្យបណ្ដឹងការផ្សះផ្សា ការលះបង់ការទាមទារ ការទទួលស្គាល់នូវការទាមទារ ការដកខ្លួនពីបណ្តឹង ការដាក់ពាក្យបណ្ដឹង ឧបាស័្រយទៅតុលាការជាន់ខ្ពស់ ការដកពាក្យបណ្ដឹង ឧបាស័្រយពីតុលាការជាន់ខ្ពស់ និង ការជ្រើសតាំងអនុតំណាង ។

៤-ក្នុងករណីដែលអ្នកតំណាងដោយអាណត្តិមិនមែនជាមេធាវី ភាគីក៏អាចឱ្យអ្នក តំណាងដោយអាណត្តិនោះ ធ្វើតំណាងចំពោះតែសកម្មភាពបណើ្តងមួយចំនួនដែលបាន កំណត់ដោយឡែកៗដោយភាគីបានដែរ ។

៥-បញ្ញត្តិនៃកថាខណ្ឌទាំងបួនខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះអ្នកតំណាងដែលត្រូវ បានអនុញ្ញាតដោយច្បាប់ក្នុងការធ្វើសកម្មភាពបណ្ដឹងជំនួសភាគី ។

មាត្រា ៥៥.-ករណីដែលសិទ្ធិតំណាងដោយអាណត្តិមិនរលត់

សិទ្ធិអំណាចនៃអ្នកតំណាងដោយអាណត្តិមិនត្រូវរលត់ឡើយ ទោះបីជាមានករណី ដែលភាគីទទួលមរណភាព ឬ បាត់បង់សមត្ថភាពក្នុងការធ្វើបណ្តឹង ឬ មានករណីដែលអ្នក តំណាងដែលច្បាប់បានកំណត់ត្រូវបានប្តូរ ជាអាទិ៍ ក៏ដោយ ។

មាត្រា ៥៦.-ហេតុនៃការរលត់នូវសិទ្ធិតំណាងដោយអាណត្តិ

១-សិទ្ធិអំណាចរបស់អ្នកតំណាងដោយអាណត្តិត្រូវរលត់ ដោយហេតុដូចជាមរណភាពនៃអ្នកតំណាង ការបាត់បង់លក្ខណសម្បត្តិរបស់អ្នកតំណាង ឬការបញ្ចប់កិច្ចការ អាណត្តិ ជាអាទិ៍ ។

២-ភាគីអាចដកសិទ្ធិតំណាងដោយអាណត្តិនៅពេលណាក៏បាន វីឯអ្នកតំណាងដោយ អាណត្តិអាចឈប់ធ្វើជាអ្នកតំណាង នៅពេលណាក៏បានដែរ ។

៣-ការរលត់នូវសិទ្ធិអំណាចរបស់អ្នកតំណាងដោយអាណត្តិ មិនត្រូវមានអានុភាព ឡើយ ប្រសិនបើគ្មានការជូនដំណឹងអំពីការរលត់សិទ្ធិនោះ ពីសាមីខ្លួន ឬ អ្នកតំណាងទៅភាគីម្ខាងទៀត ។

មាត្រា ៥៧.-វិធានការក្នុងករណីនៃការខ្វះសិទ្ធតំណាង

១-ក្នុងករណីដែលមានការសង្ស័យ នៃការខ្វះសិទ្ធិតំណាងដោយអាណត្តិ តុលាការត្រូវស្រាវជ្រាវអំពីអត្ថិភាពនៃសិទ្ធិតំណាង ដោយឆន្ទានុសិទ្ធិ ទោះបីជាការសង្ស័យនោះកើតឡើង នៅក្នុងដំណាក់កាលណាមួយក្នុងបណ្ដឹងក៏ដោយ ។

២-បើមានការខ្វះសិទ្ធិតំណាងដោយអាណត្តិ តុលាការត្រូវណែនាំកែតម្រូវនូវចំណុច ខ្វះនោះ ដោយកំណត់អំឡុងពេល ។ ក្នុងករណីនេះ តុលាការអាចអនុញ្ញាតឱ្យបុគ្គលដែល ខ្លះសិទ្ធិតំណាងនោះធ្វើសកម្មភាពបណ្តឹងជាបណ្តោះអាសន្នបាន ។

៣-សកម្មភាពបណ្តឹងណាដែលត្រូវបានធ្វើឡើងដោយបុគ្គលដែលមានការខ្វះសិទ្ធិ តំណាងដោយអាណត្តិ ត្រូវមានអានុភាពប្រតិសកម្មតាំងពីពេលដែលសកម្មភាពនោះបាន ធ្វើឡើងដោយយោងទៅតាមសច្ចានុមតិរបស់ភាគី ។

មាត្រា ៥៨.-អ្នកជំនួយ

១-បើមានភាពចាំបាច់ដើម្បីឱ្យ បំភ្លឺនូវទំនាក់ទំនងនៃបណ្តឹងឱ្យបានច្បាស់លាស់នោះភាគី ឬ អ្នកតំណាងដោយអាណត្តិ អាចចូលទៅតុលាការជាមួយអ្នកជំនួយ ដោយមានការអនុញ្ញាតពីតុលាការ ។

២-ការអនុញ្ញាតដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចលុបចោលនៅពេលណាក៏បានដែរ ។

៣-សេចក្តីថ្លែងការណ៍របស់អ្នកជំនួយ ត្រូវទុកជាសេចក្តីថ្លែងការណ៍ដែលភាគី ឬ តំណាងដោយអាណត្តិ បានធ្វើឡើងដោយខ្លួនឯង លើកលែងតែករណីដែលភាគី ឬ តំណាង ដោយអាណត្តិលុបចោល ឬ កែតម្រូវភ្លាមៗ ។