ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ២៖ នីតិវិធីនៃការជម្រះក្ដីលើកទី ១
ជំពូកទី ៦៖ ការបញ្ចប់នីតិវិធីដោយមិនធ្វើទៅតាមការសម្រេចសេចក្តី
មាត្រា ២១៧.-ការដកពាក្យបណ្តឹង
១-ដើមចោទអាចដកពាក្យបណ្តឹងទាំងអស់ ឬ មួយផ្នែកបាន រហូតដល់ពេលដែល សាលក្រមចូលជាស្ថាពរ ។
២-ក្រោយពីចុងចម្លើយបានដាក់ឯកសារត្រៀមអំពីអង្គសេចក្តី ឬ បានឆ្លើយក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលអំពីអង្គសេចក្ដី ឬ បានធ្វើការទាញហេតុផលដោយ ផ្ទាល់មាត់អំពីអង្គសេចក្តីហើយ ការដកពាក្យបណឹ្តង មិនត្រូវមានអានុភាពឡើយ លើកលែងតែបានទទួលការយល់ព្រមពីចុងចម្លើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះការដកពាក្យបណ្តឹងតបក្នុងករណីដែលដើមចោទបានដកពាក្យបណ្តឹងដើម ។
៣-ការដកពាក្យបណ្ដឹង ត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ។ ប៉ុន្តែ នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា ការដកពាក្យបណ្តឹងអាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន ។
៤-ក្នុងករណីដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ២ ខាងលើនេះ ប្រសិនបើការដកពាក្យបណ្តឹង ត្រូវបានធ្វើឡើងជាលាយល័ក្ខណ៍អក្សរ តុលាការត្រូវបញ្ជូន លិខិតនេះទៅចុងចម្លើយ ហើយប្រសិនបើការដកពាក្យបណ្តឹង ត្រូវបានធ្វើឡើងដោយផ្ទាល់ មាត់នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា តុលាការត្រូវបញ្ជូនឯកសារចម្លង នៃកំណត់ហេតុនៃកាលបរិច្ឆេទនេះ ទៅចុងចម្លើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការដកពាក្យបណ្តឹង ត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផល ដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា ហើយចុងចម្លើយ បានចូលរួមនៅក្នុងកាលបរិច្ឆេទនោះ ។
៥-ប្រសិនបើចុងចម្លើយមិនបានប្តឹងតវ៉ា ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ បន្ទាប់ពីបានទទួលលិខិតដកពាក្យបណ្តឹងដែលត្រូវបានបញ្ជូនទេនោះត្រូវចាត់ទុកថា ចុងចម្លើយបានយល់ព្រមនឹងការដកពាក្យបណ្តឹងនេះ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដែរ ចំពោះករណី ដែលការដកពាក្យបណ្តឹង ត្រូវបានធ្វើឡើងដោយផ្ទាល់មាត់នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀម សម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា ហើយចុងចម្លើយមិនបានប្តឹងតវ៉ា ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ បន្ទាប់ពីថ្ងៃដែលមានការដកពាក្យបណ្តឹង ប្រសិនបើចុងចម្លើយក៏បានចូលរួមនៅកាលបរិច្ឆេទ នោះដែរ ឬ ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ បន្ទាប់ពីបានទទួលការបញ្ជូនឯកសារចម្លងដែលបានកំណត់ក្នុងកថាខណ្ឌទី ៤ ខាងលើនេះ ប្រសិនបើចុងចម្លើយមិនបានចូលរួមនៅកាលបរិច្ឆេទនោះទេ ។
មាត្រា ២១៨.-អានុភាពនៃការដកពាក្យបណ្តឹង
១-ផ្នែកដែលត្រូវបានដកពាក្យបណ្តឹង ត្រូវចាត់ទុកថា មិនបានចាត់ការតាំងពីដំបូង ។
២-ភាគីដែលបានដកពាក្យបណ្តឹងក្រោយពីចេញសាលក្រមចុងក្រោយអំពីអង្គសេចក្តី មិនអាចដាក់ពាក្យបណ្តឹងដូចគ្នាម្តងទៀតបានទេ ។
មាត្រា ២១៩.-ការចាត់ទុកថា ដកពាក្យបណ្តឹង
ក្នុងករណីដែលភាគីទាំងសងខាងមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀម សម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ហើយមិនបានដាក់ពាក្យសុំឱ្យតុលាការកំណត់កាលបរិច្ឆេទជាថ្មីទៀត ក្នុងអំឡុងពេល ១ (មួយ) ខែទេ នោះត្រូវចាត់ទុកថា បានដកពាក្យបណ្តឹង ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីដែលភាគីទាំងសងខាងមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ពីរដងជាប់គ្នា ។
មាត្រា ២២០.-ការផ្សះផ្សាលើបណ្តឹង
១-ភាគីអាចធ្វើការផ្សះផ្សានៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សាបាន ។
២-ការផ្សះផ្សាដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចធ្វើនៅក្រៅទីតាំងតុលាការក៍បានដែរ ប្រសិនបើតុលាការយល់ឃើញថាសមរម្យ ។
មាត្រា ២២១.-ការលះបង់ ឬ ការទទួលស្គាល់នូវការទាមទារ
ការលះបង់នូវការទាមទារ ឬ ការទទួលស្គាល់នូវការទាមទារត្រូវធ្វើឡើងនៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា ។
មាត្រា ២២២.-អានុភាពនៃកំណត់ហេតុស្តីពីការសះជា ជាអាទិ៍
ក្នុងករណីដែលមានការសះជា ការលះបង់នូវការទាមទារ ឬ ការទទួលស្គាល់នូវការទាមទារ ត្រូវបានកត់ត្រានៅក្នុងកំណត់ហេតុ កំណត់ត្រានេះ មានអានុភាពដូចគ្នានឹងសាលក្រមស្ថាពរ ។