ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ៣៖ បណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់
ជំពូកទី ២៖ បណ្ដឹងឧទ្ធរណ៍
មាត្រា ២៦០.-សាលក្រមដែលអាចប្តឹងឧទ្ធរណ៍បាន ជាអាទិ៍
១-បណ្ដឹងឧទ្ធរណ៍អាចធ្វើចំពោះសាលក្រមចុងក្រោយរបស់សាលាដំបូងបាន លើកលែងតែករណីដែល បានកំណត់ខាងក្រោមនេះ :
ក-គូភាគី បានព្រមព្រៀងគ្នាមិនប្តឹងឧទ្ធរណ៍ ដោយរក្សាទុកនូវសិទ្ធិប្តឹងសាទុក្ខ ក្រោយពេលតុលាការ បានចេញសាលក្រមចុងក្រោយ ។
ខ-សាលក្រមចុងក្រោយនោះវិនិច្ឆ័យទៅលើរឿងក្តីរដ្ឋប្បវេណី ឬ ពាណិជ្ជកម្ម ដែលមានតម្លៃកម្មវត្ថុនៃបណ្ដឹង មិនលើសពី ៥.០០០.០០០ (ប្រាំលាន) រៀល ។
២-សេចក្តីព្រមព្រៀងដែលបានកំណត់នៅក្នុងចំណុច ក នៃកថាខណ្ឌទី ១ ខាងលើនេះ ពុំមានអានុភាពឡើយ ប្រសិនបើមិនបានធ្វើលិខិតជាលាយល័ក្ខណ៍អក្សរ ។
មាត្រា ២៦១.-ការកម្រិតបណ្ដឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចលើបន្ទុកនៃប្រាក់ប្រដាប់ក្តី
ចំពោះសេចក្តីសម្រេចលើបន្ទុកនៃប្រាក់ប្រដាប់ក្តី មិនអាចប្តឹងឧទ្ធរណ៍ដោយឯករាជ្យ តែឯកឯង បានឡើយ ។
មាត្រា ២៦២.-សេចក្តីសម្រេចដែលត្រូវទទួលការវិនិច្ឆ័យរបស់តុលាការនៃបណ្ដឹងឧទ្ធរណ៍
សេចក្តីសម្រេចនៅមុនសាលក្រមចុងក្រោយ ត្រូវទទួលការវិនិច្ឆ័យរបស់តុលាការនៃបណ្ដឹងឧទ្ធរណ៍ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះសេចក្តីសម្រេចដែល មិនអាចធ្វើឧបាស័្រយបាន និង សេចក្តីសម្រេចដែលអាចធ្វើឧបាស័្រយបានដោយការប្តឹងជំទាស់ ។
មាត្រា ២៦៣.-ការលះបង់សិទ្ធិប្តឹងឧទ្ធរណ៍
១-ភាគីអាចលះបង់ចោលនូវសិទ្ធិប្តឹងឧទ្ធរណ៍របស់ខ្លួនបាន ។
២-នៅក្រោយពេលបានប្តឹងឧទ្ធរណ៍រួចហើយ សេចក្តីថ្លែងការណ៍ដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើជាមួយគ្នានឹងការដកពាក្យបណ្ដឹងឧទ្ធរណ៍ ។
មាត្រា ២៦៤.-អំឡុងពេលសម្រាប់ប្តឹងឧទ្ធរណ៍
១-បណ្ដឹងឧទ្ធរណ៍ត្រូវធ្វើនៅក្នុងអំឡុងពេល ១ (មួយ) ខែ ដោយគិតចាប់តាំងពីថ្ងៃដែលបានទទួលការបញ្ជូនលិខិតសាលក្រម ឬ ថ្ងៃដែលបានជូនដំណឹងអំពីដីកាសម្រេច ច្រានចោល ឬ លើកចោលនូវបណ្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ ។ ប៉ុន្តែករណីនេះមិនមែនជាការរារាំងលើអានុភាពនៃបណ្តឹងឧទ្ធរណ៍ដែល បានដាក់នៅមុនអំឡុងពេលនេះឡើយ ។
២-អំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចពន្យារបានឡើយ ។
មាត្រា ២៦៥.-របៀបប្តឹងឧទ្ធរណ៍
១-ដើម្បីប្តឹងឧទ្ធរណ៍ ភាគីត្រូវដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ទៅតុលាការដើម ។ នៅក្នុងករណីនេះ តុលាការដើម ត្រូវធ្វើឱ្យបានឆាប់រហ័សនូវពាក្យបណ្ដឹងឧទ្ធរណ៍ និង សំណុំរឿងទៅតុលាការនៃបណ្ដឹងឧទ្ធរណ៍ ។
២-ពាក្យបណ្តឹងឧទ្ធរណ៍ត្រូវសរសេរនូវចំណុចដូចខាងក្រោមនេះ :
ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគី ហើយនិង ឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ។
ខ-សញ្ញាណសាលក្រមនៃការជំនុំជម្រះលើកទី ១ និង សេចក្តីដែលប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមនោះ ។
៣-ក្នុងករណីដែលពុំបានសរសេរច្បាស់លាស់អំពីមូលហេតុនៃការទាមទារឱ្យលុបចោល ឬ ផ្លាស់ប្តូរនូវសាលក្រមនៃការជំនុំជម្រះលើកទី ១ ក្នុងពាក្យបណ្ដឹងឧទ្ធរណ៍ទេ ដើមបណ្ដឹងឧទ្ធរណ៍គប្បីដាក់លិខិតជាលាយល័ក្ខណ៍អក្សរដែលសរសេរអំពីចំណុចនោះទៅតុលាការនៃបណ្ដឹងឧទ្ធរណ៍ នៅក្នុងអំឡុងពេល ៣០ (ស្រោមសិប) ថ្ងៃ គិតចាប់តាំងពីថ្ងៃ ដែលបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍នោះ ។
មាត្រា ២៦៦.-សិទ្ធិពិនិត្យពាក្យបណ្ដឹងឧទ្ធរណ៍របស់តុលាការនៃបណ្ដឹងឧទ្ធរណ៍
១-ក្នុងករណីដែលពាក្យបណ្ដឹងឧទ្ធរណ៍ផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ២៦៥ (របៀបប្តឹងឧទ្ធរណ៍) នៃក្រមនេះ តុលាការនៃបណ្ដឹងឧទ្ធរណ៍ត្រូវកំណត់អំឡុងពេលសមរម្យមួយ និង បង្គាប់ឱ្យកែតម្រូវចំណុចខ្វះខាតនៅក្នុងអំឡុងពេលនោះ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលពន្ធសម្រាប់ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ មិនត្រូវបានបង់តាមបញ្ញត្តិនៃកថាខណ្ឌទី ៤ មាត្រា ៦១ (ពន្ធដាក់ពាក្យសុំ) នៃក្រមនេះ ។
២-ករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើដើមបណ្ដឹងឧទ្ធរណ៍មិនបានកែតម្រូវចំណុចខ្វះខាតនោះទេ តុលាការនៃបណ្ដឹងឧទ្ធរណ៍ត្រូវលើកចោលពាក្យបណ្ដឹងឧទ្ធរណ៍នោះ ដោយដីកាសម្រេច ។
៣-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើ អាចប្ដឹងជំទាស់បាន ។
មាត្រា ២៦៧.-ការបញ្ជូនពាក្យបណ្ដឹងឧទ្ធរណ៍
១-ពាក្យបណ្ដឹងឧទ្ធរណ៍ត្រូវបញ្ជូនទៅចុងបណ្ដឹងឧទ្ធរណ៍ ។
២-បញ្ញត្តិនៃមាត្រា ២៦៦ (សិទ្ធិពិនិត្យពាក្យបណ្ដឹងឧទ្ធរណ៍របស់តុលាការនៃបណ្ដឹងឧទ្ធរណ៍) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលមិនអាចបញ្ជូនពាក្យបណ្តឹងឧទ្ធរណ៍បាន រួមទាំងករណីដែលមិនបានបង់ជាមុន នូវសោហ៊ុយចាំបាច់សម្រាប់ បញ្ជូនពាក្យបណ្ដឹងឧទ្ធរណ៍ ។
មាត្រា ២៦៨.-ការលើកចោលបណ្ដឹងឧទ្ធរណ៍ដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់
ក្នុងករណីដែលបណ្តឹងឧទ្ធរណ៍មានលក្ខណៈផ្ទុយនឹងច្បាប់ ហើយចំណុចខ្វះខាតនោះ មិនអាចកែតម្រូវបានទេ តុលាការនៃបណ្ដឹងឧទ្ធរណ៍អាចលើកចោលបណ្តឹងឧទ្ធរណ៍នោះ ដោយមិនឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់ ដោយសាលដីកាបាន ។
មាត្រា ២៦៩.-ការដកពាក្យបណ្ដឹងឧទ្ធរណ៍
១-បណ្ដឹងឧទ្ធរណ៍អាចដកវិញបាន រហូតដល់ពេលដែលសាលដីកាចុងក្រោយរបស់តុលាការនៃបណ្តឹងឧទ្ធរណ៍ ត្រូវបានប្រកាស ។
២-ការដកពាក្យបណ្ដឹងឧទ្ធរណ៍ត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ។ ប៉ុន្តែ នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា ការដកពាក្យបណ្ដឹងឧទ្ធរណ៍នោះ អាចធ្វើឡើងដោយផ្ទាល់មាត់បាន ។
៣-ផ្នែកនៃបណ្ដឹងឧទ្ធរណ៍ដែលត្រូវបានដកចេញ ត្រូវចាត់ទុកថាមិនបានចាត់ការតាំងពីដំបូងនៃការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ។
៤-បញ្ញត្តិនៃមាត្រា ២១៩ (ការចាត់ទុកថាដកពាក្យបណ្ដឹង) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការចាត់ទុកថា ដកពាក្យបណ្ដឹងឧទ្ធរណ៍ ។
មាត្រា ២៧០.-បណ្តឹងឧទ្ធរណ៍បន្ទាប់បន្សំ
១-ចុងបណ្ដឹងឧទ្ធរណ៍ ទោះជាសិទ្ធិប្តឹងឧទ្ធរណ៍នោះត្រូវបានរលត់ហើយក៍ដោយក៏អាចប្តឹងឧទ្ធរណ៍បន្ទាប់បន្សំបានដែរ រហូតដល់ពេលដែលការទាញហេតុផលដោយផ្ទាល់មាត់ ត្រូវ បានបញ្ចប់ ។
២-បណ្តឹងឧទ្ធរណ៍បន្ទាប់បន្សំត្រូវអស់អានុភាព នៅក្នុងករណីដែលពាក្យបណ្ដឹងឧទ្ធរណ៍ ត្រូវបានដក ឬ នៅក្នុងករណីដែលបណ្តឹងឧទ្ធរណ៍នោះ ត្រូវបានលើកចោលដោយសារ មានភាពផ្ទុយនឹងច្បាប់ ។ ប៉ុន្តែ ចំពោះបណ្ដឹងឧទ្ធរណ៍បន្ទាប់បន្សំដែលមានល័ក្ខខ័ណ្ឌបណ្ដឹងឧទ្ធរណ៍គ្រប់គ្រាន់ ត្រូវចាត់ទុកថាជាបណ្ដឹងឧទ្ធរណ៍ឯករាជ្យ ។
៣-បញ្ញត្តិស្តីពីបណ្តឹងឧទ្ធរណ៍ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះបណ្ដឹងឧទ្ធរណ៍ បន្ទាប់បន្សំ ។
មាត្រា ២៧១.-ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្នដោយតុលាការនៃបណ្ដឹងឧទ្ធរណ៍
១-តុលាការនៃបន្ទឹងឧទ្ធរណ៍អាចប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ត្រឹមតែផ្នែកដែលពុំមានពាក្យសុំប្តឹងឧបាស្រ័យចំពោះសាលក្រមនៃការជំនុំជម្រះលើកទី ១ បានតាមពាក្យសុំដោយដីកាសម្រេច ។
២-ចំពោះការសម្រេចសេចក្តីរបស់តុលាការនៃបណ្តឹងឧទ្ធរណ៍អំពីការអនុវត្តជាបណ្តោះអាសន្ន មិនអាចធ្វើឧបាស័្រយបានឡើយ ។
មាត្រា ២៧២.-ទំហំនៃការទាញហេតុផលដោយផ្ទាល់មាត់ ជាអាទិ៍
១-ការទាញហេតុផលដោយផ្ទាល់មាត់ត្រូវធ្វើ ត្រឹមតែក្នុងទំហំដែលភាគី បានទាមទារឱ្យផ្លាស់ប្តូរនូវសាលក្រមនៃការជំនុំជម្រះលើកទី ១ តែប៉ុណ្ណោះ ។
២-ភាគីត្រូវធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃការទាញហេតុផលដោយផ្ទាល់មាត់នៅក្នុងការជំនុំជម្រះលើកទី ១ ។
មាត្រា ២៧៣.-ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីនីតិវិធីនៃការជំនុំជម្រះលើកទី ១
លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេស បញ្ញត្តិនៃគន្ថីទី ២ (នីតិវិធីនៃការជម្រះក្ដីលើកទី ១) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះនីតិវិធីនៃការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះមាត្រា ៨០ (ការកំណត់កាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលលើកដំបូង) មាត្រា ១០៤ (ការសាកល្បងផ្សះផ្សានៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល) ផ្នែកទី ៥ (សាលក្រមកំបាំងមុខ) ជំពូកទី ៥ នៃគន្ថីទី ២ និង ជំពូកទី ៧ (បទប្បញ្ញត្តិពិសេសស្តីពីរឿងក្តីចំនួនទឹកប្រាក់តិច) នៃគន្ថីទី ២ នៃក្រមនេះ ។
មាត្រា ២៧៤.-អានុភាពនៃសកម្មភាពបណ្ដឹងនៅក្នុងការជំនុំជម្រះលើកទី ១ ជាអាទិ៍
១-សកម្មភាពបណ្ដឹងដែលបានធ្វើនៅក្នុងការជំនុំជម្រះលើកទី ១ មានអានុភាពក្នុងការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ។
២-នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ដែលបានធ្វើនៅក្នុងការជំនុំជម្រះលើកទី ១ មានអានុភាពក្នុងការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ។
មាត្រា ២៧៥.-ការកម្រិតនូវការអះអាងស្តីពីអសមត្ថកិច្ចក្នុងការជំនុំជម្រះលើកទី ១
នៅក្នុងការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ភាគីមិនអាចអះអាងអំពីអសមត្ថកិច្ចរបស់សាលាដំបូងបានឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះសមត្ថកិច្ចផ្តាច់មុខ ។
មាត្រា ២៧៦.-ការដាក់ពាក្យបណ្ដឹងតប
១-ការដាក់ពាក្យបណ្ដឹងតបនៅក្នុងការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ អាចធ្វើបាន លុះត្រាតែមានការយល់ព្រមពីភាគីម្ខាងទៀត ។
២-បើភាគីម្ខាងទៀតមិនបានតវ៉ា តែបានធ្វើការទាញហេតុផលលើអង្គសេចក្តីអំពីប្តឹងតបនោះត្រូវចាត់ទុកថា ភាគីនោះបានយល់ព្រមនឹងការដាក់ពាក្យបណ្ដឹងតប ។
មាត្រា ២៧៧.-ការច្រានចោលបណ្តឹងឧទ្ធរណ៍
១-តុលាការនៃបណ្ដឹងឧទ្ធរណ៍ត្រូវចានចោលនូវបណ្ដឹងឧទ្ធរណ៍ ក្នុងករណីដែលយល់ឃើញថា សាលក្រមនៃការជំនុំជម្រះលើកទី ១ ត្រឹមត្រូវ ។
២-ទោះជាក្នុងករណីដែលសំអាងហេតុនៃសាលក្រមនៃការជំនុំជម្រះលើកទី ១ មិនត្រឹមត្រូវក៏ដោយ ក៏ពុលាការនៃបណ្ដឹងឧទ្ធរណ៍ ត្រូវច្រានចោលនូវបណ្ដឹងឧទ្ធរណ៍នោះដែរ បើយល់ឃើញថាសេចក្តីសម្រេចបញ្ចប់នៃសាលក្រមនោះ ត្រឹមត្រូវដោយផ្អែកលើសំអាងហេតុផ្សេងទៀត ។
មាត្រា ២៧៨.-ទំហំនៃការផ្លាស់ប្តូរសាលក្រមនៃការជំនុំជម្រះលើកទី ១
ការផ្លាស់ប្តូរសាលក្រមនៃការជំនុំជម្រះលើកទី ១ អាចធ្វើបាន ត្រឹមតែកម្រិតនៃឧបាស័្រយ ដោយបណ្ដឹងឧទ្ធរណ៍ ឬ បណ្ដឹងឧទ្ធរណ៍បន្ទាប់បន្សំតែប៉ុណ្ណោះ ។
មាត្រា ២៧៩.-ការលុបចោលសាលក្រមនៃការជំនុំជម្រះលើកទី ១
១-តុលាការនៃបណ្ដឹងឧទ្ធរណ៍ត្រូវលុបចោលនូវសាលក្រមនៃការជំនុំជម្រះលើកទី ១ ក្នុងករណីដូចមានខាងក្រោមនេះ:
ក-បើយល់ឃើញថាសាលក្រមនៃការជំនុំជម្រះលើកទី ១ មិនត្រឹមត្រូវ ។
ខ-បើនីតិវិធីនៅតុលាការជាន់ទី ១ នោះផ្ទុយនឹងច្បាប់ធ្ងន់ធ្ងរ ។
២-ក្នុងករណីដូចកថាខណ្ឌទី ១ ខាងលើនេះ តុលាការនៃបណ្ដឹងឧទ្ធរណ៍ត្រូវធ្វើការ ជំនុំជម្រះទៅលើបណ្ដឹងនោះ លើកលែងតែករណីដែលបានកំណត់នៅក្នុងមាត្រា ២៨០ (ការបញ្ជូនរឿងក្ដីត្រឡប់ទៅវិញ) ឬ មាត្រា ២៨១ (ការផ្ទេរដោយមូលហេតុខុសសមត្ថកិច្ចផ្កាប់មុខរបស់តុលាការនៃការជំនុំជម្រះលើកទី ១) នៃក្រមនេះ ។
មាត្រា ២៨០.-ការបញ្ជូនរឿងក្ដីត្រឡប់ទៅវិញ
១-ក្នុងករណីដែលតុលាការនៃបណ្ដឹងឧទ្ធរណ៍លុបចោលនូវសាលក្រមនៃការជំនុំជម្រះលើកទី ១ ដែលលើកចោលបណ្ដឹង ដោយយល់ឃើញថា បណ្ដឹងនោះមិនត្រឹមត្រូវតាមច្បាប់ តុលាការនៃបណ្ដឹងឧទ្ធរណ៍ត្រូវបញ្ជូនរឿងក្ដីនោះ ត្រឡប់ទៅសាលាដំបូងវិញ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលគ្មានការចាំបាច់ត្រូវទាញហេតុផលបន្ថែមទៀតអំពីរឿងក្តីនោះ ។
២-ក្រៅពីករណីដែល បានកំណត់នៅក្នុងវាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ១ ខាងលើនេះ ក្នុងករណីដែលតុលាការនៃបណ្ដឹងឧទ្ធរណ៍លុបចោលសាលក្រមនៃការជំនុំជម្រះលើកទី ១ បើមានភាពចាំបាច់ទាញហេតុផលបន្ថែមទៀត អំពីរឿងក្តីនោះ តុលាការនៃបណ្ដឹងឧទ្ធរណ៍ អាចបញ្ជូនរឿងក្ដីនោះត្រឡប់ទៅសាលាដំបូងវិញបាន ។
៣-ប្រសិនបើរឿងក្តីនោះត្រូវបានបញ្ជូនត្រឡប់ទៅវិញ ដោយសារមូលហេតុថា នីតិវិធីបណ្ដឹងនៅសាលាដំបូងផ្ទុយនឹងច្បាប់ នីតិវិធីនៃបណ្ដឹងនោះត្រូវចាត់ទុកថា បានលុបចោលដោយសារការបញ្ជូនត្រឡប់ទៅវិញ ។
មាត្រា ២៨១.-ការផ្ទេរដោយមូលហេតុខុសសមត្ថកិច្ចផ្តាច់មុខរបស់តុលាការនៃការជំនុំជម្រះលើកទី ១
ប្រសិនបើតុលាការនៃបណ្ដឹងឧទ្ធរណ៍លុបចោលសាលក្រមនៃការជំនុំជម្រះលើកទី ១ ដោយមូលហេតុថា រឿងក្តីនោះ ខុសសមត្ថកិច្ចផ្តាច់មុខ តុលាការនៃបណ្តឹងឧទ្ធរណ៍ត្រូវចេញ សាលដីកាផ្ទេររឿងក្តីនោះទៅតុលាការដែលមានសមត្ថកិច្ចវិញ ។
មាត្រា ២៨២.-ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្នក្នុងសាលដីកានៃការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍
ចំពោះសាលដីកាអំពីការទាមទារសំណងជាប្រាក់ បើមានពាក្យសុំ តុលាការនៃបណ្ដឹង ឧទ្ធរណ៍ត្រូវប្រកាសថា សាលដីកាអាចអនុវត្តជាបណ្តោះអាសន្នបានដោយពុំចាំបាច់ឱ្យ ដាក់ ប្រាតិភោគ លើកលែងតែករណីដែលយល់ឃើញថា ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន នោះមិនមានលក្ខណៈចាំបាច់ ។ ប៉ុន្តែ បើយល់ឃើញថាសមរម្យ តុលាការនៃបណ្តឹងឧទ្ធរណ៍ អាចកំណត់ល័ក្ខខ័ណ្ឌឱ្យ ដាក់ប្រាតិភោគសម្រាប់ការអនុវត្តជាបណ្តោះអាសន្ននោះបាន ។