ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ២៖ នីតិវិធីនៃការជម្រះក្ដីលើកទី ១
ជំពូកទី ៧៖ បទប្បញ្ញត្តិពិសេសស្តីពីរឿងក្តីចំនួនទឹកប្រាក់តិច
មាត្រា ២២៣.-គោលបំណងនៃនីតិវិធី
នីតិវិធីនៃរឿងក្តីចំនួនទឹកប្រាក់តិច មានគោលបំណងដើម្បីដោះស្រាយវិវាទដ៏ឆាប់រហ័សតាមនីតិវិធីសង្ខេប ។
មាត្រា ២២៤.-ល័ក្ខខ័ណ្ឌនៃបណ្តឹងរឿងក្តីចំនួនទឹកប្រាក់តិច ជាអាទិ៍
១-ចំពោះបណ្តឹងដែលមានគោលបំណងទាមទារសំណងជាទឹកប្រាក់មិនលើសពី១.០០០.០០០ (មួយលាន) រៀល ដែលជាតម្លៃកម្មវត្ថុនៃបណ្តឹង ដើមចោទអាចស្នើសុំការជំនុំជម្រះ និង សម្រេចសេចក្តី តាមនីតិវិធីនៃបណ្តឹងរឿងក្តីចំនួនទឹកប្រាក់តិចបាន ។
២-សេចក្តីថ្លែងការណ៍ដែលស្នើសុំការជំនុំជម្រះ និង សម្រេចសេចក្តីតាមនីតិវិធីនៃបណ្ដឹងរឿងក្តីចំនួនទឹកប្រាក់តិច ត្រូវធ្វើឡើងនៅពេលដាក់ពាក្យបណ្តឹង ។
មាត្រា ២២៥.-ការដាក់ពាក្យបណ្តឹងដោយផ្ទាល់មាត់ ចំណុចដែលត្រូវបញ្ជាក់ច្បាស់លាស់នៅពេលដាក់ពាក្យបណ្ដឹង
១-ការដាក់ពាក្យបណ្ដឹងនៃរឿងក្តីចំនួនទឹកប្រាក់តិច អាចធ្វើដោយផ្ទាល់មាត់បាន ។
២-ចំពោះការដាក់ពាក្យបណ្តឹងនៃរឿងក្តីចំនួនទឹកប្រាក់តិច ទោះបីជាមានបញ្ញត្តិនៅ ក្នុងចំណុច ខ កថាខណ្ឌទី ២ នៃមាត្រា ៧៥ (របៀបដាក់ពាក្យបណ្តឹង និង ចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្តឹង) នៃក្រមនេះក៏ដោយ ក៏ជាការគ្រប់គ្រាន់ហើយ កាលបើមានការបង្ហាញឱ្យបានច្បាស់លាស់អំពីចំណុចសំខាន់ៗនៃវិវាទនោះ ។
៣-នៅពេលដែលដើមចោទដាក់ពាក្យបណ្តឹងដោយផ្ទាល់មាត់ ក្រឡាបញ្ជីត្រូវកត់ត្រា នូវសេចក្តីថ្លែងការណ៍របស់ដើមចោទនោះក្នុងកំណត់ហេតុ ។ ក្នុងករណីនេះ កំណត់ហេតុ នោះត្រូវបានចាត់ទុកថាជាពាក្យបណ្តឹង ។
មាត្រា ២២៦.-ការចង្អុលបង្ហាញអំពីនីតិវិធី
១-ក្រឡាបញ្ជីត្រូវប្រគល់ទៅភាគីនូវលិខិតលាយល័ក្ខណ៍អក្សរដែលពន្យល់នូវអត្ថន័យនៃនីតិវិធីនៃការជំនុំជម្រះ និង ការសម្រេចសេចក្តីតាមរឿងក្តីចំនួនទឹកប្រាក់តិច នៅពេលកោះហៅតាមកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ នៅក្នុងរឿងក្តីចំនួនទឹកប្រាក់តិច ។
២-នៅពេលដំបូងនៃកាលបរិច្ឆេទដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវពន្យល់ភាគីនូវចំណុចដូចខាងក្រោមនេះ :
ក-លើកលែងតែក្នុងករណីដែលមានសភាពការណ៍ពិសេស តុលាការត្រូវបញ្ចប់នូវការជំនុំជម្រះនៅកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ ។
ខ-ចំពោះសាលក្រមចុងក្រោយនៃរឿងក្តីចំនួនទឹកប្រាក់តិច ភាគីពុំអាចធ្វើឧបាស័្រយបានឡើយ លើកលែងតែបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខ ។
គ-ការពិនិត្យភស្តុតាងអាចធ្វើបានចំពោះតែភស្តុតាងដែលអាចពិនិត្យបានភ្លាមៗ ប៉ុណ្ណោះ ។
ឃ-ចុងចម្លើយអាចធ្វើសេចក្តីថ្លែងការណ៍ឱ្យផ្ទេរបណ្តឹង ទៅនីតិវិធីបណ្តឹងធម្មតាបាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលចុងចម្លើយបានធ្វើការឆ្លើយទាញហេតុផលនៅកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ ឬ ក្រោយពេលកាលបរិច្ឆេទនោះបានបញ្ចប់ហើយ ។
មាត្រា ២២៧.-ការហាមឃាត់ចំពោះបណ្តឹងតប
នៅក្នុងរឿងក្តីចំនួនទឹកប្រាក់តិច ការប្តឹងតបមិនអាចធ្វើបានឡើយ ។
មាត្រា ២២៨.-ការកំណត់កាលបរិច្ឆេទទាញហេតុផលដោយផ្ទាល់មាត់
១-នៅពេលដែលមានការដាក់ពាក្យបណ្តឹង តុលាការត្រូវកំណត់កាលបរិច្ឆេទសម្រាប់ ការទាញហេតុផលដោយផ្ទាល់មាត់ឱ្យបានឆាប់រហ័ស និង ត្រូវធ្វើការកោះហៅភាគី ។
២-កាលបរិច្ឆេទដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើនៅក្នុងអំឡុងពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃដែលបានដាក់ពាក្យបណ្ដឹងលើកលែងតែក្នុងករណីដែលមានសភាពការណ៍ពិសេស ។
មាត្រា ២២៩.-គោលការណ៍នៃការជំនុំជម្រះតាមកាលបរិច្ឆេទតែមួយថ្ងៃ
១-ចំពោះរឿងក្តីចំនួនទឹកប្រាក់តិច តុលាការត្រូវតែបញ្ចប់នូវការជំនុំជម្រះ នៅកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់លើកទី ១ លើកលែងតែក្នុងករណីដែលមានសភាពការណ៍ពិសេស ។
២-ភាគីត្រូវដាក់មធ្យោបាយតទល់ ឬ ការពារខ្លួនទាំងអស់ នៅមុន ឬ ក្នុងកាលបរិច្ឆេទដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការទាញហេតុផលដោយផ្ទាល់មាត់ត្រូវបានបន្ត ។
មាត្រា ២៣០.-ការបង្គាប់ឱ្យសាមីភាគីបង្ហាញខ្លួន
ទោះបីជាអ្នកតំណាងដោយអាណត្តិត្រូវបានជ្រើសតាំងក៏ដោយ ក៏តុលាការអាចបង្គាប់ឱ្យសាមីភាគី ឬ អ្នកតំណាងដែលច្បាប់បានកំណត់របស់ភាគីនោះបង្ហាញខ្លួនបានដែរ ។
មាត្រា ២៣១.-ការកម្រិតនូវការពិនិត្យភស្តុតាង
ការពិនិត្យភស្តុតាង អាចធ្វើបានចំពោះតែភស្តុតាងដែលអាចពិនិត្យបានភ្លាមៗប៉ុណ្ណោះ។
មាត្រា ២៣២.-ការស្នើសុំសាកសួរសាក្សី និង ការសាកសួរសាក្សី
១-ភាគីមិនចាំបាច់ដាក់ឯកសារដែលកំណត់អំពីចំណុចត្រូវសាកសួរឡើយ នៅពេលដែលស្នើសុំសាកសួរសាក្សី។
២-តុលាការអាចសាកសួរសាក្សីបាន ដោយមិនចាំបាច់ឱ្យធ្វើសម្បថ ។
មាត្រា ២៣៣.-ការផ្ទេរបណ្តឹងទៅនីតិវិធីធម្មតាដោយសេចក្តីថ្លែងការណ៍របស់ចុងចម្លើយ
១-ចុងចម្លើយអាចធ្វើសេចក្តីថ្លែងការណ៍ឱ្យផ្ទេរបណ្តឹងទៅនីតិវិធីធម្មតាបាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលចុងចម្លើយនោះបានឆ្លើយទាញហេតុផលនៅកាលបរិច្ឆេទដំបូង សម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ ។
២-សេចក្តីថ្លែងការណ៍ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ លើកលែងតែករណីដែលធ្វើនៅក្នុងកាលបរិច្ឆេទ ។
៣-នៅពេលដែលមានសេចក្តីថ្លែងការណ៍ដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ក្រឡាបញ្ជីត្រូវជូនដំណឹងទៅដើមចោទភ្លាម អំពីការដែលផ្ទេរបណ្តឹងនេះទៅនីតិវិធីធម្មតាវិញដោយសេចក្តីថ្លែងការណ៍នោះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលសេចក្តីថ្លែងការណ៍នោះត្រូវបានធ្វើឡើង នៅកាលបរិច្ឆេទដែលដើមចោទ បានបង្ហាញខ្លួន ។
មាត្រា ២៣៤.-ការផ្ទេរបណ្តឹងទៅនីតិវិធីធម្មតា ដោយដីកាសម្រេចរបស់តុលាការ
១-តុលាការត្រូវចេញដីកាសម្រេចដែលសម្រេចថា ការជំនុំជម្រះ និង ការសម្រេច សេចក្ដីលើបណ្តឹងត្រូវធ្វើតាមនីតិវិធីធម្មតា ក្នុងករណីដូចខាងក្រោមនេះ :
ក-ពេលដែលដើមចោទបានស្នើសុំឱ្យជំនុំជម្រះ និង សម្រេចសេចក្តីតាមនីតិវិធីនៃបណ្ដឹងរឿងក្តីចំនួនទឹកប្រាក់តិច ដោយផ្ទុយពីបញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ២២៤ (ល័ក្ខខ័ណ្ឌនៃបណ្តឹងរឿងក្តីចំនួនទឹកប្រាក់តិច ជាអាទិ៍) ។
ខ-ពេលដែលតុលាការមិនអាចកោះហៅចុងចម្លើយ តាមកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ ប្រសិនបើការកោះហៅនោះពុំធ្វើដោយការបញ្ជូនតាមការផ្សាយជាសាធារណៈ ។
គ-ពេលដែលតុលាការយល់ឃើញថា ការជំនុំជម្រះ និង សម្រេចសេចក្តីតាមនីតិវិធីនៃបណ្តឹងរឿងក្តីចំនួនទឹកប្រាក់តិចនោះ មិនសមរម្យ ។
២-នៅពេលដែលមានដីកាសម្រេចដូចមានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ក្រឡាបញ្ជីត្រូវជូនដំណឹងអំពីការណ៍នេះទៅភាគីភ្លាម ។
មាត្រា ២៣៥.-ពេលនៃការផ្ទេរបណ្តឹងងទៅនីតិវិធីធម្មតា ជាអាទិ៍
១-នៅពេលដែលមានសេចក្តីថ្លែងការណ៍ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ២៣៣ (ការផ្ទេរបណ្ដឹងទៅនីតិវិធីធម្មតា ដោយសេចក្តីថ្លែងការណ៍របស់ចុងចម្លើយ) ឬ ដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ២៣៤ (ការផ្ទេរបណ្តឹងទៅនីតិវិធីធម្មតាដោយដីកាសម្រេចរបស់តុលាការ) នៃក្រមនេះ បណ្តឹងត្រូវបានផ្ទេរទៅនីតិវិធីធម្មតា ។
២-នៅពេលដែលបណ្តឹងត្រូវបានផ្ទេរទៅនីតិវិធីធម្មតាកាលបរិច្ឆេទដែលបានកំណត់ រួចហើយសម្រាប់បណ្តឹងនៃរឿងក្តីចំនួនទឹកប្រាក់តិច ត្រូវចាត់ទុកថាបានកំណត់សម្រាប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលនៃនីតិវិធីធម្មតា ។
មាត្រា ២៣៦.-សាលក្រម និង ការប្រកាសសាលក្រម
១-តុលាការត្រូវប្រកាសសាលក្រមភ្លាម ក្រោយពេលដែលការទាញហេតុផលដោយ ផ្ទាល់មាត់បានបញ្ចប់ លើកលែងតែករណីដែលយល់ឃើញថាមិនសមរម្យ ។
២-ក្នុងករណីដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ ការប្រកាសសាលក្រម អាចធ្វើឡើងបាន ដោយមិនចាំបាច់ផ្អែកលើច្បាប់ដើមនៃមូលសាលក្រមឡើយ ។ ក្នុងករណីនេះ តុលាការត្រូវប្រកាសសាលក្រម ដោយបា្រប់សេចក្តីសម្រេចបញ្ចប់ និង ខ្លឹមសារនៃសំអាងហេតុ ។
៣-នៅពេលធ្វើការប្រកាសសាលក្រម ដោយអនុលោមតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ តុលាការត្រូវឱ្យក្រឡាបញ្ជីកត់ត្រានូវហេតុដែលបានកំណត់ក្នុងចំណុចនីមួយៗ ខាងក្រោមនេះ ក្នុងកំណត់ហេតុនៃកាលបរិច្ឆេទ សម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ដែលតុលាការប្រកាសសាលក្រម ជំនួសការធ្វើលិខិតសាលក្រម :
ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគី ហើយនិង ឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ។
ខ-សាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ ។
គ-សេចក្តីសម្រេចបញ្ចប់ ។
៤-នៅលើលិខិតសាលក្រមនៃរឿងក្តីចំនួនទឹកប្រាក់តិច ឬ លើកំណត់ហេតុជំនួស លិខិតសាលក្រមនោះ ត្រូវសរសេរថាជាសាលក្រមនៃរឿងក្តីចំនួនទឹកប្រាក់តិច ។
មាត្រា ២៣៧.-ការពន្យារពេលបង់ប្រាក់ដោយសាលក្រម
១-ក្នុងករណីដែលតុលាការចេញសាលក្រមទទួលស្គាល់ការទាមទាររបស់ដើមចោទ បើយល់ឃើញថា ចាំបាច់ពិសេស ដោយគិតពិចារណានូវលទ្ធភាពទ្រព្យធន និង ស្ថានភាពផ្សេងទៀតរបស់ចុងចម្លើយ នោះតុលាការអាចកំណត់ចំណុច ក ឬ ចំណុច ខ ឬ កំណត់ ចំណុច គ ដោយកំណត់ជាមួយគ្នានឹងចំណុច ក ឬ ចំណុច ខ ចំពោះការសងប្រាក់ អំពីការទាមទារដែលតុលាការទទួលស្គាល់ ក្នុងអំឡុងពេលមិនលើសពី ៣ (បី) ឆ្នាំ បន្ទាប់ពីថ្ងៃដែល តុលាការប្រកាសសាលក្រម :
ក-កំណត់ពេលបង់ប្រាក់ ។
ខ-កំណត់ការបង់ប្រាក់ដោយកាត់សងបណ្តើរៗ ។
គ-នៅពេលដែលសងតាមបញ្ញត្តិនៃចំណុច ក ឬ ពេលដែលសងដោយមិនបាត់បង់តាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងក្រោមនេះ នូវផលប្រយោជន៍នៃកំណត់ពេលដែល បានកំណត់នៅចំណុច ខ កំណត់ការអនុគ្រោះ ចំពោះកាតព្វកិច្ចនៃការសងការខូចខាតដោយ សារការយឺតយ៉ាវ ក្រោយពេលដាក់ពាក្យបណ្តឹង ។
២-នៅពេលដែលធ្វើការកំណត់ការបង់ប្រាក់ ដោយកាត់សងបណ្តើរៗដែលបានកំណត់ក្នុង ចំណុច ខ នៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវកំណត់អំពីការបាត់បង់ ផលប្រយោជន៍នៃពេលកំណត់ក្នុងករណីដែលចុងចម្លើយមិនសង ។
មាត្រា ២៣៨.-ការហាមឃាត់ចំពោះឧបាស័្រយ
ចំពោះសាលក្រមចុងក្រោយនៃរឿងក្តីចំនួនទឹកប្រាក់តិច មិនអាចធ្វើឧបាស័្រយបានឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះបណ្តឹងទាស់ ។
មាត្រា ២៣៩.-បញ្ញត្តិដែលមិនអនុវត្ត
បញ្ញត្តិពីមាត្រា ១០៣ (គោលបំណងនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល) ដល់មាត្រា ១១២ (ការប្តឹងតវ៉ាចំពោះសេចក្តីកត់ត្រានៃកំណត់ហេតុ ស្តីពីនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ជាអាទិ៍) នៃក្រមនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះនីតិវិធីនៃរឿងក្តីចំនួនទឹកប្រាក់តិចដែលបានកំណត់នៅក្នុងជំពូកទី ៧ នេះ ។