ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី ៣៖ បណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់

ជំពូកទី ៣៖ បណ្ដឹងសាទុក្ខ

មាត្រា ២៨៣.-តុលាការនៃបណ្ដឹងសាទុក្ខ

១-បណ្ដឹងសាទុក្ខអាចធ្វើទៅតុលាការកំពូលបាន ចំពោះសាលដីកាចុងក្រោយដែល ត្រូវបានជំនុំជម្រះលើកទី ២ ដោយសាលាឧទ្ធរណ៍ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះសាលដីកាចុងក្រោយដែលសាលាឧទ្ធរណ៍បានជំនុំជម្រះលើកទី ១ តាមបញ្ញត្តិនៃច្បាប់ពិសេស ។

២-ចំពោះសាលក្រមចុងក្រោយដែលត្រូវបានជំនុំជម្រះលើកទី ១ ដោយសាលាដំបូងនៅក្នុងករណីដែលគូភាគី បានព្រមព្រៀងគ្នាមិនប្តឹងឧទ្ធរណ៍នៅក្រោយពេលដែលតុលាការ បានចេញសាលក្រមនោះ ដោយរក្សាទុកនូវសិទ្ធិប្តឹងសាទុក្ខ បណ្ដឹងសាទុក្ខអាចធ្វើទៅតុលាការកំពូលដោយផ្ទាល់បាន ។

មាត្រា ២៨៤.-មូលហេតុទូទៅនៃបណ្ដឹងសាទុក្ខ

បណ្ដឹងសាទុក្ខអាចធ្វើបាន ដោយយកមូលហេតុនៃភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញច្បាប់ ឬ បទដ្ឋានគតិយុត្តដែលមានឥទ្ធិពលលើសាលដីកា ឬ សាលក្រម ។

មាត្រា ២៨៥.-មូលហេតុដាច់ខាតនៃបណ្ដឹងសាទុក្ខ

១-ក្នុងករណីណាមួយដូច បានកំណត់ខាងក្រោមនេះ ត្រូវចាត់ទុកថា មានមូលហេតុនៃបណ្ដឹងសាទុក្ខជាដរាបៈ

ក-តុលាការដែលចេញសាលដីកា ឬ សាលក្រម មិនត្រូវបានចាត់តាំងដោយស្របទៅតាមច្បាប់ ។

ខ-ចៅក្រមដែលច្បាប់មិនអនុញ្ញាតឱ្យ ចូលរួមក្នុងការចេញសាលដីកា ឬ សាលក្រម តែបានចូលរួម ។

គ-ភាពផ្ទុយនឹងបញ្ញត្តិស្តីពីសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ ។

ឃ-ការខ្វះសិទ្ធិតំណាងដែលកំណត់ដោយច្បាប់ សិទ្ធិតំណាងដោយអាណត្តិ ឬ ការប្រគល់សិទ្ធិចាំបាច់សម្រាប់អ្នកតំណាងដើម្បីធ្វើសកម្មភាពបណ្ដឹង ។

ង-ភាពផ្ទុយនឹងបញ្ញត្តិស្តីពីការបើកការទាញហេតុផលដោយផ្ទាល់មាត់ជាសាធារណៈ ។

ច-សាលដីកា ឬ សាលក្រម គ្មានសំអាងហេតុ ឬ មានសំអាងហេតុ តែផ្ទុយនឹងគ្នា ។

២-បញ្ញត្តិនៃចំណុច ឃ នៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានការទទួលស្គាល់ពេលក្រោយ តាមបញ្ញត្តិកថាខណ្ឌទី ២ នៃមាត្រា ៣៥ (វិធានការក្នុងករណីដែលខ្វះសមត្ថភាពក្នុងការធ្វើបណ្ដឹង ជាអាទិ៍) ឬ កថាខណ្ឌទី ៣ នៃ មាត្រា ៥៧ (វិធានការក្នុងករណីនៃការខ្លះសិទ្ធិតំណាង) នៃក្រមនេះ ។

មាត្រា ២៨៦.-ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីបណ្ដឹងឧទ្ធរណ៍

បញ្ញត្តិនៃជំពូកទី ២ នៃគន្ថីទី ៣ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះ បណ្ដឹងសាទុក្ខ និង នីតិវិធីនៃការជំនុំជម្រះបណ្ដឹងសាទុក្ខ លើកលែងតែមានបញ្ញត្តិពិសេស ។

មាត្រា ២៨៧.-របៀបប្តឹងសាទុក្ខ

ដើម្បីប្តឹងសាទុក្ខ ភាគីត្រូវដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការដើម ។ នៅក្នុងករណី នេះ តុលាការដើមត្រូវធ្វើឱ្យ បានឆាប់រហ័ស នូវពាក្យបណ្ដឹងសាទុក្ខ និង សំណុំរឿងទៅ តុលាការនៃបណ្ដឹងសាទុក្ខ ។

មាត្រា ២៨៨.-ការបញ្ជូនលិខិតទទួលពាក្យបណ្ដឹងសាទុក្ខ ជាអាទិ៍

១-នៅក្នុងករណីដែលមានការដាក់ពាក្យបណ្ដឹងសាទុក្ខ តុលាការនៃបណ្ដឹងសាទុក្ខ ត្រូវបញ្ជូនលិខិតទទួលពាក្យបណ្ដឹងសាទុក្ខទៅភាគី លើកលែងតែក្នុងករណីដែលលើកចោលពាក្យបណ្ដឹងសាទុក្ខនោះ ។

២-នៅពេលដែលតុលាការបញ្ជូនលិខិតទទួលពាក្យបណ្ដឹងសាទុក្ខទៅចុងបណ្ដឹងសាទុក្ខ ដោយយោលតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការនៃបណ្ដឹងសាទុក្ខត្រូវបញ្ជូនទាំងពាក្យបណ្ដឹងសាទុក្ខទៅជាមួយផង ។

មាត្រា ២៨៩.-ការសរសេរមូលហេតុនៃបណ្ដឹងសាទុក្ខ

១-ប្រសិនបើមិនបានសរសេរនូវមូលហេតុនៃបណ្ដឹងសាទុក្ខក្នុងពាក្យបណ្ដឹងសាទុក្ខទេ ដើមបណ្ដឹងសាទុក្ខត្រូវដាក់លិខិតបញ្ជាក់អំពីមូលហេតុនៃបណ្ដឹងសាទុក្ខនេះ ជូនទៅតុលាការនៃបណ្ដឹងសាទុក្ខ ក្នុងអំឡុងពេល ៣០ (ស្រោមសិប) ថ្ងៃ បន្ទាប់ពីបានទទួលការ បញ្ជូននូវលិខិតទទួលពាក្យបណ្ដឹងសាទុក្ខ ។

២-ក្នុងករណីដែលបណ្ដឹងសាទុក្ខធ្វើឡើង ដោយយកមូលហេតុដែលបានកំណត់នៅ ក្នុងមាត្រា ២៨៤ (មូលហេតុទូទៅនៃបណ្ដឹងសាទុក្ខ) ខាងលើនេះ ដើមបណ្ដឹងសាទុក្ខត្រូវ សរសេរមូលហេតុនៃបណ្ដឹងសាទុក្ខនេះ ដោយបញ្ជាក់អំពីបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ឬ ច្បាប់ ឬ បទដ្ឋានគតិយុត្ត និង ហេតុដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ឬ ច្បាប់ ឬ បទដ្ឋានគតិយុត្តនោះ ។ នៅក្នុងករណីនេះ ប្រសិនបើហេតុនោះមានទំនាក់ទំនងនឹងនីតិវិធីនៃបណ្ដឹង ត្រូវសរសេរបញ្ជាក់ឱ្យ បានច្បាស់លាស់ នូវអង្គហេតុដែលផ្ទុយនោះ ។

៣-ក្នុងករណីដែលបណ្ដឹងសាទុក្ខធ្វើឡើង ដោយយកមូលហេតុដូចចំណុចណាមួយ ដែលបានកំណត់នៅកថាខណ្ឌទី ១ នៃមាត្រា ២៨៥ (មូលហេតុដាច់ខាតនៃបណ្ដឹងសាទុក្ខ) នៃក្រមនេះ ដើមបណ្តឹងសាទុក្ខត្រូវសរសេរមូលហេតុនៃបណ្ដឹងសាទុក្ខ ដោយបញ្ជាក់នូវចំណុចក្នុងកថាខណ្ឌទី ១ នៃមាត្រា២៨៥ និង អង្គហេតុដែលត្រូវនឹងចំណុចនោះ ។

មាត្រា ២៩០.-ការលើកចោលបណ្ដឹងសាទុក្ខ

ប្រសិនបើត្រូវនឹងចំណុចណាមួយខាងក្រោមនេះយ៉ាងជាក់ច្បាស់ តុលាការនៃបណ្ដឹង សាទុក្ខ ត្រូវលើកចោលបណ្តឹងសាទុក្ខ ដោយដីកាសម្រេច :

ក-បើបណ្ដឹងសាទុក្ខនោះមិនស្របច្បាប់ ហើយមិនអាចកែតម្រូវចំណុចខ្វះខាត នោះបាន ។

ខ-បើមិនបានដាក់លិខិតបញ្ជាក់អំពីមូលហេតុនៃបណ្តឹងសាទុក្ខ តាមបញ្ញត្តិនៃ កថាខណ្ឌទី ១ នៃមាត្រា ២៨៩ (ការសរសេរមូលហេតុនៃបណ្ដឹងសាទុក្ខ) ខាងលើនេះ ឬ បើ ការសរសេរមូលហេតុនៃបណ្ដឹងសាទុក្ខ ផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ២ និង ទី ៣ នៃមាត្រា២៨៩ ។

មាត្រា ២៩១.-ដីកាសម្រេចបង្គាប់ឱ្យកែតម្រូវ

១-ប្រសិនបើការសរសេរមូលហេតុទាំងមូលនៃបណ្ដឹងសាទុក្ខ ដែលត្រូវបានបញ្ជាក់ក្នុងពាក្យបណ្ដឹងសាទុក្ខ ឬ ក្នុងលិខិតបញ្ជាក់អំពីមូលហេតុនៃបណ្តឹងសាទុក្ខ ដែលត្រូវបានដាក់ក្នុងអំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ នៃមាត្រា ២៨៩ (ការសរសេរមូលហេតុនៃបណ្តឹងសាទុក្ខ) នៃក្រមនេះ ផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ២ និង ទី ៣ នៃមាត្រា ២៨៩ នោះយ៉ាងជាក់ច្បាស់ តុលាការនៃបណ្តឹងសាទុក្ខ ត្រូវកំណត់អំឡុងពេលសមរម្យ ហើយបង្គាប់ឱ្យដើមបណ្ដឹងសាទុក្ខកែតម្រូវនូវចំណុចខ្វះខាត ក្នុងអំឡុងពេលនោះ ដោយដីកាសម្រេច ។

២-ដីកាសម្រេចលើកចោលនូវបណ្ដឹងសាទុក្ខដែលបានកំណត់ក្នុងចំណុច ខ នៃមាត្រា ២៩០ (ការលើកចោលបណ្ដឹងសាទុក្ខ) ខាងលើនេះ ត្រូវធ្វើឡើង ក្នុងករណីដែលដើមបណ្តឹងសាទុក្ខមិនបានធ្វើការកែតម្រូវនូវចំណុចខ្វះខាត នៅក្នុងអំឡុងពេលដែលបានកំណត់តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។

មាត្រា ២៩២.-ការបញ្ជូនឯកសារចម្លងនៃលិខិតបញ្ជាក់អំពីមូលហេតុនៃបណ្ដឹងសាទុក្ខ

ប្រសិនបើតុលាការនៃបណ្ដឹងសាទុក្ខមិនចេញដីកាសម្រេចលើកចោលបណ្ដឹងសាទុក្ខ តាមបញ្ញត្តិនៃមាត្រា ២៩០ (ការលើកចោលបណ្ដឹងសាទុក្ខ) នៃក្រមនេះទេ តុលាការនៃបណ្ដឹងសាទុក្ខត្រូវបញ្ជូនឯកសារចម្លងនៃលិខិតបញ្ជាក់អំពីមូលហេតុនៃបណ្ដឹងសាទុក្ខនោះទៅចុងបណ្ដឹងសាទុក្ខ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលតុលាការនៃបណ្ដឹងសាទុក្ខជំនុំជម្រះ និង សម្រេចសេចក្តី ដោយពុំឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់ ហើយយល់ឃើញថា ពុំចាំបាច់បញ្ជូនឯកសារចម្លងនៃលិខិតបញ្ជាក់ អំពីមូលហេតុនៃបណ្ដឹងសាទុក្ខនោះ ។

មាត្រា ២៩៣.-ការបង្គាប់ឱ្យដាក់ឯកសារត្រៀម

តុលាការនៃបណ្ដឹងសាទុក្ខអាចកំណត់អំឡុងពេលសមរម្យ ហើយបង្គាប់ឱ្យចុងបណ្ដឹងសាទុក្ខដាក់ឯកសារត្រៀមលើកដំបូងបាន ។

មាត្រា ២៩៤.-ការច្រានចោលបណ្ដឹងសាទុក្ខដោយមិនធ្វើការទាញហេតុផលដោយផ្ទាល់មាត់

តុលាការនៃបណ្ដឹងសាទុក្ខអាចច្រានចោលបណ្តឹងសាទុក្ខដោយសាលដីកាបាន ដោយមិនចាំបាច់ឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់ បើយល់ឃើញថាបណ្ដឹងសាទុក្ខនោះគ្មានមូលហេតុ ក្រោយពីបានពិនិត្យពាក្យបណ្ដឹងសាទុក្ខ លិខិតបញ្ជាក់អំពីមូលហេតុ នៃបណ្ដឹងសាទុក្ខ ឯកសារត្រៀមដែលចុងបណ្តឹងសាទុក្ខបានដាក់លើកដំបូង ឬ ឯកសារផ្សេង ទៀត ។

មាត្រា ២៩៥.-ទំហំនៃការស្រាវជ្រាវ

តុលាការនៃបណ្ដឹងសាទុក្ខ ត្រូវធ្វើការស្រាវជ្រាវត្រឹមតែកម្រិតនៃឧបាស័្រយ ដោយផ្អែកលើមូលហេតុនៃបណ្ដឹងសាទុក្ខ ។

មាត្រា ២៩៦.-ចំណងនៃអង្គហេតុស្ថាពររបស់សាលដីកាដើម ឬ សាលក្រមដើម

១-អង្គហេតុដែលបានចូលជាស្ថាពរដោយត្រឹមត្រូវតាមច្បាប់ក្នុងសាលដីកាដើម ឬសាលក្រមដើម ត្រូវមានចំណងចំពោះតុលាការនៃបណ្ដឹងសាទុក្ខ ។

២-ក្នុងករណីដែលមានបណ្ដឹងសាទុក្ខដែលយោលទៅតាមបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ២៨៣ (តុលាការនៃបណ្ដឹងសាទុក្ខ) នៃក្រមនេះ តុលាការនៃបណ្ដឹងសាទុក្ខមិនអាច បដិសេធចោលសាលក្រមដើមឡើយ ដោយយកមូលហេតុថា ការចូលជាស្ថាពរនៃអង្គហេតុក្នុងសាលក្រមដើមនោះ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ឬ ច្បាប់ ឬ បទដ្ឋានគតិយុត្ត ។

មាត្រា ២៩៧.-ករណីលើកលែងនៃការអនុវត្តចំពោះចំណុចដែលស្រាវជ្រាវដោយឆន្ទានុសិទ្ធិ

បញ្ញត្តិនៃមាត្រា ២៩៥ (ទំហំនៃការស្រាវជ្រាវ) និង មាត្រា ២៩៦ (ចំណងនៃអង្គហេតុស្ថាពររបស់សាលដីកាដើម ឬ សាលក្រមដើម) ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះចំណុចដែលតុលាការត្រូវស្រាវជ្រាវ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។

មាត្រា ២៩៨.-ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន

តុលាការនៃបណ្ដឹងសាទុក្ខអាចប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន តាមពាក្យសុំដោយដីសម្រេចបាន ត្រឹមតែចំពោះផ្នែកដែលពុំមានឧបាស្រ័យនៅក្នុងសាលដីកាដើម ឬ សាលក្រមដើមតែប៉ុណ្ណោះ ។

មាត្រា ២៩៩.-ការបដិសេធចោល ហើយបញ្ជូនត្រឡប់ទៅតុលាការដើមវិញ ជាអាទិ៍

១-នៅក្នុងករណីដែលមានមូលហេតុដែលបានកំណត់ក្នុងមាត្រា ២៨៤ (មូលហេតុទូទៅនៃបណ្ដឹងសាទុក្ខ) ឬ មាត្រា ២៨៥ (មូលហេតុដាច់ខាតនៃបណ្ដឹងសាទុក្ខ) នៃក្រមនេះ តុលាការនៃបណ្ដឹងសាទុក្ខត្រូវបដិសេធចោលនូវសាលដីកាដើម ឬ សាលក្រមដើម ហើយត្រូវបញ្ជូនរឿងក្ដីត្រឡប់ទៅតុលាការដើមវិញ ឬ ផ្ទេររឿងក្តីនោះទៅតុលាការផ្សេងដែលមានថ្នាក់ដូចគ្នា លើកលែងតែក្នុងករណីដែលបានកំណត់នៅក្នុងមាត្រា ៣០០ (ការបដិសេធចោល ហើយវិនិច្ឆ័យដោយខ្លួនឯង) នៃក្រមនេះ ។

២-តុលាការដែលបានទទួលរឿងក្តីដោយការបញ្ជូនត្រឡប់មកវិញ ឬ ការផ្ទេរតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើការសម្រេចសេចក្តីដោយផ្អែកលើការទាញហេតុ ផលដោយផ្ទាល់មាត់សាជាថ្មីម្តងទៀត ។ ក្នុងករណីនេះ សេចក្តីវិនិច្ឆ័យលើអង្គហេតុ និង អង្គច្បាប់ ដែលតុលាការនៃបណ្ដឹងសាទុក្ខយកជាមូលហេតុនៃការបដិសេធចោល មានចំណងទៅលើតុលាការដែលបានទទួលការបញ្ជូន ឬ ការផ្ទេរ ។

៣-ចៅក្រមដែលពាក់ព័ន្ធនឹងសាលដីកាដើម ឬ សាលក្រមដើម មិនអាចចូលរួមក្នុងការសម្រេចសេចក្តីដែលបានកំណត់ក្នុងកថាខណ្ឌទី ២ ខាងលើនេះទេ ។

មាត្រា ៣០០.-ការបដិសេធចោល ហើយវិនិច្ឆ័យដោយខ្លួនឯង

តុលាការនៃបណ្ដឹងសាទុក្ខត្រូវធ្វើការសម្រេចសេចក្តីអំពីរឿងក្តីផ្ទាល់ដោយខ្លួនឯង ចំពោះករណីដូចខាងក្រោមនេះ:

ក​-តុលាការនៃបណ្តឹងសាទុក្ខបដិសេធចោលនូវសាលដីកាដើម ឬ សាលក្រម ដើម ដោយយកមូលហេតុថា តុលាការនៃការជំនុំជម្រះដើមមានកំហុសក្នុងការអនុវត្តរដ្ឋធម្មនុញ្ញ ឬ ច្បាប់ ឬ បទដ្ឋានគតិយុត្ត ចំពោះអង្គហេតុ ដែលបានចូលជាស្ថាពរ ហើយតុលាការនៃបណ្ដឹងសាទុក្ខអាចសម្រេចសេចក្តីអំពីរឿងក្តីនោះ ដោយផ្អែកលើអង្គហេតុនេះ បាន ។

ខ-តុលាការនៃបណ្តឹងសាទុក្ខបដិសេធចោលនូវសាលដីកាដើម ឬ សាលក្រមដើម ដោយយកមូលហេតុថា រឿងក្តីនោះមិនស្ថិតនៅក្រោមសិទ្ធិជម្រះក្តីរបស់តុលាការ ។