ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ២៖ នីតិវិធីនៃការជម្រះក្ដីលើកទី ១
ជំពូកទី ៨៖ កាលបរិច្ឆេទ អំឡុងពេល និង ការបញ្ជូន
ផ្នែកទី ១៖ កាលបរិច្ឆេទ និង អំឡុងពេល
មាត្រា ២៤០.-ការកំណត់កាលបរិច្ឆេទ
១-តុលាការត្រូវកំណត់កាលបវិច្ឆេទតាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិ ។ ប៉ុន្តែចំពោះកាលបរិច្ឆេទនៃនីតិវិធីដែលត្រូវបានធ្វើឡើងដោយចៅក្រមដែលទទួលបញ្ជា ឬ ចៅក្រមដែលទទួលការប្រគល់សិទ្ធិ ចៅក្រមនោះជាអ្នកកំណត់ ។
២-ក្នុងករណីដែលមិនអាចជៀសវាងបាន កាលបរិច្ឆេទនេះអាចកំណត់យកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬ ថ្ងៃឈប់សម្រាកផ្សេងទៀតដែលកំណត់ដោយច្បាប់ ឬ បទដ្ឋានគតិយុត្តបាន ។
មាត្រា ២៤១.-ការប្តូរកាលបរិច្ឆេទ
១-បើភាគីបានដាក់ពាក្យសុំឱ្យប្តូរកាលបរិច្ឆេទ ភាគីនោះត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុដែលការប្តូរកាលបរិច្ឆេទនោះត្រូវធ្វើជាចាំបាច់ ។
២-ការប្តូរកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ មិនត្រូវបានអនុញ្ញាតទេ លើកលែងតែករណីដែលមានមូលហេតុមិនអាចជៀសវាងបាន ។
៣-ការប្តូរកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលលើកដំបូង អាចអនុញ្ញាតឱ្យបាន ប្រសិនបើមានការព្រមព្រៀងគ្នាពីសំណាក់ពូភាគី ។
មាត្រា ២៤២.-ការកោះហៅតាមកាលបរិច្ឆេទ
ការកោះហៅតាមកាលបរិច្ឆេទ ត្រូវធ្វើដោយបញ្ជូនដីកាកោះ ឬ ដោយជូនដំណឹងអំពីកាលបរិច្ឆេទ ទៅអ្នកដែលបានបង្ហាញខ្លួននៅតុលាការចំពោះបណ្តឹងដែលពាក់ព័ន្ធ ។
មាត្រា ២៤៣.-ការគណនាអំឡុងពេល
១-ការគណនាអំឡុងពេល ត្រូវធ្វើតាមបញ្ញត្តិស្តីពីអំឡុងពេលនៃក្រមរដ្ឋប្បវេណី ។
២-ក្នុងការសម្រេចសេចក្តីដែលកំណត់អំឡុងពេល បើពុំបានកំណត់ពេលចាប់ផ្តើមទេ អំឡុងពេលនោះ ត្រូវគិតចាប់ពីពេលដែលអានុភាពនៃការសម្រេចសេចក្តីនោះមានដំណើរការឡើង ។
៣-ប្រសិនបើថ្ងៃចុងក្រោយនៃអំឡុងពេល ត្រូវនឹងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬ ថ្ងៃឈប់ សម្រាកដែលច្បាប់ ឬ បទដ្ឋានគតិយុត្តបានកំណត់ អំឡុងពេលនោះត្រូវចប់ នៅថ្ងៃបន្ទាប់ពីថ្ងៃឈប់នោះ ។
មាត្រា ២៤៤.-ការពន្យារអំឡុងពេល
១-មានតែករណីដែលមិនអាចជៀសវាងបានប៉ុណ្ណោះទេ ទើបតុលាការអាចពន្យារ អំឡុងពេលដែលច្បាប់បានកំណត់ ឬ អំឡុងពេលដែលតុលាការបានកំណត់ហើយបាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់ ។
២-មានតែករណីដែលមិនអាចជៀសវាងបានប៉ុណ្ណោះទេ ទើបចៅក្រមដែលទទួលបញ្ជា ឬ ចៅក្រមដែលទទួលការប្រគល់សិទ្ធិអាចពន្យារអំឡុងពេលដែលបានកំណត់ហើយនោះបាន ។
មាត្រា ២៤៥.-ការបំពេញនូវសកម្មភាពបណ្តឹងនៅពេលក្រោយ
១-ក្នុងករណីដែលមិនអាចគោរពតាមអំឡុងពេលដែលបានកំណត់ក្នុងវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ១ មាត្រា ២៤៤ (ការពន្យារអំឡុងពេល) ខាងលើនេះ ដោយគ្មានកំហុសរបស់ ភាគី ភាគីនោះអាចបំពេញនូវសកម្មភាពបណ្តឹងដែលគួរតែបានធ្វើនៅក្នុងអំឡុងពេលនោះបាន ក្នុងអំឡុងពេលតែ ១ (មួយ) សបា្តហ៍ ក្រោយពេលដែលមូលហេតុនោះរលត់ហើយ ។ ប៉ុន្តែ ចំពោះភាគីដែលនៅបរទេសវិញ អំឡុងពេលនោះ មានចំនួន ២ (ពីរ) ខែ ។
២-អំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើ មិនអាចពន្យារបានឡើយ។
ផ្នែកទី ២៖ ការបញ្ជូន
មាត្រា ២៤៦.-គោលការណ៍នៃការបញ្ជូនដោយឆន្ទានុសិទ្ធិ ជាអាទិ៍
១-ការបញ្ជូនត្រូវធ្វើដោយឆន្ទានុសិទ្ធិ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសនៅក្នុងច្បាប់ ។
២-កិច្ចការបញ្ជូនត្រូវធ្វើឡើងដោយក្រឡាបញ្ជី ។
៣-ការបញ្ជូនត្រូវបានប្រតិបត្តិដោយបុគ្គលិកប្រៃសណីយ៍ អាជ្ញាសាលាឬ ក្រឡាបញ្ជី ។
មាត្រា ២៤៧.-គោលការណ៍នៃការបញ្ជូនដោយការប្រគល់
១-ការបញ្ជូនត្រូវធ្វើឡើង ដោយការប្រគល់នូវឯកសារដែលត្រូវបញ្ជូនទៅជនដែល ត្រូវទទួលការបញ្ជូននោះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសនៅក្នុងច្បាប់ ។
២-ឯកសារដែលត្រូវបញ្ជូន គឺជាឯកសារចម្លងទាំងអស់ដែលពាក់ព័ន្ធ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសនៅក្នុងច្បាប់ ។
៣-ក្នុងករណីដែលអ្នកទទួលការបញ្ជូនមិនចេះអក្សរ មន្ត្រីទទួលបន្ទុកការបញ្ជូនគប្បីពន្យល់នូវខ្លឹមសារនៃឯកសារនោះ នៅពេលប្រគល់ឯកសារ ។
មាត្រា ២៤៨.-ការបញ្ជូនទៅបុគ្គលអសមត្ថភាពក្នុងបណ្តឹង ជាអាទិ៍
១-ការបញ្ជូនទៅបុគ្គលអសមត្ថភាពក្នុងបណ្តឹង ត្រូវធ្វើទៅចំពោះអ្នកតំណាងដែល ច្បាប់បានកំណត់ ។
២-ចំពោះករណីដែលអ្នកមានសិទ្ធិជាតំណាងរួមគ្នាច្រើននាក់ ការបញ្ជូនអាចធ្វើទៅចំពោះតែជនណាម្នាក់ ជាការគ្រប់គ្រាន់ ។
៣-ការបញ្ជូនទៅអ្នកជាប់ពន្ធនាគារ ត្រូវធ្វើទៅចំពោះប្រធានពន្ធនាគារ ។
មាត្រា ២៤៩.-កន្លែងបញ្ជូន
ការបញ្ជូនត្រូវធ្វើទៅលំនៅឋាន ទីសំណាក់ ទីកន្លែងអាជីវកម្ម ឬ ទីស្នាក់ការរបស់ជន ដែលត្រូវទទួលការបញ្ជូន ។ ប៉ុន្តែ ចំពោះការបញ្ជូនទៅអ្នកតំណាងដែលច្បាប់បានកំណត់វិញ អាចធ្វើទៅទីកន្លែងអាជីវកម្ម ឬ ទីស្នាក់ការរបស់សាមីខ្លួនបាន ។
មាត្រា ២៥០.-ការជូនដំណឹងអំពីកន្លែងបញ្ជូន ជាអាទិ៍
១-ភាគី ឬ អ្នកតំណាងដែលច្បាប់បានកំណត់ ឬ អ្នកតំណាងដោយអាណត្តិ អាចជូន ដំណឹងអំពីកន្លែងដែលខ្លួន ត្រូវទទួលការបញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬ អ្នកដែលទទួលការបញ្ជូនទៅតុលាការទទួលបណ្ដឹង។
២-ភាគី ឬ អ្នកតំណាងដែលច្បាប់បានកំណត់ ឬ អ្នកតំណាងដោយអាណត្តិអាចជូនដំណឹងដើម្បីប្តូរកន្លែង ដែលបានជូនដំណឹងថាជាកន្លែងដែលខ្លួនត្រូវទទួលការបញ្ជូន ឬ អ្នកដែលបានជូនដំណឹងថាជាអ្នកទទួលការបញ្ជូននោះបាន ។
៣-ការជូនដំណឹងដែលបានកំណត់ក្នុងកថាខណ្ឌទី ១ និង កថាខណ្ឌទី ២ ខាងលើនេះ ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ។
៤-ទោះជាមានបញ្ញត្តិនៃមាត្រា ២៤៩ (កន្លែងបញ្ជូន) ខាងលើនេះក៏ដោយ ប្រសិន បើមានការជូនដំណឹងអំពីកន្លែងដែលត្រូវទទួលការបញ្ជូនតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ក៏ការបញ្ជូនត្រូវធ្វើទៅកន្លែងដែលបានកំណត់ ក្នុងដំណឹងនោះដែរ ។
មាត្រា ២៥១.- ការបញ្ជូននៅកន្លែងជួបប្រទះ
ទោះបីមានបញ្ញត្តិដូចមាត្រា ២៤៩ (កន្លែងបញ្ជូន) ខាងលើនេះក៏ដោយ ប្រសិនបើជនដែលត្រូវទទួលការបញ្ជូននោះ ពុំច្បាស់លាស់ថា មានលំនៅឋាន ទីសំណាក់ ទីកន្លែង អាជីវកម្ម ឬ ទីស្នាក់ការ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ ការបញ្ជូនអាចធ្វើបាននៅកន្លែងដែល បានជួបប្រទះអ្នកនោះ លើកលែងតែករណីបញ្ជូនចំពោះអ្នកដែលបានជូនដំណឹង តាមបញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ២៥០ (ការជូនដំណឹងអំពីកន្លែងបញ្ជូន ជាអាទិ៍) ខាងលើ នេះ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាដែរ ចំពោះករណីដែលអ្នកដែលមានលំនៅឋាន ទីសំណាក់ ទីកន្លែងអាជីវកម្ម ឬ ទីស្នាក់ការច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬ អ្នកដែលបានជូនដំណឹងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ២៥០ ដដែលនេះ មិនប្រកែកទទួល ការបញ្ជូន ។
មាត្រា ២៥២.-ការបញ្ជូនបង្គ្រប់កិច្ច និង ការបញ្ជូនដោយទុកចោល
១-ប្រសិនបើមិនបានជួបជនដែលត្រូវទទួលការបញ្ជូន នៅទីកន្លែងដែលត្រូវបញ្ជូនទេមន្ត្រីទទួលបន្ទុកការបញ្ជូន អាចប្រគល់ឯកសារទៅឱ្យអ្នកបម្រើ ឬ អ្នកផ្សេងដែលធ្វើការនៅទីនោះ ឬ អ្នកនៅជាមួយ ដែលមានការយល់ដឹង សមរម្យក្នុងការទទួលឯកសារនោះបាន ។
២-ប្រសិនបើជនដែលត្រូវទទួលការបញ្ជូន ឬ អ្នកដែលត្រូវទទួលការប្រគល់ឯកសារ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនព្រមទទួលការបញ្ជូនដោយគ្មានមូលហេតុត្រឹមត្រូវ ឯកសារនោះអាចទុកនៅកន្លែងដែលត្រូវបញ្ជូននោះបាន ។
មាត្រា ២៥៣.- ការបញ្ជូនដែលត្រូវធ្វើនៅបរទេស
១- ចំពោះការបញ្ជូនដែលត្រូវធ្វើនៅបរទេស តុលាការត្រូវប្រគល់កិច្ចការនេះឱ្យក្រសួង ឬ ស្ថាប័នដែលមានសមត្ថកិច្ចនៃប្រទេសនោះ ឬ ឯកអគ្គរាជទូត ឬ ភារវី ឬ កុងស៊ុលរបស់ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសនោះឱ្យធ្វើបាន ។
២-បើការបញ្ជូននៅបរទេសត្រូវបានធ្វើឡើង ក្នុងនីតិវិធីដែលចៅក្រមដែលទទួលបញ្ជា ឬ ចៅក្រមដែលទទួលការប្រគល់សិទ្ធិត្រូវធ្វើ ចៅក្រមនោះអាចប្រគល់កិច្ចការបញ្ជូននេះ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះបាន ។
មាត្រា ២៥៤.-របាយការណ៍អំពីការបញ្ជូន ជាអាទិ៍
១-មន្ត្រីទទួលបន្ទុកការបញ្ជូនដែលបានធ្វើការបញ្ជូនរួចហើយ ត្រូវធ្វើរបាយការណ៍អំពីការបញ្ជូននោះ ជូនទៅតុលាការ ។
២-របាយការណ៍ដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវបញ្ជាក់អំពីចំណុចដូចតទៅៈ
ក-សញ្ញាណនៃរឿងក្តី និង ឯកសារដែលបានបញ្ជូន ។
ខ-ជនដែលត្រូវទទួលការបញ្ជូន ។
គ-ថ្ងៃ ខែ ឆ្នាំ និង ទីកន្លែងដែល បានធ្វើការបញ្ជូន ។
ឃ-វិធីបញ្ជូន ។
ង-ចំណាត់ការតាមកថាខណ្ឌទី ៣ នៃមាត្រា ២៤៧ (គោលការណ៍នៃការបញ្ជូន ដោយការប្រគល់) នៃក្រមនេះ នៅក្នុងករណីជនដែលត្រូវទទួលការបញ្ជូននោះមិនចេះអក្សរ ។
ច-ហត្ថលេខា ឬ ស្នាមមេដៃរបស់អ្នកដែលបានទទួលឯកសារ ។
ឆ-ហេតុការណ៍ដែលមិនព្រមទទួលការបញ្ជូន នៅក្នុងករណីជនដែលត្រូវទទួល ការបញ្ជូន ឬ អ្នកដែលត្រូវទទួលការប្រគល់ឯកសារតាមបញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ២៥២ (ការបញ្ជូនបង្គ្រប់កិច្ច និង ការបញ្ជូនដោយទុកចោល) នៃក្រមនេះ ប្រកែកមិនព្រមទទួល ។
ជ-ហេតុការណ៍ នៅក្នុងករណីដែលការបញ្ជូនបានធ្វើតាមបញ្ញត្តិនៃមាត្រា ២៥២ (ការបញ្ជូនបង្គ្រប់កិច្ច និង ការបញ្ជូនដោយទុកចោល) នៃក្រមនេះ ។
ឈ-ហត្ថលេខារបស់អ្នកដែលបានប្រតិបត្តិការបញ្ជូន ។
៣-ក្នុងករណីដែលបានព្យាយាមបញ្ជូន តែមិនអាចសម្រេចបាន មន្ត្រីទទួលបន្ទុក ការបញ្ជូនត្រូវធ្វើរបាយការណ៍អំពីហេតុការណ៍នោះ និង ចំណុចដែលបានកំណត់នៅកថាខណ្ឌទី ២ ខាងលើ ចាប់ពីចំណុច ក រហូត ដល់ចំណុច ឃ និង ចំណុច ឈ ជូនទៅតុលាការ ។
មាត្រា ២៥៥.-ល័ក្ខខ័ណ្ឌដើម្បីធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ
១-ក្នុងករណីដូចខាងក្រោមនេះ ក្រឡាបញ្ជីអាចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈបាន តាមពាក្យសុំ ដោយទទួលការអនុញ្ញាតពីតុលាការៈ
ក-ទោះបី បានខំប្រឹងប្រែងធ្វើការស្រាវជ្រាវរកលំនៅឋាន ឬ ទីសំណាក់របស់ភាគី ឬ កន្លែងផ្សេងទៀតដែលត្រូវធ្វើការបញ្ជូនក៏ដោយ ក៏នៅតែរកមិនឃើញ ។
ខ-មិនអាចបញ្ជូន តាមបញ្ញត្តិនៃមាត្រា ២៥២ (ការបញ្ជូនបង្គ្រប់កិច្ច និង ការបញ្ជូនដោយទុកចោល) នៃក្រមនេះ ។
គ-មិនអាចធ្វើការបញ្ជូន តាមបញ្ញត្តិនៃមាត្រា ២៥៣ (ការបញ្ជូនដែលត្រូវធ្វើនៅបរទេស) នៃក្រមនេះបាន ឬ ត្រូវបានទទួលស្គាល់ថា គ្មានលទ្ធភាពនឹងធ្វើបានតាមបញ្ញត្តិនោះ ក្នុងករណីដែលត្រូវធ្វើការបញ្ជូននៅបរទេស ។
ឃ-បានធ្វើការបញ្ជូនដោយប្រគល់ឱ្យក្រសួង ឬ ស្ថាប័នដែលមានសមត្ថកិច្ចនៅ បរទេសឱ្យ ធ្វើតាមបញ្ញត្តិនៃមាត្រា ២៥៣ (ការបញ្ជូនដែលត្រូវធ្វើនៅបរទេស) នៃក្រមនេះ តែមិនបានទទួលលិខិតបញ្ជាក់អំពីការបញ្ជូននោះ ក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែ ចាប់តាំងពីពេលបញ្ជូននោះ ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើយល់ឃើញថា ចាំបាច់ដើម្បីជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី តុលាការអាចបង្គាប់ឱ្យ ក្រឡាបញ្ជី ធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈបាន ទោះបីជាគ្មានពាក្យសុំក៏ដោយ ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងចំណុច ខ នៃកថាខណ្ឌទី ១ ខាងលើនេះ ក្រឡាបញ្ជីគប្បីជូនដំណឹងដោយរបៀបសមរម្យមួយ អំពីហេតុការណ៍ដែលបានធ្វើការបញ្ជូន តាមការផ្សាយជាសាធារណៈ ទៅភាគីដែលត្រូវទទួលការបញ្ជូននោះ ។
៤-ការបញ្ជូនជាលើកទី ២ តាមការផ្សាយជាសាធារណៈចំពោះភាគីដដែល ត្រូវធ្វើ ដោយឆន្ទានុសិទ្ធិ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបាន កំណត់ក្នុងចំណុច គ នៃកថាខណ្ឌទី ១ ។
មាត្រា ២៥៦.-របៀបបញ្ជូនតាមការផ្សាយជាសាធារណៈ
១-ការបញ្ជូនតាមការផ្សាយជាសាធារណៈ ត្រូវបិទប្រកាសនៅកន្លែងសម្រាប់បិទ ប្រកាសរបស់តុលាការថា ក្រឡាបញ្ជីរក្សាទុកនូវឯកសារដែលត្រូវបញ្ជូន និង អាចប្រគល់ឯកសារនោះទៅជនដែលត្រូវទទួលការបញ្ជូន នៅពេលណាក៏បាន ។ ប៉ុន្តែ ចំពោះការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈវិញ ត្រូវបិទដីកាកោះនោះ នៅកន្លែងសម្រាប់បិទប្រកាស ។
២-នៅក្នុងករណីដែលធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃចំណុច ខ កថាខណ្ឌទី ១ នៃមាត្រា ២៥៥ (ល័ក្ខខ័ណ្ឌដើម្បីធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ) នៃក្រមនេះ ការបិទប្រកាសដែលកំណត់នៅកថាខណ្ឌទី ១ នេះ អាចធ្វើបាននៅកន្លែងដែលតុលាការទទួលស្គាល់ថាសមរម្យ ក្រៅពីកន្លែងដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
៣-តុលាការអាចចុះនៅក្នុងរាជកិច្ច ឬ ក្នុងសារព័ត៌មាន ផ្សាយថាបានធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈហើយ ។ ចំពោះការបញ្ជូនដែលត្រូវធ្វើនៅបរទេស ក្រឡាបញ្ជី តុលាការអាបជូនដំណឹងថា បានធ្វើការបញ្ជូន តាមការផ្សាយជាសាធារណៈហើយ ជំនួសការប្រកាសផ្សាយនៅក្នុងរាជកិច្ច ឬ ក្នុងសារព័ត៌មាន ។
មាត្រា ២៥៧.-ពេលដែលការបញ្ជូនតាមការផ្សាយជាសាធារណៈមានអានុភាព
១-ការបញ្ជូនតាមការផ្សាយជាសាធារណៈ នឹងមានអានុភាពនៅក្រោយអំឡុងពេល ២ (ពីរ) សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃ ដែលបានបិទប្រកាសតាមបញ្ញត្តិនៃមាត្រា ២៥៦ (របៀបបញ្ជូនតាមការផ្សាយជាសាធារណៈ) ខាងលើនេះ ។ ប៉ុន្តែ ចំពោះការបញ្ជូនតាមការផ្សាយជាសាធារណៈ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៤ នៃមាត្រា ២៥៥ (ល័ក្ខខ័ណ្ឌដើម្បីធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ) នៃក្រមនេះ នឹងមានអានុភាពនៅថ្ងៃបន្ទាប់ ពីថ្ងៃបិទប្រកាស ។ ២-ចំពោះការបញ្ជូនតាមការផ្សាយជាសាធារណៈដែលបានធ្វើឡើង សម្រាប់ការបញ្ជូនដែលត្រូវធ្វើនៅបរទេសវិញ អំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ គឺ ៦ (ប្រាំមួយ) សបា្តហ៍ ។