ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី១

បទប្បញ្ញត្តិទូទៅ

ជំពូកទី ៥

ប្រាតិភោគលើបណ្តឹង

មាត្រា ៧១.-វិធីដាក់បា្រតិភោគ និង ការប្តូរប្រាតិភោគ

១-ការដាក់បា្រតិភោគ ត្រូវធ្វើតាមវិធីតម្កល់ជាបា្រក់ ឬ ជាឧបករណ៍អាចជួញដូរបាន ដែលតុលាការទទួលស្គាល់ថាសមរម្យ នៅកន្លែងតម្កល់ ឬ វិធីផ្ញើបា្រក់ ឬ ឧបករណ៍អាចជួញដូរ បានដែលតុលាការទទួលស្គាល់ថាសមរម្យ នៅតុលាការ ឬ វិធីដែលបានកំណត់ផេ្សង ។

២-តុលាការអាចបង្គាប់ឱ្យប្តូរប្រាតិភោគ តាមពាក្យសុំរបស់អ្នកដែលបានដាក់បា្រតិ ភោគនោះដោយដីសម្រេចបាន។ ប៉ុន្តែ បញ្ញត្តិនេះមិនបិទសិទ្ធិរបស់ភាគី ក្នុងការប្តូរបា្រតិភោគនោះ ទៅបា្រតិភោគផ្សេងទៀត តាមកិច្ចសន្យាឡើយ ។

មាត្រា ៧២.-សិទ្ធិរបស់អ្នកដែលទទួលការផ្តល់ប្រាតិភោគ

បុគ្គលដែលទទួលការផ្តល់ប្រាតិភោគដើម្បីជាផលប្រយោជន៍របស់ខ្លួន មានសិទ្ធិជាអាទិភាពទៅលើម្ចាស់បំណុលផ្សេងទៀត ក្នុងការទទួលការសងចំពោះប្រាក់ ឬ ឧបករណ៍ អាចជួញដូរបានដែលត្រូវបានតម្កល់ ឬ ធ្វើ តាមបញ្ញត្តិនៃមាត្រា ៧១ (វិធីដាក់បា្រតិភោគ និង ការប្តូរប្រាតិភោគ) ខាងលើនេះ ដើម្បីសងចំពោះសិទ្ធិលើបំណុលដែលត្រូវបានធានា ។

មាត្រា ៧៣.-ការលុបចោលនូវប្រាតិភោគ

១-អ្នកមានសិទ្ធិលើប្រាតិភោគ ក្នុងមាត្រានេះ សំដៅទៅលើបុគ្គលដែលទទួលការផ្តល់ប្រាតិភោគ ដើម្បីជាផលប្រយោជន៍របស់ខ្លួន ។

២-ប្រសិនបើអ្នកដែលបានដាក់ប្រាតិភោគ បានបញ្ជាក់នូវការរលត់នៃហេតុដែល  ត្រូវដាក់ប្រាតិភោគ តុលាការត្រូវចេញដីកាសម្រេចលុបចោលនូវប្រាតិភោគនោះតាមពាក្យសុំ ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នា ចំពោះករណីអ្នក ដែលបានដាក់ប្រាតិភោគ បានបញ្ជាក់ថា ខ្លួនបានទទួលការយល់ព្រមពីអ្នកមានសិទ្ធិលើ ប្រាតិភោគអំពីការលុបចោលប្រាតិភោគនោះ ។

៤-ក្រោយពីហេតុដែលអ្នកមានសិទ្ធិលើប្រាតិភោគអាចប្រើសិទ្ធិរបស់ខ្លួននោះ បានកើតមានឡើង ប្រសិនបើតុលាការជូនដំណឹងឱ្យអ្នកមានសិទ្ធិលើប្រាតិភោគថា ខ្លួនត្រូវប្រើសិទ្ធិរបស់ខ្លួននោះក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ តាមពាក្យសុំរបស់អ្នកដែលបានដាក់បា្រតិភោគ តែអ្នកមានសិទ្ធិលើប្រាតិភោគនោះមិនបានប្រើសិទ្ធិរបស់ខ្លួនទេ អ្នកមានសិទ្ធិលើប្រាតិភោគនោះ ត្រូវបានចាត់ទុកថា បានយល់ព្រមចំពោះការលុបចោលនូវប្រាតិភោគនោះ ។

៥-ចំពោះដីកាសម្រេច ដែលបានកំណត់នៅកថាខណ្ឌទី ២ និង ទី ៣ ខាងលើនេះអាចប្ដឹងជំទាស់បាន ។