គន្ថីទី ១

បទប្បញ្ញត្តិទូទៅ

ជំពូកទី ១

គោលបំណងនៃក្រមនីតិវិធីរដ្ឋប្បវេណី គោលបំណងនៃបណ្តឹងរដ្ឋប្បវេណី ការទទួលខុសត្រូវរបស់តុលាការ និង គូភាគី

មាត្រា ១.-គោលបំណងនៃក្រមនីតិវិធីរដ្ឋប្បវេណី

នីតិវិធីដែលទាក់ទងទៅនឹងបណ្តឹងរដ្ឋប្បវេណី ត្រូវធ្វើតាមបញ្ញត្តិនៃក្រមនេះ លើក​លែង​តែ​ក្នុង​ករណី​ដែលច្បាប់ផ្សេងបានកំណត់ពិសេស ។

មាត្រា ២.-គោលបំណងនៃបណ្តឹងរដ្ឋប្បវេណី សិទ្ធិពឹងពាក់តុលាការ

១-បណ្តឹងរដ្ឋប្បវេណីមានគោលបំណងឱ្យតុលាការដោះស្រាយវិវាទរដ្ឋប្បវេណី ដោយផ្អែកលើច្បាប់ ដើម្បីការពារសិទ្ធិរបស់បុគ្គលឯកជន ។

២-ជនគ្រប់រូបត្រូវបានធានានូវសិទ្ធិពឹងពាក់តុលាការចំពោះវិវាទរដ្ឋប្បវេណី ។

មាត្រា ៣.-សិទ្ធិទាមទារឱ្យសាកសួរគោលការណ៍ចំពោះមុខ

១-ភាគីណាក៏មិនអាចត្រូវបានជម្រះក្តីដោយមិនបានសាកសួរ ឬ កោះហៅឡើយ ។

២-ក្នុងករណីណាក៏ដោយ តុលាការត្រូវគោរពគោលការណ៍ចំពោះមុខ ។

មាត្រា ៤.-ការទទួលខុសត្រូវរបស់តុលាការ និង ភាគី

តុលាការត្រូវប្រឹងប្រែង​ ដើម្បីរ៉ាប់រងបណ្តឹងរដ្ឋប្បវេណីឱ្យ ប្រព្រឹត្តទៅដោយមានភាព យុត្តិ​ធម៌​និងឆាប់រហ័ស ឯភាគីត្រូវអនុវត្តបណ្តឹងរដ្ឋប្បវេណីដោយសុចវិតនិងស្មោះត្រង់ ។

មាត្រា ៥.-ភាសាដែលប្រើក្នុងតុលាការ សិទ្ធិរបស់ភាគីក្នុងការស្នើសុំឱ្យ មានអ្នកបកប្រែ

១-នៅក្នុងតុលាការ ត្រូវប្រើភាសាខ្មែរ ។

២-ភាគីដែលមិនអាចយល់ភាសាខ្មែរ អាចស្នើសុំរកអ្នកបកប្រែភាសាដែលមាន លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ហើយប្រសិនបើសាមីខ្លួនពុំមានលទ្ធភាពរកខ្លួនឯងបានទេ រដ្ឋត្រូវរកជំនួស ។

មាត្រា ៦.-ការចូលរួមរបស់តំណាងអយ្យការ

១-ក្នុងករណីដែលយល់ឃើញថា ចាំបាច់ត្រូវការពារផលប្រយោជន៍សាធារណៈ តុលាការ​ត្រូវ​ជូន​ដំណឹងទៅតំណាងអយ្យការថា ពាក្យបណ្តឹងត្រូវបានទទួល ។

២-ទោះបីជាគ្មានការជូនដំណឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ពី​តុលាការ​ក៏ដោយ ក៏តំណាងអយ្យការ អាចចូលរួមក្នុងនីតិវិធីនៃបណ្តឹងរដ្ឋប្បវេណី និង បញ្ចេញយោបល់បានដែរ ប្រសិនបើខ្លួនយល់ឃើញថា ចាំបាច់ត្រូវការពារផលប្រយោជន៍ សាធារណៈ ។