ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី ២៖ នីតិវិធីនៃការជម្រះក្ដីលើកទី ១

ជំពូកទី ៥៖ ការសម្រេចសេចក្តី

ផ្នែកទី ១៖បទប្បញ្ញត្តិទូទៅស្តីពីកាសម្រេចសេចក្តី

មាត្រា ១៧៩.-ប្រភេទនៃការសម្រេចសេចក្តី

១-សាលក្រម គឺជាការសម្រេចសេចក្តី ដែលតុលាការធ្វើលិខិតសាលក្រមដែលមាន លក្ខណៈគ្រប់គ្រាន់ ទៅតាមទម្រង់ដែលច្បាប់បានកំណត់ ដោយផ្អែកលើការទាញហេតុផល ដោយផ្ទាល់មាត់ លើកលែងតែក្នុងករណីដែលមានកំណត់ពិសេសនៅក្នុងក្រមនេះ ឬ នៅក្នុងច្បាប់ផ្សេង ហើយកើតអានុភាព ដោយការប្រកាសដោយផ្អែកលើលិខិតសាលក្រមនោះ ។

២-ដីកាសម្រេច គឺជាការសម្រេចសេចក្តីដែលតុលាការ ឬ ចៅក្រមអាចធ្វើដោយមិនឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់បាន ហើយមិនមែនជាសាលក្រម ។

ផ្នែកទី ២៖ បទប្បញ្ញត្តិទូទៅស្តីពីសាលក្រម

មាត្រា ១៨០.-សាលក្រមចុងក្រោយ

១-បើយល់ឃើញថា ត្រូវបញ្ចប់ការវិនិច្ឆ័យដោយផ្អែកលើលទ្ធផលដែលបានមកពី ការទាញហេតុផលដោយផ្ទាល់មាត់ និង ការពិនិត្យលើភស្តុតាង តុលាការត្រូវបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ ហើយចេញសាលក្រមចុងក្រោយ ។

២-បើយល់ឃើញថា ត្រូវបញ្ចប់ការវិនិច្ឆ័យចំពោះការទាមទារមួយ ក្នុងចំណោមការទាមទារច្រើនដែលត្រូវបានបញ្ចូលគ្នា តុលាការអាចចេញសាលក្រមសម្រេចដល់អង្គសេចក្តីចំពោះការទាមទារតែមួយនោះបាន ។

៣-យល់ឃើញថា មានការចាំបាច់ដើម្បីចេញសាលក្រមចុងក្រោយ តុលាការអាចបង្គាប់ឱ្យធ្វើការទាញហេតុផលដោយផ្ទាល់មាត់ដែលត្រូវបានបញ្ចប់ហើយនោះ សាជាថ្មីឡើងវិញបាន ។

មាត្រា ១៨១.-សាលក្រមរបៀប

បើមានវិវាទអំពីហេតុណាមួយដែលបានកំណត់ នៅក្នុងចំណុចនីមួយៗខាងក្រោមនេះតុលាការអាចបញ្ចប់ការវិនិច្ឆ័យ ចំពោះតែហេតុនោះសិន ហើយចេញសាលក្រមរបៀបបានៈ

ក-អត្ថិភាពនៃការទាមទារក្នុងករណីដែលមានវិវាទលើអត្ថិភាព និង ចំនួនទឹកបា្រក់នៃការទាមទារ ។

ខ-មធ្យោបាយតទល់ ឬ ការពារខ្លួនដែលអាចវិនិច្ឆ័យដោយឯករាជ្យបាន ។

គ-អត្ថិភាព ឬ នត្ថិភាពនៃល័ក្ខខ័ណ្ឌបណ្តឹង ។

ឃ-ហេតុដែលទាក់ទងនឹងការបញ្ចប់បណ្តឹង ។

មាត្រា ១៨២.-ចំណុចដែលត្រូវវិនិច្ឆ័យដោយសាលក្រម

១-តុលាការត្រូវចេញសាលក្រមចំពោះការទាមទារទាំងអស់ដែលភាគីបានសុំ ។

២-តុលាការមិនអាចចេញសាលក្រមចំពោះចំណុចណាដែលភាគីមិនបានសុំឡើយ ។

៣-តុលាការត្រូវសម្រេចសេចក្តីអំពីករណីយកិច្ចទទួលបន្ទុកបា្រក់ប្រដាប់ក្តី ទោះបីជាគ្មានពាក្យសុំរបស់ភាគីក៏ដោយ ។

មាត្រា ១៨៣.-ការខកខានវិនិច្ឆ័យ

បើតុលាការខកខានមិនបានធ្វើការវិនិច្ឆ័យលើការទាមទារផ្នែកណាមួយ ផ្នែកនៃការទាមទារដែលខកខាននោះ ត្រូវបានចាត់ការបន្តនៅតុលាការនោះតទៅទៀត ។

មាត្រា ១៨៤.-គោលការណ៍ជំនឿទុកចិត្តដោយសេរី

ក្នុងការចេញសាលក្រម តុលាការត្រូវវិនិច្ឆ័យទទួលស្គាល់ ឬ មិនទទួលស្គាល់ថាការ អះអាងអំពីអង្គហេតុមាន ឬ គ្មានភាពពិតដោយគិតពិចារណាយ៉ាងហ្មត់ចត់នូវលទ្ធផលនៃ ការពិនិត្យភស្តុតាង និង ដំណើរការនិងខ្លឹមសារនៃការទាញហេតុផលដោយផ្ទាល់មាត់ តាមជំនឿទុកចិត្តដោយសេរីរបស់ខ្លួន ។

មាត្រា ១៨៥.-គោលការណ៍វិនិច្ឆ័យដោយផ្ទាល់

១-មានតែចៅក្រមដែលបានធ្វើការទាញហេតុផលដោយផ្ទាល់មាត់ដែលជាមូលដ្ឋាននៃសាលក្រមនោះតែប៉ុណ្ណោះ ទើបអាចចេញសាលក្រមបាន ។

២-ក្នុងករណីដែលមានការផ្លាស់ប្តូរចៅក្រមនៅមុនពេលបញ្ចប់ការទាញហេតុផល ដោយផ្ទាល់មាត់ ភាគីត្រូវធ្វើសេចក្តីថ្លែងការណ៍នូវលទ្ធផលនៃការទាញហេតុផលដោយ ផ្ទាល់មាត់ដែលបានធ្វើពីមុនមក ។

៣-ក្នុងករណីដែលចៅក្រមទទួលបន្ទុកមានតែម្នាក់ត្រូវបានផ្លាស់ប្តូរ ឬ ករណីដែល ចៅក្រមក្នុងក្រុមប្រឹក្សាជំនុំជម្រះ ត្រូវបានផ្លាស់ប្តូរលើសពីពាក់កណ្តាល ប្រសិនបើភាគីដាក់ពាក្យសុំសាកសួរសាក្សីដែលបានសាកសួរពីមុនមករួចហើយ តុលាការត្រូវសាកសួរសាក្សីនោះឡើងវិញ ។

ផ្នែកទី ៣៖ ការប្រកាសសាលក្រម

មាត្រា ១៨៦.-កំណើតអានុភាពនៃសាលក្រម

សាលក្រមនឹងមានអានុភាពដោយការប្រកាស ។

មាត្រា ១៨៧.-កាលបរិច្ឆេទនៃការប្រកាស

ការប្រកាសសាលក្រមត្រូវធ្វើឡើងក្នុងអំឡុងពេល ១ (មួយ) ខែ គិតចាប់ពីថ្ងៃដែល  បានបញ្ចប់នូវការទាញហេតុផលដោយផ្ទាល់មាត់ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះរឿងក្តីដែលមានភាពស្មុគស្មាញ់ខ្លាំង ឬ មានកាលៈទេសៈពិសេសផ្សេងទៀត ។

មាត្រា ១៨៨.-របៀបនៃការប្រកាស

១-ការប្រកាសសាលក្រមត្រូវធ្វើឡើងតាមកាលបរិច្ឆេទ នៅក្នុងសាលសវនាការដែលបើកជាសាធារណៈ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះជាអ្នកអានសេចក្តីសម្រេចបញ្ចប់  ដោយផ្អែកលើច្បាប់ដើមនៃមូលសាលក្រម ។ ប៉ុន្តែ ក្នុងករណីដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈ ចៅក្រមប្រឹក្សាអាចអានជំនួសបាន ។

២-ការប្រកាសសាលក្រមអាចធ្វើបាន ទោះបីជាគ្មានវត្តមានរបស់គូភាគីនៅក្នុងសាលសវនាការក៏ដោយ ។

៣-ប្រសិនបើយល់ឃើញថាសមរម្យ ប្រធានក្រុមប្រឹក្សាជំនុំជម្រះអាចអានសំអាង  ហេតុនៃសាលក្រម ឬ អាចពន្យល់ខ្លឹមសារនៃសំអាងហេតុនោះដោយផ្ទាល់មាត់បាន ។

មាត្រា ១៨៩.-លិខិតសាលក្រម

១-នៅក្នុងលិខិតសាលក្រម ត្រូវសរសេរចំណុច ដូចខាងក្រោមនេះ :

ក-តុលាការ ។

ខ-ថ្ងៃដែលបានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ ។

គ-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគីហើយនិង ឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ។

ឃ-អង្គហេតុ និង ចំណុចវិវាទ ។

ង-សំអាងហេតុ ។

ច-សេចក្តីសម្រេចបញ្ចប់ ។

២-ចំពោះអង្គហេតុ និង ចំណុចវិវាទ ត្រូវសរសេរខ្លឹមសារសំខាន់ៗដោយផ្អែកលើសេចក្តីថ្លែងការណ៍របស់ភាគី ។

៣-ចៅក្រមដែលចេញសាលក្រមត្រូវចុះហត្ថលេខាលើលិខិតសាលក្រមនោះ ។

៤-ក្នុងករណីដែលចៅក្រមណាម្នាក់ក្នុងចំណោមក្រុមប្រឹក្សាជំនុំជម្រះ មានធុរៈក្នុងការចុះហត្ថលេខាលើលិខិតសាលក្រម ចៅក្រមផ្សេងទៀតត្រូវចុះហត្ថលេខា ដោយចុះនិទ្ទេសអំពីហេតុដែលចៅក្រមនោះមិនអាចចុះហត្ថលេខា បាន ។

មាត្រា ១៩០.-ការបញ្ជូនលិខិតសាលក្រម

១-លិខិតសាលក្រមត្រូវបញ្ជូនទៅឱ្យគូភាគី ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃដែលបានប្រកាសសាលក្រមនោះ ។

២-ការបញ្ជូនដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុសារសាលក្រម ។

ផ្នែកទី ៤៖ អានុភាពនៃសាលក្រម

មាត្រា ១៩១.-អត្តពន្ធភាពនៃសាលក្រម

លើកលែងតែក្នុងករណីដែលបានកំណត់ក្នុងមាត្រា ១៩២ (ដីកាសម្រេចកែតម្រូវ) នៃ ក្រមនេះ តុលាការដែលបានចេញសាលក្រម មិនអាចលុប ឬ កែប្រែសាលក្រមនោះបានទេ ។

មាត្រា ១៩២.-ដីកាសម្រេចកែតម្រូវ

១-ក្នុងករណីដែលសាលក្រមមានការគណនាលេខខុស ឬ កត់ខុស ឬ កំហុសជាក់ស្តែងផ្សេងទៀតដែលមានប្រភេទប្រហាក់ប្រហែលគ្នា តុលាការអាចចេញដីកាសម្រេចកែតម្រូវសាលក្រមតាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួនបាន ។

២-ចំពោះដីកាសម្រេចកែតម្រូវសាលក្រម អាចប្ដឹងជំទាស់បាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានបណ្តឹងឧទ្ធរណ៍ស្របច្បាប់ចំពោះសាល ក្រមនោះ ។

៣-ដីកាសម្រេចកែតម្រូវត្រូវសរសេរបន្ថែមនៅលើច្បាប់ដើមនៃមូលសាលក្រម និង អនុសារសាលក្រម ។ ប៉ុន្តែ ប្រសិនបើយល់ឃើញថាសមរម្យ តុលាការអាចធ្វើដីកា សម្រេចនេះជាលិខិតជំនួសការសរសេរបន្ថែមនៅលើច្បាប់ដើមនៃមូលសាលក្រម និង អនុសារសាលក្រមហើយបញ្ជូនឯកសារចម្លងយថាភូតនៃដីកាសម្រេចនេះ ទៅឱ្យគូភាគីបាន ។

មាត្រា ១៩៣.-ពេលដែលសាលក្រមចូលជាស្ថាពរ

១-សាលក្រមមិនអាចចូលជាស្ថាពរ នៅមុនពេលផុតអំឡុងពេលដែលបានកំណត់សម្រាប់ការប្តឹងឧបាស័្រយ ទៅតុលាការជាន់ខ្ពស់ដែលស្របច្បាប់ ឬ ការប្ដឹងទាស់ដែលស្របច្បាប់បានទេ ។

២-ការចូលជាស្ថាពរនៃសាលក្រម ត្រូវបានបង្អាក់ដោយការដាក់ពាក្យបណ្តឹង ឧបាស័្រយទៅតុលាការជាន់ខ្ពស់ ឬ ពាក្យបណ្ដឹងទាស់ដែលត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែល បានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

មាត្រា ១៩៤.-អាជ្ញាអស់ជំនុំនៃចំណុចដែលត្រូវបានវិនិច្ឆ័យដោយសាលក្រម

១-នៅពេលសាលក្រមចូលជាស្ថាពរហើយអានុភាពនៃអាជ្ញាអស់ជំនុំត្រូវកើតឡើង ។

២-អាជ្ញាអស់ជំនុំដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវកំណត់ជាស្ថាពរ នូវទំនាក់ទំនងសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្ត នាពេលបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ ។

៣-ទំហំនៃអាជ្ញាអស់ជំនុំដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ មានត្រឹមតែទំហំដែលបានវិនិច្ឆ័យនៅក្នុងសេចក្តីសម្រេចបញ្ចប់ ចំពោះការទាមទារដែលបានសុំដោយពាក្យបណ្ដឹង ឬ ពាក្យបណ្តឹងតបតែប៉ុណ្ណោះ ហើយអានុភាពនៃអាជ្ញាអស់ជំនុំនេះ មិនអាចមានទៅលើសេចក្តីវិនិច្ឆ័យក្នុងសំអាងហេតុនៃសាលក្រមបានទេ ។

៤-ទោះបីជាមានបញ្ញត្តិនៃកថាខណ្ឌទី ៣ ខាងលើនេះក៏ដោយ បើចុងចម្លើយទាមទារការទូទាត់ ដោយសិទ្ធិលើបំណុលតប សេចក្តីវិនិច្ឆ័យក្នុងសាលក្រមស្ថាពរដែលសម្រេចថា គ្មានសិទ្ធិលើបំណុលតបទេនោះ ត្រូវបង្កើតអានុភាពនៃអាជ្ញាអស់ជំនុំ លើចំនួនប្រាក់ដែលបានតវ៉ាដោយការទូទាត់នោះ ។

មាត្រា ១៩៥.-ពេលដែលអានុភាពអនុវត្តកើតឡើង

លើកលែងតែមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ សាលក្រមអាចអនុវត្តបាន ចាប់តាំងពីពេលដែលអាជ្ញាអស់ជំនុំបានកើតឡើង ដូចបានកំណត់ក្នុងមាត្រា ១៩៤ (អាជ្ញាអស់ជំនុំនៃចំណុចដែលត្រូវបានវិនិច្ឆ័យដោយសាលក្រម) នៃក្រមនេះ ។

មាត្រា ១៩៦.-ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន

១-ចំពោះសាលក្រមដែលសម្រេចអំពីការទាមទារសិទ្ធិលើទ្រព្យសម្បត្តិ បើយល់ឃើញថាចាំបាច់ តុលាការអាចប្រកាសថា សាលក្រមនោះអាចអនុវត្តជាបណ្តោះអាសន្នបាន ដោយឱ្យដើមចោទដែលឈ្នះក្តីដាក់បា្រតិភោគ ឬ មិនឱ្យដាក់បា្រតិភោគ តាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។

២-តុលាការអាចប្រកាសថា ភាគីអាចរួចផុតពីការអនុវត្តជាបណ្តោះអាសន្នបាន    ដោយឱ្យដាក់បា្រតិភោគ តាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។

៣-ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ត្រូវចែងនៅក្នុងសេចក្តីសម្រេចបញ្ចប់នៃសាលក្រម ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការប្រកាសដែលបាន កំណត់ក្នុងកថាខណ្ឌទី ២ ខាងលើនេះ ។

៤-ក្នុងករណីដែលមិនបានសម្រេចសេចក្តីអំពីពាក្យសុំប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ឬ ក្នុងករណីដែលត្រូវប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្នដោយឆន្ទានុសិទ្ធិ តែមិនបានធ្វើ តុលាការត្រូវចេញដីកាសម្រេចបន្ថែម តាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលតុលាការមិនបានសម្រេចសេចក្តីអំពីពាក្យសុំដែលបានកំណត់ក្នុងកថាខណ្ឌទី ២ ខាងលើនេះ ។

មាត្រា ១៩៧.-ការបាត់បង់អានុភាពនៃការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន និង បដិទានស្ថានភាពដើម

១-ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្នត្រូវបាត់បង់អានុភាព ដោយការប្រកាសសាលដីការបស់តុលាការជាន់ខ្ពស់ដែលសម្រេចផ្លាស់ប្តូរការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ននោះ ឬ សាលក្រមសម្រេចអង្គសេចក្តី តាមទំហំនៃការផ្លាស់ប្តូរ ។

២-ក្នុងករណីដែលតុលាការផ្លាស់ប្តូរសាលក្រមសម្រេចអង្គសេចក្តី តុលាការត្រូវបង្គាប់ក្នុងសាលដីកាឱ្យដើមចោទសងតាវកាលិកដែលចុងចម្លើយបានផ្តល់ ដោយផ្អែកលើការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន និង ឱ្យសងការខូចខាតដែលចុងចម្លើយបានទទួល ដោយសារការអនុវត្តជាបណ្តោះអាសន្ន ឬ ដើម្បីធ្វើឱ្យរួចផុតពីការអនុវត្តជាបណ្តោះអាសន្ន នោះ តាមពាក្យសុំរបស់ចុងចម្លើយ ។

៣-ក្នុងករណីដែលតុលាការបានផ្លាស់ប្តូរតែចំពោះការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្នប៉ុណ្ណោះ បញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តផងដែរ ចំពោះសាលដីកាដែលផ្លាស់ប្តូរសាលក្រមសម្រេចអង្គសេចក្តីនៅពេលក្រោយ ។

មាត្រា ១៩៨.-វិសាលភាពបុគ្គលដែលត្រូវទទួលអានុភាពរបស់សាលក្រមស្ថាពរ

សាលក្រមស្ថាពរមានអានុភាពចំពោះបុគ្គលដែលបានកំណត់ ដូចខាងក្រោមនេះ :

ក-ភាគី ។

ខ-តតិយជន ក្នុងករណីដែលភាគីធ្វើជាដើមចោទ ឬ ចុងចម្លើយនៃបណ្តឹងជំនួសតតិយជននោះ ។

គ-បុគ្គលដែលទទួលបន្តនូវសិទ្ធិ ឬ កាតព្វកិច្ច ពីអ្នកដែលបានកំណត់ក្នុងចំណុចទាំងពីរខាងលើនេះ ក្រោយពីបណ្ដឹងត្រូវ បានចាត់ការ ។

ឃ-បុគ្គលដែលកាន់កាប់វត្ថុដែលជាកម្មវត្ថុនៃការទាមទារ សម្រាប់ផលប្រយោជន៍ របស់បុគ្គលដែលបានកំណត់ក្នុងចំណុចទាំងបីខាងលើនេះ ។

មាត្រា ១៩៩.-អានុភាពនៃសាលក្រមស្ថាពររបស់តុលាការបរទេស

សាលក្រមស្ថាពររបស់តុលាការបរទេស ត្រូវមានអានុភាពលុះត្រាតែបានបំពេញល័ក្ខខ័ណ្ឌទាំងអស់ ដូចខាងក្រោមនេះ :

ក-បើសិទ្ធិជម្រះក្តីរបស់តុលាការបរទេសត្រូវបានទទួលស្គាល់ ដោយច្បាប់ ឬ សន្ធិសញ្ញា ឬ អនុសញ្ញា ដែលព្រះរាជាណាចក្រកម្ពុជាជាភាគី ។

ខ-បើចុងចម្លើយដែលចាញ់ក្តី បានទទួលការបញ្ជូនដីកាកោះហៅ ឬ ដីកាបង្គាប់ដែលចាំបាច់ដើម្បីចាប់ផ្តើមនីតិវិធី ឬ មិនបានទទួលទេ តែបានឆ្លើយដោះសាតបចំពោះបណ្តឹងនោះ ។

គ-បើខ្លឹមសារនៃសាលក្រម និង នីតិវិធីនៃបណ្តឹងនោះ មិនប៉ះពាល់សណ្នាប់ធ្នាប់សាធារណៈ ឬ ទំនៀមទម្លាប់ល្អនៃព្រះរាជាណាចក្រកម្ពុជា ។

ឃ-បើមានការធានាទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និង បរទេស ។

ផ្នែកទី ៥៖ សាលក្រមកំបាំងមុខ

មាត្រា ២០០.-សាលក្រមកំបាំងមុខដើមចោទ

១-បើដើមចោទមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទលើកទី ១ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលទេ តុលាការត្រូវចានចោលការទាមទាររបស់ដើមចោទនោះ ដោយសាលក្រមកំបាំងមុខ ។

២-បើដើមចោទមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទដើម្បីបន្តនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលទេ តុលាការអាចបញ្ឈប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយ  ភ្លាមៗហើយកំណត់នូវកាលបរិច្ឆេទលើកទី ១ នៃការទាញហេតុផលដោយផ្ទាល់មាត់បាន ។

៣-បើដើមចោទមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ទេ តុលាការត្រូវចានចោលការទាមទាររបស់ដើមចោទនោះ ដោយសាលក្រមកំបាំងមុខ ។

មាត្រា ២០១.-សាលក្រមកំបាំងមុខចុងចម្លើយ

១-បើចុងចម្លើយមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទលើកទី ១ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលទេ តុលាការត្រូវបញ្ឈប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ដោយភ្លាមៗ ហើយកំណត់នូវកាលបរិច្ឆេទលើកទី ១ នៃការទាញហេតុផលដោយផ្ទាល់មាត់ ។

២-បើចុងចម្លើយមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ តុលាការត្រូវចាត់ទុកថា ចុងចម្លើយបានសារភាពតាមសេចក្តីថ្លែងការណ៍របស់ដើមចោទដែលទាក់ទងនឹងអង្គហេតុ ហើយបើយល់ឃើញថា ការទាមទាររបស់ដើមចោទត្រឹមត្រូវតុលាការត្រូវទទួលស្គាល់ការទាមទាររបស់ដើមចោទ ដោយសាលក្រមកំបាំងមុខ    តែបើយល់ឃើញថា ការទាមទាររបស់ដើមចោទមិនត្រឹមត្រូវទេ តុលាការត្រូវច្រានចោលការទាមទារនោះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលចុងចម្លើយធ្វើវិវាទលើការអះអាងរបស់ដើមចោទ នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលផ្ទាល់មាត់ពីមុនមក ។

មាត្រា ២០២.- ករណីដែលមិនអាចចេញសាលក្រមកំបាំងមុខ

បើមានករណីណាមួយដូចខាងក្រោមនេះ តុលាការមិនអាចចេញសាលក្រមកំបាំងមុខបានឡើយៈ

ក-ភាគីដែលមិនបានបង្ហាញខ្លួន មិនបានទទួលការកោះហៅស្របច្បាប់ ។

ខ-ភាគីដែលមិនបានបង្ហាញខ្លួន មានមូលហេតុដែលអាចទទួលស្គាល់ថា ពិតជាមិនអាចបង្ហាញខ្លួនបានមែន ដោយសារគ្រោះមហន្តរាយធម្មជាតិ ឬ កាលៈទេសៈផ្សេងទៀត ដែលមិនអាចជៀសវាងបាន ។

គ-បណ្ដឹងមិនស្របច្បាប់ ។

ឃ-ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ ដែលដើមចោទបានធ្វើនៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ដែលចុងចម្លើយមិនបានបង្ហាញខ្លួន ហើយខ្លឹមសារនៃ សេចក្តីថ្លែងការណ៍នោះមិនបានជូនដំណឹងទៅចុងចម្លើយ មុនកាលបរិច្ឆេទនោះ ។

មាត្រា ២០៣.-ការពន្យារកាលបរិច្ឆេទ

១-បើយល់ឃើញថា អំឡុងពេលនៃការកោះហៅមានរយៈពេលខ្លីពេក ឬ យល់ឃើញថា ភាគីមិនអាចមកបង្ហាញខ្លួនបានដោយគ្មានកំហុសទេ តុលាការអាចពន្យារកាលបរិច្ឆេទ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់បាន ។

២-បើតុលាការបានពន្យារកាលបរិច្ឆេទតាមកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវធ្វើការកោះហៅភាគីដែលមិនបានបង្ហាញខ្លួននោះ តាមកាលបរិច្ឆេទថ្មី ។

មាត្រា ២០៤.-បណ្តឹងទាស់

១-បើភាគីមិនបានបង្ហាញខ្លួនតាមកាលបរិច្ឆេទទាន់ពេលវេលា ដោយសារមានហេតុ ដែលមិនអាចព្យាករបាន ឬ ហេតុដែលមិនអាចជៀសវាងបាន ហើយបានទទួលសាលក្រមកំបាំងមុខ ភាគីនោះអាចប្តឹងទាស់ចំពោះសាលក្រមនោះបាន ។

២-បណ្តឹងទាស់ដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើឡើងក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ ដោយគិតចាប់ពីថ្ងៃដែលបានទទួលការបញ្ជូនសាលក្រមកំបាំងមុខនោះ ។ អំឡុងពេលនេះពុំអាចពន្យារបានឡើយ ។

៣-បើសាលក្រមកំបាំងមុខ ត្រូវបានបញ្ជូនតាមរយៈការបិទប្រកាសជាសាធារណៈ ឬ តាមរយៈការបញ្ជូននៅបរទេស តុលាការត្រូវកំណត់អំឡុងពេលដែលអាចប្ដឹងទាស់នៅ ក្នុងសាលក្រមកំបាំងមុខនោះ ។

មាត្រា ២០៥-របៀបប្តឹងទាស់

១-ការប្តឹងទាស់ត្រូវធ្វើឡើងដោយដាក់ពាក្យបណ្តឹងទាស់ទៅតុលាការដែលបាន ចេញសាលក្រមកំបាំងមុខ ។

២-នៅក្នុងពាក្យបណ្តឹងទាស់ ត្រូវសរសេរចំណុចដូចខាងក្រោម :

ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់គូភាគី ហើយនិង ឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ។

ខ-សញ្ញាណសាលក្រមកំបាំងមុខដែលជាកម្មវត្ថុនៃការប្តឹងទាស់ ។

គ-បំណងនៃការប្តឹងទាស់ចំពោះសាលក្រមដែលបានកំណត់ក្នុងចំណុច ខ ខាងលើនេះ ។

ឃ-មូលហេតុដែលមិនអាចមកបង្ហាញខ្លួនតាមកាលបរិច្ឆេទទាន់ពេលវេលា ។

មាត្រា ២០៦.-ការពិនិត្យ និង ការបញ្ជូនពាក្យបណ្តឹងទាស់

១-ក្នុងករណីដែលពាក្យបណ្តឹងទាស់មិនសបនឹងបញ្ញត្តិនៃមាត្រា ២០៥ (របៀបប្ដឹងទាស់) នៃក្រមនេះ តុលាការត្រូវកំណត់អំឡុងពេលសមរម្យ និង បង្គាប់ឱ្យកែតម្រូវចំណុចខ្វះខាតនៃពាក្យបណ្តឹងនោះ ក្នុងអំឡុងពេលនោះ ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើភាគីដែលប្តឹងទាស់មិនបានកែតម្រូវចំណុចខ្វះខាតទេ តុលាការត្រូវលើកពាក្យបណ្តឹងទាស់នោះចោល ដោយដីកាសម្រេច ។

៣-ចំពោះដីកាសម្រេចដែលបានកំណត់ក្នុងកថាខណ្ឌទី ២ ខាងលើនេះ អាចប្ដឹង ជំទាស់បាន ។

៤-ក្នុងករណីដែលពាក្យបណ្ដឹងទាស់គ្មានចំណុចខ្វះខាតទេ តុលាការត្រូវបញ្ជូនពាក្យបណ្តឹងទាស់នោះទៅភាគីម្ខាងទៀត ហើយកំណត់កាលបរិច្ឆេទថ្មីដើម្បីវិនិច្ឆ័យបណ្តឹងទាស់នោះ និង កោះហៅគូភាគី ។

មាត្រា ២០៧.-ការវិនិច្ឆ័យ និង ការសម្រេចសេចក្ដីលើបទ្បើងចាស់

១-តុលាការត្រូវធ្វើការស្រាវជ្រាវ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន អំពីភាពត្រឹមត្រូវនៃពាក្យបណ្តឹងទាស់តាមទម្រង់ និង អំឡុងពេលដែលកំណត់ដោយច្បាប់ និង អំពីភាពត្រឹមត្រូវនៃមូលហេតុបណ្ដឹងទាស់ ។

២-តុលាការត្រូវលើកចោលនូវបណ្តឹងទាស់ ដោយដីកាសម្រេច ប្រសិនបើយល់ឃើញ ថា ពាក្យបណ្ដឹងទាស់នោះមិនត្រឹមត្រូវតាមច្បាប់ តែបើយល់ឃើញថា ពាក្យបណ្ដឹងទាស់នោះ គ្មានមូលហេតុត្រឹមត្រូវទេ តុលាការត្រូវច្រានចោលបណ្តឹងនោះដោយដីកាសម្រេច ។

មាត្រា ២០៨.-អានុភាពនៃបណ្ដឹងទាស់ដែលត្រូវបានទទួលស្គាល់

១-ក្នុងករណីដែលពាក្យបណឹ្តងទាស់ត្រូវបានទទួលស្គាល់ នីតិវិធីនៃបណ្តឹងនោះត្រូវត្រឡប់ទៅសភាពដើមវិញ ពីត្រឹមពេលអវត្តមាននោះកើតឡើង ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវកំណត់ កាលបរិច្ឆេទថ្មីដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ ដើម្បីចាប់ផ្តើមធ្វើការទាញហេតុផលដោយផ្ទាល់មាត់ឡើងវិញ ហើយត្រូវជូនដំណឹងនេះទៅឱ្យគូភាគី ។

មាត្រា ២០៩.-សាលក្រមថ្មី

១-បើសាលក្រមដែលត្រូវចេញដោយផ្អែកលើការជំនុំជម្រះជាថ្មី បន្ទាប់ពីចាប់ផ្តើមអនុវត្តនីតិវិធីឡើងវិញ មានលទ្ធផលដូចសាលក្រមកំបាំងមុខ នោះតុលាការត្រូវចេញសាល ក្រមថ្មីដែលប្រកាសថា តម្កល់សាលក្រមកំបាំងមុខនោះទុកជាបានការ ។

២-បើសាលក្រមដែលត្រូវចេញដោយផ្អែកលើការជំនុំជម្រះជាថ្មី បន្ទាប់ពីចាប់ផ្តើមអនុវត្តនីតិវិធីឡើងវិញ គ្មានលទ្ធផលដូចសាលក្រមកំបាំងមុខទេ នោះតុលាការត្រូវលុបចោល សាលក្រមកំបាំងមុខនោះនៅក្នុងសាលក្រមថ្មី ។

មាត្រា ២១០.-សោហ៊ុយដែលកើតឡើងដោយសារអវត្តមាន

បើសាលក្រមកំបាំងមុខត្រូវបានធ្វើឡើងស្របតាមទម្រង់ដែលច្បាប់បានកំណត់ទោះ បីជាត្រូវលុបចោលសាលក្រមនោះ ដោយផ្អែកលើពាក្យបណ្តឹងទាស់ក៏ដោយ ក៏សោហ៊ុយដែលកើតឡើងដោយសារអវត្តមាន ត្រូវជាបន្ទុករបស់ភាគីដែលមិនបានបង្ហាញខ្លួនដែរ លើកលែងតែករណីដែលសោហ៊ុយនោះបានកើតឡើង ដោយសារសកម្មភាពបណ្តឹងមិនត្រឹមត្រូវរបស់ភាគីម្ខាងទៀត ។

មាត្រា ២១១.-សាលក្រមកំបាំងមុខលើកទី ២

១-បើភាគីដែលបានប្ដឹងទាស់ មិនបានបង្ហាញខ្លួននៅកាលបរិច្ឆេទដំបូងក្រោយពេលចាប់ផ្តើមអនុវត្តនីតិវិធីឡើងវិញទេ តុលាការត្រូវច្រានចោលបណ្តឹងទាស់ ដោយសាលក្រមកំបាំងមុខម្តងទៀត លើកលែងតែក្នុងករណីដែលបានកំណត់ក្នុងមាត្រា ២០២ (ករណីដែល មិនអាចចេញសាលក្រមកំបាំងមុខ) និង កថាខណ្ឌទី ២ នៃមាត្រា ២០៣ (ការពន្យារកាល បរិច្ឆេទ) នៃក្រមនេះ ។

២-ចំពោះសាលក្រមកំបាំងមុខលើកទី ២ ដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចប្ដឹងទាស់ បានទៀតទេ ។

មាត្រា ២១២.-បញ្ញត្តិដែលអនុវត្តដូចគ្នា

១-បញ្ញត្តិស្តីពីការដកពាក្យបណ្ដឹងឧទ្ធរណ៍ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការដកពាក្យបណ្តឹងទាស់ ។

២-បញ្ញត្តិនៃផ្នែកនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះបណ្តឹងតប ។

ផ្នែកទី ៦៖ ដីកាសម្រេច

មាត្រា ២១៣.-ការជូនដំណឹងអំពីដីកាសម្រេច

១-ដីកាសម្រេចនឹងមានអានុភាព លុះត្រាតែត្រូវបានជូនដំណឹងតាមវិធីដែលអាច ទទួលស្គាល់ថាសមរម្យ ។

២-ក្នុងករណីចេញដីកាសម្រេចជាលាយល័ក្ខណ៍អក្សរ ចៅក្រមដែលបានចេញដីកា សម្រេច ត្រូវចុះហត្ថលេខាលើដីកាសម្រេចនោះ ។

៣-នៅពេលជូនដំណឹងអំពីដីកាសម្រេច ក្រឡាបញ្ជីត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់    នូវហេតុការណ៍ និង វិធីនៃការជូនដំណឹងនោះ ដាក់នៅក្នុងសំណុំរឿង ។

មាត្រា ២១៤.-ការលុបចោលនូវដីកាសម្រេចទាក់ទងនឹងការដឹកនាំនីតិវិធី

ដីការសម្រេចទាក់ទងនឹងការដឹកនាំនីតិវិធីនៃបណ្តឹង អាចលុបចោលនាពេលណាក៏បាន ។

មាត្រា ២១៥.-បណ្ដឹងតវ៉ាអំពីការចាត់ចែងរបស់ក្រឡាបញ្ជី

ចំពោះបណ្តឹងតវ៉ាអំពីការចាត់ចែងរបស់ក្រឡាបញ្ជី តុលាការដែលក្រឡាបញ្ជីនោះ ស្ថិតនៅក្រោមឱវាទ ត្រូវសម្រេចសេចក្តី ដោយដីកាសម្រេច ។

មាត្រា ២១៦.-ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីសាលក្រម

បញ្ញត្តិស្តីពីសាលក្រមត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះដីសម្រេច លើកលែងតែបញ្ញត្តិស្តីពីសាលក្រមនោះ មានភាពផ្ទុយពីលក្ខណៈនៃដីកាសម្រេច ។