ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី១៖ បទប្បញ្ត្តិទូទៅ
ជំពូកទី ៤៖ ប្រាក់ប្រដាប់ក្តី
ផ្នែកទី ១៖ អត្ថន័យ និង ប្រភេទនៃប្រាក់ប្រដាប់ក្តី
មាត្រា ៥៩.-ទំហំ និង ចំនួននៃបា្រក់ប្រដាប់ក្តីរដ្ឋប្បវេណីដែលភាគី ឬ បុគ្គលផ្សេងត្រូវទទួលបន្ទុក
យោងទៅតាមបញ្ញត្តិនៃមាត្រា ៦៤ (ភាគដែលត្រូវទទួលបន្ទុក និង ការសងវិញនូវបា្រក់ប្រដាប់ក្តីដែលបានបង់រួចហើយ) នៃក្រមនេះ ភាគី ឬ បុគ្គលផេ្សង ត្រូវទទួលបន្ទុកក្នុងការបង់ប្រាក់ប្រដាប់ក្តីតុលាការដែលបានកំណត់នៅក្នុងមាត្រា ៦១ (ពន្ធដាក់ពាក្យសុំ) និង មាត្រា ៦២ (ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ) និង ប្រាក់ប្រដាប់ក្តីភាគីដែលបានកំណត់នៅក្នុងមាត្រា ៦៣ (បា្រក់ប្រដាប់ក្តីភាគី) នៃក្រមនេះ ។
មាត្រា ៦០.-ការគណនាតម្លៃកម្មវត្ថុនៃបណ្ដឹង ការគណនាតម្លៃក្នុងករណីបណ្ដឹងទាមទារច្រើនចំណុច
១-តម្លៃកម្មវត្ថុនៃបណ្តឹងត្រូវបានគណនា ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍ ដែលបានទាមទារក្នុងបណ្តឹងនោះ ។ ក្នុងករណីដែលការទាមទារច្រើនចំណុចក្នុងបណ្តឹងតែមួយ តម្លៃសរុបនៃការទាមទារទាំងនោះ ត្រូវបានចាត់ទុកជាតម្លៃកម្មវត្ថុនៃបណ្តឹង ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះការទាមទារនីមួយៗ ក្នុងករណីដែលផលប្រយោជន៍ដែលបានទាមទារ មានលក្ខណៈដូចគ្នាចំពោះការទាមទារនីមួយៗនោះ ។
២-ក្នុងករណីដែលការទាមទារលើផល សំណងនៃការខូចខាត បា្រក់ធានាសងក្នុង ករណីបំពានកិច្ចសន្យា ឬ សោហ៊ុយ គឺជាកម្មវត្ថុបន្ទាប់បន្សំនៃបណ្ដឹង នោះតម្លៃទាំងនោះ មិនត្រូវបូក សរុបលើការគណនាតម្លៃកម្មវត្ថុនៃបណ្តឹងឡើយ ។
៣-ក្នុងករណីដែលមានការពិបាកក្នុងការគណនាតម្លៃដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវកំណត់តម្លៃនោះ ដោយឆន្ទានុសិទ្ធិសមហេតុផល ។ ក្នុងករណីដែលតម្លៃនោះមិនអាចគណនាបានទេ នោះត្រូវចាត់ទុកថាមានចំនួន ៥.៥០០.០០០ (ប្រាំលានបាំសែន) រៀល ។
មាត្រា ៦១.-ពន្ធដាក់ពាក្យសុំ
១-ពេលដែលដាក់ពាក្យបណ្តឹង ត្រូវបង់ពន្ធដែលមានចំនួនប្រាក់ដោយគណនាទៅ តាមតម្លៃកម្មវត្ថុនៃបណ្តឹងដែលបានកំណត់ក្នុង ចំណុចនីមួយៗខាងក្រោមនេះ ទៅតុលាការ :
ក-ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្ដឹង ដល់ ១០.០០០.០០០ (ដប់លាន) រៀល ក្នុង ចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ១.០០០ (មួយពាន់) រៀល ។
ខ-ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្តឹងដែលលើស ១០.០០០.០០០ (ដប់លាន) រៀលដល់ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ៧០០ (ប្រាំពីររយ) រៀល ។
គ-ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្តឹងដែលលើស ១០០.០០០.០០០ (មួយរយលាន) រៀលដល់ ១.០០០.០០០.០០០ (មួយពាន់លាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ៣០០ (បីរយ) រៀល ។
ឃ-ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្តឹងដែលលើស ១.០០០.០០០.០០០ (មួយពាន់លាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ១០០ (មួយរយ) រៀល ។
២-តម្លៃកម្មវត្ថុនៃបណ្ដឹង ដែលជាមូលដ្ឋានដើម្បីធ្វើការគណនាពន្ធដែលបានកំណត់ ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវគណនាតាមបញ្ញត្តិនៃមាត្រា ៦០ (ការគណនាតម្លៃកម្មវត្ថុនៃបណ្តឹង ការគណនាតម្លៃក្នុងករណីបណ្ដឹងទាមទារច្រើនចំណុច) នៃក្រមនេះ ។
៣-ចំពោះការដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ត្រូវបង់ពន្ធ ១,៥ ដង (មួយក្បៀសប្រាំដង) នៃពន្ធដែល បានគណនាតាមកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ រីឯចំពោះការដាក់ពាក្យបណ្តឹងសាទុក្ខវិញ ត្រូវបង់ពន្ធ ២ ដង (ពីរដង) នៃពន្ធដែលបានគណនាតាមកថាខណ្ទី ១ និង ទី ២ ខាងលើនេះ ទៅតុលាការ ។
៤-ចំពោះការដាក់ពាក្យបណ្តឹងជំនុំជម្រះសាជាថ្មី ត្រូវបង់ ១០.០០០ (មួយម៉ឺន) រៀល ទៅតុលាការ ។
៥-ចំពោះការដាក់ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ត្រូវបង់ពន្ធដែលមានចំនួន ១ ភាគ ២ (មួយភាគពីរ) នៃចំនួនប្រាក់ដោយគណនាតាមកថាខណ្ឌទី ១ ខាងលើនេះ ទៅតាមតម្លៃកម្មវត្ថុនៃការទាមទារ ។ បើចាត់ទុកថា មានការដាក់ពាក្យបណ្តឹង តាមបញ្ញត្តិនៃ កថាខណ្ឌទី ២ នៃមាត្រា ៣២៧ (អានុភាពនៃពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅមុនការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន) ឬ មាត្រា ៣៣១ (ការផ្ទេរនីតិវិធីដាស់តឿនទៅនីតិវិធីនៃបណ្ដឹង ដោយពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន) នៃក្រមនេះ អ្នកដែលបានដាក់ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ត្រូវបង់ពន្ធចំនួនប្រាក់ដែលគណនា ដោយដកចំនួនពន្ធដែលខ្លួនបានបង់ ចំពោះការដាក់ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ពីចំនួនពន្ធដែលបានគណនាតាមកថាខណ្ឌទី ១ ខាងលើនេះ ។
៦-ចំពោះករណីដាក់ពាក្យសុំទៅតុលាការសម្រេចសេចក្តី ក្រៅពីការកំណត់នៅក្នុងបញ្ញត្តិនៃកថាខណ្ឌទី ១ និង បញ្ញត្តិពីកថាខណ្ឌទី ៣ ទៅទី ៥ ត្រូវបង់ ៥.០០០ (ប្រាំពាន់) រៀលទៅតុលាការ ។
៧-ការបង់ពន្ធត្រូវធ្វើដោយការបង់ប្រាក់នៅកន្លែងទទួលពាក្យនៃតុលាការ ។ ពាក្យសុំដែលមិនបានបង់ពន្ធនៅពេលដាក់ទេ ត្រូវចាត់ទុកថាជាពាក្យសុំមិនស្របច្បាប់ ។
៨-ក្នុងករណីដែលបានរៀបរាប់ខាងក្រោមនេះ យោលទៅតាមពាក្យសុំរបស់អ្នកដែល បានបង់ តុលាការនឹងត្រូវសងនូវពន្ធដែលកំណត់ដោយចំណុចខាងក្រោមនេះ :
ក-ករណីដែលបង់ពន្ធលើស : សងពន្ធដែលបានបង់លើសទៅវិញ ។
ខ-ករណីដែលការផ្សះផ្សាបានលទ្ធផលមុនពេលធ្វើការទាញហេតុផលដោយផ្ទាល់មាត់ ករណីដែលដកពាក្យបណ្ដឹងមុនពេលចប់កាលបរិច្ឆេទនៃការទាញហេតុផលដោយ ផ្ទាល់មាត់លើកដំបូង និង ករណីដែលសេចក្តីសម្រេចលើកចោលពាក្យបណ្ដឹងដោយមិនឆ្លង កាត់ការទាញហេតុផលដោយផ្ទាល់មាត់ ចូលជាស្ថាពរ : សងពាក់កណ្តាលនៃពន្ធដែលបាន បង់ហើយទៅវិញ ។
មាត្រា ៦២.-បា្រក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ
១- ភាគី ឬ បុគ្គលដែលទាក់ទងនឹងរឿងក្តី ត្រូវបង់ប្រាក់ប្រដាប់ក្តីខាងក្រោមនេះទៅតាមចំនួនទឹកប្រាក់ដែលកំណត់ដោយតុលាការ :
ក-ចំនួនទឹកប្រាក់ ចាំបាច់ដើម្បីឱ្យតុលាការធ្វើការពិនិត្យភស្តុតាង ការបញ្ជូនឯកសារ ឬ សកម្មភាពផ្សេងទៀត តាមនីតិវិធីក្នុងបណ្ដឹងរដ្ឋប្បវេណី ។
ខ-ចំនួនទឹកប្រាក់ស្មើនឹងសោហ៊ុយធ្វើដំណើរ និង សោហ៊ុយស្នាក់នៅដែលចាំបាច់សម្រាប់ចៅក្រម និង ក្រឡាបញ្ជីក្នុងករណីដែលត្រូវធ្វើការពិនិត្យភស្តុតាង ការស្រាវជាវអង្គហេតុ ឬ សកម្មភាពផ្សេងទៀត ដែលប្រព្រឹត្តទៅនៅក្រៅតុលាការ ។
២-ភាគី ឬ បុគ្គលដែលទាក់ទងនឹងរឿងក្តី ដែលត្រូវបង់ប្រាក់ប្រដាប់ក្តីដូចបានកំណត់ ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះប្រាក់ប្រដាប់ក្តីសម្រាប់សកម្មភាពដែលធ្វើឡើងដោយពាក្យសុំ គឺអ្នកដាក់ពាក្យសុំ រីឯចំពោះប្រាក់ប្រដាប់ក្តីសម្រាប់សកម្មភាពដែលធ្វើឡើងដោយ ឆន្ទានុសិទ្ធិរបស់តុលាការ គឺអ្នកដែលតុលាការបានកំណត់ឱ្យបង់ ។
៣-ចំពោះសកម្មភាពដែលត្រូវបង់ប្រាក់ប្រដាប់ក្តីតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវបង្គាប់ឱ្យភាគី ឬ បុគ្គលដែលទាក់ទងនឹងរឿងក្តី បង់ចំនួននោះជាមុន ។
៤-ក្នុងករណីដែលតុលាការបានបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីជាមុន តាមបញ្ញត្តិនៃ កថាខណ្ឌទី ៣ ខាងលើនេះ តែសាមីខ្លួនមិនបានបង់ជាមុនទេនោះ តុលាការអាចមិនធ្វើនូវ សកម្មភាពដែលចាំបាច់ត្រូវមានប្រាក់ប្រដាប់ក្តីនោះបាន ។
៥-ចំពោះប្រាក់ប្រដាប់ក្តីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ដែលមិនបានបង់ជាមុនទេ តុលាការអាចប្រមូលពីអ្នកដែលត្រូវទទួលបន្ទុកលើការបង់ប្រាក់ប្រដាប់ក្តីនោះបានដោយ អាស័្រយលើដីកាសម្រេចរបស់តុលាការ តាមបញ្ញត្តិនៃមាត្រា ៦៤ (ភាគដែលត្រូវទទួល បន្ទុក និង ការសងវិញនូវបា្រក់ប្រដាប់ក្តីដែលបានបង់រួចហើយ) នៃក្រមនេះ ។
មាត្រា ៦៣.-បា្រក់ប្រដាប់ក្តីភាគី
ក្រៅពីការកំណត់នៅក្នុងមាត្រា ៦១ (ពន្ធដាក់ពាក្យសុំ) និង មាត្រា ៦២ (បា្រក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ) ខាងលើនេះ ចំនួនទឹកប្រាក់ដែលតុលាការកំណត់ថាសមរម្យដោយ គិតពិចារណានូវលក្ខណៈនៃរឿងក្តី ឬ លទ្ធភាពទ្រព្យធនរបស់ភាគី ជាអាទិ៍ ក្នុងចំណោមការកំណត់ក្នុងចំណុចខាងក្រោមនេះ ក៏ត្រូវចាត់ទុកថាជាបាក់ប្រដាប់ក្តីដែរ :
ក-ថ្លៃធ្វើលិខិត ដូចជា លិខិតពាក្យបណ្តឹង លិខិតពាក្យសុំផ្សេងទៀត ឬ ឯកសារផ្សេងៗ ដូចជា ឯកសារត្រៀម ជាអាទិ៍ និង ថ្លៃដាក់ឯកសារនោះទៅតុលាការ ។
ខ-សោហ៊ុយធ្វើដំណើរ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ និង សោហ៊ុយស្នាក់នៅសម្រាប់ភាគី និងអ្នកតំណាង ដើម្បីបង្ហាញខ្លួនតាមកាលបរិច្ឆេទដែលបានកំណត់ ។
គ-សោហ៊ុយផ្សេងទៀត ដែលតុលាការទទួលស្គាល់ថាជាសោហ៊ុយចាំបាច់ សម្រាប់ការអនុវត្តនូវនីតិវិធីបណ្ដឹង ។
ផ្នែកទី ២៖ បន្ទុកនៃប្រាក់ប្រដាប់ក្តី
មាត្រា ៦៤.-ភាគដែលត្រូវទទួលបន្ទុក និង ការសងវិញនូវបាក់ប្រដាប់ក្តីដែលបានបង់រួចហើយ
១-បា្រក់ប្រដាប់ក្តី គឺជាបន្ទុករបស់ភាគីចាញ់ក្តី ។ ក្នុងករណីដែលបានចាញ់ក្ដីតែមួយភាគទេ តុលាការត្រូវសម្រេចនូវបន្ទុកដែលភាគីម្នាក់ៗត្រូវទទួល ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។
២-ទោះបីមានកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ ក៏តុលាការអាចសម្រេចតាមកាលៈទេសៈឱ្យភាគីឈ្នះក្តីទទួលបន្ទុកបង់បា្រក់ប្រដាប់ក្តីទាំងអស់ ឬ មួយភាគបាន ក្នុងករណីដែល ភាគីឈ្នះក្តីនោះបានប្រព្រឹត្តសកម្មភាពបណ្តឹងណាមួយ ដែលមិនចាំបាច់ក្នុងការតទល់ ឬ ការការពារខ្លួន ឬ បានធ្វើនីតិវិធីនៃបណ្តឹងឱ្យមានការយឺតយ៉ាវ ។
៣-អ្នកដែលធ្វើសហបណ្តឹងត្រូវទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តីស្មើភាពគ្នា ។ ប៉ុន្តែ តុលាការអាចសម្រេចតាមកាលៈទេសៈ ឱ្យភាគីដែលធ្វើសហបណ្តឹងទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តី ដោយសាមគ្គីភាពបាន ឬ អាចសម្រេចឱ្យភាគីណាមួយដែលបានប្រព្រឹត្តសកម្មភាពបណ្ដឹងណាដែលមិនចាំបាច់ក្នុងការតទល់ ឬ ការការពារខ្លួន ទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តីច្រើនជាងភាគីដែលធ្វើសហបណ្តឹងផ្សេងទៀតបាន ។
៤-ក្នុងករណីដែលអ្នកតំណាងដែលច្បាប់បានកំណត់ អ្នកតំណាងដោយអាណត្តិ ឬ ក្រឡាបញ្ជី បានធ្វើឱ្យចំនួនទឹកប្រាក់ប្រដាប់ក្តីដែលគ្មានប្រយោជន៍កើតឡើង ដោយចេតនា ឬ ដោយមានកំហុសធ្ងន់ធ្ងររបស់ខ្លួន តុលាការដែលបានទទួលពាក្យបណ្តឹង អាចបង្គាប់ឱ្យអ្នកនោះសងនូវចំនួននៃបា្រក់ប្រដាប់ក្តីនោះវិញបាន ដោយដីកាសម្រេច តាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។
៥-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៤ ខាងលើនេះអាចប្ដឹងជំទាស់បាន ។
មាត្រា ៦៥.-ការសម្រេចសេចក្ដីលើបន្ទុកនៃការបង់ប្រាក់ប្រដាប់ក្តី
១-ក្នុងការសម្រេចសេចក្តីដើម្បីបញ្ចប់រឿងក្តី តុលាការត្រូវធ្វើការសម្រេចសេចក្តីអំពី បន្ទុកនៃប្រាក់ប្រដាប់ក្តីទាំងអស់ នៅថ្នាក់នៃការជម្រះក្តីនោះ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។
២-ក្នុងករណីដែលតុលាការជាន់ខ្ពស់បានផ្លាស់ប្តូរសេចក្តីសម្រេចអង្គសេចក្តី តុលាការត្រូវធ្វើការសម្រេចអំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីទាំងអស់ឡើងវិញ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីដែលតុលាការដែលទទួលបណ្តឹងដែលត្រូវបានបញ្ជូនត្រឡប់មកវិញ ឬ ត្រូវបានផ្ទេរសម្រេចសេចក្តីដើម្បីបញ្ចប់រឿងក្តីនោះ ។
៣-ក្នុងករណីដែលរឿងក្តីនោះបានចប់ដោយមិនធ្វើទៅតាមការសម្រេចសេចក្តីទេ នោះតុលាការនៃការជំនុំជម្រះលើកទី ១ ត្រូវបង្គាប់ឱ្យទទួលបន្ទុកក្នុងការបង់ប្រាក់ប្រដាប់ក្តីនោះ តាមពាក្យសុំ ដោយដីកាសម្រេច ។ ប៉ុន្តែចំពោះបណ្តឹងដែល បានផ្សះផ្សាគ្នាហើយនោះ បា្រក់ប្រដាប់ក្តីត្រូវបានបង់ទៅតាមការព្រមព្រៀងគ្នា ហើយប្រសិនបើគ្មានការព្រមពៀងគ្នាទេ ភាគីនីមួយៗត្រូវទទួលបន្ទុកក្នុងការបង់រៀងៗខ្លួន ។
មាត្រា ៦៦.-នីតិវិធីដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី
១-ចំនួនប្រាក់ប្រដាប់ក្តីដែលត្រូវទទួលបន្ទុកបង់ ត្រូវកំណត់ដោយក្រឡាបញ្ជីរបស់ តុលាការនៃការជំនុំជម្រះលើកទី ១ តាមពាក្យសុំ នៅក្រោយពេលដែលសេចក្តីសម្រេចអំពី បន្ទុកនោះបានបង្កើតអានុភាពនៃការអនុវត្ត ។
២-ចំពោះករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើគូភាគីទាំងសង ខាងទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តី បា្រក់ដែលភាគីនីមួយៗត្រូវទទួលបន្ទុកបង់នោះ ត្រូវបានចាត់ទុកថា បានធ្វើការទូទាត់ជាមួយនឹងគ្នា ចំពោះចំនួនទឹកប្រាក់ដែលត្រូវគ្នារួចហើយ ។
៣-ការចាត់ចែងលើពាក្យសុំដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ នឹងមាន អានុភាព បន្ទាប់ពីបានជូនដំណឹង តាមរបៀបដែលអាចចាត់ទុកថាសមរម្យ ។
៤-ការធ្វើបណ្តឹងតវ៉ាចំពោះការចាត់ចែងដែល បានកំណត់ក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ត្រូវធ្វើឡើងក្នុងអំឡុងពេល ១ (មួយ) សបា្តហ៍ ក្រោយពីបានទទួលដំណឹងនោះ ។
ក្នុងករណីដែលតុលាការទទួលស្គាល់ថា បណ្តឹងតវ៉ានោះមានមូលហេតុត្រឹមត្រូវ តុលាការត្រូវកំណត់ចំនួននៃបន្ទុកបា្រក់ប្រដាប់ក្តី ដោយខ្លួនឯង ។
៥-អំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៤ ខាងលើនេះ មិនអាចពន្យារបានឡើយ ។
ផ្នែកទី ៣៖ ប្រាតិភោគលើប្រាក់ប្រដាប់ក្តី
មាត្រា ៦៧.-ដីកាសម្រេចបង្គាប់ឱ្យដាក់បា្រតិភោគ
១-ប្រសិនបើដើមចោទគ្មានលំនៅឋាន ទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជាទេ តុលាការត្រូវបង្គាប់ឱ្យដើមចោទដាក់បា្រតិភោគលើបា្រក់ប្រដាប់ក្តី តាមពាក្យសុំរបស់ចុងចម្លើយ ដោយដីកាសម្រេច ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីដែលប្រាតិភោគនោះមានការខ្វះខាត ។
២-ប្រសិនបើចុងចម្លើយ បានធ្វើសេចក្តីដោះសានៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញ ហេតុផល ឬ បានឆ្លើយទាញហេតុផលអំពីអង្គសេចក្តីនៃបណ្ដឹងនៅក្នុងការទាញហេតុផល ដោយផ្ទាល់មាត់ ក្រោយពីបានដឹងថា មានមូលហេតុដែលតម្រូវឱ្យដាក់ប្រាតិភោគ នោះចុង ចម្លើយមិនអាចដាក់ពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះបានឡើយ ។
៣-ចុងចម្លើយដែលបានដាក់ពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ នេះ អាចបដិសេធមិនព្រមតទល់នឹងបណ្តឹងនេះរហូតដល់ពេលដែលដើមចោទដាក់បា្រតិភោគ បាន ។
៤-តុលាការត្រូវកំណត់នូវចំនួននៃបា្រតិភោគ និង អំឡុងពេលដែលត្រូវដាក់បា្រតិភោគ នៅក្នុងដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
៥-ចំនួននៃបា្រតិភោគ ត្រូវកំណត់ដោយយកចំនួនសរុបនៃប្រាក់ប្រដាប់ក្តីដែលចុង ចម្លើយត្រូវចំណាយនៅគ្រប់ថ្នាក់នៃការជំនុំជម្រះ ជាមូលដ្ឋាន ។
៦-ចំពោះដីកាសម្រេចអំពីពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
មាត្រា ៦៨.-អានុភាពនៃការមិនដាក់បា្រតិភោគ
ប្រសិនបើដើមចោទ មិនបានដាក់ប្រាតិភោគ ក្នុងអំឡុងពេលដែលត្រូវដាក់នោះទេ តុលាការអាចលើកចោលនូវបណ្តឹងទ្បើងដោយសាលក្រម ដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់បាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលប្រាតិភោគត្រូវបានដាក់មុនពេលចេញសាលក្រម ។
ផ្នែកទី ៤៖ ជំនួយសង្គ្រោះលើបណ្ដឹង
មាត្រា ៦៩.-ការផ្តល់ជំនួយសង្គ្រោះលើបណ្តឹង
១-ចំពោះបុគ្គលដែលគ្មានលទ្ធភាពទ្រព្យធននឹងបង់ប្រាក់ដែលចាំបាច់ដើម្បីរៀបចំ និង ប្រព្រឹត្តទៅនីតិវិធីបណ្តឹង ឬ បុគ្គលដែលអាចមានការលំបាកយ៉ាងខ្លាំងក្នុងការទ្រទ្រង់ជីវភាព ដោយសារការបង់ប្រាក់នេះ តុលាការអាចចេញដីកាសម្រេចឱ្យជួយសង្គ្រោះលើបណ្តឹង តាមពាក្យសុំ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលច្បាស់ ជាគ្មានលទ្ធភាពនឹងឈ្នះក្តីសោះ ។
២-ដីកាសម្រេចឱ្យជួយសង្គ្រោះនេះ ត្រូវធ្វើឡើងតាមថ្នាក់នៃការជំនុំជម្រះនីមួយៗ ។
៣-ចំពោះហេតុនៃការផ្តល់ជំនួយសង្គ្រោះលើបបណ្តឹងត្រូវធ្វើសេចក្តីបញ្ជាក់ដំបូង។
មាត្រា ៧០.-ខ្លឹមសារនៃជំនួយសង្គ្រោះលើបណ្តឹង
១-ដីកាសម្រេចឱ្យជួយសង្គ្រោះលើបណ្ដឹង ត្រូវមានអានុភាពទៅតាមការកំណត់ក្នុង ដីកាសម្រេច ដូចខាងក្រោមនេះ :
ក-ការពន្យារពេលបង់ប្រាក់ប្រដាប់ក្តីតុលាការ ។
ខ-ការអនុគ្រោះមិនបាច់ឱ្យ បង់ប្រាក់ប្រដាប់ក្តីតុលាការ។ ប៉ុន្តែ ការសម្រេចនេះអាចធ្វើបានចំពោះតែករណីណាដែលតុលាការបានយល់ឃើញថាសមរម្យ ដោយគិត ពិចារណាលើលទ្ធភាពទ្រព្យធនរបស់ភាគី ជាអាទិ៍ នៅក្រោយពេលដែលការពន្យារ ពេលនេះបានរលត់ ។
២-ដីកាសម្រេចឱ្យជួយសង្គ្រោះលើបណ្តឹងនេះ អាចមានអានុភាពទៅលើតែបុគ្គលដែលបានទទួលដីកានេះតែប៉ុណ្ណោះ ។
៣-ក្នុងករណីដែលបុគ្គលដែលបានទទួលដីកាសម្រេចឱ្យ ជួយសង្គ្រោះលើបណ្តឹងត្រូវបានយល់ឃើញថា គ្មានល័ក្ខខ័ណ្ឌដែលបានកំណត់ក្នុងមាត្រា ៦៩ (ការផ្តល់ជំនួយសង្គ្រោះលើបណ្តឹង) ខាងលើនេះ ឬ បុគ្គលនោះបានបាត់បង់ល័ក្ខខ័ណ្ឌនោះ តុលារដែលមានសំណុំរឿង អាចលុបចោលដីកាសម្រេចឱ្យជួយសង្គ្រោះលើបណ្តឹងនេះ ហើយបង្គាប់ឱ្យភាគីនោះ បង់ប្រាក់ដែលតុលាការបានពន្យារ ឬ អនុគ្រោះមិនឱ្យបង់ នៅពេលណាក៏បាន តាមពាក្យសុំរបស់បុគ្គលដែលមានទំនាក់ទំនងនឹងផលប្រយោជន៍ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ដោយដីកាសម្រេច ។
៤-ចំពោះដីកាសម្រេចដែលបានកំណត់ក្នុងមាត្រា ៦៩ (ការផ្តល់ជំនួយសង្គ្រោះលើបណ្តឹង) នៃក្រមនេះ និង មាត្រានេះ អាចប្ដឹងជំទាស់បាន ។