ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី ២៖ នីតិវិធីនៃការជម្រះក្ដីលើកទី ១

ជំពូកទី ១៖ បណ្ដឹង

មាត្រា ៧៤.-ផលប្រយោជន៏នៃបណ្តឹង

បណ្ដឹងអាចធ្វើឡើងបាន ក្នុងករណីដែលបណ្តឹងនោះមានកម្មវត្ថុជាវិវាទតាមផ្លូវច្បាប់ ជាក់ស្តែង និង ដែលវិវាទនោះអាចដោះស្រាយដោយសាលក្រម ។

មាត្រា ៧៥.-របៀបដាក់ពាក្យបណ្តឹង និង ចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្តឹង

១-ការប្តឹង ត្រូវផ្ញើដោយដាក់ពាក្យបណ្ដឹងជាលាយល័ក្ខណ៍អក្សរទៅតុលាការ ។

២-នៅក្នុងលិខិតនៃពាក្យបណ្តឹង ត្រូវសរសេរបញ្ជាក់នូវចំណុចខាងក្រោមនេះ :

ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគី ហើយនិង ឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ។

ខ-ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ និង អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ ។

៣-នៅក្នុងពាក្យបណ្តឹង ក្រៅពីចំណុចដែលបានកំណត់នៅក្នុងចំណុច ខ នៃកថាខណ្ឌទី ២ ខាងលើនេះ ដើមចោទគប្បីសរសេរបញ្ជាក់ឱ្យច្បាស់លាស់នូវអង្គហេតុដែលជា មូលហេតុនៃការទាមទារ និង តាមចំណុចដែលត្រូវការបញ្ជាក់ភស្តុតាង គប្បីសរសេរបញ្ជាក់នូវអង្គហេតុសំខាន់ៗ ក្នុងចំណោមអង្គហេតុទាំងមូលដែលទាក់ទងនឹងអង្គហេតុដែលជា មូលហេតុនៃការទាមទារ និង ភស្តុតាង ។

៤-ពាក្យបណ្តឹងដែលមានសរសេរអំពីមធ្យោបាយតទល់ ឬ ការពារខ្លួនត្រូវចាត់ជាឯកសារត្រៀមផងដែរ ។

មាត្រា ៧៦.-បណ្តឹងទាមទារឱ្យផ្តល់តាវកាលិកនៅពេលអនាគត

បណ្តឹងទាមទារការផ្តល់តាវកាលិកនៅពេលអនាគត អាចធ្វើឡើងបាន លុះត្រាតែមានភាពចាំបាច់តម្រូវឱ្យធ្វើការទាមទារនោះជាមុន ។

មាត្រា ៧៧.-ការបញ្ចូលការទាមទារច្រើនចំណុចទៅក្នុងបណ្ដឹងតែមួយ

ការទាមទារច្រើនចំណុច អាចយកមកបញ្ចូលក្នុងបណ្តឹងតែមួយបាន លុះត្រាតែបណ្ដឹងនោះដោះស្រាយដោយនីតិវិធីប្រភេទដូចគ្នា ។

មាត្រា ៧៨.-ការពិនិត្យពាក្យបណ្តឹង

១-ក្នុងករណីដែលពាក្យបណ្តឹងផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ដទី ២ មាត្រា ៧៥ (របៀបដាក់ពាក្យបណ្ដឹង និង ចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្តឹង) ខាងលើនេះ តុលាការត្រូវកំណត់អំឡុងពេលសមរម្យ និង បង្គាប់ឱ្យកែតម្រូវចំណុចខ្វះ ចំពោះពាក្យបណ្តឹងនោះ ក្នុងអំឡុងពេលនោះ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីដែលពន្ធសម្រាប់ដាក់ពាក្យបណ្ដឹង មិនត្រូវបានបង់តាមបញ្ញត្តិនៃមាត្រា ៦១ (ពន្ធដាក់ពាក្យសុំ) នៃក្រមនេះ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើដើមចោទមិនបានកែតម្រូវចំណុចខ្វះទេ តុលាការត្រូវលើកពាក្យបណ្ដឹងចោលដោយដីកាសម្រេច ។

៣-ចំពោះដីកាសម្រេចដែលបានកំណត់ក្នុងកថាខណ្ឌទី ២ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

មាត្រា ៧៩.-ការបញ្ជូនពាក្យបណ្តឹង

១-ពាក្យបណឺ្តងត្រូវបញ្ជូនទៅចុងចម្លើយជាចាំបាច់ ។

២-បញ្ញត្តិនៃមាត្រា ៧៨ (ការពិនិត្យពាក្យបណ្តឹង) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលពាក្យបណ្តឹងមិនអាចបញ្ជូនទៅបាន ។ បញ្ញត្តិនោះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលដើមចោទមិនបានបង់ប្រាក់ សម្រាប់បញ្ជូនពាក្យបណ្តឹងទុកជាមុន ។

មាត្រា ៨០.-ការកំណត់កាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលលើកដំបូង

១-នៅពេលដែលពាក្យបណ្តឹងត្រូវបានដាក់ហើយ តុលាការត្រូវកំណត់កាលបរិច្ឆេទ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលយ៉ាងរហ័ស និង កោះហៅគូភាគី ។

២-កាលបរិច្ឆេទដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវកំណត់ក្នុងអំឡុងពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពាក្យបណឺងត្រូវបានដាក់ លើកលែងតែក្នុងករណីដែលមានមូលហេតុពិសេស ។

មាត្រា​ ៨១.-ការលើកបណ្តឹងចោល ដោយមិនឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់

ក្នុងករណីដែលបណ្តឹងមានលក្ខណៈផ្ទុយនឹងច្បាប់ ហើយចំណុចខ្វះខាតនោះមិនអាច កែតម្រូវបានទេ តុលាការអាចលើកបណ្តឹងនោះចោល ដោយសាលក្រម ដោយមិនឆ្លងកាត់ ការទាញហេតុផលដោយផ្ទាល់មាត់បាន ។

មាត្រា ៨២.-ការលើកបណ្តឹងចោលក្នុងករណីដែលមិនបានបង់ជាមុននូវបា្រក់សម្រាប់ធ្វើការកោះហៅ

១-ក្នុងករណីដែលតុលាការបានបង្គាប់ឱ្យដើមចោទបង់ជាមុននូវបា្រក់ ដែលជាចាំបាច់សម្រាប់កោះហៅភាគីឱ្យ ចូលមកនៅកាលបរិច្ឆេទតាមបញ្ញត្តិនៃក្រមនេះ ដោយកំណត់ អំឡុងពេលសមរម្យ តែដើមចោទមិនបានបង់ប្រាក់នោះជាមុនទេ តុលាការអាចលើកចោល បណ្តឹងដោយដីកាសម្រេចបាន លុះត្រាតែចុងចម្លើយគ្មានការតវ៉ា ។

២-ចំពោះដីកាសម្រេចដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

មាត្រា ៨៣.-ការហាមបណ្តឹងជាន់គ្នា

ចំពោះរឿងក្តីដែលតុលាការកំពុងចាត់ការ ភាគីមិនអាចប្តឹងទៀតបានឡើយ ។

មាត្រា ៨៤.-ការបន្ថែម ឬ ការផ្លាស់ប្តូរនូវកម្មវត្ថុនៃបណ្តឹង

១-ដើមចោទអាចបន្ថែម ឬ ផ្លាស់ប្តូរនូវកម្មវត្ថុនៃបណ្តឹង រហូតដល់ពេលចប់ការទាញហេតុផលដោយផ្ទាល់មាត់បាន លុះត្រាតែមិនមានការប្តូរមូលដ្ឋាននៃការទាមទារ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលធ្វើឱ្យនីតិវិធីនៃបណ្តឹងមានការ យឺតយ៉ាវខ្លាំងដោយសារការបន្ថែម ឬ ការផ្លាស់ប្តូរនោះ ។

២-ការបន្ថែម ឬ ការផ្លាស់ប្តូរនូវកម្មវត្ថុនៃបណ្តឹង ត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ។

៣-ឯកសារដែលបានកំណត់ក្នុងកថាខណ្ឌទី ២ ខាងលើ ត្រូវបញ្ជូនទៅភាគីម្ខាងទៀត ។

៤-ពេលដែលយល់ឃើញថាការបន្ថែម ឬ ការផ្លាស់ប្តូរនូវកម្មវត្ថុនៃបណ្តឹងមិនត្រឹមត្រូវទេ តុលាការត្រូវចេញដីកាសម្រេចមិនយល់ព្រមនឹងការបន្ថែម ឬ ការផ្លាស់ប្តូរនោះតាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។

មាត្រា ៨៥.-ការប្តឹងទាមទារការបញ្ជាក់ក្នុងដំណើរការពាក់កណ្តាលទី

១-ក្នុងករណីដែលការសម្រេចសេចក្តី អាស្រ័យទៅលើអត្ថិភាព ឬ នត្ថិភាពនៃទំនាក់ទំនងគតិយុត្តដែលជាចំណុចវិវាទ ក្នុងដំណើរការពាក់កណ្តាលទី ដើមចោទអាចពង្រីកការទាមទារ ឬ ចុងចម្លើយអាចប្តឹងតប ដើម្បីឱ្យតុលាការបញ្ជាក់ពីអត្ថិភាព ឬ នត្ថិភាពនៃទំនាក់ទំនងគតិយុត្តដែលជាចំណុចវិវាទ នៅក្នុងសាលក្រមបាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការទាមទារការបញ្ជាក់នោះ ស្ថិតនៅក្រោមសមត្ថកិច្ច ផ្តាច់មុខរបស់តុលាការ ដទៃទៀតតាមច្បាប់ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ២ និង ទី ៣ នៃមាត្រា ៨៤ (ការបន្ថែម ឬ ការផ្លាស់ប្តូរនូវកម្មវត្ថុនៃបណ្តឹង) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការពង្រីកការទាមទារតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។

មាត្រា ៨៦.-បណ្តឹងតប

១-ចុងចម្លើយអាចប្តឹងតប ទៅតុលាការដែលកំពុងចាត់ការបណ្តឹងដើម រហូតដល់ពេលចប់ការទាញហេតុផលដោយផ្ទាល់មាត់បាន លុះត្រាតែការទាមទារដែលជាកម្មវត្ថុនៃបណ្តឹងតបនោះទាក់ទងនឹងការទាមទារដែលជាកម្មវត្ថុនៃបណ្តឹងដើម ឬ មធ្យោបាយការពារខ្លួនសម្រាប់បណ្តឹងដើម ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការទាមទារជាកម្មវត្ថុនៃបណ្តឹងតបនោះ ស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ ដទៃទៀតតាមច្បាប់ ឬ ករណីដែលការប្តឹងតបនោះនឹងធ្វើឱ្យ មានការយឺតយ៉ាវយ៉ាងខ្លាំង ក្នុងនីតិវិធីនៃបណ្តឹង ។

២-បញ្ញត្តិដែលទាក់ទងនឹងបណ្តឹង ត្រូវយកមកអនុវត្តចំពោះបណឹ្តងតប ។

មាត្រា ៨៧.-ពេលនៃការបង្កើតអានុភាពនៃការផ្អាកអាជ្ញាយុកាល ជាអាទិ៍ 

ការទាមទារតាមផ្លូវតុលាការដែលចាំបាច់សម្រាប់ការផ្អាកអាជ្ញាយុកាល ឬ សម្រាប់ការប្រព្រឹត្តទៅតាមអំឡុងពេលគតិយុត្ត នឹងបង្កើតអានុភាពនៅពេលបានដាក់ពាក្យបណ្តឹង ឬ ពេលដែលដាក់ទៅតុលាការនូវឯកសារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ មាត្រា ៨៤ (ការបន្ថែម ឬ ការផ្លាស់ប្តូរនូវកម្មវត្ថុនៃបណ្តឹង) ឬ កថាខណ្ឌទី ២ មាត្រា ៨៤ (ការបន្ថែម ឬ ការផ្លាស់ប្តូរនូវកម្មវត្ថុនៃបណ្តឹង) ដែលត្រូវយកមកអនុវត្តដូចគ្នា នៅក្នុងបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៨៥ (ការប្តឹងទាមទារការបញ្ជាក់ក្នុងដំណើរការពាក់កណ្តាលទី) នៃក្រមនេះ ។

មាត្រា ៨៨.-អនុប្បទាននូវវត្ថុដែលជាកម្មវត្ថុនៃវិវាទ ជាអាទិ៍

១-ទោះបីបណ្តឹងកំពុងត្រូវ បានចាត់ការក៏ដោយ ក៏ភាគីនៃបណ្តឹងមិនត្រូវបានរារាំងក្នុងការធ្វើអនុប្បទាន ឬ ការផ្ទេរវត្ថុដែលជាកម្មវត្ថុនៃវិវាទ ឬ សិទ្ធិឬកាតព្វកិច្ចដែលជាកម្មវត្ថុនៃបណ្តឹងនោះដែរ ។

២-អនុប្បទាន ឬ ការផ្ទេរដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ពុំមាន  ឥទ្ធិពលទៅលើបណ្ដឹងទេ ។ អ្នកដែលបានធ្វើអនុប្បទាន ឬ ផ្ទេរ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ក៏នៅតែមានឋានៈជាភាគីនៃបណ្តឹងដដែល ក្រោយពីបានផ្ទេរ ។

៣-បញ្ញត្តិនៃមាត្រា ៤៨ (ការចូលរួមជួយអន្តរាគមន៍ក្នុងលក្ខណៈដូចជាសហបណ្តឹង) នៃក្រមនេះ ត្រូវយកមកអនុវត្ត ចំពោះករណីដែលអ្នកដែលបានទទួលអនុប្បទាន ឬ ការផ្ទេរដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ក្លាយជាអ្នកចូលរួមជួយអន្តរាគមន៍ ។