ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី ២៖ នីតិវិធីនៃការជម្រះក្ដីលើកទី ១

ជំពូកទី ៤៖ ការផ្អាក និង បង្អង់នីតិវិធីនៃបណ្តឹង

មាត្រា ១៧៣.-ការផ្អាក និង ការទទួលបន្តនីតិវិធីនៃបណ្តឹង

១-នីតិវិធីនៃបណ្តឹងត្រូវផ្អាក ពេលមានហេតុដូចចំណុចខាងក្រោមនេះ :

ក-មរណភាពរបស់ភាគី ។

ខ-ការរំលត់នីតិបុគ្គលដែលជាភាគី ដោយការរួមបញ្ចូលនីតិបុគ្គល ។

គ-ការបាត់បង់នូវសមត្ថភាពក្នុងការធ្វើបណ្ដឹងរបស់ភាគី ឬ មរណភាពរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ឬ ការរលត់នូវសិទ្ធិតំណាង ។

ឃ-មរណភាព ឬ ការបាត់បង់នូវលក្ខណសម្បត្តិដោយហេតុផ្សេងរបស់បុគ្គល ដែលមានលក្ខណសម្បត្តិដែលបានកំណត់ ហើយធ្វើបណ្តឹងក្នុងនាមផ្ទាល់ខ្លួនជំនួសអ្នកដទៃ ។

ង-មរណភាព ឬ ការបាត់បង់នូវលក្ខណសម្បត្តិដោយហេតុផ្សេងរបស់ភាគីដែល ត្រូវបានជ្រើសរើសទាំងអស់ដោយបញ្ញត្តិនៃមាត្រា៤២ (ការជ្រើសរើសភាគី) នៃក្រមនេះ ។

២-ពេលមានហេតុដូចបានកំណត់នៅចំណុចនីមួយៗនៃកថាខណ្ឌទី ១ ខាងលើនេះ បុគ្គលដែលត្រូវទទួលបន្តនីតិវិធីនៃបណ្តឹង គឺ

ក-បើមរណភាពរបស់ភាគី គឺ សន្តតិជន ឬ បុគ្គលដែលត្រូវបន្តបណ្តឹងតាមច្បាប់ ឬ បទដ្ឋានផ្សេងទៀត ។

ខ-បើការរំលត់នីតិបុគ្គលដែលជាភាគី ដោយការរួមបញ្ចូលនីតិបុគ្គល គឺ នីតិបុគ្គលដែលទទួលបន្តនូវសិទ្ធិ និង កាតព្វកិច្ចក្រោយការរួមបញ្ចូលនីតិបុគ្គល ។

គ-បើការបាត់បង់នូវសមត្ថភាពក្នុងការធ្វើបណ្តឹងរបស់ភាគី ឬ មរណភាពរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ឬ ការរលត់នូវសិទ្ធិតំណាង គឺ អ្នកតំណាងដែលច្បាប់បានកំណត់ ឬ ភាគីដែលមានសមត្ថភាពក្នុងការធ្វើបណ្តឹងឡើងវិញ ។

ឃ-បើមរណភាព ឬ ការបាត់បង់នូវលក្ខណសម្បត្តិដោយហេតុផ្សេងរបស់បុគ្គលដែលមានលក្ខណសម្បត្តិដែលបានកំណត់ ហើយធ្វើបណ្តឹងក្នុងនាមផ្ទាល់ខ្លួនជំនួសអ្នកដទៃ គឺ បុគ្គលដែលមានលក្ខណសម្បត្តិដូចគ្នា ។

ង-បើមរណភាព ឬ ការបាត់បង់នូវលក្ខណសម្បត្តិដោយហេតុផ្សេងរបស់ភាគី ដែលត្រូវបានជ្រើសរើសទាំងអស់ ដោយបញ្ញត្តិនៃមាត្រា ៤២ (ការជ្រើសរើសភាគី) នៃក្រម នេះ គឺ អ្នកដែលបានជ្រើសរើសទាំងអស់ ដោយមាត្រា ៤២ ឬ ភាគីដែលត្រូវបានជ្រើសរើស សាជាថ្មីដោយមាត្រា ៤២ ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណី ដែលមានអ្នកតំណាងដោយអាណត្តិ ។ ប៉ុន្តែ អ្នកតំណាងដោយអាណត្តិ ត្រូវរាយការណ៍ទៅ តុលាការ អំពីការកើតឡើងនូវហេតុដែលបានកំណត់ក្នុងចំណុចនីមួយៗ នៃកថាខណ្ឌទី ១ ខាងលើនេះ ។

៤-ទោះបីជាមានហេតុដូចបានកំណត់ក្នុងចំណុច ក នៃកថាខណ្ឌទី ១ ខាងលើនេះក៏ ដោយ ក៍សន្តតិជនមិនអាចទទួលបន្តនីតិវិធីនៃបណ្ដឹងបានដែរ ក្នុងអំឡុងពេលដែលសន្តតិជននោះអាចបោះបង់ចោលនូវសន្តតិកម្មបាន ។

មាត្រា ១៧៤.-ការបញ្ចប់នូវនីតិវិធីនៃបណ្តឹងដោយស្វ័យប្រវត្តិ

ក្នុងករណីដែលភាគីបានទទួលមរណភាព ឬ បានរលត់ដោយការរួមបញ្ចូលនៃនីតិបុគ្គល ហើយគ្មានអ្នកទទួលបន្តនូវសិទ្ធិឬកាតព្វកិច្ចដែលជាកម្មវត្ថុនៃបណ្តឹង ឬ សិទ្ធិឬកាតព្វកិច្ចនោះបានធ្លាក់ទៅលើបុគ្គលតែម្នាក់ នោះនីតិវិធីនៃបណ្តឹងត្រូវបានបញ្ចប់ ។ ក្នុង ករណីនេះតុលាការត្រូវចេញសាលក្រមប្រកាសបញ្ចប់បណ្តឹងនោះ ។

មាត្រា ១៧៥.-នីតិវិធីដើម្បីទទួលបន្ត

១-ការដាក់ពាក្យសុំទទួលបន្តនីតិវិធីនៃបណ្តឹង អាចធ្វើឡើងដោយបុគ្គលដែលមានបំណងទទួលបន្ត ឬ ដោយភាគីម្ខាងទៀត ។

២-ប្រសិនបើមានពាក្យសុំទទួលបន្តនីតិវិធីនៃបណ្តឹង តុលាការត្រូវជូនដំណឹងទៅភាគីម្ខាងទៀត ។

៣-ប្រសិនបើមានពាក្យសុំទទួលបន្តនីតិវិធីនៃបណ្ដឹង តុលាការត្រូវធ្វើការស្រាវជ្រាវ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ហើយបើយល់ឃើញថា គ្មានមូលហេតុត្រឹមត្រូវទេ តុលាការត្រូវ លើកចោលនូវពាក្យសុំនោះ ដោយដីកាសម្រេច ។ ចំពោះដីកាសម្រេចនេះ អាចប្ដឹងជំទាស់បាន ។

៤-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ប្រសិនបើយល់ឃើញ ​​ថា មានមូលហេតុត្រឹមត្រូវ តុលាការត្រូវអនុញ្ញាតការទទួលបន្តនីតិវិធីនៃបណ្តឹងនោះ ដោយដីកាសម្រេច ។

៥-ក្នុងករណីដែលមានពាក្យសុំទទួលបន្តនីតិវិធីនៃបណ្តឹងដែលត្រូវបានផ្អាកក្រោយការបញ្ជូនសាលក្រម តុលាការដែលបានចេញសាលក្រមនោះ ត្រូវធ្វើការសម្រេចសេចក្តីអំពីពាក្យសុំនោះ ។

មាត្រា ១៧៦.-ការបង្គាប់ឱ្យបន្តដោយឆន្ទានុសិទ្ធិ

ទោះបីជាភាគីទាំងសងខាងមិនបានដាក់ពាក្យសុំទទួលបន្តនីតិវិធីនៃបណ្ដឹងក៏ដោយក៏តុលាការអាចបង្គាប់ឱ្យបន្តនីតិវិធីនៃបណ្ដឹង ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ដោយដីកាសម្រេចបានដែរ ។

មាត្រា ១៧៧.-ការបង្អង់នីតិវិធីនៃបណ្តឹង

១-ប្រសិនបើតុលាការមិនអាចបំពេញកិច្ចការរបស់ខ្លួន ដោយសារគ្រោះមហន្តរាយធម្មជាតិ ឬ ហេតុផ្សេងទៀត នីតិវិធីនៃបណ្តឹងត្រូវបានបង្អង់រហូតដល់ហេតុនោះរលត់ ។

២-ប្រសិនបើភាគីមិនអាចបន្តនីតិវិធីនៃបណ្តឹង ដោយសារឧបសគ្គដែលមានរយៈពេល វែង ហើយមិនអាចប៉ាន់ស្មានបានថា ពេលណាចប់ តុលាការអាចបង្គាប់ឱ្យ បង្អង់នូវនីតិវិធី     នៃបណ្តឹងនោះ ដោយដីកាសម្រេចបាន ។ ក្នុងករណីនេះ ពេលដែលឧបសគ្គនោះត្រូវបាន កន្លងផុតទៅតុលាការអាចលុបចោលនូវដីកាសម្រេចនោះបាន ។

៣-ប្រសិនបើរឿងក្តីព្រហ្មទណ្ឌដែលទាក់ទងនឹងអង្គហេតុ ដែលជាមូលដ្ឋាននៃការ ទាមទារណាមួយក្នុងរឿងក្តីរដ្ឋប្បវេណី កំពុងត្រូវបានចាត់ការ នោះតុលាការអាចបង្គាប់ឱ្យបង្អង់នូវនីតិវិធីនៃបណ្តឹងរបស់រឿងក្តីរដ្ឋប្បវេណីនោះ ដោយដីកាសម្រេចបាន ។ នៅក្នុងករណីនេះ ពេលដែលរឿងក្តីព្រហ្មទណ្ឌនោះត្រូវបានបញ្ចប់ តុលាការអាចលុបចោលនូវដីកាសម្រេចនោះបាន ។

មាត្រា ១៧៨.-អានុភាពនៃការផ្អាក ឬ បង្អង់នីតិវិធីនៃបណ្តឹង

១-នៅពេលដែលមានការផ្អាក ឬ បង្អង់នីតិវិធីនៃបណ្តឹងភាគី និង តុលាការមិនអាចធ្វើសកម្មភាពបណ្ដឹងបានឡើយ ។ ប៉ុន្តែ តុលាការអាចប្រកាសសាលក្រមបាន ទោះបីជានីតិវិធីនៃបណ្តឹងនោះត្រូវបានផ្អាកក៏ដោយ ។

២-នៅពេលដែលមានការផ្អាក ឬ បង្អង់នីតិវិធីនៃបណ្តឹង អំឡុងពេលក៍ត្រូវបញ្ឈប់ ដំណើរការដែរ ។ ក្នុងករណីនេះ អំឡុងពេលទាំងអស់នោះត្រូវចាប់ផ្តើមពីដំបូងវិញ ចាប់ពីពេលដែលធ្វើការជូនដំណឹងស្តីពីការទទួលបន្តនីតិវិធីនៃបណ្តឹង ឬ ពេលដែលបន្តនីតិវិធីនៃបណ្តឹងនោះ ។