ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ២៖ នីតិវិធីនៃការជម្រះក្ដីលើកទី ១
ជំពូកទី ៣៖ ភស្តុតាង
ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅ
មាត្រា ១២៣.-គោលការណ៍សម្រេចសេចក្តីដោយភស្តុតាង
១-តុលាការត្រូវទទួលស្គាល់អង្គហេតុដោយផ្អែកលើភស្តុតាងជាមូលដ្ឋាន ។ ប៉ុន្តែ តុលាការអាចពិចារណាអំពីស្ថានភាពទាំងមូល ដែលបានលេចឡើងនៅពេលធ្វើការទាញ ហេតុផលដោយផ្ទាល់មាត់បាន ។
២-អង្គហេតុដែលភាគីបានសារភាពនៅចំពោះមុខតុលាការ និង អង្គហេតុដែលតុលាការយល់ឃើញថា មានភាពជាក់ស្តែង តុលាការពុំចាំបាច់ទទួលស្គាល់អង្គហេតុនោះ ដោយផ្អែកលើភស្តុតាងទេ ។
៣-ភាគីអាចដកសេចក្តីសារភាពបាន ក្នុងករណីដូចខាងក្រោមនេះ :
ក-ភាគីម្ខាងទៀតពុំតវ៉ា ។
ខ-ការសារភាពនោះ ផ្ទុយនឹងការពិតដោយភាន់ច្រឡំ ។
គ-ការសារភាពនេះបណ្តាលមកពីសកម្មភាពបទល្មើសរបស់អ្នកដទៃ ។
មាត្រា ១២៤.-ការពិនិត្យភស្តុតាង
១-ការពិនិត្យភស្តុតាង ត្រូវធ្វើឡើងតាមការស្នើសុំឱ្យ ពិនិត្យរបស់ភាគី ។
២-ប្រសិនបើតុលាការពុំអាចសម្រេចថា ត្រូវទទួលស្គាល់ ឬ មិនទទួលស្គាល់នូវការ អះអាងអំពីអង្គហេតុ ដោយភស្តុតាងដែលគូភាគីបានស្នើសុំឱ្យពិនិត្យ ឬ បើយល់ឃើញថា មានការចាំបាច់ផ្សេងទៀត នោះតុលាការអាចធ្វើការពិនិត្យភស្តុតាង ដោយឆន្ទានុសិទ្ធិបាន ។
មាត្រា ១២៥.-ការស្នើសុំឱ្យពិនិត្យភស្តុតាង
១-ភាគីដែលស្នើសុំឱ្យពិនិត្យភស្តុតាង ត្រូវតែកំណត់ឱ្យបានជាក់លាក់អំពីអង្គហេតុ ដែលត្រូវបញ្ជាក់ ។
២-ភាគីដែលស្នើសុំឱ្យពិនិត្យភស្តុតាង គប្បីបំភ្លឺឱ្យច្បាស់លាស់អំពីអង្គហេតុដែលត្រូវ បញ្ជាក់ និង ទំនាក់ទំនងរវាងអង្គហេតុនោះនិងភស្តុតាង ។
៣-ការស្នើសុំឱ្យពិនិត្យភស្តុតាង ក៏អាចធ្វើមុនកាលបវិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ មុនកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់បានដែរ ។
៤-ការស្នើសុំឱ្យសាកសួរសាក្សី និង សាមីភាគី បើអាចធ្វើបាន ត្រូវធ្វើជាមួយគ្នាឱ្យស្រេចតែម្តង ។
មាត្រា ១២៦.-ការទទួលយកភស្តុតាង
តុលាការត្រូវពិនិត្យភស្តុតាងដែលភាគីបានស្នើសុំឱ្យពិនិត្យ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្ត ចំពោះភស្តុតាងដែលគ្មានទំនាក់ទំនងជាមួយនឹងអង្គហេតុដែលនឹងត្រូវបញ្ជាក់ និង ភស្តុតាងឯទៀតដែលតុលាការយល់ឃើញថាមិនចាំបាច់ឡើយ ។
មាត្រា ១២៧.-ការពិនិត្យភស្តុតាង ដោយសមូហវិធី
១-តុលាការត្រូវធ្វើឱ្យការពិនិត្យភស្តុតាងអាចប្រព្រឹត្តទៅជាបន្ទាន់ នៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ដំបូង បន្ទាប់ពីបានបញ្ចប់ការរៀបចំចំណុចវិវាទ និងភស្តុតាងរួចហើយ ។
២-ការសាកសួរទៅលើសាក្សី ឬ សាមីភាគី បើអាចធ្វើបាន ត្រូវតែធ្វើដោយសមូហវិធី ។
៣-ឯកសារដែលបម្រុងនឹងប្រើនៅក្នុងការសាកសួរសាក្សី ជាអាទិ៍ ត្រូវដាក់ជូននៅក្នុងអំឡុងពេលដែលសមរម្យ មុនពេលចាប់ផ្តើមធ្វើការសាកសួរទៅលើសាក្សី ជាអាទិ៍ នោះលើកលែងតែឯកសារដែលនឹងប្រើជាភស្តុតាង ដើម្បីប្រជែងលើភាពជំនឿនៃសេចក្តីថ្លែង ការណ៍របស់សាក្សី ជាអាទិ៍ ។
មាត្រា ១២៨.-សិទ្ធិចូលរួមរបស់ភាគី
១-តុលាការត្រូវធានានូវឱកាសឱ្យ មានវត្តមានរបស់ភាគី ដើម្បីចូលរួមក្នុងការពិនិត្យភស្តុតាង ។
២-ការពិនិត្យភស្តុតាង អាចធ្វើទៅបានទៅជាក្នុងករណីដែលភាគីមិនបានចូលខ្លួន តាមកាលបរិច្ឆេទក៏ដោយ ។
មាត្រា ១២៩.-ការពិនិត្យភស្តុតាងនៅបរទេស
១-ការពិនិត្យភស្តុតាងដែលត្រូវធ្វើនៅបរទេស តុលាការត្រូវប្រគល់កិច្ចការនេះទៅក្រសួង ឬ ស្ថាប័នដែលមានសមត្ថកិច្ចនៃប្រទេសនោះ ឬ ឯកអគ្គរាជទូត ភារធារី ឬ កុងស៊ុល របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនោះ ។
២-ការពិនិត្យភស្តុតាងដែលបានធ្វើនៅបរទេស ទោះបីជាក្នុងករណីដែលការពិនិត្យភស្តុងនោះខុសច្បាប់របស់ប្រទេសនោះក៏ដោយ ក៏នៅតែមានសុពលភាពដែរ បើការពិនិត្យភស្តុតាងនោះមិនផ្ទុយនឹងក្រមនេះទេ ។
មាត្រា ១៣០.-ការប្រគល់កិច្ចការស្រាវជ្រាវ
តុលាការអាចប្រគល់កិច្ចការស្រាវជ្រាវដែលចាំបាច់ ទៅស្ថាប័នក្នុងប្រទេស ឬ ស្ថាប័នបរទេសបាន ។
មាត្រា ១៣១.-សេចក្តីបញ្ជាក់ដំបូង
សេចក្តីបញ្ជាក់ដំបូង ត្រូវធ្វើឡើងដោយភស្តុតាងដែលអាចពិនិត្យភ្លាមៗបាន ។
ផ្នែកទី ២៖ ការសាកសួរសាក្សី
មាត្រា ១៣២.-ករណីយកិច្ចរបស់សាក្សី
១-លើកលែងតែក្នុងករណីដែលមានកំណត់ពិសេសនៅក្នុងក្រមនេះ ឬ ច្បាប់ផ្សេង តុលាការអាចសាកសួរជនណាមួយជាសាក្សីក៏បាន ។
២-តុលាការអាចបង្គាប់ឱ្យនាំខ្លួនសាក្សីដែលមិនព្រមចូលខ្លួនមកតុលាការដោយគ្មានមូលហេតុត្រឹមត្រូវ ដោយដីកាសម្រេចបាន ។
៣-ប្រសិនបើសាក្សីមិនព្រមចូលខ្លួនមកតុលាការដោយគ្មានមូលហេតុត្រឹមត្រូវ តុលាការអាចពិន័យជាប្រាក់ចំនួនមិនលើសពី ១.០០០.០០០ (មួយលាន) រៀល បានដោយដីកាសម្រេច ។
៤-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ឬ ទី ៣ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
មាត្រា ១៣៣.-ការសាកសួរសាក្សីជាមន្ត្រីរាជការ
១-ក្នុងករណីសាកសួរសាក្សីជាមន្ត្រីរាជការ ឬ អតីតមន្ត្រីរាជការអំពីកិច្ចការសម្ងាត់ក្នុងមុខនាទីនោះ តុលាការត្រូវទទួលការយល់ព្រមពីសំណាក់ស្ថាប័នដែលគ្រប់គ្រងលើសាក្សីនោះ ។
២-ស្ថាប័នគ្រប់គ្រងដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ គឺព្រឹទ្ធសភាចំពោះ សមាជិកព្រឹទ្ធសភា ឬ អតីតសមាជិកព្រឹទ្ធសភា រដ្ឋសភា ចំពោះសមាជិករដ្ឋសភា ឬ អតីតសមាជិករដ្ឋសភា រីឯចំពោះសមាជិករាជរដ្ឋាភិបាល ឬ អតីតសមាជិករាជរដ្ឋាភិបាលវិញគឺគណៈរដ្ឋមន្ត្រី ។
៣-ការយល់ព្រមដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចបដិសេធ បានឡើយ លើកលែងតែក្នុងករណីដែលអាចធ្វើឱ្យខូចផលប្រយោជន៍សាធារណៈ ឬ បណ្តាលឱ្យមានឧបសគ្គធ្ងន់ធ្ងរក្នុងការបំពេញការងាររដ្ឋ ។
មាត្រា ១៣៤.-សិទ្ធិបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សី
១-ប្រសិនបើការផ្តល់នូវចម្លើយជាកសិណសាក្សី ទាក់ទងនឹងហេតុដែលធ្វើឱ្យសាក្សី ឬ សហព័ទ្ធរបស់សាក្សី ឬ ញាតិឯទៀតរបស់សាក្សី អាចទទួលរងនូវការចោទប្រកាន់អំពី បទអាជ្ញា ឬ ទទួលការផ្ដន្ទាទោស នោះសាក្សីអាចបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សីបាន ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះការផ្តល់ចម្លើយជាកសិណសាក្សីឋ ទាក់ទងនឹងហេតុដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលដែលបានរៀបរាប់ខាងលើនេះ ឬ បណ្តាលឱ្យមានការបែកបាក់ធ្ងន់ធ្ងរដល់ទំនាក់ទំនងគ្រួសារ ។
២-សាក្សីអាចបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សីបាន :
ក-ក្នុងករណីដូចកថាខណ្ឌទី ១ នៃមាត្រា១៣៣ (ការសាកសួរសាក្សីជាមន្ត្រីរាជការ) ខាងលើ ។
ខ-ក្នុងករណីដែលវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឆ្មប គិលានុបដ្ឋាយិកា គិលានុបដ្ឋាកឱសថកវី មេធាវី អ្នកមានមុខងារក្នុងសាសនា ឬ អ្នកដែលធ្លាប់មានមុខងារខាងលើនេះ ត្រូវទទួលការសាកសួរអំពីអង្គហេតុដែលបានដឹង ក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយដែលត្រូវលាក់ការសម្ងាត់ ។
គ-ក្នុងករណីដែលសាកសួរអំពីហេតុដែលទាក់ទងនឹងការសម្ងាត់ក្នុងបច្ចេកទេស ឫ វិជ្ជាជីវៈ ។
៣-បញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណី ដែលសាឡីទទួលការលើកលែងពីករណីយកិច្ចលាក់ការសម្ងាត់ ។
មាត្រា ១៣៥.-ដីកាសម្រេចទៅលើការបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សី
១-មូលហេតុនៃការបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សី ត្រូវធ្វើសេចក្តីបញ្ជាក់ ដំបូង ។
២-លើកលែងតែក្នុងករណីនៃចំណុច ក កថាខណ្ឌទី ២ នៃមាត្រា ១៣៤ (សិទ្ធិបដិសេធ នូវការផ្តល់ចម្លើយជាកសិណសាក្សី) មុននេះ តុលាការដែលទទួលបណ្តឹង ត្រូវសាកសួរទៅលើភាគី ហើយសម្រេចដោយដីកាសម្រេចអំពីការបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សីថា ត្រឹមត្រូវ ឬ មិនត្រឹមត្រូវ ។
៣-ភាគី និង សាក្សី អាចប្ដឹងជំទាស់ ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុង កថាខណ្ឌទី ២ ខាងលើនេះបាន ។
៤-បញ្ញត្តិនៃកថាខណ្ឌទី ៣ នៃមាត្រា ១៣២ (ករណីយកិច្ចរបស់សាក្សី) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលសាក្សីដិសេធនូវការផ្តល់ចម្លើយជា កសិណសាក្សីដោយគ្មានមូលហេតុត្រឹមត្រូវ ក្រោយពេលដែលដីកាសម្រេចរបស់តុលាការ ដែលបានសម្រេចថា ពុំមានមូលហេតុក្នុងការបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សី ចូលជាស្ថាពរ ។
មាត្រា ១៣៦.-ការសាកសួរសាក្សីនៅក្រៅតុលាការ
១-តុលាការអាចសាកសួរសាក្សីនៅក្រៅតុលាការបាន ក្នុងករណីដូចខាងក្រោមនេះ :
ក-សាក្សីគ្មានករណីយកិច្ចចូលខ្លួនទៅតុលាការដែលទទួលបណ្តឹង ឬ មានមូលហេតុត្រឹមត្រូវ ដែលមិនអាចចូលខ្លួនទៅតុលាការបាន ។
ខ-ការចូលខ្លួនរបស់សាក្សីទៅតុលាការដែលទទួលបណ្តឹង បណ្តាលឱ្យមានការចំណាយទៅលើពេលវេលា ឬ សោហ៊ុយមិនសមរម្យ ។
គ -គូភាគីពុំមានការតវ៉ា ។
២-ចំពោះបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការអាចឱ្យចៅក្រមដែលទទួលបញ្ជា ឬ ចៅក្រមដែលទទួលការប្រគល់សិទ្ធិ ទៅធ្វើការសាកសួរសាក្សីនៅក្រៅតុលាការបាន ។
៣-ក្នុងករណីចៅក្រមដែលទទួលបណ្តឹង ឬ ចៅក្រមដែលទទួលការប្រគល់សិទ្ធិធ្វើការសាកសួរសាក្សី ចៅក្រមនោះត្រូវបំពេញមុខនាទីរបស់តុលាការ ឬ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។
មាត្រា ១៣៧.-សម្បថ
១-តុលាការត្រូវឱ្យសាក្សីធ្វើសម្បថលើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេស ។
២-ក្នុងករណីសាក្សីដែលនឹងត្រូវសួរ ជាជនដែលមានអាយុក្រោម ១៦ (ដប់ប្រាំមួយ) ឆ្នាំ ឬ ជនដែលមិនយល់អំពីអត្ថន័យនៃសម្បថ តុលាការមិនអាចឱ្យសាក្សីនោះធ្វើសម្បថបានឡើយ ។
៣-នៅពេលសាកសួរសាក្សីដែលត្រូវនឹងល័ក្ខខ័ណ្ឌដែលបានកំណត់នៅក្នុងបញ្ញត្តិ នៃមាត្រា ១៣៤ (សិទ្ធិបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សី) នៃក្រមនេះ ហើយសាក្សីនោះមិនប្រើសិទ្ធិបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សី តុលាការអាចមិនឱ្យធ្វើសម្បថបាន ។
៤-សម្បថរបស់សាក្សី ត្រូវធ្វើនៅមុនពេលសាកសួរ ។ ប៉ុន្តែ បើមានមូលហេតុពិសេសអាចធ្វើនៅក្រោយពេលសាកសួរបាន ។
៥-ទម្រង់នៃការធ្វើសម្បថ ត្រូវធ្វើតាមការកំណត់ក្នុងឧបសម្ព័ន្ធនៃក្រមនេះ ។
៦-មុនពេលធ្វើសម្បថ ប្រធានក្រុមប្រឹក្សាជំនុំជម្រះត្រូវពន្យល់អំពីគោលបំណងនៃ សម្បថ ហើយប្រាប់ឱ្យដឹងជាមុនអំពីការផ្តន្ទាទោសចំពោះការផ្តល់សក្ខីភាពក្លែងក្លាយ ។
មាត្រា ១៣៨.-វិធីសាកសួរសាក្សី
១-ការស្នើសុំសាកសួរសាក្សី ត្រូវធ្វើឡើង ដោយកំណត់ឱ្យបានច្បាស់លាស់ទៅលើ សាក្សីណាមួយ ។
២-អ្នកដែលស្នើសុំសាកសួរសាក្សី ត្រូវភ្ជាប់ជាមួយនូវឯកសារដែលកំណត់អំពីចំណុច ត្រូវសាកសួរ ។
៣-សាក្សីត្រូវទទួលការកោះហៅយ៉ាងតិច ២ (ពីរ) សួហ៍ មុនថ្ងៃសាកសួរ ។
៤-ដីកាកោះហៅសាក្សី ត្រូវសរសេរនូវកំណត់សំគាល់ដូចខាងក្រោម ហើយត្រូវភ្ជាប់មកជាមួយនូវឯកសារដែលកំណត់អំពីចំណុចសាកសួរ :
ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគី ។
ខ-ពេលវេលា និង ទីកន្លែងដែលត្រូវចូលខ្លួន ។
គ-ទណ្ឌកម្មដែលកំណត់ដោយច្បាប់នឹងកើតមានបើមិនចូលខ្លួន ។
៥-ការសាកសួរសាក្សីត្រូវធ្វើតាមលំដាប់: ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ភាគីដែលស្នើសុំឱ្យសាកសួរសាក្សីនោះ និង ភាគីម្ខាងទៀត ។ ចៅក្រមប្រឹក្សាអាចសាកសួរទៅសាក្សីបាន នៅក្រោយពេល បានជម្រាបទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះឱ្យបានដឹងហើយ ។
៦-ប្រសិនបើយល់ឃើញថាត្រឹមត្រូវតុលាការអាចកែសម្រួលលំដាប់ដែលត្រូវសាកសួរ សាក្សី ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៥ ខាងលើនេះបាន ។
៧-សាក្សីមិនអាចឆ្លើយដោយយកឯកសារមកអានធ្វើជាមូលដ្ឋានបានឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានការអនុញ្ញាតពីតុលាការ ។
៨-ប្រសិនបើយល់ឃើញថាចាំបាច់ តុលាការអាចអនុញ្ញាតឱ្យសាក្សីដែលត្រូវបាន សាកសួរហើយ ឬ សាក្សីដែលបម្រុងនឹងត្រូវសាកសួរឱ្យនៅក្នុងសាលសវនាការបាន ។
៩-នៅពេលដែលតុលាការទទួលស្គាល់ថា សាក្សីពុំអាចឆ្លើយឱ្យគ្រប់គ្រាន់បាន នៅ ចំពោះមុខអ្នកសង្កេតការណ៍ណាម្នាក់ ដោយសារតែអ្នកនោះជាហេតុនាំឱ្យមានការភ័យព្រួយតុលាការអាចបង្គាប់ឱ្យអ្នកសង្កេតការណ៍នោះចេញសាលសវនាការ នៅពេលដែលសាក្សីនោះឆ្លើយ ។
១០-នៅពេលដែលយល់ឃើញថាចាំបាច់ តុលាការអាចបង្គាប់ឱ្យធ្វើការសាកសួរសាក្សី និង សាក្សីផ្សេងទៀត នៅពេលជាមួយគ្នាបាន ។
មាត្រា ១៣៩.-ការកម្រិតទៅលើសំណួរ
១-ចំពោះសំណួរ បើអាចធ្វើបានត្រូវធ្វើដាច់ដោយឡែក និង ច្បាស់លាស់ ។
២-លើកលែងតែករណីដែលមានមូលហេតុត្រឹមត្រូវ មិនអាចសាកសួរបានឡើយនូវសំណួរខាងក្រោមនេះ:
ក-សំណួរដែលប្រមាថមើលងាយ ឬ ធ្វើឱ្យច្របូកច្របល់ដល់សាក្សី ។
ខ-សំណួរនាំមុខ ។
គ-សំណួរចំ្រដែល ។
ឃ-សំណួរដែលគ្មានទំនាក់ទំនងនឹងចំណុចវិវាទ ។
ង-សំណួរដែលទាមទារឱ្យ ថ្លែងយោបល់របស់សាក្សីផ្ទាល់ខ្លួន ។
ច-សំណួរដែលទាមទារឱ្យថ្លែងនូវយោបល់អំពីអង្គហេតុដែលសាក្សីពុំបានជួបប្រទះផ្ទាល់ ។
៣-តុលាការអាចកម្រិតនូវសំណួរតាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិបាន នៅពេលដែលយល់ឃើញថា សំណួរនោះផ្ទុយនឹងបញ្ញត្តិដែលមានចែងនៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ។
៤-ភាគីអាចតវ៉ា ចំពោះការកម្រិតដែលធ្វើទៅតាមបញ្ញត្តិនៃកថាខណ្ឌទី ៣ ខាងលើនេះបាន ។
ផ្នែកទី ៣
ការសាកសួរតាគី
មាត្រា ១៤០.-ការសាកសួរសាមីភាគី
១-តុលាការអាចធ្វើការសាកសួរសាមីភាគីបាន ។ នៅក្នុងករណីនេះ តុលាការអាចឱ្យភាគីនោះស្បថបាន ។
២-ក្នុងករណីដែលធ្វើការសាកសួរសាមីភាគី បើភាគីនោះពុំចូលខ្លួន ឬ បដិសេធនូវការធ្វើសម្បថ ឬ ផ្តល់ចម្លើយ ដោយគ្មានមូលហេតុត្រឹមត្រូវ នោះតុលាការអាចទទួលស្គាល់ថាសេចក្តីអះអាងអំពីចំណុចសាកសួររបស់ភាគីម្ខាងទៀត ជាការពិតបាន ។
៣-ប្រសិនបើភាគីដែលបានស្បថក្លែងបន្លំសេចក្តីថ្លែងការណ៍ តុលាការអាចពិន័យ ជាប្រាក់ចំនួនមិនលើសពី ២.០០០.០០០ (ពីរលាន) រៀលបាន ដោយដីកាសម្រេច ។
៤-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
មាត្រា ១៤១.-ការអនុវត្តដូចគ្នានឹងបញ្ញត្តិស្តីពីការសាកសួរសាក្សី ជាអាទិ៍
១-បញ្ញត្តិនៃមាត្រា ១៣៦ (ការសាកសួរសាក្សីនៅក្រៅតុលាការ) មាត្រា ១៣៧ (សម្បថ) (ក្រៅពីកថាខណ្ឌទី ១ និង កថាខណ្ឌទី ៣) មាត្រា ១៣៨ (វិធីសាកសួរសាក្សី) (ក្រៅពីកថាខណ្ឌទី៨ និង កថាខណ្ឌទី ១០) និង មាត្រា ១៣៩ (ការកម្រិតទៅលើសំណួរ) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការសាកសួរសាមីភាគី ។
២-នៅពេលយល់ឃើញថាចាំបាច់ តុលាការអាចបង្គាប់ឱ្យធ្វើការសាកសួរសាមីភាគី ជាមួយនឹងភាគីម្ខាងទៀត ឫ ជាមួយនឹងសាក្សីនៅពេលជាមួយគ្នាបាន ។
មាត្រា ១៤២.-ការសាកសួរអ្នកតំណាង ដែលច្បាប់បានកំណត់
បញ្ញត្តិអំពីការសាកសួរសាមីភាគីនៅក្នុងក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអ្នកតំណាងដែលច្បាប់បានកំណត់ ហើយធ្វើជាតំណាងរបស់ភាគីនៅក្នុងបណ្តឹង ។ ប៉ុន្តែ បញ្ញត្តិនេះពុំមានការរារាំងដល់ការសាកសួរសាមីភាគីឡើយ ។
ផ្នែកទី ៤៖ កោសលវិច័យ
មាត្រា ១៤៣.-ការស្នើសុំឱ្យធ្វើកោសលវិច័យ ចំណុចធ្វើកោសលវិច័យ
១-តុលាការអាចបង្គាប់ឱ្យធ្វើកោសលវិច័យ តាមពាក្យសុំរបស់ភាគីបាន ។
២-ពេលស្នើសុំឱ្យធ្វើកោសលវិច័យ ភាគីដែលស្នើសុំត្រូវភ្ជាប់ជាមួយនូវឯកសារដែល កំណត់អំពីចំណុចដែលសុំឱ្យធ្វើកោសលវិច័យ ។ ប៉ុន្តែ ប្រសិនបើមានមូលហេតុដែលពុំអាច ជៀសវាងបាន ឯកសារនោះអាចដាក់ នៅក្នុងអំឡុងពេលដែលតុលាការបានកំណត់ ។
៣-តុលាការត្រូវសួរយោបល់របស់ភាគីម្ខាងទៀត អំពីការស្នើសុំដែលមានចែងនៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ។
៤-តុលាការត្រូវកំណត់នូវចំណុចដែលត្រូវធ្វើកោសលវិច័យ ដោយយោងទៅតាម ឯកសារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ហើយពិចារណាអំពីយោបល់ដែលបាន កំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ។ ក្នុងករណីនេះ តុលាការត្រូវផ្ញើឯកសារអំពី ចំណុចដែលត្រូវធ្វើកោសលវិច័យនោះទៅអ្នកជំនាញ ។
មាត្រា ១៤៤.-ការចាត់តាំងអ្នកជំនាញខាងកោសលវិច័យ ករណីយកិច្ចធ្វើកោសលវិច័យ
១-អ្នកជំនាញខាងកោសលវិច័យត្រូវបានចាត់តាំងដោយតុលាការ ។
២-ជនដែលមានចំណេះវិជ្ជា និង បទពិសោធន៍ចាំបាច់ក្នុងការធ្វើកោសលវិច័យមានករណីយកិច្ចធ្វើកោសលវិច័យ ។
៣-ជនទាំងឡាយពុំអាចធ្វើជាអ្នកជំនាញខាងកាសលវិច័យបាន ក្នុងករណីដូចខាងក្រោមនេះ:
ក-ការធ្វើកោសលវិច័យនោះ បណ្តាលឱ្យអ្នកជំនាញផ្ទាល់ខ្លួន ឬ សហព័ទ្ធ ឬ ញាតិឯទៀតរបស់ខ្លួន អាចទទួលរងនូវការចោទប្រកាន់អំពីបទអាជ្ញា ឬ ទទួលការផ្តន្ទាទោស ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលការធ្វើកោសលវិច័យនោះ អាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលដែលបានរៀបរាប់ខាងលើនេះ ឬ បណ្តាលឱ្យមានការបែកបាក់ធ្ងន់ធ្ងរដល់ទំនាក់ទំនងគ្រួសារ ។
ខ-ចំណុចដែលត្រូវធ្វើកោសលវិច័យនោះ មានការពាក់ព័ន្ធទៅនឹងកិច្ចការ សម្ងាត់ក្នុងមុខនាទីរបស់ខ្លួន ជាមន្ត្រីរាជការ ឬ អតីតមន្រ្តីរាជការ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលជនទាំងនេះ បានទទួលនូវការយល់ព្រមពីសំណាក់ក្រសួង ឬ ស្ថាប័នគ្រប់គ្រង ។ ក្រសួង ឬ ស្ថាប័នគ្រប់គ្រង មិនអាចបដិសេធមិនផ្តល់ការយល់ ព្រមបានឡើយ លើកលែងតែក្នុងករណីដែលអាចធ្វើឱ្យខូចផលប្រយោជន៍សាធារណៈ ឬ បណ្តាលឱ្យមានឧបសគ្គធ្ងន់ធ្ងរក្នុងការបំពេញការងាររដ្ឋ ។
គ-ចំណុចដែលត្រូវធ្វើកោសលវិច័យនោះ មានការពាក់ព័ន្ធទៅនឹងអង្គហេតុ ដែលបានដឹងដោយវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឆ្មប គិលានុបដ្ឋាយិកា គិលានុបដ្ឋាក ឱសថការី មេធាវី អ្នកមានមុខងារក្នុងសាសនា ឬ អ្នកដែលធ្លាប់មានមុខងារខាងលើនេះ ក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយដែលត្រូវលាក់ការសម្ងាត់ ។
ឃ-ចំណុចដែលត្រូវធ្វើកោសលវិច័យនោះ មានការពាក់ព័ន្ធនឹងការសម្ងាត់ ក្នុងបច្ចេកទេស ឬ វិជ្ជាជីវៈ ។
៤-ស្ថាប័នគ្រប់គ្រងដែលបានកំណត់ក្នុងកថាខណ្ឌទី ៣ ចំណុច ខ គឺព្រឹទ្ធសភា ចំពោះសមាជិកព្រឹទ្ធសភា ឬ អតីតសមាជិកព្រឹទ្ធសភា រដ្ឋសភា ចំពោះសមាជិករដ្ឋសភា ឬ អតីតសមាជិករដ្ឋសភា រីឯចំពោះសមាជិករាជរដ្ឋាភិបាល ឬ អតីតសមាជិករាជរដ្ឋាភិបាលវិញគឺគណៈរដ្ឋមន្ត្រី ។
៥-បញ្ញត្តិនៃចំណុច ខ គ និង ឃ នៃកថាខណ្ឌទី ៣ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអ្នកជំនាញខាងកោសលវិច័យនោះ ទទួលការលើកលែងពី ករណីយកិច្ចលាក់ការសម្ងាត់ ។
មាត្រា ១៤៥.-បណ្តឹងផាត់ចោលអ្នកជំនាញខាងកោសលវិច័យ
១-ក្នុងករណីមានហេតុដែលរារាំងសច្ចភាពនៃការធ្វើកោសលវិច័យរបស់អ្នកជំនាញ ភាគីអាចប្ដឹងផាត់ចោលអ្នកជំនាញខាងកោសលវិច័យនោះបាន នៅមុនពេលដែលអ្នកជំនាញ នោះធ្វើសេចក្តីសន្និដ្ឋានអំពីចំណុចដែលត្រូវធ្វើកោសលវិច័យ ។ ទោះជាក្នុងករណីដែលអ្នកជំនាញខាងកោសលវិច័យបានធ្វើសេចក្តីសន្និដ្ឋានរួចហើយក៏ដោយ ក៏បញ្ញត្តិនេះត្រូវ យកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលមូលហេតុនៃបណ្ដឹងផាត់ចោលនោះ បានកើតឡើងនៅពេលក្រោយ ឬ ភាគីបានដឹងអំពីមូលហេតុនោះ ក្រោយពេលដែលអ្នកជំនាញនោះបានធ្វើ សេចក្តីសន្និដ្ឋានរួច ។
២-ពាក្យសុំផាត់ចោលត្រូវតែធ្វើជាលាយល័ក្ខណ៍អក្សរ លើកលែងតែក្នុងករណីដែល ពាក្យសុំនោះត្រូវបានធ្វើឡើងនៅក្នុងកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ។
៣-ភាគីដែលដាក់ពាក្យសុំផាត់ចោល ត្រូវធ្វើសេចក្តីបញ្ជាក់ដំបូងអំពីមូលហេតុនៃបណ្តឹងផាត់ចោលនោះ ។
៤-ចំពោះដីកាសម្រេចដែលសម្រេចថា បណ្តឹងផាត់ចោលមានមូលហេតុត្រឹមត្រូវ មិនអាចធ្វើបណ្តឹងឧបាស្រ័យបានទេ ។
៥-ចំពោះដីកាសម្រេចដែលសម្រេចថា បណ្តឹងផាត់ចោលគ្មានមូលហេតុត្រឹមត្រូវ អាចប្ដឹងជំទាស់បាន ។
មាត្រា ១៤៦.-ទម្រង់នៃសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញខាងកោសលវិច័យ និង សំណួររបស់អ្នកជំនាញ ជាអាទិ៍
១-តុលាការអាចឱ្យអ្នកជំនាញខាងកោសលវិច័យ បញ្ចេញយោបល់ជាលាយល័ក្ខណ៍អក្សរ ឬ ដោយផ្ទាល់មាត់បាន ។
២-ក្នុងករណីដែលមានការចាំបាច់សម្រាប់កិច្ចការធ្វើកោសលវិច័យ អ្នកជំនាញខាងកោសលវិច័យអាចចូលរួមក្នុងសវនាការ ហើយអាចស្នើសុំឱ្យតុលាការធ្វើការសាកសួរសាក្សី ឬ សាមីភាគី ឬ ដោយទទួលការអនុញ្ញាតពីតុលាការ អាចសាកសួរដោយផ្ទាល់ទៅលើជនទាំងនោះបាន ។
មាត្រា ១៤៧.-ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីការសាកសួរសាក្សីទម្រង់សម្បថ
បញ្ញត្តិនៃផ្នែកទី ២ (ការសាកសួរសាក្សី) ជំពូកទី ៣ គន្ថីទី ២ នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការធ្វើកោសលវិច័យ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេស ។ ប៉ុន្តែ បញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ១៣២ (ករណីយកិច្ចរបស់សាក្សី) នៃក្រមនេះ មិនត្រូវយកមកអនុវត្តឡើយ ។
ផ្នែកទី ៥៖ ភស្តុតាងជាឯកសារ
មាត្រា ១៤៨.-ការស្នើសុំឱ្យពិនិត្យភស្តុតាងជាឯកសារ ជាអាទិ៍
១-ការស្នើសុំឱ្យពិនិត្យភស្តុតាងជាឯកសារ ត្រូវធ្វើឡើងដោយផ្តល់នូវឯកសារដែល សាមីភាគីមាន ឬ ដោយដាក់ពាក្យសុំទៅតុលាការឱ្យ បង្គាប់ឱ្យម្ចាស់ឯកសារផ្តល់ឯកសារនោះមក ។
២-ទោះបីជាមានបញ្ញត្តិក្នុងកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ ក៏ការស្នើសុំឱ្យពិនិត្យ ភស្តុតាងជាឯកសារនេះអាចធ្វើបាន ដោយដាក់ពាក្យសុំទៅតុលាការឱ្យស្នើសុំឱ្យ ម្ចាស់ឯកសារផ្ញើឯកសារនោះមក ។
៣-ក្នុងករណីដែលយល់ឃើញថាចាំបាច់ តុលាការអាចឃាត់ទុកនូវឯកសារដែលបានផ្តល់មក ឬ ដែលបានផ្ញើមកបាន ។
មាត្រា ១៤៩.-ការភ្ជាប់មកជាមួយនូវឯកសារបកប្រែ ជាអាទិ៍
១-ក្នុងករណីដែលការស្នើសុំឱ្យពិនិត្យភស្តុតាងជាឯកសារដែលសរសេរជាភាសាបរទេស ភាគីដែលស្នើសុំត្រូវភ្ជាប់មកជាមួយនូវសេចក្តីបកប្រែត្រង់ចំណុចដែលខ្លួនសុំឱ្យពិនិត្យនោះ ។
២-ក្នុងករណីដែលភាគីម្ខាងទៀត មានយោបល់អំពីភាពត្រឹមត្រូវនៃសេចក្តីបកប្រែដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ភាគីនោះត្រូវដាក់ជូនតុលាការនូវ យោបល់របស់ខ្លួនជាលាយល័ក្ខណ៍អក្សរ ។
មាត្រា ១៥០.-ករណីយកិច្ចផ្តល់ឯកសារ
១-បុគ្គលដែលជាម្ចាស់ឯកសារ ពុំអាចបដិសេធនូវការផ្តល់ឯកសារបានឡើយ លើកលែងតែមានបញ្ញត្តិពិសេសនៅក្នុងក្រមនេះ ឬ ច្បាប់ផ្សេង ។
២-បុគ្គលដែលជាម្ចាស់ឯកសារ អាចបដិសេធនូវការផ្តល់ឯកសារបាន នៅក្នុងករណីដែលឯកសារនោះត្រូវនឹងចំណុចណាមួយដូចខាងក្រោមនេះ:
ក-ឯកសារមានសរសេរអំពីហេតុដែលបណ្តាលឱ្យម្ចាស់ឯកសារ ឬ សហព័ទ្ធ ឬ ញាតិដទៃទៀតរបស់ខ្លួន អាចទទួលរងនូវការចោទប្រកាន់អំពីបទអាជ្ញា ឬ ទទួលការផ្តន្ទាទោស ឬ ហេតុដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលដែលរៀបរាប់ខាង លើ ឬ អាចបណ្តាលឱ្យ មានការបាក់បែកធ្ងន់ធ្ងរដល់ទំនាក់ទំនងគ្រួសារ ។
ខ-ឯកសារមានការពាក់ព័ន្ធទៅនឹងកិច្ចការសម្ងាត់ក្នុងមុខនាទីរបស់មន្ត្រីរាជការហើយការផ្តល់ឯកសារនោះ អាចបណ្តាលឱ្យមានឧបសគ្គធ្ងន់ធ្ងរក្នុងការបំពេញការងាររដ្ឋ ។
គ-ឯកសារមានសរសេរអំពីអង្គហេតុដែលបានដឹងដោយវេជ្ជបណ្ឌិត ទន្តបណ្ឌិតឆ្មប គិលានុបដ្ឋាយិកា គិលានុបដ្ឋាក ឱសថការី មេធាវី អ្នកមានមុខងារក្នុងសាសនា ឬ អ្នក ដែលធ្លាប់មានមុខងារខាងលើនេះ នៅក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយដែលខ្លួនមិនបានទទួលការលើកលែងពីករណីយកិច្ចលាក់ការសម្ងាត់ ឬ ហេតុដែលពាក់ព័ន្ធទៅនឹងការ សម្ងាត់ក្នុងបច្ចេកទេស ឬ វិជ្ជាជីវៈ ហើយដែលខ្លួនមិនបានទទួលការលើកលែងពីករណីយកិច្ចលាក់ការសម្ងាត់ ។
មាត្រា ១៥១.-ពាក្យសុំដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ
១-ពាក្យសុំដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ត្រូវធ្វើឡើងដោយបញ្ជាក់ឱ្យ បានច្បាស់លាស់នូវចំណុចខាងក្រោមនេះ :
ក-ចំណងជើង និង ខ្លឹមសារនៃឯកសារ ។
ខ-ម្ចាស់ឯកសារ ។
គ-អង្គហេតុដែលត្រូវបញ្ជាក់បំភ្លឺ ។
២-ពាក្យសុំដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ។
៣-បើភាគីម្ខាងទៀតមានយោបល់ស្តីពីពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើ ភាគីនោះត្រូវដាក់ជូនទៅតុលាការនូវយោបល់របស់ខ្លួនជាលាយល័ក្ខណ៍អក្សរ ។
មាត្រា ១៥២.-ដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ជាអាទិ៍
១-ក្នុងករណីដែលតុលាការយល់ឃើញថា ពាក្យសុំដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារមានមូលហេតុត្រឹមត្រូវ តុលាការត្រូវបង្គាប់ដោយដីកាសម្រេច ឱ្យម្ចាស់ឯកសារផ្តល់ឯកសារនោះ ។ ក្នុងករណីនេះ បើមានផ្នែកខ្លះនៃឯកសារដែលតុលាការយល់ឃើញថា មិនចាំបាច់ពិនិត្យ ឬ មានផ្នែកខ្លះដែលពុំអាចទទួលស្គាល់ថា មានករណីយកិច្ចក្នុងការផ្តល់ជូន នោះតុលាការអាចបង្គាប់ឱ្យផ្តល់ដោយលើកលែងចោលនូវផ្នែកនោះបាន ។
២-ក្នុងករណីដែលតុលាការមានបំណងនឹងបង្គាប់ឱ្យ តតិយជនផ្តល់ឯកសារតុលាការត្រូវសួរតតិយជននោះ ។
៣-ចំពោះដីកាសម្រេចអំពីពាក្យសុំដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារអាចប្ដឹងជំទាស់បាន ។
មាត្រា ១៥៣.-អានុភាពនៅក្នុងករណីដែលភាគីមិនអនុវត្តតាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ជាអាទិ៍
១-ក្នុងករណីដែលភាគីមិនអនុវត្តតាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារទេ តុលាការអាចទទួលស្គាល់ថា សេចក្តីអះអាងរបស់ភាគីម្ខាងទៀតដែលពាក់ព័ន្ធនឹងខ្លឹមសារក្នុងឯកសារនោះ ជាការពិតបាន ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណី ដែលភាគីបានធ្វើឱ្យវិនាសបាត់បង់នូវឯកសារដែលខ្លួនមានករណីយកិច្ចត្រូវផ្តល់ ឬ ធ្វើឱ្យឯកសារនោះមិនអាចប្រើប្រាស់បាន ក្នុងគោលបំណងរារាំងដល់ការប្រើប្រាស់របស់ភាគីម្ខាងទៀត ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង កថាខណ្ឌទី ២ ខាងលើនេះ បើភាគីម្ខាងទៀតមានការពិបាកយ៉ាងខ្លាំង ក្នុងការធ្វើសេចក្តីអះអាងឱ្យបានច្បាស់លាស់អំពីខ្លឹមសារក្នុងឯកសារនោះ និង ក្នុងការបំភ្លឺអង្គហេតុដែលត្រូវបញ្ជាក់ដោយឯកសារនោះ ទោះបីប្រើភស្តុតាងផ្សេងទៀតក៏ដោយ នោះតុលាការអាចទទួលស្គាល់ថា សេចក្តីអះអាងរបស់ភាគីម្ខាងទៀតដែលពាក់ព័ន្ធនឹងអង្គហេតុនោះជាការពិតបាន ។
មាត្រា ១៥៤.-ប្រាក់ពិន័យក្នុងករណីដែលតតិយជនមិនគោរពតាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ
១-ក្នុងករណីដែលតតិយជនមិនគោរពតាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ តុលាការអាចពិន័យជាប្រាក់ចំនួនមិនលើសពី ២.០០០.០០០ (ពីរលាន) រៀល ដោយដីកាសម្រេចបាន ។
២-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
មាត្រា ១៥៥.-ភាពត្រឹមត្រូវក្នុងការធ្វើឯកសារ
១-ភាគីដែលបានស្នើសុំឱ្យ ពិនិត្យភស្តុតាងជាឯកសារ ត្រូវបញ្ជាក់ថា ឯកសារនោះត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ។
២-បើទទួលស្គាល់ថា ឯកសារត្រូវបានធ្វើឡើងដោយមន្ត្រីរាជការនៅក្នុងមុខនាទី ដោយផ្អែកលើទម្រង់ និង ខ្លឹមសារនៃឯកសារនោះត្រូវសន្មតថាជាឯកសារសាធារណៈដែល បានធ្វើឡើងដោយត្រឹមត្រូវ ។
៣-បើមានមន្ទិលសង្ស័យទៅលើភាពត្រឹមត្រូវក្នុងការធ្វើឯកសារសាធារណៈនោះ តុលាការអាចសួរដោយឆន្ទានុសិទ្ធិ ទៅក្រសួង ឬ ស្ថាប័នដែលពាក់ព័ន្ធបាន ។
៤-ចំពោះឯកសារឯកជនដែលមានចុះហត្ថលេខារបស់សាមីខ្លួនផ្ទាល់ ឬ អ្នកតំណាងត្រូវសន្មតថាជាឯកសារដែលបានធ្វើឡើងដោយត្រឹមត្រូវ ។
៥-បញ្ញត្តិនៃកថាខណ្ឌទី ២ និង ទី ៣ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះឯកសារដែលត្រូវទទួលស្គាល់ថា ត្រូវបានធ្វើឡើងដោយក្រសួង ឬ ស្ថាប័នបរទេស ។
មាត្រា ១៥៦.-ការបញ្ជាក់ដោយប្រៀបធៀបអក្សរដែលសរសេរដោយដៃ
១-ភាពត្រឹមត្រូវក្នុងការធ្វើឯកសារ ក៏អាចបញ្ជាក់ដោយការប្រៀបធៀបអក្សរដែលសរសេរដោយដៃបានដែរ ។
២-បញ្ញត្តិនៃមាត្រា ១៤៨ (ការស្នើសុំឱ្យពិនិត្យភស្តុតាងជាឯកសារ ជាអាទិ៍) មាត្រា ១៥២ (ដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ជាអាទិ៍) និង កថាខណ្ឌទី ១ និង ទី ២ នៃមាត្រា ១៥៣ (អានុភាពនៅក្នុងករណីដែលភាគីមិនអនុវត្តតាមដីកាសម្រេចបង្គាប់ឱ្យ ផ្តល់ឯកសារ ជា អាទិ៍) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការដាក់ ឬ ផ្ញើនូវឯកសារ ឬ វត្ថុឯទៀតដែលមានសរសេរអក្សរដោយដៃ ដើម្បីប្រើប្រាស់ក្នុងការប្រៀបធៀប ។
៣-បើគ្មានអក្សរដែលសរសេរដោយដៃរបស់ភាគីម្ខាងទៀត ដែលមានលក្ខណៈសមរម្យដើម្បីធ្វើការប្រៀបធៀប តុលាការអាចបង្គាប់ឱ្យភាគីនោះសរសេរអក្សរដើម្បីប្រើប្រាស់ ក្នុងការប្រៀបធៀប ដោយដីកាសម្រេចបាន ។
៤-ក្នុងករណីដែលភាគីម្ខាងទៀត ពុំព្រមធ្វើតាមដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ដោយគ្មានមូលហេតុត្រឹមត្រូវទេ តុលាការអាចទទួលស្គាល់ថាសេចក្តីអះអាងអំពីភាពត្រឹមត្រូវក្នុងការធ្វើឯកសាររបស់អ្នកស្នើសុំឱ្យពិនិត្យឯកសារ ជាការ ពិត ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលការសរសេរអក្សរនោះកែរូបរាង ។
៥-ក្នុងករណីដែលតតិយជនពុំព្រមធ្វើតាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារដែល បានកំណត់ក្នុងកថាខណ្ឌទី ១ នៃមាត្រា ១៥៣ (អានុភាពនៅក្នុងករណីដែលភាគីមិនអនុវត្ត តាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ជាអាទិ៍) នៃក្រមនេះ ដែលត្រូវយកមកអនុវត្តដូចគ្នា នៅក្នុងបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រានេះ ដោយគ្មានមូលហេតុត្រឹមត្រូវទេ តុលាការអាចពិន័យជាប្រាក់ចំនួនមិនលើសពី ២.០០០.០០០ (ពីរលាន) រៀល ដោយដីកាសម្រេចបាន ។
៦-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៥ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
មាត្រា ១៥៧.-បា្រក់ពិន័យចំពោះអ្នកប្រកែកនឹងភាពត្រឹមត្រូវក្នុងការធ្វើឯកសារ
១-ក្នុងករណីដែលភាគី ឬ អ្នកតំណាងរបស់ភាគីនោះប្រកែកនឹងភាពត្រឹមត្រូវក្នុងការធ្វើឯកសារ ដោយផ្ទុយពីការពិត ដោយចេតនា ឬ ដោយកំហុសធ្ងន់ធ្ងរ តុលាការអាចពិន័យជាប្រាក់ចំនួនមិនលើសពី ១.០០០.០០០ (មួយលាន) រៀល ដោយដីកាសម្រេចបាន ។
២-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
៣-ចំពោះករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើភាគី ឬ អ្នកតំណាងដែលប្រកែកនឹងភាពត្រឹមត្រូវក្នុងការធ្វើឯកសារ បានទទួលស្គាល់ថា ឯកសារនោះ មានភាពត្រឹមត្រូវវិញ នៅក្នុងពេលដែលបណ្ដឹងកំពុងត្រូវបានចាត់ការ នោះតុលាការអាចលុបចោលនូវដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ដោយយោលទៅតាមស្ថានភាពបាន ។
មាត្រា ១៥៨.-ការអនុវត្តដូចគ្នាចំពោះវត្ថុដែលទុកដូចជាឯកសារ
បញ្ញត្តិនៃផ្នែកនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះវត្ថុដែលមិនមែនជាឯកសារ ដូចជាប្លង់ រូបថត ខ្សែអាត់ខ្សែវីដេអូ និង វត្ថុឯទៀតដែលបង្កើតឡើងសម្រាប់ផ្តល់ព័ត៌មាន ។
មាត្រា ១៥៩-របៀបចាត់ចែងក្នុងករណីដែលមានការស្នើសុំឱ្យពិនិត្យភស្តុតាងជាឯកសារដែលកត់ចម្លងពីខ្សែអាត់ ជាអាទិ៍
ភាគីដែលស្នើសុំឱ្យពិនិត្យភស្តុតាងជាឯកសារ ដោយដាក់ឯកសារដែលកត់ចម្លងជា លាយល័ក្ខណ៍អក្សរ ពីខ្សែអាត់ ឬ ខ្សែវីដេអូ ឬ វត្ថុដែលអាចថតរូបធាតុដែលទៀងទាត់បាន តាមវិធីផ្សេងទៀត កាលថិភាគីម្ខាងទៀត សុំឱ្យ ផ្តល់នូវវត្ថុចម្លង ពីវត្ថុទាំងឡាយនោះ ភាគី ត្រូវត្រូវផ្តល់វត្ថុចម្លងនោះ ទៅភាគីម្ខាងទៀត ។
មាត្រា ១៦០.-ការដាក់ឯកសារពន្យល់អំពីអត្ថន័យនៃខ្សែអាត់ ជាអាទិ៍
១-ភាគីដែលស្នើសុំឱ្យពិនិត្យភស្តុតាងជាខ្សែអាត់ ឬ ខ្សែវីដេអូ ឬ វត្ថុដែលអាចថតរូបធាតុដែលទៀងទាត់បានតាមវិធីផ្សេងទៀត បើមានសំណូមពរពីតុលាការ ឬ ភាគីម្ខាងទៀត ភាគីនោះត្រូវដាក់ជូននូវឯកសារដែលបានកត់ចម្លងអត្ថន័យចេញពីវត្ថុនោះ ឬ ឯកសារដែលពន្យល់អំពីអត្ថន័យនៃវត្ថុនោះ ។
២-ប្រសិនបើភាគីម្ខាងទៀត មានយោបល់អំពីសេចក្តីពន្យល់អត្ថន័យនៅក្នុងឯកសារ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ភាគីនោះត្រូវដាក់ជូនទៅតុលាការនូវឯកសារដែលសរសេរអំពីយោបល់របស់ខ្លួន ។
ផ្នែកទី ៦៖ ការត្រួតពិនិត្យ
មាត្រា ១៦១.-ការស្នើសុំឱ្យត្រួតពិនិត្យ
ការស្នើសុំឱ្យត្រួតពិនិត្យត្រូវធ្វើឡើងដោយចង្អុលបង្ហាញនូវកម្មវត្ថុដែលត្រូវត្រួតពិនិត្យ។
មាត្រា ១៦២.-ការបង្ហាញនូវកម្មវត្ថុដែលត្រូវត្រួតពិនិត្យ ជាអាទិ៍
១-បញ្ញត្តិនៃមាត្រា ១៤៨ (ការស្នើសុំឱ្យពិនិត្យភស្តុតាងជាឯកសារ ជាអាទិ៍) មាត្រា ១៥២ (ដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ជាអាទិ៍) និង មាត្រា ១៥៣ (អានុភាពនៅក្នុងករណីដែលភាគីមិនអនុវត្តតាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ជាអាទិ៍) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការបង្ហាញ ឬ ការផ្ញើមកនូវកម្មវត្ថុដែលត្រូវត្រួតពិនិត្យ ។
២-ក្នុងករណីដែលតតិយជនមិនព្រមធ្វើតាមដីកាសម្រេចបង្គាប់ឱ្យបង្ហាញ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១៥២ (ដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ជាអាទិ៍) នៃក្រមនេះ ដែលត្រូវយកមកអនុវត្តដូចគ្នា នៅក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ ដោយគ្មានមូលហេតុត្រឹមត្រូវទេ តុលាការអាចពិន័យជាប្រាក់ចំនួនមិនលើសពី ២.០០០.០០០ (ពីរ លាន) រៀល ដោយដីកាសម្រេចបាន ។
៣-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ អាចប្ដឹង ជំទាស់បាន ។
ផ្នែកទី ៧៖ ការថែរក្សាការពារភស្តុតាង
មាត្រា ១៦៣.-ការថែរក្សាការពារភស្តុតាង
១-ក្នុងករណីដែលតុលាការយល់ឃើញថា មានស្ថានភាពដែលនឹងមានការលំបាក ក្នុងការប្រើប្រាស់ភស្តុតាង បើមិនធ្វើការពិនិត្យភស្តុតាងនោះជាមុនទេ នោះតុលាការអាច ធ្វើការពិនិត្យភស្តុតាងជាមុនបាន តាមពាក្យសុំ ដោយអនុលោមតាមបញ្ញត្តិនៃជំពូកនេះ ។
២-លទ្ធផលនៃការពិនិត្យភស្តុតាងដែលធ្វើឡើង ដោយអនុលោមទៅតាមបញ្ញត្តិនៃ កថាខណ្ឌទី ១ ខាងលើនេះ ត្រូវមានប្រសិទ្ធភាពនៅក្នុងបណ្ដឹងអង្គសេចក្តី ។
៣-ក្នុងការទាញហេតុផលដោយផ្ទាល់មាត់នៃបណ្តឹងអង្គសេចក្ដី ភាគីត្រូវធ្វើសេចក្តី ថ្លែងការណ៍អំពីលទ្ធផលនៃការពិនិត្យភស្តុតាងដែលបានធ្វើឡើង ដោយអនុលោមទៅតាម បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា ១៦៤.-តុលាការមានសមត្ថកិច្ច
១-ពាក្យសុំឱ្យថែរក្សាការពារភស្តុតាងដែលធ្វើក្រោយពេលដាក់ពាក្យបណ្ដឹង ត្រូវធ្វើនៅតុលាការនៃលំដាប់ថ្នាក់ដែលភស្តុតាងនោះនឹងត្រូវបានប្រើប្រាស់ ។
២-ពាក្យសុំឱ្យថែរក្សាការពារភស្តុតាងដែលធ្វើមុនពេលដាក់ពាក្យបណ្តឹង ត្រូវធ្វើនៅសាលាដំបូងដែលមានសមត្ថកិច្ចនៅទីសំណាក់របស់បុគ្គលដែលត្រូវទទួលការសាកសួរ ឬ របស់បុគ្គលដែលជាម្ចាស់ឯកសារ ឬ នៅទីកន្លែងនៃវត្ថុដែលជាកម្មវត្ថុនៃការត្រួតពិនិត្យ ។
៣-ក្នុងករណីដែលមានស្ថានភាពជាបន្ទាន់ ទោះជានៅក្រោយពេលបានដាក់ពាក្យ បណ្តឹងក៏ដោយ ក៏ពាក្យសុំឱ្យថែរក្សាការពារភស្តុតាង អាចធ្វើនៅសាលាដំបូងដូចបានកំណត់ នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះបានដែរ ។
មាត្រា ១៦៤.-របៀបដាក់ពាក្យសុំឱ្យថែរក្សាការពារភស្តុតាង
១-ពាក្យសុំឱ្យថែរក្សាការពារភស្តុតាង ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ។
២-ពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវសរសេរនូវចំណុច ដូចខាងក្រោមនេះ :
ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគីម្ខាងទៀត ។
ខ-អង្គហេតុដែលត្រូវបញ្ជាក់ ។
គ-ភស្តុតាងដែលត្រូវថែរក្សាការពារ ។
ឃ-មូលហេតុនៃការថែរក្សាការពារភស្តតាង ។
៣-មូលហេតុនៃការថែរក្សាការពារភស្តុតាង ត្រូវធ្វើសេចក្តីបញ្ជាក់ដំបូង ។
មាត្រា ១៦៦.-វិធីចាត់ចែងក្នុងករណីដែលពុំអាចកំណត់ភាគីម្ខាងទៀតបាន
ពាក្យសុំឱ្យថែរក្សាការពារភស្តុតាងអាចធ្វើទៅបាន ទោះជាមិនអាចកំណត់ភាគីម្ខាង ទៀតបានក៏ដោយ ។ ក្នុងករណីនេះ តុលាការអាចជ្រើសតាំងអ្នកតំណាងពិសេសសម្រាប់ ជនដែលនឹងក្លាយជាភាគីម្ខាងទៀតបាន ។
មាត្រា ១៦៧.-ការថែរក្សាការពារភស្តុតាងដោយឆន្ទានុសិទ្ធិ
នៅពេលដែលបណ្តឹងកំពុងចាត់ការ បើយល់ឃើញថាចាំបាច់ តុលាការអាចចេញដីកាសម្រេចឱ្យថែរក្សាការពារភស្តុតាង ដោយឆន្ទានុសិទ្ធិបាន ។
មាត្រា ១៦៨.-ការធ្វើឧបាស្រ័យ
ចំពោះដីកាសម្រេចលើកចោលពាក្យសុំឱ្យថែរក្សាការពារភស្តុតាង អ្នកដាក់ពាក្យសុំអាចប្ដឹងជំទាស់បាន ។
មាត្រា ១៦៩.-ការកោះហៅតាមកាលបរិច្ឆេទ
នៅកាលបរិច្ឆេទពិនិត្យភស្តុតាង តុលាការត្រូវធ្វើការកោះហៅអ្នកដាក់ពាក្យសុំ និង ភាគីម្ខាងទៀត ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីចាំបាច់បន្ទាន់ ។
មាត្រា ១៧០.-សោហ៊ុយសម្រាប់ថែរក្សាការពារភស្ដុតាង
សោហ៊ុយដែលពាក់ព័ន្ធនឹងការថែរក្សាការពារភស្តុតាង គឺជាផ្នែកមួយនៃប្រាក់ប្រដាប់ក្តី ។
មាត្រា ១៧១.-ការសាកសួរសាជាថ្មីនៅពេលទាញហេតុផលដោយផ្ទាល់មាត់
ចំពោះសាក្សីដែលបានសាកសួរនៅក្នុងនីតិវិធីនៃការថែរក្សាការពារភស្តុតាង បើភាគីស្នើសុំឱ្យសាកសួរនៅពេលទាញហេតុផលដោយផ្ទាល់មាត់ តុលាការត្រូវសាកសួរសាក្សីនោះ។
មាត្រា ១៧២.-ការផ្ញើកំណត់ហេតុស្តីពីការថែរក្សាការពារភស្តុតាង
ក្នុងករណីដែលធ្វើការពិនិត្យភស្តុតាងដើម្បីថែរក្សាការពារភស្តុតាង តុលាការដែល បានធ្វើការពិនិត្យភស្តុតាង ត្រូវផ្ញើនូវកំណត់ហេតុស្តីពីការពិនិត្យភស្តុតាងនោះទៅតុលាការ ដែលរក្សាទុកនូវសំណុំរឿងនៃបណ្ដឹងអង្គសេចក្តី ។